ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាបានផ្ដល់ពរដល់ជីវិតខ្ញុំជារៀងរហូត
ខ្ញុំសូមអធិស្ឋានឲ្យក្មួយៗដែលជាយុវជន និងយុវនារី ព្រមទាំងឪពុកម្ដាយនឹងមើលឃើញ ហើយស្គាល់ថាការបម្រើជាអ្នកផ្សព្វផ្សាយសាសនា នឹងផ្ដល់ពរដល់ជីវិតរបស់ក្មួយៗជារៀងរហូតរបៀបណា ។
សូមអរគុណប្រធានណិលសុន ចំពោះការចែកចាយដំបូន្មាននោះជាថ្មីអំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
បងប្អូនប្រុសស្រី ច្រើនឆ្នាំកន្លងទៅ កាលខ្ញុំកំពុងនិយាយនៅក្នុងសន្និសីទទូទៅ ភ្នែកខាងឆ្វេងរបស់ខ្ញុំស្រាប់មើលលែងឃើញដោយសារតែជំងឺភ្នែករបស់មនុស្សចាស់ ហើយកាន់តែទៅៗរហូតធ្វើឲ្យខ្ញុំមើលលែងឃើញ ។
ពេលខ្ញុំជួបនឹងបញ្ហានេះ ខ្ញុំកាន់តែមានអំណរគុណចំពោះចក្ខុវិស័យម្យ៉ាងទៀត រួមទាំងចក្ខុវិស័យចំពោះអ្វីដែលបានកើតឡើង ។ ពេលខ្ញុំក្រឡេកមើលទៅអតីតកាល ខ្ញុំបានឃើញបទពិសោធន៍ជាក់លាក់ ដែលបានធ្វើឲ្យខុសគ្នាយ៉ាងខ្លាំងមួយ ។ បទពិសោធន៍មួយនោះ គឺជារបៀបដែលការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់ខ្ញុំ នៅប្រទេសអង់គ្លេសបានប្រទានពរដល់ជីវិតខ្ញុំ ហើយបង្កើតរូបរាងជោគវាសនាខាងវិញ្ញាណខ្ញុំ ។
ខ្ញុំបានសញ្ជឹងគិតពីរបៀបដែលបញ្ហាសេដ្ឋកិច្ច ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំនៅទស្សវត្សរ៍ ឆ្នាំ ១៩៣០ បានធ្វើឲ្យមានការផ្លាស់ប្តូរមិនល្អចំពោះឪពុកម្តាយខ្ញុំ និងគ្រួសាររបស់យើង ។ ឪពុកខ្ញុំបានខិតខំជួយស្ដារហាងលក់រថយន្តរបស់គាត់ និងផ្គត់ផ្គង់គ្រួសារក្នុងគ្រាដ៏លំបាកនេះ រហូតឪពុកម្ដាយខ្ញុំឈប់ទៅព្រះវិហារមួយរយៈ ។
ទោះជាយើងពុំបានទៅចូលរួមការប្រជុំក្នុងព្រះវិហារជាគ្រួសារក្ដី ក៏វាមិនបានរារាំងខ្ញុំមិនឲ្យទៅជាមួយមិត្តខ្ញុំម្ដងម្កាលនោះឡើយ ។
នៅជំនាន់នោះ ការចេញបេសកកម្មគឺដក់ជាប់ក្នុងគំនិតខ្ញុំ ប៉ុន្តែខ្ញុំមិនពិភាក្សាវាជាមួយនឹងឪពុកម្ដាយខ្ញុំទេ ។
ពេលចូលរៀនទៅមហារិទ្យាល័យ មិត្តខ្ញុំមួយចំនួន ព្រមទាំងរូបខ្ញុំបានសម្រេចចិត្តបម្រើបេសកកម្ម ។ ពេលជួបនឹងប៊ីស្សព ខ្ញុំបានដាក់ពាក្យបេសកកម្មរបស់ខ្ញុំ ខណៈដែលឪពុកម្ដាយខ្ញុំមិននៅផ្ទះ ។ ពេលឪពុកម្ដាយខ្ញុំត្រឡប់មកវិញ ខ្ញុំបានធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលជាមួយនឹងដំណឹងថា ខ្ញុំត្រូវបានហៅឲ្យបម្រើនៅចក្រភពអង់គ្លេស ។ ខ្ញុំមានអំណរគុណចំពោះការគាំទ្រដោយរីករាយរបស់ពួកគាត់ចំពោះការសម្រេចចិត្តនេះ ហើយអរគុណមិត្តល្អៗដែលបានជួយខ្ញុំឲ្យសម្រេចចិត្តបម្រើ ។
