ថ្នាក់​សិក្ខាសាលា
អេធើរ ១២:២៣–២៧ ៖ « លំដាប់​នោះ យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញ​ចំពោះ​ពួកគេ​វិញ »


« អេធើរ ១២:២៣–២៧ ៖ « ‹ លំដាប់​នោះ យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញ​ចំពោះ​ពួកគេ​វិញ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១២:២៣–២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ១២:២៣–២៧

« លំដាប់​នោះ យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញ​ចំពោះ​ពួកគេ​វិញ »

មរ៉ូណៃ​សរសេរនៅ​លើ​ផ្ទាំង​ចំណារ

នៅពេល​ដែល​មរ៉ូណៃ​បានបន្តធ្វើ​ការសង្ខេប​គម្ពីរអេធើរ លោក​មាន​ការបារម្ភ​ថា ពួកសាសន៍​ដទៃ​នឹង​មើលងាយ​ដល់​កិច្ចការ​របស់​លោក ដោយសារ​លោក​មិនពូកែ​ខាង​ការសរសេរ ។ ព្រះអម្ចាស់​បានឆ្លើយតប​ថា នៅពេលដែល​យើង​ចូលមករក​ទ្រង់​ដោយ​ការបន្ទាបខ្លួន និងមាន​សេចក្តីជំនឿ នោះទ្រង់​អាចធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយក្លាយទៅ​ជា​ភាពខ្លាំង​ពូកែ​ចំពោះ​យើង​វិញ ( សូមមើល អេធើរ ១២:២៧ ) ។ មេរៀន​នេះ​មានគោលបំណង​ជួយ​អ្នក​ឲ្យចូលមករក​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​យកឈ្នះលើ​ភាពទន់ខ្សោយ​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ។

សូម​រៀបចំផែនការ​សកម្មភាព​សិក្សា ដែលអាច​ឲ្យ​មាន​ការពិចារណា​អំពី​ខ្លួនឯង ។ ការរស់នៅ​តាមដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ​ទាមទារឲ្យមាន​ការរៀនសូត្រ​ឲ្យ​បានជាប់លាប់ និងការតាំងចិត្ត​ដើម្បី​ប្រព្រឹត្តដោយ​សេចក្តី​ជំនឿ ។ សូម​រៀបចំផែនការ​សកម្មភាព​សិក្សា​ដែលអនុញ្ញាតឲ្យ​សិស្ស​វាយតម្លៃ​ខ្លួនឯង និងយល់ដឹង​ពីរបៀប​អនុវត្ត​គោលការណ៍​នៃដំណឹងល្អ ដែលអាច​ផ្ដល់​ពរជ័យ​ដល់ជីវិត​របស់ពួកគេ ។ សូមលើកទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​ធ្វើតាមការ​បំផុសគំនិត​នៃព្រះវិញ្ញាណ នៅពេលដែល​ពួកគេ​សិក្សា ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យអាន អេធើរ ១២:២៧ ហើយគិត​អំពី​ភាពទន់ខ្សោយ​ក្នុងជីវិត​ពួកគេ ដែលពួកគេ​ចង់យកឈ្នះ​ដោយមាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ភាពទន់ខ្សោយ និង​ភាពខ្លាំង

សូមអញ្ជើញ​សិស្សម្នាក់​ឲ្យឡើងមក​ខាងមុខ​បន្ទប់ ហើយបំពេញ​កិច្ចការ​ដែល​តម្រូវឲ្យមាន​កម្លាំងខាង​រាងកាយ​ខ្លាំង​ជាងពេល​ដែល​គាត់​កំពុងមាន​នាពេល​ថ្មីៗនេះ ។ សូមពិភាក្សា​អំពី​របៀប​អភិវឌ្ឍ​កម្លាំង ដែលតម្រូវ​ឲ្យ​មាន​ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​កិច្ចការ​នេះ ។

