ការបង្រៀនភាពខ្លួនទីពឹងខ្លួនដល់កុមារ និងយុវវ័យ
សូមឲ្យយើងធ្វើតាមព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ដោយការក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួនពេញមួយជីវិតរបស់យើង និងដោយការបង្រៀនគោលលទ្ធិនេះទៅកាន់កុមារ និងយុវវ័យរបស់យើង ។
ខ្ញុំនឹងនិយាយអំពីភាពខ្លួនទីពឹងខ្លួន និងរបៀបដែលវាអាចត្រូវបានបង្រៀនដល់កុមារ និងយុវវ័យ ។ ភាពខ្លួនទីពឹងខ្លួនប្រហែលជាត្រូវបានយល់ថា ជាប្រធានបទសម្រាប់មជ្ឈិមវ័យ ។ ខ្ញុំបានដឹងថា មជ្ឈិមវ័យអាចស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួនបានល្អបំផុត នៅពេលពួកគេត្រូវបានបង្រៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅគេហដ្ឋាន ហើយបានអនុវត្តគោលលទ្ធិ និងគោលការណ៍នោះតាំងពីកុមារភាព និងជាយុវវ័យ ។
ការបង្ហា្ហញដ៏ល្អបំផុត គឺជាគំរូនៃជីវិតពិតដ៏អស្ចារ្យមួយ ។ វិលហ្វ្រាយ វេនី បងប្អូនប្រាំពីរនាក់ និងម្ដាយរបស់គាត់បានចូលរួមព្រះវិហារនៅ Abidjan Ivory Coast នៅពេលគាត់មានអាយុប្រាំមួយឆ្នាំ ។ គាត់បានជ្រមុជទឹកនៅអាយុប្រាំបីឆ្នាំ ។ ឪពុករបស់គាត់ដែលជាអ្នកផ្គត់ផ្គង់ចម្បងក្នុងគ្រួសារបានស្លាប់នៅពេលវិលហ្វ្រាយអាយុបានដប់មួយឆ្នាំ ។
ទោះបីស្ថានភាពគ្រួសារបានធ្វើឲ្យវិលហ្វ្រាយសោកសៅយ៉ាងណាក៏ដោយ ក៏គាត់នៅតែបន្ដទៅសាលា ដោយមានការលើកទឹកចិត្តពីម្ដាយរបស់គាត់ និងដោយមានការគាំទ្រពីព្រះវិហារ ។ គាត់បានបញ្ចប់វិទ្យាល័យ ហើយបានបម្រើបេសកកម្មពេញម៉ោងនៅបេសកកម្មឆ្នេរសមុទ្រហ្គាណាខេព ជាកន្លែងដែលគាត់បានរៀនភាសាអង់គ្លេស ។ បន្ទាប់ពីបេសកកម្មរបស់គាត់ នោះគាត់បានចូលរៀននៅមហាវិទ្យាល័យ និងបានទទួលសញ្ញាប័ត្ររងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ។ វាពិបាករកការងារក្នុងជំនាញរបស់គាត់ គាត់រកបានការងារធ្វើនៅក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ។
គាត់បានចាប់ផ្ដើមដោយការធ្វើជាអ្នករត់តុនៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ ប៉ុន្ដែមហិច្ឆតាដើម្បីរីកចម្រើនរបស់គាត់បានជម្រុញគាត់ឲ្យរៀនបន្ថែមរហូតគាត់បានក្លាយជាអ្នកទទួលភ្ញៀវដែលប្រើពីរភាសានៅទីនោះ ។ នៅពេលសណ្ឋាគារថ្មីមួយបើកដំណើរការ គាត់ត្រូវបានជួលជាសវនករពេលយប់ ។ បន្ទាប់មកគាត់គាត់បានចុះឈ្មោះចូលរៀន BYU-Pathway Worldwide ហើយបច្ចុប្បន្នកំពុងសិក្សាដើម្បីទទួលបានវិញ្ញាបនបត្រផ្នែក បដិសណ្ឋារកិច្ច និង ការគ្រប់គ្រង ទេសចរណ៍ ។ បំណងប្រាថ្នារបស់គាត់គឺថ្ងែណាមួយក្លាយជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ខ្ពស់មួយ ។ វិលហ្វ្រាយអាចផ្គត់ផ្គង់ដៃគូដ៏អស់កល្ប និងកូនៗទាំងពីររបស់គាត់ ព្រមទាំងអាចជួយម្ដាយ និងបងប្អូនរបស់គាត់ទៀតផង ។ បច្ចុប្បន្ន គាត់បម្រើជាទីប្រឹក្សាជាន់ខ្ពស់ស្ដេកនៅក្នុងព្រះវិហារ ។
