សន្និសីទទូទៅ
ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


10:39

ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា

ទ្រង់​អាច​ព្យាបាល​ទំនាក់ទំនង​ប្រេះឆា​នឹង​ព្រះ ទំនាក់ទំនង​ប្រេះឆា​​នឹង​មនុស្ស​ផ្សេង​ទៀត ព្រមទាំង​បំណែក​ប្រេះឆា​របស់​យើង​ផ្ទាល់ ។

កាល​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ឯ​ការ​ជួបជុំ​គ្រួសារមួយ ក្មួយប្រុស​អាយុ​ប្រាំបី​ឆ្នាំរបស់ខ្ញុំឈ្មោះ វិល្លៀម បាន​សួរ​រក​កូន​ប្រុសច្បង​របស់​យើង​ឈ្មោះ ប្រីតថុន ថា​ចង់​លេង​បាល់​ជា​មួយ​គាត់​ឬ​ទេ ។ ប្រីតថុន​បាន​ឆ្លើយ​ដោយ​រំភើប​ថា « បាទ ! បង​ចង់​លេង​ ! » បន្ទាប់​ពី​ពួកគេ​លេង​បាន​មួយ​សន្ទុះ ប្រីតថុន ទប់​បាល់​មិន​ជាប់ ​ធ្វើ​ឲ្យ​បែក​ថូ​បុរាណ​មួយ​របស់​លោកតា​លោកយាយ​គាត់ ។

ប្រីតថុន​មាន​អារម្មណ៍​មិន​ល្អ ។ ពេល​គាត់​បាន​ឱន​ចុះ​រើស​កំទិច​បាក់​បែក​នោះ ប្អូន​ប្រុស ​វិល្លៀម ​បាន​ដើរ​មក​អង្អែល​ខ្នង​បង​ជីដូនមួយ​របស់​គាត់​ដោយ​ក្ដីស្រឡាញ់ ។ បន្ទាប់​មក​ គាត់​បាន​លួង​ថា « បង​ប្រីតថុន កុំ​ព្រួយ​អី ។ ខ្ញុំ​ធ្លាប់​ធ្វើ​បែក​របស់របរ​របស់​លោកយាយ​លោកតា ពួកគាត់​បាន​ឱប​ខ្ញុំ ហើយ​បាន​ប្រាប់​ថា ‹ វិល្លៀម មិន​អី​ទេ ។ ចៅ​ទើបតែ​អាយុ​ប្រាំ​ឆ្នាំ​ហ្នឹង › » ។

ប្រីតថុន ​បាន​ឆ្លើយ​តប​ថា « វិល្លៀម ប៉ុន្តែ​បង​អាយុ ២៣ ឆ្នាំ​ហើយ ! »

យើង​អាច​រៀន​យ៉ាង​ច្រើន​មក​ពី​ព្រះគម្ពីរ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​ជួយ​យើង​ជួសជុល​អ្វី​ដែល​បាក់បែក​នៅ​ក្នុង​ជីវិត​​ដោយ​ជោគជ័យ មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​នោះ​ទេ ។ ទ្រង់​អាច​ព្យាបាល​ទំនាក់ទំនង​ប្រេះឆា​នឹង​ព្រះ ទំនាក់ទំនង​ប្រេះឆា​​នឹង​មនុស្ស​ផ្សេង​ទៀត ព្រមទាំង​បំណែក​ប្រេះឆា​របស់​យើង​ផ្ទាល់ ។

