ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១១ ខែ មិថុនា ។ តើ​ខ្ញុំ​អាច​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? យ៉ូហាន ១៤–១៧


« ថ្ងៃទី ១១ ខែ មិថុនា ។ តើ​ខ្ញុំ​អាច​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? យ៉ូហាន ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១១ ខែ មិថុនា ។ តើ​ខ្ញុំ​អាច​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? » ចូរមកតាមខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិឆ្នាំ ២០២៣

យុវនារី​កំពុង​អធិស្ឋាន

ថ្ងៃទី ១១ ខែ មិថុនា

តើ​ខ្ញុំ​អាច​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

យ៉ូហាន ១៤–១៧

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​មាន​នរណា​ម្នាក់​ត្រូវការ​ជំនួយ និង​ការអធិស្ឋាន​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​មាន​ចំណាប់​អារម្មណ៍​ដើម្បី​ជួយ​ពួកគេ​យ៉ាង​ណា ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ក្លាយ​ជា​ពន្លឺ​បំភ្លឺ​ដល់​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ដែល​ពុំមាន​សេចក្តីជំនឿ​ដូច​យើង​យ៉ាង​ដូចម្តេច ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​កាន់​តែ​ច្រើន​ចំពោះ​ក្រុមគ្រួសារ​របស់យើង និង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ដ៏​វិជ្ជមាន​នៅក្នុង​ផ្ទះ​យើង​យ៉ាង​ដូចម្តេច ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ផ្លែឈើ​មិនអាច​ដុះ​នៅលើ​មែក​ដែល​បែក​ចេញពី​ដើម​របស់​វា​បានឡើយ ។ តាម​របៀប​ដូចគ្នា​នេះដែរ យើង​មិនអាច​រីកចម្រើន​ខាង​វិញ្ញាណ​ឡើយ ប្រសិនបើ​យើង​បែកចេញ​ពី​ព្រះ​ខាងវិញ្ញាណ​នោះ ( សូមមើល យ៉ូហាន ១៥:៤–៦ ) ។ ទោះយ៉ាង​ណា​ក៏ដោយ មាន​ការជ្រៀតជ្រែក​ជាច្រើន​ដែល​ព្យាយាម​បំបែក​យើង​ចេញ​ពី​ទ្រង់—ជួនកាល​ភាពឆ្មើងឆ្មៃ​របស់​យើង​ផ្ទាល់ ឬ​ជម្រើស​មិន​ល្អ ប៉ុន្តែ​ជា​រឿយៗ​គ្រាន់តែ​ជា​លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់​ប៉ុណ្ណោះ ។ នៅពេល​ដែល​ព្រះ​យេស៊ូវ​បាន​ជួប​ជាមួយ​ពួក​សិស្ស​របស់ទ្រង់​ជាលើក​ចុងក្រោយ​ក្នុង​ព្រះជន្ម​រមែងស្លាប់ ទ្រង់​បាន​ជ្រាប​ថា​ទ្រង់​នឹង​បែកចេញ​ពី​ពួកគេ​ក្នុង​ពេល​ឆាប់ៗ ។ ដូច្នេះ​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​នៃ​ការរក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទ្រង់ និង​ព្រះវរបិតា​ទ្រង់—គឺ​ការរួបរួម​ជាមួយ​នឹង​ពួកគេ ដូច​ជា​មែក​មួយ​ទៅ​នឹង​ដើមឈើ​មួយ​ដែរ ។ ទ្រង់​បាន​ហៅ​ការណ៍​នេះ​ថា « នៅជាប់ » នឹង​ទ្រង់ ។ ហើយ​ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់ទ្រង់​ពី​របៀប​ធ្វើ​ការណ៍​នេះ ។ សំខាន់បំផុត តាមរយៈ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ទ្រង់​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​នោះ​អាចកើតឡើង​បាន ។

សូម​ពិចារណា​ពី​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​កាល​បងប្អូន​សិក្សា យ៉ូហាន ១៤–១៧ ។ សូម​គិត​ផងដែរ​អំពី​មនុស្ស​ដែល​បងប្អូន​បង្រៀន និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ខិត​កាន់តែ​ជិត​ព្រះ ។ តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ? បងប្អូន​អាច​គិត​ពិចារណា​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦២–៦៨ កាល​បងប្អូន​រៀបចំខ្លួន​ដើម្បី​បង្រៀន ។

រៀន​ជាមួយគ្នា

សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​បំផុសគំនិត​ដល់​យុវវ័យ​ឲ្យ​ពិភាក្សា​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​អំពី​ដើម​ទំពាំងបាយជូរ និង​ខ្នែង​នៅក្នុង យ៉ូហាន ១៥:១–១២ ។ ប្រហែល​ជា​បងប្អូន​អាច​ប្រើ​គំនូរ រូបភាព ឬ​ខ្នែង​ជាក់ស្តែង​មួយ​ដើម្បី​ជួយ​ពួកគេ​ស្រមៃ​ឃើញ​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។ បងប្អូន​អាច​ស្នើសុំ​ឲ្យ​ពួកគេ​និយាយ​អំពី​គ្រា​ដែល​ពួកគេ​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ—ឬ​គ្រា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ​ពី​ទ្រង់​ទាំងទ្វេ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​អាច​នៅ​ជិតទ្រង់​ទាំងទ្វេ ? សកម្មភាព​ដូចតទៅនេះ អាច​ជួយ​បន្ត​ការសន្ទនា​នេះ​បាន ។

