ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៦ ខែ ឧសភា–ថ្ងៃទី ១ ខែ មិថុនា ៖ « អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧


« ថ្ងៃទី ២៦ ខែ ឧសភា–ថ្ងៃទី ១ ខែ មិថុនា ៖ ‹ អ្នក​កាន់​កាប់​ត្រួត​ត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

បុរស​កំពុង​ភ្ជួរ​រាស់​ដី

ថ្នាល​ទីមួយ [ First Furrow ] ដោយ ជេមស៍ ថេលើរ ហាវួដ

ថ្ងៃទី ២៦ ខែ ឧសភា–ថ្ងៃទី ១ ខែ មិថុនា ៖ « អ្នក​កាន់​កាប់​ត្រួត​ត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១–៥៧

សម្រាប់​សមាជិក​សាសនាចក្រ​នៅ​ក្នុងទសវត្សរ៍​ឆ្នាំ ១៨៣០ ការប្រមូលផ្តុំ​ពួកបរិសុទ្ធ និង​ការកសាង​ទីក្រុង​ស៊ីយ៉ូន គឺជា​ការងារ​ខាង​វិញ្ញាណ​ក៏ដូចជា​ខាង​សាច់ឈាម​ដែរ ដែល​មាន​បញ្ហា​ជាក់ស្តែង​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ៖ ត្រូវការ​នរណាម្នាក់​ទិញដី​ដើម្បី​ឲ្យ​ពួកបរិសុទ្ធ​អាច​រស់នៅ​បាន ។ ត្រូវការ​នរណាម្នាក់​បោះពុម្ព​សៀវភៅ និង​ការបោះពុម្ព​ឯកសារ​ផ្សេងទៀត ។ ហើយ​ត្រូវការ​នរណាម្នាក់​បើក​ហាង​មួយ ដើម្បី​ចែកចាយ​របស់​របរ​ដល់​ប្រជាជន​នៅ​ស៊ីយ៉ូន ។ នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧ ព្រះអម្ចាស់​បាន​តែងតាំង និង​ណែនាំ​ប្រជាជន​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនេះ ។

ប៉ុន្ដែ​ខណៈ​ដែលជំនាញ​ខាង​កិច្ចការ​បែប​នេះ​ត្រូវការ​ខ្លាំង​នៅក្នុង​ស៊ីយ៉ូន វិវរណៈ​ទាំងនេះ​ក៏​បង្រៀន​ដែរ​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​មាន​ភាពស័ក្ដិសម​ខាង​វិញ្ញាណ ដើម្បី​បាន​ហៅ​ជា​រាស្ដ្រ​ក្រុង​ស៊ីយ៉ូន—រាស្រ្ត​របស់​ទ្រង់ ។ ទ្រង់​ហៅ​យើង​ម្នាក់ៗ​ឲ្យ​ធ្វើជា « អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ » ដោយ​មាន​វិញ្ញាណ​ទន់ទាប « ឈរ​យ៉ាង​ខ្ជាប់ខ្ជួន » នៅក្នុង​ទំនួល​ខុសត្រូវ​ដែល​បាន​ចាត់តាំង​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥១:១៩; ៥២:១៥; ៥៤:២ ) ។ ប្រសិនបើ​យើង​អាច​ធ្វើ​ដូចនោះ​បាន—មិន​ថា​ជំនាញ​ខាង​សាច់ឈាម​យើង​យ៉ាង​ណា​ទេ—នោះ​ព្រះអម្ចាស់​អាច​ប្រើ​យើង​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន​បាន ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើជា​អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ ។

ប្រសិនបើ​បងប្អូន​ជា​សមាជិក​នៃ​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣១ បងប្អូន​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​រស់នៅ​តាម​ច្បាប់​នៃ​ការថ្វាយ ដោយ​ប្រគល់​អចលនទ្រព្យ​របស់​បងប្អូន​ជូន​ទៅកាន់​សាសនាចក្រ​តាមរយៈ​ប៊ីស្សព ។ នៅក្នុង​ករណី​ភាគច្រើន លោក​នឹង​បង្វិល​មក​ឲ្យបងប្អូន​វិញ​នូវ​អ្វី​ដែល​បងប្អូន​បាន​បរិច្ចាគ ហើយ​ពេលខ្លះ​ជាមួយ​ផល​លើស​ទៀត​ផង ។ ប៉ុន្តែ​ទ្រព្យ​នោះ​លែង​ជា​ទ្រព្យ​របស់​បងប្អូន​ទៀត​ហើយ—វា​គឺ​ជា​ការមើលខុសត្រូវ​របស់​បងប្អូន ។

