« ថ្ងៃទី ២–៨ ខែ មិថុនា ៖ ‹ ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ២–៨ ខែ មិថុនា ៖ « ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨–៥៩
នៅពេលពួកចាស់ទុំនៃសាសនាចក្របានឃើញទីតាំងនៃក្រុងស៊ីយ៉ូនដំបូង—ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី—វាមិនមែនជាអ្វីដែលពួកគេបានរំពឹងទុកនោះទេ ។ ពួកគេមួយចំនួនបានគិតថា ពួកគេនឹងរកបានសហគមន៍ដ៏រីកចម្រើន និងឧស្សាហ៍ព្យាយាមមួយ ដែលមានពួកបរិសុទ្ធដ៏រឹងមាំមួយក្រុម ។ ផ្ទុយទៅវិញ ពួកគេបានរកឃើញកន្លែងមួយដែលមិនសូវមានប្រជាជនច្រើន ខ្វះអារ្យធម៌ដែលពួកគេធ្លាប់មាន ហើយរស់នៅដោយប្រជាជនដែលគ្មានវប្បធម៌ ជាជាងពួកបរិសុទ្ធ ។ វាហាក់ថា ព្រះអម្ចាស់មិនគ្រាន់តែសុំពួកគេឲ្យមកស៊ីយ៉ូនទេ— គឺទ្រង់ថែមទាំងសព្វព្រះទ័យឲ្យពួកគេ កសាង ស៊ីយ៉ូនផងដែរ ។
នៅពេលការរំពឹងទុករបស់យើងមិនត្រូវគ្នានឹងការពិត យើងអាចចងចាំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅពួកបរិសុទ្ធក្នុងឆ្នាំ ១៨៣១ ៖ « ដ្បិតនៅពេលនេះ អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នក… និងសិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៣ ) ។ មែនហើយ ជីវិតនេះគឺពេញទៅដោយទុក្ខវេទនា និងអំពើទុច្ចរិត ប៉ុន្ដែយើងអាច « នាំមកនូវសេចក្ដីសុចរិតដ៏ច្រើន ដ្បិតអំណាចគឺមាននៅក្នុងខ្លួន [ យើង ] » ( ខទី ២៧–២៨ ) ។
សូមមើលផងដែរ ពួកបរិសុទ្ធ ទំព័រ ១:១២៧–១៣៣ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:១–៥; ៥៩:២៣
« បន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ ។
ពួកបរិសុទ្ធបានសង្ឃឹមថា អំឡុងពេលពួកគេនៅមានជីវិត ស្រុកចាកសុននឹងរីកដុះដាលទៅជាស៊ីយ៉ូន ជាកន្លែងមួយដែលពួកបរិសុទ្ធទាំងអស់អាចប្រជុំគ្នាបាន ។ ទោះយ៉ាងណាក៏ដោយ ពេលវេលារបស់ពួកគេនៅក្នុងស្រុកចាកសុន គឺពោរពេញដោយទុក្ខលំបាក ។ ក្នុងរយៈពេលពីរបីឆ្នាំ ពួកគេត្រូវបានបង្ខំឲ្យចាកចេញ ហើយ « ត្រូវរង់ចាំមួយរដូវខ្លីសិន ចំពោះសេចក្ដីប្រោសលោះនៃស៊ីយ៉ូន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥:៩ ) ។
តើបងប្អូនរៀនអ្វីខ្លះអំពីទុក្ខលំបាក ឬឧបសគ្គមកពីព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:១–៥ ? ហេតុអ្វីបងប្អូនគិតថា ពរជ័យមួយចំនួនកើតមានតែនៅក្រោយពេលមានទុក្ខលំបាក ? តើពរជ័យអ្វីខ្លះដែលបងប្អូនបានទទួលក្រោយពីទុក្ខលំបាក ?