  • វា​អាច​នឹង​មាន​តម្លៃ​ក្នុងការ​ចំណាយ​ពេល​ខ្លះៗ​ដើម្បី​ស្រាវជ្រាវ​​សំណួរ « តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? » បងប្អូន​អាច​សរសេរ​សំណួរនេះ​នៅលើ​ក្ដារខៀន ហើយ​សួររក​ចម្លើយ ។ បន្ទាប់មក ប្រហែល​ជា​បងប្អូន​អាច​និយាយ​អំពី​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​សមាជិក​គ្រួសារ ។ តើ​ការណ៍​នេះ​ដូច​គ្នា​—ហើយ​ខុសគ្នា—ពី​របៀប​ដែល​យើង​បង្កើត​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​ជិតស្និទ្ធ​នឹង​ទ្រង់ និង​ព្រះ​វរបិតា​ទ្រង់​យ៉ាង​ដូចម្តេច ? សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​អាន​ខគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » ដើម្បី​ជួយ​ពួកគេ​ឆ្លើយ​សំណួរ​នេះ ។ យុវវ័យ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសិក្សា​ខគម្ពីរ​ទាំងនេះ​ជា​ដៃគូ និង​ការចែកចាយ​អ្វី​ដែល​ពួកគេ​រៀន ។

  • គ្មាន​នរណា​ដែល​នៅជិត​នឹង​ព្រះ​ជា​ព្រះវរបិតា​ជាង​ព្រះ​រាជបុត្រា​ស្ងួនភ្ញា​ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ ។ តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ព្រះអង្គ​សង្រ្គោះ​អំពី​ការខិតជិត​នឹង​ព្រះ ? សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​សញ្ជឹងគិត​សំណួរ​នេះ​កាល​ដែល​ពួកគេ​អាន លូកា ២២:៤១–៤៣; យ៉ូហាន ៦:៣៨; ១៧:៣, ២០–២៣; នីហ្វៃទី ៣ ១១:១១; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:៤៣ ។ តើ​យើង​អាច​ក្លាយ​ជា​តែ​មួយ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • នៅក្នុង​សារលិខិត​របស់​លោក « ព្រះអង្គ​សង្រ្គោះ​ផ្ទាល់​របស់​យើង » អែលឌើរ ម៉ៃឃល ចន យូ ថេ នឹកឃើញ​គ្រាមួយ​ដែល​លោក​បានដឹង​ថា « អ្វី​ដែលខ្ញុំ​ដឹង​អំពី​ព្រះអង្គ​សង្គ្រោះ​មាន​ទម្ងន់​ច្រើន​ជាង ខ្ញុំ​ស្គាល់​ទ្រង់​ដោយពិត » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩ ) ។ បងប្អូន​អាច​ស្នើសុំ​ឲ្យ​សមាជិកថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ពិភាក្សា​ពី​ភាពខុសគ្នា​រវាង​ការដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការស្គាល់​ទ្រង់​ពិតប្រាកដ ។ ពួកគេ​អាច​និយាយ​អំពី​អ្វី​ដែល​ពួកគេ​កំពុងធ្វើ​ដើម្បី​ដឹង​អំពី​ទ្រង់ និង​អ្វី​ដែល​ពួកគេ​កំពុងធ្វើ​ដើម្បី​ស្គាល់​ទ្រង់​ពិតប្រាកដ ។ បន្ទាប់មក​ពួកគេ​អាច​ស្វែងរក​ផ្នែក​នៃ​សារលិខិត​របស់​អែលឌើរ ថេ ដើម្បី​ស្វែងរក​ដំបូន្មាន​ដែល​លោក​បាន​ផ្តល់​ឲ្យ អំពី​ការមក​ស្គាល់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ពិតប្រាកដ ។ តើ​ជីវិតយើង​មាន​ពរ​ដោយ​របៀប​ណា​តាមរយៈ​ការខិតខំ​ស្គាល់​ទ្រង់ ?

  • នៅក្នុង​វីដេអូ « He Knows Me » យុវវ័យ​ពីរ​នាក់​មកពី​ប្រទេស ហ្គាណា បាន​ពិពណ៌នា​ពី​ការខិតខំ​របស់​ពួកគេ​ដើម្បី​ខិតទៅ​ជិត​ព្រះ ។ ប្រហែល​ជា​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​មើល​វីដេអូ ហើយ​កាល​ដែល​ពួកគេ​មើល​វីដេអូ សូម​ធ្វើ​បញ្ជី​ពី​គំនិត​ដែល​វា​ផ្តល់​ឲ្យ​ពួកគេ អំពី​របៀប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វីមួយ​ចេញពី​បញ្ជី​របស់​ពួកគេ ។ ប្រសិនបើ​អាច​ធ្វើ​បាន ពួកគេ​អាច​នឹង​រីករាយ​ក្នុង​ការបង្កើត​វីដេអូ​ខ្លីៗ​របស់​ពួកគេ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ពួកគេ​ខិតទៅ​ជិត​ព្រះ ។

យុវនារី​កំពុង​អាន​ព្រះគម្ពីរ

កាល​ដែល​យើង​មក​ស្គាល់​ព្រះអង្គ​សង្រ្គោះ និង​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ នោះ​យើង​នៅជាប់​នឹង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១៥:១០ ) ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្រ្គោះ​បាន​រៀបចំ​សម្រាប់​ការងារបម្រើ​របស់ទ្រង់​នៅលើ​ផែនដី​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារ​ដើម្បី​ទ្រង់​អាច​ខិត​ទៅជិត​ព្រះវរបិតា​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ៤:១–២; លូកា ៤:១–២ ) ។ នៅពេល​បងប្អូន​រៀបចំ​បង្រៀន សូម​ចំណាយពេល​ដើម្បី​ស្វែងរក​ការណែនាំ​របស់​ព្រះវរបិតា​សួគ៌ សម្រាប់​បងប្អូន​បង្រៀន​បុត្រាបុត្រី​របស់​ទ្រង់ !