« ថ្ងៃទី ២៨ ខែ វិច្ឆិកា ។ តើយ៉ូសែប ស្ម៊ីធ បានជួយសម្រេចផែនការរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥–១៣៦ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ វិច្ឆិកា ។ តើយ៉ូសែប ស្ម៊ីធ បានជួយសម្រេចផែនការរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ វិច្ឆិកា
តើយ៉ូសែប ស្ម៊ីធ បានជួយសម្រេចផែនការរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់នៅក្នុងកូរ៉ុម ឬគណៈប្រធានថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្កើនសាមគ្គីភាពនៅក្នុងចំណោមសមាជិកកូរ៉ុម ឬថ្នាក់ ? តើយើងចង់ធ្វើការរួមគ្នាទៅលើគោលដៅអ្វី ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីចែកចាយដំណឹងល្អ ? តើយើងបានមានបទពិសោធន៍អ្វីខ្លះមកពីការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
-
ជីវិតរបស់យើង ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ? តើអ្វីទៅដែលបានបំផុសគំនិតយើងនៅក្នុងការសិក្សាព្រះគម្ពីរនាសប្ដាហ៍នេះ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
« យ៉ូសែប ស្ម៊ីធ ជាព្យាការី និងអ្នកមើលឆុតនៃព្រះអម្ចាស់ បានសម្រេចកិច្ចការច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះជាងមនុស្សផ្សេងៗទៀត ដែលធ្លាប់រស់នៅក្នុងលោកនេះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ) ។ នេះគឺជាសេចក្ដីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយអំពីតួនាទីរបស់ យ៉ូសែប ស៊្មីធ ។ តើបងប្អូនធ្លាប់គិតអំពីអត្ថន័យនៃសេចក្ដីថ្លែងការណ៍នេះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើជីវិតរបស់បងប្អូននឹងខុសប្លែកយ៉ាងដូចម្ដេច ប្រសិនបើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនត្រូវបានស្ដារឡើងវិញទេនោះ ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីជួយសមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យពង្រឹងនូវទីបន្ទាល់របស់ពួកគេទៅលើបេសកកម្មរបស់យ៉ូសែប ស៊្មីធ ?
នៅពេល ដែលបងប្អូនរៀបចំដើម្បីបង្រៀន សូមសិក្សាបន្ថែម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥, សូមពិចារណារំឭកឡើងវិញនូវសារលិខិតរបស់ប្រធាន អិម រ័សុល បាឡឺដ« Shall We Not Go On in So Great a Cause? » ( Liahona, ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨–១១ ) និង សារលិខិតរបស់ អែលឌើរ អិល អាន់ឌើរសិន« Joseph Smith » (Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨-៣១ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាអំពីរបៀបដែលយ៉ូសែប ស៊្មីធបានជួយសម្រេចផែនការរបស់ព្រះវរបិតាសួគ៌ បងប្អូនអាចចាប់ផ្ដើមដោយការរំឭកដល់អ្វីដែលសមាជិកក្នុងកូរ៉ុម ឬថ្នាក់បានរៀនអំពីព្យាការីចេញមកពីការអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥ នៅសប្ដាហ៍នេះ ។ ឧទាហរណ៍ ពួកគេអាចធ្វើបញ្ជីនៃសេចក្ដីពិតដែលពួកគេដឹងអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ដោយសារតែ យ៉ូសែប ស៊្មីធ ។ ហេតុអ្វីសេចក្ដីពិតនីមួយៗទាំងនេះមានសារៈសំខាន់នៅក្នុងផែនការនៃព្រះវរបិតាសួគ៌ ? សកម្មភាពខាងក្រោមនេះអាចជួយកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យយល់កាន់តែច្បាស់ពីតួនាទីរបស់ យ៉ូសែប ស៊្មីធនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។
-