តើបងប្អូនរៀនអ្វីខ្លះចេញពី គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:២៣ ដែលផ្ដល់ក្តីសង្ឃឹមដល់បងប្អូន ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩
ខ្ញុំអាច« នាំមកនូវសេចក្ដីសុចរិតដ៏ច្រើន »តាម« បំណងចិត្ត »របស់ខ្ញុំផ្ទាល់ ។
ដោយជាផ្នែកនៃការសិក្សាខគម្ពីរទាំងនេះ បងប្អូនអាចនឹងធ្វើបញ្ជីនៃរឿងមួយចំនួនដែលបងប្អូន « ឧស្សាហ៍ចូលរួម » ។ តើរឿងទាំងអស់នោះជា « ប្រយោជន៍ល្អ » ឬទេ ? សូមជញ្ជឹងគិតអំពីអ្វីដែលបងប្អូនអាចធ្វើដើម្បី « នាំមកនូវសេចក្ដីសុចរិតដ៏ច្រើន »—ហើយពិចារណាដាក់គោលដៅដើម្បីធ្វើវា ។
ហេតុអ្វីបងប្អូនគិតថាព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូន « ប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត [ របស់បងប្អូន ] » ? តើនឹងមានលទ្ធផលយ៉ាងណាប្រសិនបើបងប្អូនត្រូវបាន « បង្ខំក្នុងគ្រប់អ្វីៗទាំងអស់ » ? តើ នីហ្វៃទី២ ២:២៧ បន្ថែមទៅការយល់ដឹងរបស់បងប្អូនអំពីគោលការណ៍នេះអ្វីខ្លះ ?
សូមមើលផងដែរ ឌែល ជី រិនឡាន់ « Choose You This Day » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤–១០៦ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣
ព្រះអម្ចាស់នឹងអភ័យទោសឲ្យខ្ញុំនៅពេលខ្ញុំប្រែចិត្ត ។
សេចក្តីសន្យារបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:៤២ ដើម្បីអភ័យទោសដល់អស់អ្នកទាំងឡាយដែលប្រែចិត្តទាំងស្រុង គឺជាការបំផុសគំនិត ទោះជា វាត្រូវបានលើកឡើងនូវសំណួរមួយចំនួនផងដែរថា ៖ តើការប្រែចិត្តមានអត្ថន័យយ៉ាងណា ? តើខ្ញុំដឹងថា ខ្ញុំបានប្រែចិត្តដោយរបៀបណា ? ជាភ័ព្វសំណាង ព្រះអម្ចាស់បានបន្តថា « តាមរបៀបនេះ អ្នករាល់គ្នាអាចដឹង … » ( ខទី ៤៣ ) ។
ជួនកាលនេះគឺជាសំណួរបន្ថែមមួយចំនួនដែលមនុស្សមានអំពីការប្រែចិត្ត ។ តើព្រះវិញ្ញាណបង្រៀនបងប្អូនអ្វីខ្លះ នៅពេលបងប្អូនសិក្សាធនធានដែលបានណែនាំដូចមាននៅខាងក្រោមនេះ ?
តើការសារភាពអំពើបាបរបស់ខ្ញុំ ជួយខ្ញុំប្រែចិត្តយ៉ាងដូចម្ដេច ? សូមមើល ទំនុកដំកើង ៣២:១–៥; សុភាសិត ២៨:១៣; ម៉ូសាយ ២៧:៣៤–៣៧; អាលម៉ា ៣៩:១២–១៣ ។
ខ្ញុំព្យាយាមបោះបង់អំពើបាបរបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែបន្តធ្វើខុស ។ តើការប្រែចិត្តរបស់ខ្ញុំនៅតែមានប្រសិទ្ធិភាពឬទេ ? សូមមើល ប្រាតលី អ័រ វីលឃុស « ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦១–៦៧; « Daily Restoration » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
តើខ្ញុំអាចដឹងច្បាស់ថា ព្រះអង្គសង្រ្គោះបានអភ័យទោសឲ្យខ្ញុំដោយរបៀបណា ? សូមមើល ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៧ ជាពិសេសកណ្ឌដែលមានចំណងជើង « ២. អំពើបាប » ។
បងប្អូនអាចស្វែងរកការយល់ដឹងបន្ថែមនៅក្នុង « សំណួរ និងចម្លើយ » អំពីការប្រែចិត្តនៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( ទំព័រ ៨–៩ ) ។
សូមមើលផងដែរ Topics and Questions « Repentance » នៅលើបណ្ណាល័យដំណឹងល្អ ។
តើផល្លី ណៃត៍ ជានរណា ?
