ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី​៣ ១២–១៦ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃ​ទី​៣ ១២–១៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី​៣ ១២–១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី​៣ ១២–១៦

ទិដ្ឋភាព​ទូទៅ

នៅពេល​បង្រៀន​ដល់​ប្រជាជន​នៅ​លើ​ដែនដី​បរិបូរណ៍ ព្រះយេស៊ូវ​បានប្រកាស​អំពី​ពរជ័យ​ជាច្រើន​ដែល​យើង​អាច​ទទួល និង​របៀប​ដែល​យើង​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ នៅក្នុង​បទបង្រៀន​ស្រដៀងគ្នា​ទៅនឹង​ទេសនកថា​នៅ​លើ​ភ្នំ​របស់ទ្រង់ ។ បន្ទាប់មក ទ្រង់​បាន​ជួយ​ដល់​ប្រជាជន​ឲ្យ​យល់​អំពី​សេចក្តីស្រឡាញ់​របស់ទ្រង់ និង​បំណង​ព្រះទ័យ​របស់ទ្រង់​នៅក្នុង​ការប្រមូល​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

រៀបចំខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វីដែល​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃ​ទី​៣ ១២:១–១៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​ដល់​សិស្ស​ឲ្យ​រៀបចំខ្លួន​ដើម្បី​ទទួល​បាន​ពរជ័យ ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​នៅពេល​ដែល​ពួកគេ​ខិតខំ​ធ្វើតាម​ឱវាទ​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ ដើម្បី​ជួយ​រៀបចំ​ចិត្ត​របស់​សិស្ស​ឲ្យ​សិក្សា​អំពី​ទេសនកថា​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​នីហ្វៃទី ៣ ដែល​ស្រដៀងគ្នា​ទៅនឹង​ទេសនកថា​នៅ​លើភ្នំ​របស់​ទ្រង់ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពិចារណា​អំពី​សេចក្ដីថ្លែងការណ៍​នេះ​មកពី​ប្រធាន​យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ។ លោក​បាន​មាន​ប្រសាសន៍​ថា ទេសនកថា​នៅលើ​ភ្នំ​គឺជា « [ ទេសនកថា ] ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​បង្រៀន​ពីមុន​មក​ឡើយ តាម​អ្វី​ដែល​យើង​ដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៤ ) ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ក្រប​គំនូរ​ដ៏​សាមញ្ញ​មួយ​អំពី​ក្រប​ទស្សនាវដ្ដី​បែប​ការស្រមើលស្រមៃ​ដែល​មាន​ចំណងជើង​ដូចជា​ទស្សនាវដ្តី​ជោគជ័យ​លំដាប់​ពិភពលោក ក្រប​គំនូរ​ដ៏​សាមញ្ញ​នៃ​ទស្សនាវដ្តី លីអាហូណា ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ប្រសិនបើ​សិស្ស​សិក្សា​សុន្ទរកថា​នៅក្នុង​សន្និសីទ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ នោះ​អ្នក​អាច​ឲ្យ​ពួកគេ​ចែកចាយ​អេក្រង់​របស់​ពួកគេ​ដើម្បី​ចង្អុលបង្ហាញ​អំពី​ផ្នែក​ជាក់លាក់​នៃ​សុន្ទរកថា​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

នីហ្វៃ​ទី​៣ ១២:១៧–៤៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ដល់​សិស្ស​ឲ្យ​យល់ដឹង​អំពី​សក្តានុពល​របស់​ពួកគេ ដើម្បី​បាន​ល្អ​ឥតខ្ចោះ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​នៅក្នុង​កថាខណ្ឌ​ទីមួយ​នៅក្រោម​ផ្នែក « ល្អឥតខ្ចោះ » នៅក្នុង​សេចក្តី ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ហើយ​មក​រៀន​ដោយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ​ថា​មាន​អត្ថន័យ​បំផុត​អំពី​និយមន័យ​នេះ និង​អំពី​មូលហេតុ ។

  • រូបភាព​ដែល​ត្រូវបង្ហាញ ៖ រូបភាព​អំពី​គ្រាប់ពូជ កូនឆ្កែ និង​ទារក

  • សម្ភារ​សម្រាប់​សិស្ស ៖ ក្រដាស​តូចៗ​សម្រាប់​សិស្ស​សរសេរ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ បន្ថែម​ទៅលើ​ការបង្ហាញ​រូបភាព​គ្រាប់ពូជ កូនឆ្កែ និង​ទារក នោះ​អ្នក​អាច​បង្ហាញ​រូបភាព​នៃ​ដើម​ឈើ ឆ្កែ​ធំ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ឬ​ព្រះវរបិតាសួគ៌ ។ បន្ទាប់ពី​បង្ហាញ​រូបភាព​បី​ដំបូង​រួចហើយ អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​អំពី​សក្តានុពល​របស់​ពួកគេ​ដោយ​បង្ហាញ​នូវ​រូបភាព​បន្ថែមទៀត ។

ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី​៣ ១២:៤៨ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ នីហ្វៃ​ទី​៣ ១២:៤៨ មុនពេល​មក​ដល់​ថ្នាក់រៀន ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ហាត់​សូត្រ​បទគម្ពីរ​ចេញពី​ការចងចាំ​ទៅដល់​សមាជិក​នៅក្នុង​ថ្នាក់​ផ្សេង​ទៀត​នៅក្នុង​ខណៈពេល​ដែល​បានចូល​មក​ដល់​ថ្នាក់​មិនថា ជាបុគ្គលផ្ទាល់ ឬ​តាម​រយៈ​ការផ្ញើសារ ឬ​តាមរបៀប​ផ្សេង​ទៀត​នោះ​ទេ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ក្រដាស​ពាក់​កណ្តាល​សន្លឹក

