« ថ្ងៃទី ៣០ ខែ មិថុនា–ថ្ងៃទី ៦ ខែ កក្កដា ៖ ‹ គ្មានគ្រឿងសាស្ត្រាវុធណាមួយ ដែលបានធ្វើឡើង នឹងអាចទាស់នឹងអ្នកបានឡើយ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ៣០ ខែ មិថុនា–ថ្ងៃទី ៦ ខែ កក្កដា ៖ « គ្មានគ្រឿងសាស្ត្រាវុធណាមួយ ដែលបានធ្វើឡើង នឹងអាចទាស់នឹងអ្នកបានឡើយ »
គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
តាំងពីលោកនៅជាកុមារា យ៉ូសែប ស្ម៊ីធ បានប្រឈមមុខនឹងការរិះគន់នានា—ថែមទាំងពីពួកសត្រូវផង—កាលលោកព្យាយាមធ្វើកិច្ចការរបស់ព្រះ ។ ប៉ុន្ដែវាប្រាកដជាមានការលំបាកជាខ្លាំងនៅចុងឆ្នាំ ១៨៣១ នៅពេល អែសរ៉ា បូត បានចាប់ផ្ដើមស្ដីបន្ទោសយ៉ាងខ្លាំងដល់សាសនាចក្រជាសាធារណៈ ដោយសារក្នុងករណីនេះ ការរិះគន់នេះគឺមកពីអតីតអ្នកជឿពីមុនៗ ។ អែសរ៉ាបានឃើញយ៉ូសែប ប្រើព្រះចេស្ដារបស់ព្រះដើម្បីព្យាបាលស្ដ្រីម្នាក់ ។ គាត់ត្រូវបានអញ្ជើញឲ្យអមដំណើរយ៉ូសែប នៅក្នុងការស្ទង់មើលដែនដីស៊ីយ៉ូនលើកដំបូងក្នុងរដ្ឋមិសសួរី ។ ប៉ុន្ដែគាត់បានបាត់បង់សេចក្ដីជំនឿរបស់គាត់តាំងពីនោះមក ហើយក្នុងបំណងបន្ទាបបន្ថោកព្យាការី គាត់បានបោះពុម្ពសំបុត្រជាច្រើននៅលើកាសែតអូហៃអូ ។ ហើយកិច្ចខិតខំរបស់គាត់មើលទៅហាក់ដូចជាដំណើរការ ដោយសារ « អារម្មណ៍មិនស្និទ្ធស្នាល ដែលបានកើតឡើងទាស់នឹងសាសនាចក្រ » នៅក្នុងតំបន់នេះ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧១ ក្បាលកណ្ឌ ក្បាលកណ្ឌ ) ។ តើអ្នកជឿគួរធ្វើអ្វីខ្លះនៅក្នុងករណីដូចនោះ ? ទោះបីជាមិនមានចម្លើយត្រឹមត្រូវមួយសម្រាប់គ្រប់ស្ថានភាព វាហាក់ដូចជាជារឿយៗ ផ្នែកនៃចម្លើយរបស់ព្រះអម្ចាស់—រួមទាំងក្នុងករណីនេះក្នុងឆ្នាំ ១៨៣១—គឺត្រូវប្រកាសសេចក្ដីពិត ហើយកែតម្រូវការខុសឆ្គងតាមរយៈ « ការប្រកាសប្រាប់ពីដំណឹងល្អ » ( ខទី ១ ) ។ មែនហើយ កិច្ចការរបស់ព្រះអម្ចាស់នឹងមានការរិះគន់ជានិច្ច ប៉ុន្ដែនៅចុងបញ្ចប់ « គ្មានគ្រឿងសស្ត្រាវុធណាមួយដែលបានធ្វើឡើងនឹងអាចទាស់នឹង [ កិច្ចការនេះ ] បានឡើយ » ( ខទី ៩ ) ។
សូមមើល « Ezra Booth and Isaac Morley » Revelations in Context ទំព័រ ១៣៤ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
ព្រះវិញ្ញាណនឹងដឹកនាំខ្ញុំ នៅពេលខ្ញុំប្រកាសដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ ។
វាអាចជាបញ្ហានៅពេលមនុស្សរិះគន់ ឬចំអកដល់សេចក្តីជំនឿរបស់បងប្អូនលើព្រះអង្គសង្គ្រោះ ដំណឹងល្អរបស់ទ្រង់ ឬសាសនាចក្ររបស់ទ្រង់ ។ នៅពេលរឿងនោះកើតឡើង តើបងប្អូនធ្វើយ៉ាងណា ? មានអ្វីមួយដែលស្រដៀងគ្នានេះបានកើតឡើងនៅរដ្ឋអូហៃអូ នៅក្នុងឆ្នាំ ១៨៣១ ( សូមមើលក្បាលកណ្ឌនៅ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ) ។ តើព្រះអម្ចាស់បានប្រាប់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើអ្វីខ្លះអំពីរឿងនេះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ? ប្រហែលជាបងប្អូនអាចរាយបញ្ជីអំពីការណែនាំដែលព្រះអម្ចាស់បានប្រទានដល់ពួកលោក និងពរជ័យដែលទ្រង់បានសន្យា ។
