គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៨ ខែ សីហា ។ តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥–៨៧


« ថ្ងៃទី ៨ ខែ សីហា ។ តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥–៨៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨ ខែ សីហា ។ តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ? »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

យុវជន​នៅ​មុខ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ៨ ខែ សីហា

តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥–៨៧

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​នៅ​ក្នុង​​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ​​បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​យើង​មាន​សកម្មភាព​អ្វីខ្លះ​នា​ពេល​ថ្មីៗ​នេះ ? តើ​សកម្មភាព​ទាំង​នោះ​ទទួល​បាន​ជោគជ័យ​ដែរ​ឬ​ទេ ? តើ​អ្វី​ដែល​បាន​ដំណើរការ​ល្អ ហើយ​តើ​យើង​អាច​កែលម្អ​វា​ដោយ​របៀប​ណា ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​មាន​នរណា​ត្រូវការ​ការបម្រើ​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​អាច​ជួយ​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

  • ជីវិត​របស់​យើង ។ តើ​យើង​ខិតខំ​ធ្វើការ​រៀងៗ​ខ្លួន​ទៅកាន់​គោលដៅ​អ្វី ? តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ? តើ​យើង​បាន​ទទួល​ពរជ័យ​អ្វីខ្លះ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូចខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ពេល​នៃ​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

អស់​អ្នក​នៅក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ប្រហែល​ជា​ដឹង​អ្វីមួយ​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ​នៅ​ក្នុង​ការធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ប៉ុន្ដែ ប្រសិនបើ​បងប្អូន​និយាយ​ជាមួយ​ពួកគេ​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល នោះ​ពួកគេ​អាច​មិន​ដឹង​ពី​អ្វី​ដែល​បងប្អូន​កំពុង​និយាយ​នោះ​ទេ ។ តើ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ការចែកចាយ​ដំណឹងល្អ ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ​របស់​ពួកគេ និង​ការធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​ខ្លាំង​មួយ​នៅ​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះដោយ​របៀបណា ?

អស់​អ្នក​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន​អាច​បាន​សិក្សា​រឿង​ប្រៀប​ប្រដូច​អំពី​ស្រូវ និង​ស្រងែ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៦ ដែល​បង្រៀន​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។ កាល​បងប្អូន​អាន​ផ្នែក​នេះ សូម​ព្យាយាម​នឹក​ស្រមៃ​ថា ​មនុស្ស​នៅក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​​​ជា​អ្នកធ្វើការ​នៅក្នុង​ស្រែ​របស់​ព្រះអម្ចាស់ ។ តើ​បងប្អូន​នឹង​ជួយ​ពួកគេ​ឲ្យ​ដក​ពិសោធន៍​សេចក្ដី​អំណរ​ដែល​កើតមាន មកពី​ការចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ដោយ​របៀប​ណា ? ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ប្រធានបទ​នេះ សូម​សិក្សា​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន និង​ស៊ិស្ទើរ វិនឌី ដបុលយូ ណិលសុន « ក្តី​សង្ឃឹម​នៃ​អ៊ីស្រាអែល » ( [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

យុវនារី និង​ស្ដ្រី​មជ្ឈិមវ័យ​មើល​ទៅ​កុំព្យូទ័រ

យុវជន និង​យុវនារី​អាច​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​បាន តាមរយៈ​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

រៀន​ជាមួយគ្នា

បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការសួរ​សំណួរ​ដូចនេះ​ទៅ​ដល់​សមាជិក​ក្នុង​ថ្នាក់ ៖ តើ​បងប្អូន​ចាប់​អារម្មណ៍​លើ​អ្វី កាល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦ នៅ​ផ្ទះ​នោះ ? តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​កិច្ចការ​នៃ​ការប្រមូល​ផ្ដុំ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ? តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចការ​នេះ ? ខាងក្រោម​នេះ​គឺជា​យោបល់​បន្ថែម​ទៀត​ដើម្បី​បំផុស​គំនិត​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ឲ្យ​ចូលរួម​នៅ​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

  • សូម​សួរ​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ថា តើ​ពួកគេ​គិត​ដល់​អ្វី នៅ​ពេល​ពួកគេ​ឮ​ពាក្យ « ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល » ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ សូម​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​អាន​និយមន័យ​ដូច​តទៅ​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖ « ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល មាន​ន័យ​ថា ការផ្ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​នៅទាំង​សង្ខាង​នៃ​វាំងនន ដែល​ពុំទាន់​បាន​ធ្វើ​សេចក្ដី​សញ្ញា​សំខាន់​ជាមួយ​ព្រះ ឬ​ពុំបាន​ទទួល​ពិធីបរិសុទ្ធ​ចាំបាច់​របស់​ពួកគេ ។ បុត្រ​គ្រប់រូប​របស់​ព្រះវរបិតាសួគ៌​ស័ក្ដិសម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទទួលយក ហើយ​ទទួល​ដំណឹងល្អ​របស់​ទ្រង់​ព្រម​ជាមួយ​នឹង​ពរជ័យ​ទាំងឡាយ » ( « ក្ដីសង្ឃឹម​នៃ​អ៊ីស្រាអែល » ទំព័រ ១១–១២ ) ។ តើ​និយមន័យ​នេះ​ជះ​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​គិត​អំពី​កាតព្វកិច្ច​ដ៏​សំខាន់​នេះ​យ៉ាង​ដូចម្ដេច ?