នៅក្នុង​ជីវិត​រមែង​ស្លាប់នេះ យើង​ទាំងអស់គ្នា​ប្រឈមមុខ​នឹង​ភាពទន់ខ្សោយ ។ ពេលខ្លះ ការណ៍នេះ​អាចនាំឲ្យ​មាន​ការបាក់​ទឹកចិត្ត ។ នៅក្នុង​មេរៀននេះ អ្នក​នឹង​រៀន​អំពី​គំរូមួយ ដែលព្រះអម្ចាស់​បាន​បង្រៀន​ដល់មរ៉ូណៃ ដែល​អាច​ប្រែក្លាយ​ភាពទន់ខ្សោយ​ឲ្យ​ទៅជា​ភាពខ្លាំង​វិញ​បាន ។

ការព្រួយបារម្ភ​របស់​មរ៉ូណៃ

មរ៉ូណៃ​ទទួលបាន​ភារកិច្ច​ក្នុងការសង្ខេប​ដំណើររឿង​របស់ពួក​សាសន៍​យ៉ារេឌ ហើយលោក​បានដឹងថា ដំណើររឿងនេះ​នឹងមាន​មនុស្ស​ជាច្រើន​អាន​នាពេល​អនាគត ។ នៅពេលដែល​លោក​បានបញ្ចប់​កិច្ចការសង្ខេប​របស់លោក​រួចហើយ លោក​បានកត់ត្រា​គំនិត​ចុងក្រោយ​របស់លោក​មួយចំនួន ហើយ​បាន​ដាក់បញ្ចូល​នូវបញ្ហាព្រួយបារម្ភ និង​ក្តីកង្វល់​ផ្ទាល់ខ្លួន​របស់លោក​អំពីអ្វី​ដែល​​ព្រះ​បាន​សុំឲ្យលោក​ធ្វើ ។

សូមអាន អេធើរ ១២:២៣–២៥ ដោយ​រកមើលអ្វីដែល​មរ៉ូណៃមានការ​បញ្ហា​ព្រួយ​បារម្ភ ។

  • តើមរ៉ូណៃ​មានបញ្ហាព្រួយបារម្ភ​ជាពិសេស​អំពីអ្វីខ្លះ ?

សូមពិចារណា​ពិភាក្សា​ជាមួយ​សិស្ស​ក្នុងថ្នាក់រៀន ហើយរាយពីចំណុច​ខ្សោយ​ជាទូទៅ​មួយចំនួនដែល​ក្មេងជំទង់​មាន​នាពេល​សព្វថ្ងៃនេះ ។ សិស្ស​អាច​ពិចារណា​ដោយភាពស្ងៀមស្ងាត់ ហើយកត់ត្រា​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​អំពី​ភាពទន់ខ្សោយ​របស់ពួកគេ​ខ្លះ ដែលពួកគេ​ចង់​យកឈ្នះ ។ សូមពន្យល់​ប្រាប់​សិស្ស​កុំ​ឲ្យចែកចាយ​គំនិត​ផ្ទាល់ខ្លួន​ទាំងនេះ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់រៀន​ឡើយ ។

ការឆ្លើយតប​របស់​ព្រះអម្ចាស់​ទៅកាន់​មរ៉ូណៃ

សូមអាន អេធើរ ១២:២៦–២៧ ដោយ​រកមើល​ពីរបៀបដែល​ព្រះអម្ចាស់​ឆ្លើយតបចំពោះ​បញ្ហាព្រួយបារម្ភ​របស់​មរ៉ូណៃ ។

អេធើរ ១២:២៧ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

សូមជួយ​សិស្ស​ឲ្យ​វិភាគថ្លឹងថ្លែង​លើសេចក្តីថ្លែងការណ៍​នៅក្នុង ខទី ២៧ ដែល​មានសរសេរ​នៅ​ខាងក្រោមនេះ ។ អ្នក​ប្រហែលជា​ដាក់ឲ្យ​ពួកគេ​សរសេរ​ឃ្លានីមួយៗ​នៅលើ​ក្ដារខៀន​នៅក្នុង​ប្រអប់​បួនជ្រុង​ផ្សេងគ្នា ។ អ្នក​អាច​ណែនាំ​ការពិភាក្សា​នៅក្នុង​ថ្នាក់រៀន​ដោយ​ប្រើប្រាស់​ខ្លឹមសារ​ខាងក្រោម ។

