សន្និសីទទូទៅ
ភាព​ជាសិស្ស​ដ៏​ក្លាហាន​នៅ​ថ្ងៃចុងក្រោយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


10:18

ភាព​ជាសិស្ស​ដ៏​ក្លាហាន​នៅ​ថ្ងៃចុងក្រោយ

ចូរ​យើង​មាន​ទំនុកចិត្ត មិន​សោកស្ដាយ ក្លាហាន មិន​ខ្មាស់អៀន ស្មោះត្រង់ មិន​ភ័យ​ខ្លាច នៅពេល​យើង​លើក​ពន្លឺ​របស់​ព្រះអម្ចាស់​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ។

សិទ្ធិជ្រើសរើស​ខាង​សីលធម៌​គឺជា​អំណោយទាន​ដ៏​មានតម្លៃ​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់​ម្នាក់ៗ ។ យើង « មាន​សេរីភាពរើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច តាមរយៈព្រះ​ជាអ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំងអស់ ឬ​ក៏​រើសយក​ការជាប់ឃុំឃាំង និង​ការស្លាប់​ស្របតាម​ការជាប់ឃុំឃាំង និង​អំណាច​របស់​អារក្ស » ។ ព្រះនឹងមិន​បង្ខំ​យើង​ឲ្យ​ធ្វើ​ល្អ​ទេ ហើយ​អារក្ស​ក៏​មិន​អាច​បង្ខំ​យើង​ឲ្យ​ធ្វើ​អាក្រក់​ដែរ ។ ទោះជា​មាន​មនុស្ស​មួយចំនួន​អាច​នឹង​គិត​ថា ជីវិត​រមែង​ស្លាប់​គឺជា​ការ​ប្រកួត​ប្រជែង​មួយ​រវាង​ព្រះ និង​មារសត្រូវ ជា​ព្រះបន្ទូល​មក​ពី​ព្រះអង្គសង្រ្គោះ « ហើយ​សាតាំង​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្ងាត់​មាត់ ហើយ​ត្រូវ​បណ្ដេញ​ចេញ ។… កម្លាំង [ របស់​យើង ] ទេតើ​ដែល​ត្រូវ​បាន​សាកល្បង—ពុំ​មែន​កម្លាំង​របស់​ព្រះ​នោះទេ » ។

ហេតុដូច្នេះហើយ នៅចុង​​បញ្ចប់ យើង​នឹង​ច្រូត​កាត់​នូវ​អ្វី​ដែល​ការជ្រើសរើស​ពេញ​មួយ​ជីវិត​របស់​យើង​បាន​សាប​ព្រួស ។ ដូច្នេះ​តើ​គំនិត បំណង​ប្រាថ្នា ពាក្យសម្ដី និង​កិច្ចការ​ទាំងមូល​របស់​យើង​បង្ហាញ​អ្វីខ្លះ​អំពី​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ពួក​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្ដារឡើង​វិញ ? តើ​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​មានន័យ​ចំពោះ​យើង​លើស​ពី​ការ​សរសើរ​នៃ​ពិភពលោក​នេះ ឬ​ចំនួន​« ចូលចិត្ត » នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែរឬទេ ? តើ​សេចក្ដីស្រឡាញ់​របស់យើង​ចំពោះ​ព្រះអម្ចាស់ និង​បទបញ្ញត្តិ​របស់​ទ្រង់​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្វី ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​នេះ​ដែរឬទេ ?

