ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ៖ « ដើម្បី​ឲ្យ​អំពើ​អាក្រក់​ត្រូវ​បាត់​អស់​ទៅ » ។ អេធើរ ៦–១១


« ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ៖ ‹ ដើម្បី​ឲ្យ​អំពើ​អាក្រក់​ត្រូវ​បាត់​អស់​ទៅ › ។ អេធើរ ៦–១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ។ អេធើរ ៦–១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ភេត្រា​របស់​ពួក​សាសន៍​យ៉ារេឌ​នៅលើ​សមុទ្រ

I Will Bring You Up Again out of the Depths [ យើង​នឹង​លើក​អ្នក​ឡើង​ពី​ជម្រៅ​នៃ​សមុទ្រ ] ដោយ ចូណាថាន់ អាធើរ ក្លាក

ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ៖ « ដើម្បី​ឲ្យ​អំពើ​អាក្រក់​ត្រូវ​បាត់​អស់​ទៅ »

អេធើរ ៦–១១

អស់​រយៈពេល​រាប់រយ​ឆ្នាំ​ក្រោយពី​សាសន៍​យ៉ារេឌ​ត្រូវ​បាន​បំផ្លាញ ពួក​សាសន៍​នីហ្វៃ​បាន​រកឃើញ​ការ​បំផ្លិច​បំផ្លាញ​នៃ​អរិយធម៌​ពី​បុរាណ​របស់​ពួក​សាសន៍​យ៉ារេឌ ។ ក្នុង​ចំណោម​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ​គឺ​ជា​កំណត់ត្រា​ដ៏​អាថ៌កំបាំង​មួយ គឺ​ផ្ទាំង « មាស​សុទ្ធ » ដែល « ពេញ​ដោយ​ឆ្លាក់ត្រា » ហើយ​ពួក​សាសន៍​នីហ្វៃ « ចង់​ដឹង​ហួស​ប្រមាណ » ដើម្បី​អាន​វា ( ម៉ូសាយ ៨:៩; ២៨:១២ ) ។ សព្វថ្ងៃនេះ បងប្អូន​មាន​សេចក្ដី​សង្ខេប​អំពី​កំណត់ត្រា​នេះ ហើយ​វា​ត្រូវ​បាន​ហៅ​ថា​គម្ពីរ​អេធើរ ។ នៅ​ពេល​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​អាន​វា « ពួក​គេ​បាន​ពោរ​ពេញ​ទៅ​ដោយ​ការ​សោកសៅ » ដោយ​ដឹង​អំពី​ការដួល​រលំ​ដ៏​សោកសៅ​នៃ​ពួក​សាសន៍​យ៉ារេឌ ។ « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ដំណើរ​រឿង​នេះ​បាន​ផ្ដល់​ដល់​គេ​នូវ​ការ​ចេះ​ដឹង​ជា​ច្រើន ម្ល៉ោះ​ហើយ ទើប​គេ​បាន​អរ​រីករាយ » ( ម៉ូសាយ ២៨:១២, ១៨ ) ។ បងប្អូន​ក៏​ប្រហែលជា​អាច​រក​ឃើញ​គ្រា​ដ៏​សោកសៅ​នៅក្នុង​គម្ពីរ​នេះ​ផងដែរ ។ ប៉ុន្តែ​បងប្អូន​ក៏​អាច​រីករាយ​នឹង​អំណោយទាន​នៃ​ចំណេះ​ដឹង​នេះ​ផង​ដែរ ។ ដូច​មរ៉ូណៃ​បាន​កត់ត្រា​ថា « គឺជា​ប្រាជ្ញា​នៅក្នុង​ព្រះ ដែល​ការណ៍​ទាំងនេះ​ត្រូវបាន​បង្ហាញ​ដល់់​អ្នក … ដើម្បី​ឲ្យ​អំពើ​អាក្រក់​ត្រូវ​បាត់​អស់​ទៅ ហើយ​ថា​ពេល​វេលា​នឹង​មក​ដល់ ដែល​អារក្ស​សាតាំង​កពុំ​អាច​មាន​អំណាច​ទៅ​លើ​ដួង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​បាន​ទេ » ( អេធើរ ៨:២៦ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អេធើរ ៦:១–១២

