« អេធើរ ៤–៥ ៖ ‹ លាតត្រដាងដល់ពួកគេនូវវិវរណៈទាំងអស់របស់យើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ៤–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ៤–៥
« លាតត្រដាងដល់ពួកគេនូវវិវរណៈទាំងអស់របស់យើង »
តើអ្នកមានអារម្មណ៍ថា បានត្រៀមខ្លួនរួចរាល់ដើម្បីរៀនបន្ថែមពីព្រះអម្ចាស់ឬទេ ? បើសិនមិនទាន់ទេ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន ? ព្រះអម្ចាស់បានបញ្ជា មរ៉ូណៃឲ្យបិទការនិមិត្តដែលបានកត់ត្រាទុកអំពីបងរបស់យ៉ារេឌ ហើយបានពន្យល់ថា ការសរសេរទាំងនេះនឹងត្រូវបើកបង្ហាញ នៅពេលដែលមនុស្សមានសេចក្តីជំនឿដូចបងរបស់យ៉ារេឌបានធ្វើ ។ មេរៀននេះមានគោលបំណងជួយដល់អ្នកឲ្យយល់អំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានវិវរណៈបន្ថែមទៀត ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅពេលដែលយើងត្រៀមខ្លួនរួចរាល់
សូមគិតអំពីវត្ថុមួយដែលមានតម្លៃជាពិសេសសម្រាប់អ្នក ឬគ្រួសាររបស់អ្នក ។
-
ទោះបីជាអ្នកចូលចិត្តចែកចាយវត្ថុនេះជាមួយអ្នកដទៃក៏ដោយ មូលហេតុអ្វីបានជាអ្នកប្រហែលជាមានការប្រុងប្រយ័ត្នខ្លាំងចំពោះក្មេងតូចម្នាក់មិនឲ្យប៉ះពាល់វា ?
-
តើក្មេងត្រូវរៀន ឬធ្វើអ្វីខ្លះ មុនពេលដែលអ្នកជឿជាក់ថា ពួកគេអាចប្រើប្រាស់វត្ថុនោះបាន ?
ស្រដៀងគ្នានេះដែរ ព្រះអម្ចាស់ចូលចិត្តបើកសម្ដែងសេចក្ដីពិតដល់យើង ប៉ុន្តែទ្រង់រង់ចាំរហូតដល់យើងត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកវា ( សូមមើល អាលម៉ា ១២:៩–១១ ) ។
ផ្នែកដែលបានបិទត្រារបស់ព្រះគម្ពីរមរមន
មានគំរូមួយរបស់ព្រះអម្ចាស់ ដែលទ្រង់រង់ចាំបើកបង្ហាញសេចក្ដីពិតរហូតដល់យើងត្រៀមខ្លួនជាស្រេច គឺជាផ្នែកដែលបានបិទត្រារបស់ព្រះគម្ពីរមរមន ។ យ៉ូសែប ស្ម៊ីធ ទទួលបានបញ្ជាមិនឲ្យបើក ឬបកប្រែផ្នែកនោះទេ ( សូមមើល អេធើរ ៥:១ ) ។ វាមានសរសេរបញ្ជីនៃការនិមិត្តដែលបានផ្តល់ដល់បងរបស់យ៉ារេឌ ។
ដើម្បីជួយអ្នកឲ្យរៀនអំពីផ្នែកបិទត្រារបស់ព្រះគម្ពីរមរមនបាន សូមប្រើប្រាស់បទគម្ពីរដែលមានរាយនៅក្នុងរង្វង់ក្រចក ដើម្បីឆ្លើយសំណួរពិត ឬមិនពិតខាងក្រោមនេះ ។
-
ព្រះអង្គសង្គ្រោះបានបង្ហាញអង្គទ្រង់ផ្ទាល់ទៅដល់បងរបស់យ៉ារេឌ ហើយបានធ្វើការងារបម្រើដល់លោក ( អេធើរ ៣:២០ ) ។
