សន្និសីទទូទៅ
ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដល់​ម៉្លេះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


9:58

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដល់​ម៉្លេះ

ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដល់​ម្ល៉េះ បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែមួយឲ្យ​យាងមក—ពុំមែន​ដើម្បី​ជំនុំ​ជម្រះ​យើង​ទេ ប៉ុន្តែ​សង្គ្រោះ​យើងវិញ ។

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ​ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ។ » ( យ៉ូហាន ៣:១៦ ) ។ ខ្ញុំ​បាន​កត់​សម្គាល់​ខ​នេះដំបូង ពុំ​មែន​នៅក្នុង​ព្រះវិហារ ឬ ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ទេ ។ តែ​នៅពេល​ខ្ញុំ​កំពុង​មើល​ព្រឹត្តិការណ៍​កីឡា​នៅលើ​ទូរទស្សន៍ ។ មិន​ថា​ខ្ញុំ​មើល​ប៉ុស្ដិ៍​មួយ​ណា ឬ​កីឡា​ណា​មួយ​នោះ​ទេ ក៏​មាន​មនុស្ស​ម្នាក់​កាន់​ស្លាក​សញ្ញា​អានថា «យ៉ូហាន ៣:១៦ដែរ ។

ខ្ញុំ​ក៏​ស្រឡាញ់ ខ ១៧ ដូចគ្នាដែរ​ថា ៖« ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំ​ជម្រះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ​ដោយសារ​ទ្រង់​វិញ » ។

ព្រះ​បាន​បញ្ជូនព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ​ខាង​សាច់ឈាមឲ្យលះបង់​ព្រះជន្មដើម្បី​​យើង​ម្នាក់ៗ ។ អ្វី​ដែល​ទ្រង់​បាន​ធ្វើ​គឺ​ដោយសារ​ទ្រង់​ស្រឡាញ់​យើង ហើយ​បាន​រៀបចំ​ផែន​ការ​សម្រាប់​យើង​ម្នាក់ៗ ឲ្យ​ត្រឡប់​ទៅ​កាន់​ដំណាក់​ទ្រង់​វិញ ។

ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធ​តែ​ព្រម​ទទួល​យក ឬ​ក៏​មិនព្រម​ទទួលយក​ផែនការ​នេះទេ ។ វា​គឺ​ជា​រឿង​ផ្ទាល់ខ្លួន ដែល​រៀបចំ​ឡើង​ដោយ​ព្រះ​វរ​បិតា​សួគ៌​ជាទី​ស្រឡាញ់ ដែល​យល់​ចិត្ត​យើង ស្គាល់​ឈ្មោះ​របស់​យើង និង​ដឹង​ពីអ្វី​ដែល​ទ្រង់​ត្រូវការ​ឲ្យ​យើង​ធ្វើ ។ តើ​ហេតុ​អ្វី​យើង​ជឿ​យ៉ាង​ដូច្នោះ ? ពីព្រោះ​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​បាន​បង្រៀន​យើង ។

ម៉ូសេ​បាន​ឮ​ព្រះវរបិតាសួគ៌​មាន​ព្រះ​បន្ទូល​ម្តង​ហើយ​ម្តងទៀត​ថា « ម៉ូសេ ជា​បុត្រ​យើង » ( សូម​មើល ម៉ូសេ ១:៧​,៤០ សូម​មើល​ផងដែរ ខ​ទី ៧, ៤០ ) ។ អ័ប្រាហាំ បាន​រៀនថា​លោក​គឺជា​បុត្រ​របស់​ព្រះ ដែល​បាន​ជ្រើសរើស​សម្រាប់​បេសកកម្ម​របស់​លោក តាំងពីមុន​លោក​បាន​កើត​មកម្ល៉េះ ( សូម​មើល អ័ប្រាហាំ ៣:១២, ២៣ ) ។ តាម​រយៈ​ព្រះហស្ថ​របស់​ព្រះ អេសធើរ បាន​ដាក់​ឲ្យ​ស្ថិត​នៅក្នុងស្ថានភាព​មួយ ដែល​មាន​ឥទ្ធិពល​ដើម្បី​សង្គ្រោះ​ប្រជាជន​របស់​នាង ( សូម​មើល អេសធើរ ៤ ) ។ ហើយ​ព្រះ​បាន​ទុក​ព្រះទ័យ​លើ​យុវនារី​ម្នាក់ ជាអ្នក​បម្រើ ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្យាការី​នៅរស់ ទើប​បណ្តាល​ឲ្យ ណាម៉ាន់​អាច​ទទួល​បាន​ការ​ប្រោះ​ឲ្យជា ( សូម​មើល ពង្សាវតារក្សត្រ​ទី ២ ៥:១–១៥ ) ។