  • ដើម្បី​ជួយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​រឿង​ប្រៀប​ប្រដូច​ស្រូវ និង​ស្រងែ​នេះ​អនុវត្ត​ចំពោះ​ពួកគេ បងប្អូន​អាច​សរសេរ​ឃ្លា​មកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦ ដាក់​លើ​ក្ដារខៀន ។ ឃ្លា​ទាំងនេះ​អាច​ពិពណ៌នា​អំពី​និមិត្ត​សញ្ញា​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​—ដូចជា « អ្នក​ព្រោះ​គ្រាប់​ពូជ » « ស្រងែ​ប្រជ្រៀត​ស្រូវ​សាលី » « ស្លឹក​កំពុងតែ​ពន្លក​ឡើង » និង « ច្រូត​ស្រែ » ( ខទី ២–៤, ៧ ) ។ ឃ្លា​ទាំងនេះ​ក៏​អាច​រៀបរាប់​ពី​ការបកស្រាយ​នៃ​និមិត្ត​សញ្ញា​ទាំងនេះ​ផងដែរ​—​ដូចជា « ពួកសាវក » « ការក្បត់​សាសនា » « ការស្ដារ​ឡើង​វិញ » និង « កិច្ចការ​ផ្សព្វផ្សាយ​សាសនា » ។ រួចហើយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ធ្វើការ​រួមគ្នា​ដើម្បី​រំឭក កណ្ឌ​ទី ៨៦ ហើយ​ផ្គូផ្គង​និមិត្ត​សញ្ញា​ទៅនឹង​អត្ថន័យ​របស់​វា ។ ( ពួកគេ​ក៏​អាច​អាន ម៉ាថាយ ១៣:៣៦–៤៣ ផងដែរ ) ។ តើ​យើង​រៀន​អ្វី​ខ្លះ​មក​ពី​រឿង​ប្រៀប​ប្រដូច​អំពី​កិច្ចការ​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នេះ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ជា « ពន្លឺ » និង « អ្នក​សង្គ្រោះ » ដល់​បុត្រា​បុត្រី​របស់​ព្រះ ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១១ ) ។

  • សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចងចាំ​ថា នៅក្នុង​សារលិខិត « ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល » របស់​លោក ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​រឿង​ជាក់លាក់​នានា​ដើម្បី​រៀបចំ​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ( សូមមើល ទំព័រ ១៤–១៧ ) ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​ចាំ​ដល់​ការអញ្ជើញ​អ្វី​ខ្លះ ហើយ​រំឭក​ការអញ្ជើញ​នោះ​រួមគ្នា​បើ​ចាំបាច់ ។ តើ​ការធ្វើ​រឿង​ទាំងនេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រំឭក​ខ្លួន​យើង​អំពី​ការអញ្ជើញ​ទាំងនេះ ហើយ​ជួយ​គ្នា​បំពេញ​តាម​ការអញ្ជើញ​នេះ ? សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​គិត​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​អាន​សេចក្ដី​ផ្ដើម និង​វគ្គ​ពីរ​ដំបូង​នៃ​សារលិខិត​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក « Great Love for Our Father’s Children » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ ) ហើយ​រកមើល​មូលហេតុ​ដែល​សេចក្ដី​ស្រឡាញ់​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​នៅក្នុង​កិច្ច​ខិតខំ​ផ្សព្វផ្សាយ​សាសនា និង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​របស់​យើង ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា កាល​យើង​ខិតខំ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អស់​អ្នក​ដែល​នៅ​ទាំង​សង្ខាង​វាំងនន ។ សូម​ឲ្យ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​មាន​ពេល​កត់ត្រា​ទុក​នូវ​អ្វីមួយដែល​ពួកគេ​នឹង​ធ្វើ​ដោយសារ​តែ​ការពិភាក្សា​នៅ​ថ្ងៃនេះ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​គិត​ដល់​គំនិត​នានា បងប្អូន​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរតែ​គិត​ដល់​មនុស្ស​ដែល​ពួកគេ​ស្គាល់ ។ តើ​ព្រះ​អាច​ឈោង​ទៅ​ជួយ​មនុស្ស​ទាំងនេះ​ដោយ​របៀប​ណា ? តើ​យើង​អាច​ជួយ​ដោយ​របៀប​ណា ?

ធនធាន​គាំទ្រ

  • រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២

  • Church History Topics « The Gathering of Israel » នៅលើ​គេហទំព័រ ChurchofJesusChrist.org/study/history/topics

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​ទុក​ព្រះទ័យ​លើ​អស់​អ្នក​ដែល​បាន​ធ្វើតាម​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​ពួកគេ ហើយ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​ឲ្យ​បង្រៀន ប្រទានពរ និង​បម្រើ​ដល់​មនុស្ស​ដទៃ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ២៨ ) ។ តើ​បងប្អូន​អាច​ផ្ដល់​ឱកាស​អ្វីខ្លះ​ដល់​យុវវ័យ​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅមក ?