ចូរ​មក​តាម​ខ្ញុំ
ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​ពីរ និង​ទី​បី


ការប្រជុំនៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​ពីរ និង​ទី​បី

នៅ​ថ្ងៃអាទិត្យ​ទីពីរ និង​ទីបី​ជា​រៀងរាល់​ខែ កូរ៉ុមអែលឌើរ និង​សមាគមសង្គ្រោះ នឹង​រៀន​ចេញ​មកពី​ការ​បង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​មកពី​សន្និសីទទូទៅ​ថ្មីៗ​បំផុត ។ ការគូសបញ្ជាក់​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​សារលិខិត​មក​ពី​សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ រាល់​សារលិខិតមកពី​សន្និសីទ​ថ្មីៗ​បំផុត​អាច​នឹង​ត្រូវ​បាន​ពិភាក្សា តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វា​អាស្រ័យ​ទៅលើ​សេចក្ដីត្រូវការ​ក្នុង​មូលដ្ឋាន និង​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ ។

នៅក្នុងករណីភាគ​ច្រើនបំផុត គណៈ​ប្រធាន​កូរ៉ុមអែលឌើរ ឬ​សមាគម​សង្គ្រោះ នឹង​ជ្រើសរើស​សារលិខិត​សន្និសីទ​មួយ​មក​សិក្សា​អាស្រ័យ​ទៅ​លើ​សេចក្តី​ត្រូវការ​របស់​សមាជិក តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៊ីស្សព ឬ ប្រធាន​ស្តេក​អាច​ផ្តល់​ជា​គំនិត​ផង​ដែរ ។ អ្នក​ដឹកនាំ​អាច​ជ្រើសរើស​សារលិខិត​មួយ​ដែល​ទាក់ទង​នឹង​ប្រធាន​បទ​ដែល​បាន​ពិភាក្សា​នៅ​ក្នុងការប្រជុំ​ក្រុមប្រឹក្សា​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​មួយ​ថ្មីៗ​នេះ ឬ ពួក​គេ​អាច​ជ្រើសរើស​សារលិខិត​អំពី​ប្រធាន​បទ​ផ្សេង​ទៀត​ដែល​ផ្អែក​លើ​ការបំផុស​មក​ពី​ព្រះវិញ្ញាណ ។

អ្នក​ដឹកនាំ និង​គ្រូបង្រៀន​ទាំងឡាយ​គួរ​ស្វែងរក​នូវ​វិធី​ដើម្បី​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​អាន​សារលិខិត​ដែល​បាន​ជ្រើសរើស​នោះ​ទុក​ជា​មុន ហើយ​មក​កាន់​ព្រះវិហារ​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​សេចក្ដីពិត​អំពី​ដំណឹងល្អ និង​គំនិត​យោបល់​អំពី​របៀប​អនុវត្ត​តាម​សារលិខិត​ទាំង​នោះ ។ សកម្មភាព​រៀនសូត្រ​ដែល​បាន​ជា​ផ្តល់​យោបល់​ដូច​ខាង​ក្រោម ផ្អែក​លើ​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ អាច​នាំ​ឲ្យ​សមាជិក​រៀនសូត្រ​មក​ពី​សារលិខិត​សន្និសីទ​ទូទៅ ។

President M. Russell Ballard

អិម រ័សុល បាឡឺដ « អំណោយទាន​ដ៏​មាន​តម្លៃ​មកពី​ព្រះ » ទំព័រ ៩–១១

សារលិខិត​របស់​ប្រធាន​បាឡឺដ ថ្លែង​អំពី​​ប្រធានបទ​ជាច្រើន—រួមមាន ពួកព្យាការី សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ពិធីសាក្រាម៉ង់ និង​ការ​បម្រើ—ហើយ​សមាជិក​ក្នុង​កូរ៉ុម​របស់​បងប្អូន ឬ​សមាគម​សង្គ្រោះ អាច​នឹង​រកឃើញ​ប្រធានបទ​ផ្សេងពី​នេះ ជា​ពិសេស​ប្រធានបទ​ដ៏​មាន​អត្ថន័យ ។ អញ្ជើញ​សមាជិក​ឲ្យ​ចែកចាយ​អំពី​អ្វីមួយ​មកពី​សារលិខិត​នេះ​ដែល​បំផុសគំនិត​ពួកគេ ។ តើ​មាន​ការ​អញ្ជើញ ឬ​ពរជ័យ​ដែល​បាន​សន្យា​អ្វីខ្លះ​ដែល​យើង​រកឃើញ​នៅក្នុង​សារលិខិត​របស់​ប្រធាន បាឡឺដ ? សូម​គិតពីការ​អញ្ជើញ​សមាជិក​ឲ្យ​ពិចារណា​ពីរបីនាទី​អំពី​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ ដែលជា​លទ្ធផល​មក​ពី​ការ​ពិភាក្សា​នេះ ។

Elder Gary E. Stevenson

ហ្គែរី អ៊ី ស្ទីវ៉ែនសុន «ដួងចិត្ត​របស់​ព្យាការី, » ទំព័រ ១៧–២០

ដើម្បី​ជួយ​សមាជិក​ឲ្យ « យល់​អំពី​ទំហំ » នៃ​ការ​ហៅ​ព្យាការី​ថ្មី នោះ​បងប្អូន​អាច​អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​នៅក្នុងសារលិខិត​របស់​អែលឌើរ ស្ទីវ៉ែនសុន ដោយ​រកមើល​សេចក្ដីពិត និង​គំនិត​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​សារៈសំខាន់ និង​ភាពពិសិដ្ឋ​នៃ​ដំណើរការ​របស់​ព្រះ​នេះ ។ សូម​គិតពី​ការ​អញ្ជើញ​សមាជិក​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​ទទួលអារម្មណ៍ អំឡុង​ជំនុំ​មុតមាំ​ដែល​ប្រធាន ណិលសុន ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​សាសនាចក្រ ។ បងប្អូន​ក៏​អាច​គូររូប​បេះដូង​មួយ​នៅ​លើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សមាជិក​សរសេរ​វា​ជា​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពីដួងចិត្ត និង​ចរិតលក្ខណៈ​របស់​ប្រធាន ណិលសុន​ផងដែរ ។ តើលោក​បាន​បង្រៀន​អ្វីខ្លះ ដែល​បាន​ប្រទានពរ​ដល់​យើង ?

Elder Neil L. Andersen

នែល អិល អាន់ឌើរសិន « ព្យាការី​នៃ​ព្រះ » ទំព័រ ២៤–២៧

ការពិភាក្សា​អំពី​សារលិខិត​របស់​អែលឌើរ អាន់ឌើរសិន អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​សមាជិក​ទៅលើ​ពួកព្យាការី​នៅ​រស់ ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​នៅក្នុង​សារលិខិត​របស់​លោក​រកអ្វី​ដែល​ជួយ​ពួកគេ​យល់​ថា ហេតុអ្វី​ព្រះ​មាន​ពួក​ព្យាការី​នៅលើ​ផែនដី ហើយ​ហេតុអ្វី​ក៏​យើង​ធ្វើ​តាម​ពួកលោក ។ តើ​យើង​ត្រូវ​បាន​ប្រទានពរ​ដោយសារ​តែ​យើង​មាន​ព្យាការី​យ៉ាង​ដូចម្ដេច ? សមាជិក​អាច​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​មួយ​ថា ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​របស់​ព្រះអម្ចាស់ និង​ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

Elder David A. Bednar

ដេវីឌ អេ បែដណា « ចូរ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​រាបសា » ទំព័រ ៣០–៣៣

ដើម្បី​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​សារលិខិត​របស់​អែលឌើរ បែដណា បងប្អូនអាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ពាក្យ ​ស្លូតបូតគឺជា… និង ​ស្លូតបូតពុំ​មែន​ជា… បន្ទាប់​មក​សមាជិក​អាច​ស្រាវជ្រាវ​នៅក្នុង​សារលិខិត​របស់​អែលឌើរ បែដណា ហើយ​សរសេរ​នៅលើក្ដារខៀន​នូវ​ឃ្លា​ទាំងឡាយ​ដែល​ពួកគេ​រកឃើញ​ថា​ជួយបំពេញ​សេចក្ដីថ្លែង​ទាំង​នោះ ។ តើ​យើង​រៀន​អ្វីខ្លះមកពី​សារលិខិត​នេះ​ដែល​បំផុសគំនិត​យើង​ឲ្យ​កាន់តែ​​ស្លូតបូត ? តើ​គំរូ​នៃភាព​​ស្លូតបូត​អ្វីខ្លះ​ដែល​យើង​អាច​គិត​ដល់ ? តើ​យើង​អាច​អនុវត្ត​តាម​ការ​ប្រឹក្សា​របស់​អែលឌើរ បែដណា​ដើម្បី​កាន់តែ​​ស្លូតបូត​យ៉ាង​ដូចម្ដេច ?

