« ថ្ងៃទី ២៧ ខែ សីហា ។ តើខ្ញុំអាចបង្ហាញថាខ្ញុំដឹងថារូបកាយរបស់ខ្ញុំជាអំណោយទានពិសិដ្ឋមកពីព្រះដោយរបៀបណា ? កូរិនថូស ទី២ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៧ ខែ សីហា ។ តើខ្ញុំអាចបង្ហាញថាខ្ញុំដឹងថារូបកាយរបស់ខ្ញុំជាអំណោយទានពិសិដ្ឋមកពីព្រះដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ សីហា
តើខ្ញុំអាចបង្ហាញថាខ្ញុំដឹងថារូបកាយរបស់ខ្ញុំជាអំណោយទានពិសិដ្ឋមកពីព្រះដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបាននាំយើងឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើថ្មីៗនេះមានមនុស្សម្នាក់ដែលទើបប្ដូរចូលមកក្នុងវួដរបស់យើង ឬទើបចូលក្នុងសាសនាចក្រដែរឬទេ ? តើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ស្វាគមន៍ដោយរបៀបណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានសកម្មភាពអ្វីខ្លះដែលនឹងកើតមានឡើង ដែលយើងអាចអញ្ជើញមិត្តរបស់យើងឲ្យចូលរួមបាន ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចប្រឹងប្រែងធ្វើអ្វីខ្លះ ដើម្បីកត់ត្រាប្រវត្តិផ្ទាល់ខ្លួនរបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ទាំងល្អ និងទាំងអាក្រក់ពួកបរិសុទ្ធថ្ងៃចុងក្រោយហាក់ដូចជាមានប្រជាប្រិយភាពចំពោះអ្វីដែលយើងមិនបានធ្វើ ។ អ្វីៗទាំងនោះភាគច្រើន « មិន » ទាក់ទងនឹងរបៀបដែលយើងប្រព្រឹត្តចំពោះរូបកាយយើងឡើយ ។ នៅពីក្រោយការជ្រើសរើសនីមួយៗទាំងនោះអំពីកិច្ចការដែលត្រូវធ្វើ គឺជាសេចក្ដីពិតមួយចំនួនដ៏នៅអស់កល្បជានិច្ច—គឺជាអ្វីដែលយើងដឹង ។ នៅពេលសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចដឹកនាំការជ្រើសរើសរបស់យើង នោះការជ្រើសរើសទាំងនោះនឹងមានភាពងាយស្រួល ពេញដោយអំណរ និងអាចស៊ូទ្រាំកាន់តែច្រើន ។ សេចក្ដីពិតដ៏នៅអស់កល្បជានិច្ចក៏ជួយយើងឲ្យពន្យល់ពី ការជ្រើសរើសរបស់យើងប្រាប់ទៅមិត្តភក្ដិរបស់យើងផងដែរ ។ ប្រហែលជាលើសពីការដឹងនូវអ្វីដែលយើងមិនគួរធ្វើ នោះយើងអាចស្គាល់កាន់តែច្បាស់នូវអ្វីដែលយើងដឹង ។
សូមគិតពីសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ដែលបងប្អូនដឹងអំពីរូបកាយរបស់យើង—ហេតុផលដែលយើងមានវា ព្រះទ័យរបស់ព្រះចំពោះវា និងរបៀបដែលទ្រង់សព្វព្រះទ័យឲ្យយើងគិតចំពោះវា ។ តើការដឹងពីសេចក្ដីពិតទាំងនេះបានផ្ដល់ពរជ័យដល់បងប្អូន និងជះឥទ្ធិពលដល់ការជ្រើសរើសរបស់បងប្អូនយ៉ាងដូចម្ដេច ? តើចំណេះដឹងនេះអាចផ្ដល់ពរជ័យដល់សមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនដោយរបៀបណា ? នៅពេលបងប្អូនពិចារណាពីចំណុចនេះ សូមអាន លោកុប្បត្តិ ១:២៧; កូរិនថូសទី១ ៦:១៩–២០ និងអត្ថបទរបស់ប្រធាន រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » ( Liahona ខែសីហា ឆ្នាំ ២០១៩ ទំព័រ ៥០–៥៥ ) ។
រៀនជាមួយគ្នា