នាសព្វថ្ងៃ នីតិវិធី​មាន​លក្ខណៈ​ខុសគ្នា ប៉ុន្ដែ​គោលការណ៍​នៅតែ​មាន​សារៈសំខាន់​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​អាន កណ្ឌ​ទី ៥១ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​បាន​ទុក​ព្រះទ័យ​លើ​បងប្អូន ។ តើ​ពាក្យ « អ្នក​កាន់កាប់​ត្រួតត្រា » ( ខទី ១៩ ) និង « បាន​ថ្វាយ » ( ខទី ៥ ) វា​បញ្ជាក់ន័យ​យ៉ាង​ណា​អំពី​ការរំពឹង​ទុក​របស់​ព្រះ​មក​លើ​បងប្អូន ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ថា « នៅ​ក្នុង​សាសនាចក្រ​ ការ​កាន់​កាប់​ត្រួត​ត្រា​មួយ​គឺជា​ការ​ទុក​ចិត្ត​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម​ដ៏​ពិសិដ្ឋ​មួយ​ដែល​វា​រួម​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ ។ ដោយ​សារ​អ្វីៗ​ជា​របស់​ផង​ព្រះអម្ចាស់ យើង​កាន់កាប់ត្រួតត្រា​លើ​រូបកាយ គំនិត ក្រុម​គ្រួសារ និង​ទ្រព្យ​សម្បត្តិ​របស់​យើង ។ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:១១–១៥ ) ។ អ្នកកាន់កាប់ត្រួតត្រា​ដ៏​ស្មោះត្រង់​ម្នាក់ គឺជា​បុគ្គល​ម្នាក់​ដែល​អនុវត្ត​អំណាច​គ្រប់​គ្រង​សុចរិត មើល​ថែ​គ្រួសារ​ខ្លួន​ផ្ទាល់ ហើយ​រក​មើល​អ្នកក្រីក្រ និង​ទុរគត៌ » ( « Welfare Services: The Gospel in Action » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៧៧ ទំព័រ ៧៨ ) ។

សូម​មើល​ផង​ដែរ « The Law of Consecration » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

5:1

The Law of Consecration

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥២:៩–១១, ២២–២៧

ខ្ញុំ​អាច​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ នៅ​គ្រប់ទី​កន្លែង​ដែល​ខ្ញុំ​ទៅ ។

នៅ​ពេល​ព្រះអម្ចាស់​បាន​ចាត់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​ទៅ​កាន់​រដ្ឋ​មិសសួរី ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​លោក​ឲ្យ​ប្រើ​ពេល​វេលា​ធ្វើ​ដំណើរ ហើយ « ផ្សាយ​នៅ​តាម​ផ្លូវ »​( ខ​ទី ២៥–២៧ ) ។ តើ​បងប្អូន​អាច​ចែកចាយ​ដំណឹងល្អ « តាម​ផ្លូវ » ឬ​នៅ​អំឡុង​ព្រឹត្តិការណ៍​ធម្មតា​នៃ​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥២:១៤–១៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​ជួយ​ខ្ញុំ​ចៀសវាង​ការបោកបញ្ឆោត ។

ដោយ​មាន​មនុស្ស​ជាច្រើន​អះអាង​ពី​ការបើក​បង្ហាញ​ខាង​វិញ្ញាណ នោះ​ពួកបរិសុទ្ធ​សម័យ​ដើម​បាន​ព្រួយបារម្ភ​នឹង​ការត្រូវ​បាន​គេ​បញ្ឆោត ។ តើ​ការព្រមាន​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ពួកគាត់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១៤ ? តើ​ទ្រង់​មាន​ដំណោះស្រាយ​អ្វី ? ( សូមមើល ខទី ១៤–១៩ ) ។

