ថ្នាក់​សិក្ខាសាលា
ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ ទិដ្ឋភាព​ទូទៅ


« ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ទិដ្ឋភាព​ទូទៅ

យ៉ូសែប ស្ម៊ីធ បាន​ហៅ​ព្រះគម្ពីរ​មរមន​ថា​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។ ព្រះគម្ពីរ​នេះ​បាន​ចេញ​មក « ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ) និង​សាក្សី​ជាច្រើន​បាន​បញ្ជាក់​ពី​ប្រភព​ដើម​នៃ​អព្ភូតហេតុ​របស់​ព្រះគម្ពីរ​នេះ ។ មេរៀន​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ និង​ពន្យល់​ពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​នេះ​ជា​រៀងរាល់​ថ្ងៃ ហើយ​គិត​ពិចារណា​ពី​សាក្សី​របស់​អ្នក​ផ្ទាល់​អំពី​ភាពពិត​របស់​ព្រះគម្ពីរ​នេះ ។

រៀបចំ​ខ្លួន​ដើម្បី បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ទំព័រ​ចំណងជើង

គោលបំណង​នៃ​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​ពន្យល់ពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​គូស​បញ្ជាក់ ហើយ​បាន​ប្រើប្រាស់​ជាញឹកញាប់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ឧបករណ៍ ឬ​រូបភាព​នៃ​ឧបករណ៍​ដែល​សិស្ស​អាច​មិន​ស្គាល់

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ពី​បំបែក​សិស្ស​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ដើម្បី​ពិភាក្សា​អំពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ។ សិស្ស​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែកចាយ​ជាគូ ឬ​ជា​ក្រុម​តូចៗ ។

បុព្វកថា​នៃ​ព្រះ​គម្ពីរ​មរមន

គោលបំណង​នៃ​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ភាពពិត​របស់​ព្រះគម្ពីរ​នេះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​ស្តាប់​សុន្ទរកថា​របស់​អែលឌើរ ហ្គារី អ៊ី ស្ទីវិនសុន « Look to the Book, Look to the Lord » ពី​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៦ ។

  • វីដេអូ ៖ « Book of Mormon Experiment Honolulu » ( ២:៣៥ ) « The Coming Forth of the Book of Mormon » ( ១៧:១២ សូមមើល​ចាប់ពី​នាទី​ទី ១២:០៣ ដល់ ១៤:១២ )

  • សម្ភារ​ដែល​ត្រូវ​រៀបចំ ៖ ទំព័រ​ចម្លង​ពី​ព្រះគម្ពីរ​មរមន​សម្រាប់​សិស្ស​ម្នាក់ៗ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​គូសចំណាំ​សេចក្ដីយោង​ទៅកាន់​ព្រះអង្គសង្គ្រោះ​នៅលើ​ទំព័រ​ព្រះគម្ពីរ​មរមន​របស់​ពួកគេ ។ ពួកគេ​អាច​លើក​ខគម្ពីរ​របស់​ពួកគេ​ឡើង ឬ​ចែកចាយ​រូបថត​អេក្រង់ ប្រសិនបើ​ប្រើ​ព្រះគម្ពីរ​ឌីជីថល ។ ពួកគេ​ក៏​អាច​ចែកចាយ​ក្នុង​ឈែត​អំពី​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ឬ​ខគម្ពីរ​ដែល​ពួកគេ​ចាប់​អារម្មណ៍​ផងដែរ ។

ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​មរមន

គោលបំណង​នៃ​មេរៀន ៖ មេរៀននេះ​អាច​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់ និង​ពន្យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក « ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:៣ ) ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង​សំណួរ​អ្វី​ខ្លះ​ដែល​ពួកគេ​មាន​អំពី​ព្រះគម្ពីរ​មរមន ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​នៅដើម​មេរៀន ( រូបភាព​ទាំង​នេះ​អាច​បង្ហាញ​នៅក្នុង​ថ្នាក់​រៀន ឬ​អាច​បោះពុម្ព​ច្បាប់​ចម្លង និង​ចែកចាយ​ដល់​សិស្ស​ដើម្បី​រៀបចំ​តាមលំដាប់​លំដោយ ) ។

