ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ៖ « ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ » ។ អេធើរ ១–៥


« ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ៖ ‹ ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ › ។ អេធើរ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ។ អេធើរ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ពួក​សាសន៍​យ៉ារេឌ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីរហោស្ថាន

The Jaredites Leaving Babel [ ពួក​សាសន៍​យ៉ារេឌ​កំពុង​ចាកចេញ​ពី​ប៉ម​បាបិល ] ដោយ អាលប៊ីន វេសេលកា

ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ៖ « ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ »

អេធើរ ១–៥

ខណៈ​ដែល​វា​គឺជា​ការពិត​ថា របៀប​របស់​ព្រះ​គឺ​ខ្ពស់ជាង​របៀប​របស់​យើង ហើយ​យើង​គួរតែ​ចុះ​ចូល​ទៅ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់​ជានិច្ច ទ្រង់​ក៏​លើក​ទឹកចិត្ត​យើង​ឲ្យ​គិត និង​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​យើង​ផងដែរ ។ នោះ​ជា​មេរៀន​មួយ​ដែល​យ៉ារេឌ និង​បងប្រុស​របស់​លោក​បាន​រៀន ។ ឧទាហរណ៍ គំនិត​នៃ​ការធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​ថ្មី​មួយ​ដែល​ជា « ជម្រើស​លើ​ដែនដី​ទាំងអស់​នៃ​ផែនដី » ហាក់​ដូចជា​ចាប់ផ្ដើម​ដោយ យ៉ារេឌ ហើយ​ព្រះ​អម្ចាស់​បាន​ប្រទាន​តាម​សំណើ​នេះ​ដោយ​មាន​បន្ទូល​ទៅ​បង​ប្រុស​របស់​យ៉ារេឌ​ថា « ម្ល៉ោះ​ហើយ យើង​នឹង​ធ្វើ​សម្រាប់​អ្នក ដោយ​ព្រោះ​អ្នក​បាន​អំពាវនាវ​ដល់​យើង​អស់​ពេល​ដ៏​យូរ​យ៉ាង​នេះ » ( សូម​មើល អេធើរ ១:៣៨–៤៣ ) ។ ហើយ​នៅ​ពេល​ដែល​បង​ប្រុស​របស់​យ៉ារេឌ​ត្រូវការ​ពន្លឺ​នៅ​ក្នុង​ភេត្រា ដែល​នឹង​នាំ​ពួកគេ​ទៅ​កាន់​ដែនដី​ដែល​បាន​សន្យា​របស់​ពួក​គេ នោះ​ព្រះអម្ចាស់​បាន​សួរ​សំណួរ​មួយ ដែល​យើង​តែងតែ​សួរ ទ្រង់ ថា ៖ « តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើអ្វី ? » ( អេធើរ ២:២៣ ) ។ ទ្រង់​ចង់​ឮ​នូវ​គំនិត និង​បញ្ញា​របស់​យើង ហើយ​ទ្រង់​នឹង​ព្រះ​សណ្ដាប់ ហើយ​ប្រទាន​ការបញ្ជាក់​របស់​ទ្រង់ ឬ​ប្រទាន​ការទូន្មាន​ផ្សេងៗ​ដល់​យើង​បើ​ទ្រង់​មិន​ប្រទាន​តាម​សំណើ​ទេ​នោះ ។ ពេលខ្លះ រឿង​ដែល​បំបែក​យើង​ចេញពី​ពរជ័យ​នានា​ដែល​យើង​ស្វែងរក​នោះ​គឺ « វាំងនន​នៃ​ការឥត​ជំនឿ » ហើយ​បើ​យើង​អាច « ហែក​វាំងនន » ( អេធើរ ៤:១៥ ) នោះ​ចោល​បាន នោះ​យើង​ប្រហែល​ជា​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​មាន​ព្រះឆន្ទៈ​ចង់​ធ្វើ​ដើម្បី​យើង ។

សូមមើល​ផងដែរ « The Lord Appears to the Brother of Jared » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អេធើរ ១:៣៣–៤៣

នៅពេល​ខ្ញុំ​ទូល​ទៅកាន់​ព្រះអម្ចាស់ ទ្រង់​នឹង​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​ដល់​ខ្ញុំ ។

អេធើរ ១:៣៣–៤៣ ប្រាប់​អំពី​ការអធិស្ឋាន​បី​យ៉ាង​របស់​បងប្រុស​របស់​យ៉ារេឌ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​នីមួយៗ​ទាំងនេះ ? សូម​គិត​អំពី​គ្រាមួយ​ដែល​បងប្អូន​មាន​បទពិសោធន៍​អំពី​សេចក្តី​អាណិត​អាសូរ​របស់​ព្រះអម្ចាស់ នៅពេល​បងប្អូន​ទូល​ទៅ​ទ្រង់​នៅក្នុង​ការអធិស្ឋាន ។ បងប្អូន​អាច​នឹង​ចង់​កត់ត្រា​នូវ​បទពិសោធន៍​នេះ ហើយ​ចែកចាយ​វា​ជាមួយ​នឹង​នរណា​ម្នាក់​ដែល​អាច​នឹង​ត្រូវការ​ស្ដាប់​ឮ​ទីបន្ទាល់​របស់​បងប្អូន ។