គំរូ​គឺជា​អ្វី​ដែល​កើតឡើង​ដដែលៗ តាម​របៀប​ដែល​អាច​ទាយទុក​ជា​មុន​បាន ។ ឧទាហរណ៍​រួមមាន​ការរាប់​ដោយ​លេខ​គូ ឬ​ព្រះអាទិត្យ​រះ និង​លិច​រាល់​ថ្ងៃ ។ តើ​មាន​គំរូ​អ្វីខ្លះ​ទៀត​ដែល​បងប្អូន​អាច​គិត​ដល់​ទេ ? នៅពេល​បងប្អូន​ស្វែងយល់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១៤–១៩ សូម​ស្វែងរក​គំរូ​របស់​ព្រះអម្ចាស់​សម្រាប់​ការចៀសវាងពី​ការបោកបញ្ឆោត ។ វា​អាច​នឹង​ជួយ​ក្នុង​ការកត់​សម្គាល់​ថា « ទន់ទាប » បញ្ជាក់​អត្ថន័យ​នៃ​អារម្មណ៍​បន្ទាបខ្លួន និង​ការប្រែចិត្ត « សុភាព » បង្ហាញពី​ភាពទន់ភ្លន់ និង​ការគ្រប់គ្រង​ខ្លួន​ឯង និង « ស្អាងឡើង » មាន​ន័យ​ថា ណែនាំ កែលម្អ ឬ​ស្ថាបនា ។ ហេតុអ្វី​បាន​ជា​បងប្អូន​មាន​អារម្មណ៍​ថា គំរូ​របស់​ព្រះអម្ចាស់​រួមបញ្ចូល​នូវ​គុណសម្បត្តិ​ទាំងនេះ ព្រម​ទាំង​ការគោរព​ប្រតិបត្តិ​ផងដែរ ? តើ​បងប្អូន​អាច​អនុវត្ត​គំរូ​នេះ​ដោយ​របៀប​ណា ដើម្បី​ចៀសវាង​ការបោក​បញ្ឆោត ?

ស្វែងយល់​និយមន័យ​ពាក្យ​ពិបាកៗ ។ នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ បងប្អូន​អាច​ចុច​ឲ្យ​ជាប់​ពាក្យ​មួយ ហើយ​ជ្រើស « កំណត់​និយមន័យ » ។ បន្ទាប់មក បងប្អូន​នឹង​ទៅ​ដល់​និយមន័យ​នៃ​ពាក្យ​នោះ ។ សូម​សាកល្បង​ធ្វើបែប​នេះ​នៅពេល​បងប្អូន​ជួប​ពាក្យ​ដែល​មិន​ធ្លាប់​ស្គាល់ ឬ​ពាក្យ​ដែល​ហាក់​ដូចជា​ស្គាល់​ហើយ ដែល​បងប្អូន​ចង់​យល់​ឲ្យ​កាន់តែ​ច្បាស់ ។

តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​អំពី​ការបោក​បញ្ឆោត​នៅ​សម័យ​យើង ? តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា​នៅ​ពេល​ដែល​យើង​ត្រូវ​បាន​បោក​បញ្ឆោត ?

ជាឧទាហរណ៍ បងប្អូន​អាច​ពិចារណា​វាយតម្លៃ​ជម្រើស​របស់​បងប្អូន​ទាក់ទង​នឹង​ភាពយន្ត តន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ផ្អែក​លើ​ស្តង់ដារ​នៅក្នុង « ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ទំព័រ ១៦–២១ ។

សូមមើល​ផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៣–៩៦; « នាំ​ខ្ញុំ​រក​ទ្រង់ » ទំនុក​តម្កើង ល.រ. ៥០; Topics and Questions « Seeking Truth and Avoiding Deception » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៤

ខ្ញុំ​អាច​ងាក​ទៅរក​ព្រះអម្ចាស់ ពេល​ខ្ញុំ​ឈឺចាប់​ដោយ​សារ​ការជ្រើសរើស​របស់​មនុស្ស​ដទៃ ។