-
ព្រះអម្ចាស់បានបង្ហាញដល់បងរបស់យ៉ារេឌ ទៅដល់បណ្ដាជននៅលើផែនដីទាំងអតីតកាល និងអនាគត ដោយមិនដកយកអ្វីពីលោកឡើយ ( អេធើរ ៣:២៥; ៤:៤ ) ។
-
ព្រះអម្ចាស់បានបញ្ជាបងរបស់យ៉ារេឌឲ្យកត់ត្រានូវអ្វី ដែលលោកបានរៀន ហើយដើម្បីបិទត្រានោះ ។ វាជាភាសាដែលព្រះអម្ចាស់បានបំភាន់ ហើយមិនអាចអានបានបើគ្មានអ្នកបកប្រែដ៏ទេវភាពនោះទេ ( អេធើរ ៣:២១–២២, ២៤, ២៧; ៤:១ ) ។
-
ព្រះអម្ចាស់បានប្រទានត្បូងបីដុំដល់បងរបស់យ៉ារេឌ ដែលអាចប្រើប្រាស់ដើម្បីបកប្រែបញ្ជីនេះ ( អេធើរ ៣:២៣–២៤, ២៨ ) ។
-
គ្មាននរណាម្នាក់បានអានបញ្ជីបងរបស់យ៉ារេឌបានទេ ( អេធើរ ៤:២–៥ ) ។
ការទទួលបានវិវរណៈបន្ថែមទៀត
តាមរយៈ មរ៉ូណៃ ព្រះអម្ចាស់បានបើកសម្តែងនូវអ្វីដែលយើងត្រូវធ្វើដើម្បីមករកទ្រង់ ទទួលបានវិវរណៈ ហើយរៀបចំខ្លួនយើងជាស្រេចដើម្បីទទួលវិវរណៈបន្ថែមទៀត ដែលមាននៅក្នុងផ្នែកដែលបានបិទត្រារបស់ព្រះគម្ពីរមរមន ។
សូមអាន អេធើរ ៤:៥–១៥ ដោយប្រុងប្រយ័ត្នស្វែងរកវិធីដើម្បីបំពេញសេចក្ដីពិតខាងក្រោម ។ ឃ្លា « ការណ៍ទាំងនេះ » នៅក្នុង ខទី ៨ និង ១១ សំដៅទៅលើព្រះគម្ពីរមរមន ។ វាំងនន ជាឧទាហរណ៍ដែលបានផ្ដល់ឲ្យនៅក្នុង ខទី ១៥ គឺជាវាំងនន ឬក្រណាត់ដែលប្រើប្រាស់សម្រាប់បិទបាំង ឬលាក់អ្វីមួយ ។
-
ព្រះអម្ចាស់នឹងប្រទានពរដល់យើងនូវវិវរណៈបន្ថែមទៀត នៅពេលដែលយើង …
-
« ប្រែចិត្ត … ហើយក្លាយជាមនុស្សស្អាតស្អំនៅចំពោះព្រះអម្ចាស់ » ( អេធើរ ៤:៦ )
-
« អនុវត្តសេចក្ដីជំនឿ » ( អេធើរ ៤:៧ )
-
« [ ជឿ ] ការណ៍ទាំងនេះ » ( សំដៅលើអ្វី ដែលព្រះអម្ចាស់បានបើកសម្តែងរួចហើយ ជាពិសេសព្រះគម្ពីរមរមន ) ( អេធើរ ៤:៨, ១១ )
-
« ចូរមករក [ ព្រះអង្គសង្គ្រោះ ] » ( អេធើរ ៤:១៣–១៥ )
-
សូមអធិស្ឋាន « ដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប » ( អេធើរ ៤:១៥ )
ប្រសិនបើវាអាចជួយដល់អ្នកឲ្យយល់បានកាន់តែប្រសើរជាងមុននូវឃ្លាណាមួយក្នុងចំណោមឃ្លាទាំងនេះ សូមរកមើលពាក្យគន្លឹះនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guideឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ឧទាហរណ៍ វាអាចមានប្រយោជន៍នៅក្នុងការរកមើល « ចិត្តសង្រេង » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
