ថ្នាក់​សិក្ខាសាលា
អេធើរ ១៣–១៥ ៖ ការយកឈ្នះ​លើ​កំហឹង


« អេធើរ ១៣–១៥ ៖ ការយកឈ្នះ​លើ​កំហឹង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១៣–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ១៣–១៥

ការយកឈ្នះ​លើ​កំហឹង

រូបភាព​យុវជន​ម្នាក់​តូចចិត្តខ្លាំង​ដោយមាន​ឪពុករបស់គាត់​នៅ​ខាងក្រោយ

នៅក្នុង​សេចក្តីស្រឡាញ់​ដ៏មហិមា​របស់ទ្រង់ ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យយើង​មាន​អារម្មណ៍ខុសគ្នា​ជាច្រើននៅ​ក្នុងជីវិត​រមែងស្លាប់​មួយនេះ អារម្មណ៍​ទាំងនោះ​មានដូចជា​សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ដ ភាពសោកសៅ និង​ការខកចិត្ត ។ ការដក​ពិសោធន៍​អារម្មណ៍​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​រៀនសូត្រ ។ នៅពេល​ដែល​ពួកសាសន៍​យ៉ារេឌ​បានបន្តបះបោរ​ប្រឆាំងនឹង​ព្រះអម្ចាស់ នោះ​ពួកគេ​បានអនុញ្ញាត​ឲ្យអារម្មណ៍​របស់ពួកគេ​ដឹកនាំ​ពួកគេ​នៅក្នុង​ការសម្រេច​ចិត្ត ហើយការណ៍នេះ​បណ្តាល​ឲ្យមាន​ការបំផ្លិចបំផ្លាញ​អរិយធម៌​របស់​ពួកគេ ។ មេរៀននេះ​អាចជួយយើង​ឲ្យយកឈ្នះលើ​ការល្បួង ដែលនាំឲ្យ​យើង​ធ្វើ​សកម្មភាព​ដោយកំហឹង​នៅក្នុងជីវិត​របស់យើង ។

សូម​អញ្ជើញ​សិស្ស​ឲ្យធ្វើ​សកម្មភាព​តាម​អ្វីដែល​ពួកគេ​រៀន ។សូមទុក​ពេលឲ្យសិស្ស​ធ្វើផែនការ​មួយ​ដើម្បី​អនុវត្ត​សកម្មភាព​តាម​អ្វីដែល​ពួកគេ​បាន​រៀនសូត្រ ។ សូមលើក​ទឹកចិត្តពួកគេ​ឲ្យធ្វើតាម​ផែនការ​របស់​ពួកគេ ។ សូមជួយ​ពួកគេឲ្យ​មើលឃើញ​ពីពរជ័យ​ដែលបានមក​ពី​ការប្រព្រឹត្ត​ដូច​ព្រះគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូមពិចារណា​អញ្ជើញសិស្សឲ្យ​ជញ្ជឹងគិត​ពី​អត្ថន័យ​ដែលថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ម្ចាស់នៃ​មេត្រីភាព » ( អេសាយ ៩:៦ ) ហើយតើវា​មាន​អត្ថន័យ​សម្រាប់​ពួកយើង​យ៉ាងដូចម្តេច​ដើម្បី​ធ្វើជា​អ្នកដើរតាម​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

លទ្ធផល​នៃ​កំហឹង

សូមអាន ឬមើលពី​ដំណើររឿង​ខាងក្រោម ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​ចែកចាយ​អំពី​បងប្អូន​ពីរនាក់​ដែលរស់នៅ​ជាមួយគ្នា​ពេញមួយ​ជីវិតរបស់​ពួកគេ ។

