« ថ្ងៃទី ២៥ ខែ កក្កដា ។ ហេតុអ្វីខ្ញុំគួរតែគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ? គោលលទ្ធិ និង សេចក្តីសញ្ញា ៨១–៨៣ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥ ខែ កក្កដា ។ ហេតុអ្វីខ្ញុំគួរតែគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៥ ខែ កក្កដា
ហេតុអ្វីខ្ញុំគួរតែគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្កើនសាមគ្គីភាពក្នុងចំណោមសមាជិកកូរ៉ុម ឬថ្នាក់ ? តើគោលដៅអ្វីដែលយើងចង់ធ្វើការរួមគ្នា ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីចែកចាយដំណឹងល្អ ? តើយើងបានមានបទពិសោធន៍អ្វីខ្លះមកពីការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
-
ជីវិតរបស់យើង ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ? តើអ្វីទៅដែលបានបំផុសគំនិតយើងនៅក្នុងការសិក្សាព្រះគម្ពីរនាសប្ដាហ៍នេះ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ពេលខ្លះយើងអាចមានអារម្មណ៍ថា បទបញ្ញត្តិរបស់ព្រះរឹតបន្ដឹងសិទ្ធិសេរីភាពរបស់យើង ហើយដាក់កម្រិតសិទ្ធិជ្រើសរើសរបស់យើង ។ ការពិតគឺថា បទបញ្ញត្តិពង្រីកសិទ្ធិសេរីភាពរបស់យើង ។ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៨–១០ យើងរៀនថា បទបញ្ញត្តិជួយយើងឲ្យយល់ពីព្រះទ័យរបស់ព្រះ ហើយពេលយើងគោរពតាមវា នោះសកម្មភាពរបស់យើងនឹង « បែរទៅរក [ យើង ] សម្រាប់សេចក្ដីសង្គ្រោះ [ យើង ] » ។ តាមពិតទៅ ពេលយើងគោរពតាមព្រះ នោះទ្រង់ « ជាប់សន្យា » ដើម្បីប្រទានពរជ័យទាំងអស់ដល់យើង ដូចទ្រង់បានសន្យា ( ខទី ៩–១០ ) ។ តើព្រះវរបិតាសួគ៌បានប្រទានពរដល់បងប្អូន កាលបងប្អូនបានគោរពតាមបទបញ្ញត្តិរបស់ទ្រង់ដោយរបៀបណា ? ដើម្បីរៀបចំខ្លួនបង្រៀន បងប្អូនអាចអានសារលិខិតរបស់អែលឌើរ ឌេល ជី រ៉េនឡាន់ « Abound with Blessings » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០–៧៣ ) ឬសញ្ជឹងគិតអំពីធនធានមួយចំនួននៅក្នុងអត្ថបទនៃសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការគោរពតាម » ( នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
រៀនជាមួយគ្នា
សមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចពិបាកនឹងគោរពតាមបទបញ្ញត្តិមួយចំនួន ។ ការជួយពួកគេឲ្យយល់ពីមូលហេតុដែលការគោរពតាមគឺសំខាន់ អាចបំផុសគំនិតពួកគេបាន ។ សូមសរសេរចំណងជើងនៃគម្រោងមេរៀននេះនៅលើក្ដារខៀន ហើយសូមឲ្យសមាជិកកូរ៉ុម ឬថ្នាក់ចែកចាយចម្លើយ ។ បងប្អូនអាចសូមឲ្យពួកគេរកមើលការយល់ដឹងបន្ថែមនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៨–១០ ដែលពួកគេអាចបានសិក្សានៅសប្ដាហ៍នេះ ។ រួចហើយ សូមជ្រើសរើសយកសកម្មភាពមួយ ឬច្រើនខាងក្រោមនេះដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ពីមូលហេតុដែលវាសំខាន់ដើម្បីគោរពតាមព្រះជានិច្ច ទោះជាពេលការធ្វើដូច្នោះវាពិបាកក្ដី ។
-
វាអាចងាយជាងដើម្បីគោរពតាមបទបញ្ញត្តិ ពេលយើងយល់ពីមូលហេតុនៅពីក្រោយនៃបទបញ្ញត្តិនោះ ។ ដើម្បីរៀនពីមូលហេតុដែលព្រះប្រទានបទបញ្ញត្តិដល់យើង នោះសមាជិកកូរ៉ុម ឬថ្នាក់អាចរំឭកសេចក្ដីយោងបទគម្ពីរនៅក្នុង « ធនធានគាំទ្រ » ( ធនធានផ្សេងទៀតដែលបងប្អូនគិតដល់ ) ។ តើបទគម្ពីរទាំងនេះអាចជួយយើង ពេលយើងគិតថាវាពិបាកនឹងគោរពតាមបទបញ្ញត្តិដោយរបៀបណា ? ជាផ្នែកមួយនៃការពិភាក្សានេះ បងប្អូនអាចអានរួមគ្នាក្នុងផ្នែកដែលមានចំណងជើងថា « ទីបួន កុំភ្លេច ‹ ហេតុអ្វី › នៃដំណឹងល្អ » នៅក្នុងសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Forget Me Not » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១២២ ) ។
-
កាលអស់អ្នកដែលបងប្អូនបង្រៀនយល់ពីគំរូនៃការគោរពតាមដ៏ឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ នោះពួកគេអាចមានការបំផុសគំនិតឲ្យគោរពតាមព្រះកាន់តែពេញលេញ ។ តើនៅពេលណាដែលព្រះយេស៊ូវគ្រីស្ទបានគោរពតាមព្រះវរបិតាទ្រង់ ទោះជាស្ថិតក្នុងកាលៈទេសៈពិបាកក្ដី ? ( សូមមើល ម៉ាថាយ ៤:១–១១; លូកា ២២:៣៩–៤៤ ) ។ គំរូរបស់បុរស និងស្ដ្រីដែលបានគោរពតាមអាចរកបាននៅក្នុង ហេព្រើរ ១១ ។ ប្រហែលកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចជ្រើសរើសគំរូទាំងនេះមួយណាក៏បាន—ឬ គំរូផ្សេងទៀតដែលពួកគេស្គាល់ រួមទាំងគំរូក្នុងក្រុមគ្រួសាររបស់ពួកគេផងដែរ—ហើយចែកចាយអ្វីដែលបំផុសគំនិតពួកគេអំពីមនុស្សទាំងនេះ ។ ហេតុអ្វីពួកគេជ្រើសរើសគោរពតាមព្រះអម្ចាស់ ? តើព្រះអង្គសង្គ្រោះជួយយើងតាមរបៀបណា នៅពេលយើងជ្រើសរើសគោរពតាមនោះ ?
