« ថ្ងៃទី ៩–១៥ ខែ មិថុនា ៖ ‹ យើងគង់នៅជាមួយពួកស្មោះត្រង់ជានិច្ច › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ៩–១៥ ខែ មិថុនា ៖ « យើងគង់នៅជាមួយពួកស្មោះត្រង់ជានិច្ច »
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦៣
នៅដើម ខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរផ្សេងទៀតនៃសាសនាចក្រកំពុងរៀបចំខ្លួនដើម្បីត្រឡប់ទៅទីក្រុង ខឺតឡង់ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ « ដែនដីស៊ីយ៉ូន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៣ ) ។ ព្រះអម្ចាស់បានសព្វព្រះហឫទ័យឲ្យពួកគេផ្សព្វផ្សាយដំណឹងល្អនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:១០ ) និងពួកគេមួយចំនួនបានធ្វើដោយឧស្សាហ៍ព្យាយាម ។ ប៉ុន្តែអ្នកផ្សេងទៀតមានចិត្តស្ទាក់ស្ទើរ ។ « ពួកគេលាក់ការប៉ិនប្រសប់របស់ខ្លួន ដែលយើងបានប្រទានដល់ពួកគេ » ព្រះអម្ចាស់មានព្រះបន្ទូលថា « ពីព្រោះតែការខ្លាចដល់មនុស្ស » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:២ ) ។ ពួកយើងជាច្រើនដឹងពីអារម្មណ៍របស់ពួកអែលឌើរទាំងនេះ ។ ទោះជាយើងស្រឡាញ់ដំណឹងល្អក្ដី ការភ័យខ្លាច និងការសង្ស័យអាចនឹងរារាំងយើងមិនឲ្យចែកចាយដំណឹងល្អបានឡើយ ។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា ។ ទ្រង់ « ជ្រាបនូវសេចក្ដីកម្សោយនៃមនុស្ស និងចេះជួយ [ ពួកយើង ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦២:១ ) ។ ការធានាអះអាងសាជាថ្មីដែលមានពេញនៅក្នុងវិវរណៈទាំងនេះទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនាកាលពីដើម ហើយវាអាចជួយយើងឲ្យយកឈ្នះលើការខ្លាច និងការខ្វះខាតរបស់យើង ៖ « យើងអាចធ្វើឲ្យអ្នកក្លាយទៅជាបរិសុទ្ធបាន » ។ « សាច់ទាំងអស់នៅក្នុងព្រះហស្តរបស់យើង » ។ « យើងគង់នៅជាមួយពួកស្មោះត្រង់ជានិច្ច » ។ ហើយ « អ្នកណាដែលមានចិត្តស្មោះត្រង់ ហើយកាន់ខ្ជាប់ នោះនឹងបានឈ្នះលើលោកិយ » ។ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧; ៦១:៦; ៦២:៩; ៦៣:៤៧ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០; ៦២
ខ្ញុំអាចចែកចាយសេចក្តីស្រឡាញ់ និងទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ។
តើទីបន្ទាល់របស់បងប្អូនអំពីដំណឹងល្អប្រៀបដូចជា « ការប៉ិនប្រសប់ » ឬរតនសម្បត្តិមួយមកពីព្រះដោយរបៀបណា ? តើពេលខ្លះយើង « លាក់ការប៉ិនប្រសប់ [ របស់យើង ] » តាមរបៀបណា » ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:២; សូមមើលផងដែរ ម៉ាថាយ ២៥:១៤–៣០ ) ។
តើសារលិខិតលើកទឹកចិត្តអ្វីខ្លះមកពីព្រះអម្ចាស់ ដែលបងប្អូនរកឃើញនៅក្នុង កណ្ឌទី ៦០ និងទី ៦២ ? តើសារលិខិតទាំងនេះពង្រឹងទំនុកចិត្តរបស់បងប្អូន នៅក្នុងការចែកចាយដំណឹងល្អយ៉ាងដូចម្ដេច ? នៅពេលបងប្អូនពិចារណាអំពីសំណួរទាំងនេះ សូមពិចារណាច្រៀង ឬអានពាក្យនៅក្នុងបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេលនេះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩០ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីបទចម្រៀងកុមារនេះអំពីការចែកចាយដំណឹងល្អ ?