ទំនាក់ទំនង​ប្រេះឆា​នឹង​ព្រះ

ពេល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកអាចារ្យ និង​ពួកផារិស៊ី​បាននាំ​ស្ត្រី​ម្នាក់​មកឯ​ទ្រង់ ។ យើង​ពុំ​ដឹង​ពី​រឿង​របស់​នាង​ទាំង​ស្រុង​ទេ គ្រាន់​តែ​ដឹង​ថា នាង​ត្រូវ « គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា » ។ ជា​ញឹកញាប់ ព្រះគម្ពីរ​គ្រាន់​តែ​ប្រាប់​នូវ​ផ្នែក​ដ៏​តូច​មួយ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​ផ្អែក​លើ​មួយផ្នែក​នោះ ពេលខ្លះ​យើង​មាន​ទំនោរ​ចង់​លើកតម្កើង ឬ​ថ្កោលទោស ។ យើងពុំ​អាច​យល់​អំពី​ជីវិត​មនុស្ស​ម្នាក់​តាមរយៈ​គ្រា​ដ៏​អស្ចារ្យ​មួយ ឬ​ការ​ខក​ចិត្តទូទៅ​​ដ៏​សោកស្ដាយ​មួយ​នោះ​ឡើយ ។ គោលបំណង​នៃ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ទាំងនេះ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ឃើញ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ចម្លើយ​នៅពេល​នោះ ហើយ​ទ្រង់​ជា​ចម្លើយ​នៅពេល​នេះ​ផងដែរ ។ ទ្រង់​ត្រាស់ដឹង​ពី​ដំណើររឿង​ទាំងស្រុង និង​ការរងទុក្ខ​របស់​យើង​យ៉ាង​ច្បាស់ ក៏​ដូចជា​សមត្ថភាព និង​ភាពងាយ​រងគ្រោះ​របស់​យើង​ផងដែរ ។

ព្រះគ្រីស្ទតប​ទៅកាន់បុត្រី​ដ៏​មាន​តម្លៃ​របស់​ព្រះ​ម្នាក់​នេះ​ថា « ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ។ របៀប​មួយ​ទៀត​ក្រៅ​ពី​និយាយ​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » នោះ​យើង​អាច​និយាយ​ថា « អញ្ជើញ​ទៅ​ចុះ ហើយ​សូម​ផ្លាស់ប្ដូរ » ។ ព្រះអង្គ​សង្គ្រោះ​កំពុង​អញ្ជើញ​នាង​ឲ្យ​ប្រែចិត្ត ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ​ការទំនាក់ទំនង និង​អារម្មណ៍​អំពី​ខ្លួននាង ព្រម​ទាំង​ដួងចិត្ត​របស់​នាង​ផង ។

ដោយសារ​តែ​ព្រះគ្រីស្ទ នោះ​ការសម្រេច​ចិត្ត​របស់​យើង​ដើម្បី « ទៅ ហើយ​ផ្លាស់ប្ដូរ » ក៏​អាច​ជួយ​យើង​ឲ្យ « ទៅ ហើយ​ទទួល​ការព្យាបាល » ផងដែរ ដ្បិត​ទ្រង់​គឺ​ជា​ប្រភព​នៃ​ការព្យាបាល​គ្រប់​អ្វី​ដែល​ប្រេះឆា​នៅក្នុង​ជីវិត​យើង ។ ក្នុង​នាម​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ ជាមួយ​ព្រះវរបិតា នោះ​ព្រះគ្រីស្ទ ញែក ហើយស្ដារ​ទំនាក់ទំនង​ដែល​ប្រេះឆា​ឡើងវិញ​ឲ្យ​បរិសុទ្ធ—ពិសេស​បំផុត ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ ។

ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ប្រាប់​យ៉ាង​ច្បាស់​ថា ស្ត្រី​នោះ ពិត​ជា បាន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ផ្លាស់ប្ដូរ​ជីវិត​​នាង ៖ « ហើយ​ស្ត្រី​នោះ​បាន​សរសើរ​ដល់​ព្រះ និង​ជឿ​លើ​ព្រះនាម​ទ្រង់​តាំង​ពី​ពេល​នោះ​មក » ។ គួរ​ឲ្យ​សោកស្ដាយ​ដែល​យើង​មិន​ស្គាល់​ឈ្មោះ​ ឬ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​អំពី​នាង បន្ទាប់​ពី​គ្រា​នោះ ពីព្រោះ​វា​តម្រូវ​ឲ្យ​មាន​ការប្ដេជ្ញា​ចិត្ត ការបន្ទាប​ខ្លួន និង​សេចក្ដី​ជំនឿ​ដ៏​ធំធេង​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​នាង​ប្រែចិត្ត និង​ផ្លាស់ប្ដូរ​បាន​ដូច្នោះ ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា នាង​ជា​ស្ត្រី​ម្នាក់ ដែល « ជឿ​លើ​ព្រះនាម​ទ្រង់ » ដោយការយល់​ដឹង​ថា នាង​ពុំ​បាន​ទៅ​ហួស​ពី​រង្វង់​នៃ​ការពលិកម្ម​ដ៏និរន្ដរ៍ និង​អស់កល្ប​ជានិច្ច​របស់​ទ្រង់​នោះ​ទេ ។

