« អេធើរ ១ ៖ ‹ ចូរអំពាវនាវដល់ព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១
« ចូរអំពាវនាវដល់ព្រះអម្ចាស់ »
តើការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនឹងព្រះអម្ចាស់ផ្លាស់ប្ដូរយ៉ាងដូចម្ដេច នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហានានា ? នៅពេលមនុស្សទុច្ចរិតព្យាយាមសង់ប៉ម ដើម្បីឡើងទៅស្ថានសួគ៌ ព្រះអម្ចាស់បានបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេអាចនិយាយយល់គ្នាទៅវិញទៅមក ( សូមមើល លោកុប្បត្តិ ១១:១–៩ ) ។ បងរបស់យ៉ារេឌបានអំពាវនាវដល់ព្រះអម្ចាស់ ដោយអង្វរឲ្យទ្រង់កុំឲ្យបំភាន់ភាសាគ្រួសារ និងមិត្តភក្តិរបស់លោក ( សូមមើល អេធើរ ១:៣៤–៣៧ ) ។ ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានដ៏ស្មោះអស់របស់លោកដោយសេចក្តីអាណិតអាសូរ និងមេត្តាករុណា ។ មេរៀននេះមានគោលបំណងជួយបំផុសគំនិតដល់អ្នកឲ្យអធិស្ឋានដោយស្មោះ និងខ្ជាប់ខ្ជួន ។
សកម្មភាពរៀនសូត្រដែលអាចមាន
សកម្មភាពដ៏ស្មោះ និងខ្ជាប់ខ្ជូន
សូមគិតអំពីសកម្មភាពដែលល្អសម្រាប់អនុវត្ត ដូចជាការសិក្សា ការធ្វើលំហាត់ប្រាណ ឬការបម្រើដល់អ្នកដទៃ ។ សូមប្រើប្រាស់សកម្មភាពនោះក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម ហើយបំពេញឃ្លាតាមរបៀបដែលត្រឹមត្រូវ ។
-
ប្រសិនបើមាននរណាម្នាក់ ( សកម្មភាព ) ម្តងម្កាល បន្ទាប់មក ។
-
ប្រសិនបើមាននរណាម្នាក់ ( សកម្មភាព ) ដោយស្មោះ និងខ្ជាប់ខ្ជូនក្នុងរយៈពេលវែងនោះ បន្ទាប់មក ។
-
តើអ្នកអាចបំពេញសេចក្ដីថ្លែងការណ៍ពីរដែលដូចគ្នានេះយ៉ាងដូចម្តេច ដោយប្រើប្រាស់សកម្មភាពនៃការអធិស្ឋាន ?
-
តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យយើងមិនអាចស្មោះ ឬខ្ជាប់ខ្ជួននៅក្នុងការអធិស្ឋានរបស់យើងដូចដែលយើងតែងតែប្រាថ្នាចង់ធ្វើ ?
សូមចំណាយពេលបន្តិច ដើម្បីពិចារណាអំពីការអធិស្ឋានរបស់អ្នក ។ តើមានអ្វីខ្លះដែលអាចជួយអ្នកឲ្យមានចិត្តស្មោះ និងការខ្ជាប់ខ្ជួនបាន ? តើមានចំណុចអ្វីខ្លះដែលអាចរារាំងអ្នកពីភាពស្មោះ និងការខ្ជាប់ខ្ជូន ? ហេតុអ្វីបានជាអ្នកចង់កែលម្អ ?
នៅពេលដែលអ្នកសិក្សាមេរៀននេះ សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកនៅក្នុងការអធិស្ឋានរបស់អ្នក ។
គម្ពីរអេធើរ
នៅត្រង់ចំណុចនេះក្នុងព្រះគម្ពីរមរមន មរ៉ូណៃ បានដាក់បញ្ចូលគម្ពីរអេធើរ ។ គម្ពីរនេះមានដំណើររឿងរបស់សាសន៍យ៉ារេឌ ។ គម្ពីរនេះត្រូវបានបកប្រែចេញពីផ្ទាំងចំណារមាសចំនួន ២៤ ផ្ទាំងដែលបានរកឃើញដោយប្រជាជនលិមហៃបានបញ្ជូនទៅ ( សូមមើល ម៉ូសាយ ៨:៧–១១; អេធើរ ១:១–២ ) ។ គម្ពីរនេះ ចាប់ផ្តើមដោយដំណើររឿងបងរបស់យ៉ារេឌ និងការអធិស្ឋានរបស់លោកទៅកាន់ព្រះអម្ចាស់ ។ សូមមើលតារាងពេលវេលាខាងក្រោម ( កាលបរិច្ឆេទប៉ាន់ស្មាន ) ដើម្បីដឹងនៅពេលដែលលោករស់នៅដោយប្រៀបធៀបទៅនឹងបុគ្គលផ្សេងទៀត ដែលអ្នកបានសិក្សានៅក្នុងព្រះគម្ពីរមរមននៅឆ្នាំនេះ ៖
សូមអាន អេធើរ ១:៣៣ ដើម្បីដឹងពីអ្វីដែលកំពុងកើតឡើង នៅពេលដែលដំណើររឿងរបស់សាសន៍យ៉ារេឌបានចាប់ផ្តើម ។
-
តើអ្នកដឹងអ្វីខ្លះអំពី « ប៉មដ៏មហិមា » និង « ព្រះអម្ចាស់ទ្រង់បាន [ បំភាន់ ] ភាសារបស់មនុស្ស » ( អេធើរ ១:៣៣ ) ?