ជាជម្រើស អ្នក​អាច​បែងចែក​សិស្ស​ជាក្រុមតូចៗ ហើយ​ចែកក្រដាស​មួយ​សន្លឹក​ទៅដល់​ក្រុមនីមួយៗ ។ ហើយ​ប្រាប់​ឲ្យ​ក្រុម​ទាំងនោះ​ហែក​ក្រដាស​របស់ពួកគេ​ជាបួនជ្រុង​ស្មើគ្នា ។ នៅក្នុង​ក្រដាសនីមួយៗ សិស្ស​អាច​សរសេរ​ឃ្លា​មួយ​ចេញពី ខទី ២៧ ។ បន្ទាប់មក​នៅក្នុង​ក្រុម សិស្ស​អាច​បង្កើតជា​សំណួរ​ដែលអាច​ជួយពួកគេ​ឲ្យ​ស្វែងយល់​ឃ្លា​នីមួយៗ ។ បន្ទាប់ពី​សរសេរ​សំណួរ​របស់ពួកគេ​រួចហើយ ពួកគេ​អាច​បែងចែក​ឃ្លាទាំងនោះ ហើយឲ្យ​សមាជិក​ក្រុមម្នាក់ៗស្វែងរក​ចម្លើយ​ចំពោះ​សំណួរដែល​ពួកគេ​បានសរសេរ ។

« ហើយ​បើសិនជា​មនុស្សលោក​មករកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់ខ្សោយ​របស់​ពួកគេ »

  • តើអ្នក​គិតថា ការមកឯ​ព្រះគ្រីស្ទ​មានន័យ​ដូចម្ដេច ?

ចម្លើយ​មួយចំនួន​ដែល​សិស្ស​អាច​ផ្តល់អាច​ជា​ការធ្វើ​សេចក្តីសន្យា និងរក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវសេចក្តីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ ហើយជ្រើសរើស​ធ្វើតាម​ការបង្រៀន និងគំរូរបស់ទ្រង់ ។ សម្រាប់​ជំនួយ​បន្ថែម​ក្នុងការឆ្លើយ​សំណួរនេះ អ្នក​អាច​ណែនាំ​សិស្សឲ្យ​អាន​អត្ថបទ « How to Come unto Christ » ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូលថា ទ្រង់​នឹង​បង្ហាញ​ភាពទន់ខ្សោយ​របស់យើង​មកដល់​ពួកយើង ប្រសិនបើ​យើង​ចូល​មករកទ្រង់ ។

  • ហេតុអ្វី​បានជា​ការធ្វើ​បែបនេះ គឺជាពរជ័យ​សម្រាប់​ពួកយើង ?

ពាក្យ ភាពទន់ខ្សោយ នៅក្នុង​ឃ្លា​នេះ​សំដៅ​ទៅលើ​ស្ថានភាពធ្លាក់​ចុះ​របស់យើង ដែលរួមមាន « អ្វីដែល​ទន់ខ្សោយ » ផ្ទាល់ខ្លួន និងភាពអសមត្ថភាព​របស់យើង ក្នុងការ​ធ្វើឲ្យបាន​ល្អឥតខ្ចោះ​ផងដែរ ។

  • តើអ្នក​រៀនបាន​អ្វីខ្លះពី អេធើរ ១២:២៧ អំពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​ចង់ឲ្យ​អ្នក​ទទួលស្គាល់​ភាពទន់ខ្សោយ​របស់អ្នក ?