ភាពខ្លួនទីពឹងខ្លួនត្រូវបានផ្ដល់និយមន័យថាជា « លទ្ធភាព ការតាំងចិត្ត និង កិច្ចខិតខំដើម្បីផ្ដល់សេចក្ដីត្រូវការចាំបាច់នៃជីវិតខាងវិញ្ញាណ និង ខាងសាច់ឈាមសម្រាប់ខ្លួនឯង និង គ្រួសារ » ។១ ការព្យាយាមដើម្បីមានភាពខ្លួនទីពឹងខ្លួន គឺជាផ្នែកនៃកិច្ចការរបស់យើងនៅលើផ្លូវនៃសេចក្ដីសញ្ញាដែលនាំយើងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទវិញ ។ វានឹងពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានចងភ្ជាប់នឹងទ្រង់យ៉ាងរីករាយតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្ដើងឡើង ។ ភាពខ្លួនទីពឹងខ្លួន គឺជាគោលលទ្ធិមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ មិនមែនជាកម្មវិធីមួយទេ ។ វាគឺជាដំណើរការ ដែលមានរយៈពេលពេញមួយជីវិត ហើយមិនមែនជាព្រឹត្តិការណ៍មួយទេ ។
យើងក្លាយ មានភាពខ្លួនទីពឹងខ្លួនអស់ មួយជីវិតរបស់យើង ដោយការរីកចម្រើនក្នុងកម្លាំងវិញ្ញាណ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ការបន្តទទួលការអប់រំ និងការងាររបស់យើង និងការត្រៀមខ្លួនខាងសាច់ឈាម២ តើកិច្ចការនេះត្រូវបានបញ្ចប់ក្នុងជីវិតរបស់យើងដែរឬទេ ? ទេ វាគឺជាដំណើរការពេញមួយជីវិតនៃការរៀនសូត្រ ការរីកចម្រើន និងការងារ ។ វាមិនមានទីបញ្ចប់ទេ ។ វាជាដំណើរការប្រចាំថ្ងៃជាបន្តបន្ទាប់ ។
តើយើងអាចបង្រៀនគោលលទ្ធិ និងគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនដល់កូនៗយើង និងយុវវ័យដោយរបៀបណា ? របៀបដ៏សំខាន់មួយគឺត្រូវអនុវត្តគោលការណ៍នៃកម្មវិធីកុមារ និងយុវវ័យជាប្រចាំ ។ ឪពុកម្ដាយ និងកូនចៅរៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ចូលរួមក្នុងការបម្រើ និងសកម្មភាពនានា ហើយធ្វើការរួមគ្នាក្នុងវិស័យទាំងបួននៃការអភិវឌ្ឍផ្ទាល់ខ្លួន ដែលមានលក្ខណៈពិសេសដោយឡែកពីគ្នាសម្រាប់កូនម្នាក់ៗ ។ វាលែងជាកម្មវិធីដែលបានកំណត់ដូចគ្នាសម្រាប់ទាំងអស់គ្នាទៀតហើយ ។
សៀវភៅណែនាំកុមារថ្លែងថា « ពេលដែលព្រះយេស៊ូវមានអាយុស្របាលប្អូនៗ ទ្រង់បានរៀនសូត្រ និងបានចម្រើនលូតលាស់ឡើង ។ ប្អូនៗកំពុងរៀនសូត្រ និងកំពុងចម្រើនលូតលាស់ផងដែរ ។ ព្រះគម្ពីរចែងថា ៖ ‹ ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង ›( លូកា ២:៥២ ) » ។.៣ ខគម្ពីរនេះសំដៅលើការរីកលូតលាស់ និងការរៀនសូត្រ ក្នុងទិដ្ឋភាពខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ក្នុងទិដ្ឋភាពសង្គម ជាទីគាប់ចិត្តដល់មនុស្ស ក្នុងទិដ្ឋភាពខាងរូបកាយ ជាការធំធាត់ និងក្នុងទិដ្ឋភាពបញ្ញា ជាភាពឈ្លាសវៃ ។ ការអភិវឌ្ឍទាំងនេះអនុវត្តចំពោះយើងទាំងអស់គ្នាមិនកំណត់អាយុទេ ។ តើយើងបង្រៀនពួកគេនៅពេលណា ? នៅក្នុង ចោទិយកថា ៦:៦–៧ យើងអានថា ៖