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំ បានរៀបចំខ្ញុំឲ្យធ្វើជាស្វាមី និងឪពុកកាន់តែល្អ ព្រមទាំងជោគជ័យនៅក្នុងអាជីវកម្មផងដែរ ។ វាក៏បានរៀបចំខ្ញុំសម្រាប់ការបម្រើព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ពេញមួយជីវិតផងដែរ ។
នៅសន្និសីទទូទៅខែ មេសា ឆ្នាំ ១៩៨៥ ខ្ញុំត្រូវបានចាត់ឲ្យនិយាយនៅក្នុងសម័យប្រជុំបព្វជិតភាព ។ ខ្ញុំបានរៀបចំសុន្ទរកថាសម្រាប់ក្រុមយុវជន ។ ខ្ញុំបាននិយាយអំពីការរៀបចំខ្លួនបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំថ្លែងថា « ការបំពាក់បំប៉នទាំងអស់ដែលខ្ញុំបានទទួលក្នុងការចាត់តាំងរបស់ខ្ញុំក្នុងសាសនាចក្រ គ្មានអ្វីសំខាន់ជាងការបំពាក់បំប៉នដែលខ្ញុំបានទទួល កាលបម្រើបេសកកម្មពេញម៉ោងជាអែលឌើរវ័យដប់ប្រាំបួនឆ្នាំនោះឡើយ » ។១
ព្រះអម្ចាស់ស្គាល់បងប្អូន ។ ពេលបងប្អូនកំពុងបម្រើបេសកកម្ម នោះបងប្អូននឹងមានបទពិសោធន៍ដែលនឹងជួយបងប្អូនឲ្យស្គាល់ទ្រង់កាន់តែល្អប្រសើរ ។ បងប្អូននឹងរីកចម្រើនខាងវិញ្ញាណនៅក្នុងការបម្រើទ្រង់ ។ បងប្អូននឹងត្រូវចាត់ឲ្យបម្រើមនុស្សដទៃនៅក្នុងព្រះនាមរបស់ទ្រង់ ។ ទ្រង់នឹងប្រទានបទពិសោធន៍ដល់បងប្អូនដោយការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យបងប្អូនបង្រៀននៅក្នុងព្រះនាមរបស់ទ្រង់ ។ បងប្អូនអាចបង្ហាញទ្រង់ថា ទ្រង់អាចទុកព្រះទ័យលើបងប្អូន ហើយពឹងផ្អែកលើបងប្អូនបាន ។
ជាងប្រាំខែមុន អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និងអែលឌើរ ឃ្វីនថិន អិល ឃុក ដែលធ្លាប់បម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសអង់គ្លេស បានអមដំណើរខ្ញុំធ្វើទៅជួបនឹងសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនានៅលើទឹកដីដ៏ស្រស់ស្អាតនោះ ។ កាលនៅទីនោះ ខ្ញុំបាននឹកគិតពីបទពិសោធន៍ខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា បេសកកម្មខ្ញុំគឺជាកន្លែង ដែលខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះខ្ញុំ គឺព្រះយេស៊ូវគ្រីស្ទ ស្គាល់ ហើយស្រឡាញ់ខ្ញុំ ។