ផល្លី ណៃត៍ និងស្វាមីរបស់នាង យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ គឺជាអ្នកជឿដំបូងគេមួយចំនួននៅក្នុងការហៅរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ផល្លី និង យ៉ូសែប បានផ្ដល់ការគាំទ្រដ៏សំខាន់ដល់ព្យាការីនៅក្នុងកិច្ចការបកប្រែព្រះគម្ពីរមរមន ។ គ្រួសារណៃត៍បានចាកចេញពីភូមិខូលស្វិល រដ្ឋញូវយ៉ក មកជួបជុំនឹងពួកបរិសុទ្ធនៅរដ្ឋអូហៃអូ ហើយក្រោយមកត្រូវបានបង្គាប់ឲ្យប្ដូរមកភូមិចាកសុន រដ្ឋមិសសួរីវិញ ។ នៅពេលពួកគេបានធ្វើដំណើរ សុខភាពរបស់ ផល្លី ចាប់ផ្ដើមធ្លាក់ចុះ ប៉ុន្ដែនាងបានប្ដេជ្ញាចិត្តចង់ឃើញក្រុងស៊ីយ៉ូន ពីមុននាងស្លាប់ ។ នាងបានមកដល់រដ្ឋមិសសួរីតែពីរបីថ្ងៃប៉ុណ្ណោះ មុនពេលនាងបានទទួលមរណភាព ( សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១២៧–២៨, ១៣២–៣៣ ) ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩ បានទទួលនៅថ្ងៃនាងលាចាកលោក ហើយ ខទី ១ និងទី ២ អាចសំដៅជាពិសេសចំពោះនាង ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៤–១៩
បទបញ្ញត្តិគឺជាពរជ័យ ។
តើបងប្អូនគិតថាវាមានន័យយ៉ាងណាដើម្បី « បានពាក់មកុដ … និងដោយព្រះបញ្ញត្តិទាំងឡាយ » ? ( ខទី ៤ ) ។ សូមពិចារណាអំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់បងប្អូន នៅពេលបងប្អូនខិតខំ ដើម្បីគោរពតាមបទបញ្ញត្តិនីមួយៗនៅក្នុង ខទី ៥–១៩ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៩–១៩
ថ្ងៃឈប់សម្រាកគឺជាថ្ងៃរបស់ព្រះអម្ចាស់ ។
ក្រោយពេលបានសន្យាថានឹងប្រទានពរដល់ពួកបរិសុទ្ធនៅក្នុងក្រុងស៊ីយ៉ូន « ដោយព្រះបញ្ញត្តិទាំងឡាយដ៏មិនតិច » ព្រះអម្ចាស់បានគូសបញ្ជាក់ជាពិសេសលើព្រះបញ្ញត្តិមួយយ៉ាងជាក់លាក់ ៖ បញ្ជាឲ្យគោរព « ថ្ងៃបរិសុទ្ធ » របស់ទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៤, ៩ ) ។ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩–១៩ សូមពិចារណាអំពីមូលហេតុដែលការគោរពថ្ងៃឈប់សម្រាកមានសារសំខាន់យ៉ាងខ្លាំងចំពោះពួកបរិសុទ្ធទាំងនេះ កាលពួកគេខិតខំកសាងក្រុងស៊ីយ៉ូន ។ ហេតុអ្វីបានជាវាសំខាន់ចំពោះបងប្អូន ?
បងប្អូនក៏អាចជញ្ជឹងគិតថា តើបងប្អូនប្រើថ្ងៃឈប់សម្រាកតាមរបៀបដែលព្រះអម្ចាស់មានព្រះទ័យចង់បានដែរឬទេ ? តើការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ជួយបងប្អូនឲ្យបន្ដ « កុំឲ្យប្រឡាក់ពីលោកិយដោយរបៀបណា » ? ( ខទី ៩ ) ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីថ្វាយ « ភក្ដីភាពដល់ព្រះដ៏ខ្ពស់បំផុត » ? ( ខទី ១០ ) ។
បងប្អូនក៏អាចកត់សម្គាល់ថា ព្រះអម្ចាស់បានប្រើពាក្យដូចជា « អំណរ » « រីករាយ » និង « ចិត្តអរសប្បាយ » ដើម្បីបង្រៀនអំពីថ្ងៃឈប់សម្រាកផងដែរ ។ តើអ្វីធ្វើឲ្យថ្ងៃឈប់សម្រាកពេញដោយអំណរចំពោះបងប្អូន ? តើបងប្អូនអាចពន្យល់ទៅនរណាម្នាក់អំពីមូលហេតុ ដែលបងប្អូនជ្រើសរើសដើម្បីគោរពដល់ថ្ងៃរបស់ព្រះអម្ចាស់ដោយរបៀបណា ?
