« មរ៉ូណៃ ១០:១–៧ ៖ ការទទួលបានសាក្សីដោយផ្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ១០:១–៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ១០:១–៧
ការទទួលបានសាក្សីដោយផ្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន
តើអ្នកមានទទួលបានចំណាប់អារម្មណ៍ ឬអារម្មណ៍មកពីព្រះវិញ្ញាណថា ព្រះគម្ពីរមរមន គឺពិតដែរឬទេ ? បើសិនជាមាន តើបទពិសោធន៍ និងសកម្មភាពអ្វីខ្លះដែលបានជួយអ្នកឲ្យទទួលបានអារម្មណ៍បែបនេះ ? នៅក្នុងសំណេរចុងក្រោយមួយចំនួនរបស់លោក មរ៉ូណៃបានសង្កត់ធ្ងន់ថា ព្រះគឺជាប្រភពនៃសេចក្ដីពិតទាំងអស់ ។ តាមរយៈព្រះ យើងអាចទទួលបានសាក្សីដោយផ្ទាល់អំពីសេចក្តីពិតនៃព្រះគម្ពីរមរមន សេចក្តីពិតនៃព្រះយេស៊ូវគ្រីស្ទ និង « សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » « ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៥ ) ។ មេរៀននេះអាចជួយដល់អ្នកឲ្យដឹងដោយខ្លួនឯងថា ព្រះគម្ពីរមរមនគឺពិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទីបន្ទាល់អំពីព្រះគម្ពីរមរមន
សូមគិតអំពីសេចក្តីថ្លែងការណ៍ខាងក្រោមមួយណាដែលអ្នកមានទំនាក់ទំនងច្រើនបំផុត នៅពេលដែលអ្នកចាប់ផ្តើមសិក្សាព្រះគម្ពីរមរមនជាលើកដំបូង ៖
-
ខ្ញុំមិនប្រាកដថាតើខ្ញុំដឹងថាព្រះគម្ពីរមរមនពិតឬអត់ទេ ។
-
ខ្ញុំជឿជាក់លើអ្នកផ្សេងទៀតដែលបានប្រាប់ខ្ញុំថា ព្រះគម្ពីរមរមនគឺពិត ។
-
ខ្ញុំបានទទួលការចាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមន គឺពិត ។
សូមជញ្ជឹងគិតអំពីទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន ឥឡូវនេះ ។ នៅពេលដែលអ្នកសិក្សា សូមគិតអំពីជំហានបន្ទាប់ដែលព្រះអម្ចាស់ចង់ឲ្យអ្នកធ្វើដើម្បីទទួលបាន យល់ដឹងឲ្យកាន់តែស៊ីជម្រៅ ឬរក្សាភាពរឹងមាំនៅក្នុងសក្ខីភាពរបស់អ្នក ។
ការដាស់តឿនរបស់មរ៉ូណៃ
បន្ទាប់ពីបានកត់ត្រានូវការបង្រៀនមួយចំនួនរបស់ឪពុកលោក មរ៉ូណៃបានបង្រៀនអំពីរបៀបដែលមនុស្សម្នាក់អាចដឹងថា ព្រះគម្ពីរមរមនគឺពិត ។
សូមអាន មរ៉ូណៃ ១០:៣–៥ ហើយពិចារណាដោយគូសចំណាំនូវអ្វីដែលមរ៉ូណៃបាននិយាយអំពីរបៀប ដែលយើងអាចដឹងពីភាពពេញលេញនៃសេចក្តីពិតរបស់ព្រះគម្ពីរមរមន ។ អ្នកក៏អាចពិចារណាផងដែរដោយមើលវីដេអូ «°មរ៉ូណៃអញ្ជើញមនុស្សទាំងអស់ឲ្យមកកាន់ព្រះគ្រីស្ទ°» ចាប់ពីនាទីទី ៤:៣៩ ដល់នាទីទី ៥:៣២ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org°។
សូមអានព្រះគម្ពីរមរមន
ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាអំពីពរជ័យមួយចំនួន ដែលយើងអាចទទួលបានតាមរយៈការសិក្សាព្រះគម្ពីរមរមន ។ សូមគិតអំពីរបៀបដែលអ្នកអាចទទួលបានបទពិសោធន៍ពរជ័យទាំងនេះ នៅពេលដែលអ្នកបានសិក្សាវា ។
ខ្ញុំសូមសន្យាថា ពេលអ្នកសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះអ្នកនឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលអ្នកជញ្ជឹងគិតនូវអ្វីដែលអ្នកសិក្សានោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយអ្នកនឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតអ្នកផ្ទាល់ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )
-
តើអ្នកបានទទួលបទពិសោធន៍ពរជ័យណាមួយដែលប្រធាន ណិលសុន បានសន្យាចំពោះអ្នកទាំងឡាយដែលបានសិក្សាព្រះគម្ពីរមរមនដែរឬទេ ?
