« ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:២៧—ការយកឈ្នះលើភាពទន់ខ្សោយរបស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:២៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:២៧
ការយកឈ្នះលើភាពទន់ខ្សោយរបស់យើង
នៅក្នុងការសិក្សារបស់អ្នកអំពី អេធើរ ១២:២៣–២៧ អ្នកបានរៀនថា ប្រសិនបើយើងបន្ទាបខ្លួន ហើយអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ នោះទ្រង់អាចប្រែក្លាយភាពទន់ខ្សោយរបស់យើងទៅជាភាពខ្លាំងវិញ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេធើរ ១២:២៧ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
ដោយមិនឲ្យមើលគម្ពីរ អេធើរ ១២:២៧ សូមសាកល្បងមើលថាតើអ្នកអាចបំពេញចន្លោះដែលបាត់ក្នុងប្រយោគនេះ ដោយផ្អែកលើការបង្រៀនរបស់ព្រះអម្ចាស់ទៅដល់មរ៉ូណៃបានដែរឬទេ ៖
-
ប្រសិនបើខ្ញុំ និង នោះព្រះយេស៊ូវគ្រីស្ទនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញសម្រាប់ខ្ញុំ ។
-
តើអ្នកគិតថា មានអ្វីទៅដែលសំខាន់ដែលមនុស្សម្នាក់ត្រូវចងចាំអំពីប្រយោគនេះ ?
ដើម្បីជួយអ្នកឲ្យទន្ទេញចាំទាំងសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះ សូមរំឭកវាទាំងពីរឡើងវិញឲ្យបានពីរបីដង ហើយបន្ទាប់មកព្យាយាមសរសេរវាចេញពីការចងចាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
អេធើរ ១២:២៧ ៖ « ហើយបើសិនជាមនុស្សលោកមករកយើង … នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។
សូមប្រៀបធៀបអ្វីដែលអ្នកបានសរសេរចេញពីការចងចាំជាមួយនឹងសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះខាងលើ ហើយធ្វើការកែតម្រូវដែលចាំបាច់ ។ សូមព្យាយាមសរសេរសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យបានបី ឬបួនដងទៀត ឬរហូតដល់អ្នកអាចសរសេរវាចេញមកពីការចងចាំ ។
ការអនុវត្តជាក់ស្តែង
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពីភាពទន់ខ្សោយមួយចំនួនដែលអាចបណ្តាលឲ្យយុវវ័យម្នាក់មានអារម្មណ៍ថា គ្មានសមត្ថភាព ឬមិនគ្រប់គ្រាន់ ។
-
សូមជ្រើសរើសភាពទន់ខ្សោយមួយក្នុងចំណោមភាពទន់ខ្សោយទាំងនេះ ដែលអ្នកគិតថាពាក់ព័ន្ធសម្រាប់យុវវ័យជាច្រើន ហើយកត់ត្រាពីរបៀបដែលយុវវ័យម្នាក់អាចអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីយកឈ្នះលើភាពទន់ខ្សោយនេះបាន ។
-
របៀបមួយដើម្បីធ្វើការណ៍នេះបាន អាចជាការសរសេរអំពីគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នៅក្រោមភាពទន់ខ្សោយដែលអ្នកបានជ្រើសរើសដើម្បីផ្តោតលើ ។ បន្ទាប់មក អ្នកអាចសរសេរគោលការណ៍នីមួយៗនៅខាងក្រោមអំពីរបៀបដែលគោលការណ៍នីមួយៗអាចអនុវត្តបានចំពោះភាពទន់ខ្សោយ ឬអ្នកអាចកត់ត្រាសំណួរដែលនរណាម្នាក់អាចសួរអំពីគោលការណ៍នេះ ។
ឧទាហរណ៍ ប្រសិនបើអ្នកត្រូវជ្រើសរើសភាពទន់ខ្សោយ ឬបញ្ហាបារម្ភមួយ ដូចជា « យុវវ័យចំណាយពេលលេងទូរសព្ទច្រើនពេក » នោះការសរសេរចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអាចមើលទៅដូចខាងក្រោមនេះ ៖
យុវវ័យចំណាយពេលលេងទូរសព្ទច្រើនពេក
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
ប្រហែលជាអ្នកដែលពិបាកនឹងការធ្វើបែបនេះអាចអធិស្ឋានសូមជំនួយជាក់លាក់បន្ថែមទៀតចំពោះបញ្ហានេះ ។ មុនពេលអធិស្ឋាន ពួកគេអាចជញ្ជឹងគិតអំពីជំនួយអ្វីដែលពួកគេត្រូវការសម្រាប់ថ្ងៃនោះ ។ ពួកគេប្រហែលជាអាចអធិស្ឋានមុនពេលពួកគេប្រើទូរសព្ទរបស់ពួកគេ ។
-
ព្រះបានប្រទានបច្ចេកវិទ្យាឲ្យយើងដើម្បីប្រទានពរដល់ជីវិតរបស់យើង និងដើម្បីជួយយើង និងអ្នកដទៃឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយទ្រង់ តើយើងអាចប្រើប្រាស់វាតាមរបៀបនេះបានដោយរបៀបណា ?
-
អេធើរ ១២:២៧ ៖ តើយើងអាចបង្ហាញព្រះអម្ចាស់ដោយរបៀបណា ថាយើងមានចិត្តរាបទាប ទុកចិត្តលើទ្រង់ ហើយត្រូវការជំនួយរបស់ទ្រង់ដើម្បីកែលម្អចំណុចនេះ ?
ទស្សនវិស័យដ៏អស់កល្បជានិច្ច
-
ប្រសិនបើនរណាម្នាក់មិនយកឈ្នះលើរឿងនេះទេ តើវានឹងប៉ះពាល់ដល់ទំនាក់ទំនង និងការងារនាពេលអនាគត ព្រមទាំងភាពអស់កល្បរបស់ពួកគេយ៉ាងដូចម្ដេច ?
-
តើខ្ញុំដឹងអ្វីខ្លះអំពីព្រះ និងបទដ្ឋានរបស់ទ្រង់ ? ហេតុអ្វីបានជាការប្រើប្រាស់បច្ចេកវិទ្យារបស់យើងមានសារៈសំខាន់ចំពោះទ្រង់ ?
ប្រភពដែលបានតែងតាំងដ៏ទេវភាព
-
ខ្ញុំដឹងថា ប៊ីស្សពរបស់ខ្ញុំបាននិយាយអំពីរឿងនេះ ហើយខ្ញុំចាំថា គាត់និយាយអំពីអ្វីដែលគាត់បានធ្វើ ។ ខ្ញុំនឹងសួរគាត់ថា តើធនធានអ្វីដែលគាត់បានប្រើប្រាស់ និងអ្វីខ្លះដែលបានជួយដល់គាត់ ។
នៅពេលអ្នកបានបញ្ចប់ហើយ សូមបំពេញសកម្មភាពពីមុនម្តងទៀត ។ នៅលើកនេះ សូមផ្តោតលើភាពទន់ខ្សោយជាក់លាក់មួយដែលអ្នកចង់ឲ្យទ្រង់ជួយ ។ អ្នកនឹងពុំត្រូវបានសុំឲ្យចែកចាយពីរឿងនេះជាមួយអ្នកដទៃឡើយ ។