Sister Bonnie L. Oscarson

បូនី អិល. អូស្ការ​សុន « យុវនារី​នៅក្នុង​កិច្ចការ » ទំព័រ ៣៦-៣៨

សំណួរ​គឺ​ជា​វិធី​មួយ​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការ​ពិចារណា ។ សូមគិតពីការ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សំណួរ​មួយចំនួន​ដែល​សារលិខិត​របស់​ស៊ីស្ទើរ អូស្ការសុន ផ្ដល់​ចម្លើយ ដូចជាតើ​យើង​អាច​ឲ្យ​យុវនារី​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​ក្នុងសារលិខិត​របស់​គាត់​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ​មាន​ពរជ័យ​អ្វីខ្លះ​កើត​មាន នៅពេល​យុវនារី​ចូលរួម​នៅក្នុង​ការងារ​បម្រើ ? ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ពេល​ធ្វើការងារ​បម្រើ​ជាមួយ​នឹង​យុវនារី ។ ផ្អែក​ទៅលើ​ការពិភាក្សា​របស់​យើង តើ​យើង​ទទួលអារម្មណ៍​បំផុស​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

Elder Dale G. Renlund

ឌេល ជី រិនឡាន់ « កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ៖ ការផ្សារភ្ជាប់ និង​ការព្យាបាល » ទំព័រ ៤៦–៤៩

អែលឌើរ រិនឡាន់ ថ្លែង​អំពី​ការនិមិត្ត​របស់​អេសេគាល​ស្តីពី​ព្រះវិហារបរិសុទ្ធ​មួយ​ដែល​មាន​ទឹក​ហូរ​ចេញ​ពី​វា​នោះ ( សូមមើល អេសេគាល ៤៧:៨–៩ ) ។ ប្រហែលជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម ឬ​សមាគមសង្គ្រោះ អាច​គូររូប​មួយ​អំពី​ការនិមិត្ត​នេះ​នៅលើ​ក្ដារខៀន ។ តើ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ គឺ​ដូចជា​ទឹក​នៅក្នុង​ការនិមិត្ត​របស់​អេសេគាល​យ៉ាង​ដូចម្ដេច ? បងប្អូនអាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ដែល​ពួកគេ​មាន​បទពិសោធន៍ ។ តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ កាន់តែក្លាយ​ជាចំណែក​ជា​ទៀងទាត់​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង ?

Elder D. Todd Christofferson

ឌី ថត គ្រីស្តូហ្វឺសិន « កូរ៉ុមអែលឌើរ » ទំព័រ ៥៥–៥៨

នៅ​ក្នុង​កូរ៉ុម​អែលឌើរ បងប្អូន​អាច​អញ្ជើញ​សមាជិក​កូរ៉ុមឲ្យ​អាន​វគ្គ​នៃ​សារលិខិត​របស់​អែលឌើរ គ្រីស្ដូហ្វឺសិន ដែល​មាន​ចំណង​ជើង​ថា « គោលបំណង​នៃ​ការ​ផ្លាស់ប្ដូរ​ទាំងនេះ » តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រាកដ​ថា យើង​សម្រេច​បាន​គោលបំណង​ទាំងនេះ ? នៅក្នុង​សមាគមសង្គ្រោះ បងប្អូនអាច​សុំ​ឲ្យ​នរណា​ម្នាក់​សង្ខេប​អំពី​ការ​ផ្លាស់ប្ដូរ​ចំពោះ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក ដែល​អែលឌើរ គ្រីស្ដូហ្វឺសិន បាន​ពិពណ៌នា ។ បន្ទាប់មក បងប្អូនស្រី​អាច​ដឹង​អំពី​គោលការណ៍​ដែល​បញ្ជាក់​នៅក្នុង​ការផ្លាស់ប្ដូរ​ទាំងនេះ ដែល​អាច​អនុវត្ត​ទៅក្នុង​កិច្ចការ​របស់​សមាគមសង្គ្រោះ​របស់​បងប្អូន ។ នៅក្នុង​កូរ៉ុម​អែលឌើរ ឬ​សមាគមសង្គ្រោះ សមាជិក​ទាំងឡាយ​អាច​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​រៀន​មកពី​រឿង​របស់​បងប្រុស ហ្គូតេស និង​របៀប​ដែល​វា​អនុវត្ត​ចំពោះ​កិច្ចការ​របស់​ពួកគេ ។