បន្ថែមទៅលើការសិក្សា កណ្ឌទី ៧១ បងប្អូនក៏អាចស្វែងយល់អំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបចំពោះអ្នករិះគន់ដល់ទ្រង់ អំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖ ម៉ាថាយ ២២:១៥–២២; ២៦:៥៩–៦៤; យ៉ូហាន ១០:៣៧–៣៨ ។ តើបងប្អូនរៀនអ្វីខ្លះមកពីទ្រង់ ? តើការយល់ដឹងបន្ថែមអ្វីដែលបងប្អូនទទួលបានមកពី ម៉ាថាយ ១៨:១៥; អេភេសូរ ៤:៣១–៣២; ធីម៉ូថេ ទី២ ៣:១២; យ៉ាកុប ១:១៩ ?
តើដំបូន្មានរបស់ទ្រង់អាចអនុវត្តចំពោះស្ថានភាព ដែលបងប្អូនប្រឈមមុខនៅថ្ងៃនេះយ៉ាងដូចម្ដេច ? បងប្អូនអាចពិចារណាអំពីវិធីដើម្បីកែកំហុសដោយសន្តិវិធីតាមពាក្យសម្ដីរបស់បងប្អូនផ្ទាល់ ។ ជាឧទាហរណ៍ បងប្អូនអាចចាប់ផ្តើមដោយការបង្ហាញការគោរពចំពោះទស្សនរបស់អ្នកដទៃ ហើយបន្ទាប់មកបងប្អូនអាចចែកចាយដោយរាបសា និងសប្បុរសនូវអ្វីដែលបងប្អូនជឿអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។ ដើម្បីរៀបចំខ្លួនឲ្យមានឱកាសទាំងនេះ ប្រហែលជាបងប្អូនអាចអនុវត្តវិធីសាស្រ្តនេះជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ។
សូមមើលផងដែរ Topics and Questions « Helping Others with Questions » នៅលើបណ្ណាល័យដំណឹងល្អ ដាល្លិន អេក អូក « Loving Others and Living with Differences » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨ ជ័គ ក្លេប៊ីនហ្គាត « Valiant Discipleship in the Latter Days » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១០៧–១១០ ។
ព្រះអម្ចាស់ប្រទានពរខ្ញុំតាមរយៈការងារបម្រើរបស់ថ្នាក់ដឹកនាំដូចជាប៊ីស្សព ។
នៅពេល នូវល ខេ វិតនី ត្រូវបានហៅឲ្យបម្រើជាប៊ីស្សព កាតព្វកិច្ចរបស់លោកគឺខុសគ្នាបន្ដិចពីកាតព្វកិច្ចរបស់ប៊ីស្សពនាសព្វថ្ងៃនេះ ។ ឧទាហរណ៍ ប៊ីស្សព វិតនី បានមើលការខុសត្រូវលើការថ្វាយកម្មសិទ្ធិដី និងការអនុញ្ញាតឲ្យរស់នៅលើដែនដីនៃស៊ីយ៉ូននៅក្នុងរដ្ឋមិសសួរី ។ ប៉ុន្ដែកាលបងប្អូនអានអំពីការហៅបម្រើរបស់លោកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២ បងប្អូនអាចកត់សម្គាល់អំពីទំនាក់ទំនងមួយចំនួនទៅនឹងអ្វីដែលប៊ីស្សពធ្វើនាបច្ចុប្បន្ន—យ៉ាងហោចណាស់ខាងវិញ្ញាណ ប្រសិនបើមិនជាក់លាក់អំពីកាតព្វកិច្ចរបស់ពួកលោក ។
ឧទាហរណ៍ តើបងប្អូន « រាយការណ៏ពីទំនួលខុសត្រូវ » ដល់ប៊ីស្សពរបស់បងប្អូនតាមរបៀបណា ? ( ខទី ៥ ) ។ នៅសម័យរបស់យើង « ឃ្លាំងរបស់ព្រះអម្ចាស់ » អាចបញ្ចូលទាំងការបរិច្ចាគ សេវាកម្ម និងទេពកោសល្យនៃសមាជិកវួដ ( សូមមើល ខទី ១០, ១២ ) ។ តើបងប្អូនអាចបរិច្ចាគទៅឃ្លាំងនោះដោយរបៀបណា ?