សូមមើលផងដែរកម្រង « ការចែកចាយដំណឹងល្អ » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:២–៤; ៦១:១–២, ២០, ៣៦–៣៨; ៦២:១, ៦
ព្រះគម្ពីរបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
នៅពេលទ្រង់បានណែនាំពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតសំខាន់ៗអំពីអង្គទ្រង់ ។ សូមរកមើលសេចក្តីពិតទាំងនេះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:២–៤; ៦១:១–២, ២០, ៣៦–៣៨; ៦២:១, ៦ ។ តើដំណើររឿងអ្វីខ្លះចេញពីព្រះគម្ពីរដែលបង្ហាញអំពីតួនាទី និងបុគ្គលិកលក្ខណៈនៃព្រះអង្គសង្រ្គោះដែលបងប្អូនបានរកឃើញ ? ( ឧទាហរណ៍ យ៉ូហាន ៨:១–១១; អេធើរ ២:១៤–១៥ ) ។
ការសម្រេចចិត្តរបស់ខ្ញុំគួរតែមានលំនឹង « ការវិនិច្ឆ័យ និងតាមការដឹកនាំពីព្រះវិញ្ញាណ » ។
ព្រះអម្ចាស់ប្រទានការណែនាំអំពីសេចក្តីពិត និងគោលការណ៍ដ៏នៅអស់កល្បជានិច្ច ប៉ុន្តែទ្រង់តែងតែទុកវាឲ្យយើងដើម្បីកំណត់ព័ត៌មានលម្អិតជាក់លាក់អំពីរបៀបធ្វើតាមគោលការណ៍ទាំងនេះ ។ តើបងប្អូនឃើញគោលការណ៍នេះបង្ហាញនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦២ ដោយរបៀបណា ? ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០:៥; ៦១:២២ ) ។ តើបងប្អូនបានឃើញគោលការណ៍នេះនៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាវាល្អសម្រាប់យើងដើម្បីធ្វើការសម្រេចចិត្តខ្លះដោយមិនរំពឹងថាព្រះនឹងប្រាប់យើងឲ្យច្បាស់ពីអ្វីដែលត្រូវធ្វើ ?
សូមមើលផងដែរ អេធើរ ២:១៨–២៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧–២៨ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៧–១២
ទីសម្គាល់នានាកើតចេញតាមរយៈសេចក្ដីជំនឿ និងព្រះឆន្ទៈរបស់ព្រះ ។
នៅចុងបញ្ចប់នៃគម្រោងនេះ មានការបង្ហាញអំពីអព្ភូតហេតុដែលធ្វើឲ្យ អែសរ៉ា ប៊ូត ចាប់អារម្មណ៍យ៉ាងខ្លាំង ៖ ដៃរបស់ អេលស្សា ចនសុន ត្រូវបានព្យាបាលដោយអព្ភូតហេតុ ។ ក្រោយពីឃើញដូច្នេះ អែសរ៉ា បានទទួលបុណ្យជ្រមុជទឹកយ៉ាងអន្ទះសា ។ ប៉ុន្ដែក្នុងពេលតែពីរបីខែប៉ុណ្ណោះ អែសរ៉ា បាត់បង់សេចក្ដីជំនឿរបស់គាត់ ហើយបានរិះគន់ដល់ព្យាការី ។ តើការណ៍នេះអាចកើតឡើងយ៉ាងដូចម្ដេច បើគិតដល់អព្ភូតហេតុដែលគាត់បានឃើញនោះ ?
សូមសញ្ជឹងគិតពីការណ៍នេះ កាលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៧–១២ ។ តើសេចក្ដីពិតអ្វីខ្លះដែលបងប្អូនរៀនអំពីទីសម្គាល់ និងសេចក្តីជំនឿ ?
