ថ្នាក់​សិក្ខាសាលា
មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ ៖ បាន​សរសេរឡើង​សម្រាប់​ជំនាន់​របស់យើង


« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ ៖ បាន​សរសេរឡើង​សម្រាប់ជំនាន់​របស់យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧

បាន​សរសេរឡើង​សម្រាប់​ជំនាន់​របស់យើង

មរ៉ូណៃ​សរសេរនៅ​លើ​ផ្ទាំង​ទាំងឡាយ

សូម​ស្រមៃ​ថាបាន​រស់នៅ​រាប់រយ​ឆ្នាំមុន ប៉ុន្តែ​ដឹង​ថា​​សម័យ​របស់​យើង​រស់នៅ​មាន​លក្ខណៈ​បែប​ណា ។ មរ៉ូណៃ​បាន​មាន​បទពិសោធន៍​នេះ ដោយ​ព្រះអម្ចាស់​បានបង្ហាញ​ដល់​លោក​នូវ​សម័យកាល​របស់​យើង ។ មរ៉ូណៃ​បាន​ពិពណ៌នា​ពី​អំពើបាប និង​អាកប្បកិរិយា​ដែលនឹង​មាន​ជាទូទៅ​នៅថ្ងៃ​ចុងក្រោយ ។ លោក​បាន​អញ្ជើញ​យើងឲ្យ « បែរ​មករក​ព្រះអម្ចាស់​ចុះ » ( មរមន ៩:៦ ) ហើយ​បាន​ផ្តល់​ដំបូន្មាន​ផ្សេងទៀត ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះ​អាច​ជួយ​អ្នក​ឲ្យយល់​ថា ព្រះគម្ពីរ​មរមន​បាន​និពន្ធ​ឡើង​ដើម្បីជួយ​ដល់​យើង​នៅ​សម័យ​ចុង​ក្រោយនេះ​ឲ្យ​បែរ​មករក​ព្រះអម្ចាស់​វិញ ។

សូម​ចូលមក​​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈការសិក្សា​ព្រះបន្ទូល​របស់ទ្រង់ ។ការសិក្សា​បទគម្ពីរ​ជួយ​ពួកយើង​ឲ្យចូល​ទៅជិត​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជួយ​ដល់​សិស្ស​ឲ្យ​អនុវត្ត​ស្វែងយល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​បន្តសិក្សា ។ នៅពេល​ដែលពួកគេ​ធ្វើបែបនេះ ពួកគេនឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយទ្រង់ និង​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយបទ​គម្ពីរ​មួយ​មកពី​ព្រះគម្ពីរ​មរមន ដែលអាច​ជួយ​យើងឲ្យ​បែរមករក​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មរ៉ូណៃ​បានសរសេរ​មកកាន់​យើង

សូមយក​ប្រអប់​មួយ​ដែល​តំណាង​ឲ្យ​កន្សោម​ពេលវេលា

សូម​ស្រមៃ​ថា អ្នកបាន​រស់នៅជា​យូរលង់ណាស់​មកហើយ ហើយត្រូវបាន​សុំ​ឲ្យ​សរសេរ​សារលិខិត​មួយ ដើម្បី​ដាក់ចូលទៅ​ក្នុង​កន្សោម​ពេលវេលា ដែលនឹងត្រូវ​យក​មកបើក​នៅសម័យកាល​របស់យើងនេះ ។

សូម​ចែកក្រដាស​តូច​មួយ​សន្លឹកទៅ​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ។ សូម​ប្រាប់​ឲ្យ​សិស្ស​យក​ក្រដាស​របស់​ពួកគេ​ទៅដាក់​ចូលក្នុង​កន្សោម​ពេលវេលា រួចហើយ​អាន​ពីរបីចម្លើយ​ទៅកាន់​សិស្សក្នុង​ថ្នាក់ ។

  • តើ​អ្នក​នឹង​ផ្តល់​ការព្រមាន ដំបូន្មាន ឬ​ការលើក​ទឹកចិត្ត​អ្វីខ្លះ​ដើម្បី​ជួយ​នរណា​ម្នាក់​ក្នុង​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​សព្វថ្ងៃ​នេះ ?

