ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៩–២៥ ខែ ឧសភា ៖ « អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០


« ថ្ងៃទី ១៩–២៥ ខែ ឧសភា ៖ ‹ អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ព្រះអាទិត្យ​រះ​ឡើង

ថ្ងៃទី ១៩–២៥ ខែ ឧសភា ៖ « អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០

ព្រះអង្គ​សង្គ្រោះ​គឺជា « អ្នក​គង្វាល​ល្អ » របស់​យើង ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:៤៤ ) ។ ទ្រង់​ជ្រាប​ថា ពេលខ្លះ​ចៀម​ដើរ​វង្វេង​ផ្លូវ ហើយ​ទីរហោស្ថាន​មាន​គ្រោះថ្នាក់​ជាច្រើន ។ ដូច្នេះ ទ្រង់​ដឹកនាំ​យើង​ពេញ​ដោយ​ក្តី​ស្រឡាញ់ ទៅ​រក​សុវត្ថិភាព​នៃ​គោលលទ្ធិ​របស់​ទ្រង់ ។ ទ្រង់​ដឹកនាំ​យើង​ចេញឆ្ងាយ​ពី​គ្រោះថ្នាក់​ដូចជា « វិញ្ញាណ​ក្លែងក្លាយ ដែល​បាន​ចេញ​ទៅ​លើ​ផែនដី ដោយ​បោក​បញ្ឆោត​មនុស្ស​លោក » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២ ) ។ ជាញឹកញាប់ ការធ្វើតាម​ទ្រង់​មាន​ន័យ​ថា ការបោះបង់​គំនិត ឬ​ប្រពៃណី​មិន​ត្រឹមត្រូវ​ចេញ ។ នេះ​ជា​ការពិត​សម្រាប់ លីម៉ាន ខូព្លី និង​អ្នក​ផ្សេង​ទៀត​នៅ​រដ្ឋអូហៃអូ ។ ពួកគេ​បាន​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ ប៉ុន្តែ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​មួយ​ចំនួន​ដែល​មិន​ត្រឹម​ត្រូវ ។ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩ ព្រះអម្ចាស់​បាន​ប្រកាស​ពី​សេចក្ដីពិត ដែល​បាន​កែតម្រូវ​ជំនឿ​ពីមុន​របស់ លីម៉ាន ស្ដីពី​ប្រធានបទ​ដូចជា​អាពាហ៍ពិពាហ៍ និង​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ពេល​អ្នកប្រែចិត្ត​ជឿ​នៃ​រដ្ឋ​អូហៃអូ « បាន​ទទួល​វិញ្ញាណ​ទាំងឡាយ ដែល [ ពួកគេ ] ពុំ​អាច​យល់ » ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​អំពី​របៀប​បែងចែក​ការបើក​បង្ហាញ​នៃ​ព្រះវិញ្ញាណ​ពិត ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៥ ) ។ អ្នកគង្វាល​ល្អ​គឺមាន​អំណត់​ជាមួយនឹង​យើង—« កូនក្មេង​តូច » របស់​ទ្រង់ ដែល « ត្រូវតែ​ចម្រើន​ឡើង​ក្នុង​ព្រះគុណ និង​ក្នុង​ការចេះ​ដឹង​អំពី​សេចក្ដី​ពិត » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:៤០ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩; ៥០:២៤

ព្រះ​យេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​ខ្ញុំ​ទទួល​យក​សេចក្តីពិត​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

