ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៣–២៩ ខែ មិថុនា ៖ « តម្លៃ … ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៧–៧០


« ថ្ងៃទី ២៣–២៩ ខែ មិថុនា ៖ ‹ តម្លៃ … ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៧–៧០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៧–៧០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

សំណេរ​ដៃ​នៃ​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ

ថ្ងៃទី ២៣–២៩ ខែ មិថុនា ៖ « តម្លៃ … ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៧–៧០

ពីឆ្នាំ ១៨២៨ ដល់ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ជាច្រើន​មកពី​ព្រះអម្ចាស់ រួម​ទាំង​ការប្រឹក្សា​ដ៏​ទេវភាព​សម្រាប់​បុគ្គល​ទាំងឡាយ សេចក្ដី​ណែនាំ​ស្ដីពី​ការគ្រប់គ្រង​សាសនាចក្រ ការនិមិត្ត​អំពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​សេចក្តីពិត​ដ៏​បំផុសគំនិត​ជាច្រើន​ទៀត​នៃ​ភាពអស់កល្ប​ជានិច្ច ។ ប៉ុន្តែ​ពួកបរិសុទ្ធ​ជាច្រើន​មិន​បាន​អាន​វា​ទេ ។ វិវរណៈ​ទាំងនោះ​មិន​ទាន់​បាន​បោះពុម្ព​នៅឡើយ ហើយ​មាន​ច្បាប់​ចម្លង​តិចតួច​ណាស់​ដែល​សរសេរ​ដោយ​ដៃ​នៅលើ​ក្រដាស​ដាច់​ពី​គ្នា ហើយ​ចែក​បន្ដ​គ្នា​ក្នុង​ចំណោម​សមាជិក​ឲ្យ និង​យក​តាម​ខ្លួន​ដោយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

បន្ទាប់​មក​នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ យ៉ូសែបបាន​ហៅ​ក្រុមប្រឹក្សា​ថ្នាក់ដឹកនាំ​សាសនាចក្រ​ឲ្យ​ពិភាក្សា​អំពី​ការបោះពុម្ព​វិវរណៈ​ទាំងនេះ ។ ក្រោយពី​ការស្វែងយល់​ព្រះទ័យ​របស់​ព្រះអម្ចាស់​ហើយ ថ្នាក់ដឹកនាំ​ទាំងនេះ​បាន​ដាក់​ផែនការ​បោះពុម្ព​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​—​ឈ្មោះ​ពីមុន​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និងសេចក្តីសញ្ញា នា​សព្វថ្ងៃនេះ ។ មិន​យូរ​ប៉ុន្មាន គ្រប់គ្នា​អាច​អាន​ដោយ​ខ្លួនឯង​នូវ​បន្ទូល​របស់​ព្រះ ដែល​បាន​បើក​សម្ដែង​តាមរយៈ​ព្យាការី​នៅរស់ ជា​ភស្តុតាង​ជាក់ស្ដែង​ថា « កូនសោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​ក្នុង​នគរ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​ទៀត​ហើយ » ។ ដោយសារ​មូលហេតុ​ទាំងនេះ និង​មូលហេតុ​ផ្សេងទៀត​ជាច្រើន ពួកបរិសុទ្ធ​នា​ពេល​នោះ និង​ពេល​នេះ​ពិចារណា​អំពី​វិវរណៈ​ទាំងនេះ​ថា « តម្លៃ … ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៧០ ក្បាល​កណ្ឌ ) ។

សូមមើល ពួកបរិសុទ្ធ ១:១៤០–៤៣

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៧:១–៩; ៦៨:៣–៦

អ្នក​បម្រើ​របស់​ព្រះអម្ចាស់​និយាយ​អំពី​ព្រះហឫទ័យ​របស់​ទ្រង់ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជំរុញ​ចិត្ត ។

ការសម្រេច​ចិត្ត​ដើម្បី​បោះពុម្ព​វិវរណៈ​ដែល​បាន​ទទួល​ដោយ យ៉ូសែប ស្ម៊ីធ មើល​ទៅ​ហាក់​ដូចជា​ការសម្រេចចិត្ត​ដ៏​ងាយ​មួយ ប៉ុន្ដែ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ពីដើម​មួយ​ចំនួន​មិន​ប្រាកដ​ថា វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​នោះ​ទេ ។ មាន​ការបារម្ភ​មួយ​អំពី​ភាពមិន​ឥតខ្ចោះ​ក្នុង​របៀប យ៉ូសែប ស្ម៊ីធ បាន​សរសេរ​វិវរណៈ ។ វិវរណៈ​ក្នុង កណ្ឌ​ទី ៦៧ កើត​មាន​ជា​ចម្លើយ​ចំពោះ​ការបារម្ភ​នោះ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ និង​វិវរណៈ​មកពី ខទី ១–៩ ? តើ​បងប្អូន​ទទួល​បាន​ការយល់ដឹង​បន្ថែម​អ្វីខ្លះ​មកពី ៦៨:៣–៦ ?

