« ថ្ងៃទី ២៣ ខែ កក្កដា ។ តើការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានអត្ថន័យយ៉ាងណា ? កិច្ចការ ១០–១៥ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៣ ខែ កក្កដា ។ តើការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានអត្ថន័យយ៉ាងណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២៣ ខែ កក្កដា
តើការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានអត្ថន័យយ៉ាងណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើយើងអាចគាំទ្រគ្នាទៅវិញទៅមកនៅក្នុងរឿងដែលយើងនឹងឆ្លងកាត់យ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចប្រើបច្ចេកវិទ្យាឲ្យបានល្អប្រសើរដើម្បីជាឧបករណ៍ក្នុងការចែកចាយដំណឹងល្អតាមរបៀបណា ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងកំពុងធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកព្រះគ្រីស្ទ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ជំពូក ១១ នៃគម្ពីរកិច្ចការបានសរសេរថា សម្រាប់ជាលើកទីមួយ « ហៅពួកសិស្សថាពួកគ្រីស្ទាន » ( ខទី ២៦ ) ។ វាគឺជាអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវដ៏ពិសិដ្ឋមួយក្នុងនាមជាពួកសិស្សម្នាក់របស់ព្រះគ្រីស្ទ និងត្រូវបានហៅតាមព្រះនាមរបស់ទ្រង់ ។ ប្រធាន អិម រ័សុល បាឡឺដ បានមានប្រសាសន៍ថា « តើយើងដឹងថាយើងមានពរជ័យប៉ុណ្ណាទេ ដែលបានទទួលព្រះនាមនៃព្រះរាជបុត្រាស្ងួនភ្ញា និងបង្កើតតែមួយរបស់ព្រះនោះ ? តើយើងយល់ពីសារៈសំខាន់នោះដែរឬទេ ? ព្រះនាមរបស់ព្រះអង្គសង្គ្រោះគឺជាព្រះនាមតែមួយនៅក្រោមស្ថានសួគ៌នេះដែលមនុស្សបានត្រូវសង្រ្គោះ » ( « The Importance of a Name » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៩ ) ។
ចំពោះបងប្អូន តើការធ្វើជាគ្រីស្ទាន—ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានអត្ថន័យយ៉ាងណា ? តើវាមានអត្ថន័យយ៉ាងក្នុងការធ្វើជាសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូន ? តើការលើកដាក់ព្រះនាមរបស់ទ្រង់មកលើខ្លួនរបស់បងប្អូនមានឥទ្ធិពលចំពោះបងប្អូនដោយរបៀបណា ? បងប្អូនក៏អាចគិតពីគ្រានៅពេលដែលបងប្អូន បានទទួលការបំផុសគំនិតដោយគំរូរបស់នរណាម្នាក់ ដែលធ្វើជាសិស្សពិតប្រាកដរបស់ព្រះគ្រីស្ទ ។
ពេលបងប្អូនរៀបចំខ្លួនបង្រៀន ជាការបន្ថែមលើការអាន កិច្ចការ ១០–១៥ សូមពិចារណាការអានសារលិខិតមួយ ឬច្រើនចេញពីសន្និសីទទូទៅដែលមាននៅក្នុង « ធនធានគាំទ្រ » ។
រៀនជាមួយគ្នា
ដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនយល់ពីអត្ថន័យនៃការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះបងប្អូនអាចអញ្ជើញពួកគេឲ្យបញ្ចប់នូវការថ្លែងការណ៍ខាងក្រោមនេះ ៖ « សិស្សរបស់ព្រះយេស៊ូវគ្រីស្ទគឺជាបុគ្គលម្នាក់ដែល … » ។ ពួកគេអាចមើល កិច្ចការ ១១:១៩–២៦ ដោយរកមើលការយល់ដឹងនៅក្នុង ខទី ២១, ២៣–២៤, ២៦ អំពីរបៀបដែលសមាជិកសាសនាចក្រទាំងនេះបានបង្ហាញថាពួកគេគឺជាសិស្ស ។ តើការធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទជះឥទ្ធិពលលើគំនិត និងឥរិយាបទរបស់យើងដោយរបៀបណា ? សកម្មភាពដូចតទៅនេះ អាចបន្ថែមទៅនឹងការពិភាក្សានេះ ។
-
វាអាចមានប្រយោជន៍ដើម្បី ពិភាក្សាពីអត្ថន័យនៃសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្តីថ្លែងការណ៍ដោយ អែលឌើរ រ៉ូប៊ឺត ឌី ហេលស៍ នៅក្នុង « ធនធានគាំទ្រ » ) ។ បងប្អូនអាចស្នើសុំយុវវ័យឲ្យចែកចាយការបង្រៀនខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលបំផុសគំនិតពួកគេ និងអ្វីមួយដែលពួកគេបានរៀនពីគំរូរបស់ទ្រង់ ។ សម្រាប់ជាគំនិត ពួកគេអាចស្វែងរកខគម្ពីរមួយចំនួននៅក្នុង « ធនធានគាំទ្រ » ឬវិធីផ្សេងទៀតដែលពួកគេដឹង ។ ពួកគេអាចសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្រ្គោះចេញពីសារលិខិតនេះ ។ បន្ទាប់មកពួកគេអាចនិយាយអំពីរបៀបដែលពួកគេអាចធ្វើតាមការបង្រៀន និងគំរូដែលបានសរសេរនៅលើក្ដារខៀនដោយស្មោះសរ ។
