« អេធើរ ១–៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១–៥
ទិដ្ឋភាពទូទៅ
នៅពេលមនុស្សទុច្ចរិតព្យាយាមសង់ប៉មដើម្បីឡើងទៅស្ថានសួគ៌ ព្រះអម្ចាស់បានបំភាន់ភាសារបស់ពួកគេ ( សូមមើល លោកុប្បត្តិ ១១:១–៩ ) ។ បងរបស់យ៉ារេឌបានស្រែកទូលអង្វរដល់ព្រះអម្ចាស់ ដោយទូលអង្វរទ្រង់ឲ្យទុកគ្រួសារ និងមិត្តភក្តិរបស់លោកកុំមានការភាន់ច្រឡំនេះ ( សូមមើល អេធើរ ១:៣៤–៣៧ ) ហើយព្រះអម្ចាស់បានឆ្លើយតបដោយព្រះហឫទ័យអាណិតអាសូរ ។ នៅពេលបងរបស់យ៉ារេឌ និងប្រជាជនរបស់លោកបានសង់ភេត្រាដើម្បីឆ្លងមហាសមុទ្រ ពួកគេបានឆ្លងកាត់នឹងបញ្ហាធំៗជាច្រើន ។ បងរបស់យ៉ារេឌបានចូលទៅជួបព្រះអម្ចាស់ដោយមានផែនការមួយដើម្បីដោះស្រាយបញ្ហារបស់លោក ហើយបានអធិស្ឋានដោយបន្ទាបខ្លួនដោយ « សេចក្ដីជំនឿដ៏លើសលប់ » ( អេធើរ ៣:៩ ) ដែលលោកបានមើលឃើញ និងបានសន្ទនាជាមួយព្រះអម្ចាស់ ។ ព្រះអម្ចាស់បានបញ្ជាមរ៉ូណៃឲ្យបិទការនិមិត្ត ដែលបានកត់ត្រាទុកអំពីបងរបស់យ៉ារេឌ ហើយបានពន្យល់ថា ការសរសេរទាំងនេះនឹងត្រូវបានបើកបង្ហាញ នៅពេលដែលមនុស្សមានសេចក្តីជំនឿដូចបងប្រុសរបស់យ៉ារេឌបានធ្វើ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះ ផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អេធើរ ១
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយបំផុសគំនិតដល់សិស្សឲ្យអធិស្ឋានដោយស្មោះត្រង់ និងខ្ជាប់ខ្ជួន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១:៣៤–៣៧ ហើយគូសចំណាំនៅលើឃ្លា « ចូរអំពាវនាវដល់ព្រះអម្ចាស់ » ។ សូមឲ្យពួកគេមករៀនដោយរៀបចំខ្លួនចែកចាយ អំពីអត្ថន័យឃ្លានេះមានន័យចំពោះពួកគេនិងរបៀប ដែលឃ្លានេះអាចខុសគ្នាពីរបៀបដែលយើងអធិស្ឋានញឹកញាប់យ៉ាងដូចម្តេច ។
-
វីដេអូ ៖ « The Tower of Babel » ( ០:៥៨ ) « Answers to Prayer » ( ១២:៣៩ សូមមើលពីនាទីទី ២:១៦ ដល់ ៤:៣១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលឲ្យសិស្សសម្តែងជាពួកអ្នកដែលត្រូវបានស្នើសុំឲ្យចូលរួមជាមួយក្រុមពិភាក្សា ស្តីអំពីការកែលម្អការអធិស្ឋានរបស់ពួកគេ នោះសូមពិចារណាអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពី សំណួរមួយចំនួនសម្រាប់រយៈពេលមួយឬពីរនាទី មុនពេលចែកចាយ ។ ដើម្បីជួយធ្វើឲ្យសកម្មភាពមានអារម្មណ៍ដូចជាក្រុមពិភាក្សាមួយ សូមពិចារណាអញ្ជើញឪពុកម្តាយ ឬយុវជនផ្សេងទៀតឲ្យចូលរួមនៅចុងម៉ោងនៃថ្នាក់រៀននេះ ។
អេធើរ ២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យដឹងអំពីរបៀបស្វែងរកជំនួយមកពីព្រះអម្ចាស់ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំខ្លួន ដើម្បីចែកចាយបទពិសោធន៍ដែលពួកគេ ឬអ្នកផ្សេងទៀត ដែលពួកគេស្គាល់ឲ្យទទួលបានជំនួយពីព្រះអម្ចាស់ ដើម្បីដោះស្រាយបញ្ហានានា ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្ញើអ៊ីម៉ែលពីតារាងសម្រាប់ការសិក្សា អេធើរ ២ ទៅឲ្យសិស្ស ។ មុនពេលបំបែកសិស្សចូលទៅក្នុងមុខងារបំបែកជាក្រុម សូមពិចារណាចាត់តាំងសិស្សម្នាក់នៅក្នុងក្រុមនីមួយៗឲ្យធ្វើជាអ្នកកត់ត្រា និងចែកចាយអេក្រង់របស់ខ្លួនដើម្បីឲ្យក្រុមរបស់ពួកគេអាចបំពេញតារាងជាមួយគ្នាបាន ។ បន្ទាប់ពីក្រុមធ្វើរួចរាល់ហើយ សូមអញ្ជើញក្រុមមួយឬពីរឲ្យចែកចាយអេក្រង់របស់ពួកគេ ជាមួយសិស្សទាំងអស់នៅក្នុងថ្នាក់រៀន ហើយបង្ហាញតារាងដែលបានបំពេញរួចរាល់របស់ពួកគេ ។