សូម​មើល​ផងដែរ « ការអធិស្ឋាន​ស្ងប់ស្ងាត់ » ទំនុក​តម្កើង ល.រ. ៧៨ ។

អេធើរ ២; ៣:១–៦; ៤:៧–១៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ទទួល​វិវរណៈ​សម្រាប់​ជីវិត​របស់​ខ្ញុំ​បាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។… សូម​ជ្រើស​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រីករាយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្ដាប់​ឮ​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។

នៅពេល​បងប្អូន​សិក្សា អេធើរ ២; ៣:១–៦; ៤:៧–១៥ តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ​អំពី « កិច្ចការ​ខាង​វិញ្ញាណ » ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​នេះ ? បងប្អូន​អាច​គូស​ចំណាំ​ដោយ​ពណ៌​មួយ​ទៅ​លើ​សំណួរ ឬ​កង្វល់​ដែល​បងប្រុស​របស់​យ៉ារេឌ​មាន និង​អ្វី​ដែល​លោក​បាន​ធ្វើ ហើយ​យក​ពណ៌​មួយ​ទៀត​ដើម្បី​បងប្អូន​គូស​ចំណាំ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​លោក និង​បាន​ប្រាប់ពី​ព្រះទ័យ​របស់​ទ្រង់​ឲ្យ​លោក​បាន​ដឹង ។

ទាំងនេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ចាប់ផ្ដើម ៖

  • តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វី​ខ្លះ អំពី​វិធី​ដែល​ព្រះអម្ចាស់​ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​បងប្រុស​របស់​យ៉ារេឌ​នៅក្នុង អេធើរ ២:១៨–២៥ ?

  • តើ​បងប្អូន​អាច​ប្រើ អេធើរ ៣:១–៥ ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​កំពុង​រៀន​ពី​របៀប​អធិស្ឋាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​ដែល​អាច​រារាំង​បងប្អូន​មិន​ឲ្យ​ទទួល​វិវរណៈ​មកពី​ព្រះអម្ចាស់ ? ( សូមមើល អេធើរ ៤:៨–១០ ) ។ តើ​បងប្អូន​អាច​ទទួល​បាន​វិវរណៈ​មកពី​ទ្រង់​កាន់តែ​ញឹកញាប់​ដោយ​របៀបណា ? ( សូមមើល អេធើរ ៤:៧, ១១–១៥ ) ។

  • តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ » នៅក្នុង​ជីវិត​របស់​បងប្អូន​ចោល ( អេធើរ ៤:១៥ ) ។

តើ​បងប្អូន​រៀន​អ្វី​ទៀត​ពី​បង​ប្រុស​របស់​យ៉ារេឌ​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ?

អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​អំពី « A Framework for Personal Revelation » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១៦–១៩ ) ។ សូម​ពិចារណា​គូរ​ស៊ុម​រូបភាព និង​សរសេរ​ធាតុ​ទាំង​បួន​នៃ​លក្ខខណ្ឌ​នៅលើ​ផ្នែក​នីមួយៗ ។ តើ​លក្ខខណ្ឌ​នេះ​អាច​ជួយ​បងប្អូន​ឲ្យ « បង្កើន​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ » ដោយ​របៀបណា ?

សូម​មើល​ផង​ដែរ Gospel Topics « Personal Revelation » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អេធើរ ២:១៤–២៥; ៣:១–២០

តាមរយៈ​ការវាយផ្ចាល​របស់​ទ្រង់ ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ប្រែ​ចិត្ត ហើយ​មក​រក​ទ្រង់ ។

សូម្បីតែ​ព្យាការី​ដ៏​អស្ចារ្យ​ដូច​បងប្រុស​របស់​យ៉ារេឌ​ក៏​ត្រូវ​ព្រះអម្ចាស់​វាយផ្ចាល​ដែរ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី អេធើរ ២:១៤–១៥ អំពី​ការវាយផ្ចាល​របស់​ព្រះអម្ចាស់ ? សូម​គិត​អំពី​របៀប​ដែល​ការវាយផ្ចាល​របស់​ព្រះអម្ចាស់ និង​ការឆ្លើយតប​របស់​បងប្រុស​របស់​យ៉ារេឌ អាច​បាន​ជួយ​រៀបចំ​លោក​សម្រាប់​បទពិសោធន៍​របស់​លោក​នៅក្នុង អេធើរ ៣:១–២០ ។