ខ្ញុំមានពរដោយមានប្រធានបេសកកម្មដ៏អស្ចារ្យពីររូបគឺប្រធាន សេលវ៉យ ជេ បូយើរ និងស្តេណើរ រីឆាដ ព្រមទាំងដៃគូដ៏ល្អរបស់ពួកលោកគឺ ហ្គេឌី បូឃើរ និង ជេន រីឆាដ ។ ពេលខ្ញុំគិតឡើងវិញ ខ្ញុំអាចមើលឃើញកាន់តែច្បាស់ថា ពួកគាត់បានទុកចិត្ត ហើយស្រឡាញ់ខ្ញុំ ។ ពួកគាត់បានបង្រៀនដំណឹងល្អដល់ខ្ញុំ ។ ពួកគាត់រំពឹងយ៉ាងច្រើនពីខ្ញុំ ។ ពួកគាត់បានផ្ដល់ការចាត់តាំងលំបាកៗ និងទទួលខុសត្រូវភាពជាអ្នកដឹកនាំជាច្រើនដល់ខ្ញុំ ដើម្បីជួយខ្ញុំឲ្យរីកចម្រើន ហើយរៀបចំខ្ញុំសម្រាប់ការបម្រើពេញមួយជីវិត ។
ខ្ញុំក៏បាននឹកគិតពីការហៅមកពីប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យធ្វើជាអធិបតីលើបេសកកម្មតូរង់តូ ប្រទេសកាណាដា ជាមួយនឹងភរិយាជាទីស្រឡាញ់ខ្ញុំ បាបារ៉ា និងកូនៗពួកយើងផងដែរ ។ ប្រធាន ឃឹមបឹល បានហៅពួកយើងឲ្យបម្រើនៅខែមេសា ឆ្នាំ ១៩៧៤ បន្ទាប់ពីលោកបានផ្ដល់សារលិខិតដ៏បំផុសគំនិតអំពីអ្នកផ្សព្វផ្សាយសាសនាចំណងជើងថា « ពេលពិភពលោកនេះនឹងត្រូវបានផ្លាស់ប្រែចិត្តជឿ » ។២ នៅក្នុងសារលិខិតនោះ ប្រធានឃឹមបឹល បានពន្យល់ពីទស្សនវិស័យរបស់លោកអំពីរបៀបដែលដំណឹងល្អនឹងត្រូវនាំទៅជុំវិញពិភពលោក ។ លោកបានអំពាវនាវសុំឲ្យមានអ្នកផ្សព្វផ្សាយសាសនាកាន់តែច្រើនមកពីជុំវិញពិភពលោក ។ លោកបានរំឭកយើងអំពីការរំពឹងទុករបស់ព្រះអម្ចាស់ « ថាមនុស្សគ្រប់រូបគួរតែ … បន្លឺសំឡេងព្រមានដល់បណ្ដាជននៅលើផែនដី » ។៣ ការបង្រៀនរបស់ប្រធានឃឹមបឹល អំពីការរំពឹងទុកចំពោះយុវជន ដើម្បីបម្រើបេសកកម្ម បានក្លាយជាប្រធានបទនៃការសន្ទនានៅក្នុងគ្រួសារជុំវិញពិភពលោក ។ ការរំពឹងទុកនោះ ពុំផ្លាស់ប្ដូរឡើយ ។ ខ្ញុំមានអំណរគុណ ដែលប្រធាន រ័សុល អិម ណិលសុន ក៏បានបញ្ជាក់ជាថ្មីអំពីការរំពឹងទុករបស់ព្រះអម្ចាស់នៅព្រឹកនេះ ។
អស់រយៈពេលជិត ១០ ឆ្នាំហើយ ចាប់តាំងពីប្រធានថូម៉ាស អេស ម៉នសុនបានប្រកាសអំពីការបន្ថយអាយុចេញផ្សព្វផ្សាយសាសនាសម្រាប់យុវជន និងយុវនារី ។៤ តាមទស្សនៈខ្ញុំ ហេតុផលចម្បងមួយចំពោះការផ្លាស់ប្ដូរនេះ គឺផ្ដល់ឱកាសផ្លាស់ប្ដូរជីវិតពេលចេញបម្រើជាអ្នកផ្សព្វផ្សាយសាសនាទៅដល់យុវវ័យឲ្យកាន់តែច្រើន ។