មារសត្រូវ និង​បរិវារ​របស់​វា​តែង​តែ​ខិតខំ​បំផ្លាញ​កិច្ចការ​របស់​ព្រះគ្រីស្ទ និង​ពួក​សាវក​របស់​ទ្រង់​ជានិច្ច ។ បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ បើ​មិន​ត្រូវ​បាន​បដិសេធ​ទាំងស្រុង ក៏ត្រូវ​បាន​​មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​យល់ឃើញ​ថា​គ្មាន​តម្លៃ​ដែរ ។ ពួក​សារទូត​របស់​ព្រះ​ដែល​បង្រៀន​សេចក្ដីពិត​ដែល « មនុស្ស​មិន​ចូល​ចិត្ត » ជារឿយៗ​ត្រូវ​បាន​គេ​បណ្ដេញចេញ ។ សូម្បី​តែ​ព្រះអង្គសង្គ្រោះ​ផ្ទាល់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​« អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន »​ ដោយរង​ការចោទ​ប្រកាន់​ពី​បទរំខាន​ដល់​អារម្មណ៍​សាធារណៈ និង​នាំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា ។ ព្រលឹង​ដែល​ទន់ខ្សោយ និង​កុហក « ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល » ហើយ « និកាយ » នៃ​ពួក​គ្រីស្ទាន​របស់​ទ្រង់​កាល​ពី​បុរាណ « នៅ​គ្រប់​ទី​កន្លែង គេ​តែង‌តែ​និយាយ​អាក្រក់ » ។

ព្រះអង្គសង្គ្រោះ និង​ពួក​អ្នក​ដើរតាម​ទ្រង់​ពី​បុរាណ​បានប្រឈម​នឹង​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​ទាំងក្រៅ​ទាំង​ក្នុង ហើយ​យើង​ក៏​ដកពិសោធន៍​រឿង​នេះ​ដូចគ្នា​ដែរ ។ សព្វថ្ងៃនេះ វា​មាន​ការ​លំបាក​ដើម្បី​រស់នៅ​តាម​សេចក្ដីជំនឿ​របស់​យើង​ដោយ​ចិត្ត​ក្លាហាន ដោយគ្មាន​ការស្ដីបន្ទោស​មួយ​ចំនួនពី​លោកិយ​ដោយផ្ទាល់ និង​តាមអនឡាញ​ណាស់ ។ ការ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ដោយ​មាន​ទំនុក​ចិត្ត​គឺជា​រឿង​ល្អ ប៉ុន្តែ​ពេលខ្លះ​យើង​អាច​នឹង​ទទួល​បាន​នូវ​ការ​រិះគន់​ពី​អ្នក​ដែល​យល់ស្រប​តាម​ទស្សនវិទ្យា​« ស៊ីផឹកសប្បាយ » ជា​ទីកន្លែង​ដែល​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ការគោរពប្រតិបត្តិ និងការ​ប្រែចិត្ត​ត្រូវ​បាន​ជំនួស​ដោយ​ការ​បោកបញ្ឆោត​ថា ព្រះ​នឹង​កែសម្រួល​អំពើ​បាប​តូច​តាច ដោយសារ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង ។

ការមានព្រះ​បន្ទូល « ដោយ​សំឡេង​របស់ [ ទ្រង់ ] ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់ ​[ ទ្រង់ ] ក្ដី »​១០តើ​ព្រះអង្គសង្គ្រោះ​ពុំ​បាន​មាន​ព្រះបន្ទូល​អំពី​ជំនាន់​របស់​យើង​ថា « មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត » ហើយ​ថា​មនុស្ស​ជាច្រើន​ « នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ »​ ទេឬអី ?១១តើ​ទ្រង់​ពុំ​បាន​ព្រះកន្សែង​ដោយ​មាន​ព្រះបន្ទូល​ថា « គេ​ថ្វាយ‌បង្គំ​អញ​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្តិ​របស់​មនុស្ស​វិញ»១២ទេឬអី ? តើ​ទ្រង់​ពុំ​បាន​ព្រមាន​ថា « ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ »១៣ទេឬអី ? តើ​ទ្រង់​ពុំ​បាន​ទត​ឃើញ​ជាមុន​ថា « សេចក្ដី​អាក្រក់ [ នឹង​ត្រូវបាន​ហៅ ]​ ថាជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ »១៤ហើយ​ថា « ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង »១៥ទេឬអី ?