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សម្រាប់ផ្នែក « ការពន្យល់ និង​ទន្ទេញ » នៃ​មេរៀន​នេះ អ្នក​អាច​រៀបចំ​ឯកសារ​មួយ​ដែល​មាន​ឃ្លា​បទគម្ពីរ​សរសេរ​នៅ​ជ្រុងផ្សេង ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​មេរៀននេះ ។ បន្ទាប់មក អ្នក​អាច​ចែកចាយ​អេក្រង់​របស់អ្នក ហើយ​ឲ្យ​សិស្ស​ប៉ះ​ទៅ​ឃ្លា​នេះ​តាម​លំដាប់​លំដោយ ។ សូម​លុប​ឃ្លា​ម្តង​មួយ​ឃ្លាៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប៉ះ​អេក្រង់​ដោយ​ធ្វើ​ដដែលៗ ហើយ​និយាយ​ពាក្យ​នៅ​ឃ្លា​នោះ​រហូតដល់​អស់​ឯកសារ ។ អ្នកក៏​អាច​រៀបចំ​ឯកសារ​ជា​ច្រើន​ដោយមាន​ឃ្លា​បទគម្ពីរ​ដែល​សរសេរ​នៅជ្រុង​ផ្សេងទៀត ហើយ​បង្ហាញ​ឯកសារ​ម្តងមួយៗ​បន្តបន្ទាប់​គ្នា ដោយ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ដើម្បី​ស្វែងរក​លំដាប់​ពាក្យ ហើយ​និយាយ​សា​ឡើងវិញ​នូវ​ឃ្លា​គន្លឹះ​នេះ ។

នីហ្វៃ​ទី​៣ ១៣–១៤

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​អំពី​សេចក្តីបង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ដឹង​អំពី​ភាពទាក់ទង​គ្នា​របស់​សេចក្តីបង្រៀន​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​នាពេល​សព្វថ្ងៃនេះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ស្រាវជ្រាវ​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ត្រៀមខ្លួន​ចែកចាយ​អំពី​ការយល់ឃើញ​របស់​ពួកគេ ។ ការណ៍​ទាំងនេះ​អាច​នឹង​ត្រូវ​បានបញ្ជាក់​ដោយ​ប្រើពាក្យ ប្រសិនបើ និង បន្ទាប់មក ឬ​បទគម្ពីរ​នេះ​អាច​ពិពណ៌នា​យ៉ាង​សាមញ្ញ​ថា ជម្រើស​មួយណា​ដែល​នាំ​ទៅរក​លទ្ធផល​បែប​នោះ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សិស្ស​មាន​ពេលវេលា​ប្រើប្រាស់​សេចក្តីបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​បង្កើត​ជា​សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ​និង​ផលប៉ះពាល់​រួចហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចុះផ្សាយ​សេចក្ដីថ្លែងការណ៍​របស់​ពួកគេ​នៅក្នុង​ឈែត​នេះ ។ ការធ្វើ​បែប​នេះ​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​មើលឃើញ​អំពី​សេចក្តីថ្លែងការណ៍​ទាំងអស់ នៅពេល​ពួកគេ​ពិភាក្សា​អំពី​របៀប​ដែល​សេចក្តីបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅតែ​ទាក់ទង​មកដល់​ពេលថ្ងៃនេះ ។

នីហ្វៃ​ទី​៣ ១៥–១៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ដល់​សិស្ស​ឲ្យ​យល់​អំពី​ព្រះទ័យ​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ការ​ប្រមូល​ពួកគេ និង​មនុស្ស​គ្រប់​គ្នា​ឲ្យ​ត្រឡប់​មក​រក​ទ្រង់​វិញ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិតអំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរនេះ ៖ « តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​បានឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ប្រមូល​មនុស្ស​គ្រប់គ្នា​ឲ្យត្រឡប់​មក​រក​ទ្រង់​វិញ ? »

  • រូបភាព ៖ រូបភាព​ពីរ​អំពី​ព្រះគ្រីស្ទ ( រូប​មួយ​ទ្រង់​ជា​អ្នកគង្វាល ) និង​រូបភាព​ហ្វូងចៀម​មួយហ្វូង ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ វគ្គ​បទគម្ពីរ នៅក្នុង យ៉ូហាន ១០ និង នីហ្វៃ​ទី​៣ ១៥, ១៦ ជាមួយ​នឹង​សំណួរ​ដែល​ទាក់ទង

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​ចាប់ផ្តើម​មេរៀន សូម​ពិចារណា​ឲ្យ​ពេល​សិស្ស​ពីរបី​នាទី ដើម្បី​ស្វែងរក​រូបភាព​ព្រះអង្គសង្គ្រោះ​ដែល​ពួកគេ​ចូលចិត្ត​នៅក្នុង​នាម​ទ្រង់​គឺជា​អ្នក​គង្វាល ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​អេក្រង់​របស់​ពួកគេ នៅពេល​ពួកគេ​ពន្យល់​អំពីអ្វី​មួយ​ដែល​ពួកគេ​ចូលចិត្ត​អំពី​រូបភាព​ដែល​ពួកគេ​បាន​ជ្រើសរើស និង​អ្វីដែល​បាន​បង្រៀន​ពួកគេ​អំពី​ព្រះគ្រីស្ទ ។