តើ​បងប្អូន​ធ្លាប់​រង​ការខកចិត្ត​ នៅពេល​នរណា​ម្នាក់​ដែល​បងប្អូន​ពឹង​ផ្អែក​មិន​បានរក្សា​ការតាំងចិត្ត​របស់​ពួកគេ​ដែរ​ឬ​ទេ ? ការណ៍​បាន​កើត​ឡើង​ចំពោះ​ពួក​បរិសុទ្ធ​មក​ពី​ខូលស្វិល រដ្ឋ​ញូវយ៉ក ដែល​បាន​រំពឹង​ទុក​ដើម្បី​ស្នាក់​នៅ​លើ​ដី​របស់ លីម៉ាន ខូព្លី នៅក្នុង​រដ្ឋ​អូហៃអូ ។ ដើម្បី​រៀន​អំពី​បទពិសោធន៍​នេះ សូម​ពិចារណា​មើល​ឡើង​វិញ​ពី​ចំណងជើង កណ្ឌទី ៥៤ ( សូមមើល​ផងដែរ ពួក​បរិសុទ្ធ; ១:១២៥–២៨; « A Bishop unto the Church » នៅក្នុង Revelations in Context ទំព័រ ៧៨–៧៩ ) ។ ប្រសិនបើ​បងប្អូន​មាន​មិត្ត​ម្នាក់​ក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅ ខូលស្វិល តើ​ការប្រឹក្សា​អ្វី​ដែល​បងប្អូន​អាច​ស្វែងរក​នៅក្នុង កណ្ឌទី ៥៤ ដើម្បី​ចែកចាយ​ជាមួយ​ពួកគេ ?

កសិដ្ឋាន​របស់ លីម៉ាន ខូព្លី

កសិដ្ឋាន​របស់ លីម៉ាន ខូព្លី

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៦:១៤–២០

មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ។

នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ទាំង​អ្នកមាន​ផង និង​អ្នកក្រ​ផង វា​អាចជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ប្រៀបធៀប​ការប្រឹក្សា​របស់​ទ្រង់​ទៅនឹង​ក្រុម​ទាំងពីរ​នេះ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​មាន​អារម្មណ៍​ថា​ទាក់ទង​ផ្ទាល់​នឹង​បងប្អូន ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥១:៩

ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ ។

  • ដើម្បី​ជួយ​កូន​របស់​បងប្អូន​រៀន​អំពី​អត្ថន័យ​នៃ​ភាពស្មោះត្រង់ បងប្អូន​អាច​អាន​ជា​មួយ​គ្នា​នូវ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១:៩ និង​ចែកចាយ​ដំណើររឿង​របស់​កុមារ​ដែល​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​អំពី​ភាពស្មោះត្រង់ ។ បងប្អូន​អាច​ប្រើ​រូបភាព តុក្តា​ធ្វើ​ពី​ស្រោមជើង ឬ តុក្តា​ក្រដាស​ដើម្បី​ធ្វើ​ឲ្យ​សាច់រឿង​កាន់តែ​មាន​ចំណាប់​អារម្មណ៍ ។ តើ​ព្រះ​អម្ចាស់​ប្រទានពរ​យើង នៅពេល​យើង​ខិតខំ​ដើម្បី​មាន​ភាព​ទៀងត្រង់​ដោយ​របៀប​ណា ?

  • សូម​ពិចារណា​លេង​ល្បែង​មួយ​ជាមួយ​កូនៗ​របស់​បងប្អូន ។ បន្ទាប់មកទៀត សូម​ពិភាក្សា​អំពី​របៀប​ដែល​ល្បែង​នេះ​អាច​មាន​ភាពខុសគ្នា ប្រសិនបើ​នរណាម្នាក់​លេង​ខូច​នោះ ។ ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី « ប្រព្រឹត្ត​ដោយ​ទៀងត្រង់ » ជាមួយ​គ្នា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១០; ៥៣:៣; ៥៥:១

ខ្ញុំ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការដាក់​ដៃ​លើ ។

  • ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការដាក់ដៃ​លើ គឺ​ត្រូវ​បាន​លើកឡើង​ជាច្រើន​ដង​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥១–៥៧ ។ ការណ៍​នេះ​អាចជា​ឱកាសដ៏ល្អ​មួយ ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​ពិធីបរិសុទ្ធ​ទាំងនេះ ។ ឧទាហរណ៍ ពួកគេ​អាច​មើល​រូបភាព​របស់​កុមារ​ដែល​បានទទួល​ពិធី​បញ្ជាក់ និង​ពិពណ៌នា​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នេះ ។ សូម​ឲ្យ​ពួកគេ​ទះ​ដៃ នៅ​ពេល​ពួកគេ​ឮ « ដាក់ដៃលើ » ឬ « ការដាក់ដៃលើ » ខណៈ​ដែល​បងប្អូន​អាន ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១០; ៥៣:៣; ៥៥:១ ។

