ឥឡូវគឺជាពេលវេលា
ឥឡូវគឺជាពេលដែលយើងអាចរៀន ។ ឥឡូវគឺជាពេលដែលយើងអាចប្រែចិត្ត ។ ឥឡូវគឺជាពេលដែលយើងអាចប្រទានពរអ្នកដទៃ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ សន្និសីទនេះចារជាប្រវត្តិសាស្ត្រតាមរបៀបជាច្រើន ។ យើងត្រូវបានប្រទានពរតាមរយៈការអធិស្ឋាន សារលិខិត និងតន្ត្រី ។ យើងត្រូវបានបំផុសគំនិតមកពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។
ពួកយើងបានទទួលការដឹកនាំដ៏សំខាន់សម្រាប់ពេលអនាគត ។ ការអធិស្ឋានរបស់ខ្ញុំគឺថា សូមឲ្យព្រះវិញ្ញាណមានបន្ទូលទៅកាន់បងប្អូនដោយផ្ទាល់អំពីរឿងដែលព្រះអម្ចាស់នឹងឲ្យ បងប្អូន ធ្វើ ។
អនាគតគឺពុំប្រាកដប្រជាជានិច្ចនោះឡើយ ។ អាកាសធាតុប្រែប្រួល ។ ដំណើរសេដ្ឋកិច្ចពុំអាចព្យាករដឹងមុនបានទេ ។ គ្រោះធម្មជាតិ ឧប្បទ្ទវហេតុ និងជំងឺ អាចផ្លាស់ប្ដូរជីវិតភ្លាមៗ ។ សកម្មភាពទាំងនេះ គឺមានទំហំធំហួសពីការគ្រប់គ្រងរបស់យើង ។ ប៉ុន្តែមានរឿងមួយចំនួន ដែលយើង អាចគ្រប់គ្រងបាន រួមមាន របៀបដែលយើងចំណាយពេលវេលាជារៀងរាល់ថ្ងៃ ។
ខ្ញុំចូលចិត្តកំណាព្យនេះ និពន្ធដោយ ហែនរី វែន ដែក ដែលផ្សាយអំពីនាឡិកា sundial នៅមហាវិទ្យាល័យវែល នៅទីក្រុង នូវយ៉ោក ។ វាអានថា ៖
ដូចជាស្រមោលទ្រនិចនាឡិកា
ខណ្ឌចែកព្រំដែនសីមាអនាគត និងអតីតកាល ៖
គ្រាដែលវេលាពុំទាន់មកដល់
ដូចភាពងងឹតមើលអ្វីពុំយល់ ។
តែកាលវេលាកន្លងផុតទៅ
ពុំអាចបកក្រោយឲ្យស្ថិតនៅ ៖
កាលមានវេលានៅក្នុងដៃ—
ជាពេលឥឡូវនៅនាសព្វថ្ងៃ ។១
មែនហើយ យើងគួរតែរៀនពីអតីតកាល ហើយ មែនហើយ យើងគួរតែរៀបចំសម្រាប់អនាគត ។ ប៉ុន្តែយើងអាចធ្វើវាបានតែ ឥឡូវ ប៉ុណ្ណោះ ។ ឥឡូវ គឺជាពេលដែលយើងអាចរៀន ។ ឥឡូវ គឺជាពេលដែលយើងអាចប្រែចិត្ត ។ ឥឡូវ គឺជាពេលដែលយើងអាចប្រទានពរដល់អ្នកដទៃ ហើយជួយ « លើកដៃដែលរោយ » ។២ ដូចមរមនបានទូន្មានដល់កូនប្រុសរបស់លោក ឈ្មោះ មរ៉ូណៃ « ចូរយើងព្យាយាមធ្វើការចុះ ដ្បិតបើសិនជាយើងឈប់ខិតខំ នោះយើងនឹងត្រូវបាននៅក្រោមការកាត់ទោស ដ្បិតយើងមានការណ៍មួយសម្រាប់ធ្វើ នៅពេលយើងនៅក្នុងរោងឧបោសថឥដ្ឋនេះ ដើម្បីឲ្យយើងអាចឈ្នះលើខ្មាំងសត្រូវនៃអស់ទាំងសេចក្ដីសុចរិត ឯព្រលឹងរបស់យើងនឹងសម្រាកនៅក្នុងនគរព្រះ » ។៣
មារសត្រូវ វាពុំដេកឡើយ ។ តែងតែមានការផ្ទុយទៅនឹងសេចក្ដីពិតជានិច្ច ។ ខ្ញុំសូមលើកទឹកចិត្តសារជាថ្មីនាព្រឹកនេះថា សូមធ្វើរឿងទាំងឡាយដែលនឹងចម្រើនសន្ទុះវិជ្ជមានខាងវិញ្ញាណរបស់បងប្អូន ដែលអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ដែលនឹងបន្ដដំណើរដើរឆ្ពោះទៅមុខឆ្លងកាត់ឧបសគ្គ និងឱកាសនានាដែលនឹងកើតមានឡើង ។