ដើម្បីជួយសមាជិកក្នុងកូរ៉ុម ឬថ្នាក់ឲ្យរៀបចំខ្លួនជួយមនុស្សដទៃឲ្យយល់ពីសារៈសំខាន់របស់ព្យាការីយ៉ូសែប ពួកគេអាចអាន « ការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈយ៉ូសែប ស្ម៊ីធ » នៅក្នុងជំពូកទី ៣ នៃសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៣១–៤៦ ) បាន ។ ដោយធ្វើការជាដៃគូ ឬក្នុងក្រុមតូចៗ ពួកគេអាចរកឃើញចំណុច ដែលមើលទៅសំខាន់ដើម្បីចែកចាយជាមួយមនុស្សដទៃ ។ រួចហើយពួកគេអាចរៀនអនុវត្តការចែកចាយបទពិសោធន៍របស់ យ៉ូសែប ស៊្មីធ ជាមួយគ្នាជាសម្ដីរបស់ពួកគេផ្ទាល់ ។ សូមឲ្យពួកគេពិចារណាអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីចែកចាយសារលិខិតអំពីការស្ដារឡើងវិញ ។ ប្រហែលពួកគេអាចគិតដល់បុគ្គលជាក់លាក់ណាម្នាក់ ដែលពួកគេអាចចែកចាយនូវសារលិខិតនេះ ។ ពួកគេក៏អាចស្ម័គ្រចិត្តចង់ចែកចាយបទពិសោធន៍នានា នៅពេលពួកគេបានជួយនរណាម្នាក់ឲ្យរៀនអំពីយ៉ូសែប ស៊្មីធផងដែរ ។
-
សូមសមាជិកកូរ៉ុម ឬថ្នាក់ឲ្យស្រមៃថា មិត្តរបស់ពួកគេម្នាក់នៅឯព្រះវិហារបាននិយាយថា « ខ្ញុំមិនប្រាកដថា ខ្ញុំមានទីបន្ទាល់អំពីយ៉ូសែប ស៊្មីធនោះទេ ។ តើឯងដឹងថា លោកជាព្យាការីតាមរបៀបណា ? » តើយើងនឹងឆ្លើយយ៉ាងដូចម្ដេច ? តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ យ៉ូសែប ស្ម៊ីធនៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៨–១៩ អំពីរបៀបដែលយើងអាចទទួលបាន ឬពង្រឹងនូវទីបន្ទាល់របស់យើង ? សូមឲ្យសមាជិកកូរ៉ុម ឬថ្នាក់ធ្វើបញ្ជីមួយអំពីរបៀបដើម្បីពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស៊្មីធ ហើយម្នាក់ៗជ្រើសរើសចំណុចមួយដែលពួកគេចង់ធ្វើនៅសប្ដាហ៍នេះ ។
-
ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យយល់កាន់តែច្បាស់ពីកិច្ចការដែលព្រះបានសម្រេចតាមរយៈ យ៉ូសែប ស៊្មីធ នោះបងប្អូនអាចអញ្ជើញពួកគេឲ្យអាន ទំព័រ ៤៨–៥៣ នៃសៀវភៅ Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ឬមើលវីដេអូមួយ ឬច្រើននៅក្នុង « ធនធានគាំទ្រ » ។ ពួកគេអាចរើសយកគោលលទ្ធិ និងការអនុវត្តមួយ ឬច្រើនដូចដែលបានបង្ហាញនៅក្នុងធនធានទាំងនេះ ដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។ ពួកគេអាចពន្យល់ពីមូលហេតុដែលពួកគេមានអំណរគុណ ដែលព្រះអម្ចាស់បានស្ដារការណ៍ទាំងនេះឡើងវិញតាមរយៈ យ៉ូសែប ស៊្មីធ ។ ពួកគេក៏អាចរីករាយនឹងការសរសេរកំណត់ចំណាំមួយផងដែរ ដែលបង្ហាញការដឹងគុណរបស់ពួកគេចំពោះកិច្ចការរបស់ យ៉ូសែប ស៊្មីធ ដែលបានជួយនាំពួកគេឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ ពួកគេក៏អាចសញ្ជឹងគិតពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែពេញលេញនៃពរជ័យ ដែលព្រះអម្ចាស់បានធ្វើឲ្យកើតមានតាមរយៈ យ៉ូសែប ស៊្មីធផងដែរ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងត្រូវធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៧–១៨ ( តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានស្ដារភាពពេញលេញនៃដំណឹងល្អឡើងវិញ )
-
រ័សុល អិម ណិលសុន « ព្រះគម្ពីរមរមន ៖ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មានគម្ពីរនេះ ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣
-
( វីដេអូ ) « Teachings of Joseph Smith: The Nature of God » « Ministry of Joseph Smith: The Book of Mormon » « Ministry of Joseph Smith: The Organization of the Church » « Ministry of Joseph Smith: The Restoration of Priesthood Authority » « Ministry of Joseph Smith: Temples » នៅលើគេហទំព័រ ChurchofJesusChrist.org