Elder Ronald A. Rasband

រ៉ូណល អេ រ៉ាសបាន « មើលចុះ ! ទ័ពហ្លួង » ទំព័រ ៥៨–៦១

ប្រហែលជា​ច្រៀង ស្ដាប់ ឬ​អាន​ទំនុក​នៃ​បទ « មើលចុះ ! ទ័ពហ្លួង » (ទំនុកតម្កើង, លេខ ១៥៧ ) ជាមួយ​គ្នា​អាច​បំផុស​ការពិភាក្សា​អំពី​សារលិខិត​របស់​អែលឌើរ រ៉ាសបាន ។ តើ​កូរ៉ុម​បព្វជិតភាព និង​សមាគមសង្គ្រោះ ប្រៀប​ដូចជា​ទ័ពហ្លួង​យ៉ាង​ដូចម្ដេច ? សមាជិក​ក៏​អាច​រកមើល និងពិភាក្សា​អំពី « ពរជ័យ​ដ៏​ច្រើន » ដែល​អែលឌើរ រ៉ាសបាន បាន​ថ្លែង ដែល​នឹង​កើតមាន​មកពី​ការ​រៀបចំ​រចនាសម្ព័ន្ធ​នៃ​កូរ៉ុម​បព្វជិតភាព​ឡើងវិញ ។ តើ​ពរជ័យ​ដទៃទៀត​ដែល​យើង​បាន​ទទួលមាន​អ្វីខ្លះ​—ឬ​តើ​យើង​សង្ឃឹម​ថា​នឹង​ទទួល​បានពរជ័យ​អ្វីខ្លះ—មកពី​ការ​អនុវត្ត​តាម​ការ​ផ្លាស់ប្ដូរ​ទាំងនេះ ? តើ​សមាគមសង្គ្រោះ​អាច​ទទួល​បាន​ពរជ័យ​កាន់តែ​ពេញលេញ​យ៉ាង​ដូចម្ដេច ដូចជា « អំណោយ​ទាន​ផ្សេងៗគ្នា » និង « ការណែនាំ » នោះ ?

President Henry B. Eyring

ហិនរី ប៊ី អាវរិង « ការងារបម្រើ​ដ៏បំផុស​គំនិត » ទំព័រ ៦១–៦៤

ប្រធាន អាវរិង ប្រាប់​អំពី​ការឡើង​និយាយ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​ចំនួន​ពីរ អំពី​ការងារ​បម្រើ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចំណាប់អារម្មណ៍ ។ ប្រហែលជា​បងប្អូន​អាច​សួរ​សមាជិក​កូរ៉ុម ឬ​សមាគមសង្គ្រោះ​ចំនួន​ពាក់កណ្ដាល​ថ្នាក់​ឲ្យ​រំឭក​ពាក្យ​សម្ដី​របស់​កុមារា​អាយុ ១៤ ឆ្នាំ និង​សមាជិក​ពាក់កណ្ដាល​​ថ្នាក់ទៀត​ឲ្យ​រំឭក​អំពី​រឿង​គ្រូបង្រៀន​តាម​ផ្ទះ ។ នៅ​ពេល​ពួកគេ​អាន សមាជិក​អាច​គិត​អំពី​ដំបូន្មាន​ដែល​ពួកគេ​អាច​នឹង​ផ្ដល់​ទៅ​ឲ្យ​យុវជន ឬ​យុវនារី​ដែល​ត្រូវ​បាន​ចាត់​តាំង​ថ្មីឲ្យ​ធ្វើ​ការងារ​បម្រើ​ដល់​នរណា​ម្នាក់ ។ តើ​យើង​អាច « ប្រែក្លាយ​កាន់តែ​មានការ​បំផុសគំនិត និង​មាន​សប្បុរសធម៌​នៅក្នុង​ការងារ​បម្រើ​របស់​យើង… » យ៉ាង​ដូចម្ដេច ?

President Dallin H. Oaks

ដាល្លិន អេក អូក « អំណាចបព្វជិតភាព » ទំព័រ ៦៥–៦៨

ដើម្បី​ចាប់​ផ្ដើម​ការពិភាក្សា​មួយ បងប្អូន​អាច​​សរសេរ​ចំណងជើង​ទាំង​បួនវគ្គ​​​នៃ​សារលិខិត​របស់​ប្រធាន អូក នៅលើ​ក្ដារខៀន ។ បន្ទាប់មក​អញ្ជើញ​សមាជិក​ម្នាក់ៗ​ឲ្យ​អាន​វគ្គ​មួយ​ដោយ​ស្ងាត់ស្ងៀម បន្ទាប់មក​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ប្រយោគ​មួយ​ដែល​សង្ខេប​សារលិខិត​សំខាន់​នៃ​វគ្គ​នោះ ។ បន្ទាប់មក​សមាជិក​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ ដោយសារ​តែ​អ្វី​ដែល​ពួកគេ​អាន ។ តើ​ការ​បម្រើ​របស់​យើង ក្នុងនាមជា​អ្នក​កាន់បព្វជិតភាព ឬ​បងប្អូន​ស្ត្រី​សមាគមសង្គ្រោះ នឹង​កែលម្អ​យ៉ាង​ដូចម្ដេច នៅ​ពេល​យើង​អនុវត្ត​ការ​បង្រៀន​នៅក្នុង​សារលិខិត​របស់​ប្រធាន អូក ?