ខ្ញុំ​ស្រឡាញ់​បុរស​ដ៏ល្អ​ម្នាក់​នេះ ជាពិសេស រូបរាង​គាត់​ទាប គាត់​ជា​អ្នក​ដែលបាន​ឡើង​ដើម​ឈើ​ដើម្បី​មើល​ព្រះយេស៊ូវ ។ ព្រះអង្គ​សង្គ្រោះ​បាន​ជ្រាប​ថា គាត់​នៅ​ទី​នោះ ទ្រង់​បាន​ឈប់ ងើប​ព្រះនេត្រ​ទៅ​មែក​ឈើ ហើយ​មាន​បន្ទូល ៖ « សាខេ …​ចូរ​អ្នក​ចុះមក​ជាប្រញាប់ » ( លូកា ១៩:៥ ) ។ ហើយ​យើង​ក៏មិន​អាច​ភ្លេច​ក្មេងប្រុស​អាយុ ១៤​ឆ្នាំ ម្នាក់​ដែល​បាន​ចូល​ទៅក្នង​ព្រៃ​ពិសិដ្ឋ ហើយ​បាន​រៀន​ពី​ផែនការ​ពិត​នោះ​ដោយ​ផ្ទាល់ ៖ « [ យ៉ូសែប ] នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ចូរ​ស្ដាប់​ទ្រង់​ចុះ ! » (យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។

បង​ប្អូន​ប្រុស​ស្រី យើង​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​ក៏​ជា​ហេតុនាំ​ឲ្យ​មាន​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​ដែរ ។ យើង​ម្នាក់ៗគឺជា​កិច្ចការ និង​សិរីល្អ​របស់​​ទ្រង់​ទាំង​ទ្វេ ។

ចំពោះ​ខ្ញុំ គ្មាន​ព្រះគម្ពីរ​ណា​មួយ​អធិប្បាយ​ដំណើររឿង​នេះ​ច្បាស់​ជាង​ការ​សិក្សា​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​របស់​ខ្ញុំ​ឡើយ ។ ពី​មួយ​ជំពូក​ទៅ​មួយ​ជំពូក យើង​រកឃើញ​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង ព្រះយេហូវ៉ា​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ជីវិត​យើង ។

ថ្មីៗ​នេះ​យើង​បាន​សិក្សា​អំពី​យ៉ូសែប ដែល​ជាកូន​ប្រុស​សំណព្វ​របស់​យ៉ាកុប ។ តាំងពី​ក្មេង​មក យ៉ូសែប​គឺជា​មនុស្ស​សំណព្វ​ព្រះទ័យ​របស់​ព្រះអម្ចាស់ ប៉ុន្តែ​លោកបាន​ជួប​ការសាកល្បង​យ៉ាង​ខ្លាំងក្លា នៅ​ក្នុងដៃ​បងប្រុស​ទាំងឡាយ​របស់លោក ។ កាល​ពី​ពីរ​សប្តាហ៍​មុន យើង​ភាគ​ច្រើន​បាន​រំជួល​ចិត្ត​ចំពោះ​របៀប​ដែល​យ៉ូសែប​បាន​អភ័យទោស​ដល់​បងប្រុស​របស់​លោក ។ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ យើង​អាន​ថា « ដំណើរ​ជីវិត​របស់​យ៉ូសែប គឺ​ដូចគ្នា​ទៅនឹង​ព្រះយេស៊ូវ គ្រីស្ទ តាម​របៀប​ជាច្រើន ។ ទោះបីជា​អំពើ​បាប​របស់​យើង​បាន​បណ្តាល​ឲ្យ​ទ្រង់​រងទុក្ខ​ដ៏ធំ​ក្តី ក៏​ព្រះអង្គ​សង្រ្គោះ​ប្រទាន​នូវ​ការអភ័យទោស ដោយ​រំដោះ​យើង​ចេញ​ពី​វាសនា​មួយ ដែល​អាក្រក់​ជាង​គ្រោះទុរភិក្ស​ ។ ទោះជា​យើង​ត្រូវការ​ទទួល​ការអភ័យទោស ឬ​អភ័យទោសឲ្យ​គេក្ដី—ដល់​ពេលមួយ​យើង​ចាំបាច់​ត្រូវ​ធ្វើ​ទាំងពីរ—គំរូ​របស់​យ៉ូសែប បង្ហាញផ្លូវ​យើង​ឲ្យ​ទៅរក​ព្រះអង្គ​សង្រ្គោះ ជា​ប្រភព​ពិត​នៃ​ការព្យាបាល និង​ការផ្សះផ្សារ » ។

