« ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ៖ ‹ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ › ។ មរមន ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ។ មរមន ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ៖ « ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ »
មរមន ៧–៩
មរ៉ូណៃស្គាល់អារម្មណ៍នៅតែម្នាក់ឯងក្នុងពិភពដ៏ទុច្ចរិតមួយ—ជាពិសេសបន្ទាប់ពីឪពុករបស់លោកបានស្លាប់នៅក្នុងចម្បាំង ហើយពួកសាសន៍នីហ្វៃត្រូវបានបំផ្លាញ ។ លោកបានសរសេរថា « នៅសល់តែខ្ញុំម្នាក់ឯង ។ ខ្ញុំគ្មានមិត្តភក្តិ ឬទីណាសម្រាប់ទៅឡើយ » ( មរមន ៨:៣, ៥ ) ។ រឿងជាច្រើនអាចមើលទៅហាក់ដូចជាអស់សង្ឃឹម ប៉ុន្តែមរ៉ូណៃបានរកឃើញសេចក្ដីសង្ឃឹមនៅលើព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់របស់លោកថា « គោលបំណងទាំងឡាយដ៏នៅអស់កល្បជានិច្ចនៃព្រះអម្ចាស់នឹងដើរទៅមុខ » ( មរមន ៨:២២ ) ។ ហើយមរ៉ូណៃបានដឹងថា គន្លឹះសំខាន់មួយនៅក្នុងគោលបំណងដ៏អស់កល្បជានិច្ចទាំងនេះ នឹងជាព្រះគម្ពីរមរមន—ជាកំណត់ត្រាដែលឥឡូវនេះ លោកបានបញ្ចប់ដោយឧស្សាហ៍ព្យាយាម ជាកំណត់ត្រាដែលថ្ងៃណាមួយនឹងនាំមនុស្សជាច្រើន « ឲ្យស្គាល់ព្រះគ្រីស្ទ » ( មរមន ៨:១៦; ៩:៣៦ ) ។ សេចក្ដីជំនឿរបស់មរ៉ូណៃទៅលើការសន្យាទាំងនេះ បានធ្វើឲ្យលោកមានលទ្ធភាពប្រកាសទៅកាន់អ្នកអាននៅពេលអនាគតអំពីព្រះគម្ពីរនេះថា « ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ » ហើយ « ខ្ញុំដឹងថា អ្នករាល់គ្នានឹងឮពាក្យរបស់ខ្ញុំ » ( មរមន ៨:៣៥; ៩:៣០ ) ។ ឥឡូវនេះ យើងមានពាក្យសម្ដីរបស់លោក ហើយកិច្ចការរបស់ព្រះអម្ចាស់កំពុងដើរទៅមុខ ពីព្រោះតែមរមន និងមរ៉ូណៃនៅពិតស្មោះត្រង់ចំពោះបេសកកម្មរបស់ពួកលោក សូម្បីតែពេលដែលពួកលោកនៅឯកោក៏ដោយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
« ជឿដល់ព្រះយេស៊ូវគ្រីស្ទ » ហើយ « កាន់ខ្ជាប់នូវដំណឹងល្អ [ របស់ទ្រង់ ] » ។
បន្ទាប់ពីបានសង្ខេបកំណត់ត្រានៃប្រជាជនរបស់លោកហើយ នោះមរមនបានផ្ដល់សារលិខិតបញ្ចប់របស់លោកនៅក្នុង មរមន ៧ ។ តើហេតុអ្វីបានជាបងប្អូនគិតថាលោកជ្រើសរើសសារលិខិតនេះ ? តើការ « កាន់ខ្ជាប់នូវដំណឹងល្អនៃព្រះគ្រីស្ទ » មានន័យយ៉ាងណាចំពោះបងប្អូន ? ( មរមន ៧:៨ ) ។
សូមមើលផងដែរ « ខ្ញុំជឿលើព្រះគ្រីស្ទ » ទំនុកតម្កើង ល.រ. ៧៥ ។
ព្រះគម្ពីរមរមនគឺមានតម្លៃដ៏មហិមា ។