2:3

ជាយូរឆ្នាំ​មកហើយ ខ្ញុំបានអាន​សារព័ត៌មាន​នៅក្នុងកាសែត Associated Press មួយ ៖ មានបុរសវ័យ​ចំណាស់​ម្នាក់បាន​ប្រាប់រឿងរ៉ាវ​របស់គាត់​នៅឯ​ពិធីបុណ្យសព​បងប្រុស​របស់​គាត់ ។ ពួកគាត់​បានរស់នៅ​ជាមួយគ្នា​តាំងពី​តូចៗមក នៅក្នុង​បន្ទប់ដ៏​តូចមួយ​នៅជិត​ភូមិ​កានីស្តេអូ ទីក្រុងញូវយ៉ក ។ ពួកគាត់​មាន​ការឈ្លោះ​គ្នា រហូតដល់​មានការ​បែងចែក​បន្ទប់ជា​ពាក់កណ្តាល​ដោយគូស​បន្ទាត់ដីស​ខណ្ឌគ្នា ។ ពួកគាត់មិន​ដែល​ឆ្លងកាត់​គំនូស​បន្ទាត់​នោះ ឬ​និយាយ​រកគ្នា​ទេ សូម្បីតែ​ពាក្យមួយ​ម៉ាត់​ចាប់តាំង​ពីថ្ងៃនោះ​មក—គឺ ៦២ ឆ្នាំមុន ។ សូម​គ្រាន់តែ​គិតពី​លទ្ធផលនៃ​កំហឹងនោះ ។ ( ថូម៉ាស អេស ម៉នសុន « School Thy Feelings, O My Brother » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៦៨–៦៩ )

  • តើ​អ្នករៀន​បានអ្វីខ្លះពី​ដំណើររឿង​របស់​ប្រធាន ម៉នសុន អំពី​បងប្អូន​ទាំងពីរ​នាក់​នេះ ? ហេតុអ្វី​បានជា​អ្នកគិតថា សារលិខិតនេះ​មានសារៈសំខាន់​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ?

សូម​គិតអំពី​អារម្មណ៍​ផ្ទាល់ខ្លួន​របស់អ្នក ហើយ​ថាតើ​អ្នកមាន​កំហឹង​ញឹកញាប់​ប៉ុណ្ណា​ដែរ ។ សូមពិចារណា​អំពី​ស្ថានភាព​មួយណា​ដែលអាចបណ្តាល​ឲ្យអ្នកមាន​កំហឹង ហើយកំហឹងនោះ​អាចមាន​ឥទ្ធិពល​លើការគិត សកម្មភាព និងទំនាក់ទំនង​របស់អ្នក​យ៉ាងដូចម្តេច​ដែរ ។

ស្ថានភាព​ផុយស្រួយ​ដែលត្រូវបាន​បំផ្លាញ​ដោយសារ​កំហឹង

នៅជំនាន់​ព្យាការី​អេធើរ ប្រជាជន​បានប្រព្រឹត្ត​អំពើ​អាក្រក់ដ៏​បំផុត ។ អេធើរ​ត្រូវបាន​បង្ខំ​ឲ្យ​រត់ទៅ​រស់នៅ​ក្នុងរូងភ្នំ ដើម្បីលាក់ខ្លួន​ពីអ្នក​ដែល​ប៉ង​ចង់​​សម្លាប់​លោក ។ មាន​ពួកកងទ័ព​ប្រយុទ្ធគ្នា​ឥតឈប់ឈរ ហើយពួកគេ​តែងតែ​ធ្វើសង្រ្គាម​ជាមួយគ្នា ។ កងទ័ពមួយ​ដែលបាន​ដឹកនាំដោយ​ស្ដេចមួយ​អង្គឈ្មោះ កូរីអានទុមើរ ហើយ​កងទ័ព​មួយទៀត​ដែលបាន​ដឹកនាំ​ដោយក្រុមមនុស្ស​ផ្សេងទៀត​ដែលជា​អ្នកប្រឆាំងនឹងស្តេច ដែល​មាន​បុរសម្នាក់​ឈ្មោះ សារេឌ ។ អេធើរបាន​ព្រមានដល់​ស្តេច​កូរីអានទុមើរ​ឲ្យប្រែចិត្ត បើមិន​ដូច្នោះ​ទេ ប្រជាជននឹង​ត្រូវ​បំផ្លាញ​បង់ ។

សូម​អាន អេធើរ ១៣:២២–៣១ ដោយរកមើលពី​របៀបដែល​កំហឹងមាន​ឥទ្ធិពលលើ​សកម្មភាពរបស់​មនុស្ស ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