តើព្រះអម្ចាស់បានប្រទានពរដល់បងប្អូន និងគ្រួសាររបស់បងប្អូនតាមរយៈការបម្រើរបស់ប៊ីស្សពដោយរបៀបណា ?
សូមមើលផងដែរ ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៦–៦០ ។
ខ្ញុំមានឱកាសជាច្រើនដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
នៅពេល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រឡប់មកពីការចាត់តាំងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកលោកវិញ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ) ព្រះអម្ចាស់បានប្រាប់ពួកលោកឲ្យបន្តការបកប្រែព្រះគម្ពីរប៊ីបរបស់ពួកលោក ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ការបកប្រែដោយយ៉ូសែបស្ម៊ីធ ( ក.យ.ស. ) » នៅលើបណ្ណាល័យដំណឹងល្អ ) ។ ប៉ុន្តែនោះមិនមានន័យថាទ្រង់ចង់ឲ្យពួកលោកឈប់ចែកចាយដំណឹងល្អនោះទេ ។ យ៉ាងណាមិញ វាជាផ្នែកមួយនៃជីវិតរបស់សិស្សម្នាក់ ។
នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៣ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចធ្វើការចែកចាយដំណឹងល្អឥតដាច់ និង « អាចធ្វើទៅបាន » ( ខទី ៤ ) ឬតាមតថភាព—ផ្នែកនៃជីវិតបងប្អូនក្នុងចំណោមការទទួលខុសត្រូវផ្សេងទៀតរបស់បងប្អូន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៥:១–១៦
« ប៉ុន្តែធ្វើការដោយកម្លាំងរបស់អ្នកចុះ … ដោយប្រកាសប្រាប់សេចក្ដីពិត » ។
វិវរណៈនៅក្នុង កណ្ឌទី ៧៥ ដែលបានថ្លែងទៅកាន់មនុស្សដែលបាន « ចុះឈ្មោះ [ របស់ពួកគេ ] ដើម្បីចេញទៅប្រកាសប្រាប់ពីដំណឹងល្អ [ របស់ព្រះអង្គសង្រ្គោះ ] » ( ខទី ២ ) ។ វិធីមួយដើម្បីសិក្សាវិវរណៈនេះគឺត្រូវធ្វើបញ្ជីពីរ ៖ ( ១ ) របៀបចែកចាយដំណឹងល្អប្រកបដោយប្រសិទ្ធភាព និង ( ២ ) របៀបដែលព្រះអម្ចាស់ប្រទានពរ និងគាំទ្រយើងនៅពេលដែលយើងធ្វើ ។
តើបងប្អូនគិតថាវាមានអត្ថន័យយ៉ាងណាក្នុងការ « បង្អង់ » ឬ « ខ្ជិលច្រអូស » នៅក្នុងការចែកចាយដំណឹងល្អ ? តើការ « ធ្វើការដោយកម្លាំងរបស់អ្នកចុះ » មានសភាពយ៉ាងណា ? ( ខទី ៣ ) ។
សូមមើលផងដែរ « ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចការពារសេចក្តីពិត តាមរយៈការចែកចាយទីបន្ទាល់របស់ខ្ញុំ ។
-
បងប្អូនអាចប្រើក្បាលកណ្ឌសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ឬ « ជំពូកទី ២៥ ៖ យ៉ូសែប ស្ម៉ីធ និង ស៉ីឌនី រិកដុន ទៅបម្រើបេសកកម្ម » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ៩៦ ឬវីដេអូដែលទាក់ទងគ្នានៅក្នុងបណ្ណាល័យដំណឹងល្អ ) ដើម្បីបង្រៀនកូនៗរបស់បងប្អូនអំពីកាលៈទេសៈដែលបានបំផុសគំនិត កណ្ឌទី ៧១ ។ បន្ទាប់មក សូមជួយពួកគេស្វែងយល់នៅក្នុង ខទី ១ អ្វីខ្លះដែលព្រះអម្ចាស់ចង់ឲ្យ យ៉ូសែប និង ស៊ីឌនី ធ្វើអំពី« អារម្មណ៍មិនស្និទ្ធស្នាល » ចំពោះសាសនាចក្រ ។ តើទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងជួយពួកគេដោយរបៀបណា ? តើយើងអាចធ្វើដូចជាយ៉ូសែប និងស៉ីឌនី បានយ៉ាងដូចម្តេច ?