តើចុះពួកយើងវិញ ? តើ​យើង​គួរ​តែ​តក់ស្លុត ឬ​ភ័យខ្លាច​ដែរឬទេ ? តើ​យើង​គួរតែ​រស់នៅ​តាម​សាសនា​របស់​យើង​ក្នុង​របៀប​ដែល​មនុស្ស​ដទៃ​មិន​យល់​ដែរឬទេ ? ពិតជា​ពុំមែនទេ ! ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ យើង​មិន​ត្រូវ​ភ័យ​ខ្លាច​សេចក្ដី​ត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុតចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ ។១៦ ដោយ​មាន​ព្រះអង្គសង្គ្រោះ​មើល​ខុស​ត្រូវ និង​ព្យាការី​ទាំងឡាយ​ដែល​នៅ​រស់​ដើម្បី​ដឹកនាំ ហើយ​ណែនាំ​យើង​« តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ? »១៧ ចូរ​យើង​មាន​ទំនុកចិត្ត​មិន​សោកស្ដាយ ក្លាហាន មិន​ខ្មាស់អៀន ស្មោះត្រង់ មិន​ភ័យ​ខ្លាច នៅពេល​យើង​លើក​ពន្លឺរបស់​ព្រះអម្ចាស់​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ។១៨

ព្រះអង្គសង្គ្រោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា « ដូច្នេះ អស់​អ្នកណា​ដែល​ទទួល​ថ្លែង​ប្រាប់ ពី​ខ្ញុំ​នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែងប្រាប់​ពី​អ្នក​នោះ​នៅចំពោះ​ព្រះវរបិតា​ខ្ញុំ​ដែរ ។… តែ​អ្នកណា​ដែល​មិន​ព្រម​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន ព្រម​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ » ។១៩

ដូច្នេះ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ចង់​បាន​ព្រះ​ដែល​គ្មាន​នូវ​បទបញ្ញត្តិ ចូរ​យើង​ថ្លែង​ទីបន្ទាល់​ដ៏​មុតមាំ​តាម​ប្រសាសន៍​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​ថា « ព្រះ​ដែល​ពុំ​តម្រូវ​អ្វី​ទាំងអស់ គឺ​ដំណើរ​ការ​ដូចជា​នឹង​ព្រះ​ដែល​ពុំ​មាន​ព្រះជន្ម​ផងដែរ » ។២០

ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ចង់​ជ្រើសរើស​បទបញ្ញត្តិ​ដែល​ពួកគេ​ធ្វើ​តាម ចូរ​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ដោយ​អំណរ​ពេញ​លេញ​ដើម្បី « រស់នៅ​តាមគ្រប់​ទាំង​ព្រះបន្ទូល​ដែល​ចេញពី​ព្រះឱស្ឋ​ព្រះ​មក » ។២១

ខណៈ​ដែល​មនុស្ស​ជាច្រើន​ជឿថា​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​បណ្ដោយឲ្យ​ធ្វើ « អ្វី​ក៏​ដោយ​ដែល​ចិត្ត [ យើង ] ចង់ »​២២ ចូរ​យើង​ប្រកាស​ដោយ​ក្លាហាន​ថា វា​គឺជារឿង​ខុសឆ្គង​ដើម្បី « តាម​ពួក​មាន​គ្នា​ច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្តី​អាក្រក់ »២៣ ដោយសារ « ហ្វូង​មនុស្ស​ពុំ​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ព្រះ​បាន​ប្រកាស​ថា​ខុស​ទៅ​ជា​រឿង​ត្រឹមត្រូវ​បានឡើយ » ។២៤

« ចូរ​ចងចាំ ចូរ​ចងចាំ … តើ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ តឹង​រឹង [ តែ​នាំ​មក​នូវ​ការ​សង្គ្រោះ ]​យ៉ាង​ណា​ទៅ » ។២៥ ការ​បង្រៀន​បទបញ្ញត្តិ​ទាំងនេះ​ឲ្យ​ច្បាស់​លាស់ ពេលខ្លះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ទង្វើ​នៃ​ការ​រើស​អើង ។ ដូច្នេះហើយ ចូរ​យើង​បង្ហាញ​ពេញ​ដោយ​ការ​គោរព​ថា វាគឺជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ស្រឡាញ់​បុត្រ​នៃ​ព្រះ​ដែល​ឱបក្រសោប​ជំនឿ​ផ្ទុយ​ពី​យើង ។