ពីមុន​ចូលរួម​ក្នុង​សាសនាចក្រ លីម៉ាន ខូព្លី ជា​ផ្នែក​នៃ​ក្រុម​សាសនា​មួយ​ដែល​គេ​ហៅថា សមាគម​នៃ​ពួក​អ្នក​ជឿ​ដល់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ ដែល​គេ​ស្គាល់​ថា​ជា ពួក​សេកើរ ។ ក្រោយពី​ការសន្ទនា​ជាមួយនឹង​លីម៉ាន យ៉ូសែប ស្ម៊ីធបាន​ស្វែងរក​ការបញ្ជាក់​ពី​ព្រះអម្ចាស់​អំពី​ការបង្រៀន​របស់​ពួក​សេកើរ​មួយ​ចំនួន ។ ព្រះអម្ចាស់​បាន​ឆ្លើយតប​ជាមួយ​នឹង​វិវរណៈ​នៅក្នុង កណ្ឌ​ទី ៤៩ ។ ជំនឿ​មួយ​ចំនួន​របស់​ពួក​សេកើរ ត្រូវ​បាន​លើក​ឡើង​នៅក្នុង​ក្បាល​កណ្ឌ​នេះ ។

តើ​ព្រះអម្ចាស់​បង្រៀន​នៅក្នុង កណ្ឌទី ៤៩ ដើម្បី​កែតម្រូវ​ជំនឿ​របស់​ពួក​សេកើរ ? តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង​វិវរណៈ​នៃ​សេចក្តីស្រឡាញ់ និង​ការព្រួយបារម្ភ​របស់​ទ្រង់​ចំពោះ​អ្នក​ដែល​មិនមាន​ភាពពេញលេញ​នៃ​សេចក្តីពិត​របស់​ទ្រង់ ? តើ​បងប្អូន​អាច​ឈោង​ទៅ​ជួយ​ដល់​ពួកគេ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការព្រួយបារម្ភ​ដោយ​របៀប​ណា ?

តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វី​អំពី​ការសង្កេតឃើញ​របស់​ព្រះអម្ចាស់​នៅក្នុង ខទី ២ ? បងប្អូន​អាច​ប្រៀបធៀប​ការណ៍​នេះ​ទៅនឹង​អ្វី​ដែល​កើតឡើង ប្រសិនបើ​បងប្អូន​មើល​តែ​មួយផ្នែកនៃ​ភាពយន្ត ឃើញ​មួយ​ផ្នែកនៃ​ល្បែង​ផ្គុំ​រូប ឬ​ស្តាប់តែ​ភាគី​ម្ខាង​នៃ​ជម្លោះ ។ តើ​ការព្រមាន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៤ ដោយ​របៀប​ណា ? សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ ដើម្បី​ទទួល​បាន​ពន្លឺ​បន្ថែម​ពី​ព្រះអម្ចាស់ ។

សូមមើល​ផងដែរ « Leman Copley and the Shakers » នៅក្នុង Revelations in Context ទំព័រ ១១៧–១២១ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៥–១៧

រូបតំណាង​ថ្នាក់​សិក្ខាសាលា
អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ព្រះ ។

នៅក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​បំផ្លាញ​ផែនការ​របស់​ព្រះវរបិតាសួគ៌ សាតាំង​ព្យាយាម​បង្កើត​ភាពច្របូក​ច្របល់​អំពី​អាពាហ៍ពិពាហ៍ ។ ម្យ៉ាង​វិញ​ទៀត ព្រះ​អម្ចាស់​បន្ត​បើកសម្ដែង​សេចក្ដីពិត​អំពី​អាពាហ៍ពិពាហ៍​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ បងប្អូន​អាច​ស្វែងរក​សេចក្តីពិត​ទាំងនេះ​មួយ​ចំនួន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១៥–១៧; លោកុប្បត្តិ ២:២០–២៤; កូរិនថូស ទី១ ១១:១១ និង « ក្រុម​គ្រួសារ ៖ សេចក្តីប្រកាស​ដល់​ពិភពលោក » ។ សូម​ធ្វើ​បញ្ជី​នៃ​សេចក្តីពិត​ដែល​បងប្អូន​រកឃើញ ។ ហេតុ​អ្វី​អាពាហ៍​ពិពាហ៍​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ​ចំពោះ​ផែនការ​របស់​ព្រះ ?

