« នីហ្វៃទី៣ ១៥–១៦ ៖ ‹ នោះនឹងមានក្រោលតែមួយ និងអ្នកគង្វាលតែមួយវិញ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១៥–១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១៥–១៦
« នោះនឹងមានក្រោលតែមួយ និងអ្នកគង្វាលតែមួយវិញ »
ដូចដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនប្រជាជននៅដែនដីបរិបូរណ៍ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះបុគ្គលគ្រប់ៗរូប ។ មនុស្សម្នាក់ៗទទួលបានការអញ្ជើញឲ្យមកទទួលបទពិសោធន៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្លួនរបស់ពួកគេផ្ទាល់ ( សូមមើល នីហ្វៃទី៣ ១១ ) ។ បន្ទាប់មក ទ្រង់បានជួយពួកគេឲ្យយល់ថា ទ្រង់មានហឫទ័យស្រឡាញ់ចំពោះបុត្រាបុត្រីទាំងអស់របស់ព្រះអង្គដូចៗគ្នា ។ ទ្រង់សព្វព្រះហឫទ័យចង់ឲ្យមនុស្សគ្រប់រូប នៅគ្រប់ទីកន្លែងបានរាប់បញ្ចូលទៅក្នុងចំណោមហ្វូងចៀមរបស់ទ្រង់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានយល់អំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះ នៅក្នុងការប្រមូលផ្តុំអ្នកនិងមនុស្សទាំងអស់ឲ្យមករកទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះនាមនិងព្រះបរមងាររបស់ព្រះគ្រីស្ទ
-
ម្ចាស់ចម្ការ ( យ៉ាកុប ៥:៤ )
-
សិលា ( ហេលេមិន ៥:១២ )
-
ពន្លឺ ( នីហ្វៃទី៣ ១១:១១ )
-
តើព្រះនាម និងព្រះបរមងារមួយណាដែលអ្នកពេញចិត្តសម្រាប់ទ្រង់ ? តើព្រះនាម និងព្រះបរមងារនោះបង្រៀនអ្នកអំពីទ្រង់អ្វីខ្លះ ?
ចៀមរបស់ព្រះអង្គសង្គ្រោះ
នៅក្នុង នីហ្វៃទី៣ ១៥–១៦ ព្រះយេស៊ូវបានបន្តបង្រៀនប្រជាជននៅជិតព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍ ។ បន្ទាប់ពីការពន្យល់ថាក្រឹត្យវិន័យរបស់លោកម៉ូសេត្រូវបានបំពេញនៅក្នុងទ្រង់ នោះទ្រង់បានចែកចាយព្រះបរមងារសម្រាប់ទ្រង់ផ្ទាល់ ដែលអាចជួយឲ្យយើងយល់អំពីទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ ។
សូមអាន នីហ្វៃទី៣ ១៥:១៧ ហើយពិចារណាអំពីការគូសចំណាំព្រះបរមងារ ដែលព្រះយេស៊ូវបានប្រទានសម្រាប់ទ្រង់ផ្ទាល់ព្រះអង្គ ។
យើងជាញឹកញាប់ច្រើនតែបានប្រៀបធៀបទៅនឹងចៀមដែលឧស្សាហ៍វង្វេងចេញពីព្រះយេស៊ូវ ហើយវង្វេងនិងត្រូវបានខ្ចាត់ខ្ចាយ ។ សូមសញ្ជឹងគិតមួយភ្លែត ប្រសិនបើការប្រៀបធៀបនោះមានភាពត្រឹមត្រូវនៅពេលខ្លះនៅក្នុងជីវិតរបស់អ្នក ។ តើមានពេលខ្លះដែលអ្នកបានវង្វេងចេញពីអ្នកគង្វាលរបស់អ្នក គឺព្រះយេស៊ូវគ្រីស្ទដែរឬទេ ឬតើអ្នកមានមនុស្សជាទីស្រឡាញ់ដែលបានវង្វេងចេញដែរឬទេ ?