-
សូមឲ្យសមាជិកថ្នាក់ ឬកូរ៉ុមគិតអំពីអត្ថន័យនៃការធ្វើជាគ្រីស្ទាន ។ ពួកគេអាចធ្វើបញ្ជីពីគុណសម្បត្តិដែលពួកគេរំពឹងថា នឹងរកឃើញក្នុងជីវិតរបស់នរណាម្នាក់ដែលដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើលឧទាហរណ៍ យ៉ូហាន ១៣:៣៤–៣៥ ) ។ បងប្អូនអាចបំបែកយុវវ័យជាពីរក្រុម ហើយស្នើសុំឲ្យក្រុមនីមួយៗអានសារលិខិតមួយចេញពីសារលិខិតដូចខាងក្រោមនេះ ដើម្បីរកមើលគុណសម្បត្តិបន្ថែមដែលពួកគេនឹងបន្ថែមទៅក្នុងបញ្ជីរបស់ពួកគេ ៖ អែលឌើរ ធើរ៉ែន អិម វីនសុន « True Disciples of the Savior » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩–១១ ) និងអែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ « Pure Love: The True Sign of Every True Disciple of Jesus Christ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨១–៨៣ ) ។ សូមអញ្ជើញយុវវ័យឲ្យសញ្ជឹងគិតអ្វីមួយដែលមាននៅលើបញ្ជីដែលពួកគេចង់កែលម្អ ។
-
បងប្អូនអាចសួរសមាជិកថ្នាក់ ឬកូរ៉ុមថា តើវាមានអត្ថន័យយ៉ាងណាចំពោះពួកគេដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជាពួកគេអាចចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលនរណាម្នាក់បានដឹងថា ពួកគេគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តើយើងមានអារម្មណ៍យ៉ាងណាចំពោះការត្រូវបានគេស្គាល់ថា ជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ និងសមាជិកនៃសាសនាចក្ររបស់ទ្រង់នោះ ? យុវវ័យក៏អាចស្រាវជ្រាវបទគម្ពីរជាច្រើន ឬសារលិខិតមួយនៅក្នុង « ធនធានគាំទ្រ » ដោយរកមើលការយល់ដឹងដែលបំផុសគំនិតពួកគេ ឲ្យរស់នៅតាមព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដែលពួកគេបានយកមកលើខ្លួនពួកគេ ។ តើការត្រូវបានហៅតាមព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពលលើការជ្រើសរើសដែលពួកគេធ្វើដោយរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ម៉ាថាយ ៥:៣៨–៤៧; ៦:១៩–២១; ៧:១–៥; ២៥:៣១–៤០; លូកា ១០:២៥–៣៧; យ៉ូហាន ១៣:៣៤–៣៥; ១៤:១៥ ( ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ )
-
ម៉ាថាយ ៤:១–១១; ម៉ាកុស ៦:៣៥–៤៤; លូកា ៤:១៦–១៩; ២២:៣៩–៤២; ២៣:៣៣–៣៤; កិច្ចការ ១០:៣៨ ( គំរូរបស់ព្រះយេស៊ូវគ្រីស្ទ )
-
យេរេមា ១៥:១៦; ម៉ូសាយ ៥:៧–១៥; អាលម៉ា ៤៦:១២–១៥; នីហ្វៃទី ៣ ២៧:៣–៨ ( ការលើកដាក់ព្រះនាមរបស់ទ្រង់នៅលើខ្លួនយើង )
-
លីសា អិល ហាកណេស « Honoring His Name » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៦០–៦២
-
ប៉ូល ប៊ី ផែបភើរ « All Must Take upon Them the Name Given of the Father » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៤៣–៤៥
-
អែលឌើរ រ៉ូប៊ឺត ឌី ហេលស៍ បានបង្រៀន ៖ « តើការក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទមានន័យដូចម្តេច ? សិស្សម្នាក់គឺជាបុគ្គលដែលបានជ្រមុជទឹក ហើយមានឆន្ទៈលើកដាក់មកលើខ្លួនគាត់ នូវព្រះនាមរបស់ព្រះអង្គសង្គ្រោះ ហើយធ្វើតាមទ្រង់ ។ សិស្សម្នាក់ខិតខំប្រែក្លាយឲ្យដូចជាទ្រង់ ដោយការគោរពបទបញ្ញត្តិរបស់ទ្រង់ក្នុងជីវិតនេះ ប្រៀបបាននឹងកូនជាងខិតខំក្លាយដូចជាគ្រូរបស់ខ្លួនផងដែរ ។
មនុស្សជាច្រើនស្ដាប់ឮពាក្យ សិស្ស ហើយគិតថា វាមានន័យថា ជា ‹ អ្នកដើរតាម › ប៉ុណ្ណោះ ។ ប៉ុន្តែភាពជាសិស្សដ៏ពិតគឺជាស្ថានភាពមួយនៃជីវិត ។ វាមានន័យលើសពីការសិក្សា និងការអនុវត្តបញ្ជីនៃគុណលក្ខណៈនីមួយៗទៅទៀត ។ ពួកសិស្សរស់នៅដើម្បីធ្វើឲ្យបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទ ក្លាយជាផ្នែកមួយដ៏រឹងមាំនៃជីវិតរបស់ពួកគេ ជាភាពរឹងមាំមួយខាងវិញ្ញាណ » ( ការក្លាយជាសិស្សម្នាក់របស់ព្រះអម្ចាស់យើង ព្រះយេស៊ូវគ្រីស្ទ » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦ ) ។