ប្រសិនបើដំណើររឿងនេះអ្នកមិនសូវស្គាល់ទេ សូមពិចារណាមើលវីដេអូ «°The Tower of Babel°» (°០:៥៨°) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអាន លោកុប្បត្តិ ១១:១–៩ (°សូមមើលផងដែរកថាខណ្ឌទីពីរ នៃទំព័រចំណងជើងទៅកាន់ព្រះគម្ពីរមរមន°)°។
-
តើការរស់នៅក្នុងអំឡុងពេលនោះអាចមានលក្ខណៈដូចម្តេចទៅ ?
ចូរអំពាវនាវដល់ព្រះដោយសេចក្ដីជំនឿ
ជួនកាលបទគម្ពីរមានឃ្លាដដែលៗ ដើម្បីផ្តល់ឲ្យឃ្លាទាំងនោះកាន់តែសង្កត់ធ្ងន់ ឬបញ្ជាក់ពីសារៈសំខាន់បន្ថែមទៀត ។ ការស្វែងរកឃ្លាដដែលៗទាំងនេះ អាចជួយយើងឲ្យយល់កាន់តែច្បាស់ អំពីអ្វីដែលអ្នកនិពន្ធទទួលបានការបំផុសគំនិតកំពុងតែព្យាយាមបង្រៀនដល់យើង ។
សូមអាន អេធើរ ១:៣៤–៣៧ ដើម្បីដឹងអំពីរបៀបដែលយ៉ារេឌ និងបងរបស់គាត់បានព្យាយាមស្វែងរកដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ។ សូមពិចារណាគូសចំណាំលើឃ្លាដដែលៗ ដែលបង្ហាញអំពីរបៀបដែលបងរបស់យ៉ារេឌបានអធិស្ឋាន និងរបៀបដែលព្រះអម្ចាស់បានឆ្លើយតប ។
-
តើអ្នកបានរៀនសូត្រអ្វីខ្លះមកពីឃ្លាដែលអ្នកបានគូសចំណាំ ?
គោលការណ៍មួយដែលយើងរៀនមកពីដំណើររឿងនេះ គឺថា នៅពេលដែលយើងអំពាវនាវដល់ព្រះដោយសេចក្ដីជំនឿ នោះទ្រង់នឹងមានសេចក្តីអាណិតអាសូរដល់យើង ។
សូមសរសេររបៀបដែលអ្នកនឹងពន្យល់អំពីគោលការណ៍នេះដល់នរណាម្នាក់ ។ សូមបញ្ចូលចំណុចខាងក្រោមនេះនៅក្នុងសេចក្តីពន្យល់របស់អ្នក ៖
-
តើអ្នកគិតថា អំពាវនាវដល់ព្រះអម្ចាស់ដោយសេចក្ដីជំនឿមានអត្ថន័យយ៉ាងដូចម្តេច និងរបៀបដែលឃ្លានេះអាចខុសគ្នាពីរបៀបដែលយើងអធិស្ឋានម្តងម្កាលយ៉ាងដូចម្តេច
-
តើការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះបងរបស់យ៉ារេឌបង្រៀនដល់អ្នកអំពីទ្រង់អ្វីខ្លះ
-
របៀបខ្លះៗដែលព្រះអម្ចាស់អាចឆ្លើយតបនឹងការអធិស្ឋានរបស់យើងដោយសេចក្តីអាណិតអាសូរ
ដើម្បីដឹងពីគំរូសម័យទំនើបនៃការឆ្លើយតបរបស់ព្រះអម្ចាស់ដោយសេចក្តីអាណិតអាសូរចំពោះការអធិស្ឋានដោយស្មោះ និងខ្ជាប់ខ្ជូន សូមមើល «°Answers to Prayer°» ចាប់ពីនាទី ទី ២:១៧ ដល់ ៤:៣២ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
វាមានសារៈសំខាន់ណាស់ក្នុងការដឹងថា យើងមិនដឹងថា បងរបស់យ៉ាងរេឌត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានចម្លើយរបស់លោកឡើយ ។ អែលឌើរ ប្រ៊ូក ភី ហែល៍ នៃពួកចិតសិបនាក់បានចែកចាយដូចតទៅ ៖
