សន្និសីទទូទៅ
ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


10:20

ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ

នៅក្នុង​ក្រោល​នៃ​ព្រះ យើង​ទទួល​បាន​ការមើល​ថែ ការបីបាច់​ថែទាំ​ពី​អ្នក​គង្វាលល្អ ហើយ​មាន​ពរ​បានទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ទ្រង់ ។

ជា​ឪពុក​ម្តាយ​វ័យ​ក្មេង ​បងប្រុស និង​បងស្រី​សាម៉ាដ បាន​រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ផ្ទះ​​តូចដ៏​សាមញ្ញ​របស់​ពួកគាត់ ​នៅ​ទីក្រុង​សេម៉ារាំង ប្រទេស​ឥណ្ឌូនេស៊ី ។​ អ្នក​ផ្សព្វផ្សាយ​សាសនា​​ពីររូប​បាន​បង្រៀន​សេចក្តីពិត​ដ៏​អស់កល្ប​ដល់​ពួកគាត់ ដោយ​អង្គុយ​នៅ​ជុំ​វិញ​តុ​តូច​មួយ បំភ្លឺ​ដោយ​ពន្លឺ​ភ្លើង​ព្រឹមៗ ដែល​ហាក់ដូច​ជា​ធ្វើ​ឲ្យ​មាន​សត្វ​មូស​ច្រើន​ជាង​ពន្លឺ​ភ្លើង ។ តាមរយៈ​ការអធិស្ឋាន​ដ៏ស្មោះសរ និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគាត់​បាន​ជឿលើ​អ្វី​ដែល​ពួកគេបាន​បង្រៀន ហើយ​បាន​ជ្រើសរើស​​ទទួល​បុណ្យ​ជ្រមុជទឹក ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ព្រោះតែ​ការសម្រេចចិត្ត​ និង​គំរូ​នៃ​ការរស់នៅ​របស់​ពួកគាត់ចាប់​តាំង​ពីពេល​នោះ​មក វាបាន​ផ្តល់​ពរ​ដល់​បងប្រុស​ និងបងស្រី​សាម៉ាដ ព្រមទាំង​គ្រួសារ​​ពួកគាត់ក្នុង​ជីវិតរស់នៅ ។

ពួកគាត់​ស្ថិត​ក្នុង​ចំណោម​ពួកបរិសុទ្ធ​ដែល​ជាអ្នក​ត្រួសត្រាយ​ដំបូង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។ ក្រោយ​មកពួកគាត់​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​បងប្រុស​សាម៉ាដ​បាន​បម្រើ​ជា​ប្រធាន​សាខា និង​ជា​ប្រធាន​មណ្ឌល ហើយ​បានធ្វើ​ដំណើរ​​ពេញ​កោះ​ចាវ៉ា​ភាគ​កណ្ដាល ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​គាត់ ។ មួយ​ទសវត្សរ៍​កន្លង​មកនេះ គាត់​បាន​បម្រើ​ជា​អយ្យកោ​ដំបូង​គេ​នៃ​ស្តេក ស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ។

អែលឌើរ ហ្វាំង និង​បងស្រី បងប្រុស សាម៉ាដ

​កាល​ពី ៤៩ ឆ្នាំ​កន្លង​ទៅ ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅក្នុង​ផ្ទះ​ដ៏​រាបទាប ​ពោរពេញ​ដោយ​សេចក្តីជំនឿនោះ ខ្ញុំ​បាន​ឃើញ​ក្នុងខ្លួន​​ពួកគាត់​នូវ​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​មរមនថា ៖ « ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើល​ចុះ ពួក​គេ​បានពរ​គ្រប់​យ៉ាង ​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ផង » ។ ពរជ័យ​ដែល​ហូរ​ចូល​មក​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​ធ្វើ​តាម​គំរូ និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​អ្នកដែល​ជ្រើសរើស​ដើម្បី​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួកសិស្ស​របស់​ទ្រង់ គឺមាន​ចំនួន​ច្រើន ពេញ​ដោយ​អំណរ និង​អស់កល្ប​ជានិច្ច ។

ក្រោល​នៃ​ព្រះ

ការអញ្ជើញ​របស់​អាលម៉ា​​​ដល់​អស់​អ្នក​ដែល​មក​ជុំ​គ្នា​នៅឯ​ទឹក​មរមន ​ឲ្យ​ទទួល​យក​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ចាប់ផ្តើម​ដោយ​ឃ្លា​នេះ ៖ « ហើយ​ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ » ។

Flock of sheep in the country side standing next to a rock fence.

