« ថ្ងៃទី ១៣ ខែ សីហា ។ តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យផ្លាស់ប្តូរដោយរបៀបណា ? រ៉ូម ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៣ ខែ សីហា ។ តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យផ្លាស់ប្ដូរដោយរបៀបណា ? » ចូរមកតាមខ្ញុំ — សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ១៣ ខែ សីហា
តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យផ្លាស់ប្តូរដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើយើងកំពុងស្វែងរកអំណរក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើនរណានៅក្នុងវួដ ឬសហគមន៍របស់យើងត្រូវការជំនួយរបស់យើង ? តើយើងអាចជួយពួកគេបានយ៉ាងដូចម្ដេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចជួយគ្នាទៅវិញទៅមករៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាយ៉ាងដូចម្តេច ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចរួមចំណែកនៅក្នុងកិច្ចខិតខំរបស់វួដយើងដើម្បីធ្វើកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធយ៉ាងដូចម្តេច ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
« ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជា ដំណឹងល្អនៃការផ្លាស់ប្ដូរ ! » រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ( Decisions for Eternity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៨ ) ។ ស្រដៀងគ្នានេះដែរ សាវកប៉ុលបានពន្យល់ថា ពេលយើងទទួលពិធីបុណ្យជ្រមុជទឹក នោះយើង « ដើរក្នុងជីវិតបែបថ្មី » ( រ៉ូម ៦:៤ ) ។ ជារៀងរាល់ថ្ងៃ ដោយសារតែព្រះយេស៊ូវគ្រីស្ទ—មិនមែនគ្រាន់តែនៅថ្ងៃដែលយើងទទួលពិធីបុណ្យជ្រមុជទឹកប៉ុណ្ណោះទេ—អាចនាំមកនូវ « ជីវិតបែបថ្មី » ឬឱកាសមួយដើម្បីដើរចេញឲ្យឆ្ងាយពីអំពើបាប និងមកជិតនឹងព្រះ ។ ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានន័យថា ការប្រែចិត្ត ហើយរីកចម្រើនខិតទៅជិតព្រះ—ជួនកាល ដោយសន្សឹមៗ—ដោយដឹងថា ការខិតខំរបស់យើងនឹងដឹកនាំយើងទៅរកភាពពេញលេញនៃអំណរ ។
សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះកំពុងផ្លាស់ប្ដូរបងប្អូន និងសមាជិកដែលបងប្អូនបង្រៀន ។ តើបងប្អូនអាចទទួលបានព្រះចេស្ដាដ៏ពេញលេញរបស់ព្រះអង្គសង្គ្រោះ ដើម្បីផ្លាស់ប្ដូរបងប្អូនដោយរបៀបណា ? សូមគិតអំពីរឿងនេះនៅពេលបងប្អូនអាន រ៉ូម ១–៦ និងនៅពេលបងប្អូនរៀបចំខ្លួនបង្រៀន ។ បងប្អូនក៏អាចមើលឡើងវិញនូវសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « We Can Do Better and Be Better » ( Liahona ខែឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩ ) ឬសារលិខិតរបស់ ស៊ីស្ទើរ បែកឃី ក្រាវីន « Keep the Change » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨–៦០ ) ។
