« ថ្ងៃទី ៦-១២ ខែ មករា ៖ ‹ ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រអើយ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ២០២៥
ថ្ងៃទី ៦-១២ ខែ មករា ៖ « ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រអើយ »
គោលលទ្ធិ និងសេចក្តីសញ្ញា ១
នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញទើបមានអាយុមួយឆ្នាំកន្លះប៉ុណ្ណោះ ។ ថ្វីបើរីកលូតលាស់មែន ក៏វានៅតែជាក្រុមអ្នកជឿមិនសូវល្បីល្បាញមួយដែលរស់នៅក្នុងភូមិតូចៗដែលដឹកនាំដោយព្យាការីក្នុងវ័យម្ភៃឆ្នាំផ្លាយ ។ ប៉ុន្ដែព្រះបានចាត់ទុកអ្នកជឿទាំងនេះថាជាអ្នកបម្រើ និងសារទូតរបស់ទ្រង់ ហើយទ្រង់សព្វព្រះទ័យចង់ឲ្យវិវរណៈដែលទ្រង់បានប្រទានដល់ពួកគេបានផ្សាយទៅដល់ពិភពលោក ។
គោលលទ្ធិ និងសេចក្តីសញ្ញា កណ្ឌទី ១ គឺជាបុព្វកថារបស់ព្រះជាម្ចាស់ ឬការណែនាំចំពោះវិវរណៈទាំងនេះ។ វាបង្ហាញយ៉ាងច្បាស់ថាទោះបីជាសមាជិកសាសនាចក្រមានចំនួនតូច ក៏សារដែលព្រះចង់ឲ្យពួកបរិសុទ្ធរបស់ទ្រង់ចែកចាយមិនតូចនោះទេ ។ វាគឺជា « សំឡេងនៃការព្រមាន » សម្រាប់ « បណ្ដាជននៅលើផែនដី » ទាំងអស់ ហើយបង្រៀនពួកគេឲ្យប្រែចិត្ត និងតាំង « សេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច » របស់ព្រះឡើង ( ខទី ៤, ៨, ២២ ) ។ អ្នកបម្រើដែលកាន់សារទាំងនេះគឺជា « ពួកកម្សោយ និងពួករាបទាប » ។ ប៉ុន្តែអ្នកបម្រើដ៏រាបសាគឺគ្រាន់តែជាអ្វីដែលព្រះហៅ—នៅពេលនោះ និងឥឡូវនេះ—ដើម្បីនាំសាសនាចក្ររបស់ទ្រង់ « ចេញពីទីអាប់អួ និងពីទីនៃសេចក្ដីងងឹត » ( ខទី ២៣, ៣០ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
« ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រអើយ »
បុព្វកថាណែនាំអំពីសៀវភៅមួយ ។ វាប្រាប់អំពីប្រធានបទ និងគោលបំណងរបស់សៀវភៅនោះ ហើយជួយអ្នកអានឲ្យរៀបចំខ្លួនអាន ។ នៅពេលបងប្អូនអាន កណ្ឌទី ១—« បុព្វកថា »របស់ព្រះអម្ចាស់ចំពោះគោលលទ្ធិ និងសេចក្តីសញ្ញា ( ខទី ៦ )—សូមរកមើលគោលគំនិត និងគោលបំណងដែលព្រះអម្ចាស់បានប្រទានក្នុងវិវរណៈរបស់ទ្រង់ ។ តើបងប្អូនរៀនអ្វីខ្លះដែលនឹងជួយបងប្អូនក្នុងការសិក្សារបស់បងប្អូនអំពីគោលលទ្ធិ និងសេចក្ដីសញ្ញានៅឆ្នាំនេះ ? ឧទាហរណ៍ បងប្អូនអាចពិចារណាអំពីអត្ថន័យនៃការ « ឮសំឡេងនៃព្រះអម្ចាស់ » នៅក្នុងវិវរណៈទាំងនេះ ( ខទី ១៤ ) ឬការ « ពិចារណាមើលព្រះបញ្ញត្តិទាំងនេះ » ( ខទី ៣៧ ) ។
សូមមើលផងដែរ បុព្វកថានៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១:៤-៦, ២៣-២៤, ៣៧-៣៩