-
តើការយល់ដឹងអំពីអារម្មណ៍របស់ព្រះយេស៊ូវចំពោះសត្វចៀមដែលខ្ចាត់ខ្ចាយរបស់ទ្រង់ អាចមានឥទ្ធិពលលើសេចក្តីសង្ឃឹមរបស់នរណាម្នាក់នៅក្នុងការត្រឡប់ទៅរកទ្រង់វិញដោយរបៀបណា ?
«ចៀមឯទៀត»
អ្នកគង្វាលនៅក្នុងសម័យរបស់ព្រះអង្គសង្គ្រោះ ជារឿយៗបានធ្វើ « ក្រោល » ដែលមានដាក់បង្ខាំង ដូចជានៅក្នុងរូបភាពនេះអ៊ីចឹង ដើម្បីការពារចៀមរបស់ពួកគេឲ្យមានសុវត្ថិភាពពីសត្វដែលស៊ីសត្វដទៃជាអាហារ និងគ្រោះថ្នាក់ផ្សេងៗ ។ សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ គឺជាគំរូមួយអំពីក្រោល ដែលទ្រង់ការពារយើងពីគ្រោះថ្នាក់ទាំងឡាយនៅក្នុងពិភពលោកនេះ ។
យ៉ូហាន ១០:១៤–១៦ ( ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ « ចៀម » របស់ទ្រង់នៅអ៊ីស្រាអែលពីបុរាណ )
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដែលថាព្រះយេស៊ូវស្គាល់ចៀមរបស់ទ្រង់ ហើយចៀមរបស់ទ្រង់ក៏បានស្គាល់ទ្រង់ដែរ ?
នីហ្វៃទី៣ ១៥:១៣–១៧, ២១ ( ព្រះយេស៊ូវមានបន្ទូលទៅ « ចៀម » របស់ទ្រង់នៅក្នុងទ្វីបអាមេរិកពីបុរាណ )
-
តើ យ៉ូហាន ១០:១៦ និង នីហ្វៃទី៣ ១៥:២១ ទាក់ទងគ្នាដោយរបៀបណា ?
នីហ្វៃទី៣ ១៦:១–៣ ( « ចៀម » ទាំងនេះរួមមាន « ពួកពូជអំបូរដែលបាត់នៃសាសន៍អ៊ីស្រាអែល » [ នីហ្វៃទី៣ ១៧:៤ ] ) ។
-
តើបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ នៅក្នុងខគម្ពីរទាំងនេះបង្រៀនអ្នកអំពីទ្រង់អ្វីខ្លះ ?
អ្នកគង្វាលល្អ
សេចក្តីពិតមួយដែលយើងអាចរៀនមកពីជំពូកទាំងនេះបាន គឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានព្រះហឫទ័យចង់ប្រមូលមនុស្សគ្រប់រូបឲ្យទៅក្នុងក្រោលរបស់ព្រះអង្គសង្គ្រោះ ។
-
តើគ្រោះថ្នាក់ទំនើបអ្វីខ្លះ ដែលព្រះយេស៊ូវការពារយើងដោយការនៅក្នុងក្រោលរបស់ទ្រង់ ?
សូមអាន នីហ្វៃទី១ ២២:២៥ ,២៨ និង នីហ្វៃទី៣ ១៦:១១–១៣ ដោយការរកមើលការពិពណ៌នាអំពីការងាររបស់អ្នកគង្វាលរបស់យើងពីការប្រមូលនៅសម័យរបស់យើង ។
-
តើពាក្យនិងឃ្លាអ្វីខ្លះដែលពិពណ៌នាអំពីអ្នកណា ដែលអ្នកគង្វាលរបស់យើងចង់ប្រមូល ? តើយើងត្រូវការអ្វីខ្លះ ដើម្បីទទួលយកការអញ្ជើញដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ?
