« ថ្ងៃទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា ៖ ‹ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នា … ឲ្យប្រែចិត្ត › ។ មរមន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា ។ មរមន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា ៖ « ខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នា … ឲ្យប្រែចិត្ត »
មរមន ១–៦
មរមនពុំបានកត់ត្រា « ដំណើររឿងទាំងមូល » នៃ « ទិដ្ឋភាពដ៏អាក្រក់ » នៃអំពើទុច្ចរិត និងការបង្ហូរឈាមដែលលោកបានមើលឃើញមាននៅក្នុងចំណោមពួកសាសន៍នីហ្វៃទេ ( មរមន ២:១៨; ៥:៨ ) ។ ប៉ុន្តែអ្វីដែលលោកបានកត់ត្រានៅក្នុង មរមន ១–៦ គឺមានល្មមគ្រប់គ្រាន់ដើម្បីរំឭកយើង អំពីរបៀបដែលមនុស្សសុចរិតអាចធ្លាក់ខ្លួនទៅក្នុងអំពើទុច្ចរិតដ៏ជ្រៅបាន ។ នៅក្នុងចំណោមអំពើទុច្ចរិតដ៏ខ្លាំងដូច្នោះ ពុំមាននរណាម្នាក់អាចបន្ទោសមរមនដែលប្រែទៅជានឿយហត់ ហើយបាក់ទឹកចិត្តនោះទេ ។ ប៉ុន្តែតាមរយៈរឿងទាំងអស់នោះដែលលោកបានមើលឃើញ និងមានបទពិសោធន៍ លោកពុំដែលភ្លេចអំពីសេចក្ដីមេត្តាករុណាដ៏មហិមារបស់ព្រះ និងការជឿស៊ប់របស់លោកថា ការប្រែចិត្តគឺជាវិធីដើម្បីទទួលបានសេចក្ដីមេត្តាករុណានោះទេ ។ ហើយទោះបីជាប្រជាជនរបស់មរមនផ្ទាល់បានបដិសេធការអញ្ជើញឲ្យប្រែចិត្តដោយអង្វរកររបស់លោកក្ដី ក៏លោកបានដឹងថា លោកមានអ្នកស្ដាប់ជាច្រើនផ្សេងទៀតដែលត្រូវទៅបញ្ចុះបញ្ចូលដែរ ។ លោកបានប្រកាសថា « មើលចុះ ខ្ញុំសរសេរទៅកាន់អស់អ្នក ដែលនៅគ្រប់ទិសទីលើផែនដី » ។ បើនិយាយម្យ៉ាងទៀតគឺលោកបានសរសេរទៅកាន់បងប្អូន ( សូមមើល មរមន ៣:១៧–២០ ) ។ ហើយសារលិខិតរបស់លោកចំពោះបងប្អូននៅសព្វថ្ងៃនេះ គឺជាសារលិខិតដដែលដែលអាចបានសង្គ្រោះពួកសាសន៍នីហ្វៃនៅក្នុងជំនាន់របស់ពួកគេ ៖ « ជឿដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ … ប្រែចិត្ត ហើយប្រុងប្រៀបឈរនៅចំពោះវេទិកាជំនុំជម្រះនៃព្រះគ្រីស្ទ » ( មរមន ៣:២១–២២ ) ។
សូមមើលផងដែរ « Mormon Preserves the Record to Bring the House of Israel to Christ » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ទោះជាមនុស្សដទៃធ្វើអ្វីក៏ដោយ ។
នៅពេលដែលលោកមានអាយុប្រហែល ១០ ឆ្នាំ មរមនគឺខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញលោក ។ នៅពេលបងប្អូនអាន មរមន ១–៦ សូមស្វែងរកវិធីដែលសេចក្តីជំនឿរបស់មរមនទៅលើព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យលោកមានលក្ខណៈពិសេស ហើយបានផ្ដល់ឱកាសឲ្យលោកបម្រើ និងប្រទានពរដល់អ្នកដទៃ ។ ខគម្ពីរដូចខាងក្រោមនេះអាចនាំឲ្យបងប្អូនចាប់ផ្ដើមបាន ៖
-
មរមន ១:២–៣, ១៣–១៧ ។តើបងប្អូនសម្គាល់ឃើញមានភាពខុសគ្នាអ្វីខ្លះរវាងមរមន និងប្រជាជនរបស់លោក ? តើលោកមានគុណសម្បត្តិអ្វីខ្លះ ដែលបានជួយលោកឲ្យនៅតែរឹងមាំខាងវិញ្ញាណនៅក្នុងគ្រាដ៏លំបាកបែបនោះ ?