រៀនជាមួយគ្នា
ចំពោះយើងមួយចំនួន « ជីវិតបែបថ្មី » ដែលព្រះគ្រីស្ទប្រទានឲ្យ ( រ៉ូម ៦:៤ ) គឺពិបាកដឹងណាស់ ដោយសារវាកើតឡើងបន្តិចម្ដងៗ តែចំពោះមនុស្សផ្សេងទៀត ការផ្លាស់ប្ដូរនេះកើតឡើងយ៉ាងលឿន ។ បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមឲ្យចែកចាយអំពីអត្ថន័យនៃការ « ដើរក្នុងជីវិតបែបថ្មី » ចំពោះពួកគេ ។ តើពាក្យ និងឃ្លាណាខ្លះនៅក្នុង រ៉ូម ៦ ដែលពិពណ៌នាអំពីជីវិតរបស់យើងដែលមាន និងគ្មានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ? ( ប្រសិនបើយុវវ័យត្រូវការជំនួយ នោះពួកគេអាចមើលនៅក្នុង ខទី ៦, ១១, ២២–២៣ ) ។ តើពាក្យ និងឃ្លាណាទៀត ដែលយើងអាចគិតឃើញ ? តើព្រះអង្គសង្រ្គោះស្ម័គ្រព្រះទ័យជួយផ្លាស់ប្ដូរយើងដោយរបៀបណា ? សកម្មភាពដូចតទៅនេះ អាចដឹកនាំទៅរកការពិភាក្សាដ៏ស៊ីជម្រៅអំពីប្រធានបទនេះ ។
-
ដើម្បីជួយថ្នាក់ ឬកូរ៉ុមឲ្យគិតពីការផ្លាស់ប្ដូរដែលព្រះអង្គសង្គ្រោះអាចជួយពួកគឲ្យធ្វើ សូមអញ្ជើញពួកគេឲ្យអាននិយមន័យពាក្យ « ប្រែចិត្ត, ការប្រែចិត្ត » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ ពួកគេក៏អាចពិភាក្សាអំពីនិយមន័យរបស់ប្រធាន រ័សុល អិម ណិលសុន អំពីការប្រែចិត្តនៅក្នុងកថាកណ្ឌប្រាំពីរដំបូងនៃសារលិខិតរបស់លោក « We Can Do Better and Be Better » ។ តើយើងរៀនសេចក្ដីពិតដ៏សំខានា់អ្វីខ្លះអំពីការប្រែចិត្តមកពីនិយមន័យទាំងនេះ ? បងប្អូនក៏អាចទុកពេលឲ្យសមាជិកថ្នាក់ ឬកូរ៉ុមពិចារណានូវបញ្ជីរបស់ប្រធានណិលសុន អំពីរឿងដែលព្រះយេស៊ូវបង្គាប់ឲ្យយើងផ្លាស់ប្ដូរ ( នៅក្នុង កថាកណ្ឌទីប្រាំ នៃសារលិខិតរបស់លោក ) ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរអ្វីមួយជាក់លាក់ដែលពួកគេត្រូវបានបំផុសគំនិតឲ្យផ្លាស់ប្ដូរ ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយយើងឲ្យប្រែចិត្ត និងផ្លាស់ប្ដូរ ។
-
ស៊ីស្ទើរ បែកឃី ក្រាវីន បានមានប្រសាសន៍ថា ពេលខ្លះ មិត្តពីមុនរបស់គាត់បាននិយាយថា « ឯងមិនប្លែកអីសោះ ! » បងប្អូនអាចចែកចាយពាក្យសម្ដីរបស់ស៊ីស្ទើរ ក្រាវិន អំពីបញ្ហានេះ ( សូមមើល « Keep the Change » ៥៩–៦០ ) ។ សូមស្នើឲ្យសមាជិកថ្នាក់ ឬកូរ៉ុមនឹកស្រមៃថា នៅប្រាំ ឬដប់ឆ្នាំទៀត ពួកគេបានជួបនឹងមិត្តចាស់របស់ពួកគេម្នាក់ ។ តើមានការផ្លាស់ប្ដូរអ្វីខ្លះដែលមិត្តអ្នកអាចឃើញជាក់ច្បាស់អំពីអ្នក ? តើយើងសង្ឃឹមថា យើងនឹងមានការផ្លាស់ប្ដូរយ៉ាងដូចម្ដេច ? តើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យផ្លាស់ប្ដូរដោយរបៀបណា ? ( សូមមើល ម៉ូសាយ ៥:២-៥, ៧; អាលម៉ា ៥:១១–១៣; អេធើរ ១២:២៧ ឬ « គន្លងជាបន្តបន្ទាប់សម្រាប់ការផ្លាស់ប្ដូរ » ដែលស៊ីស្ទើរ ក្រាវិនបានពិពណ៌នានៅក្នុងកថាកណ្ឌទីបួន នៃសារលិខិតរបស់គាត់ដោយផ្ដើមដោយ « កាលពីក្មេង » ) ។ បងប្អូនអាចសូមឲ្យយុវវ័យចែកចាយពីបទពិសោធន៍នានា នៅពេលព្រះយេស៊ូវគ្រីស្ទបានជួយពួកគេឲ្យផ្លាស់ប្ដូរ ។
-
ជួនកាលយើងអាចគិតថា យើងត្រូវបានរំពឹងទុកឲ្យធ្វើការផ្លាស់ប្ដូរ ឬកែលម្អនៅក្នុងជីវិតរបស់យើងដោយខ្លួនឯង ។ តើការណ៍នេះខុសប្លែកពីការប្រែចិត្តពិតដោយរបៀបណា ? ដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមឲ្យពិភាក្សាអំពីសំណួរនេះ បងប្អូនអាចរំឭកឡើងវិញរួមគ្នា នូវសេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានគាំទ្រ » ។ តើយើងអាចធ្វើអ្វីខ្លះនៅពេលនេះ ដើម្បីស្វែងរកជំនួយ និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីឲ្យការផ្លាស់ប្ដូររបស់យើងមានភាពអចិន្ត្រៃយ៍ និងពេញដោយអំណរ ? នេះអាចជាឱកាសដ៏ល្អមួយដើម្បីឲ្យយុវវ័យ គិតពីគោលដៅអភិវឌ្ឍរបស់ពួកគេផ្ទាល់ ។ តើយើងអាចដាក់បញ្ចូលព្រះអង្គសង្គ្រោះនៅក្នុងគោលដៅរបស់យើងដូចម្តេច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា « យើងអាចផ្លាស់ប្ដូរឥរិយាបថយើង ។ បំណងយើងអាចផ្លាស់ប្ដូរ ។ ហើយតើដោយរបៀបណា ? មានផ្លូវតែមួយគត់ ។ ការផ្លាស់ប្ដូរពិត—ផ្លាស់ជានិរន្តរ៍—អាចកើតមានតែតាមរយៈការព្យាបាល ការសម្អាត និងអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ទ្រង់ស្រឡាញ់អ្នក—អ្នករាល់គ្នាម្នាក់ៗ ! ទ្រង់អនុញ្ញាតឲ្យអ្នកមានអំណាចទ្រង់ នៅពេលអ្នករក្សាបញ្ញត្តិទ្រង់ដោយចំណង់ ដោយឧស្សាហ៍ និងដោយត្រឹមត្រូវ » ( « Decisions for Eternity »ទំព័រ ១០៨ ) ។
-
អែលឌើរ ឌេល ជី រេនឡាន់ បានបង្រៀន ៖ « អំណាចដែលអាចធ្វើឲ្យមានការប្រែចិត្តបាន [ គឺ ] ពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះរបស់យើង ។ ការប្រែចិត្តពិតប្រាកដត្រូវទាក់ទងនឹងសេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាសេចក្តីជំនឿថា ទ្រង់អាចផ្លាស់ប្តូរយើង ជាសេចក្តីជំនឿថា ទ្រង់អាចអភ័យទោសឲ្យយើង ជាសេចក្តីជំនឿថា ទ្រង់នឹងជួយយើងឲ្យចៀសផុតពីការធ្វើខុសទៀត ។ សេចក្តីជំនឿបែបនេះអាចធ្វើឲ្យដង្វាយធួនរបស់ទ្រង់មានឥទ្ធិពលនៅក្នុងជីវិតយើង ។ នៅពេលយើង…‹ ត្រឡប់ក្រោយ › [ ប្រែចិត្ត ] ដោយមានជំនួយពីព្រះអង្គសង្គ្រោះ នោះយើងអាចមានអារម្មណ៍នៃសេចក្តីសង្ឃឹមនៅក្នុងការសន្យាទ្រង់ និងអំណរនៃការអភ័យទោស ។ បើគ្មានព្រះប្រោសលោះទេ នោះសេចក្តីសង្ឃឹម និងចំហាយនៃអំណរ ព្រមទាំងការប្រែចិត្តដែលកើតមាននោះ គឺគ្រាន់តែជាការកែប្រែឥរិយាបថនៃទុក្ខវេទនាប៉ុណ្ណោះ ។ ប៉ុន្តែតាមរយៈការអនុវត្តសេចក្តីជំនឿលើទ្រង់ នោះយើងប្រែចិត្តជឿលើសមត្ថភាព និងព្រះហឫទ័យទ្រង់ ដើម្បីអភ័យទោសពីបាប » ( ឌេល ជី រេនឡាន់ « Repentance: A Joyful Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២២ ) ។