មុនពេលដែល​មរមនស្លាប់ លោកបាន​ប្រគល់ផ្ទាំង​មាស​ឲ្យ​កូន​ប្រុស​លោក​គឺ មរ៉ូណៃ ( សូមមើល មរមន ៨:១ ) ។ មរ៉ូណៃ​បាន​ពិពណ៌នា​អំពី​របៀប​មួយ ដែលព្រះអម្ចាស់​បានជួយ​លោក​ឲ្យដឹង​អំពីអ្វី ដើម្បីសរសេរ​ទៅកាន់​ប្រជាជន​នៅជំនាន់​របស់យើងនេះ ។ សូមអាន មរមន ៨:៣៤–៣៥; ៩:៣០ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរដល់​មរ៉ូណៃ ក្នុង​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​លោក ។

  • តើព្រះអម្ចាស់​បានបង្ហាញ​អ្វីខ្លះដល់​មរ៉ូណៃ ?

  • តើយើងអាច​រៀនសូត្រ​សេចក្ដីពិត​អ្វីខ្លះ​ចេញ​ពីរឿងនេះ ?

សេចក្តីពិតមួយ​ដែលយើង​រៀន គឺថា​ព្រះយេស៊ូវគ្រីស្ទ​បានបំផុសគំនិត​ដល់ព្យាការី ដែលសរសេរ​ព្រះគម្ពីរ​មរមន​ឲ្យ​សរសេរ​ដោយ​គិត​អំពី​ជំនាន់​របស់​យើង ។

  • តើ​ការដឹង​ថា​ពួកព្យាការី​នៃ​ព្រះគម្ពីរ​មរមន​បានឃើញ​សម័យ​របស់​យើង​ធ្វើឲ្យមាន​ឥទ្ធិពល​ដល់​របៀប​ដែល​យើង​អាន​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) អំពី​ពួកព្យាការី​ដែល​សរសេរ​ព្រះគម្ពីរ​មរមន ៖

ប្រសិនបើ​ពួកលោក​បាន​មើលឃើញ​ជំនាន់​របស់យើង ហើយ​ជ្រើសរើស​អ្វីៗទាំងនោះ ដែលមាន​សារៈសំខាន់​បំផុតសម្រាប់​ពួកយើង តើនោះ​មិនមែន​ជារបៀប ដែល​ពួកយើង​គួរសិក្សា​ព្រះគម្ពីរ​មរមន​ទេឬអី ? យើង​គួរ​សួរ​ខ្លួនយើង​ជានិច្ច​ថា « ហេតុអ្វី​បានជា​ព្រះអម្ចាស់​បំផុសគំនិត​ដល់មរមន ( ឬ​មរ៉ូណៃ ឬ​អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍នោះ​ទៅក្នុង​បញ្ជី​របស់​លោក ? តើ​មាន​មេរៀន​អ្វីខ្លះ​ដែលខ្ញុំ​អាច​រៀន​មកពី​ការសិក្សា​ព្រះគម្ពីរ​មរមន ដើម្បីជួយ​ខ្ញុំឲ្យ​រស់នៅ​ក្នុង​យុគសម័យ​កាលនេះ ? » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ )

ការសួរ​សំណួរដូច​ដែល​ប្រធាន ប៊ែនសឹន បានស្នើឡើង គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏មាន​ប្រសិទ្ធភាព​បំផុត ដែលអាច​ជួយដល់​សិស្ស​ឲ្យស្វែងរក​អត្ថន័យ និងភាព​ទាក់ទង​គ្នា​បន្ថែមទៀត​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់ពួកគេ ។ សិស្ស​អាច​កត់ចំណាំ​នូវ​សំណួរ​ទាំងនេះ ដើម្បី​យោង​នៅក្នុង​ការសិក្សា​របស់​ពួកគេ​នៅថ្ងៃ​នេះ និង​ក្នុងការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ​នាពេល​អនាគត ។

  • តើអ្នកគិតថា​ការសួរសំណួរ​ទាំងនេះអាច​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​ដោយរបៀបណា ?

