« អេធើរ ១២:២៨–៤១ ៖ ព្រះយេស៊ូវគ្រីស្ទ ៖ ‹ ប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១២:២៨–៤១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១២:២៨–៤១
ព្រះយេស៊ូវគ្រីស្ទ ៖ « ប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត »
អាស្រ័យលើអ្វីដែលយើងស្វែងរក យើងអាចរកឃើញការល្អ ឬអាក្រក់ច្រើននៅក្នុងពិភពលោកនេះ ។ បន្ទាប់ពីបានរៀនពីការបំផ្លិចបំផ្លាញរបស់ពួកសាសន៍យ៉ារេឌ និងបានឃើញពីការបំផ្លិចបំផ្លាញនៃពួកសាសន៍នីហ្វៃហើយ មរ៉ូណៃបានសុំអង្វរទៅដល់អ្នកអានទាំងអស់របស់លោកឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ និងពរជ័យដែលទ្រង់ចង់ប្រទានមក ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថា មានសេចក្តីប្រាថ្នាកាន់តែខ្លាំងក្នុងការស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។
សូមជួយសិស្សឲ្យស្គាល់ពរជ័យរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ បន្ថែមពីលើការបង្រៀនការពិតអំពីព្រះយេស៊ូវគ្រីស្ទ សូមផ្តល់ឱកាសឲ្យសិស្សពិចារណាពីសេចក្តីស្រឡាញ់ អំណាច និងសេចក្តីមេត្តាករុណារបស់ទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យចងចាំពីបទពិសោធន៍ នៅពេលដែលពួកគេបានទទួលអារម្មណ៍ថាទទួលបានព្រះចេស្ដា និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ដែលបានប្រទានដល់ពួកគេ ឬមនុស្សដែលពួកគេស្រឡាញ់ ។ ការធ្វើបែបនេះអាចជួយអ្នកសិក្សាឲ្យចូលមករកព្រះយេស៊ូវគ្រីស្ទបានកាន់តែពេញលេញថែមទៀត ។
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់ច្បាប់ចម្លងអំពីបទពិសោធន៍របស់អែលឌើរ មែលវិន ជេ បាឡឺដ ដែលមានក្នុងមេរៀននេះឲ្យទៅសិស្ស ។ សូមអញ្ជើញពួកគេឲ្យមករៀនដោយបានរៀបចំខ្លួនត្រៀមចែកចាយអ្វីដែលពួកគេបានរៀនសូត្រ និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈការអានបទពិសោធន៍របស់អែលឌើរ បាឡឺដ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រភពទឹក
សូមពិចារណាបង្ហាញនិយមន័យ និងរូបភាពដូចខាងក្រោមនេះ ។
ប្រភពទឹកមានន័យថាជា « ប្រភពដើមដែលអ្វីមួយកើតឡើង ឬដែលផ្គត់ផ្គង់ដល់អ្វីមួយ »—ឧទាហរណ៍ « ប្រភពទឹកដែលផុសចេញពីដី » ( វចនានុក្រម Merriam-Webster.com « fountain ) ។
-
ប្រសិនបើអ្នកអាចចូលទៅកាន់ប្រភពនៃអព្ភូតហេតុដែលផ្គត់ផ្គង់ដល់លំហូរជាបន្តបន្ទាប់នៃអ្វី ដែលអ្នកបានជ្រើសរើស តើអ្នកចង់ឲ្យវាបង្កើតអ្វីខ្លះ ?
សូមគូររូបរហ័សអំពីប្រភពមួយដែលបង្កើតចេញនូវអ្វីដែលអ្នកបានជ្រើសរើស ហើយពន្យល់ដោយសង្ខេបអំពីមូលហេតុដែលអ្នកចង់បានវា ។
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនូររបស់ពួកគេដោយសង្ខេប ។
សូមអាន អេធើរ ១២:២៨ ដោយរកមើលប្រភពដែលព្រះអម្ចាស់បានលើកឡើង បន្ទាប់ពីបានបង្រៀនដល់មរ៉ូណៃអំពីសមត្ថភាពរបស់ទ្រង់ក្នុងការប្រែក្លាយភាពទន់ខ្សោយរបស់យើងឲ្យទៅជាភាពខ្លាំង ។
-
តើព្រះអម្ចាស់សំដៅទៅលើប្រភពអ្វី ?