President Russell M. Nelson

រ័សុល អិម ណិលសុន « ការបង្រៀន​ដោយ​អំណាច និង​សិទ្ធិអំណាច​ពី​ព្រះ » ទំព័រ ៦៨–៧៥

ប្រធាន ណិលសុន អញ្ជើញ​អ្នកកាន់បព្វជិតភាព​ឲ្យ « ក្រោកឈរឡើង » ហើយ​ប្រើ​បព្វជិតភាព​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​សមាជិក​ក្នុងកូរ៉ុម ឬសមាគមសង្គ្រោះ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ឧទាហរណ៍​ដែល​លោកបាន​ផ្ដល់​ឲ្យ ហើយពិភាក្សា​អំពី​របៀប​ដែល​ឧទាហរណ៍​ទាំង​នោះ ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​បព្វជិតភាព​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រទានពរ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ និង​អ្នកដទៃទៀត ។ តើ​មានបទពិសោធន៍​អ្វីខ្លះ​ដែល​យើង​អាច​ចែកចាយ នៅពេល​យើង​ត្រូវ​បាន​ប្រទានពរ​ដោយ​អំណាច​បព្វជិតភាព ? តើ​យើងអាច​ជួយ​អ្នកដទៃ ឬ​ខ្លួន​យើង​ឲ្យ​មាន​ជំនឿ​ដើម្បី​ប្រើ​បព្វជិតភាព​របស់​ព្រះ ដើម្បី « បម្រើ​នៅក្នុង​ព្រះនាម​របស់​ទ្រង់ » យ៉ាងដូចម្ដេច ?

Sister Reyna I. Aburto

រ៉េណា អ៊ី អាប៊ើតូ « ដោយ​ព្រមព្រៀងគ្នា » ទំព័រ ៧៨–៨០

សារលិខិត​របស់​ស៊ីស្ទើរ អាប៊ឺតូ ផ្ដល់​ជា​ឱកាស​មួយ​សម្រាប់​កូរ៉ុម ឬ​សមាគម​សង្គ្រោះ​របស់​បងប្អូន​វាយតម្លៃ​ថា តើ​បងប្អូន​កំពុង​ធ្វើ​ការ​សាមគ្គីភាព​គ្នា​នៅក្នុងកិច្ចការ​របស់​ព្រះអម្ចាស់​បាន​ល្អ​កម្រិត​ណា ។ ដើម្បី​ជួយ​សមាជិក​ឲ្យ​ធ្វើ​ដូច​នេះ បងប្អូន​អាច​បង្ហាញ​រូបភាព​នៃ​សត្វមេអំបៅ​ពណ៌ចម្រុះ រូបភាព​ព្រះអង្គសង្គ្រោះ​យាង​ទៅ​ជួប​នឹង​ពួកសាសន៍នីហ្វៃ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៨២, ៨៣, ៨៤ ) និង​រូបភាព កិច្ចការ​មនុស្សធម៌​របស់​សាសនាចក្រ ( សូមមើល​គេហទំព័រ LDS.org ) ។ សមាជិក​អាច​ស្រាវជ្រាវ​សារលិខិត និង​រុករកមើល​ថា​តើ​ស៊ីស្ទើរ អាប៊ឺតូ​បាន​ប្រើ​ឧទាហរណ៍​ទាំងនេះ​ដើម្បី​បង្រៀន​អំពី​គោលបំណង និង​ពរជ័យ​ទាំងឡាយ​នៃ​ការ​ធ្វើ​ការ​រួមគ្នា​យ៉ាង​ដូចម្ដេច​ខ្លះ ។ តើ​យើង​អាច​ធ្វើ​ការ « ដោយ​ព្រមព្រៀងគ្នា » យ៉ាង​ណា ?