យើង​អាច​ទទួល​យក ហើយ​គោរព​គ្នា​ដោយ​ពុំ​ចាំបាច់​គាំទ្រ​ដល់​ជំនឿ ឬ​ទង្វើ​របស់​ពួកគេ​ដែល​ពុំ​ស្រប​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ឡើយ ។ វា​ពុំ​ចាំបាច់​ត្រូវ​បូជា​សេចក្ដីពិត​នៅលើ​អាសនា​នៃ​ការ​ចុះសម្រុងគ្នា និង​ភាព​ចង់បាន​ខាង​សង្គម​នោះ​ឡើយ ។

ទីក្រុងស៊ីយ៉ូន និង​ទីក្រុង​បាប៊ីឡូន​ពុំ​ត្រូវ​គ្នា​ទេ ។ « គ្មាន​អ្នក​ណា​អាច​នឹង​បម្រើ​ចៅហ្វាយ​ពីរនាក់​បាន​ទេ » ។២៦ ចូរ​យើង​គ្រប់គ្នា​ចងចាំ​នូវ​សំណួរ​ដ៏​ស៊ីជម្រៅ​របស់​ព្រះអង្គសង្គ្រោះ​ថា « ហេតុអ្វីបានជា ហៅខ្ញុំថា ឱ ព្រះអម្ចាស់ៗអើយតែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ ? »២៧

យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់យើង​ចំពោះ​ព្រះអម្ចាស់​តាមរយៈ​ការគោរព​ប្រតិបត្តិ​ដោយស្ម័គ្រស្មោះ​អស់​ពី​ចិត្ត ។

បើ​បងប្អូន​មាន​អារម្មណ៍​ពិបាក​រវាង​ភាព​ជា​សិស្ស​របស់​បងប្អូន និង​លោកិយ​នេះ សូម​ចងចាំ​ថា ព្រះអង្គសង្គ្រោះ​របស់​បងប្អូន​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ « ទ្រង់​បាន​អញ្ជើញ … ដ្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក [ បងប្អូន ] ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក » ។២៨

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « ព្រះយេស៊ូវ​គ្រីស្ទ នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន នៅ​ចន្លោះ​ពេល​នេះ​រហូត​ដល់​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត » ។២៩ ប៉ុន្តែ​លោក​ក៏​បានង្រៀន​ដែរ​ថា « អស់​អ្នក​ដែល​ជ្រើសរើស​ផ្លូវ​របស់​ព្រះអម្ចាស់​ទំនង​ដូចជា​ត្រូវ​ស៊ូទ្រាំ​នឹង​ការបៀតបៀន » ។៣០ ការត្រូវបាន « ទ្រាំ​សេចក្តី​ដំនៀល ដោយ​ព្រោះ​ព្រះនាម​ទ្រង់ »៣១ ពេលខ្លះ​អាច​ជា​វាសនា​របស់​យើង​កាល​ដែល​យើង « អនុញ្ញាត​ឲ្យ​ព្រះបន្ទូលទ្រង់​…មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ » ។៣២

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា ៖ « មាន​ពរ​ហើយ អ្នក​ណា​ដែល មិន រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ »។៣៣ នៅ​កន្លែង​ផ្សេងទៀត​យើង​រៀន​ថា « ពួក​អ្នក​ដែល ស្រឡាញ់ ក្រឹត្យវិន័យ​ទ្រង់ នោះ​មាន​សេចក្តី​សុខ​ដ៏​លើសលុប ហើយ​គ្មាន ហេតុ​នឹង​ចំពប់​ដួល​ឡើយ » ។៣៤ គ្មានទាល់តែសោះ ! ដូច្នេះ សូម​សួរ​ខ្លួន​យើង​ថា « ខ្ញុំ​បាន​ស៊ូទ្រាំ​មួយ​រយៈ ប៉ុន្តែ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀតបៀន​ដោយ​ព្រោះ​ព្រះបន្ទូល នោះ តើ​ខ្ញុំ​​រសាយ​ចិត្ត​ចេញ​ភ្លាម​ដែរឬទេ ?៣៥ តើ​ខ្ញុំ​បាន​ស្ថាបនា​យ៉ាង​រឹង​មាំ​លើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