ប្រធាន រ័សុល អិម ណិលសុន បានសួរថា ៖ « បើគេឲ្យពេជ្រ ឬត្បូងទទឹមដល់បងប្អូន ឬ ព្រះគម្ពីរមរមនដល់បងប្អូន តើបងប្អូននឹងរើសយកមួយណា ? និយាយដោយស្មោះ តើមួយណា មាន តម្លៃច្រើនជាងចំពោះបងប្អូន ? » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ ) ។
តើបងប្អូនរកឃើញអ្វីនៅក្នុង មរមន ៧:៨–១០; ៨:១២–២២ និង ៩:៣១–៣៧ ដែលជួយបងប្អូនឲ្យយល់ពីមូលហេតុដែលព្រះគម្ពីរមរមនមានតម្លៃនៅក្នុងសម័យរបស់យើង ? តើហេតុអ្វីបានជាវាមានតម្លៃចំពោះបងប្អូន ? បងប្អូនអាចរកឃើញគំនិតយោបល់បន្ថែមនៅក្នុង នីហ្វៃទី១ ១៣:៣៨–៤១; នីហ្វៃទី២ ៣:១១–១២ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១៦; ៤២:១២–១៣ ។
ខ្ញុំអាចគោរពតាមព្រះបញ្ញត្តិបាន ទោះបីអ្នកដទៃមិនគោរពតាមក្ដី ។
នៅពេលខ្លះ បងប្អូនអាចមានអារម្មណ៍ឯកោនៅក្នុងកិច្ចខិតខំរបស់បងប្អូនដើម្បីរក្សាបញ្ញត្តិទាំងឡាយ ។ តើបងប្អូនអាចរៀនអ្វីខ្លះ មកពីគំរូរបស់មរ៉ូណៃដែលអាចជួយបងប្អូនឲ្យរក្សាបទបញ្ញតិបាន ? ( សូមមើល មរមន ៨:១–១១ ) ។ ប្រសិនបើបងប្អូនអាចសួរមរ៉ូណៃអំពីរបៀបដែលលោកនៅបន្តស្មោះត្រង់ តើបងប្អូនគិតថាលោកនឹងឆ្លើយថាម៉េច ?
សូមមើលផងដែរ « All May Know the Truth: Moroni’s Promise » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។
ព្រះយេស៊ូវគ្រីស្ទបានបង្ហាញដល់មរ៉ូណៃអំពីអ្វីដែលនឹងកើតឡើង នៅពេលព្រះគម្ពីរមរមនចេញមក ( សូមមើល មរមន ៨:៣៤–៣៥ ) ដែលបាននាំលោកឲ្យធ្វើការព្រមានយ៉ាងចំៗសម្រាប់ជំនាន់របស់យើង ។ នៅពេលបងប្អូនអាន មរមន ៨:២៦–៤១ និង ៩:១–៣០ សូមពិចារណាពីរបៀបដែលពាក្យសម្ដីរបស់លោកអាចអនុវត្តចំពោះបងប្អូនបាន ។ ឧទាហរណ៍ នៅក្នុងខគម្ពីរទាំងនេះមរ៉ូណៃសួរសំណួរចំនួន ២៤ ។ តើបងប្អូនឃើញភស្តុតាងអ្វីខ្លះ នៅក្នុងសំណួរទាំងនេះដែលថា មរ៉ូណៃបានឃើញជំនាន់របស់យើង ? តើព្រះគម្ពីរមរមនអាចជួយដល់ឧបសគ្គនានាដែលមរ៉ូណៃបានទស្សន៍ទាយដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនៃអព្ភូតហេតុ ។
មរ៉ូណៃបានបញ្ចប់ការសរសេររបស់ឪពុកលោកជាមួយសារលិខិតដ៏មានឥទ្ធិពលមួយ សម្រាប់មនុស្សនៅក្នុងជំនាន់របស់យើងដែលមិនជឿលើអព្ភូតហេតុ ( សូមមើល មរមន ៨:២៦; ៩:១, ១០–១១ ) ។ តើហេតុអ្វីបានជាបងប្អូនមានអារម្មណ៍ថា ជំនឿលើអព្ភូតហេតុគឺចាំបាច់នៅសព្វថ្ងៃនេះ? សូមស្រាវជ្រាវក្នុង មរមន ៩:៩–១១, ១៥–២៧ និង មរ៉ូណៃ ៧:២៧–២៩ និងសូមពិចារណាពីសំណួរដូចជា ៖
-
តើខ្ញុំរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ?
