និស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់បងប្អូន
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យផ្ដោតជីវិតទៅលើព្រះយេស៊ូវគ្រីស្ទ ហើយចងចាំពីសេចក្ដីពិតដ៏សំខាន់នៅក្នុងបាវចនារបស់ក្រុមយុវនារី ។
បងប្អូនស្រីជាទីស្រឡាញ់ សូមអរគុណដែលបានចូលរួមនាថ្ងៃនេះ ។ ខ្ញុំមានកិត្តិយសដើម្បីចូលរួមនៅក្នុងសម័យប្រជុំរបស់ស្ត្រីក្នុងសន្និសីទទូទៅនេះ ។ មានគ្រាមួយ ខ្ញុំក៏ធ្លាប់មានឯកសិទ្ធិដើម្បីចូលរួមក្នុងថ្នាក់យុវនារីដែរ ។ ប៉ុន្តែជាក់ស្ដែង—ខ្ញុំពុំមែននៅក្មេង ហើយខ្ញុំក៏ពុំមែនជាស្ត្រីទេ ! ទោះជាយ៉ាង ខ្ញុំបានដឹងថា ខ្ញុំពុំឯកោឡើយ បើខ្ញុំអាចសូត្របាវចនារបស់ក្រុមយុវនារីជាមួយនឹងក្រុមយុវនារី ។ គោលលទ្ធិដ៏សំខាន់ដែលបានបង្រៀននៅក្នុងបាវចនារបស់ក្រុមយុវនារី១មានសារៈសំខាន់ចំពោះក្រុមយុវនារី ហើយក៏អាចអនុវត្តចំពោះមនុស្សគ្រប់គ្នា រួមទាំងយើងដែលពុំមែនជាយុវនារីផងដែរ ។
បាវចនារបស់ក្រុមយុវនារីចាប់ផ្ដើមថា « ខ្ញុំគឺជាបុត្រីសំណព្វរបស់ព្រះបិតាមាតាសួគ៌ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច » ។២ សេចក្ដីថ្លែងការណ៍នេះមាននូវសេចក្ដីពិតដ៏សំខាន់ចំនួនបួន ។ ទីមួយ បងប្អូនគឺជាបុត្រីសំណព្វ ។ គ្មានអ្វីដែលបងប្អូនធ្វើ—ឬមិនធ្វើ—អាចផ្លាស់ប្ដូរសេចក្ដីពិតនោះបានឡើយ ។ ព្រះស្រឡាញ់បងប្អូន ដោយសារបងប្អូនគឺជាបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ ពេលខ្លះ យើងប្រហែលជាពុំដឹងពីក្ដីស្រឡាញ់របស់ទ្រង់ ប៉ុន្តែវាតែងតែមានជានិច្ច ។ សេចក្ដីស្រឡាញ់របស់ព្រះគឺល្អឥតខ្ចោះ ។៣ យើងគ្មានលទ្ធភាពដើម្បីដឹងពីក្ដីស្រឡាញ់នោះទេ ។
ព្រះវិញ្ញាណដើរតួយ៉ាងសំខាន់ដើម្បីភ្ជាប់សេចក្ដីស្រឡាញ់របស់ព្រះមកកាន់យើង ។៤ ប៉ុន្តែព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ អាចត្រូវបិទបាំង « ដោយអារម្មណ៍ដ៏មួរម៉ៅ ដូចជា ការខឹង ការស្អប់… [ឬ] ការភ័យខ្លាច … ប្រៀបដូចជាព្យាយាមភ្លក់រស់ជាតិទំពាំងបាយជូរ ពេលកំពុងហូបម្ទេសជ្រក់ដូច្នោះដែរ ។ [ រសជាតិមួយ ] ខ្លាំងជាងរសជាតិមួយទៀត » ។៥ វាដូចគ្នាចំពោះឥរិយាបថដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះវិញ្ញាណបរិសុទ្ធដែរ រួមទាំងអំពើបាប៦វាធ្វើឲ្យមានការលំបាកសម្រាប់យើងដើម្បីយល់ពីក្ដីស្រឡាញ់របស់ព្រះចំពោះយើង ។
ស្រដៀងគ្នានេះដែរ អារម្មណ៍យើងអំពីក្ដីស្រឡាញ់របស់ព្រះប្រហែលជាត្រូវសឹករិចរិល ព្រោះតែស្ថានភាពលំបាក និងជំងឺផ្លូវកាយ ឬផ្លូវចិត្ត នៅក្នុងចំណោមរឿងផ្សេងៗ ។ ក្នុងករណីទាំងអស់នេះ ការប្រឹក្សារបស់ថ្នាក់ដឹកនាំគួរទុកចិត្ត ឬពួកអ្នកជំនាញ ជារឿយៗ អាចមានប្រយោជន៍ ។ យើងក៏អាចព្យាយាមកែលម្អខ្លួនទទួលយកក្ដីស្រឡាញ់របស់ព្រះដែរ ដោយសួរខ្លួនឯងថា « តើសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះខ្ជាប់ខ្ជួនដែរទេ ឬតើខ្ញុំស្រឡាញ់ទ្រង់តែពេលខ្ញុំមានថ្ងៃដ៏ល្អ ប៉ុន្តែមិនសូវស្រឡាញ់ទ្រង់ នៅពេលខ្ញុំជួបរឿងមិនល្អឬ ? »
សេចក្ដីពិតទីពីរគឺថា យើងមានព្រះមាតាបិតាសួគ៌ គឺជាបិតាមួយអង្គ និងមាតាមួយអង្គ ។៧ គោលលទ្ធិអំពីព្រះមាតាសួគ៌កើតឡើងតាមរយៈវិវរណៈ និងជាជំនឿជាក់មួយនៅក្នុងពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប្រធាន ដាល្លិន អេក អូក បានពន្យល់អំពីសារៈសំខាន់នៃសេចក្ដីពិតនេះថា « សាសនវិទ្យារបស់យើងចាប់ផ្ដើមដោយព្រះមាតាបិតាសួគ៌ ។ ប៉ងប្រាថ្នាដ៏ខ្ពស់បំផុតរបស់យើងគឺប្រែក្លាយដូចជាទ្រង់ទាំងពីរអង្គ » ។៨
មានរឿងតិចណាស់ដែលបានបើកសម្ដែងអំពីព្រះមាតាសួគ៌ ប៉ុន្តែអ្វីដែលយើងដឹង ត្រូវបានសង្ខេបនៅក្នុងប្រធានបទដំណឹងល្អ ដែលមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អរបស់យើង ។៩ នៅពេលបងប្អូនបានអាន នោះបងប្អូននឹងដឹងរឿងគ្រប់ដែលខ្ញុំដឹងអំពីប្រធានបទនេះ ។ ខ្ញុំសង្ឃឹមថា ខ្ញុំដឹងបន្ថែមទៀត ។ បងប្អូនប្រហែលជានៅមានសំណួរ ហើយចង់បានចម្លើយបន្ថែមផងដែរ ។ ការព្យាយាមយល់ដឹងកាន់តែច្រើន គឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ប៉ុន្តែសូមប្រុងប្រយ័ត្ន ។ ហេតុផលពុំអាចយកមកជំនួសវិវរណៈបានឡើយ ។
ការប៉ាន់ស្មានមិននាំទៅរកចំណេះដឹងខាងវិញ្ញាណកាន់តែច្រើនទេ ប៉ុន្តែវាអាចនាំយើងទៅរកការបំភាន់ ឬបង្វែរការផ្ដោតរបស់យើងចេញពីអ្វីដែលបានបើកសម្ដែង ។១០ ឧទាហរណ៍ ព្រះអង្គសង្គ្រោះបានបង្រៀនពួកសិស្សថា « អ្នករាល់គ្នាត្រូវអធិស្ឋានដល់ព្រះវរបិតា ដោយនូវនាមយើងជានិច្ច » ។១១ យើងធ្វើតាមគន្លងនេះ ហើយដឹកនាំការថ្វាយបង្គំរបស់យើងទៅរកព្រះវរបិតាសួគ៌នៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ហើយពុំអធិស្ឋានទៅរកព្រះមាតាសួគ៌ទេ ។១២
ចាប់តាំងពីព្រះបានចាត់តាំងពួកព្យាការីមក នោះពួកលោកមានសិទ្ធិអំណាចដើម្បីថ្លែងជំនួសទ្រង់ ។ ប៉ុន្តែពួកលោកពុំប្រកាសពីគោលលទ្ធិដែលប្រឌិតតាម « អំពើចិត្តរបស់[ ពួកលោក ] »១៣ឬបង្រៀនអ្វីដែលពុំបានបើកសម្ដែងនោះទេ ។ សូមពិចារណាសម្ដីរបស់ព្យាការីបាឡាមនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគេឲ្យសំណូកឲ្យដាក់បណ្ដាសារដល់ពួកសាសន៍អ៊ីស្រាអែលដើម្បីឲ្យពួកម៉ូអាប់ឈ្នះ បាឡាមបានមានប្រសាសន៍ថា « ទោះបើ [ ស្ដេចស្រុកម៉ូអាប់ ] ប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ និងធ្វើការតិច ឬច្រើនទៅបានឡើយ » ។១៤ ពួកព្យាការីថ្ងៃចុងក្រោយ ក៏មានការបង្ខិតបង្ខំស្រដៀងគ្នាដែរ ។ ការទាមទារចង់បានវិវរណៈមកពីព្រះ គឺជាភាពក្រអឺតក្រទម និងឥតបានផល ។ ផ្ទុយទៅវិញ យើងរង់ចាំព្រះអម្ចាស់ និងកាលវេលារបស់ទ្រង់ដើម្បីបើកសម្ដែងសេចក្ដីពិត តាមរយៈមធ្យោបាយដែលទ្រង់បានបង្កើតឡើង ។១៥
សេចក្ដីពិតទីបីនៅដើមកថាខណ្ឌនៃបាវចនារបស់ក្រុមយុវនារីចែងថា យើងមាន « និស្ស័យនៃព្រះ » ។ ពាក្យនេះគឺជាអត្តសញ្ញាណរបស់យើង ។ វាគឺជា « ដើមកំណើត » ខាងវិញ្ញាណទទួលមកពីព្រះមាតាបិតាសួគ៌របស់យើង១៦ដោយយើងពុំបាច់ប្រឹងរកឡើយ ។ នេះគឺជាអត្តសញ្ញាណដ៏សំខាន់របស់យើង មិនថាយើងជ្រើសរើសមានអត្តសញ្ញាណយ៉ាងណានោះទេ ។ ការយល់ដឹងពីសេចក្ដីពិតដ៏សំខាន់នេះសំខាន់ចំពោះមនុស្សគ្រប់គ្នា ជាពិសេសក្រុមបុគ្គលដែលក្នុងប្រវត្តិសាស្ត្រត្រូវបានគេ រើសអើងគាបសង្គត់ និងបង្ក្រាប ។ សូមចាំថា អត្តសញ្ញាណដ៏សំខាន់បំផុតរបស់បងប្អូន ទាក់ទងនឹងនិស្ស័យនៃព្រះ ក្នុងនាមជាបុត្រនៃព្រះ ។
សេចក្ដីពិតទីបួនគឺថា យើងមាន « ជោគវាសនាដ៏នៅអស់កល្បជានិច្ច » ។ ជោគវាសនាបែបនេះ នឹងដាក់កំហិតមកលើយើងឡើយ ។ បន្ទាប់ពីសេចក្ដីស្លាប់ យើងនឹងទទួលអ្វីដែលស័ក្ដិសមនឹងយើង ហើយ« ត្រេកអរចំពោះអ្វីដែលពួក [ យើង ] ព្រមទទួល [ ប៉ុណ្ណោះ ] » ។១៧ ដោយដឹងថា ជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់យើង គឺអាស្រ័យទៅលើការជ្រើសរើសរបស់យើង ។ វាតម្រូវឲ្យមានការចុះ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។ ផ្លូវនៃសេចក្ដីសញ្ញានេះ គឺជាមាគ៌ាដែលនាំយើងមករកព្រះគ្រីស្ទ និងពឹងផ្អែកទៅលើក្រឹត្យវិន័យពិតដ៏នៅអសកល្បជានិច្ចទាំងស្រុង ។ យើងពុំអាចបង្កើតមាគ៌ាខ្លួនឯង ហើយរំពឹងចង់បានលទ្ធផលដែលព្រះបានសន្យានោះឡើយ ។ ការរំពឹងចង់បានពរជ័យរបស់ទ្រង់ ទាំងពុំធ្វើតាមក្រឹត្យវិន័យដ៏នៅអស់កល្ប ដែលមានស្រាប់១៨នោះគឺជាការដឹកនាំខុស វាដូចជាការគិតថា យើងអាចប៉ះចង្ក្រានក្ដៅ ហើយមិន « ចង់ » រលាកដៃដូច្នោះដែរ ។