ក្រោល ឬ​ក្រោល​ចៀម​គឺ​ជា​វាល​ធំ​មួយ ជារឿយៗ​គេ​សង់​របង​ថ្ម​ព័ទ្ធ​ជុំវិញ ដើម្បី​ការពារ​សត្វចៀម​នៅពេល​យប់ ។ វានោះ​មាន​ច្រក​តែ​មួយ​ប៉ុណ្ណោះ ។ នៅពេល​ល្ងាច អ្នក​គង្វាល​ហៅ​សត្វ​ចៀម ។ ពួកវា​ស្គាល់​សំឡេង​គាត់ ហើយក៏​ចូល​ទៅ​ក្នុង​ក្រោលដោយ​សុវត្ថិភាព​តាម​ច្រកទ្វារ​នោះ ។

ប្រជាជន​របស់​អាលម៉ា​បាន​ដឹង​ថា អ្នក​គង្វាល​ឈរ​នៅ​ច្រក​ទ្វារ​តូច​នៃ​ក្រោល​នោះ ព្រោះ​ចៀម​ចូល​មក នោះ​គាត់​អាច​រាប់​ចៀម​ទាំងនោះ ហើយ​បើ​មានចៀម​ណា​របួស និង​ឈឺ នោះ​គាត់​នឹងបាន​ដឹង និង​មើល​ថែ​វាម្តង​មួយៗ ។ សុវត្ថិភាព និង​សុខុមាលភាព​របស់​ចៀម វា​​អាស្រ័យទៅលើ​ឆន្ទៈ​របស់​ចៀម​នោះ​ ដើម្បី​ចូល​មក​ក្នុង​ក្រោល ហើយ​ស្ថិត​នៅ​ក្នុងក្រោល​នោះ ។

ក្នុង​ចំណោម​ពួកយើង ប្រហែល​ជាមាន​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា ពួកគាត់​នៅ​សសៀរៗហ្វូង​ចៀម ប្រហែល​ពួកគេ​គិត​ថា ខ្លួនមិន​សូវ​សំខាន់ ឬ​មាន​តម្លៃ​ ឬ​ពួកគេ​ពុំ​នៅ​ក្នុង​ក្រោល​នោះ ។ ហើយពេល​នៅ​ក្នុង​ក្រោល​ចៀមនោះ ​នៅក្នុង​ក្រោល​នៃ​ព្រះ​ ជួនកាល​យើង​អាច​នឹង​ជាន់ជើងគ្នា ដែល​ចាំបាច់​ត្រូវ​ប្រែចិត្ត ឬ​អភ័យទោស​ឲ្យគ្នា ។​