ទំនាក់ទំនង​ដែល​ប្រេះឆា​នឹង​មនុស្ស​ផ្សេង​ទៀត

នៅក្នុង លូកា ជំពូកទី ១៥ យើង​អាន​ពី​រឿងប្រៀប​ប្រដូច​មួយ​អំពី​បុរស​ម្នាក់​ដែល​មាន​កូនប្រុស​ពីរ​នាក់ ។ កូន​ប្អូន​បាន​សុំ​មរតក​ពី​ឪពុកខ្លួន ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ដោយសារ​ល្បែង​ដ៏​ហួស​ខ្នាត ។

« កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្តី​ទ័លក្រ ។

« រួច​ទៅ​បម្រើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក ។

« វា​មាន​ចិត្ត​ចង់​ចម្អែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ ។

« កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ !

« អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន ។

« ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ ។

« នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចម្ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា » ។

ខ្ញុំ​ជឿ​ថា ហេតុការណ៍ដែល​ឪពុក​បាន​រត់​ទៅ​រក​កូនប្រុស​របស់​គាត់​ គឺ​សំខាន់​ណាស់ ។ ការឈឺចាប់​ដែល​កូនប្រុស​នោះ​បាន​ធ្វើដាក់​ឪពុកខ្លួន វាធ្ងន់ធ្ងរណាស់ ។ ឪពុក​នោះ​ក៏ប្រហែល​ជា​មាន​ភាពអាម៉ាស់​ដោយសារ​ទង្វើ​របស់​កូនប្រុស​ខ្លួន​ខ្លាំង​ផងដែរ ។

បើ​ដូច្នោះ ហេតុអ្វី​ក៏​ឪពុក​មិន​ចាំ​ឲ្យ​កូន​សូម​ទោស​ដូច្នេះ ? ហេតុអ្វី​បាន​ជា​គាត់មិនទាមទារ​​សំណង ហើយដោះស្រាយបញ្ហា ពីមុន​នឹង​ផ្ដល់​ការអត់ទោស និង​សេចក្ដី​ស្រឡាញ់ដូច្នេះ ? នេះ​ជា​អ្វី​ដែល​ខ្ញុំ​ពិចារណា​ជា​ញឹកញាប់ ។

ព្រះអម្ចាស់​បង្រៀន​យើង​ថា ការអត់ទោស​ឲ្យ​មនុស្ស​ដទៃ​ទៀត​ គឺ​ជា​បទបញ្ញត្តិ​ជា​សកល​មួយ « យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ។ ដើម្បីផ្ដល់​ការអត់ទោស​អាច​ត្រូវការ​ភាពក្លាហាន និង​ការបន្ទាប​ខ្លួន​យ៉ាងខ្លាំង ។ វា​ក៏​អាច​ត្រូវការ​ពេលវេលា​ផងដែរ ។ វា​តម្រូវ​ឲ្យ​យើង​ដាក់​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ខណៈ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថានភាព​នៃ​ដួង​ចិត្ត​របស់​យើង ។ ត្រង់ចំនុចនេះ​វាផ្អែកទៅលើសារៈសំខាន់ និង​អំណាច​នៃ​សិទ្ធិជ្រើសរើស​របស់​យើង ។