President Henry B. Eyring

ហិនរី ប៊ី អាវរិង « ព្រះវិញ្ញាណ​របស់ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក » ទំព័រ ៨៦–៨៩

ដើម្បី​បង្កើន​បំណងប្រាថ្នា និង​សមត្ថភាព​របស់​យើង​ទទួល​យក​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ប្រធាន អាវរិង ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន ហើយ​ផ្ដល់​នូវ​ការ​ដឹកនាំ​ជាក់លាក់​ជាច្រើន ។ បន្ទាប់​ពី​មើល​បទពិសោធន៍​របស់​លោក តើ​ការ​ចងចាំ​ស្រដៀងគ្នា​អ្វីខ្លះ​ដែល​សមាជិក​ក្នុង​កូរ៉ុម ឬ​សមាគមសង្គ្រោះ​របស់​បងប្អូន​អាច​ចែកចាយ នៅពេល​ព្រះវិញ្ញាណបរិសុទ្ធ​រំជួល​ដួងចិត្ត​របស់​ពួកគេ ឬ​បញ្ជាក់​អំពី​សេចក្ដីពិត​នោះ ? ប្រហែល​ជា​សមាជិក​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ការណែនាំ​ដែល​ប្រធាន អាវរិង ចែកចាយ​ដើម្បី​ជួយ « បើក​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​បាន​ការ​បម្រើ​មក​ពី​ព្រះវិញ្ញាណ » ។ តើ​ការ​ធ្វើ​តាម​ការ​ដឹកនាំ​របស់​លោក​នឹង​ជួយ​យើង​នៅ​ក្នុង​ជីវិត និង​នៅក្នុង​គ្រួសារ​របស់​យើង​យ៉ាង​ដូចម្ដេច ? នៅក្នុង​កូរ៉ុម ឬ​សមាគសង្គ្រោះ​របស់​យើង​យ៉ាង​ដូចម្ដេច ?

President Dallin H. Oaks

ដាល្លិន អេក អូក « កិច្ចការ​តូចតាច និង​ងាយ » ទំព័រ ៨៩–៩២

សារលិខិត​របស់​ប្រធាន អូក មាននូវ​ការ​ប្រៀបធៀប​ដែល​បង្រៀន​អំពី​កិច្ចការ​តូចតាច និង​ងាយ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្រាប់​សេចក្ដី​ល្អ ឬ​សេចក្ដីអាក្រក់​ជា​យ៉ាងណា ។ ការ​ប្រៀបធៀប​ទាំងនេះ​រួមមាន ឬសឈើ ក្រុម​អុំទូក ខ្សែពួរ ការសម្រក់ទឹក ។ សមាជិក​អាច​អាន​ការ​ប្រៀបធៀប​ទាំងនេះ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​របស់​ទាំង​នេះ​បង្រៀន​អំពី​អំណាច​នៃ​ការ​ធ្វើ​កិច្ចការ​តូចតាច និង​ងាយ​ដោយ​ខ្ជាប់​ខ្ជួន ។ តើ​កិច្ចការ​តូចតាច និង​ងាយ​អ្វីខ្លះ​ដែល​នាំមកនូវ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង ? សូម​អញ្ជើញ​សមាជិក​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​ឲ្យ​ធ្វើ​តាម​ការទូន្មាន​របស់​ប្រធាន​អូក ។

President Russell M. Nelson

រ័សុល អិម ណិលសុន « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » ទំព័រ ៩៣–៩៦

នៅ​ក្នុង​សារលិខិត​នេះ ប្រធាន ណិលសុន សូម​អង្វរ​ដល់​យើង​ឲ្យ​ចម្រើន « សមត្ថភាព​ខាងវិញ្ញាណ​របស់​យើងដើម្បី​ទទួល​បាន​វិវរណៈ » ។ ដើម្បី​ជួយ​សមាជិក​ធ្វើ​តាម​ការ​ដឹកនាំ​របស់​លោក បងប្អូន​អាច​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ហេតុអ្វី​យើង​ត្រូវការ​វិវរណៈ ? តើ​យើង​អាច​បង្កើន​សមត្ថភាព​ដើម្បី​ទទួល​វិវរណៈ—​ទាំង​ជា​បុគ្គល និង​នៅពេល​យើង​ប្រឹក្សា​ជាមួយ​គ្នា​យ៉ាង​ដូចម្ដេច ? តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​ប្រធាន​ណិលសុន​បាន​សន្យា បើ​យើង​នឹង​ស្វែងរក​វិវរណៈ​នោះ ? សូម​បំបែក​សមាជិក​ជា​ក្រុម ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ស្វែងរក និង​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​មួយ ។

Elder Gerrit W. Gong

ហ្គើរីត ដបុលយូ ហ្គុង « ព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញ » ទំព័រ ៩៧–៩៨