បងប្អូនប្រហែលជាដឹងថា ខ្ញុំធ្លាប់ព្យាបាលអ្នកជំងឺដែលមានជំងឺខ្សោយបេះដូង ។ ពួកគេ ទទួលបានលទ្ធផលដ៏ល្អបំផុតដោយការធ្វើតាមផែនការព្យាបាលដែលបានបង្កើត ដោយផ្អែកលើស្ថានភាពជាក់ស្តែង ។ ទោះជាដឹងពីបញ្ហានេះក្ដី ក៏មានអ្នកជំងឺមួយចំនួនបានព្យាយាមចរចារពីផែនការព្យាបាលផ្សេងដែរ ។ ពួកគេបានពោលថា « ខ្ញុំពុំចង់លេបថ្នាំច្រើនទេ » ឬ « ខ្ញុំពុំចង់មានការពិនិត្យតាមដានច្រើនទេ » ។ ពិតណាស់ អ្នកជំងឺមានសេរីភាពជ្រើសរើស ប៉ុន្តែបើពួកគេងាកចេញពីផែនការព្យាបាលដ៏ប្រសើរបំផុត នោះពួកគេនឹងរងទុក្ខ ។ អ្នកជំងឺខ្សោយបេះដូងពុំអាចជ្រើសរើសផ្លូវកាត់ រួចហើយស្ដីបន្ទោសដល់គ្រូពេទ្យ ពេលមានលទ្ធផលមិនល្អបានឡើយ ។
វាក៏ពិតចំពោះយើងដែរ ។ ផ្លូវដែលបានរៀបចំដោយព្រះវរបិតាសួគ៌ ដឹកនាំទៅរកលទ្ធផលដ៏នៅអស់កល្បជានិច្ចដ៏ល្អបំផុត ។ យើងមានសេរីភាពជ្រើសរើស ប៉ុន្តែយើងពុំអាចជ្រើសរើសលទ្ធផលនៃការពុំធ្វើតាមផ្លូវដែលបានបើកសម្ដែងបានឡើយ ។១៩ ព្រះអម្ចាស់បានមានបន្ទូលថា « អ្វីក៏ដោយដែលបំបាក់ក្រឹត្យវិន័យ ហើយមិននៅជាប់ក្នុងក្រឹត្យវិន័យ ប៉ុន្តែស្វែងរកដើម្បីត្រឡប់ទៅជាក្រឹត្យវិន័យដល់ខ្លួនគេវិញ … ពុំអាចញែកចេញជាបរិសុទ្ធដោយសារក្រឹត្យវិន័យបានឡើយ ឬដោយសារសេចក្ដីមេត្តាករុណា សេចក្ដីយុត្តិធម៌ ឬសេចក្ដីជំនុំជម្រះបានដែរ » ។២០ យើងពុំអាចងាកចេញពីមាគ៌ារបស់ព្រះវរបិតាសួគ៌ រួចហើយស្ដីបន្ទោសទ្រង់ដោយសារតែលទ្ធផលមិនល្អនោះឡើយ ។
កថាខណ្ឌទីពីរនៅក្នុងបាវចនាក្រុមយុវនារីចែងថា « ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំខិតខំប្រែក្លាយដូចជាទ្រង់ ។ ខ្ញុំស្វែងរក និងធ្វើតាមវិវរណៈផ្ទាល់ខ្លួន ហើយផ្ដល់ការងារបម្រើដល់មនុស្សដទៃនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ » ។ យើងអាចអភិវឌ្ឍទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ ដោយធ្វើសកម្មភាពនៅក្នុងសេចក្ដីជំនឿ ។២១ យើងអាចទាមទារអំណោយទានខាងវិញ្ញាណ « ឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវគេឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក » ។ ឬយើងអាចទទួលអំណោយទាន ដើម្បីជឿពាក្យសម្ដីរបស់អ្នកដែលដឹង២២រហូតដល់យើងដឹងដោយខ្លួនឯង ។ យើងអាចធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយជួយមនុស្សដទៃឲ្យមករកទ្រង់ ។ តាមរបៀបនេះ យើងចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ។២៣