តើ​បងប្អូន​ដឹង​ដោយ​ខ្លួន​ឯង​តាម​របៀប​ណា​ថា វិវរណៈ​ដែល​ព្រះ​ប្រទាន​ដល់​ពួកអ្នក​បម្រើ​របស់ទ្រង់​គឺជា​ការពិត ? បងប្អូន​ក៏​អាច​នឹង​ជញ្ជឹងគិត​អំពី​បទពិសោធន៍​នានា នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​កំពុង​មាន​ព្រះ​បន្ទូល​ទៅកាន់​បងប្អូន តាមរយៈ​អ្នកបម្រើ​ម្នាក់​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:៤ ) ។ តើ​នៅពេល​ណា​ដែល​បងប្អូន​ទទួល​អារម្មណ៍ « ដូចដែល​បាន​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( ខទី ៣ ) ឲ្យ​និយាយ​អ្វីមួយ ? តើ​ព្រះអម្ចាស់ « ឈរ​នៅ​ក្បែរ​អ្នក » ? ( ខទី ៦ ) ។

ពីមុន​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​ត្រូវបាន​បោះពុម្ព ថ្នាក់ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​បាន​ចុះ​ហត្ថលេខា​លើ​ទីបន្ទាល់​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា វិវរណៈ​នៅក្នុង​គម្ពីរ​នេះ​គឺ​ពិត ។ ដើម្បី​មើល​ច្បាប់​ចម្លង​នៃ​ទីបន្ទាល់​របស់​ពួកគេ សូមមើល « Testimony, circa 2 November 1831 » Revelation Book 1 ទំព័រ ១២១ នៅលើ​គេហទំព័រ josephsmithpapers.org ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៧:១០–១៤

« ចូរ​ស៊ូ​នៅ​ក្នុង​សេចក្ដី​អត់ធន់​ចុះ » ។

តើ​ការច្រណែន ការខ្លាច និង​អំនួត​រារាំង​យើង​មិន​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​តាម​របៀប​ណា ? តើ​យើង​យក​ឈ្នះ « មនុស្ស​ខាង​សាច់​ឈាម » ឬ « តាម​គំនិត​ខាង​រូប​កាយ » ដើម្បី​យើង​អាច « ឃើញ [ ទ្រង់ ] ហើយ​ដឹង​ថា [ ជា​ទ្រង់ ] ដោយ​របៀបណា ? ( ខទី ១២; សូមមើល​ផងដែរ ម៉ូសាយ ៣:១៩ ) ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ « ស៊ូ​នៅ​ក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ » ? ( ខទី ១៣ ) ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:២៥–៣១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ជួយ​គេហដ្ឋាន​របស់​ខ្ញុំ​ផ្តោត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:២៥–៣១ សំដៅ​ជាពិសេស​ទៅកាន់​ឪពុកម្តាយ ប៉ុន្តែ​ទោះបី​ជា​បងប្អូន​ជា​ឪពុកម្តាយ ឬ​មិន​មែន​ជា​ឪពុកម្តាយ​ក៏ដោយ បងប្អូន​អាច​ប្រើ​ការប្រឹក្សា​របស់​ទ្រង់ ដើម្បី​បំពេញ​ផ្នែក​របស់​បងប្អូន ដើម្បី​ផ្ដោតលើ​គេហដ្ឋាន​របស់​បងប្អូន​ទៅលើ​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ បញ្ជីរ​ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា គួរតែ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ផ្ទះ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ធ្វើ​ឲ្យ​ផ្នែក​នីមួយៗ​នៃ​ផ្នែក​ទាំងនេះ​ជា​គ្រឹះ​នៃ​គេហដ្ឋាន​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ—ជា​គេហដ្ឋាន​ដែល​បងប្អូន​រស់នៅ​ឥឡូវ​នេះ ឬ​គេហដ្ឋាន​នា​ពេល​អនាគត​របស់​បងប្អូន ។ ធនធាន និង​សំណួរ​ទាំងឡាយ​ដែល​បាន​ផ្តល់​អាច​ជួយ​បាន ។

  • ការប្រែចិត្ត ៖ សូម​សិក្សា អាលម៉ា ៣៦:១៧–២០ ហើយ​កត់សម្គាល់​អំពី​របៀប​ដែល​អាលម៉ា​ត្រូវបាន​ប្រទានពរ​នៅ​គ្រា​ដ៏​លំបាក ដោយសារ​ឪពុក​របស់លោក​បាន​បង្រៀន​លោក​អំពី​បេសកកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​បងប្អូន​អាច​ជួយ​បំផុសគំនិត​គ្រួសារ​របស់​បងប្អូន​ឲ្យ​ងាក​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែចិត្ត​ដោយ​របៀបណា ? ( សូម​មើល​ផងដែរ នីហ្វៃទី២ ២៥:២៦ ) ។