តើ​សមាជិក​កូរ៉ុម​ឬ​សមាគមសង្គ្រោះ​របស់​បងប្អូន​រៀន​អ្វីខ្លះ​មកពី​សារលិខិត​របស់​អែលឌើរ ហ្គង អំពី​សេចក្ដីសញ្ញា​របស់​យើង និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? បងប្អូន​អាច​អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​សារលិខិត ដោយ​ស្វែងរក​ពរជ័យ​ដែល​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​សេចក្ដីសញ្ញា​របស់​យើង—ធ្វើ​ការ​រួមគ្នា—ដើម្បី​ផ្ដល់​ឲ្យ​យើង ។ បន្ទាប់មក​សូម​គិត​ពីការ​សួរ​សំណួរ​ដូច​ខាង​ក្រោម​អំពី​អ្វីដែល​ពួកគេ​រកឃើញ ៖ តើ​សេចក្ដីសញ្ញា​របស់​យើង និង​ដង្វាយធួន​ធ្វើ​ការ​រួមគ្នា​ដើម្បី​យើង « អាច​ធ្វើ​បាន ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​ថ្លៃថ្នូរ​ឡើង » យ៉ាងដូចម្តេច ? តើ​វា​ជួយ​យើង​ឲ្យ​បន្ដ​កាន់ខ្ជាប់ និង​បោះបង់​ចោល​អ្វីខ្លះ ?

Elder Ulisses Soares

អូលីសេស សូរ៉េស « ពួកព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ទំព័រ ៩៨–៩៩

សារលិខិត​របស់​អែលឌើរ សូរ៉េស អាច​បំផុសគំនិត​យើង​ឲ្យ​ធ្វើ​សកម្មភាព​នៅក្នុង​សេចក្ដីជំនឿ នៅពេល​យើង​មានអារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ តើ​អែលឌើរ សូរ៉េស ទទួលបាន​ការលួងលោមចិត្ត និង​ការ​អះអាង​យ៉ាង​ដូចម្ដេច នៅពេល​លោក​ទទួល​បាន​ការ​ហៅ​បម្រើ​ថ្មី ក្នុង​នាម​ជា​សាវក​មួយរូប​នោះ ? តើ​លោក​បាន​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​របស់​លោក​កាល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​បេសកកម្ម ? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​បទពិសោធន៍​របស់​លោក ? សូម​ផ្ដល់​ពេល​ដល់​សមាជិក​ឲ្យ​ចែកចាយ​បទពិសោធន៍​នៅពេល​ដែល​ពួកគេ​ទទួល​អារម្មណ៍​ពុំ​ប្រាកដប្រជា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះដើម្បី​ទទួល​បាន​សេចក្ដីជំនឿ​ដើម្បី​ដើរ​ឆ្ពោះ​ទៅមុខ ?

Elder Jeffrey R. Holland

ជែហ្វ្រី អ័រ ហូឡិន « នៅជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ » ទំព័រ ១០១–៣

នៅពេល​សមាជិក​កូរ៉ុម ឬ​សមាគមសង្គ្រោះ​របស់​បងប្អូន​បាន​រៀន​អំពី​ការ​ផ្លាស់ប្ដូរ​ចំពោះ « គោលគំនិត​អំពី​ការងារ​បម្រើ​របស់​បព្វជិតភាព និង​សមាគមសង្គ្រោះ » តើ​ពួកគេ​មាន​សំណួរ​អ្វីខ្លះ ? សារលិខិត​របស់​អែលឌើរ ហូឡិន អាច​ផ្ដល់​ចម្លើយ​នោះ ។ សមាជិក​អាច​ស្វែងរក​គោលការណ៍​ដំណឹងល្អ​ដែល​អែលឌើរ ហូឡិន បង្រៀន​គឺ​ជា​គ្រឹះ​នៃ​ការ​ផ្លាស់ប្ដូរ ទាំងនេះ ។ តើ​មាន​ការ​អញ្ជើញ​អ្វីខ្លះ​ដែល​យើង​រក​ឃើញ​មាន​នៅក្នុង​សារលិខិត​នេះ ? តើ​មានពរជ័យ​អ្វីខ្លះ​ដែល​បាន​សន្យា ? តើ​វិធី​ថ្មីៗ​នៃ​ការ​ងារ​បម្រើ​ទាំងនេះ អាច​ជួយ​យើងឲ្យ​ប្រែក្លាយជា « សិស្ស​ពិត​របស់​ព្រះគ្រីស្ទ » យ៉ាង​ដូចម្ដេច ?