មេរៀន​ដែល​ខ្ញុំ​ចូល​ចិត្ត​ក្នុង​ដំណើរ​រឿង​នោះ ចេញមកពី​ដំណើរ​រឿង​របស់​យូដា ជា​បង​ប្រុស​របស់​យ៉ូសែប ដែល​បាន​រួម​ចំណែក​ក្នុង​ផែន​ការ​របស់​ព្រះ​ដោយ​ផ្ទាល់​សម្រាប់​យ៉ូសែប ។ ពេល​យ៉ូសែប​ត្រូវ​បាន​បងៗ​ក្បត់ យូដា​បាន​បញ្ចុះ​បញ្ចូល​ពួក​គេ​មិន​ឲ្យ​សម្លាប់​យ៉ូសែប​តែ​ឲ្យ​លក់​គាត់​ទៅធ្វើ​ជា​ទាសករ​វិញ ។ ( សូម​មើល លោកុប្បត្តិ ៣៧:២៦–២៧ ) ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក យូដា និង​បងប្អូន​លោក​ត្រូវនាំ​ប្អូន​ប្រុសពៅ​របស់​ពួកគេ​ឈ្មោះ​បេនយ៉ាមីន ទៅកាន់​ស្រុក​អេស៊ីព្ទ ។ ពីដំបូង​ឪពុកពួកគេ​បាន​ជំទាស់ ។ ប៉ុន្តែ យូដា​បាន​សន្យា​នឹង​យ៉ាកុប​ថា—លោក​នឹង​នាំ​បេនយ៉ាមីន​មក​ផ្ទះ​វិញ ។

ការសន្យា​របស់​យូដា ត្រូវបាន​ដាក់​ជាការ​សាកល្បង នៅ​ស្រុក​អេស៊ីព្ទ ។ ប្អូន​ប្រុស​បេនយ៉ាមីន ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ទោស​ឧក្រិដ្ឋ ។ យូដា រក្សាការ​សន្យា​របស់លោក ក៏​បាន​ស្នើ​សុំជាប់​គុក​ជំនួស​បេនយ៉ាមីនវិញ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ? » ( សូម​មើល លោកុប្បត្តិ ៤៤:៣៣–៣៤ ) ។ យូដា​បាន​ប្ដេជ្ញា​រក្សា​ការ​សន្យា​របស់លោក ហើយ​ជូន​បេនយ៉ាមីន​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទៅកាន់អ្នកដទៃ ដូច​យូដា​មាន​ចំពោះ​បេនយ៉ាមីន​ដែរ​ឬ​ទេ ?

តើ​រឿងនេះ​មិន​ដូច​ជា​អារម្មណ៍​ដែល​ឪពុក​ម្ដាយ​មាន​ចំពោះ​កូន​របស់​ខ្លួន​ទេឬអី ? តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​អារម្មណ៍​បែបណា ចំពោះ​មនុស្ស​ដែលពួក​គេបម្រើ ? តើ​ថ្នាក់​ដឹកនាំ​អង្គការ​បឋមសិក្សា និង​យុវវ័យ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ពួកគេ​បង្រៀន និង​ស្រឡាញ់ ?

មិនថា​បងប្អូន​ជា​នរណា ឬ​ស្ថានភាព​បច្ចុប្បន្ន​របស់​បងប្អូន​យ៉ាង​ណានោះ​ទេ គឺតែងតែ​មាន​មួយអង្គ​មានព្រះទ័យ​បែបនេះ​ចំពោះ​បងប្អូន​ដូចគ្នា ។ ជាអង្គដែល​សព្វព្រះទ័យ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​ជាមួយបងប្អូន ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អង្គ​ដែល​មិន​បោះបង់​យើង ហើយ​បន្ត​ស្រោច​ព្រលឹង​ពួកគេ​អធិស្ឋាន​សម្រាប់​យើង និង អង្គ​ដែល​បន្ត​បង្រៀន និង​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ត្រឡប់​ទៅកាន់​ដំណាក់​របស់​ព្រះវរបិតា​សួគ៌​យើង​វិញ ។