ប៉ុន្តែ​អ្នក​គង្វាល​ល្អ—អ្នក​គង្វាល​ពិត​របស់​យើង—គឺ​ល្អ​ជានិច្ច ។ នៅក្នុង​ក្រោល​នៃ​ព្រះ យើង​ទទួល​បាន​ការមើល​ថែ ការបីបាច់​ថែទាំ​របស់​ទ្រង់ ហើយ​មាន​ពរ​បានទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា « យើង​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង ហើយ​អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​យើង​ជានិច្ច » ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ចារឹក​អំពើ​បាប ការឈឺចាប់ ទុក្ខ​វេទនា​របស់​យើង និង​គ្រប់​អស់​ទាំង​ភាពអយុត្តិធម៌​ក្នុង​ជីវិត​យើង​ដាក់​នៅលើ​ផ្ទៃព្រះហស្ត​ទ្រង់ ។១០ មនុស្ស​ទាំងអស់​ត្រូវបាន​ស្វាគមន៍​ឲ្យ​ទទួល​ពរជ័យ​ទាំង​នេះ នៅពេល​ពួកគេ « មាន​បំណង​ចង់​ចូលរួម »១១ ហើយ​ជ្រើសរើសស្ថិត​​នៅ​ក្នុង​ក្រោល​នេះ ។ អំណោយទាន​នៃ​សិទ្ធិ​ជ្រើសរើស ​គឺពុំ​គ្រាន់តែ​ជា​សិទ្ធិ​ដើម្បី​ជ្រើសរើស​ដោយសាមញ្ញ​នោះ​ទេ វា​ជា​ឱកាស​ជ្រើសរើស​ត្រូវ ។ ហើយ​ជញ្ជាំង​នៃ​ក្រោល​នេះ ពុំ​មែន​ជា​ការបង្ខិត​បង្ខំ​នោះ​ទេ ប៉ុន្តែ​ជា​ប្រភព​នៃ​សុវត្ថិភាព​ខាង​វិញ្ញាណ​វិញទេតើ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា មាន « ហ្វូង​តែ​មួយ និង​អ្នក​គង្វាល​តែ​មួយ » ។១២ ទ្រង់​បាន​មាន​បន្ទូល​ថា ៖

« ឯ​អ្នក​ដែល​ចូល​តាម​ទ្វារ នោះ​ជា​អ្នក​គង្វាល​ចៀម​ពិត ។ …

ហើយ​ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ …

… ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ » ។១៣

បន្ទាប់​មក​ព្រះយេស៊ូវ​បាន​ថ្លែង​ថា « ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នេះ​នឹង​បាន​សង្គ្រោះ »១៤ ទាំងបង្រៀន​យ៉ាង​ច្បាស់​ថា មាន​ផ្លូវ​តែ​មួយ​គត់​ចូល​ទៅ​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​មាន​ផ្លូវ​តែមួយ​គត់​ដើម្បី​បាន​សង្គ្រោះ ។ គឺ​ដោយសារ និង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។១៥

ពរជ័យ​កើត​មាន​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រោល​នៃ​ព្រះ

យើង​រៀន​របៀប​ចូល​រួម​ក្នុង​ក្រោល​ ចេញមកពី​ព្រះបន្ទូល​ព្រះ ដែល​ជា​គោលលទ្ធិ​ដែល​​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកព្យាការី​របស់​ទ្រង់បាន​បង្រៀន ។១៦ ពេល​យើងធ្វើ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​ចូលរួមនៅ​ក្នុង​ក្រោល តាមរយៈ​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ ហើយ​បន្ត​ស្មោះត្រង់១៧ នោះ​អាលម៉ា​បានសន្យា​នូវ​ពរជ័យ​ជាក់លាក់​ផ្ទាល់​ខ្លួន​ចំនួន​បួន ។ បងប្អូន អាច ( ១ ) « បាន​ប្រោសលោះ​ដោយ​ព្រះ » ( ២ ) « បាន​រាប់​ជាមួយ​នឹង​ពួក​អ្នក​នៃ​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ » ( ៣ ) « មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ហើយ ( ៤ ) ព្រះអម្ចាស់​នឹង « ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូរណ៍ » ។១៨

បន្ទាប់​ពី​អាលម៉ា​បាន​បង្រៀន​អំពី​ពរជ័យ​ទាំងនេះ​ហើយ នោះ​ប្រជាជន​បាន​ទះ​ដៃ​របស់​ពួកគេ​ដោយ​អំណរ ។ នេះ​ជា​មូលហេតុ ៖

ទីមួយ ៖ ប្រោសលោះមាន​ន័យថា សង​បំណុល ឬ​ផុត​កាតព្វកិច្ច ឬ​បាន​រួច​ពី​ភាពអាសន្ន ឬ​គ្រោះថ្នាក់ ។​១៩ គ្មាន​កម្រិត​នៃ​ការអភិវឌ្ឍ​ខ្លួន​ណា​ដែល​យើង​អាច​ធ្វើដើម្បី​ឲ្យ​យើង​ជ្រះស្អាត​ពី​អំពើបាប​ដែល​យើង​បាន​ប្រព្រឹត្ត ឬ​បាន​ជា​សះស្បើយ​ពី​ដំបៅ ដែល​យើង​បាន​រងទុក្ខ ដោយ​គ្មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឡើយ ។ ទ្រង់​គឺជា​ព្រះប្រោសលោះ​របស់​យើង ។២០