អេធើរ ២:១៦–២៥

ព្រះអម្ចាស់​នឹង​រៀបចំ​ខ្ញុំ​ឲ្យ​ឆ្លងកាត់ « ទីជម្រៅ​ដ៏ធំ » របស់​ខ្ញុំ ។

ពេល​ខ្លះ​ការឆ្លងកាត់ « ទីជម្រៅ​ដ៏​ធំ » គឺ​ជា​វិធី​តែមួយ​គត់​ដើម្បី​បំពេញ​តាម​ព្រះទ័យ​របស់​ព្រះ​សម្រាប់​យើង ។ តើ​បងប្អូន​មើលឃើញ​ភាពស្រដៀងគ្នា​អ្វីខ្លះ​នៅក្នុង អេធើរ ២:១៦–២៥ ទៅនឹង​ជីវិត​របស់​បងប្អូន? តើ​ព្រះអម្ចាស់​បាន​រៀបចំ​បងប្អូន​សម្រាប់​ឧបសគ្គ​នានា​របស់​បងប្អូន​យ៉ាង​ដូចម្តេច ? តើ​ទ្រង់​សុំ​ឲ្យ​បងប្អូន​ធ្វើ​អ្វីខ្លះ​នៅពេល​ឥឡូវ​នេះ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​ទ្រង់​តម្រូវ​ឲ្យ​បងប្អូន​ធ្វើ​នៅពេល​អនាគត ?

សូមមើល​ផងដែរ អិល ថត បាជច៍ « Consistent and Resilient Trust » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤៧–៤៩ ។

សូម​អនុវត្ត​អ្វី​ដែល​បងប្អូន​រៀន ។ ការសិក្សា​ដំណឹងល្អ​គួរតែ​បំផុស​គំនិត​យើង​ឲ្យ​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង ។ បន្ទាប់​ពី​អាន អេធើរ ៤:១១–១២ ហើយ បងប្អូន​អាច​នឹង​រាយ​បញ្ជី​ឥទ្ធិពល​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​បងប្អូន ហើយ​ពិចារណា​ថា​តើ​ឥទ្ធិពល​ទាំងនោះ​បញ្ចុះបញ្ចូល​បងប្អូន​ឲ្យ​ធ្វើ​អំពើ​ល្អ​ឬ​យ៉ាងណា ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​ការផ្លាស់ប្តូរ​អ្វីខ្លះ ?

អេធើរ ៥

សាក្សី​ទាំងឡាយ​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។

នៅ​ពេល​ដែល​បងប្អូន​អាន​ការព្យាករ​របស់​មរ៉ូណៃ​នៅ​ក្នុង អេធើរ ៥ សូម​ពិចារណា​អំពី​គោល​បំណង​របស់​ព្រះអម្ចាស់​នៅក្នុង​ការរៀបចំ​សាក្សី​ជា​ច្រើន​នៃ​ព្រះគម្ពីរ​មរមន ។ តើ​សាក្សី​ណា​ខ្លះ​ដែល​បាន​បំផុសគំនិត​បងប្អូន​ឲ្យ​ជឿ​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ? តើ​ព្រះគម្ពីរ​មរមន​បាន​បង្ហាញ​បងប្អូន​នូវ « ព្រះចេស្ដា​នៃ​ព្រះ និង​ព្រះបន្ទូល​របស់​ទ្រង់​ផង ដោយ​របៀប​ណា ? ( អេធើរ ៥:៤ ) ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អេធើរ ១:៣៣–៣៧; ២:១៦–២៥; ៣:១–៦

ព្រះវរបិតា​សួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

  • ប្រសិនបើ​បងប្អូន​ចេះ​ភាសា​មួយ​ដែល​កូនៗ​របស់​បងប្អូន​មិន​ចេះ​ទេ សូម​ផ្តល់​ការណែនាំ​សាមញ្ញ​មួយ​ចំនួន​នៅ​ក្នុង​ភាសា​នោះ ( ឬ​ចាក់​សំឡេង​ជា​ភាសា​ផ្សេង​ទៀត ) ។ បងប្អូន​អាច​ប្រើ​វិធី​នេះ​ដើម្បី​ពន្យល់​អំពី​មូលហេតុ​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​អធិស្ឋាន​សូម​ជំនួយ​នៅក្នុង អេធើរ ១:៣៣–៣៧ ។ សូម​សង្កត់​ធ្ងន់​លើ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​នេះ និង​របៀប​ដែល​ទ្រង់​បាន​ឆ្លើយ​តប ( សូម​មើល​ផង​ដែរ « ជំពូក​ទី ៥០ ៖ ពួក​សាសន៍​យ៉ារេឌ​ចាកចេញ​ពី​ទីក្រុង​បាបិល » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៤៣–១៤៤ ) ។

