សន្និសីទទូទៅ
សារលិខិត​ផ្តើម
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


4:21

សារលិខិត​ផ្តើម

ពួកយើង​គោរព​ដល់​បុត្រី​ទាំងឡាយ​របស់​ព្រះ​​នៅ​ក្នុង​សម័យ​ប្រជុំ​ដ៏​ពិសេស​នេះ ដោយ​ផ្តោត​ទៅ​លើ​កង្វល់​របស់​ពួកគាត់ និង​អស់​អ្នក​ដែល​នៅ​ក្នុង​អង្គការ​របស់​ពួកគាត់​ផងដែរ ។

បងប្អូន​ស្ត្រី​ជា​ទីស្រឡាញ់​នៅ​ពេល​យើង​ចាប់ផ្តើម​សម័យ​ប្រជុំ​ស្ត្រី​នៃ​សន្និសីទ​ទូទៅ​ដ៏​ពិសេស​នេះ ខ្ញុំ​រីករាយ​ផ្តល់នូវ​សារលិខិត​ណែនាំ​នេះ​មក​ពី​គណៈប្រធាន​ទីមួយ ។

សម័យ​ប្រជុំ​ថ្ងៃ​សៅរ៍​របស់​យើង​មាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​គោលបំណង និង​មាន​ទស្សនិកជន​ផ្សេង​គ្នា​ផងដែរ ។ នា​ល្ងាច​នេះ​យើង​ដាក់​បន្ថែម​ទៅ​លើ​ប្រវត្តិសាស្រ្ត​នោះ ពេល​យើង​ចាប់​ផ្តើម​ផ្តោត​លើ​គោលបំណង និង​នីតិវិធី​ថ្មី​មួយ​សម្រាប់​ពេល​អនាគត ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​ផ្លាស់ប្តូរ​ឡើយ ។ គោលលទ្ធិ​នៃ​ដំណឹងល្អ​មិន​ផ្លាស់ប្តូរ​ឡើយ ។ សេចក្តីសញ្ញា​ផ្ទាល់​ខ្លួន​របស់​យើង​ក៏​មិន​ផ្លាស់ប្តូរ​ដែរ ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ការប្រជុំ​ដែល​យើង​ប្រារព្ធឡើង​ដើម្បី​ចែក​សារលិខិត​របស់​យើង​មាន​ការផ្លាស់ប្តូរ ហើយ​ទំនង​ជា​នឹង​ផ្លាស់ប្តូរ​បន្ត​ទៀត​នៅ​ឆ្នាំ​ខាង​មុខ​ៗ ។

ឥឡូវ​នេះ ការប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​គឺ​ជា​សម័យ​ប្រជុំ​នៃ​សន្និសីទ​ទូទៅ ពុំ​មែន​ជា​សម័យ​ប្រជុំ​របស់​អង្គការ​ជំនួយ​ណា​មួយ​ឡើយ ។ ដូច​ជា​គ្រប់​សម័យ​ប្រជុំ​ទាំងអស់​នៃ​សន្និសីទ​ទូទៅ​ដែរ ការរៀបចំ​ផែនការ អ្នក​ឡើង​និយាយ និង​តន្ត្រី​ត្រូវ​បាន​ចាត់តាំង​ដោយ​គណៈប្រធាន​ទីមួយ ។

យើង​បាន​សុំ​ឲ្យ​ប្រធាន ជីន ប៊ី ប៊ីងហាំ គណៈប្រធាន​ទូទៅ​នៃ​សមាគម​សង្គ្រោះ ដឹកនាំ​សម័យ​ប្រជុំ​នេះ ។ នា​ពេល​អនាគត​សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៏ អាច​នឹង​ត្រូវ​ដឹកនាំ​ដោយ​អ្នក​កាន់​តំណែង​ទូទៅ​ម្នាក់​របស់​សាសនាចក្រ ដូច​ជា សមាជិក​នៅ​ក្នុង​គណៈប្រធាន​ទូទៅ​នៃ​សមាគម​សង្រ្គោះ យុវនារី និង​អង្គការ​បឋមសិក្សា ដែល​បាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ទី​មួយ ។