-
មរមន ២:១៨–១៩ ។តើមរមនបានប្រើពាក្យសម្ដីអ្វីខ្លះ ដើម្បីពិពណ៌នាអំពីពិភពលោកដែលលោកបានរស់នៅ ? តើលោករក្សានូវសេចក្ដីសង្ឃឹមបានដោយរបៀបណា ទោះបីជាមជ្ឈដ្ឋានជុំវិញខ្លួនលោកទុច្ចរិតយ៉ាងណាក្ដី ?
-
មរមន ៣:១២ ។តើមរមនមានអារម្មណ៍យ៉ាងណាចំពោះមនុស្សដែលនៅជុំវិញលោក ? តើយើងអាចធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍសេចក្ដីស្រឡាញ់ដូចដែលលោកមាន ?
តើខគម្ពីរផ្សេងទៀតនៅក្នុង មរមន ១–៦ គូសបញ្ជាក់អ្វីខ្លះអំពីសេចក្ដីជំនឿរបស់មរមននៅលើព្រះយេស៊ូវគ្រីស្ទ ? តើលោកទទួលបានឱកាសអ្វីខ្លះ ដោយសារលោកជ្រើសរើសរក្សាភាពស្មោះត្រង់ ?
សូមពិចារណាសិក្សាសារលិខិតរបស់ប្រធាន ថូម៉ាស អេស ម៉នសុន « Be an Example and a Light » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦–៨៨ ) ដោយស្វែងរកហេតុផលថា ហេតុអ្វីបានជាវាសំខាន់សម្រាប់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដើម្បីលេចធ្លោ ឬមានភាពខុសពីគេ ។ តើបងប្អូននឹងបំពេញប្រយោគបែបនេះដោយរបៀបណា ? « ជាគំរូដល់ខ្ញុំ នៅពេលគាត់ [ ឬនាង ] ។ ការណ៍នេះបានជួយខ្ញុំឲ្យចង់ » ។
មរមនអាចមានអារម្មណ៍ថា គំរូរបស់លោកមិនបានធ្វើឲ្យប្រជាជនរបស់លោកមានការផ្លាស់ប្តូរនោះទេ ។ ប្រសិនបើបងប្អូនមានឱកាសនិយាយជាមួយនឹងមរមន តើបងប្អូននឹងប្រាប់លោកអ្វីខ្លះ អំពីរបៀបដែលគំរូរបស់លោកបានធ្វើឲ្យបងប្អូនមានការផ្លាស់ប្ដូរ ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « Quick to Observe » Ensign ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣០–៣៦ ឬ Liahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ១៤–២០; « Something Different about Us: Example » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ; Gospel Topics « Living the Gospel of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះនាំខ្ញុំទៅរកព្រះគ្រីស្ទ និងការផ្លាស់ប្តូរដ៏យូរអង្វែង ។
នៅពេលមរមនបានមើលឃើញសេចក្ដីព្រួយរបស់ប្រជាជនលោក លោកបានសង្ឃឹមថា ពួកគេនឹងប្រែចិត្ត ។ ប៉ុន្តែ « សេចក្តីទុក្ខសោករបស់គេពុំនាំទៅរកសេចក្តីប្រែចិត្ដ » ទេ ( មរមន ២:១៣ )—វាមិនមែនជាសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះទេ តែជាសេចក្តីព្រួយរបស់លោកិយទៅវិញ ។ ដើម្បីយល់ពីភាពខុសគ្នា សូមពិចារណាកត់ត្រានូវអ្វីដែលបងប្អូនរៀនមកពី មរមន ២:១០–១៥ នៅក្នុងតារាងដូចជាតារាងមួយនេះ ៖
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ |
សេចក្តីព្រួយរបស់លោកិយ |
---|---|
មករកព្រះយេស៊ូវ ( ខទី ១៤ ) |
ប្រទេចផ្ដាសាដល់ព្រះ ( ខទី ១៤ ) |
តើបងប្អូនដឹងយ៉ាងដូចម្ដេចថា សេចក្តីព្រួយរបស់បងប្អូនគាប់ព្រះហឫទ័យដល់ព្រះ ឬដល់លោកិយ ? ប្រសិនបើបងប្អូនកំពុងជួបនឹងសេចក្តីព្រួយរបស់លោកិយ តើបងប្អូនអាចផ្លាស់ប្ដូរវា ឲ្យទៅជាសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះដោយរបៀបណា ?