  • បងប្អូន​អាច​ក៏​អាច​ច្រៀង​បទ « ព្រះវិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ) ឬ​បទចម្រៀង​ដែល​ស្រដៀង​គ្នាមួយ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​ពាក្យ និង​ឃ្លា​នៅក្នុង​បទចម្រៀង​ដែល​បង្រៀន​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

    យុវជន​កំពុង​ទទួល​ពិធី​បញ្ជាក់

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥២:១៤–១៩

ព្រះ​មាន​គំរូ​ដើម្បី​ជួយ​ខ្ញុំ កុំ​ឲ្យ​គេ​បោកបញ្ជោត ។

  • ដើម្បី​បង្រៀន​អំពី​គំរូ​របស់​ព្រះអម្ចាស់ សម្រាប់​ការចៀសវាងពី​ការបោក​បញ្ឆោត នោះ​បងប្អូន​អាច​ចាប់ផ្តើម​ដោយ​ជួយ​កុមារ​ឲ្យ​ស្វែងរក​គំរូ​នៃ​របៀបនានា—នៅក្នុង​ធម្មជាតិ នៅក្នុង​ភួយ ឬ​សម្លៀក​បំពាក់​ដែល​មាន​ចម្រុះ​ពណ៌ ឬ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ។ សូម​ជួយ​ពួកគេ​ស្វែងរក​គំរូ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១៤–១៥ ។ សូម​ប្រាកដ​ថា​ពួកគេ​យល់​ពាក្យ​ដែលមិន​ស្គាល់​ណាមួយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​យើង​អាច​ប្រើ​គំរូ​នេះ​ដើម្បី​ស្គាល់​សេចក្តីពិត​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៤:៤–៦

ខ្ញុំ​គួរតែ​រក្សា​សេចក្តីសញ្ញា​របស់​ខ្ញុំជានិច្ច ។

  • តាម​ពាក្យ​សម្ដី​ផ្ទាល់​ខ្លួន​របស់​បងប្អូន សូម​ចែកចាយ​ជាមួយ​កូនៗ​របស់​បងប្អូន​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​បរិសុទ្ធ​ដែល​បាន​មក​រស់នៅ​លើ​ដី​របស់ លីម៉ាន ខូព្លី ( សូម​មើល​ចំណងជើង​ទៅ កណ្ឌទី ៥៤ ) ។ កូនៗ​របស់​បងប្អូន​អាច​សម្តែង​ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​មក​ដល់​រដ្ឋ​អូហៃអូ ។ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាងណា​បន្ទាប់ពី លីម៉ាន បានបំពាន​សេចក្តី​សញ្ញា​របស់​គាត់ ? តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការរក្សា​សេចក្តី​សញ្ញា ឬ​សេចក្តី​សន្យា​របស់​យើង ? សូម​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៤:៦ ដើម្បី​ស្វែងរក​ពរជ័យ​សម្រាប់​មនុស្ស​ដែល​រក្សា​សេចក្ដីសញ្ញា​របស់​ខ្លួន ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៥:១–៤

ខ្ញុំ​អាច​ប្រើ​ពរជ័យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដើម្បី​ប្រទាន​ពរ​ដល់​អ្នកដទៃ ។

  • ដើម្បី​ណែនាំ កណ្ឌ​ទី ៥៥ បងប្អូន​ប្រហែលជា​ចង់​ពន្យល់​ថា ចំពោះ វិលលាម ដ័បបុលយូ ហ្វែប្ស គឺជា​អ្នក​បោះពុម្ព​សារព័ត៌មាន​ម្នាក់​ដែល​បាន​រៀន​អំពី​ដំណឹងល្អ ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ សូម​អាន​ជាមួយ​កូនៗ​របស់​បងប្អូន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៥:១–៤ ហើយ​ជួយ​ពួកគេ​ស្វែងរក​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ វិលលាម ធ្វើ ។ តើ​ទ្រង់​មាន​គម្រោង​ប្រើ​ទេពកោសល្យ​របស់ វិលលាម ដោយ​របៀប​ណា ? ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​របៀប​ដែល​ព្រះ អាច​អញ្ជើញ​យើង​ឲ្យ​ប្រើ​ទេពកោសល្យ​របស់​យើង​ដើម្បី​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ពួក​បរិសុទ្ធ​កំពុង​ថ្វាយ​ទំនិញ​របស់​ពួកគេ

ប៊ីស្សព ប៉ាទ្រិច ទទួល​ការថ្វាយ ដោយ អាលប៊ីន វេសេលកា

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