ក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ឥឡូវនេះខ្ញុំសូមអំពាវនាវដល់យុវជន—និងយុវនារីដែលមានបំណងចង់បម្រើបេសកកម្ម ឲ្យចាប់ផ្ដើមឥឡូវនេះ ពិភាក្សានឹងឪពុកម្ដាយរបស់ក្មួយៗអំពីការបម្រើបេសកកម្ម ។ ខ្ញុំក៏សូមអញ្ជើញក្មួយឲ្យពិភាក្សានឹងមិត្តរបស់ក្មួយអំពីការបម្រើបេសកកម្មផងដែរ ហើយបើមិត្តម្នាក់ក្មួយៗណាម្នាក់មិនប្រាកដក្នុងចិត្តអំពីការបម្រើបេសកកម្ម សូមលើកទឹកចិត្តពួកគេឲ្យពិភាក្សានឹងប៊ីស្សពរបស់ពួកគេ ។
សូមតាំងចិត្តខ្លួនឯង និងចំពោះព្រះវរបិតាសួគ៌របស់ក្មួយៗថា ក្មួយៗនឹងបម្រើបេសកកម្ម ហើយចាប់ពីពេលនេះទៅ ក្មួយៗនឹងខិតខំរក្សាដួងចិត្ត ដៃ និងគំនិតរបស់ក្មួយៗឲ្យស្អាតស្អំ និងស័ក្ដិសម ។ ខ្ញុំសូមអញ្ជើញក្មួយៗឲ្យទទួលបានទីបន្ទាល់ដ៏រឹងមាំអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
ឪពុកម្ដាយនៃយុវវ័យដ៏អស្ចារ្យអើយ បងប្អូនមានតួនាទីដ៏សំខាន់ក្នុងដំណើរការនៃការរៀបចំខ្លួននេះ ។ សូមចាប់ផ្ដើមនៅថ្ងៃនេះ ពិភាក្សានឹងកូនៗអំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ យើងដឹងថា គ្រួសារមានឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងការជួយយុវជនយុវនារីរបស់យើងឲ្យរៀបចំខ្លួន ។
បើក្មួយៗស្ថិតនៅក្នុងចន្លោះអាយុបម្រើជាអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែមិនទាន់បានបម្រើនៅឡើយ ដោយសារតែជំងឺរាតត្បាត ឬហេតុផលផ្សេងទៀត ខ្ញុំសូមអញ្ជើញក្មួយៗឲ្យបម្រើឥឡូវនេះ ។ សូមពិភាក្សានឹងប៊ីស្សពរបស់ក្មួយៗ ហើយរៀបចំខ្លួនបម្រើព្រះអម្ចាស់ ។
ខ្ញុំសូមលើកទឹកចិត្តប៊ីស្សពឲ្យជួយយុវជន និងយុវនារីគ្រប់រូប ដែលជិតដល់អាយុធ្វើជាអ្នកផ្សព្វផ្សាយសាសនាឲ្យរៀបចំខ្លួនបម្រើ ហើយខ្ញុំក៏សូមលើកទឹកចិត្តប៊ីស្សពឲ្យស្គាល់អ្នកដែលមានអាយុគ្រប់គ្រាន់ហើយ ប៉ុន្តែពុំទាន់បានបម្រើនៅឡើយ ។ សូមអញ្ជើញយុវជនម្នាក់ៗឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនា រួមទាំងយុវនារីដែលមានបំណងចង់បម្រើផងដែរ ។