អេធើរ ៣
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដោយការបន្ទាបខ្លួន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីមនុស្សបីនាក់ដែលពួកគេកោតសរសើរចេញពីប្រវត្តិរបស់សាសនាចក្រ ឬបទគម្ពីរ និងរបៀបដែលបុគ្គលទាំងនេះបានបង្ហាញសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
សំណៅចែក ៖ « សេចក្តីជំនឿរបស់បងរបស់យ៉ារេឌ »
-
វីដេអូ ៖ « Faith and the Goal » ( ៤:៤០ ) « Rebuilding My Faith When I Felt Lost » ( ៦:២៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបំបែកសិស្សចូលទៅក្នុងមុខងារបំបែកក្រុម ដែលក្នុងមួយក្រុមៗមានគ្នាបួននាក់ ដើម្បីធ្វើសកម្មភាព ក ខ គ និង ឃ ។ សុំឲ្យសមាជិកម្នាក់នៃក្រុមនីមួយៗធ្វើជាអ្នកដឹកនាំ និងធ្វើជាអ្នកសម្រេចចិត្តថា អ្នកណានឹងធ្វើកិច្ចការមួយណា ហើយថាតើលំដាប់លំដោយណាមួយដែលពួកគេគួរតែចែកចាយ ។ ប្រសិនបើមិនមានសិស្សគ្រប់គ្រាន់សម្រាប់ក្រុមដែលមានសមាជិកបួននាក់ទេ សូមពិចារណាចែកជាពីរបីក្រុមដែលមានគ្នាបីនាក់ ។ វាមិនចាំបាច់ដើម្បីឲ្យក្រុមនីមួយៗបំពេញសកម្មភាពទាំងបួននេះទេ ។
អេធើរ ៤–៥
គោលបំណងមេរៀន ៖ មេរៀននេះគឺមានគោលបំណងជួយសិស្សឲ្យយល់អំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានវិវរណៈបន្ថែមទៀត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ៤ ដែលជាផ្នែមួយនៃការសិក្សាបទគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ដោយស្វែងរកសេចក្ដីពិត ដែលអាចជួយដល់ពួកគេឲ្យទទួលបានវិវរណៈបន្ថែមមកពីព្រះអម្ចាស់ ។
-
វត្ថុ ៖ វត្ថុមួយដែលមានតម្លៃចំពោះអ្នក ឬចំពោះគ្រួសាររបស់អ្នក
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្ញើសារនៅមុនពេលចាប់ផ្តើមថ្នាក់រៀនទៅកាន់សិស្សពីរបីនាក់ឲ្យយកវត្ថុ ឬអ្វីមួយដែលមានតម្លៃចំពោះពួកគេ ឬចំពោះក្រុមគ្រួសាររបស់ពួកគេមកចែកចាយនៅក្នុងអំឡុងពេលសិក្សាមេរៀន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សដើម្បីដុសខាត់ការយល់ដឹងរបស់ពួកគេឲ្យកាន់តែស៊ីជម្រៅ និងពន្យល់អំពីសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗចេញពីព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអធិស្ឋានជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនដែលពួកគេចង់យល់ឲ្យកាន់តែច្បាស់ជាងមុន ។ សុំឲ្យពួកគេពិភាក្សាអំពីវគ្គបទគម្ពីរនេះជាមួយសមាជិកគ្រួសារ មិត្តជិតស្និទ្ធ ឬថ្នាក់ដឹកនាំសាសនាចក្រ ហើយឲ្យមករៀនដោយរៀបចំខ្លួនត្រៀមចែកចាយពីអ្វីដែលពួកគេរៀន អំពីវគ្គបទគម្ពីរចេញពីការពិភាក្សារបស់ពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមគិតពិចារណាចាត់តាំងសិស្សម្នាក់ៗឲ្យផ្ញើសំណួរ អំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៅកាន់សិស្សផ្សេងៗគ្នា ។ អ្នកអាចធ្វើកិច្ចការនេះបានដោយការចាត់សិស្សគ្រប់គ្នានូវលេខមួយ ហើយសុំឲ្យពួកគេផ្ញើសំណួរទៅកាន់សិស្សដែលមានលេខនោះបូកនឹងមួយ ( ឧទាហរណ៍ បើសិនអ្នកបានចំលេខបី សូមផ្ញើសំណួររបស់អ្នកទៅកាន់លេខបួន ហើយសិស្សដែលមានលេខខ្ពស់ជាងគេបំផុតនឹងផ្ញើសំណួរទៅលេខមួយ ) ។ បន្ទាប់មក សិស្សនឹងព្យាយាមឆ្លើយសំណួរទាំងនេះ ហើយបញ្ជូនត្រឡប់មកវិញនៅចុងម៉ោងរៀន ។