ព្រះជាម្ចាស់បានមានបន្ទូលតាមរយៈអ្នកបម្រើរបស់ទ្រង់ រួមទាំងព្យាការីថ្ងៃចុងក្រោយផងដែរ ។
កណ្ឌទី ១ ចាប់ផ្ដើម និងបញ្ចប់ដោយការប្រកាសរបស់ព្រះថា ទ្រង់មានបន្ទូលតាមរយៈអ្នកបម្រើដ៏ជម្រើសរបស់ទ្រង់ ( សូមមើលខទី ៤–៦, ២៣–២៤, ៣៨ ) ។ សូមសរសេរនូវអ្វីដែលបងប្អូនរៀនចេញពីវិវរណៈនេះអំពី ៖
-
ព្រះអម្ចាស់ និងព្រះសូរសៀងរបស់ទ្រង់ ។
-
ហេតុអ្វីបានជាត្រូវការព្យាការីនៅក្នុងជំនាន់របស់យើង ។
តើបងប្អូនមានអារម្មណ៍បំផុសឲ្យធ្វើអ្វីខ្លះជាលទ្ធផលនៃអ្វីដែលបងប្អូនរកឃើញ ?
តើបងប្អូនបានឮសំឡេងរបស់ព្រះអម្ចាស់តាមរយះសំឡេងរបស់អ្នកបម្រើរបស់ទ្រង់នៅពេលណា ? ( សូមមើល ខទី ៣៨ ) ។
បងប្អូនក៏អាចស្រមៃថាមិត្តម្នាក់ដែលមិនដឹងអំពីព្យាការីដែលនៅរស់កំពុងអាន កណ្ឌទី ១ ជាមួយបងប្អូន ។ តើមិត្តរបស់បងប្អូនអាចមានសំណួរអ្វីខ្លះ ? តើខគម្ពីរមួយណាដែលបងប្អូនចង់ពិភាក្សាជាមួយមិត្តភក្តិរបស់បងប្អូន ដើម្បីជួយគាត់ឲ្យយល់ពីអារម្មណ៍របស់បងប្អូន អំពីការមានព្យាការីនៅក្នុងជំនាន់របស់យើង ?
បងប្អូនប្រហែលជាចាប់អារម្មណ៍ដោយដឹងថានៅពេលក្រុមប្រឹក្សារបស់ពួកអែលឌើរបានប្រជុំគ្នានៅឆ្នាំ ១៨៣១ ដើម្បីពិភាក្សាអំពីការបោះពុម្ពវិវរណៈរបស់ យ៉ូសែប ស្ម៊ីធ មានមនុស្សមួយចំនួនបានជំទាស់នឹងគំនិតនេះ ។ ពួកគេខ្មាសអៀនដោយសារតែភាពទន់ខ្សោយនៅក្នុងការសរសេររបស់ យ៉ូសែប ហើយពួកគេបារម្ភថាការបោះពុម្ពវិវរណៈទាំងនោះអាចបង្កឲ្យមានបញ្ហាកាន់តែច្រើនដល់ពួកបរិសុទ្ធ ( សូមមើល ពួកបរិសុទ្ធ, ១:១៤០-១៤៣ ) ។ ប្រសិនបើបងប្អូនជាសមាជិកនៃក្រុមប្រឹក្សានេះ តើបងប្អូននឹងដោះស្រាយកង្វល់ទាំងនេះយ៉ាងដូចម្ដេច ? តើបងប្អូនរកឃើញការយល់ដឹងអ្វីខ្លះនៅក្នុង កណ្ឌទី ១ ដែលអាចជួយបាន ? ( សូមមើលឧទាហរណ៍ ខទី ៦, ២៤, ៣៨ ) ។
សូមពិចារណាដាក់បញ្ចូលទំនុកតម្កើងមួយដូចជា « សូមមកស្តាប់សំឡេងព្យាការី » ( ទំនុកតម្កើង ល.រ. ២១ ) នៅក្នុងការសិក្សា និងការថ្វាយបង្គំរបស់បងប្អូន ។ រកមើលឃ្លាក្នុងទំនុកតម្កើងដែលបង្រៀនគោលការណ៍ដូចគ្នាទៅនឹងខគម្ពីរក្នុង កណ្ឌទី ១ ។
សូមមើលផងដែរ Topics and Questions « Prophets »នៅក្នុងបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១:១២-៣០, ៣៤-៣៦
ការស្តារឡើងវិញជួយខ្ញុំឲ្យប្រឈមមុខទៅនឹងឧបសគ្គនៃថ្ងៃចុងក្រោយ ។