ថ្មីៗនេះ មិត្ត​សម្លាញ់​ខ្ញុំ​ម្នាក់​បាន​ចំណាយពេល ២៣៣ ថ្ងៃ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ ជំងឺ​កូវីដ-១៩ ។ អំឡុង​ពេល​នោះ គាត់​បាន​សុបិន​ឃើញ ឪពុក​គាត់ដែលបាន​ស្លាប់ទៅ មក​សុំ​ឲ្យ​នាំ​យក​សារ​មួយ​នេះទៅឲ្យ​ចៅៗ​របស់​គាត់ ។ សូម្បី​តែ​បានទៅឯម្ខាង​ទៀត​នៃ​វាំងនន​ហើយក្ដី ក៏ជីតា​ដ៏​ល្អ​រូប​នេះ​ប្រាថ្នា​ជួយ​ចៅៗ​ឲ្យ​ត្រឡប់​ទៅកាន់​ដំណាក់​សួគ៌ា​វិញ​ផងដែរ ។

សិស្ស​របស់​ព្រះគ្រីស្ទ​បាន​ចងចាំ​ពី​« បេនយ៉ាមីន »​នៅក្នុង​ជីវិត​របស់​ពួកគេកាន់តែ​ច្រើន​ឡើង ។ នៅជុំវិញ​ពិភពលោក ពួកគេ​បាន​ឮការ​ហៅ​របស់ព្យាការី​នៅរស់​របស់​ព្រះ គឺ​ប្រធាន រ័សុល អិម ណិលសុន ។ យុវជន និង​យុនារី​បាន​ចូលរួម​នៅក្នុងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ។ បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​កំពុង​ឈោង​ទៅជួយ​នៅក្នុង​ស្មារតី​នៃ​ការងារ​បម្រើ—ដោយ​ក្ដី​ស្រឡាញ់ ការ​ចែក​ចាយ ហើយ​អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ យុវវ័យ និង​មជ្ឈិមវ័យ ចងចាំ ហើយ​ខិតខំ​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ—ដោយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ស្វែងរក​ឈ្មោះ​សមាជិក​គ្រួសារ​ដែល​ទទួល​មរណៈ​ភាព ហើយ​ទទួល​ពិធីបរិសុទ្ធ​ជំនួស​ពួកគេ ។

ហេតុ​អ្វី​បានជា​ព្រះវរបិតាសួគ៌​រៀប​ផែនការ​ផ្ទាល់ខ្លួន​សម្រាប់​យើង​ម្នាក់ៗ ដោយ​រួមបញ្ចូល​ទាំងការ​ជួយអ្នក​ដទៃ​ឲ្យ​ត្រឡប់​មករក​ទ្រង់វិញ ? ពី​ព្រោះ​នេះ​គឺ​ជា​របៀប​ដែល​យើង​អាច​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ នៅទីបំផុត​ដំណើរ​រឿង​របស់​យូដា និង បេនយ៉ាមីន បង្រៀន​យើង​អំពី​ពលិកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ​សម្រាប់​យើង ។ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ទ្រង់​បាន​លៈបង់​ព្រះជន្ម​ដើម្បី​នាំយើង​ទៅ​ផ្ទះ​វិញ ។ ពាក្យ​សម្ដីរបស់​យូដា បាន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ដ្បិត​បើ [ បងប្អូន ] ​នេះ​មិន​បាន​ទៅ​ជា​មួយ​ ហើយ​នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ? » ក្នុង​នាម​ជា​អ្នក​ប្រមូល​ផ្តុំ​អ៊ីស្រាអែល ពាក្យសម្ដី​ខាង​លើ​ក៏​ជា​ពាក្យ​សម្ដីរបស់​យើង​ផងដែរ ។

នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​សម្បូរ​ទៅដោយ​អព្ភូតហេតុ និងក្តី​មេត្តា​ករុណា​ដ៏ទន់ភ្លន់ ដែលជា​សញ្ញាសម្គាល់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ នៅក្នុង ពង្សាវតារក្សត្រ​ទី ២ ជំពូក ៤ឃ្លា « មាន​កាល​មួយ​ថ្ងៃ​ទៀត » គឺ​បាន​ប្រើ​បី​ដង​ដើម្បី​បញ្ជាក់​ដល់​ខ្ញុំ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​ឡើង​ស្រប​តាម​វេលា​របស់​ព្រះ ហើយ​គ្មាន​ព័ត៌មាន​លម្អិត​ណា​ដែល​មិន​សំខាន់​សម្រាប់ទ្រង់​ឡើយ ។