Sister Jean B. Bingham

ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ » ទំព័រ ១០៤–៧

នៅ​ក្នុង​សារលិខិត​របស់​គាត់ ស៉ីស្ទើរ ប៊ីងហាំ អញ្ជើញ​ពួក​យើង​ឲ្យ​សួរ​សំណួរ​ខ្លួន​យើង​ដើម្បី​អាច​ដឹកនាំ​ដល់​កិច្ចខិតខំ​ផ្ដល់​ការងារបម្រើ​របស់​យើង ។ សមាជិក​អាច​ពិភាក្សា​អំពី​របៀប​ដែល​សំណួរ​ទាំងនេះ​អាច​ដឹកនាំ​ការខិតខំ​របស់​ពួកគេ បន្ទាប់មក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ស៉ីស្ទើរ ប៊ីងហាំ​« ដូច្នេះ​តើ [ ការងារបម្រើ ] មាន​លក្ខណៈ​យ៉ាងណា ? » បងប្អូន​អាច​ចំណាយ​ពេល​រំឭក​អំពី​ឧទាហរណ៍​មួយចំនួន​ដែល​ស៉ីស្ទើរ ប៊ីងហាំ បាន​ចែកចាយ​អំពី​ការងារ​បម្រើ​របស់​បុគ្គល​ម្នាក់ៗ ហើយ​អញ្ជើញ​សមាជិក​ឲ្យ​ចែកចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​សារលិខិត​របស់​ស៊ីស្ទើរ ប៊ីងហាំ ដែល​បង្កើន​ការ​យល់ដឹង​របស់​យើង​អំពី​មូលហេតុ និង​របៀប​ដែល​យើង​ផ្ដល់​ការងារ​បម្រើ ?

Elder Dieter F. Uchtdorf

ឌៀថើរ អេស្វ អុជដូហ្វ « មើលចុះ​មនុស្ស​នេះ​ហើយ ! » ទំព័រ ១០៧–១០

តើ​យើង​នឹង​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​ថា ពលិកម្ម​ធួន និង​ការ​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រឹត្តការណ៍​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​ឲ្យ​ពិចារណា​អំពី​សំណួរ​នេះ នៅពេល​ពួកគេ​អាន​ផ្នែកនានានៃ​សារលិខិត​របស់​អែលឌើរ អុជដូហ្វ ។ តើ​ពួកគេ​រកឃើញ​ថា មានអ្វីខ្លះ​ដែល​នឹង​ជួយ​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រឹត្តការណ៍​ទាំងនេះ​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ពួកគេ ? បន្ទាប់​ពីការ​ពិភាក្សា​នេះ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ឃ្លា « មើល​ចុះ​មនុស្ស​នេះ​ហើយ » មាន​ន័យ​យ៉ាងណា​ចំពោះ​ពួកគេ ។ តើ​យើង​បាន​រៀន​អំពី « មើលចុះ មនុស្ស​នេះ​ហើយ » យ៉ាង​ដូចម្ដេច ?

Elder Quentin L. Cook

ឃ្វីនថិន អិល ឃុក « ប្រុងប្រៀប​ទៅជួប​ព្រះ » ទំព័រ ១១៤–១៧

បងប្អូន​អាច​ចាប់​ផ្ដើម​ការ​ពិភាក្សា​របស់​បងប្អូន​អំពី​សារលិខិត​របស់​អែលឌើរ ឃុក ដោយ​ការ​អញ្ជើញ​ដល់​សមាជិក​ម្នាក់​ឲ្យ​សង្ខេប​អំពី​ការ​ស្ដារឡើងវិញ​នៃ​កូនសោ​បព្វជិតភាព​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។ យោងតាម​សារលិខិត​របស់​អែលឌើរ ឃុក តើ​សាសនាចក្រ​មាន​ការទទួលខុសត្រូវ​អ្វីខ្លះ​ទាក់ទង​ទៅនឹង​កូនសោ​ទាំងនេះ ? តើ​ការទទួលខុសត្រូវ​ទាំងនេះ​បើក​សម្ដែង​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃនេះ​យ៉ាង​ដូចម្តេច​ដែរ ? សូម​សរសេរ​ពាក្យ សេចក្តីសុចរិត សាមគ្គីភាព និង សមភាព នៅលើ​ក្ដារខៀន ហើយ​សូម​ដល់​សមាជិក​ឲ្យ​ចែកចាយ​គំនិត​យោបល់​ដែល​ពួកគេ​ទទួល​បាន​អំពី​គោលការណ៍​នីមួយៗទាំងនេះ​​ចេញ​មកពី​សារលិខិត​របស់​អែលឌើរ ឃុក ។ តើ​គោលការណ៍​ទាំងនេះ​ជួយ​យើង​បំពេញ​តាម​ការ​ទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?