ព្រះអម្ចាស់​នឹង​ដឹកនាំ​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ខ្ញុំ ។

បងប្អូន​អាច​នឹង​រកឃើញ​គំនិត​យោបល់​ខាង​វិញ្ញាណ​បាន ប្រសិនបើ​បងប្អូន​ប្រៀបធៀប​ការធ្វើ​ដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ​ឆ្លង​កាត់​មហា​សមុទ្រ ទៅ​នឹង​ការធ្វើ​ដំណើរ​របស់​បងប្អូន​ឆ្លង​កាត់​ជីវិត​រមែង​ស្លាប់​នេះ ។ ឧទាហរណ៍ តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វីខ្លះ​ដែល​បំភ្លឺ​ផ្លូវ​របស់​បងប្អូន ដូចជា​ថ្ម​នៅក្នុង​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ ? តើ​ភេត្រា ឬ​ខ្យល់​ដែល « បក់​មិន​ឈប់​ឈរ​ឆ្ពោះ​ទៅ​កាន់​ដែនដី​សន្យា » នោះ​អាច​តំណាង​ឲ្យ​អ្វី ? ( អេធើរ ៦:៨ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​សកម្មភាព​របស់​ពួក​សាសន៍​យ៉ារេឌ​កាល​ពីមុន អំឡុងពេល និង​បន្ទាប់ពី​ការធ្វើ​ដំណើរ​នេះ ? តើ​ព្រះអម្ចាស់​កំពុង​ដឹកនាំ​បងប្អូន​ឆ្ពោះ​ទៅកាន់​ដែនដី​សន្យា​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

« ច្រៀង​សរសើរ​តម្កើង​ដល់​ព្រះអម្ចាស់ » ។ ពួក​សាសន៍​យ៉ារេឌ​បាន​សម្តែង​នូវ​ការដឹង​គុណ និង​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះ​តាមរយៈ​បទ​ចម្រៀង និង​ការសរសើរ ( សូម​មើល អេធើរ ៦:៩ ) ។ បងប្អូន​អាច​ស្វែងរក ឬ​បង្កើត​ឱកាស​ដើម្បី​ប្រើ​តន្ត្រី និង​ទីបន្ទាល់​ដ៏​ស្មោះ​ដើម្បី​សរសើរ​ដល់​ព្រះ​នៅ​ឯ​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ​ផងដែរ ។ ឧទាហរណ៍ វា​អាច​ជា​ការសមរម្យ​ក្នុង​ការច្រៀង​ទំនុក​តម្កើង​មួយ​បទ ដូចជា​បទ « Praise the Lord with Heart and Voice » ( ទំនុក​តម្កើង ល.រ. ៧៣ ) នៅពេល​សិក្សា អេធើរ ៦:១–១២ ។

គ្រួសារ​របស់​សាសន៍​យ៉ារេឌ​នៅក្នុង​ភេត្រា​របស់​ពួកគេ

Baby on Board [ ទារក​នៅលើ​ទូក ] ដោយ ឃេនឌុល រ៉េយ ចនសុន

អេធើរ ៦:៥–១៨, ៣០; ៩:២៨–៣៥; ១០:១–២

« ដើរ​យ៉ាង​រាបទាប​នៅ​ចំពោះ​ព្រះអម្ចាស់ » ។

ថ្វី​បើ​អំនួត និង​ភាពទុច្ចរិត​មើល​ទៅ​ហាក់​ដូចជា​មាន​ពេញ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​សាសន៍​យ៉ារេឌ​ក្ដី ក៏​មាន​គំរូ​នៃ​ការបន្ទាបខ្លួន​ជាច្រើន​នៅ​ក្នុង​ជំពូក​ទាំងនេះ​ផងដែរ—ជាពិសេស​នៅក្នុង អេធើរ ៦:៥–១៨, ៣០; ៩:២៨–៣៥ និង ១០:១–២ ។ សូម​ពិចារណា​អំពី​សំណួរ​ដូច​ខាងក្រោម ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រៀន​មកពី​គំរូ​ទាំងនេះ​បាន ៖ ហេតុអ្វី​បានជា​ពួក​សាសន៍​យ៉ារេឌ​ទាំងនេះ​បន្ទាប​ខ្លួន​នៅក្នុង​ស្ថានភាព​ទាំងនេះ ? តើ​ពួកគេ​បាន​បង្ហាញ​នូវ​ការបន្ទាបខ្លួន​របស់​ពួកគេ​តាម​របៀប​ណា ? តើ​ជា​លទ្ធផល ព្រះ​ប្រទានពរ​ដល់​ពួកគេ​ដោយ​របៀបណា ? សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​ដើម្បី « ដើរ​យ៉ាង​រាប​ទាប​នៅ​ចំពោះ​ព្រះអម្ចាស់ » ( អេធើរ ៦:១៧ ) ជាជាង​ត្រូវ​បាន​បង្ខំ​ឲ្យ​រាបទាប ( សូមមើល ម៉ូសាយ ៤:១១–១២; អាលម៉ា ៣២:១៤–១៨ ) ។

