ចូរ​មក​តាម​ខ្ញុំ
ការប្រជុំ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​បួន


ការប្រជុំថ្ងៃអាទិត្យ​សប្តាហ៍​ទី​បួន

នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​បួន​ជា​រៀងរាល់​ខែ កូរ៉ុមអែលឌើរ និង សមាគមសង្គ្រោះ​ពិភាក្សា​គ្នា​លើ​ប្រធានមួយ​ដែល​បាន​ជ្រើសរើស​ដោយ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ប្រធានបទ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​បួន​នឹង​ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ទាប់​ពី​សន្និសីទ​ទូទៅ​ទាំងអស់ ។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​សន្និសីទទូទៅ​លើក​ក្រោយ ប្រធានបទ​គឺ​មាន​ចំណង​ជើង​ថា « ការងារបម្រើ​ដល់​អ្នកដទៃ » ។ ជារៀងរាល់​ខែ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន អាច​ជ្រើសរើស​ដឹកនាំ​ការពិភាក្សា​អំពី​គោលការណ៍​ណាមួយ​ដូច​ខាងក្រោម​នេះ​ដែលទាក់ទង​នឹង​ការងារ​បម្រើ ។

តើ​ការងារ​បម្រើ​មាន​អត្ថន័យ​យ៉ាង​ណា ?

តើ ការងារ​បម្រើមានន័យ​យ៉ាងណា​ចំពោះ​សមាជិក​នៅ​ក្នុង​វួដ ឬ​សាខា​របស់​បងប្អូន ? ដើម្បី​ស្វែងយល់ បងប្អូន​អាច​សរសេរពាក្យ ការងារបម្រើ នៅលើ​ក្ដារខៀន បន្ទាប់មក​អញ្ជើញ​សមាជិក​ឲ្យ​សរសេរ​ពាក្យ​នៅ​ជុំវិញ​ពាក្យ​នោះ ដែល​វា​ជាប់ទាក់ទង​នឹង​ការងារ​បម្រើ ។ សមាជិក​អាច​នឹង​រកពាក្យ ឬ ឃ្លា​ចេញ​មក​ពី​បទគម្ពីរ​ដូច​ខាង​ក្រោម​មក​ដាក់​បន្ថែម​នៅក្នុង​បញ្ជី ៖ ម៉ាថាយ ២៥:៣៤–៤០; លូកា ១០:២៥–៣៧; នីហ្វៃទី ២ ២៥:២៦; ម៉ូសាយ ១៨:៨–៩; នីហ្វៃទី ៣ ១៨:២៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥ ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញ​មក​ពីខគម្ពីរ​ទាំងនេះ​អំពី​ការងារបម្រើ ? បងប្អូន​អាច​សុំ​ឲ្យ​សមាជិក​ចែកចាយ​ឧទាហរណ៍​អំពី ការងារបម្រើ​ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ ។ តើ​ការងារបម្រើ​របស់​យើង​អាច​ជួយ​បំពេញ​តម្រូវការ​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​របស់​មនុស្ស​យ៉ាង​ដូចម្ដេច ? តើ​វា​អាច​ជួយ​មនុស្ស​ឲ្យ​មក​កាន់តែ​ជិត​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ល្អឥតខ្ចោះ​អំពី​ការងារ​បម្រើ​របស់​យើង ។

ដើម្បី​រៀន​អំពី​របៀប​ផ្ដល់​ការងារបម្រើ​ប្រកប​ដោយ​ប្រសិទ្ធភាព នោះ​សមាជិក​អាច​ចែកចាយ​រឿង​ចេញ​មកពី​បទគម្ពីរ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ—គំរូ​ជា​ច្រើន​អាច​រក​បាន​នៅក្នុង យ៉ូហាន ៤–៦ និង ម៉ាកុស ២:១–១២ ។ សមាជិក​អាច​ចែកចាយ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​អំពី​រឿង​ទាំងនេះ និង​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​អំពី​ការងារ​បម្រើ ។ ឧទាហរណ៍ តើ​ព្រះអង្គសង្គ្រោះ​បាន​ដាក់​ការបម្រើ​អ្នកដទៃ​ជា​រឿង​របស់​ព្រះអង្គ​ផ្ទាល់​យ៉ាង​ដូចម្ដេច ? តើ​ទ្រង់​បាន​បំពេញ​តម្រូវការ​ខាង​វិញ្ញាណ ក៏ដូចជា​ខាង​សាច់ឈាម​របស់​មនុស្ស​យ៉ាង​ដូចម្ដេច​ខ្លះ ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​គ្រា​ដែល​ពួកគេ​បាន​ឃើញ​មនុស្ស​នៅ​ក្នុង​ថ្នាក់​ប្រើ​គោលការណ៍​ទាំងនេះ​នៅក្នុង​ការងារ​បម្រើ​របស់​ពួកគេ ។