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា កណ្ឌទី ១ ព្រះអម្ចាស់ពន្យល់អំពីមូលហេតុដែលទ្រង់បានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញ ។ សូមមើលថាតើបងប្អូនអាចរាយមូលហេតុបានប៉ុន្មាននៅពេលបងប្អូនអាន ខទី ១២-២៣ ។ ក្នុងបទពិសោធន៍របស់បងប្អូន តើគោលបំណងរបស់ព្រះអម្ចាស់សម្រាប់ការស្ដារឡើងវិញត្រូវសម្រេចដោយរបៀបណា ?
ព្រះអម្ចាស់បានដឹងថាជំនាន់របស់យើងនឹងមានឧបសគ្គដ៏ធ្ងន់ធ្ងរ ( សូមមើល ខទី ១៧ ) ។ តើបងប្អូនរកឃើញអ្វីនៅក្នុង ខទី ១៧-៣០, ៣៤-៣៦ ដែលជួយបងប្អូនឲ្យមានអារម្មណ៍សុខសាន្ត និងទំនុកចិត្តទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៣–៧៦ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៩–២៨
ព្រះអម្ចាស់ប្រើ « ពួកកម្សោយ និងពួករាបទាប » ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
ពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៩-២៨ បងប្អូនអាចពិចារណាអំពីអត្ថន័យនៃការធ្វើជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ តើព្រះអម្ចាស់ចង់ឲ្យអ្នកបម្រើរបស់ទ្រង់មានបុគ្គលិកលក្ខណៈបែបណា ? តើព្រះអម្ចាស់បានសម្រេចអ្វីខ្លះតាមរយៈពួកបម្រើរបស់ទ្រង់ ? តើការព្យាករនៅក្នុងខគម្ពីរទាំងនេះត្រូវបានបំពេញនៅទូទាំងពិភពលោក និងនៅក្នុងជីវិតរបស់បងប្អូនតាមរបៀបណា ?
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១:៤, ៣៧–៣៩
តាមរយៈព្យាការីរបស់ទ្រង់ ព្រះអម្ចាស់ព្រមានខ្ញុំអំពីគ្រោះថ្នាក់ខាងវិញ្ញាណ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាអំពីការព្រមានមកពីព្រះអម្ចាស់ បងប្អូនអាចនិយាយអំពីការព្រមានដែលយើងទទួលបានពីមនុស្សដទៃអំពីគ្រោះថ្នាក់ដែលយើងមិនអាចមើលឃើញ ។ ឧទាហរណ៍មួយចំនួនអាចរួមមានឥដ្ឋរអិល ខ្យល់ព្យុះដែលនឹងមកដល់ ឬរថយន្តដែលជិតមកដល់ ។ ប្រហែលជាបងប្អូន និងកូនៗរបស់បងប្អូនអាចក្រឡេកមើលឧទាហរណ៍នៃសញ្ញាព្រមាន និងប្រៀបធៀបការព្រមានទាំងនេះទៅនឹងការព្រមានដែលព្រះអម្ចាស់ប្រទានឲ្យយើង ។ យោងតាម គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៤, ៣៧–៣៩ តើព្រះអម្ចាស់ព្រមានយើងដោយរបៀបណា ? តើទ្រង់បានព្រមានយើងអ្វីខ្លះនាពេលថ្មីៗនេះ ? ប្រហែលបងប្អូនអាចមើល ឬអានផ្នែកនៃសារលិខិតសន្និសីទទូទៅនាពេលថ្មីនេះ ហើយរកមើលឧទាហរណ៍នៃ « សំឡេងនៃការព្រមាន » របស់ព្រះ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីព្យាការីដូចជាវគ្គចុងក្រោយនៃបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨ ) ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថាព្យាការីថ្លែងនូវព្រះបន្ទូលរបស់ព្រះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧
ការស្តារឡើងវិញជួយខ្ញុំឲ្យប្រឈមមុខទៅនឹងឧបសគ្គនៃថ្ងៃចុងក្រោយ ។
-
ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧ បងប្អូន និងកូនៗរបស់បងប្អូនអាចស្រមៃថាបងប្អូនកំពុងត្រៀមខ្លួនសម្រាប់ធ្វើដំណើរ ។ តើបងប្អូននឹងវេចខ្ចប់អ្វីខ្លះ ? ប្រសិនបើបងប្អូនបានដឹងមុនថាវានឹងភ្លៀង ឬថាឡាន ឬរថយន្តក្រុងរបស់បងប្អូននឹងបែកកង់ឡាន តើវានឹងប៉ះពាល់ដល់របៀបដែលបងប្អូនបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើរនេះយ៉ាងដូចម្ដេច ? សូមអានរួមគ្នា ខទី ១៧ ហើយនិយាយអំពីអ្វីដែលព្រះអម្ចាស់បានដឹងថានឹងកើតឡើងចំពោះយើង ។ តើទ្រង់បានត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់វា ? ( បើចាំបាច់សូមពន្យល់ថា « គ្រោះ » គឺជាគ្រោះធម្មជាតិ ឬអ្វីដែលអាក្រក់ ) ។ តើបទបញ្ញត្តិរបស់ព្រះជួយយើងប្រឈមមុខនឹងឧបសគ្គក្នុងជំនាន់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៧, ២៩
ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។
-
ដើម្បីរៀនអំពីតួនាទីរបស់ យ៉ូសែប ស្ម៊ីធ ក្នុងការស្ដារដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ បងប្អូន និងកូនៗរបស់បងប្អូនអាចមើលរូបភាពរបស់ព្រះសង្រ្គោះ និងរូបភាពរបស់ យ៉ូសែប ស្ម៊ីធ ( សូមមើលរូបភាពក្នុងគម្រោងមេរៀននេះ ) ហើយនិយាយអំពីអ្វីដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យយើងតាមរយៈ យ៉ូសែប ស្ម៊ីធ ។ កូនៗរបស់បងប្អូនអាចរកមើលឧទាហរណ៍នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧, ២៩ ។ សូមប្រាប់កូនរបស់បងប្អូនអំពីរបៀបដែលបងប្អូនដឹងថាព្រះ « បានហៅ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ » ( ខទី ១៧ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣០
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជា « សាសនាចក្រដែលពិត ហើយសកម្ម » របស់ព្រះអម្ចាស់ ។
-
តើវាមានន័យដូចម្ដេចដែលនិយាយថាសាសនាចក្រគឺ « ពិតហើយសកម្ម » ? ដើម្បីឲ្យកូនរបស់បងប្អូនគិតអំពីសំណួរនេះ ប្រហែលជាបងប្អូនអាចបង្ហាញពួកគេនូវរបស់ដែលមានជីវិត និងមិនមានជីវិត—ដូចជារុក្ខជាតិរស់ និងរុក្ខជាតិងាប់ ។ តើយើងដឹងថាអ្វីមួយកំពុងរស់នៅយ៉ាងដូចម្ដេច ? បន្ទាប់មកបងប្អូនអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣០ ហើយនិយាយអំពីអត្ថន័យនៃសាសនាចក្រ « ពិត និងសកម្ម » ។