មិត្ត​ថ្មី​របស់​ខ្ញុំឈ្មោះ​ ផល ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ ។ ផល បាន​ធំ​ឡើង​ក្នុង​គ្រួសារ​ ដែល​ពេល​ខ្លះ​មានការ​រំលោភ​បំពាន ហើយ​តែង​តែប្រមាថ​ចំពោះ​សាសនា ។ ពេល​រៀន​នៅមូលដ្ឋានទ័ព​ក្នុង​ប្រទេស​អាល្លឺម៉ង់ គាត់​បាន​សម្គាល់​ឃើញ​ប្អូន​ស្រី​ពីរ​នាក់​ដែល​ហាក់​ដូច​ជា​មាន​ពន្លឺ​ខាង​វិញ្ញាណ ។ សំណួរ​សួរ​ថា ហេតុអ្វី​បាន​ជា​ពួកនាង​ខុសពីគេ តែគាត់ទទួល​ចម្លើយ​ថា ពួកគេ​ជា​សមាជិក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

មិនយូរ​ប៉ុន្មាន​ផល បាន​ចាប់​ផ្តើម​ជួប​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​ព្រះវិហារ ។ នៅថ្ងៃ​អាទិត្យ​បន្ទាប់ ពេល​គាត់​ចុះ​ពីឡានក្រុង គាត់​ឃើញ​បុរស​ពីរនាក់​ពាក់អាវស និង​ក្រវ៉ាត់ក ។ គាត់​បាន​សួរ​ដល់​ពួកគេថា តើ​ពួកគេ​ជា​អែលឌើរ​របស់​សាសនាចក្រឬ ។ ពួកគេ​ឆ្លើយ​ថា បាទ ដូច្នេះ​ផល ក៏បាន​ដើរ​តាម​ពួកគេ ។

ក្នុង​ពេល​ថ្វាយបង្គំ​នោះ គ្រូគង្វាល​មា្នក់​បាន​ចង្អុល​ទៅ​ក្រុមជំនុំ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់ ។ នៅចុង​បញ្ចប់​នៃ​ទីបន្ទាល់​នីមួយៗ អ្នក​វាយ​ស្គរ​ម្នាក់​បាន​គោះ​ស្គរ​គោរព ហើយ​ក្រុម​ជំនុំ​បាន​ស្រែក​ឡើង​ថា « អាម៉ែន » ។

ពេល​គ្រូគង្វាល​ចង្អុល​ទៅ ផល គាត់បាន​ក្រោក​ឈរ ហើយ​ថ្លែងថា « ខ្ញុំ​ដឹងថាយ៉ូសែបស៊្មីធ គឺ​ជា​ព្យាការី ហើយ​ព្រះគម្ពីរ​មរមន​ពិត » ។ គ្មាន​ការគោះ​ស្គរ​គោរព ឬ ពាក្យ​អាម៉ែន​ទេ ។ នៅ ទី​បំផុត ផល ដឹង​ថា គាត់​បាន​ទៅ ព្រះវិហារ​ខុស ។ មិនយូរ​ប៉ុន្មាន ផល បាន​រក​ឃើញ​កន្លែង​ត្រូវ ហើយ​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

នៅក្នុង​ថ្ងៃ​ជ្រមុជ​ទឹក​របស់​ផល សមាជិក​ម្នាក់​ដែល​គាត់​មិន​ស្គាល់​បាន​ប្រាប់​គាត់ថា « លោក​បាន​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ » ។ កាល​ពី​ពីរបី​សប្តាហ៍​មុន បុរស​ម្នាក់​នេះ​បាន​សម្រេច​ចិត្ត​រក​មើល​ព្រះវិហារ​ផ្សេងៗ ហើយ​បាន​ចូលរួម​ថ្វាយ​បង្គំ​កន្លែង​គោះស្គរ ដែលនិយាយ​ពាក្យ​អាមែន​នោះ ។ ហើយ​ពេល​បុរស​នោះ​បាន​ឮ ផល ថ្លែង​ទីបន្ទាល់​របស់​គាត់​អំពី​យ៉ូសែប ស៊្មីធ និង​ព្រះគម្ពីរ​មរមន​គាត់​ដឹងថា​ព្រះ​ស្គាល់​គាត់ ហើយ​ទ្រង់​ជ្រាប​ពី​ការ​ស្មុគ​ស្មាញ​របស់​គាត់ ហើយ​ទ្រង់​មាន​ផែន​ការ​មួយ​សម្រាប់​គាត់ ។ ទាំង​ផល និង​បុរស​នោះ « មាន​កាល​មួយ​ថ្ងៃ​ទៀត » ពិតមែន !