  • កូនៗ​របស់​បងប្អូន​អាច​សម្តែង​ធ្វើជា​សង់​ភេត្រា នៅពេល​បងប្អូន​អាន​នៅក្នុង អេធើរ ២:១៦–១៧ ។ បន្ទាប់​មក បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​អាន​អំពី​បញ្ហា​ដែល​ពួក​សាសន៍​យ៉ារេឌ​មាន​ជាមួយ​នឹង​ភេត្រា​របស់​ពួកគេ ( សូម​មើល អេធើរ ២:១៩ ) និង​វិធី​ផ្សេងៗ​ទៀត​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការអធិស្ឋាន​របស់​បងប្រុស​របស់​យ៉ារេឌ ( សូម​មើល អេធើរ ២:១៩–២៥; ៣:១–៦ ) ។ ទំព័រ​រូបភាព និង​សកម្មភាព​នៅ​ចុង​បញ្ចប់​នៃ​គម្រោង​មេរៀន​នេះ​អាច​ជួយ​បងប្អូន និង​កូនៗ​របស់​បងប្អូន​ឲ្យ​ប្រាប់​ដំណើររឿង​នេះ​បាន ។ តើ​យើង​រៀន​អ្វី​ខ្លះ​មកពី​បងប្រុស​របស់​យ៉ារេឌ​អំពី​ការអធិស្ឋាន ? សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​បងប្អូន​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ហើយ​ព្រះវរបិតាសួគ៌​បាន​ជួយ​ដល់​បងប្អូន ។

អេធើរ ៣:៦–១៦

ខ្ញុំ​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។

  • កាល​កូនៗ​របស់​បងប្អូន​ធំឡើង នោះ​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​សារលិខិត​ខុសឆ្គង​ច្រើន​អំពី​ព្រះ អំពី​ខ្លួន​ពួកគេ និង​រូបកាយ​របស់​ពួកគេ​ផងដែរ ។ បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​ជួយ​បងប្អូន​ស្វែងរក​សេចក្ដី​ពិត​អំពី​ប្រធាន​បទ​ទាំង​នេះ​នៅ​ក្នុង អេធើរ ៣:៦–១៦ ។ ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅក្នុង អេធើរ ៣:១៣, ១៥ បងប្អូន​អាច​មើល​រូបភាព​ព្រះអង្គ​សង្គ្រោះ​ជាមួយគ្នា ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ចង្អុល​ទៅ​ផ្នែក​ផ្សេងៗ​នៃ​ព្រះកាយ​របស់​ទ្រង់ ។ បន្ទាប់​មក ពួកគេ​អាច​ចង្អុល​ទៅ​ផ្នែក​នៃ​រាងកាយ​របស់​ពួកគេ ។ បងប្អូន​ក៏​អាច​ច្រៀង​ជាមួយគ្នា​នូវ​បទចម្រៀង​មួយ​បទ ដែល​ទាក់ទង​ទៅនឹង​រូបរាងកាយ​របស់​យើង​ដូចជាបទ « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ) ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ​ចំពោះ​រូបកាយ​របស់​បងប្អូន ។

កុមារ​រត់​នៅ​ទីវាល

យើង​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ

អេធើរ ៥

សាក្សី​បី​នាក់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។

  • មរ៉ូណៃ​បាន​បញ្ជាក់​ថា សាក្សី​ទាំង​បី​នាក់​នឹង​ជួយ​បង្កើត​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន ។ ដើម្បី​បង្រៀន​ពី​អត្ថន័យ​នៃ​ពាក្យ​សាក្សី បងប្អូន​អាច​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ពិពណ៌នា​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ ឬ​មាន​បទពិសោធន៍​ដែល​អ្នក​ដទៃ​មិន​បាន​ឃើញ ឬ​មាន​បទពិសោធន៍ ។ នៅពេល​បងប្អូន​អាន អេធើរ ៥ ជាមួយ​គ្នា បងប្អូន​អាច​និយាយ​អំពី​មូលហេតុ​ដែល​ព្រះ​ប្រើ​សាក្សី​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​ផងដែរ អំពី​របៀប​ដែល​បងប្អូន​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត និង​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​សាក្សី​របស់​បងប្អូន​ជាមួយ​អ្នក​ដទៃ​បាន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​ពាល់​ថ្ម​ដប់​ប្រាំមួយ​ដុំ​ដែល​នៅ​ចំពោះ​មុខ​បងប្រុស​របស់​យ៉ារេឌ

Sowest Thou More Than This? [ តើ​អ្នក​បាន​ឃើញ​អ្វី​ក្រៅពី​នេះ​ទេ ? ] ដោយ ម៉ាកុស អាឡិន វិនសិន