តាម​ការពិពណ៌នា​អំពី​ឪពុក​រូប​នេះ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​កូនប្រុស​ខ្ជះខ្ជាយ ព្រះអង្គ​សង្គ្រោះ​បាន​សង្កត់ធ្ងន់​ថា ការអភ័យទោស​គឺ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​មួយ ដែល​យើង​អាច​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ជា​ពិសេស​ឲ្យ​ចំពោះ ខ្លួន​យើង​ផ្ទាល់ ។ ការស្រាយ​បន្ទុក​នៃ​ដួងចិត្ត​របស់​យើង តាមរយៈ​ការអភ័យទោស ពុំ​តែងតែ​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​តាមរយៈ​ព្រះចេស្ដា​ដ៏ជា​ជំនួយ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាចធ្វើទៅ​បាន ។

បំណែក​ប្រេះឆា​របស់​យើង​ផ្ទាល់

នៅក្នុង កិច្ចការ ជំពូក​ទី ៣យើង​រៀន​អំពី​បុរស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត ហើយ « រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះវិហារ ដែល​ហៅ​ថា​ទ្វារ​លំអ គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ » ។

អ្នក​ខ្វិនសុំទាន​នោះ ​មាន​អាយុ​ជាង ៤០ ឆ្នាំហើយ​គាត់បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ក្នុង​ស្ថានភាព​ចង់បាន និង​រង់ចាំ ដែល​ហាក់ដូចជា​គ្មាន​ទីបញ្ចប់ ដ្បិត​គាត់​ត្រូវ​ពឹងផ្អែក​លើ​ចិត្ត​សប្បុរស​របស់​មនុស្ស​ដទៃ ។

ថ្ងៃ​មួយ​គាត់​បាន​ឃើញ « ពេត្រុស និង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះវិហារ [ នោះ ] គាត់​សូម​ទាន ។

« តែ​ពេត្រុស ព្រមទាំង​យ៉ូហាន​ក៏​សម្លឹង​មើល​ទៅ​គាត់​ប្រាប់​ថា ចូរ​មើល​មក​យើង​ឯណេះ ។

« គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ ។

« តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ ។

« រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម ។

« គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង » ។

ជា​ញឹកញាប់ យើង​អាច​ឃើញ​ខ្លួន​ឯង​ដូចជា​អ្នកខ្វិនសុំទាន​​នៅឯ​ច្រកទ្វារ​ព្រះវិហារ​បរិសុទ្ធ​នោះដែរ— ដែល « [ កំពុង ] សង្ឃឹម​ដល់​ព្រះយេហូវ៉ា »១០ដោយ​អត់ធ្មត់—ឬ​ពេល​ខ្លះ​ដោយ​អន្ទះសា ។ កំពុង​រង់ចាំ​ទទួលការព្យាបាលខាង​រាងកាយ និង​ខាង​សតិអារម្មណ៍ ។ កំពុង​រង់ចាំទទួល​ចម្លើយ​ដែលចាក់ចូលក្នុងក្រអៅ​បេះដូង​យើង ។ កំពុង​រង់ចាំ​អព្ភូតហេតុ​មួយ ។

ការរង់ចាំ​ព្រះអម្ចាស់​អាច​ជា​កន្លែង​ពិសិដ្ឋ​មួយ​—ជា​ទីកន្លែងដុសខាត់ និង​សម្រាំង ដែល​យើង​អាច​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ក្នុង​របៀប​ដ៏​ជ្រាលជ្រៅ​ផ្ទាល់ខ្លួនមួយ ។ ការរង់ចាំ​ព្រះអម្ចាស់​អាច​ជា​កន្លែង​ពិសិដ្ឋ​មួយ​ដែល​យើង​រក​ឃើញ​ខ្លួនឯង​សួរ​ថា« ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? »១១—ជា​កន្លែង​មួយ​ដែល​ការ​តស៊ូ​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ដោយ​ចេតនា​ក្នុង​ការ​ជ្រើសរើស​ទ្រង់​ម្តង​ហើយ​ម្តង​ទៀត ។ ខ្ញុំ​ស្គាល់​កន្លែង​នេះ ហើយ​ខ្ញុំ​យល់​អំពី​ការរង់ចាំ​បែបនេះ ។

