« សំឡេងនៃការស្ដារឡើងវិញ ៖ ក្រុមគ្រួសាររបស់ យ៉ូសែប ស្ម៊ីធ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ក្រុមគ្រួសាររបស់ យ៉ូសែប ស្ម៊ីធ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សំឡេងនៃការស្តារឡើងវិញ
ក្រុមគ្រួសាររបស់ យ៉ូសែប ស្ម៊ីធ
យើងម្នាក់ៗរងឥទ្ធិពលយ៉ាងខ្លាំងពីជីវិតគ្រួសាររបស់យើង ហើយ យ៉ូសែប ស្ម៊ីធ ក៏មិនខុសគ្នាដែរ ។ ជំនឿសាសនា និងការអនុវត្តរបស់ឪពុកម្ដាយគាត់បានដាំគ្រាប់ពូជនៃសេចក្ដីជំនឿដែលបានធ្វើឲ្យការស្ដារឡើងវិញកើតឡើង ។ កំណត់ហេតុរបស់ យ៉ូសែប កត់ត្រាភស្ដុតាងនេះ ៖ « ពាក្យពេចន៍ និងភាសា [ គឺ ] មិនគ្រប់គ្រាន់ដើម្បីបង្ហាញការដឹងគុណដែលខ្ញុំជំពាក់ព្រះ ដែលបានប្រទានដល់ខ្ញុំនូវឪពុកម្ដាយដ៏គួរឲ្យគោរពនោះឡើយ » ។
សម្ដីដកស្រង់ដូចតទៅនេះមកពីម្ដាយរបស់គាត់ លូស៊ី ម៉ាក ស្ម៊ីធ បងប្រុសរបស់គាត់ វិល្លាម ស្ម៊ីធ និងព្យាការីផ្ទាល់ ផ្ដល់ឲ្យយើងឃើញត្រួសៗអំពីឥទ្ធិពលសាសនានៅក្នុងផ្ទះគ្រួសារ ស្ម៊ីធ ។
លូស៊ី ម៉ាក ស្ម៊ីធ
« [ នៅប្រហែល ឆ្នាំ ១៨០២ ] ខ្ញុំបានធ្លាក់ខ្លួនឈឺ ។ … ខ្ញុំបាននិយាយទៅខ្លួនឯងថា ខ្ញុំមិនទាន់បានត្រៀមខ្លួនស្លាប់ឡើយដោយសារខ្ញុំមិនដឹងអំពីរបៀបរបស់ព្រះគ្រីស្ទនៅឡើយ ហើយវាហាក់ដូចជាមានចន្លោះដ៏ខ្មៅងងឹត និងភាពឯកោរវាងខ្ញុំ និងព្រះគ្រីស្ទដែលខ្ញុំមិនហ៊ានឆ្លង ។ …
« ខ្ញុំបានមើលទៅព្រះអម្ចាស់ ហើយបានទូលអង្វរ ហើយសូមព្រះអម្ចាស់ឲ្យទ្រង់ទុកជីវិតឲ្យខ្ញុំ ដើម្បីខ្ញុំអាចចិញ្ចឹមកូនៗរបស់ខ្ញុំហើយលួងលោមចិត្តស្វាមីខ្ញុំ ហេតុដូច្នេះខ្ញុំបានទម្រេតខ្លួនពេញមួយយប់ ។ … ខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ [ ថា ] ប្រសិនបើទ្រង់នឹងទុកឲ្យខ្ញុំរស់ នោះខ្ញុំនឹងខិតខំទទួលយកសាសនាដែលនឹងធ្វើឲ្យខ្ញុំអាចបម្រើទ្រង់បាន មិនថាវានៅក្នុងព្រះគម្ពីរប៊ីប ឬមិនថានៅទីណាដែលវាមាននោះទេ ទោះជាត្រូវទទួលវាមកពីស្ថានសួគ៌ដោយការអធិស្ឋាន និងសេចក្ដីជំនឿក្ដី ។ ហើយចុងក្រោយមានសំឡេងមួយនិយាយមកខ្ញុំហើយពោលថា ‹ ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ ។ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ › ។…