ទីពីរ ៖ ដោយសារ​ការរស់ឡើង​វិញ​របស់​ព្រះគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើងវិញ​ដែរ ។២១ បន្ទាប់​ពី​វិញ្ញាណ​ចាកចេញ​ពី​រូបកាយ​​យើង​ទៅ នោះ​យើង​នឹង​ទន្ទឹង​ចាំ​ដោយ​ឥត​សង្ស័យ​ដល់​ថ្ងៃ​ដែល​យើង​អាច​មាន​រូបកាយរស់​ឡើង​វិញម្តង​ទៀត ដើម្បី​ឱប​ក្រសោប​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ។ យើង​នឹង​អន្ទះសា​ចង់ស្ថិត​​នៅក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រស់ឡើង​វិញ​លើក​ទីមួយ ។

ទីបី ៖ ជីវិត​អស់កល្ប​ជានិច្ច​មានន័យ​ថា ការរស់នៅ​ជាមួយ​ព្រះ និង​រស់នៅ​ដូច​ជាទ្រង់ ។ វា​ជា « អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ »២២ ហើយវា​នាំ​មកនូវ​អំណរដ៏​ពោរពេញ ។២៣ វាគឺ​ជា​គោលបំណង និង​គោលដៅ​ដ៏​សំខាន់​នៃ​ជីវិត​យើង ។

ទីបួន ៖ ភាពជា​ដៃគូនឹង​សមាជិក​នៃ​ក្រុម​ព្រះ គឺព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ការណែនាំ និង​ការលួងលោម​ដែល​ត្រូវការ​ជា​ច្រើន អំឡុង​ជីវិត​រមែង​ស្លាប់​នេះ ។២៤

សូម​ពិចារណា​ពី​មូលហេតុអពមង្គល​មួយ​ចំនួន ៖ ទុក្ខ​វេទនា​កើត​មក​ពី​អំពើ​បាប២៥ ភាព​សោកសៅ និង​ភាពឯកា​​ពេល​មនុស្ស​ជាទី​ស្រឡាញ់​ស្លាប់ ហើយ​ការភ័យ​ខ្លាច​មកពីភាព​មិន​ច្បាស់​ថា​អ្វី​នឹង​កើតឡើង​នៅពេល​យើង​ស្លាប់​ទៅ ។ ប៉ុន្តែ​នៅពេល​យើង​ចូល​ទៅ​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​រក្សា​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ទ្រង់ នោះ​យើង​មាន​អារម្មណ៍​សុខសាន្ត​ ព្រោះ​ដឹង និង​ទុកចិត្ត​ថា ព្រះគ្រីស្ទ​នឹង​ប្រោសលោះ​យើង​ចេញ​ពី​អំពើ​បាប​ ថា​ការបែកចេញ​ពី​រូបកាយ និង​វិញ្ញាណ​នឹងបញ្ចប់ទៅ​យ៉ាងឆាប់ ហើយ​ថា​យើង​នឹង​រស់នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ​នៅក្នុង​ស្ថានភាព​​ដ៏រុងរឿង​បំផុតមួយ ។