« សេចក្តីទាំងនេះដែលយើងបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ៖
« ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង » ។
យើងបង្រៀនសេចក្ដីទាំងនេះដល់កូនចៅតាមរយៈគំរូល្អរបស់យើងដោយ ធ្វើការ និងការបម្រើជាមួយពួកគេ ការសិក្សាព្រះគម្ពីរ និងការធ្វើតាមការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលបានបង្រៀនដោយពួកព្យាការី ។
ខ្ញុំបានលើកឡើងថា នៅក្នុងកម្មវិធីកុមារ និងយុវវ័យ កុមារជ្រើសរើសគោលដៅផ្សេងៗគ្នានៅក្នុងផ្នែកនីមួយៗនៃការអភិវឌ្ឍទាំងបួន ។ វាគឺជារឿងសំខាន់ដែលពួកគេបង្កើតគោលដៅផ្ទាល់ខ្លួននៅក្នុងផ្នែកនីមួយៗ ។ ឪពុកម្ដាយ និងថ្នាក់ដឹកនាំអាចបង្រៀន ប្រឹក្សា និងគាំទ្រ ។
ឧទាហរណ៍ មីរានដា ចៅស្រីរបស់ពួកយើងទទួលបានការជំរុញទឹកចិត្តយ៉ាងខ្លាំងក្នុងការរីកចម្រើនខាងវិញ្ញាណ ដោយការចូលរួមថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹមជាប្រចាំថ្ងៃ ។ នាងបានចាប់អារម្មណ៍ដោយសារការស្ដាប់យោបល់វិជ្ជមានមកពីសិស្សថ្នាក់សិក្ខាសាលាដទៃទៀត ។ ម្ដាយរបស់នាងមិនចាំបាច់ដាស់នាងឲ្យក្រោករៀនទេ ។ នាងក្រោកឡើងដោយខ្លួនឯង ហើយភ្ជាប់វីដេអូខលនៅម៉ោងដែលបានកំណត់ គឺម៉ោងប្រាំមួយម្ភៃនាទីព្រឹក ព្រោះនាងបានបង្កើតទម្លាប់ល្អៗដែលជួយនាងឲ្យធ្វើដូច្នេះបាន ។ ឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំនៅពេលថ្មីៗនេះថា មីរានដាឥឡូវនិយាយច្រើនជាងមុនពេលពួកគាត់ទៅលេងនាង ដោយសារតែនាងមានទំនុកចិត្តលើខ្លួនឯងជាងមុន ។ ទាំងអស់នេះគឺជាមេរៀនសម្រាប់ជីវិត និងការរីកចម្រើនជាមួយលទ្ធផលដែលគួរឲ្យកត់សម្គាល់ ។
ឪពុកម្ដាយ ជីដូនជីតា ថ្នាក់ដឹកនាំ និងមិត្តទាំងឡាយជួយក្នុងការរីកចម្រើននិងការអភិវឌ្ឍរបស់កុមារ ។ បងប្អូនប្រុសស្រីដែលបានផ្ដល់ការងារបម្រើយ៉ាងពេញលេញ រួមជាមួយថ្នាក់ដឹកនាំបព្វជិតភាព និងអង្គការជំនួយនានាប្រចាំវូដ ផ្ដល់ការគាំទ្រ ។ « ក្រុមគ្រួសារ៖ ការប្រកាសដល់ពិភពលោក » ថ្លែងថា « តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និងសេចក្តីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និងម្តាយមានកាតព្វកិច្ច ដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា ។ … ញាតិ សន្តាន ក្រុមគ្រួសារ គួរតែ ជួយ គាំទ្រ នៅពេល មាន សេចក្តីត្រូវការ ។៤ បន្ទាត់ចុងក្រោយនោះគឺសំដៅលើជីដូនជីតាក្នុងចំណោមអ្នកដទៃទៀត ។