នៅពេលសមាជិកថ្នាក់ ឬកូរ៉ុមរបស់អ្នកបានសិក្សាបទគម្ពីរសប្ដាហ៍នេះ ពួកគេអាចនឹងមានគំនិតអំពីការបង្រៀនរបស់ប៉ុលស្ដីពីរូបកាយរបស់យើងនៅក្នុងកូរិនថូសទី ១ ៦ ។ វិធីមួយដើម្បីអញ្ជើញពួកគេឲ្យចែកចាយគំនិតទាំងនោះ គឺឲ្យក្រដាសពួកគេមួយសន្លឹក ហើយសុំឲ្យពួកគេសរសេរចម្លើយយ៉ាងហោចណាស់បីចំពោះសំណួរនេះ « តើរូបកាយរបស់យើងប្រៀបដូចជាព្រះវិហារបរិសុទ្ធដោយរបៀបណា ? » សូមលើកទឹកចិត្តពួកគេឲ្យអាន កូរិនថូស ទី១ ៦:១៩–២០ នៅពេលពួកគេពិចារណាពីសំណួរនេះ ។ បន្ទាប់មកពួកគេអាចចែកចាយចម្លើយរបស់ពួកគេជាមួយនឹងគ្នា ។ តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីរូបកាយរបស់យើង ជះឥទ្ធិពលដល់ការជ្រើសរើសរបស់យើងដោយរបៀបណា ? នេះគឺជាគំនិតសកម្មភាពមួយចំនួនអំពីប្រធានបទនេះ សូមជ្រើសយកសកម្មភាពទាំងនេះ ឬដាក់ផែនការសកម្មភាពមួយរបស់បងប្អូនផ្ទាល់ ។
-
ប្រសិនបើអ្នកចង់មានការពិភាក្សាបន្ថែមទៀត អំពីការប្រៀបធៀបរបស់ប៉ុលរវាងរូបកាយ និងព្រះវិហារបរិសុទ្ធ សូមពិចារណាបង្ហាញរូបភាពព្រះវិហារបរិសុទ្ធផ្សេងៗ ។ បងប្អូនអាចស្វែងរករូបភាពមួយចំនួននៅលើគេហទំព័រ temples.ChurchofJesusChrist.org ។ សមាជិកថ្នាក់ ឬកូរ៉ុមអាចពិភាក្សាពីភាពខុសគ្នា ដែលពួកគេមើលឃើញនៅក្នុងព្រះវិហារបរិសុទ្ធទាំងនេះ រួមទាំងអ្វីៗដែលវាមានភាពដូចគ្នាផងដែរ ។ ពួកគេក៏អាចនិយាយពីអារម្មណ៍របស់ពួកគេ ពេលនៅក្នុងព្រះវិហារបរិសុទ្ធមួយផងដែរ ។ តើអ្វីទៅដែលធ្វើឲ្យព្រះវិហារបរិសុទ្ធជាកន្លែងដ៏ពិសិដ្ឋខាងវិញ្ញាណបែបនេះ ? បន្ទាប់មកបងប្អូនអាចលើកទឹកចិត្តថ្នាក់ ឬកូរ៉ុមឲ្យភ្ជាប់អ្វីៗដែលពួកគេបានពិភាក្សាអំពីព្រះវិហារបរិសុទ្ធទៅនឹងរូបកាយរបស់យើង ។ តើការបង្រៀនអំពីព្រះវិហារបរិសុទ្ធនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៦; ១០៩:៨, ១២ អាចទាក់ទងទៅនឹងរូបកាយរបស់យើងយ៉ាងដូចម្តេច ?
-
សមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនទំនងជាធ្លាប់—ឬនឹងមាន—ឱកាសពន្យល់ពី ហេតុផលដែលពួកគេធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ អំពីការមើលថែរូបកាយរបស់ពួកគេ ។ ឧទាហរណ៍ បងប្អូនអាចសួរពួកគេមួយចំនួនថា តើពួកគេនឹងនិយាយអ្វីខ្លះ ប្រសិនបើមនុស្សម្នាក់បានសួរពួកគេពី ហេតុផលដែលពួកគេមិនផឹកគ្រឿងស្រវឹង តែ ឬកាហ្វេ ឬហេតុផលដែលពួកគេមិនស្លៀកពាក់សម្លៀកបំពាក់ជាក់លាក់មួយចំនួន ។ តើសេចក្ដីពិតមួយចំនួនមកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលជះឥទ្ធិពលដល់ការប្រព្រឹត្តរបស់យើង ចំពោះរូបកាយយើងមានអ្វីខ្លះ ? សមាជិកថ្នាក់ ឬកូរ៉ុមអាចរកមើលសេចក្ដីពិតទាំងនេះមួយចំនួនក្នុង « ធនធានគាំទ្រ » ។
-
ដើម្បីជួយយុវវ័យដែលបងប្អូនបង្រៀនឲ្យមានគារវភាពកាន់តែខ្លាំងចំពោះរូបកាយដ៏ស្រស់ស្អាតរបស់យើង នោះបងប្អូនអាចបង្ហាញវីដេអូ « God’s Greatest Creation » ( សូមមើលផងដែរ រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » ទំព័រ ៥០–៥៥ ) ។ តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងគិតបែបណាចំពោះរូបកាយរបស់យើង ? បងប្អូនក៏អាចពិភាក្សាពីវិធីមួយចំនួន ដែលសាតាំងព្យាយាមអូសទាញយើង មិនឲ្យតម្លៃ ឬថែមទាំងស្អប់ដល់រូបកាយរបស់យើងផងដែរ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីយកឈ្នះលើការកុហក និងការល្បួងរបស់វា ? តើសេចក្ដីពិតអ្វីខ្លះដែលនឹងជួយយើង ? ធនធានមួយចំនួនដែលមាននៅ « ធនធានគាំទ្រ » អាចមានប្រយោជន៍ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