សូមមើល​ផងដែរ ឌែល ជី រិនឡាន់ « Do Justly, Love Mercy, and Walk Humbly with God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១០៩–១១២ ។

អេធើរ ៧–១១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ដូចជា​ព្រះ​គ្រីស្ទ​បាន ។

ជំពូក​ទី ៧–១១ នៃ​គម្ពីរ​អេធើរ​មាន​ថ្លែង​យ៉ាង​ហោច​ណាស់​ដល់​ទៅ ២៨ ជំនាន់ ។ ទោះបី​ជា​មាន​សេចក្តី​លម្អិត​តិចតួច​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​កន្លែង​តូច​បែប​នេះ​ក៏​ដោយ​ក្តី ក៏​​មាន​គំរូ​មួយ​បាន​លេច​ឡើង​យ៉ាង​លឿន​អំពី​ផល​វិបាក​នៃ​ភាព​ជា​អ្នកដឹកនាំ​ដ៏​សុចរិត និង​ទុច្ចរិត ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ភាព​ជា​អ្នក​ដឹកនាំ​មកពី​គំរូ​នេះ—ទាំង​អវិជ្ជមាន និង​វិជ្ជមាន—នៃ​ស្ដេច​ដែល​បាន​រាយ​ព្រះនាម​នៅ​ខាង​ក្រោម​នេះ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ផ្តល់​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​អំពី​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សារលិខិត​របស់​លោក « The Greatest among You » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៧៨–៨១ ) ។ សូម​ពិចារណា​សិក្សា​សារលិខិត​នេះ—ជា​ពិសេស​ដំណើររឿង​ទាំងឡាយ​ដែល​លោក​ប្រាប់—គឺ​ការស្វែងរក​គោលការណ៍ ឬ​លំនាំ​នៃ​ភាពជា​អ្នកដឹកនាំ​ដូចជា​ព្រះគ្រីស្ទ ។ តើ​បងប្អូន​បាន​ឃើញ​ថ្នាក់ដឹកនាំ​បង្ហាញ​ពី​គោលការណ៍ ឬ​លំនាំ​ទាំងនេះ​នៅពេល​ណា​ដែរ ?

នៅពេល​បងប្អូន​ពិចារណា​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន សូម​គិត​អំពី​ឱកាស​ដែល​បងប្អូន​អាច​មាន​ដើម្បី​ដឹកនាំ ឬ​មាន​ឥទ្ធិពល​ទៅលើ​អ្នកដទៃ​នៅក្នុង​គេហដ្ឋាន សហគមន៍ និង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​បងប្អូន​ជាដើម ។ តើ​បងប្អូន​អាច​អភិវឌ្ឍ​គុណសម្បត្តិ​នៃ​ភាពជា​អ្នកដឹកនាំ​ដូចជា​ព្រះគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ទោះបី​ជា​បងប្អូន​មិន​មាន​ភារកិច្ច​ដឹកនាំ​ជាក់លាក់​ក្ដី ?