  • សេចក្តីជំនឿ​លើ​ព្រះ​គ្រីស្ទ ៖ សូម​អាន​យោបល់​ចំនួន​ប្រាំ​របស់​ប្រធាន រ័សុល អិម ណិលសុន សម្រាប់​ការអភិវឌ្ឍន៍​សេចក្តីជំនឿ « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ ) ។ សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​ការផ្តល់​យោបល់​ទាំងនេះ​អាច​បង្កើត​វប្បធម៌​នៃ​សេចក្តី​ជំនឿ​នៅក្នុង​គ្រួសារ​របស់​បងប្អូន ។

  • ពិធីបុណ្យ​ជ្រមុជទឹក ៖ ពិនិត្យមើល​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ូសាយ ១៨:៨–១០, ១៣ ។ តើ​ការខិតខំ​របស់​បងប្អូន​ដើម្បី​គោរពតាម​សេចក្ដី​សញ្ញា​នេះ អាច​ពង្រឹង​ដល់​គ្រួសារ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

  • អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ សិក្សា​ការអញ្ជើញ​នៅ ទំព័រ ១៧–១៩ នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ។ តើ​បងប្អូន​បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​យាង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យមក​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ?

  • ការអធិស្ឋាន ៖ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ឥទ្ធិពល​នៃ​ការអធិស្ឋាន​នៅក្នុង​គេហដ្ឋាន​នៅក្នុង​បទ « យើង​និយាយ​ដោយ​ស្នេហ៍ » ? ( សៀវភៅចម្រៀង​កុមារ ទំព័រ ១០២–១០៣ ) ។ តើ​ពរជ័យ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​សន្យា​នៅក្នុង នីហ្វៃទី៣ ១៨:១៥–២១ ?

  • គោលការណ៍​ផ្សេង​ទៀត​ដែល​បងប្អូន​រកឃើញ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:២៥–៣១ ៖

តើ​បងប្អូន​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​បុគ្គល​ម្នាក់ ដែល​សមាជិក​គ្រួសារ​មិន​គាំទ្រ​ដល់​ការខិតខំ​របស់​ពួកគេ​ដើម្បី​កសាង​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ?

សូមមើល​ផងដែរ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បណ្ណាល័យ​ដំណឹង​ល្អ ; Topics and Questions « Parenting » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៥៥–៥៩ ។

ក្រុមគ្រួសារ​រៀន​ជាមួយគ្នា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៩:១

មិត្ដភក្ដិ « ពិត​ហើយ​ស្មោះត្រង់ » ជួយ​ខ្ញុំ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ជាវា​ជា « ប្រាជ្ញា​នៅ​ក្នុង [ ព្រះអម្ចាស់ ] » សម្រាប់​នរណា​ម្នាក់​ដែល « ពិត ហើយ​ស្មោះត្រង់ » ដើម្បី​អម​ដំណើរ អូលីវើរ ខៅឌើរី ធ្វើ​កិច្ចការ​ដែល​បានពិពណ៌នា​នៅក្នុង​ខគម្ពីរ​នេះ ? តើ​គោលការណ៍​នេះ​អនុវត្ត​ចំពោះ​បងប្អូន​ដោយ​របៀប​ណា ?

ជួយ​សិស្ស​ឲ្យ​លើកស្ទួយ​គ្នា​ទៅវិញ​ទៅមក ។ បុគ្គល​ម្នាក់ៗ​នៅក្នុង​ថ្នាក់ ឬ​គ្រួសារ​របស់​បងប្អូន គឺជា​ធនធាន​ដ៏​បរិបូរ​មួយ​នៃ​ទីបន្ទាល់ គំនិត​យោបល់ និង​បទពិសោធន៍​អំពី​ការ​រស់នៅ​តាម​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ និង​លើក​តម្កើង​គ្នា​ឡើង ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧០:១–៤

ខ្ញុំ​ទទួល​ខុសត្រូវ​ចំពោះ​វិវរណៈ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន ។

ព្រះអម្ចាស់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​ដល់​ពួកអែលឌើរ​មួយ​ចំនួន ឲ្យ​មើល​ការខុសត្រូវ​លើ​ការបោះពុម្ព​វិវរណៈ​ទាំងនេះ ។ ទោះបីជា​បងប្អូន​មិន​មាន​ទំនួល​ខុសត្រូវលើអ្វី​ដែល​ជាក់លាក់​នោះ​ក៏​ដោយ តើ​អ្វី​ជា​ការគ្រប់គ្រង ឬ​ការទទួល​ខុសត្រូវ​របស់​បងប្អូន « លើ​វិវរណៈ និង​ព្រះបញ្ញត្តិ​ទាំងឡាយ » ? ( ខទី ៣ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៧