អែលឌើរ អូលីសេស សូរ៉េស បានបង្រៀន​ថា « ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​អំពី​គោលការណ៍​នៃ​ភាពជា​ដៃគូ​ដ៏ពេញលេញ​រវាង​បុរស និង​ស្ត្រី ទាំង​ជីវិត​រមែងស្លាប់ និង​ភាព​អស់កល្ប​ជានិច្ច » ( « ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ព្រះអម្ចាស់ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៤២ ) ។ បងប្អូន​អាច​សិក្សា​សារលិខិត​នេះ ដោយ​រកមើល​គោលការណ៍​គ្រឹះ « ដែល​ពង្រឹង​ភាពជា​ដៃគូ​រវាង​បុរស និង​ស្រ្តី » ។ តើ​បងប្អូន​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ? ប្រសិនបើ​មាន​នរណាម្នាក់​មានជំនឿ​ផ្សេងដទៃ​​បងប្អូន​សួរ​បងប្អូន​ថា ហេតុអ្វី​បាន​ជា​អាពាហ៍ពិពាហ៍​សំខាន់ តើ​បងប្អូន​នឹង​ឆ្លើយតប​ដោយ​របៀបណា ? ហេតុអ្វី​បាន​ជា​បងប្អូន​មាន​អំណរគុណ​ចំពោះ​ការយល់​ដឹង​នេះ ?

សូមមើល​ផងដែរ Topics and Questions « Marriage » « Family » នៅលើ​បណ្ណាល័យ ដាវីឌ អេ បែដណា « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ « Renaissance of Marriage » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

2:3

Renaissance of Marriage

សូម​ប្រយ័ត្នប្រយែង​ចំពោះ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ ។ ខណៈពេល​ដែល​អាពាហ៍ពិពាហ៍​ដ៏​រីករាយ និង​ជីវិត​គ្រួសារ​គឺ​មាន​សារៈសំខាន់​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ទាំងអស់គ្នា​មិន​អាច​រីករាយ​នឹង​ពរជ័យ​ទាំងនេះ​ក្នុង​ជីវិត​រមែង​ស្លាប់​ឡើយ ។ នៅក្នុង ការពិភាក្សា​អំពី​ប្រធានបទ​នេះ សូម​ប្រយ័ត្នប្រយែង​នូវ​កាលៈទេសៈ​ផ្សេងៗ​របស់​បុគ្គល និង​គ្រួសារ ជាពិសេស​ចំពោះ​អ្នក​ដែលកំពុង « អត់ឱន​រង់ចាំ​ព្រះ​អម្ចាស់ » ដើម្បី​បំពេញ​សេចក្តីសន្យា​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨:១–៣ ) ។

គ្រួសារ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០

ការបង្រៀន​របស់​ព្រះអម្ចាស់​អាច​ការពារ​ខ្ញុំ​ពី​ការបញ្ឆោត​របស់​សាតាំង ។

សមាជិក​ថ្មី​នៃ​សាសនាចក្រ​នៅ​រដ្ឋ​អូហៃអូ មាន​ចិត្ត​អន្ទះសា​ចង់​ទទួល​បាន​ការបើក​សម្ដែង​ខាងវិញ្ញាណ ដែល​បានសន្យា​នៅក្នុង​ព្រះគម្ពីរ ។ ទោះ​ជា​យ៉ាង​ណា សាតាំង​មាន​ចិត្ត​ចង់​បញ្ឆោត​ពួកគេ ។ ប្រសិនបើ​បងប្អូន​ត្រូវ​បាន​សុំ​ឲ្យ​ជួយ​សមាជិក​ទាំងនេះ​យល់​អំពី​របៀប​ដើម្បី​ស្គាល់​ការបើក​សម្ដែង​ពិតប្រាកដ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ តើ​គោលការណ៍​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០ ដែល​បងប្អូន​នឹង​ចែកចាយ ? ( សូមមើល​ជា​ពិសេស ខទី ២២–២៥, ២៩–៣៤, ៤០–៤៦ ) ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​បងប្អូន​ឲ្យ​ដឹងអំ​ពី​ភាពខុសគ្នា​រវាង​សេចក្ដីពិត និង​កំហុសឆ្គង​ដោយ​របៀបណា ?