លោកុប្បត្តិ ១:២៧; កូរិនថូស ទី១ ៦:១៩–២០; អាលម៉ា ១១:៤២–៤; ៤០:២៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩; ១៣០:២២
-
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក» ជាពិសេសនៅកថាខណ្ឌបីដំបូង
-
« ព្រះបានប្រទានវិហារឲ្យខ្ញុំ » សៀវភៅចម្រៀងកុមារ ទំព័រ ៧៣
-
អត្ថបទអំពីរូបកាយរបស់យើងនៅក្នុងទស្សនាវដ្ដី New Era ឬ លីអាហូណាខែ សីហា ឆ្នាំ ២០១៩
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះបានអនុញ្ញាតឲ្យយើងបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការប្រែក្លាយកាន់តែដូចជាទ្រង់ ដោយការប្រទានអំណោយទានជារូបរាងកាយដល់យើង ។ សាតាំងយល់អំពីរឿងនេះ ។ … ដូច្នេះមានការល្បួងជាច្រើន បើមិនទាំងអស់ទេនោះ វាបានដាក់ការល្បួងលើផ្លូវរបស់យើងដែលបណ្ដាលឲ្យយើងបំពានលើរូបរាងកាយរបស់យើង និងរូបរាងកាយរបស់អ្នកដទៃ ។ … រូបកាយរបស់បងប្អូនគឺជាព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់បងប្អូន ដែលបានបង្កើតឡើងជាដំណាក់ខាងវិញ្ញាណដ៏អស់កល្បជានិច្ចរបស់បងប្អូន [ សូមមើល កូរិនថូសទី១ ៣:១៦–១៧; ៦:១៨–២០ ] ។ ការមើលថែព្រះវិហារបរិសុទ្ធរបស់បងប្អូននោះគឺសំខាន់ ។ ឥឡូវនេះ… ខ្ញុំសូមសួរបងប្អូនថា តើបងប្អូនចាប់អារម្មណ៍ចំពោះការស្លៀកពាក់ និងការតុបតែងខ្លួនខាងរូបកាយតាមរបៀបលោកិយ ច្រើនជាងធ្វើឲ្យព្រះសព្វព្រះទ័យដែរឬទេ ? ចម្លើយរបស់បងប្អូនចំពោះសំណួរនេះផ្ញើសារទៅទ្រង់ផ្ទាល់អំពីអារម្មណ៍របស់បងប្អូន ទាក់ទងទៅនឹងអំណោយដ៏អស្ចារ្យរបស់ទ្រង់ដល់បងប្អូន » ( « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ) ។
-
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « អ្នកដែលជឿថា រូបកាយរបស់យើងគ្មានអ្វីលើសពីលទ្ធផលនៃឱកាសវិវត្តន៍នោះ នឹងគ្មានអារម្មណ៍ថា មានការទទួលខុសត្រូវចំពោះព្រះ ឬនរណាម្នាក់ផ្សេងទៀតចំពោះអ្វីដែលពួកគេធ្វើជាមួយ ឬចំពោះរូបកាយរបស់ពួកគេឡើយ ។ ទោះជាយ៉ាងណា យើងមានសាក្សីអំពីជីវិតពិតដ៏ទូលំទូលាយនៃជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងភាពអស់កល្បនៃជីវិតក្រោយពីជីវិតរមែងស្លាប់ត្រូវតែទទួលស្គាល់ថា យើងមានករណីយកិច្ចចំពោះព្រះ ដោយគោរពចំពោះការសម្រេចបានដ៏អស្ចារ្យនៃការបង្កបង្កើតរូបកាយរបស់ទ្រង់នេះ ។ … ដោយសាររូបកាយរបស់យើងគឺជាឧបករណ៍នៃវិញ្ញាណរបស់យើង នោះវាជាការសំខាន់ដែលយើងមើលថែវាឲ្យអស់ពីលទ្ធភាព ។ យើងគួរទុកអំណាចរបស់វាប្រើដើម្បីបម្រើ និងបន្តកិច្ចការនៃព្រះគ្រីស្ទ » ( « Reflections on a Consecrated Life » Liahona ខែ វិច្ឆិកា ឆ្នាំ២០១០ ទំព័រ ១៧ ) ។