បាវចនារបស់ក្រុមយុវនារីបន្តថា « ខ្ញុំនឹងឈរជាសាក្សីចំពោះព្រះនៅគ្រប់ពេល គ្រប់ការណ៍ទាំងអស់ និង គ្រប់កន្លែងទាំងអស់ » ។ សមាជិកសាសនាចក្រគ្រប់រូបចាំបាច់ត្រូវធ្វើជាសាក្សីរបស់ព្រះ២៤ទោះជាពួកសាវក និងពួកចិតសិបនាក់បានទទួលសិទ្ធិអនុញ្ញាតធ្វើជាសាក្សីពិសេសក្នុងព្រះនាមនៃព្រះគ្រីស្ទក្ដី ។២៥ សូមនឹកស្រមៃអំពីការប្រកួតកីឡាបាល់ទាត់ដែលមានតែអ្នកចាំទី ។ បើគ្មានជំនួយពីកីឡាករផ្សេងទៀត អ្នកចាំទីនោះ នឹងពុំអាចការពារគ្រាប់បាល់បានឡើយ ហើយក្រុមនោះនឹងចាញ់ជានិច្ច ។ ដូចគ្នានេះដែរ មនុស្សគ្រប់រូបចាំបាច់ត្រូវនៅក្នុងក្រុមរបស់ព្រះអម្ចាស់ ។២៦
កថាខណ្ឌចុងក្រោយនៃបាវចនារបស់ក្រុមយុវនារីផ្ដើមថា « នៅពេលខ្ញុំព្យាយាមដើម្បីទទួលបានភាពតម្កើងឡើង នោះខ្ញុំរីករាយចំពោះអំណោយទាននៃការប្រែចិត្ត ហើយខិតខំកែលម្អជារៀងរាល់ថ្ងៃ » ។ ដោយសារតែពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ នោះយើងអាចប្រែចិត្ត រៀនពីកំហុស ហើយមិនត្រូវបានផ្ដន្ទាទោស ដោយសារតែកំហុសទាំងនោះឡើយ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « មានមនុស្សច្រើនណាស់គិតថា ការប្រែចិត្តជាទណ្ឌកម្ម ។ ប៉ុន្តែអារម្មណ៍នៃការដាក់ទោសនេះ គឺបណ្ដាលមកពីសាតាំង ។ វាព្យាយាមរារាំងយើងពីការមើលឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ដែលគង់ចាំទាំងព្រះហស្តលាតលាដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែកយើងជាបរិសុទ្ធ » ។២៧
នៅពេលយើងប្រែចិត្តដោយស្មោះត្រង់ នោះពុំមានស្លាកស្នាមរបួសខាងវិញ្ញាណតទៅទៀត មិនថាយើងធ្លាប់បានធ្វើអ្វី ធ្ងន់ធ្ងរប៉ុនណា ឬច្រើនដងប៉ុនណាក្ដី ។២៨ កាលណាយើងប្រែចិត្តជាញឹកញាប់ ហើយស្វែងរកការអភ័យទោសដោយ បំណងពិត នោះយើងអាចត្រូវបានអត់ទោសឲ្យ ។២៩ អំណោយទានមកពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទអស្ចារ្យអ្វីម្ល៉េះ !៣០ ព្រះវិញ្ញាណបរិសុទ្ធអាចបញ្ជាក់ប្រាប់យើងថា យើងត្រូវបានអភ័យទោសឲ្យ ។ នៅពេលយើងទទួលអារម្មណ៍អំណរ និងភាពសុខសាន្ត៣១នោះកំហុសត្រូវបានរសាយបាត់៣២ហើយយើងលែងឈឺចាប់ ដោយសារតែអំពើបាបរបស់យើងទៀត ។៣៣
ប៉ុន្តែទោះជាបន្ទាប់ពីការប្រែចិត្តដោយចិត្តស្មោះក្ដី ក៏យើងអាចនឹងជំពប់ទៀតដែរ ។ ការជំពប់ពុំមែនមានន័យថា ការប្រែចិត្តនោះមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយរបស់មនុស្សលោក ។ វាជាការលួងលោមចិត្តអ្វីម្ល៉េះ ពេលដឹងថា « ព្រះអម្ចាស់ទតមើលភាពទន់ខ្សោយខុសផ្សេងពី [ ទ្រង់ទតមើល ] ការបះបោរ » ។ យើងពុំគួរសង្ស័យសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយភាពទន់ខ្សោយរបស់យើងឡើយ ដោយសារ « ពេលព្រះមានបន្ទូលអំពីភាពទន់ខ្សោយ នោះតែងតែមានក្ដីមេត្តាករុណា » ។៣៤