ចំពោះក្មួយៗដែលជាអ្នកផ្សព្វផ្សាយសាសនា កំពុងបម្រើនាពេលបច្ចុប្បន្ននេះ ពួកយើងសូមអរគុណច្រើនណាស់ ។ បេសកកម្មរបស់ក្មួយៗ ស្ថិតនៅអំឡុងជំងឺរាតត្បាតទូទាំងពិភពលោក ។ ជាលទ្ធផល បទពិសោធន៍បេសកកម្មរបស់ក្មួយ ពុំដូចជាបទពិសោធន៍បេសកកម្មខ្ញុំ ឬបទពិសោធន៍របស់អ្នកផ្សព្វផ្សាយផ្សេងទៀតដែលបម្រើពីមុនឆ្នាំ ២០២០ ឡើយ ។ ខ្ញុំដឹងថា វាពុំមែនជារឿងងាយស្រួលទេ ។ ប៉ុន្តែទោះជាស្ថិតនៅក្នុងគ្រាដ៏លំបាកទាំងនេះក្ដី ក៏ព្រះអម្ចាស់មានកិច្ចការមួយឲ្យក្មួយធ្វើដែរ ហើយក្មួយធ្វើវាបានយ៉ាងអស្ចារ្យបំផុត ។ ឧទាហរណ៍ ក្មួយបានប្រើបច្ចេកវិទ្យាតាមរបៀបថ្មីស្វែងរកអ្នកដែលត្រៀមខ្លួនរៀនអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលក្មួយៗបម្រើដោយឧស្សាហ៍ព្យាយាមតាមលទ្ធភាពរបស់ខ្លួន ខ្ញុំដឹងថា ព្រះអម្ចាស់សព្វព្រះទ័យចំពោះការខិតខំរបស់ក្មួយៗ ។ ខ្ញុំដឹងថា ការបម្រើរបស់ក្មួយៗនឹងផ្ដល់ពរជ័យដល់ជីវិតក្មួយៗ ។
ពេលក្មួយៗត្រូវបានដោះលែងពីបេសកកម្ម សូមចាំថា ក្មួយៗពុំបានដោះលែងពីសកម្មភាពក្នុងសាសនាចក្រនោះទេ ។ សូមបន្តបង្កើតទម្លាប់ល្អៗដែលក្មួយៗបានរៀនក្នុងបេសកកម្ម សូមបន្តពង្រឹងទីបន្ទាល់របស់ក្មួយៗ ខិតខំធ្វើការ អធិស្ឋាន និងគោរពប្រតិបត្តិចំពោះព្រះអម្ចាស់ ។ សូមគោរពសេចក្ដីសញ្ញាដែលក្មួយបានធ្វើ ។ សូមបន្តផ្ដល់ពរ និងបម្រើមនុស្សដទៃ ។
ខ្ញុំសូមអធិស្ឋានឲ្យក្មួយៗដែលជាយុវជន និងយុវនារី ព្រមទាំងឪពុកម្ដាយនឹងមើលឃើញ ហើយស្គាល់ថាការបម្រើជាអ្នកផ្សព្វផ្សាយសាសនា នឹងផ្ដល់ពរដល់ជីវិតរបស់ក្មួយៗជារៀងរហូតរបៀបណា ។ សូមឲ្យក្មួយៗដឹងនៅក្នុងគំនិត និងចិត្តអំពីអានុភាពនៃការអញ្ជើញដែលព្រះអម្ចាស់បានប្រទានដល់អ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យជាពួកបុត្រារបស់ម៉ូសាយ ។ ទ្រង់បានមានបន្ទូលថា « ចូរទៅ … ហើយតាំងពាក្យរបស់យើងចុះ តែអ្នកត្រូវអត់ធន់ក្នុងការអត់ធ្មត់ និងការឈឺចាប់ ដើម្បីអ្នកអាចបង្ហាញនូវគំរូល្អទាំងឡាយ …ក្នុងយើង ហើយយើងនឹងយកអ្នកធ្វើជាគ្រឿងឧបករណ៍មួយក្នុងដៃយើងដល់ការសង្គ្រោះព្រលឹងជាច្រើន » ។៥
សូមឲ្យព្រះប្រទានពរដល់យុវវ័យនៃសាសនាចក្រនេះ ដែលមានបំណងប្រាថ្នារៀបចំខ្លួន ហើយបម្រើទ្រង់ ដែលខ្ញុំថ្វាយនៅព្រឹកនេះ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ៕