ទុក​ចិត្ត​លើ​ព្រះគ្រីស្ទ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ

បងប្អូន​ប្រុសស្រី ព្រះគម្ពីរ​មាន​ពេញ​ទៅ​ដោយ​គំរូ​នៃ​ព្រះចេស្តា​ដ៏​មាន​មហិទ្ធិឫទ្ធិ​នៃ​ព្រះអង្គ​សង្គ្រោះ និង​សេចក្តី​មេត្តា​ករុណា និង​ព្រះគុណ​ដ៏​អាណិត​អាសូរ​របស់​ទ្រង់ ។ អំឡុង​ពេល​នៃ​ការងារ​បម្រើនៅ​លើ​ផែនដី​របស់​ទ្រង់ ពរជ័យ​នៃ​ការព្យាបាល​របស់​ទ្រង់​កើត​មាន​ដល់​អស់​អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់ ហើយ​បាន​ធ្វើ​សកម្មភាព​ដោយ​ជំនឿ ។ ឧទាហរណ៍ មនុស្ស​ពិការ​​នៅ​ស្រះ​ទឹក​បេថែសដា​ បាន​ដើរ​រួច ពេល​គាត់​ជឿ​ធ្វើ​តាម​ការ​ត្រាស់​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ » ។២៦ អស់​អ្នក​ដែល​ឈឺ ឬ​រង​ទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ​នៅ​ដែនដី​បរិបូរ៍​ត្រូវបាន​ព្យាបាល​ឲ្យ​ជា​ នៅពេល​ពួកគេ « ដើរ​ឆ្ពោះ​ទៅ​មុខ​ព្រម​គ្នា » ។២៧

ដូច​គ្នា​នេះ​ដែរ ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ នោះ​វា​តម្រូវ​ឲ្យ​យើង​គ្រាន់តែ—យើង​ត្រូវ​ជ្រើសរើស​ចូលមក​ប៉ុណ្ណោះ ។ អាលម៉ា​ជាកូន​បាន​បង្រៀន​ថា « ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​គង្វាល​ល្អ​នឹង​ហៅរក​អ្នក ហើយ​បើ​សិន​ជា​អ្នក​ស្ដាប់​តាម​សំឡេង​លោក នោះ​លោក​នឹង​នាំ​អ្នក​ចូល​ក្នុង​ក្រោល​របស់​លោក » ។២៨

ជាច្រើន​ឆ្នាំ​មុន មិត្ត​ជា​ទីស្រឡាញ់​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក ។ ពេល​ភរិយា​របស់​គាត់ ស្សារ៉ុន បាន​សរសេរ​ប្រាប់លើក​ដំបូង​ពី​រោគវិនិច្ឆ័យ​របស់​គាត់ នោះ​នាងបាន​និយាយ ៖ « យើង​ជ្រើស​យក​សេចក្តី​ជំនឿ ។ សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តី​ជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ និង​សេចក្តីជំនឿ​ដែល​ថា ទ្រង់​ជ្រាប​ដឹង​ពី​តម្រូវការ​របស់​យើង ហើយ​បំពេញ​ការសន្យា​របស់​ទ្រង់ » ។២៩

ខ្ញុំ​បាន​ជួប​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាច្រើន​នាក់​ដូចជា ស្សារ៉ុន ដែល​មាន​អារម្មណ៍​សុខសាន្ត​ក្នុង​ចិត្ត ​ពេល​នៅ​ក្នុង​ក្រោល​នៃ​ព្រះ​ដោយ​សុវត្ថិភាព ជា​ពិសេស​ពេល​មាន​ការល្បួង ការផ្ទុយ ឬ​សេចក្តីវេទនា​កើត​ឡើង ។៣០ ពួកគេ​បាន​ជ្រើសរើស​​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។ ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អ្វីៗ​គ្រប់យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ​ដែល​សំខាន់​ដ៏​អស់កល្ប—ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ » ។៣១

ចូល​មកក្នុង​ក្រោល​នៃ​ព្រះ​ទាំងស្រុង

ជីតា​លា​របស់​ខ្ញុំ​ឈ្មោះ ជេមស៍ សរយ័រ ហូលមែន បាន​មក​រដ្ឋ​យូថាហ៍​នៅ​ក្នុង​ឆ្នាំ ១៨៤៧ ប៉ុន្តែ​គាត់​ពុំបានមកក្នុង​​ចំណោម​អ្នក​ដែល​មក​ដល់​នៅ​ខែ​កក្កដា​ជាមួយ ព្រិកហាំ យ៉ង់ នោះ​ទេ ។ យោង​តាម​កំណត់ត្រា​គ្រួសារ គាត់​បាន​មក​ពេល​ក្រោយក្នុង​ឆ្នាំ​​នោះ គាត់​ទទួល​ខុសត្រូវ​ដើម្បី​នាំ​ចៀម​មក ។ រហូតដល់​ខែ​តុលា​ទើប​គាត់​បាន​មក​ដល់​ជ្រលង​ភ្នំ សលត៍ លេក ទាំង​គាត់ និង​ចៀម​បាន​បានមកដល់​ដោយ​សុវត្ថិភាព ។៣២