សូម​មើល​ផង​ដែរ Gospel Topics « Serving in Church Callings » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « គោលការណ៍​នៃ​ភាព​ជា​អ្នក​ដឹកនាំ​នៅក្នុង​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៤.២ ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។

អេធើរ ៨:៧–២៦

ព្រះអម្ចាស់​មិន​ធ្វើការ​នៅក្នុង​ភាពងងឹត​ទេ ។

នៅពេល​មនុស្ស​ឃុបឃិតគ្នា​ដើម្បី​រក្សា​អំពើ​ទុច្ចរិត​របស់​ពួកគេ​ជា​ការសម្ងាត់ នោះ​ពួកគេ​បាន​ចូលរួម​នៅក្នុង​បក្សព័ន្ធ​សម្ងាត់​ហើយ ។ បន្ថែម​ពី​លើ​បក្សព័ន្ធ​សម្ងាត់​ដែល​បាន​ពិពណ៌នា​នៅក្នុង អេធើរ ៨:៧–១៨ ឧទាហរណ៍​ផ្សេងទៀត​អាច​រក​បាន​នៅក្នុង ហេលេមិន ១:៩–១២; ២:២–១១; ៦:១៦–៣០ និង ម៉ូសេ ៥:២៩–៣៣ ។ សូម​ពិចារណា​ដាក់​ខគម្ពីរ​ទាំងនេះ​ប្រៀបធៀប​ជាមួយ​នឹង នីហ្វៃ​ទី​២ ២៦:២២–២៤ ដែល​នីហ្វៃ​បាន​ពិពណ៌នា​ពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ តើ​បងប្អូន​គិត​ថា ហេតុអ្វី​មរ៉ូណៃ​ត្រូវបាន​បញ្ជា​ឲ្យ​សរសេរ​អ្វី​ដែល​លោក​បាន​សរសេរ​អំពី​បក្សព័ន្ធ​សម្ងាត់​ទាំងឡាយ ?

តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​គម្ពីរ​អេធើរ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​បាន​ពិពណ៌នា​នៅក្នុង អេធើរ ៨:២៦ ?

គំនិត​សម្រាប់​បង្រៀន​កុមារ

អេធើរ ៦:១–១២

ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​ឲ្យ​លួងលោម​ខ្ញុំ នៅពេល​ខ្ញុំ​ភ័យ​ខ្លាច ។

  • មនុស្ស​គ្រប់​រូប​មាន​ពេល​លំបាក—សូម្បី​តែ​ក្មេង​តូចៗ​ក៏ដោយ ។ ប្រហែល​ជា​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ពាក្យ និង​ឃ្លា​នៅ​ក្នុង អរធើរ ៦:១–១២ ដែល​បង្ហាញ​ពី​របៀប​ដែល​ពួក​សាសន៍​យ៉ារេឌ​បាន​ទុក​ចិត្ត​លើ​ព្រះ​នៅក្នុង​អំឡុង​ពេល​ដ៏​លំបាក និង​គួរ​ឲ្យ​ខ្លាច ។ សូម​ពិចារណា​ចែកចាយ​ជាមួយ​គ្នា​នូវ​បទពិសោធន៍​មួយ​ចំនួន នៅពេល​ដែល​ព្រះ​បាន​ជួយ​ដល់​បងប្អូន​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នៅក្នុង​ជីវិត​របស់​បងប្អូន ។

អេធើរ ៦:៩, ១២, ៣០; ៧:២៧; ១០:២

ការចងចាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ នាំមក​នូវ​ការដឹងគុណ និង​សេចក្តី​សុខសាន្ត ។

  • បន្ទាប់ពី​ការ​ទៅ​ដល់​ដែនដី​សន្យា​ដោយ​សុវត្ថិភាព ពួក​សាសន៍​យ៉ារេឌ​បាន​មាន​អំណរគុណ​យ៉ាង​ខ្លាំង​រហូត​ដល់​ពួកគេ « ស្រក់​ទឹកភ្នែក​ដោយ​សេចក្ដី​អំណរ » ( អេធើរ ៦:១២ ) ។ បងប្អូន​អាច​បំផុស​គំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​របស់​ព្រះ ដោយ​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ឃ្លា​មកពី អេធើរ ៦:៩, ១២ ដែល​បង្ហាញ​ពី​របៀប​ដែល​ពួក​សាសន៍​យ៉ារេឌ​បាន​សម្តែង​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះ ។ កូនៗ​របស់​បងប្អូន​អាច​ចូលចិត្ត​ច្រៀង​ដូចជា​ពួកសាសន៍​យ៉ារេឌ​ដែរ បទ​ដែល​សម្តែង​ពី​ការដឹងគុណ​ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ សូម​ឲ្យ​កូនៗ​របស់​បងប្អូន​ប្រាប់​បងប្អូន​អំពី​រឿង​មួយ​ចំនួន​ដែល​ពួកគេ​មាន​អំណរ​គុណ ។

  • ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​អាន អេធើរ ៦:៣០; ៧:២៧ និង ១០:២ ហើយ​ស្វែងរក​នូវ​អ្វី​ដែល​ស្ដេច​សុចរិត​ទាំងនេះ​ចងចាំ ។ តើ​វា​ប៉ះពាល់​ដល់​របៀប​ដែល​ស្តេច​ទាំងនោះ​ដឹកនាំ​ប្រជាជន​របស់​ពួកទ្រង់​យ៉ាង​ដូចម្ដេច ? បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ពិភាក្សា​អំពី​វិធី​ដើម្បី​រំឭក​ខ្លួនឯង​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង ។ ឧទាហរណ៍ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​សរសេរ​អំពី​រឿង​នោះ ឬ​គូរ​រូបភាព​ក៏​បាន ។ បងប្អូន​អាច​ណែនាំ​ថា ពួកគេ​គួរតែ​មាន​ទម្លាប់​ទៀងទាត់​មួយ​ក្នុង​ការកត់ត្រា​ពរជ័យ​ដែល​ពួកគេ​កត់​សម្គាល់​ថា​បាន​មកពី​ព្រះ ( សូមមើល « O Remember, Remember » [ វីដេអូ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

អេធើរ ៧:២៤–២៧

ខ្ញុំ​មាន​ពរ នៅពេល​ខ្ញុំ​ធ្វើ​តាម​ព្យាការី​របស់​ព្រះ ។

  • ប្រហែល​ជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​នឹង​រីករាយ​ក្នុង​ការសម្តែង​រឿង​មួយ​ចំនួន​ដែល​ព្យាការី​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ ។ បងប្អូន​ថែម​ទាំង​អាច​ប្តូរ​វា​ទៅ​ជា​ល្បែង​មួយ​ផងដែរ ដែល​បងប្អូន​ទាយ​ថា​តើ​សកម្មភាព​នេះ​តំណាង​ឲ្យ​អ្វី ។ ការណ៍​នេះ​អាច​រៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​ពិភាក្សា​អំពី​មូលហេតុ​ដ៏​សំខាន់​ដើម្បី​ធ្វើ​តាម​ព្យាការី​របស់​ព្រះ ។ បន្ទាប់​មក បងប្អូន​អាច​អាន អេធើរ ៧:២៤–២៧ ដើម្បី​ស្វែង​យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​គោរព​តាម​ព្យាការី​របស់​ព្រះ ។ តើ​ការធ្វើ​តាម​ព្យាការី​នៅ​សព្វថ្ងៃ​នេះ​ប្រទានពរ​ដល់​យើង​ដោយ​របៀបណា ?

អេធើរ ៩:២៨–៣៥; ១១:៥–៨

ព្រះអម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា នៅពេល​ខ្ញុំ​ប្រែចិត្ត ។

  • ការស្វែងរក​លំនាំ​គឺ​ជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍​មួយ ។ គម្ពីរ​អេធើរ​មាន​លំនាំ​ដដែលៗ​ដែល​គូស​បញ្ជាក់​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រក​ឃើញ​លំនាំ​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន អេធើរ ៩:២៨–៣៥ និង អេធើរ ១១:៥–៨ ដោយ​ស្វែងរក​ភាព​ស្រដៀង​គ្នា​រវាង​ដំណើររឿង​ទាំង​ពីរ​នេះ ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​ដំណើររឿង​ទាំងនេះ ? ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​ស្វែងរក​រូបភាព​នៅ​ក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ អំពី​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​បាន​ប្រែចិត្ត ហើយ​ត្រូវ​បាន​អភ័យទោស ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ភេត្រា​របស់​ពួក​សាសន៍​យ៉ារេឌ​នៅលើ​សមុទ្រ

Jaredite Barges [ ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ ] ដោយ ហ្គែរី អើណេស ស្ម៊ីធ