ការងារបម្រើ​ត្រូវ​បាន​ជំរុញចិត្ត​តាមរយៈ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។

ដើម្បី​រកឃើញ​អំណាច​នៃ​ការងារបម្រើ​ដែល​បាន​ជំរុញចិត្ត​តាមរយៈ​​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ បងប្អូន​អាច​សរសេរ​ប្រយោគ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយអញ្ជើញ​សមាជិក​ឲ្យ​ផ្ដល់​យោបល់​អំពី​វិធី​ដើម្បី​បំពេញ​នៅក្នុង​ចន្លោះ​ទំនេរ ៖នៅពេល​ខ្ញុំ​ពិត​ជា​ស្រឡាញ់​មនុស្ស​ដែល​ខ្ញុំ​បម្រើ នោះ​ខ្ញុំ . នៅ​ពេល​ខ្ញុំ​បម្រើ​ដោយ​មូលហេតុ​ផ្សេង នោះ​ខ្ញុំ . តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រាកដ​ថា ការងារបម្រើ​របស់​យើង​ចំពោះ​អ្នកដទៃ ត្រូវ​បាន​ជំរុញចិត្ត​តាមរយៈសេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ? តើ​យើង​អភិវឌ្ឍ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​អស់អ្នក​ដែល​យើង​ត្រូវ​បាន​ចាត់​ឲ្យ​ផ្ដល់​ការងារបម្រើ​យ៉ាង​ដូចម្ដេច ? ( សូមមើល មរ៉ូណៃ ៧:៤៥–៤៨ ) ។ ប្រហែល​ជា​សមាជិក​អាច​ចែកចាយ​ឧទាហរណ៍​អំពី​ការងារ​បម្រើ​ដែល​ត្រូវ​បាន​បំផុសគំនិត​ដោយ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។

ព្រះ​សព្វព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​ត្រូវ​បាន​មើល​ថែ និង​យកចិត្តទុកដាក់ ។

ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍​ថា « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល នឹង​ត្រូវបាន​រៀបចំ បាន​ដឹកនាំ​ការខិតខំ​ទៅរក​ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ » ( « ការបង្រៀន​ដោយ​អំណាច និង​សិទ្ធិអំណាច​ពី​ព្រះ » Liahona ខែ​ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៩ ) ។ តើ​ប្រធាន ណិលសុន បង្រៀន​អំពី​វិធី​មួយ​ចំនួន​ណា​ខ្លះ « ដែល​បាន​រៀបចំ បាន​ដឹកនាំ » ដែល​សាសនាចក្រ​ជួយ​យើង​ឲ្យ​មើល​ថែ​ដល់​បុគ្គល​ម្នាក់ៗ​កាន់តែ​ល្អ​ប្រសើរ​នោះ ? ហេតុអ្វី​ក៏​ការ​ខិតខំ​ទាំងនេះ​គឺជា « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ » ដូច្នេះ ? ( សូមមើល ម៉ូសាយ ១៨:២១–២២ និង មរ៉ូណៃ ៦:៤–៦ សម្រាប់​គំនិត​យោបល់​មួយចំនួន ) ។ តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មាន​នៅក្នុង​ជីវិត​របស់​យើង ឬ​ជីវិត​របស់​អ្នកដទៃ ដោយសារ​តែ​មនុស្ស​បាន​ផ្ដល់​ការងារបម្រើ​នៅក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ឬ​ការចាត់តាំង​របស់​ពួកគេ ?

តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។

បទពិសោធន៍​របស់​ពួកបុត្រា​ស្ដេច​ម៉ូសាយ បានបង្ហាញ​ថា របៀប​ដែល​យើង​មើល​ទៅលើ​មនុស្ស​ណា​ម្នាក់ វា​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​ផ្ដល់ការងារ​បម្រើ​ដល់​ពួកគេ ។ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន របៀប​ដែល​ពួកសាសន៍​នីហ្វៃ​មើល​ទៅលើ​ពួក​សាសន៍​លេមិន និង របៀប​ដែល​ពួក​បុត្រា​ស្ដេច​ម៉ូសាយ​មើល​ទៅលើ​ពួកសាសន៍​លេមិន ។ បន្ទាប់មក សូមអញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​ក្នុង ម៉ូសាយ ២៨:១–៣ និង អាលម៉ា ២៦:២៣–២៦ ស្វែងរក​ពាក្យ ឬ​ឃ្លា​ដើម្បី​សរសេរ​នៅ​ក្រោម​សេចក្ដីថ្លែង​ការណ៍​នីមួយៗទាំងនេះ ។ តើ​ការ​ប្រៀបធៀប​នេះ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​មើល​ទៅ​មនុស្ស​ដទៃ​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​ផ្ដល់​ការងារបម្រើ​ដល់​ពួកគេ​យ៉ាងណា​ខ្លះ ? តើ​យើង​អាច​រៀន​មើល​ទៅ​មនុស្ស​ឲ្យ​កាន់តែ​ដូចជា​ព្រះ​ទត​មើល​ទៅ​លើ​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សូម​មើល គ. និង ស. ១៨:១០–១៦ ) ។

អ្នកបម្រើពិត​ផ្ដោត​ទៅលើ​សេចក្ដីត្រូវការ​របស់​អ្នកដទៃ ។

ដើម្បី​ជួយ​សមាជិក​យល់​បាន​កាន់តែ​ល្អប្រសើរ​អំពី​តម្លៃ​នៃ​ការ​ផ្ដោតទៅលើ​តម្រូវការ​របស់អ្នកដទៃ នៅពេល​យើង​ផ្ដល់​ការងារបម្រើ នោះបងប្អូន​អាច​ប្រៀបធៀប​ការងារបម្រើ​ទៅនឹង​ការ​ផ្ដល់​អំណោយ និង​ការ​ទទួល​បាន​អំណោយ ។ តើ​យើង​ធ្លាប់​ទទួល​បាន​អំណោយ​ដ៏​មាន​អត្ថន័យ​មកពី​នរណា​ម្នាក់​ដែល​ស្គាល់​ច្បាស់​ពី​តម្រូវការ ឬ​ការ​ចង់​បាន​របស់​យើង​ឬទេ ? តើ​ការងារ​បម្រើ​ស្រដៀងគ្នា​នឹង​ការផ្ដល់អំណោយ​ប្រកប​ដោយ​ការ​ចេះគិតគូរ​យ៉ាងដូចម្ដេច​ខ្លះ ? សូមគិត​ពីការ​ពិភាក្សា​រឿង​ទាំងឡាយ​ចេញ​មកពី​សន្និសីទ​ទូទៅ​ថ្មីៗនេះ ដែល​បង្ហាញ​អំពី​របៀប​មនុស្ស​ផ្ដល់​ការងារបម្រើ ស្របទៅតាម​សេចក្ដីត្រូវការ​របស់​អ្នកដទៃ ( សូមមើល ឧទាហរណ៍ ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ »Liahona ខែ​ឧសភា ឆ្នាំ ២០១៨ ) ។ សមាជិក​ក៏​អាច​ចែកចាយ​រឿង​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​អំពី​គោលការណ៍​នេះ​ផងដែរ ។

តើ​យើង​អាច​ដឹង​អំពី​សេចក្ដីត្រូវការ​របស់​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​ម្នាក់ៗ​ឲ្យ​ធ្វើ​បញ្ជី​អំពី​មនុស្ស​មួយចំនួន​ដែលពួកគេ​ផ្ដល់​ការងារបម្រើ ។ នៅជាប់​នឹង​ឈ្មោះ​នីមួយៗ ពួកគេ​អាច​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ថា « តើ​បុគ្គល​នេះ​ត្រូវការ​អ្វីខ្លះ​ដើម្បី​មក​កាន់តែ​ជិត​នឹង​ព្រះគ្រីស្ទ ? » បើ​អាច​ធ្វើទៅបាន សូម​លើកទឹកចិត្ត​សមាជិក​ឲ្យ​ដាក់​បញ្ចូល​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​នឹង​ចាំបាច់​ត្រូវ​ទទួល​បាន ។ សូម​អញ្ជើញ​សមាជិក​ឲ្យ​បន្ដ​គិតអំពី​សំណួរ​នេះ ហើយ​ស្វែងរក​ការបំផុសគំនិត​ដើម្បី​ជួយ​ពួកគេ​ឲ្យ​បំពេញ​សេចក្ដីត្រូវការ​របស់​អ្នកដទៃ ។

ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ទទួល​យក​ការងារបម្រើ​មកពី​អ្នកដទៃ ។