សូម​ពិចារណា​បែងចែក​សិស្សនៅក្នុង​ថ្នាក់ជា​ពីរក្រុម ឬ​ចាប់ជាដៃគូ​ដោយក្រុម​នីមួយៗត្រូវ​បានដាក់ឲ្យ​អាន​វគ្គបទគម្ពីរ​មួយ​ក្នុងចំណោម​វគ្គបទគម្ពីរ​ខាងក្រោមនេះ ។ សូមអញ្ជើញ​សិស្សឲ្យ​សរសេរអ្វី ដែលពួកគេ​រកឃើញនៅ​លើ​ក្ដារខៀន នៅក្រោម​ចំណងជើង​ដូចជា បញ្ហាខាង​ព្រលឹងវិញ្ញាណ​ក្នុងជំនាន់​របស់យើង ។ តាមតម្រូវការ សូមជួយ​សិស្សឲ្យ​យល់អំពី​អត្ថន័យនៃ​ពាក្យនៅ​ក្នុង​ការពិពណ៌នា​របស់ មរ៉ូណៃ ។

សេចក្តីថ្លែងការណ៍​ដោយ ស៊ីស្ទើរ អូស្ការសុន ក្នុងផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » អាចជួយ​ដល់​សិស្សឲ្យ​យល់អំពី​ខគម្ពីរ​ទាំងនេះ​បាន ។

សូមអាន មរមន ៨:២៧–៣៣មរមន ៨:៣៦–៤១ ដោយរក​មើល​អំពី​របៀប​ដែល មរ៉ូណៃ បានពិពណ៌នា​អំពី​ស្ថានភាព​ខាងវិញ្ញាណ​របស់មនុស្ស​នៅក្នុង​ជំនាន់​របស់យើង ។

  • តើអ្នក​មើល​ឃើញ​លក្ខខណ្ឌ​មួយណា ដែលបាន​ពិពណ៌នា​ដោយ​មរ៉ូណៃ​នៅក្នុង​សង្គមយើង ?

  • តើឥរិយាបទ និង​អាកប្បកិរិយា​ទាំងនេះ​ជះ​ឥទ្ធិពល​ដល់​ជំនឿរបស់​យើងលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ដំណោះស្រាយ​ខាងវិញ្ញាណ​នៅជំនាន់​របស់យើង

សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​អ្វី​ដែលពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ខាងក្រោម នៅលើក្ដារខៀន នៅក្រោម​ចំណង​ជើង​ដូចជា ដំណោះស្រាយ​ខាងវិញ្ញាណ​នៅក្នុង​ជំនាន់​របស់យើង ។ សូមជួយ​ឲ្យ​សិស្សពិភាក្សា​អំពីរបៀប​ដំណោះស្រាយ​ជាក់លាក់​ណាមួយ​ដែលអាច​ជួយដល់​យើង​យកឈ្នះ​លើ​បញ្ហា​ខាងវិញ្ញាណ​មួយ​ចំនួន ។ សូមប្រាកដថា សិស្សពិភាក្សា​អំពី​របៀបដែល មរ៉ូណៃ ចង្អុលបង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ។

មរមន ៩:៧–២៦ នឹងត្រូវ​សិក្សា​នៅក្នុង​មេរៀន​បន្ទាប់នេះ ។

សូមអាន មរមន ៩:៦, ២៧–៣១ ដោយ​រកមើល​អំពី​ចំណុច​អ្វីខ្លះ​ដែលព្រះអម្ចាស់​បានបំផុសគំនិត​ដល់ មរ៉ូណៃ​ឲ្យសរសេរ ដើម្បី​ជួយដល់​យើងឲ្យ​យក​ឈ្នះលើ​លក្ខខណ្ឌ​ដែល​អវិជ្ជមាន​ខាងវិញ្ញាណ ។

  • តើ មរ៉ូណៃ បាន​បង្រៀន​អ្វីខ្លះ ដែលអាច​ជួយដល់​យើង​ឲ្យយកឈ្នះ​លើ​អំពើបាប និង​ឥរិយាបទ​ដែលមាន​ក្នុងជំនាន់​របស់​យើង​បាន ?