ការបំផ្លិចបំផ្លាញ​របស់​ពួកសាសន៍យ៉ារេឌ បង្ហាញពី​គ្រោះថ្នាក់នៃ​ការបន្ត​មាន​កំហឹង ។ ស្តេច​កូរីអានទុមើរ និងកងទ័ព​របស់ទ្រង់បាន​ទទួលជោគជ័យ​ដោយយក​ឈ្នះ​លើ សារេឌ ។ ប៉ុន្តែ​ក៏មាន​អ្នកផ្សេងទៀត​ក្រោកឡើង​ដើម្បីដឹកនាំ​អ្នកប្រឆាំងផ្សេងៗទៀត រួមទាំង ស៊ិស ផងដែរ ។ ក្រោយពេល​ដែល​ប្រជាជន​រាប់លាននាក់​របស់ទ្រង់​ត្រូវបានគេ​សម្លាប់រួច ស្តេច​កូរីអានទុមើរ​បានព្យាយាម​បញ្ឈប់​ការបង្ហូរឈាម​ដោយ​សរសេរ​សំបុត្រជាច្រើន​ទៅកាន់ ស៊ិស ដើម្បីស្វែងរក​សន្តិភាព ។

សូមអាន អេធើរ ១៥:៥–៦, ១៥–៣០ ដោយរកមើល​ឥទ្ធិពលនៃ​កំហឹងរបស់​ពួកសាសន៍​យ៉ារេឌមាន ទាំង​ជា​លក្ខណៈ​បុគ្គលម្នាក់ៗ និងជា​ក្រុម ។

  • តើកំហឹងបាន​ជះឥទ្ធិពលដល់​បុគ្គលដូចជា កូរីអានទុមើរ ស៊ិស និង​អ្នកដទៃ​ទៀត​តាមវិធីណាខ្លះ ? តើកំហឹង​របស់ពួកគេ​ប៉ះពាល់ដល់​មនុស្ស​នៅជុំវិញខ្លួន​ដោយ​របៀបណា ?

សេចក្តីពិត​មួយ​ដែល​ដំណើររឿងនេះ​បង្រៀន​គឺ​ថា កំហឹង​អាច​បណ្តាលឲ្យ​យើង​ធ្វើការ​សម្រេចចិត្ត​ដែលធ្វើឲ្យ​មានភាពឈឺចាប់​ដល់​ខ្លួនឯង និងអ្នកដទៃ​ផងដែរ ។

ដោយសារ​សំណួរ​ខាងក្រោមមាន​លក្ខណៈរសើប វា​អាច​ល្អជាង​ដើម្បី​ឲ្យ​សិស្ស​ជញ្ជឹងគិត​ដោយស្ងៀមស្ងាត់ ហើយសរសេរ​ចម្លើយ​របស់ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់ពួកគេ ។

  • តើអ្នកធ្លាប់បាន​ឃើញថា តើកំហឹងធ្វើឲ្យ​ប៉ះពាល់ដល់​ទំនាក់ទំនងរវាង​មិត្តភក្តិ មិត្ត​រួមក្រុម សមាជិកវួដ ឬសមាជិកគ្រួសារ​យ៉ាងដូចម្តេច ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃ​ពួកសាវកដប់ពីរនាក់​បានពន្យល់ពី​មូលហេតុដែល​យើងគួរខិតខំ​យកឈ្នះ​លើអារម្មណ៍​ពេល​មាន​កំហឹង និង​ការឈ្មោះ​ប្រកែកគ្នា ៖