-
ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យមើលទៅបទបញ្ញត្តិថាជាពរជ័យ ហើយមិនមែនជាបន្ទុកនោះ បងប្អូនអាចចែកចាយការបង្រៀនរបស់អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន ដែលមាននៅក្នុង « ធនធានគាំទ្រ » ។ បងប្អូនអាចបង្ហាញ ឬគូររូបភាពជណ្ដើរមួយ ហើយសូមឲ្យអស់អ្នកដែលបងប្អូនបង្រៀនសរសេរលើកាំនីមួយៗនូវបទបញ្ញត្តិមួយ ដែលអាចពិបាកសម្រាប់មនុស្សវ័យក្មេងម្នាក់យល់ ឬគោរពតាម ។ តើពាក្យសម្ដីរបស់អែលឌើរ គ្រីស្ដូហ្វឺសិន អាចជួយនរណាម្នាក់ ដែលពិបាកនឹងកាន់តាមបទបញ្ញត្តិដោយរបៀបណា ?
-
វីដេអូជាច្រើនដែលបង្រៀនអំពីការគោរពតាម អាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org និង លើកម្មវិធីបណ្ណាល័យដំណឹងល្អ ( សូមមើល « ធនធានគាំទ្រ » ) ។ បងប្អូនអាចចាត់ឲ្យសមាជិកក្នុងថ្នាក់ម្នាក់ៗមើលវីដេអូទាំងនេះមួយមុនពេលការប្រជុំ ហើយមកកាន់ថ្នាក់ដោយបានរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀនអំពីការគោរពតាម ។ ប្រហែលកូរ៉ុម ឬថ្នាក់អាចគ្រោងវីដេអូរបស់ពួកគេផ្ទាល់អំពីការគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ រួចហើយពួកគេអាចរៀបចំសកម្មភាពមួយ ដើម្បីធ្វើវីដេអូនោះ ហើយចែកចាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
នីហ្វៃទី១ ១៧:៣; ម៉ូសាយ ២:៤១; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០–២១ ( យើងមានពរជ័យ តាមរយៈការគោរពតាមបទបញ្ញត្តិទាំងឡាយ )
-
ចោទិយកថា ១០:១២–១៣; យ៉ូហាន ១៤:១៥; យ៉ូហានទី១ ៥:១–៣ ( យើងគោរពតាមបទបញ្ញត្តិ ដោយសារយើងស្រឡាញ់ព្រះ )
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២០ ( ការគោរពតាមអនុញ្ញាតឲ្យយើងទទួលបានភាពពេញលេញនៃព្រះ )
-
« ការគោរពប្រតិបត្តិ » នៅក្នុងជំពូកទី ៣ នៃសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ( ឆ្នាំ ២០១៩ ) ទំព័រ ៧៣
-
អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន បានបង្រៀន ៖ « មនុស្សមួយចំនួនមើលឃើញតែពលិកម្ម និងការដាក់កម្រិតក្នុងការគោរពប្រតិបត្តិតាមបទបញ្ញត្តិនៃសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលនេះ ប៉ុន្ដែអស់អ្នកដែលមានបទពិសោធន៍—ដែលប្រគល់ខ្លួនគេដោយសេរី និងដោយស្ម័គ្រចិត្តទៅតាមជីវិតនៃសេចក្ដីសញ្ញានោះ—នឹងរកឃើញសេរីភាព និងការបំពេញដ៏អស្ចារ្យជាងនេះ ។ នៅពេលយើងពិតជាយល់ដឹង នោះយើងព្យាយាមធ្វើតាមបទបញ្ញត្តិបន្ថែមទៀត មិនមែនបន្ថយទេ ។ ក្រឹត្យវិន័យ ឬបទបញ្ញត្តិថ្មីនីមួយៗដែលយើងរៀន និងរស់នៅតាមគឺដូចជាកាំជណ្ដើរបន្ថែមមួយ ឬជំហានលើជណ្ដើរមួយ ដែលធ្វើឲ្យយើងអាចឡើងទៅកាន់តែខ្ពស់ទៅៗ ។ ពិតណាស់ ជីវិតក្នុងដំណឹងល្អគឺជាជីវិតដ៏ល្អមួយ » ( « The Power of Covenants » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២៣ ) ។
-
វីដេអូ « The Sting of the Scorpion » « Stay within the Lines » « A Secure Anchor » « Shower of Heavenly Blessings » « Blessed and Happy Are Those Who Keep the Commandments of God » នៅលើគេហទំព័រ ChurchofJesusChrist.org