  • តើមាន​ការបង្រៀន​មួយណាក្នុង​ចំណោម​ការបង្រៀន​ទាំងអស់នេះ ដែលអាច​ជួយ​បានច្រើនបំផុត​ទៅដល់​យុវវ័យ​នៅ​ជំនាន់នេះ​ឲ្យពឹង​ផ្អែកលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • សំណួរបន្ទាប់ គឺមាន​បំណង​សម្រាប់​ការឆ្លុះបញ្ចាំង​ផ្ទាល់ខ្លួន មិនមែន​ការពិភាក្សា​ក្នុងថ្នាក់​នោះ​ទេ ។

    តើ​ការបង្រៀន​មួយណា​ដែល​អ្នក​គិតថា អាច​ជួយដល់​អ្នកបាន​ច្រើនជាងគេ​នៅពេលនេះ ? ហេតុអ្វី ?

ការបង្រៀន​អំពី​ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ ដើម្បីជួយ​ដល់​យើង​ឲ្យជឿ ហើយបែរ​មករក​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃ​ទី ១ ៦:៤; មរមន ៧:៥; មរ៉ូណៃ ១០:៣០, ៣២ ) ។

សូមអញ្ជើញ​សិស្ស​ជា​ច្រើននាក់​ឲ្យស្វែងរក និង​ចែកចាយ​វគ្គបទ​គម្ពីរបស់​ព្រះគម្ពីរ​មរមន ដែលអាច​ជួយដល់​យើងឲ្យ​បែរ​មករក​ព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាច​ប្រើប្រាស់​ការរៀបចំខ្លួន​របស់ពួកគេ​សម្រាប់សិក្សា​នៅ​ក្នុងថ្នាក់ ។ សិស្សអាច​ចែកចាយ​តាម​វិធីផ្សេងៗគ្នា—ឧទាហរណ៍ ការសរសេរ​សេចក្ដីយោង​បទគម្ពីរ​នៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាសដែលត្រូវ​បាន​ហុច​ឲ្យ​ដល់​សិស្ស​ដែលនៅក្នុង​ថ្នាក់រៀន ។

សូមអញ្ជើញ​សិស្សឲ្យ​ចែកចាយ​អំពីមូលហេតុ ដែល​វគ្គបទគម្ពីរ​នេះ​មានអត្ថន័យ​ចំពោះ​ពួកគេ ។ អ្នកក៏​អាចពិភាក្សា​អំពីរបៀប​ដែល​វគ្គបទគម្ពីរ​នេះ​អាច​ជួយ​យើង​ឲ្យជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយបែរ​មករកទ្រង់​ផងដែរ ( សូមមើល មរមន ៩:៦ ) ។

អ្នកក៏​អាចអញ្ជើញ​សិស្សឲ្យ​ដាក់​សារខ្លី​នៅក្នុង​កន្សោម​ពេលវេលាដែល​បទគម្ពីរ និង​សារលិខិត​អំពី​ព្រះអង្គសង្គ្រោះ ។ អ្នកអាច​អាន​សារលិខិត​ទាំងនេះ​នៅ​ក្នុងម៉ោងរៀន​នៅក្នុង​ថ្នាក់រៀន​នាពេលអនាគត ។

សូមចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញ​សិស្សឲ្យ​សួរសំណួរដែល​ប្រធាន ប៊ែនសឹន បាន​លើកទឹកចិត្ត​ផងដែរ ។