ពួក​ទស្សនវិទូខាងសីលធម៌​គាំទ្រ​ថា សេចក្ដីពិត​គ្រាន់​តែ​ជា​ការ​ទទួល​ស្គាល់​ពីសំណាក់​មនុស្ស​ក្នុង​សង្គម ហើយ​គ្មាន​ភាព​ត្រូវ និង​ខុស​ឡើយ ។ អ្វី​ដែល​ពួកគេ​កំពុង​លើក​ឡើង​គឺ​ថា គ្មាន​អំពើបាប៣៦ ថា « អ្វីៗ​ក៏​ដោយ ដែល​មនុស្ស [ ធ្វើ ] គឺ​គ្មាន​ទោស​សោះ »៣៧ ជា​ទស្សនវិទ្យា​មួយ​ដែល​មារសត្រូវ​រីករាយ​នឹង​ប្រកាស​ថា វា​បាន​បង្កើត​ទស្សន​នេះ ! ដូច្នេះហើយ ចូរ​យើង​ប្រុង​ប្រយ័ត្ន​ចំពោះ​ចចក​ពាក់​ស្បែក​ចៀម​ដែល​តែងតែ​ជ្រើសរើស ហើយ « ជារឿយៗ​ប្រើ​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន​ដើម្បី​បិទបាំង​កំហុស​តូចតាច​ខាង​អាកប្បកិរិយា​របស់​ពួកគេ​[ ផ្ទាល់ ] » ។៣៨

បើ​យើង​ពិត​ជា​ចង់​ក្លាយ​ជា​ពួក​សិស្ស​ដ៏​ក្លាហាន​របស់​ព្រះគ្រីស្ទ​មែន យើង​ពិតជា​រក​ឃើញ​វិធី ។ បើ​មិន​ដូច្នោះទេ មារសត្រូវ​ផ្ដល់​នូវ​ជម្រើស​ដ៏​ទាក់ទាញ ។ ប៉ុន្តែ​ក្នុង​នាម​ជា​ពួក​សិស្ស​ដ៏​ស្មោះត្រង់ « យើង​ពុំ​ចាំបាច់​សោកស្ដាយ​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង ឬ ដក​យក​អ្វី​ដែល​យើង​ដឹង​ថា​ជា​ការពិត​វិញ​ឡើយ » ។៣៩

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ថ្លែង​អំពី​ពួក​អ្នក​បម្រើ​ទាំង ១៥រូប​របស់​ព្រះ​ដែល​អង្គុយ​ពី​ក្រោយ​ខ្ញុំ ។ ខណៈ​ដែល​ខាង​លោកិយ « ប្រាប់​ដល់​ពួក​អ្នកមើលឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយ​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ »៤០ នោះ​ពួក​អ្នក​ស្មោះត្រង់ « បាន​ពាក់​មកុដ​ដោយ​ព្រះ​ពរ​ទាំង​ឡាយ​មក​ពី​លើ មែន​ហើយ និង​ដោយ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដ៏​មិន​តិច​ដែរ និង​ដោយ​វិវរណៈ​ទាំង​ឡាយ​តាម​វេលា » ។៤១