-
តើខគម្ពីរនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលយើងចូលមករកព្រះគ្រីស្ទ ?
សេចក្តីពិតមួយដែលខគម្ពីរនេះបង្រៀន គឺថា សេចក្តីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសនាំយើងទៅរកព្រះយេស៊ូវគ្រីស្ទ ដែលជាប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត ។
-
ហេតុអ្វីបានជា « ប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត » គឺជាព្រះបរមងារដ៏ល្អសម្រាប់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិត ឬមានអារម្មណ៍ថា តើអ្វីទៅដែលតែងតែកើតមកពីទ្រង់ ដូចជាប្រភពទឹកដែលមិនចេះឈប់ ?
-
តើអ្នកគិតថា ការអភិវឌ្ឍសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសនាំយើងទៅរកព្រះយេស៊ូវដោយរបៀបណា ?
សម្រាប់សកម្មភាពដែលបានណែនាំខាងក្រោម សូមពិចារណាដាក់សិស្សជាក្រុមៗដែលមានគ្នាបីនាក់ ។ សូមអញ្ជើញមនុស្សម្នាក់ៗឲ្យគិតពិចារណា និងចែកចាយពីឧទាហរណ៍មួយជាមួយក្រុមរបស់ពួកគេ ។
សូមសរសេរឧទាហរណ៍មួយចំនួនដែលពន្យល់បង្ហាញពីរបៀបដែលព្រះអង្គសង្គ្រោះជាប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត ។ ឧទាហរណ៍ទាំងនេះអាចយកចេញមកពីព្រះគម្ពីរ ពីជីវិតរបស់អ្នក ឬពីជីវិតរបស់មនុស្សដែលអ្នកស្គាល់ ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការគិតអំពីឧទាហរណ៍មួយ នោះអ្នកអាចអានដំណើររឿងរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាកុស ២:១–១២ ឬមើលវីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ ) បាន ។
ព្រះយេស៊ូវអត់ទោសបាប និង ព្យាបាលបុរសម្នាក់ដែលពិការអវៈយវៈ
សូមជញ្ជឹងគិតពីរបៀបដែលឧទាហរណ៍ទាំងនេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីសេចក្តីប្រាថ្នាបច្ចុប្បន្នរបស់អ្នកក្នុងការចូលមករកព្រះយេស៊ូវគ្រីស្ទ ហើយទទួលយកសេចក្តីសុចរិតដែលកើតមកពីទ្រង់ ។ តើសេចក្តីប្រាថ្នារបស់អ្នកខ្លាំងដូចដែលអ្នករំពឹងចង់បានដែរឬទេ ? បើដូចការរំពឹងទុកហេតុអ្វី ឬបើមិនដូចហេតុអ្វី ?
នៅពេលអ្នកបន្តសិក្សា សូមស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទដែលអាចមានឥទ្ធិពលវិជ្ជមានលើសេចក្តីប្រាថ្នា និងសមត្ថភាពរបស់អ្នកក្នុងការចូលមករកទ្រង់ និងទទួលយកសេចក្ដីសុចរិតដែលទ្រង់ប្រទានមក ។
អំណោយទានដែលកើតមកពីព្រះគ្រីស្ទ
សូមអាន អេធើរ ១២:២៩–៣៧ ដោយស្វែងរកពរជ័យ ដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់អស់អ្នកដែលចូលមករកទ្រង់ដោយសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរស ។
-
តើពរជ័យអ្វីខ្លះដែលមរ៉ូណៃបាននិយាយដែលកើតចេញមកពីការស្វែងរកព្រះយេស៊ូវ ?