-
តើខ្ញុំរៀនអ្វីខ្លះអំពីអព្ភូតហេតុ អតីតកាល និងបច្ចុប្បន្ន ?
-
តើការជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះនៃអព្ភូតហេតុមានអត្ថប្រយោជន៍អ្វីខ្លះ ? តើការមិនជឿលើរឿងនេះមានផលវិបាកអ្វីខ្លះ ?
-
តើអព្ភូតហេតុអ្វីខ្លះ—ធំ និងតូច—ដែលព្រះអង្គសង្រ្គោះបានសម្តែងនៅក្នុងជីវិតរបស់ខ្ញុំ ? តើអព្ភូតហេតុទាំងនេះបង្រៀនខ្ញុំអ្វីខ្លះអំពីទ្រង់ ?
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួននៅចន្លោះពេលនេះ និងពេលដែលទ្រង់យាងមកម្ដងទៀត ។ យើងនឹងឃើញការបង្ហាញដ៏អស្ចារ្យថា ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ធ្វើជាអធិបតីលើសាសនាចក្រនេះដោយភាពរុងរឿង និងសិរីល្អ » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។ តើបងប្អូនមានអារម្មណ៍ថា អព្ភូតហេតុទាំងនេះអាចជាអ្វីខ្លះ ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីជួយព្រះអង្គសង្គ្រោះបំពេញតាមអព្ភូតហេតុទាំងនោះ ?
តើបងប្អូនរៀនអ្វីខ្លះអំពីសេចក្តីជំនឿ និងអព្ភូតហេតុមកពីបទពិសោធន៍របស់ពួកបរិសុទ្ធនៅប្រទេសសាម័រ តុងហ្គា ហ្វីជី និង តាហ៊ីទី នៅពេលដែលប្រធាន និងស៊ីស្ទើរ ណិលសុន បានទៅសួរសុខទុក្ខពួកគេ ? ( សូមមើល រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤ ) ។
សូមមើលផងដែរ រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩–១១២; Gospel Topics « Miracles » នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីបញ្ជាក់អំពីទំនាក់ទំនងរវាងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ដូចដែលមរ៉ូណៃបានបញ្ជាក់ បងប្អូនអាចលេងល្បែងបែបនេះជាមួយកូនៗរបស់បងប្អូនបាន ៖ សុំឲ្យពួកគេនិយាយថា « ព្រះគម្ពីរសញ្ញាចាស់ ព្រះគម្ពីរសញ្ញាថ្មី » នៅពេលដែលបងប្អូនលើកព្រះគម្ពីរប៊ីបឡើង ហើយនិយាយថា « សក្ខីបទមួយទៀត » នៅពេលបងប្អូនកាន់ព្រះគម្ពីរមរមន ។ បងប្អូនក៏អាចជ្រើសរើសព្រឹត្តិការណ៍ជាច្រើនដែលទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនបានធ្វើជាសាក្សីផងដែរ—ដូចជាការប្រសូត្ររបស់ព្រះយេស៊ូវ ការសុគត និងការមានព្រះជន្មរស់ឡើងវិញ—ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យស្វែងរករូបភាពនៃព្រឹត្តិការណ៍ទាំងនេះ ( ឧទាហរណ៍នៅក្នុង សៀវភៅរូបភាពដំណឹងល្អ ) ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរៀនពីមាត្រាទីប្រាំបីនៃសេចក្តីជំនឿ បងប្អូនអាចសរសេរពាក្យនីមួយៗនៅលើក្រដាសដាច់ដោយឡែកពីគ្នា ។ សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យធ្វើការជាមួយគ្នាដើម្បីដាក់ពាក្យទាំងនោះតាមលំដាប់លំដោយត្រឹមត្រូវ ហើយធ្វើវាឡើងវិញជាច្រើនដង ។
ខ្ញុំអាចគោរពតាមព្រះបញ្ញត្តិបាន ទោះបីខ្ញុំមានអារម្មណ៍ឯកោក្ដី ។
-
គំរូរបស់មរ៉ូណៃអាចបំផុសគំនិតកូនៗរបស់បងប្អូនឲ្យគោរពតាមព្រះបញ្ញត្តិរបស់ព្រះបាន ទោះបីជានៅពេលពួកគេមានអារម្មណ៍ឯកោក៏ដោយ ។ បន្ទាប់ពីបងប្អូនអាន មរមន ៨:១–៧ ជាមួយពួកគេហើយ ពួកគេអាចចែកចាយពីអារម្មណ៍របស់ពួកគេបាន ប្រសិនបើពួកគេគឺជាមរ៉ូណៃនោះ ។ នៅក្នុង ខទី ១, ៣, និង ៤ តើមរ៉ូណៃត្រូវបានបញ្ជាឲ្យធ្វើអ្វីខ្លះ ហើយតើលោកបានគោរពតាមយ៉ាងដូចម្តេច ? តើយើងអាចក្លាយកាន់តែដូចជាមរ៉ូណៃបានយ៉ាងដូចម្តេច ?
-
ប្រហែលជាបងប្អូន និងកូនៗរបស់បងប្អូនអាចនិយាយអំពីស្ថានភាពដែលពួកគេត្រូវជ្រើសរើសរវាងត្រូវ និងខុស នៅពេលដែលគ្មាននរណាម្នាក់កំពុងមើល ។ តើការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទជួយយើងក្នុងស្ថានភាពទាំងនេះយ៉ាងដូចម្ដេច ? បទចម្រៀងដូចជាបទ « ឈរដោយសុចរិត » ( សៀវភៅចម្រៀងកុមារ ទំព៏រ ៨១ ) អាចបន្ថែមទៅលើការពិភាក្សានេះបាន ។
ព្រះយេស៊ូវគ្រីស្ទគឺជា « ព្រះនៃអព្ភូតហេតុ » ។
-
បងប្អូនប្រហែលជាចង់ពន្យល់ដល់កូនៗរបស់បងប្អូនថា អព្ភូតហេតុគឺជាអ្វីដែលព្រះបានធ្វើឡើង ដើម្បីបង្ហាញព្រះចេស្តា និងប្រទានពរដល់ជីវិតរបស់យើង ។ បន្ទាប់មក បងប្អូនអាចអានឃ្លាមកពី មរមន ៩:១១–១៣, ១៧ ដែលពិពណ៌នាអំពីអព្ភូតហេតុមួយចំនួនរបស់ព្រះ ហើយកូនៗរបស់បងប្អូនអាចគិតអំពីអព្ភូតហេតុផ្សេងទៀត ( រូបភាពមកពី សៀវភៅរូបភាពដំណឹងល្អ ដូចជា ល.រ. ២៦, ៤០, ៤១ និង ៨៣ អាចជួយបាន ) ។ សូមនិយាយអំពីអព្ភូតហេតុដែលព្រះបានប្រទាននៅក្នុងជីវិតរបស់បងប្អូន ។
-
សូមបង្ហាញកូនៗរបស់បងប្អូននូវវិធីធ្វើម្ហូបមួយ ហើយនិយាយអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើបងប្អូនមិនដាក់គ្រឿងផ្សំដ៏ចាំបាច់មួយចូល ។ សូមអាន មរមន ៨:២៤ និង ៩:២០–២១ ដើម្បីស្វែងរក « គ្រឿងផ្សំ » ដែលអាចនាំឲ្យមានអព្ភូតហេតុមកពីព្រះ ។