ខ្ញុំ​បាន​ចំណាយពេល​រាប់​ម៉ោង នៅ​កន្លែង​ព្យាបាល​ជំងឺ​មហារីក ទាំង​ខ្ញុំ​និង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​រងទុក្ខ កំពុង​ចង់​បាន​ព្យាបាល​ឲ្យជា​យ៉ាង​ខ្លាំង ។ អ្នកខ្លះ​ក៏​រស់ អ្នកខ្លះ​ទៀត​ក៏ស្លាប់ ។ ខ្ញុំ​បាន​រៀនយ៉ាងល្អ​ថា ការសង្គ្រោះ​​ពី​ការសាកល្បង​របស់​យើង គឺមាន​ខុសៗ​គ្នា​សម្រាប់​យើង​ម្នាក់ៗ ហេតុ​ដូច្នោះ​ យើងពុំ​គួរ​ផ្ដោតខ្លាំងទៅលើរបៀប​ដែល​យើង​ត្រូវបាន​សង្គ្រោះទេ តែ​ត្រូវ​ផ្ដោត​ឲ្យ​កាន់តែ​ខ្លាំង​ទៅលើ​ទ្រង់​ដែល​ជា​អ្នកសង្គ្រោះ​វិញ ។ យើង​គួរ​តែសង្កត់ធ្ងន់​ផ្ដោត​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច !

ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​គ្រីស្ទ​មាន​ន័យ​ថា ពុំ​គ្រាន់តែ​ទុកចិត្ត​លើ​ព្រះឆន្ទៈ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែទុកចិត្តទៅ​លើ​ពេលវេលា​របស់​ទ្រង់​ផងដែរ ។ ដ្បិត​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​ពេល​ដែល​យើង​ត្រូវ​ការ ។ ពេល​យើង​ព្រម​ទទួល​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ យើង​នឹង​ទទួល​បាន​ច្រើន​ជាង​អ្វី​ដែល​យើង​ប្រាថ្នាចង់បាន​នៅ​ទី​បំផុត ។

មិត្ត​ជាទី​ស្រឡាញ់ យើង​ទាំងអស់​គ្នា​មាន​អ្វី​មួយ​នៅក្នុង​ជីវិត​យើង​ដែលប្រេះឆា ដែល​ចាំបាច់​ត្រូវប៉ះប៉ូវ ជួសជុល ឬ​ប្រោស​ឲ្យ​ជា ។ នៅ​ពេល​យើង​បែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ពេល​យើង​សម្រប​ដួងចិត្ត និង​គំនិត​យើង​ជា​មួយ​ទ្រង់ ពេល​យើង​ប្រែចិត្ត នោះ​ទ្រង់​នឹង​យាង​មក​កាន់​​យើង « ដោយ​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ »១២ឱបក្រសោប​យើង​ដោយ​ក្ដីស្រឡាញ់ ហើយ​មាន​បន្ទូល​ថា « មិន​អី​ទេ ។ បងប្អូន​ទើបតែ​មានអាយុ ៥ ឆ្នាំ—ឬ ១៦ ឆ្នាំ, ២៣ ឆ្នាំ, ៤៨ ឆ្នាំ, ៦៤ ឆ្នាំ, ៩១ ឆ្នាំ​ហ្នឹង ។ យើងអាច​ជួសជុល​វា​ជាមួយគ្នា ! »

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពុំ​មាន​អ្វីដែល​ប្រេះឆា​នៅក្នុង​ជីវិត​របស់​បងប្អូន​ខ្លាំង​ហួស​ពី​ព្រះចេស្ដា​នៃ​ការព្យាបាល ការប្រោសលោះ និង​ការជួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។ នៅក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ទ្រង់ ដែល​មាន​ឫទ្ធានុភាព​​ដើម្បី​ព្យាបាល នោះ​គឺជា​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