-
តើពរជ័យទាំងនេះមួយណាដែលអ្នក ឬអ្នកដទៃបានទទួលបទពិសោធន៍នៅពេលដែលអ្នកស្វែងរកព្រះអង្គសង្គ្រោះ ?
-
តើពរជ័យទាំងនេះមួយណា ដែលអ្នកទន្ទឹងរង់ចាំបំផុតដើម្បីទទួលបាននៅពេលអនាគត ? ហេតុអ្វី ?
ស្វែងរកព្រះយេស៊ូវ
នៅចុងបញ្ចប់នៃគម្ពីរ អេធើរ ១២ មរ៉ូណៃបានចែកចាយពីបទពិសោធន៍ដ៏ពិសិដ្ឋមួយ ដែលលោកបានមាន ។ សូមអាន ខទី ៣៩ ហើយសាកស្រមៃម្តងទៀតមើលថា តើបទពិសោធន៍នោះមានលក្ខណៈដូចម្ដេចចំពោះមរ៉ូណៃ ។
សូមអាន ហើយពិចារណាដោយគូសចំណាំការអញ្ជើញរបស់មរ៉ូណៃនៅក្នុង ខទី ៤១ ។
-
បន្ទាប់ពីមានបទពិសោធន៍ដែលលោកបានពិពណ៌នានៅក្នុង ខទី ៣៩ ហើយ ហេតុអ្វីបានជាអ្នកគិតថា មរ៉ូណៃនឹងផ្តល់ការអញ្ជើញនេះដល់ពួកយើង ?
ដូចជាមរ៉ូណៃដែរ អែលឌើរ មែលវិន ជេ បាឡឺដ ( ឆ្នាំ ១៨៧៣–១៩៣៩ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានបទពិសោធន៍ដ៏ពិសិដ្ឋមួយជាមួយនឹងព្រះអង្គសង្គ្រោះ ។ សូមអានការពិពណ៌នារបស់លោកអំពីបទពិសោធន៍នេះ ហើយព្យាយាមស្រមៃមើលម្តងទៀតថា តើវាមានលក្ខណៈដូចម្ដេចដែរ ។
នៅយប់មួយ ក្នុងសុបិនរបស់ខ្ញុំ គឺខ្ញុំបានឃើញខ្លួនឯងស្ថិតនៅក្នុងអគារដ៏ពិសិដ្ឋនោះ គឺព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីបានអធិស្ឋាន និងមានក្ដីអំណររួច មានគេប្រាប់ខ្ញុំថា ខ្ញុំមានឯកសិទ្ធិចូលទៅក្នុងបន្ទប់មួយក្នុងចំណោមបន្ទប់ទាំងនោះ ដើម្បីជួបបុគ្គលដ៏រុងរឿង ហើយពេលខ្ញុំចូលទៅមាត់ទ្វារ ខ្ញុំបានឃើញមនុស្សម្នាក់កំពុងអង្គុយនៅលើវេទិកាដ៏រុងរឿងបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញទាល់តែសោះ ហើយខ្ញុំមិនដែលនឹកស្មានថា នឹងមាននរណាម្នាក់ដែលមានភាពរុងរឿងដូច្នេះនៅក្នុងពិភពលោកដ៏អស់កល្បជានិច្ចនោះទេ ។
នៅពេលដែលខ្ញុំចូលទៅជិត ដើម្បីណែនាំខ្លួន ទ្រង់បានក្រោកឡើង ហើយដើរឆ្ពោះមករកខ្ញុំដោយដៃលាតធំ ហើយទ្រង់ញញឹមដោយមានបន្ទូលហៅឈ្មោះរបស់ខ្ញុំយ៉ាងទន់ភ្លន់ ។ ប្រសិនបើខ្ញុំរស់នៅបានរហូតដល់លានឆ្នាំ ខ្ញុំមិនភ្លេចស្នាមញញឹមនោះទេ ។ ទ្រង់បានឱបខ្ញុំក្នុងព្រះហស្តរបស់ទ្រង់ ហើយថើបខ្ញុំ ឱបខ្ញុំជាប់ដើមទ្រូងទ្រង់ ហើយប្រទានពរដល់ខ្ញុំ រហូតដល់ខួរឆ្អឹងរបស់ខ្ញុំហាក់ដូចជារលាយ ! នៅពេលដែលទ្រង់បានធ្វើរួចរាល់ហើយ ខ្ញុំបានក្រាបនៅព្រះបាទទ្រង់ ហើយនៅពេលខ្ញុំយំ និងថើបព្រះបាទទ្រង់ ខ្ញុំបានឃើញស្នាមដែកគោលដែលដំនៅនឹងព្រះបាទនៃព្រះប្រោសលោះពិភពលោក ។ អារម្មណ៍ដែលខ្ញុំមាននៅក្នុងព្រះវត្តមានទ្រង់ ជាអង្គដែលមានអ្វីៗទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់ មានសេចក្តីស្រឡាញ់របស់ទ្រង់សេចក្ដីថ្នាក់ថ្នមរបស់ទ្រង់ និងពរជ័យរបស់ទ្រង់ គឺថា ប្រសិនបើខ្ញុំអាចទទួលបានអ្វីដែលខ្ញុំបានជួប ទោះជាបានជួបមួយភ្លែតក្ដី ក៏ខ្ញុំនឹងលះបង់អ្វីទាំងអស់ពីខ្លួនខ្ញុំ អ្វីទាំងអស់ដែលខ្ញុំសង្ឃឹមចង់បាន ដើម្បីទទួលបានអារម្មណ៍ដែលខ្ញុំបានមាននោះម្ដងទៀត ។
… ខ្ញុំឃើញព្រះយេស៊ូវ មិនមែននៅលើឈើឆ្កាងនាពេលឥឡូវនេះទេ ។ ខ្ញុំមិនឃើញបានចិញ្ចើមរបស់ទ្រង់ចាក់ដោយបន្លា ឬព្រះហស្តរបស់ទ្រង់រហែកដោយដែកគោលទេ ប៉ុន្តែខ្ញុំឃើញទ្រង់ញញឹម ដោយលើកព្រះហស្ដលាតមក ដោយមានបន្ទូលមកកាន់យើងទាំងអស់គ្នា ៖ « ចូរមករកយើង ! » ។ ( មែលវិន ជេ បាឡឺដ « I Know That He Lives » Ensign ខែ ធ្នូ ឆ្នាំ ២០១៤ ទំព័រ ៨០ )
-
តើអ្នកចាប់អារម្មណ៍អ្វីជាងគេបំផុតចេញពីបទពិសោធន៍របស់អែលឌើរ បាឡឺដ ? ហេតុអ្វី ?
-
តើគំនិត ឬអារម្មណ៍អ្វីខ្លះអំពីបទពិសោធន៍របស់អែលឌើរ បាឡឺដ និងមរ៉ូណៃនាំឲ្យអ្នកគិតអំពីព្រះអង្គសង្គ្រោះ ?
ដើម្បីបញ្ចប់មេរៀននេះ សូមពិចារណាផ្តល់ការអញ្ជើញខាងក្រោមនេះទៅឲ្យសិស្ស ។ វាប្រហែលជាមានប្រយោជន៍ក្នុងការចែកចាយអំពីសេចក្តីប្រាថ្នារបស់អ្នកផ្ទាល់ក្នុងការស្វែងរកព្រះយេស៊ូវគ្រីស្ទ និងពរជ័យដែលកើតមាន កាលដែលអ្នកបានស្វែងរកទ្រង់ ។
សូមជញ្ជឹងអំពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ តើអ្វីខ្លះដែលជះឥទ្ធិពលខ្លាំងបំផុតទៅលើសេចក្តីប្រាថ្នារបស់អ្នកក្នុងការស្វែងរកព្រះយេស៊ូវនៅក្នុងជីវិតរបស់អ្នក ? សូមប្តេជ្ញាធ្វើសកម្មភាពតាមការបំផុសគំនិត ឬចំណាប់អារម្មណ៍ដែលអ្នកមាន ។