ការស្គាល់ពរជ័យដែលមកពីការអានព្រះគម្ពីរមរមនអាចបញ្ជាក់ថា វាពិត ហើយថាវាមកពីព្រះ ។
សូមពិចារណាអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់
-
តើមានគំរូព្រះគម្ពីរអ្វីខ្លះអំពីមនុស្សដែលទទួលបានសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ? អ្នកអាចរកមើលគំរូពីរបីដូចជា គម្ពីរនីហ្វៃ ( នីហ្វៃទី២ ៤:២០–២៥ ) អាលម៉ាជាកូន ( អាលម៉ា ៣៦:១៧–២១ ) ឬព្រះអង្គសង្គ្រោះបានប្រោសពួកសាសន៍នីហ្វៃនៅអំឡុងពេលការយាងទៅជួបរបស់ទ្រង់ ( នីហ្វៃទី៣ ១៧:៦–៩ ) ។
-
តើមានគំរូអ្វីខ្លះអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ក្នុងជីវិតរបស់អ្នក ឬជីវិតរបស់បុគ្គលណាម្នាក់ដែលអ្នកស្គាល់ ?
-
មូលហេតុអ្វីបានជាអ្នកគិតថា ការជញ្ជឹងគិតពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់អាចជួយដល់អ្នកទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
សូមទូលសូមដល់ព្រះដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ
-
តើអ្នកគិតថា ការទូលសុំព្រះដោយចិត្តស្មោះសរមានន័យដូចម្តេច ? ដោយស្មោះអស់ពីចិត្ត ? ដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( មរ៉ូណៃ ១០:៤ ) ? ប្រសិនបើអ្នកត្រូវការជំនួយក្នុងការឆ្លើយសំណួរនេះ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៧ ដោយរកមើលអំពីរបៀបដែលយុវជន យ៉ូសែប ស្ម៊ីធ ចាប់ផ្តើមការអធិស្ឋានរបស់លោកដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ។ ( ចំណាំ ៖ ឃ្លាដោយស្មោះអស់ពីចិត្តមានន័យថា នៅពេលដែលអ្នកបានទទួលចម្លើយចំពោះការអធិស្ឋានរបស់អ្នក នោះអ្នកនឹងធ្វើសកម្មភាពដោយស្មោះត្រង់តាមវិវរណៈដែលអ្នកបានទទួល ) ។
-
តើការធ្វើបែបនេះអាចជួយយើងឲ្យទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមនតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
ទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំអំពីព្រះគម្ពីរមរមន
ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានចែកចាយបទពិសោធន៍របស់លោកនៅក្នុងការអនុវត្តន៍ការសន្យារបស់មរ៉ូណៃ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ «°A Living Testimony°» ចាប់ពីនាទីទី ១៣:៥១ ដល់នាទីទី ១៤:៣១ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org°។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាបង្ហាញភស្ដុតាងពីការសន្យានោះសម្រាប់ខ្លួនឯង ឬថាអ្នកនឹងធ្វើវាក្នុងពេលឆាប់ៗនេះ ។ ចម្លើយប្រហែលជាមិនបានមកតែមួយ និងមានឥទ្ធិពលក្នុងបទពិសោធន៍ខាងវិញ្ញាណនោះទេ ។ សម្រាប់ខ្ញុំ វាមកដោយស្ងាត់ៗជាលើកដំបូង ។ ប៉ុន្តែវាកាន់តែមានខ្លាំងឡើងៗរាល់ពេលដែលខ្ញុំបានអាន និងអធិស្ឋានអំពីព្រះគម្ពីរមរមន ។
ខ្ញុំមិនពឹងផ្អែកលើអ្វីដែលបានកើតឡើងកាលពីអតីតកាលទេ ។ ដើម្បីរក្សាទីបន្ទាល់នៅរស់របស់ខ្ញុំអំពីព្រះគម្ពីរមរមនឲ្យមានសុវត្ថិភាព នោះខ្ញុំទទួលបានការសន្យារបស់មរ៉ូណៃជាញឹកញាប់ ។ ខ្ញុំមិនទទួលយកពរជ័យនៃទីបន្ទាល់នោះដោយលេងសើចដូចគ្មានជំពាក់នរណានោះទេ ។ (ហិនរី ប៊ី អាវរិង « A Living Testimony » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៧ )
-
តើពាក្យរបស់ប្រធាន អាវរិងអាចយកមកអនុវត្តចំពោះយើងដោយរបៀបណា ទោះយើងអានព្រះគម្ពីរមរមនប៉ុន្មានដងក៏ដោយ ?
-
តើព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងទីបន្ទាល់មកដល់យើងអំពីភាពពេញលេញនៃព្រះគម្ពីរមរមនតាមរបៀបណាខ្លះ ?
-
តើទីបន្ទាល់នៃព្រះគម្ពីរមរមនអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តគោលការណ៍ដែលបានបង្រៀននៅក្នុង មរ៉ូណៃ ១០:៣–៥ ។ សូមគិតអំពីរបៀបដែលអ្នកអាចបន្តសិក្សាព្រះគម្ពីរមរមន ជញ្ជឹងគិតអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ហើយទូលសូមព្រះឲ្យប្រទានសាក្សីតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នកនឹងធ្វើអ្វីៗទាំងនេះនៅទីណា និងនៅពេលណា ? តើព្រះអម្ចាស់អាចឆ្លើយតបនឹងការអធិស្ឋានរបស់អ្នកបានយ៉ាងដូចម្ដេច ?