-
បងប្អូនក៏អាចច្រៀងចម្រៀងដែលបំផុសគំនិតដល់កូនៗរបស់បងប្អូនឲ្យស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះផងដែរ ដូចជាបទ « ឈរដោយសុចរិត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨១ ) ។ សូមជួយកូនៗរបស់បងប្អូនអនុវត្តរបៀបចែកចាយអ្វីដែលពួកគេដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧២:២
ព្រះអម្ចាស់បានហៅប៊ីស្សពឲ្យជួយខ្ញុំ ។
-
ការអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧២:២ ជាមួយគ្នាអាចបង្កើតឱកាសមួយដើម្បីពិភាក្សា អំពីមូលហេតុដែលព្រះអម្ចាស់ប្រទានដល់យើងជាប៊ីស្សព ( សូមមើលផងដែរ « ជំពូកទី ១៧ ៖ ពួកប៊ីស្សពដំបូងនៃសាសនាចក្រ » នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ៦៤–៦៦ ឬវីដេអូដែលដូចគ្នានៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ បងប្អូន និងកូនៗរបស់បងប្អូនអាចស្វែងរករូបភាព ឬវត្ថុដែលតំណាងឲ្យការទទួលខុសត្រូវរបស់ប៊ីស្សព ។ រូបភាព និង ទំព័រសកម្មភាព នៅចុងបញ្ចប់នៃមេរៀននេះផ្ដល់ឲ្យជាគំនិតមួយចំនួន ។ បន្ទាប់មក បងប្អូនអាចនិយាយគ្នាអំពីប៊ីស្សពដែលបងប្អូនបានស្គាល់ និងរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ក្រុមគ្រួសាររបស់បងប្អូន តាមរយៈការបម្រើរបស់ពួកលោក ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៥:៣
ខ្ញុំអាចធ្វើអស់ពីលទ្ធភាពថ្វាយដល់ព្រះអម្ចាស់ ។
-
ដើម្បីនិយាយអំពីភាពខុសគ្នារវាង « ខ្ជិលច្រអូស » និង « [ ការ ] ធ្វើការដោយកម្លាំង [ របស់យើង ] ចុះ » ប្រហែលជាបងប្អូនអាចជ្រើសរើសសកម្មភាពបម្រើមួយចំនួន កិច្ចការផ្ទះ ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យធ្វើការងារដោយខ្ជិលច្រអូស ហើយបន្ទាប់មកធ្វើដោយអស់ពីកម្លាំងរបស់ពួកគេ ។ នៅពេលបងប្អូនអាន « ឬក៏ខ្ជិលច្រអូស » នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៥:៣ កូនៗរបស់បងប្អូនអាចបង្ហាញអំពីរបៀបដែលពួកគេនឹងធ្វើការងារដោយខ្ជិលច្រអូស ។ នៅពេលបងប្អូនអាន « ប៉ុន្តែធ្វើការដោយកម្លាំងរបស់អ្នកចុះ » ពួកគេអាចបង្ហាញអំពីរបៀបដែលពួកគេខិតខំធ្វើការ ។ ហេតុអ្វីវាសំខាន់ថា យើងបម្រើព្រះអម្ចាស់ដោយអស់ពីសមត្ថភាព ?
-
នៅក្នុងសារលិខិតរបស់លោក « Two Principles for Any Economy » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៥៥–៥៨ ) ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានប្រាប់ពីដំណើររឿងពីរអំពីការងារ ។ ប្រហែលជាបងប្អូនអាចចែកចាយវាជាមួយកូនៗរបស់បងប្អូន ហើយនិយាយអំពីអារម្មណ៍ដែលដឹងថាយើងបានខិតខំ និងប្រឹងប្រែងអស់ពីសមត្ថភាព ។