នៅពេលពួកយើងបម្រើនៅអាហ្វ្រិកខាងលិច ភរិយារបស់ខ្ញុំ នូរីអា បានធ្វើកិច្ចការដ៏គួរឲ្យកត់សម្គាល់មួយដើម្បីបន្តទាក់ទងជាមួយគ្រួសារ និងចៅៗរបស់ពួកយើងនៅទូទាំងមហាសមុទ្រ ។ គាត់ធ្វើបែបនេះដោយប្រើបច្ចេកវិទ្យា ។ គាត់អានសៀវភៅឲ្យចៅតូចៗស្ដាប់ ។ គាត់បង្រៀនចៅធំៗតាមរយៈប្រធានបទដែលទាក់ទងនឹងរឿងវ៉ាវគ្រួសាររបស់យើង វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រនៃព័រតូរីកូ មាត្រានៃសេចក្ដីជំនឿ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ចម្ងាយបច្ចុប្បន្ននេះមិនកំណត់ការភ្ជាប់ទំនាក់ទំនង កម្មសិទ្ធិ និងការងារបម្រើ និងការបង្រៀនដល់ជំនាន់ដែលកំពុងធំឡើងនៃគ្រួសាររបស់យើងនោះទេ ។ ខ្ញុំក៏ចូលរួមជាមួយនូរីអាដែរ ពេលខ្ញុំអាចធ្វើបាន ដើម្បីបង្រៀនចៅៗដ៏មានតម្លៃរបស់ពួកយើង ដើម្បីស្រលាញ់ពួកគេ និងដើម្បីទម្រើសពួកគេ និងធ្វើឲ្យពួកគេសើចសប្បាយ ។
អ្នកគួរកត់សម្គាល់ភាពស្រដៀងគ្នាដែលបានបំផុសគំនិតរវាងការកម្មវិធីកុមារ និងយុវវ័យ និងការកសាងភាពខ្លួនទីពឹងខ្លួន ។ វិស័យទាំងបួននៃការរីកចម្រើននីមួយៗគឺស្រដៀងគ្នាខ្លាំងណាស់ ។ ភាពខ្លាំងខាងវិញ្ញាណនៅក្នុងភាពខ្លួនទីពឹងខ្លួនទាក់ទងនឹងខាងវិញ្ញាណនៅក្នុងកុមារ និងយុវវ័យ ។ សុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងភាពខ្លួនទីពឹងខ្លួនទាក់ទងជាមួយនឹងរាងកាយ និងសង្គមនៅក្នុងកុមារ និងយុវវ័យ ។ ការអប់រំ ការងារ និងការត្រៀមលក្ខណៈខាងសាច់ឈាមក្នុងភាពខ្លួនទីពឹងខ្លួន គឺស្រដៀងទៅនឹងបញ្ញានៅក្នុងកម្មវិធីកុមារ និងយុវវ័យដែរ ។
ជាកិច្ចបញ្ចប់ សូមឲ្យយើងធ្វើតាមព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ដោយការក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួនពេញមួយជីវិតរបស់យើង និងដោយការបង្រៀនគោលលទ្ធិនេះទៅកាន់កុមារ និងយុវវ័យរបស់យើង ។ យើងអាចធ្វើការណ៍នេះបានតាមរយៈ ៖
-
ការធ្វើជាគំរូក្នុងការបម្រើអ្នកដទៃ ។
-
ការរស់នៅតាម និងការបង្រៀនគោលលទ្ធិ និងគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន ។
-
ការគោរពព្រះបញ្ញត្តិដើម្បីកសាងភាពខ្លួនទីពឹងខ្លួនដែលជាផ្នែកមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥–១៦ ចែងថា
« នេះជាគោលបំណងរបស់យើងដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់សុទ្ធតែជារបស់ផងយើង ។
« ប៉ុន្តែការណ៍នេះត្រូវបានសម្រេចតាមមាគ៌ារបស់យើង ហើយមើលចុះ នេះជាមាគ៌ារបស់យើង ថាយើងជាព្រះអម្ចាស់បានចេញបញ្ញត្តិ ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើងប្រយោជន៍ឲ្យមនុស្សទ័លក្រត្រូវបានតម្កើងឡើងក្នុងកាលមនុស្សមានត្រូវបានបន្ទាបចុះ » ។
នេះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អរបស់ទ្រង់ប្រទានពរដល់ក្រុមគ្រួសារទាំងអស់នៅលើផែនដីនេះ និងនៅអស់កល្បជានិច្ច ។ ដំណឹងល្អដឹកនាំយើងនៅក្នុងជីវិតរបស់យើង នៅពេលយើងព្យាយាមធ្វើជាគ្រួសារអស់កល្ប ។ ខ្ញុំដឹងថារឿងនេះពិត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