ការប្រមូលចូលទៅកាន់ក្រោលរបស់ព្រះអង្គសង្គ្រោះ
ពេលអ្នកសិក្សាផ្នែកនេះ នោះអ្នកអាចគិតអំពីមិត្តម្នាក់នៅក្នុងចិត្តដែលបច្ចុប្បន្ននេះមិនរីករាយនឹងពរជ័យពេញលេញ ដែលព្រះអង្គសង្គ្រោះប្រទានដល់អស់អ្នកទាំងឡាយដែលនៅក្នុងក្រោលរបស់ទ្រង់ ( សាសនាចក្រ ) ។ ពួកគេប្រហែលជាបានវង្វេងចេញពីសាសនាចក្ររបស់ទ្រង់ ឬពួកគេប្រហែលជាមិនទាន់ទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយទេ ។
សូមអានវគ្គបទគម្ពីរខាងក្រោម និងសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ឬអ្នកអាចមើលវីដេអូ «°អ្នកគង្វាលល្អរបស់យើង°» ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ៣:១៣ ទៅដល់នាទីទី ៤:៤៤ ។ សូមរកមើលអ្វីដែលអ្នកចង់ឲ្យមិត្តភក្តិរបស់អ្នកដឹងអំពីអ្នកគង្វាលរបស់យើង ។
នៅក្នុងនាមជាអ្នកគង្វាលល្អ ព្រះយេស៊ូវគ្រីស្ទទតមើលជំងឺដែលមាននៅក្នុងចៀមរបស់ទ្រង់ថា ជាលក្ខខណ្ឌមួយដែលត្រូវការការព្យាបាល ថែទាំ និងផ្តល់សេចក្តីអាណិតមេត្តា ។ អ្នកគង្វាលនេះគឺអ្នកគង្វាលល្អរបស់យើង ស្វែងរកអំណរនៅក្នុងការទតមើលឃើញចៀមដែលមានជំងឺរបស់ទ្រង់រីកចម្រើនឡើងទៅរកការជាសះស្បើយ ។…
ការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសេចក្ដីស្រឡាញ់ សេចក្តីអាណិតមេត្តា និងការយល់ចិត្តថ្លើមគ្នា ។ ទ្រង់ពុំបានយាងតាមផ្លូវលំនៃស្រុកកាលីឡេ និងស្រុកយូដាដោយប្រមាថមើលងាយ ដោយគេចចេញពុំមើលអ្នកមានបាបឡើយ ។ ទ្រង់ពុំបានចៀសចេញពីពួកគេដោយក្តីតក់ស្លុតដែលអស់សង្ឃឹមឡើយ ។ អត់ទេ ទ្រង់បានសោយអាហារជាមួយពួកគេ ។ ទ្រង់បានជួយហើយប្រទានពរ លើកស្ទួយនិងស្អាងគេឡើង ហើយប្រទានក្តីសង្ឃឹមនិងអំណរជំនួសឲ្យភាពភ័យខ្លាចនិងក្តីអស់សង្ឃឹម ។ ដូចជាអ្នកគង្វាលពិត ទ្រង់ស្វែងរកយើងហើយជួបយើងដើម្បីផ្តល់ការធូរស្បើយ និងសេចក្តីសង្ឃឹម ។ ( ឌែល ជី រិនឡាន់ « Our Good Shepherd » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ )
-
តើអ្នកចង់ឲ្យមិត្តភក្តិរបស់អ្នកដឹងអ្វីខ្លះអំពីអ្នកគង្វាលរបស់យើងចេញមកពីវគ្គបទគម្ពីរទាំងនេះ និងអំពីសេចក្តីថ្លែងការណ៍របស់អែលឌើរ រិនឡាន់ ? ហេតុអ្វី ?
-
តើមានគំរូអ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រមូលមនុស្សឲ្យមករកទ្រង់ ? ( នេះអាចរួមមានមនុស្សណាម្នាក់ដែលអ្នកស្គាល់ដោយផ្ទាល់ មនុស្សដែលយកចេញពីព្រះគម្ពីរ ឬសូម្បីតែខ្លួនអ្នក ) ។