  • វីដេអូ ៖ « Days of Harmony » ( ២៥:០១ សូមមើល​ពី​នាទី​ទី ៥:៤៤ ដល់ ៩:២៤ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ មេរៀន​នេះ​ផ្តល់​ឱកាស​ជាច្រើន​ដើម្បី​ធ្វើ​សកម្មភាព​តាម​អនឡាញ ។ ឧទាហរណ៍ សូម​ពិចារណា​បង្កើត​កម្រង​សំណួរ​តាម​អនឡាញ​ដោយ​ប្រើ​រូបភាព​ពី​មេរៀន​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ក្នុងថ្នាក់ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការប្រើការ​ស្ទង់​មតិលើ​អនាមិក​តាម​អនឡាញ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​បញ្ជូន​សំណួរ​របស់​ពួកគេ​អំពី​ការបកប្រែ​ព្រះគម្ពីរ​មរមន ។

ទីបន្ទាល់​របស់ សាក្សីបីនាក់ និង សាក្សីប្រាំបីនាក់

គោលបំណង​នៃ​មេរៀន៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សាក្សី​ជាច្រើន​នៃ​ព្រះគម្ពីរ​មរមន ហើយ​សញ្ជឹងគិត​អំពី​សាក្សី​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ដើម្បី​ចែកចាយបទ​ពិសោធន៍​ដែល​បាន​ជួយ​ពួកគេ ឬ​អ្នកដទៃ​ឲ្យ​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺ​មក​ពី​ព្រះ ។

  • វីដេអូ ៖ « A Day for the Eternities » ( ២៣:០៩ សូមមើល​ពី​នាទី​ទី ១៥:០០ ដល់ ១៨:៣៧ )

  • សំណៅ​ចែក ៖ « ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់ និង​សាក្សី​ប្រាំបី​នាក់ »

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​នាំ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​មក​ចូលរួម​ថ្នាក់រៀន​តាម​អនឡាញ ដើម្បី​ចែកចាយ​សាក្សី​របស់​ពួកគាត់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​មរមន ។ បុគ្គល​ទាំងនេះ​អាច​ចែកចាយ​សាក្សី​របស់​ពួកគាត់​មុនពេល​បញ្ចប់​មេរៀន នៅពេល​ដែល​សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​សរសេរ​សាក្សី​ផ្ទាល់​របស់​ពួកគេ ។

ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ២

គោលបំណង​នៃ​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ ហើយ​គិត​ពី​គោលគំនិត និង​សំណួរ​ទាំងនេះ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ​ព្រះ​តម្រិះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​សម្រាប់​ចំណេះ​ដឹង​ដែល​ពួកគេ​មាន​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ទូល​សួរ​ទ្រង់​ផងដែរ​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​ចំណេះដឹង​នោះ​ឲ្យ​បាន​ល្អ ។

  • វីដេអូ ៖ « Examining Questions with an Eternal Perspective »( ២:៥៦ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ កាល​សិស្ស​មើល​វីដេអូ « Examining Questions with an Eternal Perspective » វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ផ្អាក​នៅ​ចំណុច​ជាក់លាក់ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អនុវត្ត​កែប្រែ​សំណួរ​របស់ អាឌ្រី ឡើង​វិញ ។ ឧទាហរណ៍ នៅ​នាទី​ទី ១:១២ សូម​ពិចារណា​សួរ​ថា « តើ​អ្វី​អាច​ជា​ការសន្មត ឬ​ជំនឿ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ អាឌ្រី សួរ​សំណួរ​នេះ ? » នៅ​នាទី​ទី ១:៥៧ សូម​ពិចារណា​សួរ​ថា « តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​ដឹង ដែល​អាច​ដោះស្រាយ​ការសន្មត ឬ​ជំនឿ​បង្កប់​ក្នុង​សំណួរ​របស់ អាឌ្រី ? »