2:3

ព្រះយេស៊ូវ​បានសុំឲ្យ​យើង « រស់នៅ​ជាមួយគ្នា​ដោយនូវ​សេចក្ដី​ស្រឡាញ់ » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤៥ ] ដោយ « ពុំត្រូវមាន​ការប្រកែក​គ្នា នៅក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ » [ នីហ្វៃ​ទី​៣ ១១:២២ ] ។ ទ្រង់​បាន​ព្រមានដល់​ពួកសាសន៍​នីហ្វៃថា « អស់អ្នកណា​ដែល​មានវិញ្ញាណ​នៃការទាស់ទែងគ្នា គឺពុំមែនជា​របស់ផង​យើងទេ » [ នីហ្វៃ​ទី​៣ ១១:២៩ ] ។ ប្រាកដ​ណាស់ នៅក្នុង​កម្រិត​មួយ​ដ៏​ធំ​សម្បើម នោះ​ទំនាក់ទំនង​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ​នឹង​ត្រូវ​បាន​កំណត់—ឬ​យ៉ាង​ហោច​ណាស់​រង​ឥទ្ធិពល—ដោយ​សារ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​របស់​យើង ។  ( ជែហ្វ្រី អ័រ ហូឡិន « ការងារ​បម្រើ​នៃ​ការផ្សះផ្សា » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៨ )

សូម​ជួយ​សិស្សឲ្យគិត​អំពីរបៀបដែល​កំហឹងអាច​មានឥទ្ធិពល​លើជីវិត​របស់​ពួកគេ ហើយតើ​ពួកគេ​គួរតែ​ធ្វើអ្វីខ្លះ​ដើម្បីយក​ឈ្នះលើ​កំហឹង​នោះ ។ សំណួរមួយ​ចំនួន​នៅខាងក្រោម​នេះអាចជួយ​អ្នកបាន ។

  • ហេតុអ្វី​បានជា​អ្នកគិតថា ទំនាក់ទំនង​របស់យើង​ជាមួយ​អ្នកដទៃ​ប៉ះពាល់ដល់​ទំនាក់ទំនង​របស់យើង​ជាមួយនឹង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ស្ថានភាព​អ្វីខ្លះដែលធ្វើឲ្យ​យើងមាន​កំហឹង ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​អាចជួយយើង​ឲ្យ​យកឈ្នះលើ​កំហឹង​បាន​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយ​សិស្ស​ឲ្យស្វែងរក​វិធីដែល​ពួកគេអាច​ស្វែងរក​ជំនួយពី​ព្រះអម្ចាស់ ដើម្បីយក​ឈ្នះលើ​កំហឹង អ្នកអាចឲ្យ​ពួកគេបំពេញ​សកម្មភាពមួយ ឬ​ទាំងពីរ​នៅ​ខាងក្រោម​នេះ ។ ពួកគេអាច​បំពេញ​ជម្រើសមួយ​នៅក្នុង​ថ្នាក់រៀន​រួមគ្នា និង​ជម្រើសមួយ​ទៀត​ជា​លក្ខណៈ​បុគ្គល ។ សូមណែនាំ​ពីវិធីដែល​សិស្សត្រូវ​ធ្វើតាម ។

ជម្រើស ក ។ គំរូរបស់​ព្រះអង្គ​សង្គ្រោះ​អំពី​សេចក្តី​សប្បុរស

សូមសិក្សា​យ៉ាងហោចណាស់​គំរូមួយនៅក្នុង​ព្រះជន្មរបស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ដែលទ្រង់អាច​នឹងមាន​ព្រះហឫទ័យ​ក្រោធ ប៉ុន្តែ​ទ្រង់បាន​ជ្រើសរើស​ឆ្លើយតប​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​វិញ ។ អ្នកអាច​សិក្សាពី​ការឆ្កាង​របស់ទ្រង់ ( សូមមើល លូកា ២៣:៣៣–៤៣ ) ឬ​នៅពេល​ដែលគេនាំ​យកស្ត្រីដែល​ផិតក្បត់​មក​ឯទ្រង់ ( សូមមើល យ៉ូហាន ៨:១–១១ ) ។

សូមអញ្ជើញ​សិស្សឲ្យ​ចែកចាយ​ពីរបៀបដែល​ពួកគេអាច​ធ្វើតាមគំរូរបស់​ព្រះអង្គ​សង្រ្គោះ ។ ពួកគេអាច​គិតអំពី​បទពិសោធន៍​នាពេល​កន្លងមក នៅពេល​ដែលពួកគេ​ធ្វើ​ទង្វើដោយ​កំហឹង ហើយ​កត់ត្រានៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​អំពីរបៀប​ដែល​លទ្ធផល​អាចនឹងខុសគ្នា ប្រសិនបើ​ពួកគេ​បាន​ប្រព្រឹត្ត​ដូចជា​ព្រះអង្គ​សង្គ្រោះ​ឲ្យបាន​ច្រើន​ជាងនេះ ។