« តាំងពីពេលនេះតទៅមុខខ្ញុំបានទទួលកម្លាំងជារៀងរហូត ។ ខ្ញុំបាននិយាយតិចតួចណាស់អំពីប្រធានបទសាសនាទោះបីជាវាបាននៅក្នុងគំនិតខ្ញុំគ្រប់ពេលក៏ដោយ ហើយខ្ញុំបានគិតថាខ្ញុំនឹងខិតខំយ៉ាងឧស្សាហ៍ព្យាយាមពេលណាខ្ញុំអាចស្វែងរកឃើញមនុស្សជឿលើសាសនាខ្លះដែលដឹងអំពីរបៀបរបស់ព្រះដើម្បីណែនាំខ្ញុំអំពីរឿងនៃស្ថានសួគ៌ » ។
វិល្លាម ស៊្មីធ
« ម្ដាយខ្ញុំជាស្ដ្រីដែលមានជំនឿរឹងមាំលើសាសនា និងចាប់អារម្មណ៍យ៉ាងខ្លាំងលើសុខុមាលភាពរបស់កូនៗគាត់ ទាំងនៅទីនេះ និងក្រោយពីនេះ គាត់បានប្រើប្រាស់គ្រប់វិធីដោយក្ដីស្រឡាញ់ក្នុងនាមជាម្ដាយអាចផ្តល់ឲ្យដើម្បីឲ្យយើងស្វែងរកសេចក្ដីសង្គ្រោះដល់ព្រលឹងរបស់យើង ឬ( ដូចពាក្យកាលនោះប្រើ )‹ ទទួលយកសាសនា › ។ គាត់បានជម្នះឲ្យយើងចូលរួមការប្រជុំ ហើយគ្រួសារស្ទើរតែទាំងអស់គ្នាបានចាប់អារម្មណ៍លើបញ្ហានេះ និងជាអ្នកស្វែងរកសេចក្ដីពិត » ។
« យើងតែងតែមានការអធិស្ឋានជាគ្រួសារជានិច្ចតាំងពីខ្ញុំអាចចាំបានមក ។ ខ្ញុំចាំបានច្បាស់ថាពុកធ្លាប់យកវ៉ែនតារបស់គាត់ដាក់ក្នុងហោប៉ៅអាវកាក់របស់គាត់…ហើយពេលយើងជាក្មេងប្រុសៗបានឃើញគាត់រាវរកវ៉ែនតារបស់គាត់ យើងដឹងថាវាគឺជាសញ្ញាប្រាប់ឲ្យត្រៀមខ្លួនអធិស្ឋាន ហើយប្រសិនបើយើងមិនបានឃើញវាទេម៉ែនឹងពោលថា ‹ វិល្លាម › ឬនរណាដែលធ្វេសប្រហែល‹ ត្រៀមខ្លួនអធិស្ឋាន › ។ ក្រោយពីការអធិស្ឋានយើងមានចម្រៀងមួយដែលយើងនឹងច្រៀង » ។
យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ស្ម៊ីធ បានបង្រៀនគ្រួសាររបស់ពួកគេឲ្យសិក្សាព្រះគម្ពីរ ។
យ៉ូសែប ស៊្មីធ
« ឥឡូវនេះខ្ញុំនិយាយថា [ ពុករបស់ខ្ញុំ ] មិនដែលបានធ្វើអាក្រក់ដែលអាចនិយាយថាជាការមិនមានចិត្តល្អនៅក្នុងជីវិតគាត់ឡើយបើតាមខ្ញុំដឹង ។ ខ្ញុំស្រឡាញ់ឪពុករបស់ខ្ញុំ និងអនុស្សាវរីយ៍របស់គាត់ ហើយអនុស្សាវរីយ៍ពីអំពើល្អដ៏ថ្លៃថ្នូររបស់គាត់ស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ និងពាក្យសម្ដីសប្បុរស និងដំបូន្មានរបស់គាត់មកកាន់ខ្ញុំត្រូវបានសរសេរទុកនៅលើសៀវភៅនៃដួងចិត្តរបស់ខ្ញុំ ។ គំនិតនោះគឺពិសិដ្ឋចំពោះខ្ញុំដែលខ្ញុំឱបក្រសោបប្រវត្តិជីវិតរបស់គាត់ ដែលបានដក់ជាប់ក្នុងគំនិតខ្ញុំ និងបានដុះនៅក្នុងចិត្តខ្ញុំតាមរយៈការសង្កេតផ្ទាល់របស់ខ្ញុំតាំងពីខ្ញុំកើតមក ។… ម្ដាយខ្ញុំក៏ជាស្ដ្រីដ៏ពូកែជាងគេ និងជាស្រ្ដីដ៏ល្អបំផុត » ។