សូមមើលផងដែរ កូរិនថូស ទី២ ៧:៨–១១; មីឆែល ឌី ក្រេហ្គ « Divine Discontent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥២–៥៥ ។
« ហើយពួកគេពុំបានដឹងថា គឺព្រះអម្ចាស់ដែលបានទុកជីវិតឲ្យពួកគេ » ។
មរមនបានសង្កេតឃើញថា ពួកសាសន៍នីហ្វៃមិនបានទទួលស្គាល់ពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេទេ ។ នៅពេលបងប្អូនអាន មរមន ៣:៣, ៩ បងប្អូនអាចនឹងពិចារណាអំពីរបៀបដែលបងប្អូនទទួលស្គាល់ព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ។ តើពរជ័យអ្វីខ្លះបានកើតមាន នៅពេលបងប្អូនទទួលស្គាល់ព្រះចេស្ដារបស់ទ្រង់ ? តើការមិនទទួលស្គាល់ទ្រង់មានផលវិបាកអ្វីខ្លះ ? ( សូមមើល មរមន ២:២៦; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២១ ) ។
សូមមើល ហិនរី ប៊ី អាវរីង «O Remember, Remember» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៩ ។
ព្រះយេស៊ូវគ្រីស្ទឈរលាតព្រះពាហុចាំទទួលខ្ញុំ ។
ប្រសិនបើបងប្អូនធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តចំពោះអំពើបាបរបស់បងប្អូនផ្ទាល់ នោះការពិពណ៌នារបស់មរមនអំពីព្រះអង្គសង្គ្រោះដែលឈរ « លាតព្រះពាហុចាំទទួលអ្នក » អាចផ្តល់ជាការធានាបាន ។ ពេលបងប្អូនអាន មរមន ៥:៨–២៤ និង ៦:១៦–២២ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវមានចំពោះបងប្អូន ទោះជាបងប្អូនប្រព្រឹត្តអំពើបាបក៏ដោយ ? តើបងប្អូនធ្លាប់មានអារម្មណ៍ថា ព្រះយេស៊ូវគ្រីស្ទបានឈោងមកជួយបងប្អូនដោយលាតព្រះពាហុចាំបងប្អូនយ៉ាងដូចម្ដេច ? ជាលទ្ធផល តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
សូមមើលផងដែរថា « មកឯព្រះយេស៊ូវ » ទំនុកតម្កើង ល.រ. ៦៤ ។
គំនិតសម្រាប់បង្រៀនកុមារ
មរមន ១:១–៣; ២:១, ២៣–២៤; ៣:១–៣, ១២, ១៧–២២
ដូចជាមរមនដែរ ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ។
-
ដោយសារមរមននៅក្មេងនៅឡើយ ពេលលោកអភិវឌ្ឍសេចក្តីជំនឿរបស់លោកទៅលើព្រះគ្រីស្ទ នោះលោកអាចជាការបំផុសគំនិតដល់កូនៗរបស់បងប្អូនបាន ។ ប្រហែលជាបងប្អូនអាចអាន មរមន ១:១–៣ ហើយកូនៗរបស់បងប្អូនអាចស្តាប់រកមើលថា តើមរមនមានអាយុប៉ុន្មាន នៅពេលដែលអាំម៉ារ៉ុនបានផ្តល់បេសកកម្មពិសេសដល់លោក ។ បងប្អូនក៏អាចជួយពួកគេឲ្យរកនៅក្នុងខគម្ពីរទាំងនេះ នូវគុណសម្បត្តិដែលអាំម៉ារ៉ុនបានឃើញនៅក្នុងមរមនផងដែរ ។ តើគុណសម្បត្តិទាំងនេះជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
ពីព្រោះមរមនបានដើរតាមព្រះយេស៊ូវគ្រីស្ទ លោកត្រូវបានប្រទានឱកាសឲ្យបម្រើ និងប្រទានពរដល់អ្នកដទៃទៀត ។ បងប្អូនអាចអញ្ជើញកូនៗរបស់បងប្អូនឲ្យអានវគ្គបទគម្ពីរមួយ ឬច្រើនដូចតទៅនេះ ហើយជួយពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេរៀនអំពីមរមន ៖ មរមន ១:១–៣; ២:១, ២៣–២៤ និង ៣:១–៣, ១២, ២០–២២ ( សូមមើលផងដែរ « ជំពូកទី ៤៩ ៖ មរមន និងការបង្រៀនរបស់លោក » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១៣៨–១៤២ ) ។ តើលោកបានធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើសេចក្ដីជំនឿរបស់លោកទៅលើព្រះយេស៊ូវគ្រីស្ទបានជួយ ឬប្រទានពរដល់អ្នកដទៃទៀតដោយរបៀបណា ? តើសេចក្តីជំនឿរបស់យើងអាចជួយមនុស្សដែលយើងស្គាល់ដោយរបៀបណា ?