យើង​ក៏បាន​ដឹង​ដែរ​ថា ព្រះវរបិតាសួគ៌​មាន​ផែនការ​នៃ​សុភមង្គល​មួយ​សម្រាប់​យើង​ម្នាក់ៗ​ផ្ទាល់ ។ ពីព្រោះ​ព្រះ​បាន​បញ្ជូន​បុត្រា​សំណព្វ​របស់​ទ្រង់​សម្រាប់​យើង អព្ភូតហេតុ​ដែល​យើង​ត្រូវ​ការ​នឹង « [ មាន ]​កាល​[ មួយ​ថ្ងៃ ] ទៀត » ដែល​ចាំបាច់​សម្រាប់​ផែន​ការ​របស់​ទ្រង់​ដើម្បី​បំពេញ ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ឆ្នាំនេះ​យើង​អាច​រៀន​បន្ថែម​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​យើង​នៅក្នុង ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ព្រះគម្ពី​សញ្ញាចាស់​ដ៏​ពិសិដ្ឋ​នោះ នឹង​បង្រៀន​អំពី​តួនាទី​របស់​ព្យាការី នៅ​ក្នុង​គ្រា​មិន​ច្បាស់​លាស់ និង​ព្រះហស្ត​របស់​ព្រះ​នៅក្នុង​ពិភពលោក​ដែល​ច្របូកច្របល់ និង​វិវាទ​គ្នា​នេះ ។ វា​ក៏​និយាយ​អំពី​អ្នកជឿដ៏រាបសារ ដែល​ទន្ទឹង​ចាំ ការយាងមក​របស់​ព្រះអង្គសង្គ្រោះ​ដោយស្មោះត្រង់ក៏ដូចជា​ពួកយើង​ទន្ទឹង​ចាំ និង​ត្រៀមខ្លួន​សម្រាប់ការយាង​មក ជាលើកទីពីរ​របស់ទ្រង់—ជា​ការ​យាងមក​វិញ​ដ៏​រុងរឿង និង​ដែល​បាន​ព្យាករណ៍​ជាយូរលង់មក ។

រហូត​ដល់​ថ្ងៃ​នោះ យើង​ប្រហែល​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​យើង​នូវ​គម្រោង​ការណ៍​របស់​ព្រះ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​របស់​យើង​ទេ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣ ) ។ ប៉ុន្តែ​យើង​អាច​ចង​ចាំ​ការឆ្លើយ​តប​របស់​នីហ្វៃ នៅពេល​ដែល​គាត់​ប្រឈម​មុខ​នឹង​អ្វី​មួយ​ដែល​លោក​មិន​យល់ ៖ ខណៈ​​ដែល​លោក​មិន​ដឹង​ពី​អត្ថន័យ​នៃ​ការណ៍​គ្រប់​យ៉ាង ប៉ុន្តែ​លោក​ដឹងថា​ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។ ( សូម​មើល នីហ្វៃទី ១ ១១:១៧ ) ។

នេះគឺជា​សាក្សី​របស់ខ្ញុំ ក្នុង​ព្រឹក​ថ្ងៃ​បរិសុទ្ធ​ដ៏ស្រស់​ស្អាត​នេះ ។ សូម​យើង​ចារ​វា​នៅក្នុង​ចិត្ត ហើយ​អនុញ្ញាត​ឲ្យ​វា​បំពេញ​ព្រលឹង​យើង ដោយ​ក្តីសុខសាន្ត ក្តីសង្ឃឹម និង​អំណរ​ដ៏​នៅ​អស់កល្ប ៖ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ​មក ពុំមែន​ដើម្បី​ជំនុំ​ជម្រះ​យើង​ទេ ប៉ុន្តែ​សង្គ្រោះ​យើងវិញ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