សូមមើល​ផងដែរ កូរិនថូស ទី១ ១៤:១–២៨; ធីម៉ូថេ ទី២ ៣:១៣–១៧ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៣–២៤

គ្រូបង្រៀន និង​សិស្ស​ត្រូវបាន​បំភ្លឺ​រួមគ្នា​តាមរយៈ​ព្រះវិញ្ញាណ ។

ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ផ្តល់​ឱកាស​ជាច្រើន​ដើម្បី​ធ្វើ​ជា​គ្រូបង្រៀន និង​ជា​សិស្ស​ទាំង​នៅ​ផ្ទះ និង​នៅ​ព្រះវិហារ ។ របៀប​មួយ​ដែល​បងប្អូន​អាច​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៣–២៤ គឺ​ត្រូវ​គូរ​រូប​គ្រូបង្រៀន និង​សិស្ស ។ នៅ​ក្បែរ​បុគ្គល​ម្នាក់ៗ សូម​ធ្វើ​បញ្ជី​ពាក្យ និង​ឃ្លា​មកពី​ខគម្ពីរ​ទាំងនេះ ដែល​បង្រៀន​បងប្អូន​នូវ​អ្វីមួយ​អំពី​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ ។ តើ​បងប្អូន​ទទួល​បាន​បទពិសោធន៍ ដែល​បាន​បង្រៀន​បងប្អូន​អំពី​សារសំខាន់​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការបង្រៀន និង​ការរៀនសូត្រ​នៅពេល​ណា ? សូម​ពិចារណាអំ​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ ដើម្បី​កែលម្អ​ការខិតខំ​របស់​បងប្អូន​ក្នុង​នាម​ជា​សិស្ស និង​គ្រូបង្រៀន​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២៣–២៥

« អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ » ។

នៅពេល​បងប្អូន​ជញ្ជឹងគិត​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៣–២៥ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​បាន​ទទួល​ពន្លឺ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​របៀប​ដែល​បងប្អូន « បណ្ដេញ​សេចក្ដី​ងងឹត » ចេញ ។ ឧទាហរណ៍ តើ​ខគម្ពីរ​ទាំងនេះ​ណែនាំ​ជម្រើស​របស់​បងប្អូន​យ៉ាង​ដូចម្ដេច អំពី​របៀប​ចំណាយ​ពេលវេលា​របស់​បងប្អូន ? តើ​ការកម្សាន្ត ឬ​ប្រព័ន្ធផ្សព្វផ្សាយ​អ្វី​ដែល​ត្រូវ​ស្វែងរក ? តើ​ការសន្ទនា​ណា​ដែល​ត្រូវ​ចូលរួម ? តើ​ការសម្រេចចិត្ត​អ្វី​ផ្សេង​ទៀត​ដែល​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​បងប្អូន​បាន ? ទំនុក​តម្កើង​ដូចជា​បទ « ទ្រង់​ជា​ពន្លឺ​ខ្ញុំ » ( ទំនុក​តម្កើង ល.រ. ៣៩ ) អាច​បំផុសគំនិត​បន្ថែម ។

សូមមើល​ផងដែរ « ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ទំព័រ ១៦–២១ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១២–១៤