សូមគិតអំពីគំរូមកពីបទគម្ពីរ ឬគំរូពីនរណាម្នាក់សម័យទំនើប ដែលធ្វើសកម្មភាពមួយ ឬច្រើននៃសកម្មភាពទាំងនេះ ។ សូមសរសេរអំពីរបៀបដែលសកម្មភាពទាំងនេះនាំឲ្យទទួលបានជំនួយ និងវិវរណៈមកពីព្រះអម្ចាស់ ។
-
សូមគិតពីពេលវេលាមួយ ដែលធ្វើសកម្មភាពមួយ ឬច្រើននៅក្នុងចំណោមសកម្មភាពទាំងនេះនាំឲ្យទទួលបានចម្លើយ ឬការណែនាំមកពីព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។ ( ឧទាហរណ៍មួយអាចជាការសញ្ជឹងគិតអំពីអ្វី ដែលអ្នកបានរៀនពី និងជឿតាមរយៈការសិក្សារបស់អ្នករហូតមកដល់ពេលនេះនៅក្នុងព្រះគម្ពីរមរមន និងរបៀបដែលការសញ្ជឹងគិតបាននាំឲ្យទទួលបានវិវរណៈនៅក្នុងជីវិតរបស់អ្នក ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យទទួលបានវិវរណៈបន្ថែមទៀត នៅពេលដែលយើងរស់នៅតាមរបៀប ដែលទ្រង់បានពិពណ៌នានៅក្នុង ខទី ៥–១៥ ?
-
ហេតុអ្វីបានជាការបរាជ័យក្នុងការធ្វើជាបុគ្គលបែបដែលព្រះអម្ចាស់ពិពណ៌នាធ្វើឲ្យយើងមិនបានត្រៀមខ្លួនដើម្បីទទួលវិវរណៈបន្ថែមទៀត ?
-
តើការណ៍នេះបង្រៀនអ្នកយ៉ាងណាអំពីព្រះអម្ចាស់ និងបុគ្គលបែបដែលទ្រង់សព្វព្រះហឫទ័យចង់ឲ្យយើងធ្វើ ?
ព្រះអម្ចាស់នឹងបើកសម្ដែងផ្នែកដែលបានបិទត្រានៃព្រះគម្ពីរមរមននៅក្នុង « ពេលកំណត់របស់យើង » របស់ទ្រង់ ( នីហ្វៃ ទី ២ ២៧:២១ ) នៅពេលដែលយើងអនុវត្តសេចក្ដីជំនឿដូចគ្នានឹងបងរបស់យ៉ារេឌ ( សូមមើល អេធើរ ៤:៧ ) ។ ស្រដៀងគ្នានេះដែរ អាចនឹងមានវិវរណៈបន្ថែមទៀតដែលព្រះអម្ចាស់កំពុងរង់ចាំប្រទានដល់អ្នក ។ ដើម្បីបញ្ចប់មេរៀននេះ សូមធ្វើតាមជំហានដូចខាងក្រោម ៖
-
សូមពិនិត្យមើលការពិពណ៌នានៅក្នុងខគម្ពីរទាំងនេះដែលនិយាយអំពីមនុស្សទាំងឡាយណាដែលអនុវត្តសេចក្តីជំនឿ ហើយត្រូវបានញែកចេញជាបរិសុទ្ធ ដោយសញ្ជឹងគិតអំពីរបៀបដែលអ្នកមានលក្ខណៈដូចជាពួកគេ និងលក្ខណៈណាខ្លះ ដែលអ្នកប្រហែលជាត្រូវការការកែលម្អថែមទៀត ។
-
សូមសញ្ជឹងគិត ហើយអធិស្ឋានដើម្បីដឹងអំពីអ្វី ដែលព្រះអម្ចាស់ចង់ឲ្យអ្នកធ្វើ ដើម្បីទទួលបានវិវរណៈបន្ថែមទៀតមកពីទ្រង់ ។ សូមសរសេរគំនិត និងអារម្មណ៍របស់អ្នកចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។