រាត្រី​នេះ សម័យ​ប្រជុំ​ល្ងាច​ថ្ងៃសៅរ៍​នៃ​សន្និសីទ​ទូទៅ​នឹង​ផ្តោត​ទៅ​លើ​កង្វល់​ទាំងឡាយ​របស់​បងប្អូន​ស្ត្រី​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការណ៏​នេះ​នឹង​រួម​បញ្ចូល​ទាំង​គោលលទ្ធិ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គោលនយោបាយ​ទាំង​ឡាយ​របស់​សាសនាចក្រ​ដែល​ទាក់ទង​ជា​ពិសេស​ចំពោះ​ស្ត្រី និង​ការទទួលខុសត្រូវ​ទូទៅ និង​ការងារ​របស់​អង្គការ​ជំនួយ​ផ្សេងៗ ដែល​រួម​មាន​ស្ត្រី និង​ក្មេងស្រី​នៃ​សាសនាចក្រ ។ តាមរយៈ​សម័យប្រជុំ​នេះ​ទោះ​បី​ជា​មាន​ការចាក់ផ្សាយ​ដោយ​ទូលំទូលាយ​ទៅ​កាន់​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក ដូចជា​សម័យ​ប្រជុំ​ទាំងអស់​នៃ​សន្និសីទ​ទូទៅ​ក្តី ក៏​ទស្សនិកជន​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​សម្រាប់​សម័យ​ប្រជុំ​នេះ​គឺ​មាន​ស្ត្រី និង​យុវនារី​ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទៅ ។ យើង​មាន​ថ្នាក់​ដឹកនាំ​បព្វជិតភាព​មួយ​ចំនួន ដែល​ធ្វើ​ជា​អធិបតី​លើ​អង្គការនានា មក​ចូល​រួម​ផងដែរ ។

អ្វី​ដែល​យើង​កំពុង​ចាប់​ផ្តើម​នៅ​ទី​នេះ គឺ​ឆ្លើយ​តប​ទៅនឹង​ធនធាន​ទំនាក់ទំនង​បច្ចុប្បន្ន ​ដែល​មាន​សម្រាប់ថ្នាក់​ដឹក​នាំ និង​សមាជិកភាព​នៃ​សាសនាចក្រ​​របស់​ព្រះអម្ចាស់​នៅទូទាំង​ពិភពលោក ។ គោលលិទ្ធ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់រូប ដូច្នេះ​ហើយ​នោះ​ជា​ការ​ជំរុញ​ទឹកចិត្ត​ដ៏ចម្បង ព្រមទាំងពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​របស់​យើង ។ ពួកយើង​គោរព​ដល់​បុត្រី​ទាំងឡាយ​របស់​ព្រះ​​នៅ​ក្នុង​សម័យ​ប្រជុំ​ដ៏​ពិសេស​នេះ ដោយ​ផ្តោត​ទៅ​លើ​កង្វល់​របស់​ពួកគាត់ និង​អស់​អ្នក​ដែល​នៅ​ក្នុង​អង្គការ​របស់​ពួកគាត់​ផងដែរ ។

យើង​មាន​អំណរគុណ​ដែល​បច្ចេកវិទ្យា​ខាង​ការចាក់ផ្សាយ​ពេល​នេះ ផ្តល់​លទ្ធភាព​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​​ធ្វើការ​បំពាក់បំប៉នលម្អិត តាមរយៈ​ការថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ជាក់​លាក់​ពី​ចម្ងាយ ។ យើង​ក៏​ស្វាគមន៍​ ដែល​ឱកាស​ធ្វើ​ដំណើរ​នា​ពេល​បច្ចុប្បន្ន​កំពុង​បើក​ឲ្យ​មាន​ច្រើន​ឡើង​ផងដែរ ។ វា​អនុញ្ញាត​ឲ្យ​យើង​អាច​បញ្ជូន​ថ្នាក់​ដឹកនាំ​សាសនាចក្រ ធ្វើ​ដំណើរ​ទៅ​បំពាក់បំប៉ន​ភាព​ជា​អ្នក​ដឹកនាំ​​ដោយ​ផ្ទាល់ ជា​ទៀងទាត់​តាម​តម្រូវការ​ផងដែរ ។

នេះ​ជា​កិច្ចការ​របស់​អម្ចាស់​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​គឺ​ជា​អ្នកបម្រើ​របស់​ទ្រង់ បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​របស់​ទ្រង់ ។ យើង​សូម​ឲ្យ​ពរជ័យ​នៃ​ព្រះអម្ចាស់​ចាក់ស្រោច​លើ​ពួក​អ្នក​ដឹកនាំ​នៃ​អង្គការ​ទាំងនេះ ស្ត្រី និង​យុវនារី​ស្មោះត្រង់ទាំងឡាយ ដែល​បម្រើ​ព្រះអម្ចាស់​នៅក្នុង​អង្គការ​ទាំងនេះ និង​ក្នុង​ជីវិត​ពួកគេ​ផ្ទាល់​ម្នាក់ៗ​ផងដែរ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