សន្ទុះវិជ្ជមានខាងវិញ្ញាណបានចម្រើនឡើង នៅពេលយើងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ហើយយល់ដឹងច្រើនឡើងអំពីជម្រៅ និងទំហំនៃពរជ័យដ៏មហិមា ដែលយើងទទួលបាននៅទីនោះ ។ ខ្ញុំសូមអង្វរដល់បងប្អូនឲ្យទប់ទល់នឹងផ្លូវលោកិយ ដោយការផ្ដោតទៅលើពរជ័យដ៏អស់កល្បនៃព្រះវិហារបរិសុទ្ធ ។ ពេលវេលារបស់បងប្អូន នាំមកនូវពរជ័យអស់កល្បជានិច្ច ។
កាលដែលសាសនាចក្របន្ដរីកចម្រើន នោះយើងខិតខំរក្សាសន្ទុះរបស់យើងដោយការសង់ព្រះវិហារបរិសុទ្ធឲ្យកាន់តែច្រើនឡើង ។ ព្រះវិហារបរិសុទ្ធថ្មីចំនួន សែសិប-បួន កំពុងធ្វើការសាងសង់បច្ចុប្បន្ននេះ ។ ច្រើនទៀតកំពុងធ្វើឲ្យថ្មីឡើងវិញ ។ ខ្ញុំអធិស្ឋានសម្រាប់អ្នកជំនាញដែលធ្វើការក្នុងគម្រោងទាំងនេះនៅជុំវិញពិភពលោក ។
ក្នុងស្មារតីនៃការដឹងគុណដោយការអធិស្ឋាន ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសពីផែនការរបស់យើងក្នុងការសាងសង់ព្រះវិហារបរិសុទ្ធថ្មីនៅតាមទីតាំងនីមួយៗដូចខាងក្រោម ៖ វេល្លីងតុន ប្រទេសនូវែលសេឡង់, ប្រាស្សេវីល សាធារណៈរដ្ឋកុងហ្គោ, បាសេឡូណា ប្រទេសអេស្ប៉ាញ, ប៊ឺមីងហាំ ប្រទេសអង់គ្លេស, ខាស្កូ ប្រទេស ប៉េរូ, ម៉ាសេអ៊ីយ៉ូ និង សានតូស ប្រទេសប្រេស៊ីល, សាន ល្វីស ប៉ូតូស៊ី និង ម៉ិចស៊ីកូស៊ីធី, បេណាមេរីតូ ម៉ិចស៊ិក និងនៅក្នុង ស.រ.អា តាំប៉ា រដ្ឋផ្ល័ររីដា, នក់វីល រដ្ឋថេណេសស៊ី, ក្លេវឡិន រដ្ឋអូហៃអូ, វីឈឺតា រដ្ឋកាន់សាស, អូស្ទីន រដ្ឋតិចសាស, មីសសូឡា រដ្ឋម៉ុនតាណា, ម៉ុនពេលីយើរ រដ្ឋអៃដាហូ, និង ម៉ូដេស្តូ រដ្ឋ កាលីហ្វ័រញ៉ា ។
ព្រះវិហារបរិសុទ្ធទាំង១៧នោះនឹងប្រទានពរដល់ជីវិតរាប់មិនអស់នៅទាំងសង្ខាងនៃវាំងនន ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំស្រឡាញ់បងប្អូន ។ ដែលសំខាន់ជាងនេះ ព្រះអម្ចាស់ស្រឡាញ់បងប្អូន ។ ទ្រង់ជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់បងប្អូន ។ ទ្រង់ដឹកនាំ និងណែនាំសាសនាចក្ររបស់ទ្រង់ ។ សូមឲ្យយើងធ្វើជារាស្ត្រដ៏ស័ក្ដិសមរបស់ព្រះអម្ចាស់ ដែលទ្រង់មានបន្ទូលថា « នោះអ្នករាល់គ្នានឹងបានជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា » ។៤
ខ្ញុំអធិស្ឋានទូលសូមពរជ័យនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