តើបងប្អូនរៀនអ្វីខ្លះមកពីទំនុកតម្កើង « ច្រៀងបទពិសិដ្ឋដោយស្រទន់ » ( ទំនុកតម្កើង ល.រ. ៨៤ ) អំពីគោលបំណង និងពរជ័យនៃថ្ងៃឈប់សម្រាក ?
សូមមើលផងដែរ លោកុប្បត្តិ ២:២–៣; អេសាយ ៥៨:១៣–១៤; រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–១៣២ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៨
ព្រះវរបិតាសួគ៌បានប្រទានអំណាចឲ្យយើងជ្រើសរើស ។
-
ការអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៦–២៨ អាចផ្តល់ឲ្យបងប្អូន និងកូនៗរបស់បងប្អូននូវឱកាសមួយដើម្បីនិយាយអំពីអំណាចដែលព្រះវរបិតាសួគ៌បានប្រទានឲ្យយើងជ្រើសរើសដើម្បីធ្វើអំពើល្អ ។ បងប្អូនអាចប្រាប់គ្នាទៅវិញទៅមកអំពីជម្រើសផ្សេងៗដែលបងប្អូនបានធ្វើ និងអ្វីដែលបានកើតឡើងជាលទ្ធផល ។ ប្រហែលជាកូនៗរបស់បងប្អូនចង់គូររូបភាពនៃបទពិសោធន៍របស់ពួកគេ ។
-
បងប្អូនអាចសរសេរ ជម្រើស នៅលើសន្លឹកក្រដាសមួយចំហៀង និង លទ្ធផល នៅម៉្យាងទៀត ហើយប្រើក្រដាសនេះដើម្បីបង្ហាញថាជម្រើសរបស់យើង និងលទ្ធផលរបស់វាមិនអាចបំបែកបានទេ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចរាយបញ្ជីជម្រើសមួយចំនួន ហើយនិយាយអំពីលទ្ធផលដែលកើតចេញពីជម្រើសទាំងនោះ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧–២៨ ហើយនិយាយអំពីជម្រើសដែល « នាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ឬលទ្ធផលល្អ ។ តើព្រះវរបិតាសួគ៌ប្រទាន « រង្វាន់ » ឬប្រទានពរដល់យើង នៅពេលយើងព្យាយាមធ្វើល្អដោយរបៀបណា ? ( ខទី ២៨ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៧, ១៨–២១
« ថ្វាយអំណរគុណដល់ព្រះអម្ចាស់ជាព្រះនៃអ្នក នៅគ្រប់ការណ៍ទាំងអស់ » ។
-
សូមពិចារណាអានខគម្ពីរទាំងនេះ នៅពេលបងប្អូន និងកូនៗរបស់បងប្អូនដើរលេង ឬមើលរូបភាពធម្មជាតិ ដោយកត់សម្គាល់នូវអ្វីដែល « ផ្គាប់ភ្នែក និង … ចិត្តអរសប្បាយផង » ( ខទី ១៨ ) ។ បងប្អូនក៏អាចកត់សម្គាល់ឃើញរឿងស្រដៀងគ្នានៅក្នុងបទចម្រៀងដូចជាបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) ។ ឬបងប្អូនអាចអញ្ជើញកូនៗរបស់បងប្អូនឲ្យគូររូបភាពពីអ្វីដែលពួកគេអរគុណ ហើយអនុញ្ញាតឲ្យពួកគេប្រាប់បងប្អូនអំពីរូបភាពរបស់ពួកគេ ។ តើយើងអាចបង្ហាញអំណរគុណរបស់យើងចំពោះរបស់ទាំងនេះដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៩–១២
ថ្ងៃឈប់សម្រាកគឺជាថ្ងៃរបស់ព្រះអម្ចាស់ ។
-
តើយើងអាចធ្វើអ្វីខ្លះនៅថ្ងៃអាទិត្យ ដើម្បីថ្វាយបង្គំព្រះអម្ចាស់ ហើយមានអំណរ ? សូមជួយកូនៗរបស់បងប្អូនស្វែងរកគំនិតទាំងឡាយនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩–១២ និង ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ។ ប្រហែលជាពួកគេក៏អាចរកឃើញរូបភាព ឬវត្ថុនានាដើម្បីតំណាងឲ្យកិច្ចការដែលយើងធ្វើនៅថ្ងៃឈប់សម្រាក ( ដូចជារូបភាពសាក្រាម៉ង់នៅក្នុងមេរៀននេះ ) ។ តើអ្វីៗទាំងនេះជួយយើងទទួលអារម្មណ៍កាន់តែជិតស្និទនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្តេច ?