សូមមើលផងដែរ ម៉ាថាយ ១៦:១–៤; យ៉ូហាន ១២:៣៧; មរមន ៩:១០–២១; អេធើរ ១២:១២, ១៨ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:១៦
ខ្ញុំអាចមានភាពបរិសុទ្ធនៅក្នុងគំនិត និងទង្វើរបស់ខ្ញុំ ។
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១៦ ព្រះអង្គសង្គ្រោះបានបញ្ជាក់ជាថ្មីនូវអ្វីដែលទ្រង់បានបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាថ្មី—ថា ច្បាប់ព្រហ្មចារីយភាពគួរតែគ្រប់គ្រងមិនត្រឹមតែទង្វើរបស់យើងប៉ុណ្ណោះទេ គឺថែមទាំងគំនិតរបស់យើងផងដែរ ( សូមមើល ម៉ាថាយ ៥:២៧–២៨ ) ។ នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១៦ ចូរសរសេរអំពីការព្រមានដែលព្រះអង្គសង្គ្រោះប្រទានអំពីគំនិតត្រេកត្រអាល ។ បងប្អូនក៏អាចជញ្ជឹងគិតពីភាពផ្ទុយនៃការព្រមាននីមួយៗផងដែរ ។ ឧទាហរណ៍ តើពាក្យ ឬឃ្លាណាខ្លះដែលផ្ទុយពីការភ័យខ្លាច ? តើពរជ័យអ្វីផ្សេងទៀតមកពីការមានគំនិត និងទង្វើដ៏បរិសុទ្ធ ?
មនុស្សជាច្រើនគិតថា បទដ្ឋានរបស់ព្រះអម្ចាស់ពីការមានគំនិត និងទង្វើបរិសុទ្ធគឺហួសសម័យ ឬថែមទាំងជាការជិះជាន់ ។ តើវានឹងមានភាពខុសគ្នាយ៉ាងណា ប្រសិនបើបុត្រាបុត្រីរបស់ព្រះទាំងអស់ខំធ្វើតាមច្បាប់នេះ ? បងប្អូនអាចរកមើលចម្លើយចំពោះសំណួរនេះនៅក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « We Believe in Being Chaste » ( Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ) ឬ « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ទំព័រ ២៣–២៦ ) ។ តើសារលិខិតនៃសេចក្តីសង្ឃឹមអ្វីខ្លះដែលបងប្អូនរកឃើញ ?
សូម្បីតែនៅពេលយើងដឹងពីពរជ័យនៃភាពបរិសុទ្ធក្នុងគំនិត និងទង្វើរបស់យើងក៏ដោយ នោះមិនមានន័យថាវាងាយស្រួលនោះទេ ។ បងប្អូនអាចនឹងចំណាយពេលខ្លះដើម្បីជញ្ជឹងគិតអំពីអ្វីដែលធ្វើឲ្យបងប្អូនពិបាកក្នុងការគោរពតាមបទដ្ឋាននៃបរិសុទ្ធភាពរបស់ព្រះអង្គសង្គ្រោះ—និងអ្វីដែលធ្វើឲ្យវាកាន់តែងាយស្រួល ។ តើគន្លឹះអ្វីខ្លះដែលបងប្អូនអាចចែកចាយជាមួយអ្នកដទៃ អំពីអ្វីដែលត្រូវធ្វើនៅពេលគំនិតមិនស័ក្តិសមល្បួងបងប្អូន ?
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤៥; Topics and Questions « Virtue » នៅលើបណ្ណាល័យដំណឹងល្អ « Standards: Sexual Purity and Modesty—True Confidence » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ នៅលើគេហទំព័រ AddressingPornography.ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៨–៦៤
ដំណើររឿងពិសិដ្ឋនានាគួរតែត្រូវបានប្រព្រឹត្តដោយគារវភាព ។
គោលការណ៍ទាំងឡាយនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៥៨–៦៤ លើសពីការយកព្រះនាមព្រះអម្ចាស់ដោយអសារឥតការទៅទៀត ។ តើរបស់ពិសិដ្ឋអ្វីទៀតដែល « មកពីលើ » ឬមកពីព្រះ ? តើការនិយាយអំពីរឿងទាំងនេះ« ដោយយកចិត្តទុកដាក់ » មានន័យយ៉ាងដូចម្ដេចចំពោះបងប្អូន ?