ខ្ញុំ​អាច​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​បាន ។

  • ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​គោលការណ៍​នៅក្នុង​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​រៀបចំ​ស្នាម​បាតជើង​នៅលើក្រដាស​ចំនួន​បួន និង​រូបភាព​ចំនួន​បួន​សន្លឹក​ដែល​តំណាង​ឲ្យ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល​រូបភាព​នៅក្នុង​សប្តាហ៍នេះ ទំព័រ​សកម្មភាព ) ។ កូនៗ​របស់​បងប្អូន​អាច​ដាក់​ស្នាមបាតជើង​នៅលើ​ឥដ្ឋ​ដោយ​មាន​រូបភាព​នៅ​ក្បែរ​ស្នាម​បាតជើង​ទាំងនេះ ។ បន្ទាប់មក ពួកគេ​អាច​ប្តូរវេន​គ្នា​ដើរលើ​ស្នាម​បាតជើង​នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១២–១៤ ។ សូម​ជួយ​ពួកគេ​យល់​ថា​នៅពេល​យើង​ធ្វើ​រឿង​នៅ​ក្នុង​រូបភាព​ទាំងនេះ នោះ​យើង​កំពុង​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • បងប្អូន​ក៏​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ប្រៀបធៀប​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១២–១៤ ជាមួយ កិច្ចការ ២:៣៨ និង​ជាមួយ មាត្រា​នៃ​សេចក្តីជំនឿ​ទី​បួន ។ តើ​ពួក​គេ​អាច​រក​ឃើញ​ភាពស្រដៀងគ្នា​អ្វីខ្លះ ? ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​សារៈ​សំខាន់ ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៥–១៧

អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ព្រះ ។

  • ដើម្បី​ពន្យល់​អំពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​ពន្យល់ថា ពួកសេកើរ​គឺជា​ក្រុម​ដែល​ជឿ​ថា​មនុស្ស​មិនគួរ​រៀប​អាពាហ៍​ពិពាហ៍​ឡើយ ( សូមមើល ក្បាល​កណ្ឌនៃ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩ ) ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរកដំណើរ​រឿង ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​អាពាហ៍​ពិពាហ៍​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥–១៧ ។ តើ​វា​មាន​ន័យ​ដូចម្ដេច​ដែលថា « អាពាហ៍ពិពាហ៍​គឺ​ត្រូវ​បាន​តែងតាំង​មកពីព្រះ » ? ប្រហែល​ជា​បងប្អូន​អាច​អាន​រួមគ្នា​នូវ​កថាខណ្ឌ​បី​ដំបូង​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ បន្ទាប់មក សូម​និយាយ​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង​គ្រួសារ​មាន​សារៈសំខាន់​ចំពោះ​ព្រះវរបិតាសួគ៌ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២៣–២៥

« អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ » ។

  • ដើម្បី​ណែនាំ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៣–២៥ សូម​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​ភាព​ខុស​គ្នា​រវាង​ពន្លឺ និង​សេចក្តី​ងងឹត ។ ហេតុអ្វី​យើង​ត្រូវការ​ពន្លឺ ? បងប្អូន​អាច​អាន​ជាមួយ​គ្នា​នូវ​កថាខណ្ឌ​ដំបូង​នៃ « ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ( ទំព័រ ១៧ ) ក៏​ដូចជា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៣–២៥ ។ និយាយ​អំពី​របៀប​ដែល​យើង​ទទួល​ពន្លឺ​របស់​ព្រះ និង​របៀប​ដែល​យើង​អាច​បណ្តេញ​ភាពងងឹត​ចេញ ។ បន្ទាប់មក បងប្អូន​អាច​ច្រៀង​ចម្រៀង​រួមគ្នា​ជាមួយ​កុមារ​នូវ​បទចម្រៀង​មួយ​អំពី​ពន្លឺ​ខាង​វិញ្ញាណ​របស់​ពួកគេ ដូចជា​បទ « រះឡើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៦ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:៤០–៤៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ​របស់​ខ្ញុំ ។

  • ក្រោយពី​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:៤០–៤៦ ជាមួយ​គ្នា​រួចហើយ បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​នៅ​ខាងចុង​នៃ​គម្រោង​មេរៀន​នេះ ហើយ​សួរ​សំណួរ​ទាំងនេះ ៖ តើ​អ្នក​គង្វាល​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​កូនចៀម​របស់​ទ្រង់ ? តើ​ព្រះអង្គ​សង្គ្រោះ​គឺ​ដូចជា​អ្នកគង្វាល​របស់​យើង​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

អ្នក​គង្វាល​ល្អ

Gentle Shepherd [ អ្នកគង្វាល​សុភាព ] ដោយ យ៉ុងស៊ុង គីម

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