សូមជួយ​ពន្យល់​សិស្សឲ្យ​យល់ថា ការ​បន្ទាបខ្លួន​ទទួលស្គាល់​ពីការខ្វះ​សមត្ថភាព និងភាពខ្វះ​ចន្លោះ​របស់យើង អាច​ធ្វើឲ្យ​ពួកយើង​អំពាវនាវ​ដល់​ព្រះវរបិតាសួគ៌​របស់យើង​ដើម្បី​ទូល​សូមជំនួយ​ដ៏ទេវភាព ។ វា​គឺតាមរយៈ​ព្រះគុណ​របស់​ទ្រង់​ដែល​ព្រះអម្ចាស់​អាច​ប្រែក្លាយ​ពីភាពទន់ខ្សោយ​ទៅជា​ភាពខ្លាំង​វិញ​បាន ។ ( សូមមើល កូរិនថូស ទី២ ១២:៦–១០; អេធើរ ១២:៣៧ ) ។

អ្នក​ក៏​អាច​ចង់​ចែកចាយ សេចក្តី​ថ្លែង​ការណ៍​របស់​បងប្រុស ដាកឡាស ឌី ហូមស៍ ក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ផងដែរ ។

សូមអញ្ជើញ​សិស្ស​ឲ្យជញ្ជឹងគិត​ពីចម្លើយ​របស់​ពួកគេ​ដោយ​ស្ងាត់ស្ងៀម ថាតើ​នាពេលថ្មីៗនេះ ព្រះមានបាន​បង្ហាញ​ភាពទន់ខ្សោយ​របស់ពួកគេ​ដល់​ពួកគេ​ដែរ​ឬអត់ ។ សូមបញ្ជាក់​ដល់​ពួកគេ​ឲ្យបាន​ច្បាស់ថា នេះគឺ​ជាសូចនាករ​ដ៏ល្អ​មួយ ដែលពួកគេ​កំពុង​ចូលមករក​ទ្រង់ ។

« យើងឲ្យ​ភាពទន់ខ្សោយ​ទៅមនុស្ស ដើម្បីឲ្យ​ពួកគេអាច​បានរាបសា »

សូមអាន​ឧទាហរណ៍​មួយចំនួន​អំពីបុគ្គល​នៅក្នុង​ព្រះគម្ពីរ ដែលបានទទួលស្គាល់​ពីភាពទន់ខ្សោយ​របស់ពួកគេ ៖

  • តើ​ការទទួលស្គាល់​ភាពទន់ខ្សោយ​របស់ពួកគេ​បាន​ជួយ​បុគ្គល​ទាំងនេះ​នៅក្នុង​ដំណើរ​រឿង​ទាំងនេះ​ដោយ​របៀបណា ?

  • ហេតុអ្វី​បានជា​អ្នកគិតថា ព្រះអម្ចាស់​ចង់ឲ្យ​យើង​មាន​ចិត្តរាបទាប ?

« ហើយ​គុណ​របស់យើង​មានគ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួន​នៅចំពោះយើង »

  • តើអ្នក​គិតថា វាមាន​ន័យដូចម្តេច​ដែលថា ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​មានគ្រប់គ្រាន់​សម្រាប់​អស់អ្នក​ដែលបន្ទាបខ្លួន​នៅចំពោះ​ទ្រង់ ?

ប្រសិនបើ​សិស្ស​មានការពិបាក​ក្នុងការ​ឆ្លើយ​សំណួរពីមុន សូមពិចារណា​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ខេវីន អេស ហាមីលថុន ។

អែលឌើរ ខេវីន អេស ហាមីលថុន ក្នុងពួកចិតសិប​នាក់​បាន​ពន្យល់ ៖

ព្រះគុណ​ដែល​ពង្រឹង និង​ផ្តល់​អំណាច [ របស់​ព្រះយេស៊ូវគ្រីស្ទ ] ប្រទាន​អំណាច​ដល់​យើង​ឲ្យ​យក​ឈ្នះ​លើឧបសគ្គ ទាំងអស់ ការលំបាក ទាំងអស់ និង​​ភាព​ទន់ខ្សោយ ទាំងអស់ នៅពេល​យើង​ព្យាយាម​ផ្លាស់ប្តូរ ។

ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ដង្វាយធួន​ដ៏​និរន្តរ និង​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​ពិតជា​អាច​ផ្លាស់ប្តូរ ប្រែចិត្ត និង​ប្រែកាន់តែ​ប្រសើរ​ឡើង ។ យើង​ពិត​ជា​អាច​កើត​ជាថ្មី​ម្តង​ទៀត​បាន ។ យើង​អាច​យក​ឈ្នះ​លើ​ទម្លាប់ ការញៀន និង​សូម្បី​តែ « បំណង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » [ ម៉ូសាយ ៥:២ ] បាន ។ ( ខេវីន អេស ហាមីលថុន « លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥១–៥២ )

សូម​កត់សម្គាល់​ពីរបៀប​ដែលប្រជាជន​ស្តេចបេនយ៉ាមីន​បានទទួល​បទពិសោធន៍​ជាមួយ​ព្រះគុណ​របស់ព្រះអម្ចាស់​នៅក្នុង ម៉ូសាយ ៤:៣ ។

  • តើមានអ្នកណា​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​បានបង្ហាញ​ថា ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​មាន​គ្រប់គ្រាន់​ដើម្បីជួយ​យើង​ឲ្យយក​ឈ្នះលើ​ភាពទន់ខ្សោយ​របស់យើង ?

ឧទាហរណ៍​មួយចំនួន​ដែល​សិស្ស​អាចនឹង​ចែកចាយ​បាន​គឺអាលម៉ា ( សូមមើល ម៉ូសាយ ២៧:២៤–២៩ ) និងពួកបុត្រា​​របស់​ម៉ូសាយ ( សូមមើល ម៉ូសាយ ២៨:៤ ) ។

« ដ្បិត​បើសិនជា​ពួកគេបន្ទាបខ្លួន​នៅចំពោះយើង ហើយ​មាន​សេចក្ដីជំនឿជឿ​ដល់យើង លំដាប់នោះ យើងនឹង​ធ្វើឲ្យ​អ្វីដែល​ទន់ខ្សោយក្លាយ​ទៅជា​ខ្លាំងពូកែ​វិញចំពោះ​ពួកគេវិញ »

អែលឌើរ ហាមីលតុន បានចង្អុលបង្ហាញ​ថា « ភាពទន់​ខ្សោយ » នៅក្នុង​ខគម្ពីរនេះ​អាច​សំដៅ​ទៅលើ​អាកប្បកិរិយា​របស់យើង​ដែលមាន​ភាពទន់ខ្សោយ ។

នៅពេល​យើង​ផ្លាស់ប្តូរ​ស្ថានភាព​ធ្លាក់ និង​ភាព​ទន់ខ្សោយ​របស់​យើង​ជាមុន​សិន នោះ​យើង​នឹង​អាច​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​យើង និង​ភាពទន់ខ្សោយ​របស់​យើង​បាន​ផងដែរ ។ ( ខេវីន អេស ហាមីលថុន « លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥១ )

ដើម្បីជួយ​សិស្ស​ឲ្យគិត​អំពីអ្វីដែល​ពួកគេ​បានរៀនសូត្រ​នៅថ្ងៃនេះ សូមអញ្ជើញ​ពួកគេ​ឲ្យធ្វើ​សកម្មភាពមួយ ឬទាំងពីរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ។

  1. សូមសរសេរ​កត់ត្រា​អ្វីដែល​អ្នក​បានរៀនសូត្រ និងចង់ចងចាំ​ពីមេរៀន​នេះ​ជា​កថាខណ្ឌ​មួយ​ដែល​មាន​យ៉ាងហោច​ណាស់​បី​ប្រយោគ ។

  2. សូម​ពិពណ៌នា​អំពីរបៀបដែល​អ្នក​នឹងអនុវត្តអ្វី​ដែលអ្នក​បានរៀនសូត្រ​នៅថ្ងៃនេះ​ទៅជា​កថាខណ្ឌ​មួយ​ដែល​មាន​យ៉ាងហោច​ណាស់​បី​ប្រយោគ ។