បើប្រៀប​ទៅ​រឿង​នោះ ​ពួកយើង​មួយ​ចំនួន​គឺស្ថិតនៅលើ​វាល​ទំនាប​នៅ​ឡើយ ។ មនុស្ស​គ្រប់​គ្នា​ពុំ​បានមក​ដល់​ជាមួយ​ក្រុម​ទីមួយ​ទេ ។ មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូម​បន្ត​ដំណើរ​—ហើយ​ជួយ​អ្នកដទៃ—ឲ្យ​ចូល​មកក្នុង​ក្រោល​នៃ​ព្រះ​ទាំងស្រុង ។ ពរជ័យ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គ្មាន​ដែន​កំណត់​ទេ ដោយសារ​ពរជ័យ​ទាំង​នោះ​គឺ​អស់កល្ប​ជានិច្ច ។

ខ្ញុំមាន​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ និង​ព្រះប្រោសលោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ភាពសុខសាន្ត​ដែល​កើត​មក​ពី​ទ្រង់​ទាំងទ្វេ—​ទាំង​ភាព​សុខសាន្ត​ក្នុង​ចិត្ត និង​ពរជ័យ​ដែល​មាន​នៅក្នុង​ក្រោល​នៃ​ព្រះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ដូច​ប្រជាជន​ឥណ្ឌូនេស៊ី​ជា​ច្រើន​នាក់​នៅ​ជំនាន់​របស់​គាត់​ដែរ បងប្រុស​សាម៉ាដ​មាន​ឈ្មោះ​តែមួយ​ប៉ុណ្ណោះ ។ ភរិយា​គាត់​ឈ្មោះ ស៊្រី កាតូនីងស៊ី ហើយ​កូនៗ​របស់​ពួកគាត់​ប្រើ​ឈ្មោះ​សាម៉ាដ ជា​នាម​ត្រកូល​របស់​ពួកគេ ។

  2. បងប្រុស​បងស្រី​សាម៉ាដ​រាយការណ៍​ថា គ្រួសារ​របស់​ពួកគាត់​មាន​សាច់ញាតិ​យ៉ាង​ហោច​ណាស់​ចំនួន ៤៤ នាក់​ដែល​ជា​សមាជិក​សាសនាចក្រ​នាពេល​បច្ចុប្បន្ន ។ មនុស្ស​ដទៃ​ទៀត​ជា​ច្រើន​ក៏​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ដោយសារ​គំរូ និង​ការបម្រើ​របស់​ពួកគាត់​ផងដែរ ។

  3. ម៉ូសាយ ២:៤១ ។

  4. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣ ។

  5. ម៉ូសាយ ១៨:៨ ។

  6. សូមមើល មរ៉ូណៃ ៦:៤ ។

  7. សូមមើលយ៉ូហាន ១០:១៤​សូមមើល ជែរីត ដបុលយូ ហ្គង « Good Shepherd, Lamb of God »​Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៧–១០១ ។

  8. អេសាយ ៤៩:១៦ ។

  9. សូមមើល អាលម៉ា ៧:១១–១៣ ។

  10. សូមមើល ឌែល ជី រិនឡាន់ « Infuriating Unfairness » Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤១–៤៤ ។

  11. ម៉ូសាយ ១៨:៨ ។

  12. យ៉ូហាន ១០:១៦ ។

  13. យ៉ូហាន ១០:២–៤ ។

  14. យ៉ូហាន ១០:៩ ។

  15. សូម​មើល នីហ្វៃទី​២ ៣១:២១; ហេលេមិន ៥:៩ ។

  16. សូមមើល ហែនរី ប៊ី អាវរិង « The Power of Teaching Doctrine » Liahona ខែ កក្កដា ឆ្នាំ ១៩៩៩ ទំព័រ ៨៥ ។ នៅពេល​យើង​ព្យាយាម​មក​កាន់​ព្រះគ្រីស្ទ នោះ​យើង​ត្រូវ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ « ត្បិត​មាន​ព្រះ​តែ​មួយ និង​អ្នក​គង្វាល​មួយ​ប៉ុណ្ណោះ នៅ​លើ​ផែនដី​ទាំង​មូល » ( សូមមើល នីហ្វៃ​ទី​១ ១៣:៤០–៤១) ។