ជម្រើស ខ ។ ការធ្វើតាម​គំរូរបស់​ព្រះអង្គ​សង្គ្រោះ​អំពី​សេចក្តី​សប្បុរស

សម្រាប់​សកម្មភាព​ខាងក្រោម សូម​កុំភ្លេចជួយ​រំឭកសិស្សឲ្យ​បង្កើត​សាច់រឿង​ដែល​ឲ្យសមស្រប ។

សូម​បង្កើតរឿងប្រឌិត​មួយ ប៉ុន្តែមាន​ភាពជាក់ស្តែង ដែលអាច​កើតឡើង​ចំពោះ​នរណាម្នាក់ដែល​ខឹងនឹង​អ្នក​ផ្សេងទៀត ។ សូមបន្ថែម​ព័ត៌មានលម្អិត​មួយចំនួន រួមមាន​ឈ្មោះ និងមូលហេតុ​ដែលនាំ​ឲ្យមាន​កំហឹង ។

សូមពិចារណា​អញ្ជើញសិស្ស​ឲ្យសរសេរ​សាច់រឿង​របស់ពួកគេ​ដាក់​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​ប្រគល់ទៅឲ្យ​អ្នក ។ អ្នកអាច​ពិនិត្យមើល​សាច់រឿង​ដោយសង្ខេប ហើយបន្ទាប់​មក​អាន​សាច់រឿង​ខ្លះៗ ដោយអញ្ជើញ​សិស្សឲ្យផ្ដល់​យោបល់អំពី​វិធី​ឆ្លើយតប​ដូចជា​ព្រះគ្រីស្ទ ។

ជម្រើស​មួយទៀត សិស្សអាច​ធ្វើការជាមួយ​មិត្តរួមថ្នាក់ និងដើរតួ​សម្តែងអំពី​ការឆ្លើយតប​ទៅនឹង​សាច់រឿង​របស់​ពួកគេ ។

ការអញ្ជើញ​ឲ្យ​ចៀសវាង​កំហឹង

ប្រធាន រ័សុល អិម ណិលសុន បានមាន​ប្រសាសន៍ ៖ « គ្មាន​ពួកយើង​ណា​ម្នាក់​អាចគ្រប់គ្រង​លើជាតិ​សាសន៍ ឬសកម្មភាព​របស់អ្នក​ដទៃបានទេ សូម្បីតែ​សមាជិក​ក្រុមគ្រួសារ​យើងផ្ទាល់ ។ ប៉ុន្តែយើង​អាចគ្រប់គ្រង​ខ្លួនឯង​បាន » ( « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៧ ) ។

សូម​រៀបចំផែនការ​ធ្វើអ្វីដែល​អ្នកអាច​ធ្វើបាន ដើម្បី​គ្រប់គ្រង​ខ្លួនឯង និង​យក​ឈ្នះលើ​កំហឹង ។ ផែនការ​របស់អ្នក​អាចទាក់ទង​ទៅនឹងរបៀប​ដែលអ្នក​ប្រព្រឹត្ត ឬ​ការឆ្លើយតប​ចំពោះមនុស្ស​ណាម្នាក់ ។ ផែនការ​អាច​មាន​វិធី​ដែល​អ្នកអាច​ធ្វើតាមគំរូរបស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ប្រាកដថា​បាន​បញ្ចូល​វិធីដែលអ្នក​អាចឈោង​ទៅរក​ព្រះវរបិតាសួគ៌​សូមជំនួយ​ដ៏ទេវភាពមុន ឬក្នុងអំឡុងពេល​ជួប​ស្ថានភាព​លំបាក​នានា ។

សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នកថា ព្រះអង្គសង្គ្រោះ​នឹងជួយដល់សិស្ស នៅពេល​ដែល​ពួកគេ​ស្វែងរក​ជំនួយ​របស់ទ្រង់​ក្នុងការ​ចៀសវាង និង​ការយក​ឈ្នះ​លើកំហឹង ។