ព្រះវរបិតាស្គាល់យើង ដឹងពីសេចក្ដីត្រូវការរបស់យើង ហើយមានព្រះរាជបំណងជួយយើងជាប្រាកដ ។ ជួនកាលជំនួយនោះត្រូវបានផ្ដល់នៅគ្រានោះតែម្ដង ឬយ៉ាងហោចណាស់ ឆាប់ៗបន្ទាប់ពីយើងទូលសូមជំនួយដ៏ទេវភាពនោះ ។ ជួនកាលបំណងដ៏ស្មោះត្រង់ និងសក្ដិសមរបស់យើងភាគច្រើនបំផុត មិនត្រូវបានឆ្លើយតបតាមដែលយើងសង្ឃឹមចង់បាននោះទេ តែយើងឃើញថាព្រះមានពរជ័យធំជាងនោះសម្រាប់យើង ។ ហើយជួនកាល បំណងដ៏សុចរិតរបស់យើងមិនត្រូវបានប្រទានឲ្យក្នុងជីវិតនេះទេ ។ ( ប្រ៊ូក ភី ហែល៍ « Answers to Prayer » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១២ )
-
ហេតុអ្វីបានជាអ្នកគិតថា ការបង្រៀនទាំងនេះមានសារៈសំខាន់សម្រាប់យើងត្រូវចងចាំ ?
ភាពខ្ជាប់ខ្ជូនក្នុងការអធិស្ឋាន
សូមអាន អេធើរ ១:៣៨–៤៣; ២:៥, ១៣–១៥ ដោយស្វែងរកការយល់ដឹងបន្ថែមទៀតអំពីការអធិស្ឋាន និងចម្លើយរបស់ព្រះអម្ចាស់ ។
-
តើមានឃ្លាអ្វីខ្លះនៅក្នុង អេធើរ ១:៤៣ និង ២:១៤ បង្ហាញពីព្រះហឫទ័យរបស់ព្រះអម្ចាស់អំពីភាពខ្ជាប់ខ្ជូនរបស់យើងក្នុងការអធិស្ឋាន ? ហេតុអ្វីបានជាអ្នកគិតថា ទ្រង់ចង់ឲ្យយើងអធិស្ឋានទៅទ្រង់ដោយខ្ជាប់ខ្ជូន ?
-
មានពេលមួយ បងរបស់យ៉ារេឌ លោកមិនសូវអធិស្ឋានបានខ្ជាប់ខ្ជូនទេ ( សូមមើល អេធើរ ២:១៤ ) ។ តើមានមូលហេតុអ្វីខ្លះ ដែលយើងប្រហែលជាមិនសូវជាខ្ជាប់ខ្ជួនក្នុងការអធិស្ឋានរបស់យើងនៅសព្វថ្ងៃនេះ ?
ការកែលម្អការអធិស្ឋាន
សូមស្រមៃថា អ្នកកំពុងចូលរួមក្នុងកិច្ចពិភាក្សាក្រុមរបស់យុវវ័យមួយអំពីរបៀបជួយដល់យុវជនកែលម្អការអធិស្ឋានរបស់ពួកគេ ។
-
តើមានអ្វីខ្លះដែលអ្នកបានធ្វើ ឬអាចធ្វើបានដើម្បីធ្វើឲ្យការអធិស្ឋានរបស់អ្នកកាន់តែមានអត្ថន័យ ឬមានភាពស្មោះជាងមុន ?
-
តើអ្នកបានធ្វើអ្វីខ្លះដែលជួយអ្នកអធិស្ឋានបានខ្ជាប់ខ្ជូន ? តើមានអ្វីផ្សេងទៀតដែលអ្នកអាចធ្វើបានដែរឬទេ ?
-
តើការគិតថាទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌អាចមានឥទ្ធិពលទៅលើភាពខ្ជាប់ខ្ជូន និងភាពស្មោះនៃការអធិស្ឋានរបស់អ្នកដោយរបៀបណា ? ( សូមមើល Bible Dictionary « Prayer » ) ។
ស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ហើយពិចារណាពីការផ្លាស់ប្តូរណាមួយ ដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវតែធ្វើនៅក្នុងការអធិស្ឋានរបស់អ្នក ។ សូមដាក់គោលដៅ និងការប្តេជ្ញាចិត្តជាក់លាក់មួយដើម្បិធ្វើតាមចំណាប់អារម្មណ៍ណាមួយដែលអ្នកទទួលបាន ។