អែលឌើរ រ៉ូបឺត ឌី ហែលស៍ បានមានប្រសាសន៍​ថា ៖ « ផែនការ​នៃ​ដំណឹងល្អ​តម្រូវ​ឲ្យ​មាន​ការ​ផ្ដល់ឲ្យ និងការទទួល​យក ។ … បុគ្គល​ម្នាក់ៗ​ដែលស្ថិត​ក្នុង​ការលំបាក ជាញឹកញាប់​និយាយ​ថា ‹ ខ្ញុំ​នឹង​ធ្វើ​វា​តែម្នាក់ឯង ›… ‹ ខ្ញុំ​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ហើយ › ។ ធ្លាប់​មាន​ការ​និយាយ​ថា គ្មានមនុស្ស​ណា​ម្នាក់​ដែល​មាន​យ៉ាង​សម្បូរហូរហៀរ ដែល​គាត់​ពុំ​ត្រូវការ​ជំនួយ​ពី​អ្នកដទៃទៀត​នោះទេ គ្មាន​នរណាម្នាក់​ដែល​ក្រីក្រ​ខ្លាំង​ពេកដែល​គាត់​គ្មាន​ប្រយោជន៍​ចំពោះ​បងប្អូន​របស់​គាត់​ដែរ ( ទោះ​ជា​សេដ្ឋី​ក៏​គង់​តែ​នៅ​ខ្វះ​អម្បែង ) ។ ចរិតលក្ខណៈ​ចេះ​សូម​ជំនួយ​មកពី​អ្នកដទៃ​ដោយ​មាន​ទំនុកចិត្ត ហើយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សណ្ដានចិត្តល្អ វា​គួរ​តែ​មាន​ចំណែក​មួយ​នៅ​ក្នុង​និស្ស័យ​របស់​យើង » ( « We Can’t Do It Alone » Ensign ខែ​ វិច្ឆិកា ឆ្នាំ ១៩៧៥, ៩១, ៩៣ ) ។ ហេតុអ្វី​ពេល​ខ្លះ​យើង​ស្ទាក់ស្ទើរ​ទទួល​យក​ជំនួយ​ពី​អ្នកដទៃ ? តើ​ការ​មានឆន្ទៈ​ទទួល​យកជំនួយ​របស់​យើង ជួយ​ប្រទានពរ​ដល់​អស់​អ្នក​ដែល​បម្រើ​យើង​យ៉ាង​ដូចម្ដេច​ខ្លះ ? សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​ពីរបីនាទី​ដើម្បី​ពិចារណា អំពី​របៀប​ដែល​ពួកគេ​អាច​កាន់តែ​បើកចិត្ត​ដើម្បី​ទទួល​យក​ការងារបម្រើ​មកពី​អ្នកដទៃ ។ តើ កូរិនថូសទី ១ ១២:១៣–២១ ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ?

មាន​មធ្យោបាយ​ជាច្រើន ដែល​យើង​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ ។

ដើម្បី​ជួយ​សមាជិក​គិត​អំពី​របៀប​ជាច្រើន​ដែល​យើង​អាច​ផ្ដល់​ការងារបម្រើ​ដល់​គ្នា​ទៅវិញទៅមក បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « នៅជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ » ( Liahona ខែ ​ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០១–៣ សូមមើល​ផងដែរ « គោលការណ៍​អំពី​ការងារបម្រើ » នៅក្នុង​ទស្សនាវដ្ដី លីអាហូណា ច្បាប់​ក្រោយៗទៀត ) ។ សមាជិក​អាច​បំបែកគ្នា​ជា​ក្រុម​តូចៗ ហើយ​ក្រុម​នីមួយៗ​អាច​គិត​អំពី​ស្ថានភាព​ជាច្រើន​ដែល​មនុស្ស​ម្នាក់​អាចនឹង​ត្រូវការ​ជំនួយ ។ បន្ទាប់មក ពួកគេ​អាច​ជួយ​បំផុស​យោបល់​អំពី​វិធី​ផ្សេងៗ​ដែល​មនុស្ស​អាច​ផ្ដល់​ការងារ​បម្រើ​ចំពោះ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​សេចក្ដីត្រូវការ​ខាងសាច់ឈាម​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ស្ថានភាព​នានា ។ សូម​ឲ្យ​ក្រុម​ទាំងឡាយ​ចែកចាយ​គំនិតយោបល់​របស់ពួកគេ ហើយ​ពិចារណា​ថា តើ​មានគំនិត​យោបល់​ណា​ខ្លះ​ដែល​បាន​ពិភាក្សា​អាច​ផ្តល់​ពរ​ដល់​មនុស្ស​ដែល​ពួកគេ​ផ្ដល់ការងារបម្រើ ។