  17. គោលលទ្ធិ​ព្រះគ្រីស្ទ​ចែង​យ៉ាង​សាមញ្ញ​ថា មនុស្ស​ទាំងអស់​នៅគ្រប់​ទីកន្លែង​ត្រូវ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស៊ូទ្រាំ​ដរាប​ដល់​ចុង​បំផុត ឬ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង នីហ្វៃ​ទី៣ ១១:៣៨ ថា « អ្នក​រាល់​គ្នា​នឹង​គ្មាន​មធ្យោបាយ​ណា ដែល​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ។

  18. ម៉ូសាយ ១៨:៩, ១០ ។

  19. សូមមើល វចនា​នុក្រុម Merriam Webster.com ពាក្យ « redeem »; សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩ ។

  20. សូម​មើល អាលម៉ា ១១:៤០ ។

  21. សូមមើល នីហ្វៃ​ទី​២ ២:៨; ៩:១២ ។

  22. គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៧ ។

  23. សូម​មើល នីហ្វៃទី​២ ៩:១៨ ។

  24. សូមមើល នីហ្វៃ​ទី​១ ៤:៦; មរ៉ូណៃ ៨:២៦ ។

  25. សូមមើល ម៉ូសាយ ៣:២៤–២៥; អាលម៉ា ៤១:១០ ។

  26. យ៉ូហាន ៥:៨ ។

  27. នីហ្វៃ​ទី​៣ ១៧:៩ ។

  28. អាលម៉ា ៥:៦០ ។ នៅក្នុង ម៉ូសេ ៧:៥៣ ព្រះមែស៊ី​ក៏​បាន​មាន​ព្រះបន្ទូល​ដែរ​ថា « អស់​អ្នក​ណា​ដែល​ចូល​តាម​ទ្វារ ហើយ​លើក​ដោយសារ​យើង នោះ​នឹង​មិន​ដែល​ធ្លាក់​ឡើយ » ។

  29. Sharon Jones « Diagnosis » នៅលើ​គេហទំព័រ wechoosefaith.blogspot.com ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០១២ ។

  30. ប្រកាស​ដំណឹងល្អ​របស់​យើងឲ្យ​និយមន័យ​ពាក្យ « ការស៊ូទ្រាំ​ដល់​ទីបំផុត » ដូច​តទៅ​នេះ ៖ « នៅពិត​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​នៅ​ពិត​ចំពោះ​អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​នៃ​ព្រះវិហារ​បរិសុទ្ធ ទោះបី​មាន​ការល្បួង ការផ្ទុយ និង​សេចក្តីវេទនា​ពេញ​មួយ​ជីវិត​ក៏​ដោយ » ( [ ឆ្នាំ ២០១៩ ] ទំព័រ ៧១ ) ។ ចំណុច​នេះ​ផ្តល់​យោបល់​ដល់​យើង​ថា យើង​នឹង​ដក​ពិសោធន៍​ការល្បួង ការផ្ទុយ និង​សេចក្តីវេទនា​ពេញ​មួយ​ជីវិត ។

  31. រ័សុល អិម ណិលសុន « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២ ។

  32. សូមមើល​ប្រវត្តិរូប​សង្ខេប​របស់ James Sawyer Holman និង Naomi Roxina LeBaron Holman ដែល​សរសេរ​ដោយ​ចៅស្រី​របស់​ពួកគេ Grace H. Sainsbury ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ថ្លែងសុន្ទរកថា ( Charles C. Rich diary ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ១៨៤៧, Church History Library, Salt Lake City; Journal History of The Church of Jesus Christ of Latter-day Saints ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ១៨៤៧ ទំព័រ ៤៩ Church History Library ) ។ ហូលមែន​ជា​មេបញ្ជាការ​នៅក្នុង​កងពល Charles C. Rich ឆ្នាំ ១៨៤៧ ។