បាវចនារបស់ក្រុមយុវនារីបញ្ចប់ថា « តាមរយៈសេចក្ដីជំនឿ ខ្ញុំនឹងពង្រឹងគេហដ្ឋាន និងគ្រួសាររបស់ខ្ញុំ ចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ និងទទួលពិធីបរិសុទ្ធទាំងឡាយ ព្រមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធ » ។ ការពង្រឹងគេហដ្ឋាន និងគ្រួសារ អាចមានន័យថា ជាការបង្កើតតំណដំបូងទៅលើតំណនៃសេចក្ដីស្មោះត្រង់ ដែលបន្តកេរដំណែលនៃសេចក្ដីជំនឿ ឬស្ដារវាឡើងវិញ ។៣៥ ទោះជាយ៉ាងណា កម្លាំងកើតឡើងតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។
នៅក្នុងព្រះវិហារបរិសុទ្ធ យើងរៀនអំពីអត្តសញ្ញាណ និងកន្លែងដែលយើងធ្លាប់រស់នៅ ។ ទស្សនវិទូសាសន៍រ៉ូមឈ្មោះ ស៊ីសេរ៉ូ បានថ្លែងថា « ការធ្វើមិនដឹងមិនឮចំពោះអ្វីដែលបានកើតឡើង ពីមុនអ្នកបានចាប់កំណើត គឺត្រូវរស់នៅដូចជាកូនក្មេងជានិច្ច » ។៣៦ ពិតណាស់ គាត់សំដៅទៅលើប្រវត្តិសាស្ត្រពិភពលោក ប៉ុន្តែការសង្កេតដ៏ឈ្លាសវៃរបស់គាត់ ក៏អាចមានន័យលើសពីនោះដែរ ។ យើងរស់នៅជាកូនក្មេងជានិច្ច បើយើងមិនយល់ពីទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ដែលទទួលបាននៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅទីនោះយើងរីកចម្រើននៅក្នុងព្រះអម្ចាស់ ទទួលយកភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ៣៧ហើយកាន់តែមានការតាំងចិត្តខ្ពស់ក្នុងនាមជាសិស្សរបស់ព្រះអង្គសង្គ្រោះ ។៣៨ នៅពេលយើងរក្សាសេចក្ដីសញ្ញា នោះយើងទទួលបានព្រះចេស្ដានៃព្រះនៅក្នុងជីវិត ។៣៩
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យផ្ដោតជីវិតទៅលើព្រះយេស៊ូវគ្រីស្ទ ហើយចងចាំពីសេចក្ដីពិតដ៏សំខាន់នៅក្នុងបាវចនារបស់ក្រុមយុវនារី ។ បើបងប្អូនយល់ព្រម នោះព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំបងប្អូន ។ ព្រះវរបិតាសួគ៌នៃយើងសព្វព្រះទ័យឲ្យបងប្អូនប្រែក្លាយជាអ្នកគ្រងមរតករបស់ទ្រង់ ហើយទទួលអ្វីៗដែលទ្រង់មាន ។៤០ ទ្រង់ពុំអាចផ្ដល់ឲ្យបងប្អូនហួសពីនោះឡើយ ។ ទ្រង់ពុំអាចសន្យានឹងបងប្អូនហួសពីនោះទេ ។ ទ្រង់ស្រឡាញ់បងប្អូនលើសពីបងប្អូនដឹងទៅទៀត ហើយទ្រង់សព្វព្រះទ័យចង់ឃើញបងប្អូនរីករាយនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ ៕ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