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះនាំខ្ញុំទៅរកព្រះគ្រីស្ទ និងការផ្លាស់ប្តូរដ៏យូរអង្វែង ។
-
ប្រហែលជាបងប្អូនអាចធ្វើតារាងមួយដូចជាតារាងមួយនៅក្នុង « គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ » ដើម្បីជួយឲ្យកូនៗរបស់បងប្អូនយល់ពីភាពខុសគ្នារវាងសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ និងសេចក្តីព្រួយរបស់លោកកិយ នៅពេលពួកគេអាន មរមន ២:៨, ១០–១៥ ។ បន្ទាប់មក ពួកគេក៏អាចស្រាវជ្រាវក្នុង មរមន ២:១២ ដើម្បីរកមូលហេតុដែលការប្រែចិត្តអាចធ្វើឲ្យ « អររីករាយនៅក្នុងចិត្ត [ យើង ] … » ផងដែរ ។ តើយើងអាចប្រាកដថា សេចក្តីព្រួយដែលយើងមានដោយសារតែអំពើបាបរបស់យើង នាំយើងឲ្យស្វែងរកជំនួយរបស់ព្រះដើម្បីផ្លាស់ប្តូរដោយរបៀបណា ?
ព្រះវរបិតាសួគ៌ប្រទានពរជ័យជាច្រើនដល់ខ្ញុំ ។
-
សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យរាយបញ្ជី ( ឬគូររូបភាព ) រឿងមួយចំនួនដែលពួកគេមានអំណរគុណ ដែលអាចជាវិធីដ៏ល្អមួយដើម្បីជួយពួកគេឲ្យមានអារម្មណ៍ដឹងគុណចំពោះព្រះ ។ បន្ទាប់ពីពួកគេបានបង្កើតបញ្ជីមួយហើយ បងប្អូនអាចអាន មរមន ៣:៣, ៩ ហើយពន្យល់ថា ព្រះវរបិតាសួគ៌បានប្រទានពរដល់ពួកសាសន៍នីហ្វៃផងដែរ ប៉ុន្តែពួកគេមិនបានដឹង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថា យើងមានអំណរគុណចំពោះព្រះវរបិតាសួគ៌សម្រាប់ពរជ័យរបស់យើង ?
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំស្រឡាញ់មនុស្សគ្រប់គ្នា ។
-
ទោះបីជាពួកសាសន៍នីហ្វៃជាមនុស្សអាក្រក់ក៏ដោយ ក៏មរមនមិនដែលឈប់ស្រឡាញ់ពួកគេឡើយ ។ សូមជួយកូនៗរបស់បងប្អូនរកពាក្យ « ស្រឡាញ់ » និង « សេចក្ដីស្រឡាញ់ » នៅក្នុង មរមន ៣:១២ ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទអំពីការស្រឡាញ់អ្នកដទៃជាមួយគ្នាផងដែរ ដូចជាបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៩ ) ខណៈពេលបង្ហាញរូបភាពកុមារមកពីជុំវិញពិភពលោក ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។