គោលលទ្ធិ និង​សេចក្តីសញ្ញា​បង្រៀន​ខ្ញុំ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • សូមប្រាប់​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​វិវរណៈ​របស់ យ៉ូសែប ស្ម៉ីធ បាន​ត្រូវ​បោះពុម្ព​ជា​សៀវភៅ ( សូមមើល « ជំពូក ២៣ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទំព័រ ៩០–៩២ ឬ​វីដេអូ​ដូចគ្នា​នេះ​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​ជួយ​ពួកគេ​ចងចាំ​រឿង​មួយ​ចំនួន​ដែល​បងប្អូន​បានរៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​គោលលទ្ធិ និង​សេចក្តីសញ្ញា​រហូត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ ។ បងប្អូន​ក៏​អាច​នឹង​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ខគម្ពីរ​មួយ​ចំនួន​ដែល​បងប្អូន​ចូលចិត្ត​ចេញពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ផងដែរ ។

    2:2

    Chapter 23: The Doctrine and Covenants: August–November 1831

  • បងប្អូន​ក៏​អាច​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា និង​មុក្តា​ដ៏​មាន​តម្លៃមហិមា ហើយ​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​ព្រះគម្ពីរ​ទាំងនេះ​ខុស​គ្នា និង​របៀប​ដែល​ព្រះគម្ពីរ​ទាំងនេះ​ស្រដៀងគ្នា ( សូមមើល​ការពិពណ៌នា​នៃ​គម្ពីរ​ទាំងនេះ​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ) ។ តើ​យើង​អាច​ដឹង​ថា​ព្រះគម្ពីរ​ពិត​ដោយ​របៀប​ណា ? តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៧:៤ អំពី​វិវរណៈ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស្ម៉ីធ ?

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:២៥–៣១

ខ្ញុំ​អាច​ជ្រមុជទឹកបាន ពេល​ខ្ញុំ​អាយុ​ប្រាំ​បី​ឆ្នាំ ។

  • នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:២៧ ព្រះអម្ចាស់​បាន​បញ្ជាក់​ថា​តើ​មនុស្ស​ម្នាក់​ត្រូវ​មាន​អាយុ​ប៉ុន្មាន​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងយល់​អំពី​អ្វី​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល ។ ហេតុអ្វី​បានជា​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ? បទ​ចម្រៀង​ដូចជា​បទ « ពិធីបុណ្យ​ជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៤–៥៥ ) អាច​ជួយ​បាន ។ ការប្រើប្រាស់​រូបភាព ឬ ខទី ២៥–៣១ ( ឬ ទាំងពីរ ) ជួយ​កូន​ៗ​របស់​បងប្អូន​រកឃើញ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​កុមារ​រៀន ។

  • សូម​អាន​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់ អូលីវើរ ខៅឌើរី នៅក្នុង​ផ្នែក​ដែល​មាន​ចំណងជើង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៩ ។ តើ​ព្រះអម្ចាស់​ប្រទាន​ដំបូន្មាន​អ្វីខ្លះ​នៅក្នុង ខទី ១ ? ហេតុអ្វី​វា​សំខាន់​ដើម្បី​នៅ​ជាមួយ​មនុស្ស​ដែល « ពិត​ហើយ​ស្មោះត្រង់ » ? ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​ប្រាប់​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ថា​ជា​មនុស្ស « ពិត ហើយ​ស្មោះត្រង់ » ។ សូម​ច្រៀង​ជាមួយ​កុមារ​នូវ​ចម្រៀងមួយ​ដែល​លើកទឹកចិត្ត​ដល់​កុមារ​ឲ្យធ្វើ​ជា​មនុស្ស​ពិត និង​ស្មោះត្រង់​ដូចជា​ព្រះ​អង្គសង្រ្គោះ ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) ។ តើ​យើង​អាច​ប្រាកដ​ថា យើង​ពិត ហើយ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​ទ្រង់​អាច​ប្រើ​យើង​ដើម្បី​ប្រទានពរ​ដល់​អ្នក​ដទៃ​ដោយ​របៀបណា ពេល​យើង​ពិត ហើយ​ស្មោះត្រង់ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ម៉ាស៊ីន​បោះពុម្ព

ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ឈ្មោះ​គម្ពីរ​មុន​ហៅ​ថា​ជា ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ត្រូវបាន​បោះពុម្ព​នៅលើ​កាសែត​ដូចជា​កាសែត​មួយ​នេះ ។

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