មិនគួរ​ឲ្យ​ភ្ញាក់​ផ្អើលទេ បុរសទាំងនេះ​តែងតែ​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​អ្នកដែល​មិនសប្បាយ​ចិត្តជាមួយព្រះបន្ទូល​របស់​ព្រះ កាល​ព្យាការី​ប្រកាស ។ អស់​អ្នក​ដែល​បដិសេធ​ព្យាការីមិន​បាន​ដឹង​ថា « គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល [ ត្រូវ ] ស្រាយ​បាន​តាម​តែ​ចិត្ត » ឬ​ជា​លទ្ធផល​នៃ​ឆន្ទៈ​របស់​មនុស្ស​នោះ​ឡើយ តែ « [ ថា ] មនុស្ស​បរិសុទ្ធ​របស់​ព្រះ[មាន​ប្រសាសន៍​ឥឡូវ​នេះ ] ដែល [ ត្រូវ ]​ បាន​ទាយ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល » ។៤២

ដូច​ជាប៉ុល​ដែរ បុរស​នៃ​ព្រះទាំង​នេះ « មិន … មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង »​ ឡើយ ហើយ​ជា ​[ ពួក ] អ្នក « ជាប់​គុក »​របស់​ទ្រង់៤៣នៅ​ក្នុង​ន័យ​ថា គោលលទ្ធិ​ដែល​ពួក​លោក​បង្រៀន​ពុំមែន​ជា​របស់​ពួក​លោក​ឡើយ ប៉ុន្តែ​ជា​របស់​ផង​ទ្រង់​ដែល​បាន​ហៅ​ពួកលោក ។ ដូចជា​ពេត្រុស​ដែរ ពួក​លោក « និយាយពីការដែល​[ ពួកលោក ]បានឃើញ ហើយឮ » ។៤៤ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​គឺជា​បុរស​ល្អ​ស្មោះត្រង់​ដែល​ស្រឡាញ់​ព្រះ និង​កូនចៅ​របស់​ទ្រង់ ហើយ​ជា​មនុស្ស​ដែល​ទ្រង់​ស្រឡាញ់ ។ យើង​គួរ​តែ​ទទួល​យក​ពាក្យ​សម្ដី​របស់​ពួកលោក​ហាក់​ដូច​ជា​បាន​មក​ពី​ព្រះ​ឱស្ឋ​របស់​ព្រះអម្ចាស់​ផ្ទាល់ « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង ។ ដ្បិត​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ [ យើង ] ឡើយ … ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី [ យើង ] ទៅ » ។៤៥

« គ្មាន​ដៃ​ដែល​មិន​ស្អាតស្អំ​ណា អាច​បញ្ឈប់​កិច្ចការ​នេះ​ពីការរីកចម្រើន​ឡើយ »៤៦ វា​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ជោគជ័យទាំងមាន ឬ​គ្មាន​បងប្អូន ឬ​រូបខ្ញុំ ដូច្នេះ « ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ » ។៤៧ សូម​កុំ​ចាញ់បោក ឬ​បំភិតបំភ័យ​ដោយ​សំឡេង​រំខាន​របស់​មាសត្រូវ​ដែល​បន្លឺ​ចេញពី​អគារ​ដ៏​ធំ និង​ទូលាយ ។ ឯកតា​វាស់​សំឡេង​របស់​វា​មិន​អាច​ប្រៀប​បាន​នឹង​ឥទ្ធិពល​ដ៏​ស្ងប់ស្ងាត់​នៃ​សំឡេង​ដ៏​តូច​រហៀង​ទៅ​លើ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​បាន​ឡើយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ហើយ​ថា​ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃពួក​សាវក​ដប់ពីរ​នាក់ ការណ៍​នេះ​អះអាង​ថា យើង​មិន​ត្រូវ ​« គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង » ឡើយ ។៤៨

ប្រធាន ណិលសុន បាន​បង្រៀន​ថា « សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ម័គ្រចិត្ត​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​នៃ​លោកិយ ។ ពួកគេ​ពុំ​ខ្លាច មានការ​លះបង់ និង​ភាព​ក្លាហាន » ។៤៩

បង​ប្អូន​ប្រុស​ស្រី វាគឺជា​ថ្ងៃល្អ​ដើម្បី​រឿង​ល្អៗ ! នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