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៤; ៦១:១–២, ៣៦; ៦២:១
ព្រះគម្ពីរទាំងឡាយបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ប្រហែលជាបងប្អូនអាចសរសេរសេចក្តីថ្លែងការណ៍មួយចំនួនអំពីព្រះអង្គសង្គ្រោះដែលបានរកឃើញនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦២ នៅលើសន្លឹកក្រដាសតូចៗ ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចផ្គូផ្គងសេចក្តីថ្លែងការណ៍ទាំងនេះទៅនឹងរូបភាពរបស់ព្រះយេស៊ូវ មកពីការងារបម្រើរបស់ទ្រង់នៅលើផែនដី ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៣៤–៦១ ) ដែលបង្ហាញពីបុគ្គលិកលក្ខណៈទាំងនេះ ។ តើទ្រង់ធ្វើឲ្យយើងស្គាល់ទ្រង់សព្វថ្ងៃដោយរបៀបណា ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧; ៦១:១–២; ៦២:១
ព្រះអម្ចាស់នឹងអភ័យទោសឲ្យខ្ញុំ ប្រសិនបើខ្ញុំប្រែចិត្ត ។
-
នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧; ៦១:២ ជាមួយកូនៗរបស់បងប្អូន សូមជួយពួកគេស្វែងរកពាក្យដែលខគម្ពីរទាំងនេះមានដូចគ្នា ។ សូមរំឭកពួកគេថា វិវរណៈទាំងនេះគឺត្រូវបានផ្តល់ឲ្យទៅ យ៉ូសែប ស្ម៉ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀត ។ តើព្រះអម្ចាស់ចង់ឲ្យពួកគេដឹងអ្វីខ្លះ ? បងប្អូនក៏អាចនិយាយផងដែរអំពីព្រះហឬទ័យរបស់ព្រះអង្គសង្គ្រោះចំពោះយើង នៅពេលយើងធ្វើខុស និងអត្ថន័យនៃការប្រែចិត្ត ។ យោងតាម គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:១ តើព្រះយេស៊ូវអាចជួយនៅពេលយើងត្រូវបានល្បួងដោយរបៀបណា ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:៣, ៩
ព្រះយេស៊ូវគ្រីស្ទ ចង់ឲ្យខ្ញុំចែកចាយដំណឹងល្អរបស់ទ្រង់ ។
-
បងប្អូនអាចសួរកូនៗរបស់បងប្អូននូវអ្វីដែលពួកគេនឹងនិយាយ ប្រសិនបើនរណាម្នាក់សួរពួកគេអំពីអ្វីដែលពួកគេស្រឡាញ់អំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការចែកចាយដំណឹងល្អ ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេលនេះ » ( សៀវភៅចម្រៀងកុមារទំព័រ ៩០ ) អាចផ្ដល់ជាគំនិតមួយចំនួនដល់ពួកគេបាន ។ បន្ទាប់មក បងប្អូនអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:៣ ហើយសុំឲ្យកូនៗរបស់បងប្អូនស្តាប់នូវអ្វីដែលកើតឡើង នៅពេលយើងចែកចាយទីបន្ទាល់របស់យើង ។ តើការសន្យានៅក្នុង ខទី ៩ អាចជួយដោយរបៀបណា ប្រសិនបើយើងមានអារម្មណ៍ភ័យខ្លាច ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៦៤
ខ្ញុំអាចមានគារវភាព ។
-
ដើម្បីណែនាំ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៦៤ បងប្អូនអាចច្រៀងចម្រៀងមួយបទអំពីគារវភាពជាមួយកូនៗរបស់បងប្អូន ដូចជាបទ « គារវភាពគឺជាក្តីស្រឡាញ់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២ ) ។ បន្ទាប់មក បងប្អូនអាចនិយាយអំពីវិធីផ្សេងៗ ដើម្បីបង្ហាញគារវភាពចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យយល់អំពីអ្វីដែលជាការគោរព ដោយនិយាយជាមួយពួកគេអំពីវត្ថុដែលពិសេសសម្រាប់ពួកគេ ដូចជាប្រដាប់ក្មេងលេង សៀវភៅ ឬភួយដែលចូលចិត្ត ។ សូមសួរពួកគេអំពីរបៀបដែលពួកគេថែរក្សា និងការពារអ្វីដែលពិសេសសម្រាប់ពួកគេ ។ បងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៦៤ ។ តើអ្វីដែលពិសេស—ឬពិសិដ្ឋ—ចំពោះព្រះវរបិតាសួគ៌ ? ( ឧទាហរណ៍ សូមមើល ខទី ៦១ និងគម្រោង ទំព័រសកម្មភាព សម្រាប់សប្តាហ៍នេះ ) ។ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះរឿងទាំងនេះ—ទាំងពាក្យសម្តី និងទង្វើរបស់យើង ?