តើផែនការនេះដំណើរការដែរឬទេ ?
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ផែនការនៃសុភមង្គលគឺដំណើរការ ។ វាត្រូវបានបង្កើតឡើងដោយព្រះវរបិតាសួគ៌ ដែលស្រឡាញ់បងប្អូន ។
តើផែនការនេះដំណើរការដែរឬទេ ?
ថ្មីៗនេះខ្ញុំបានសន្ទនាជាមួយនឹងយុវមជ្ឈិមវ័យម្នាក់ ដែលបានបម្រើបេសកកម្មបីបួនឆ្នាំមុន ហើយឥឡូវនេះប្រឡូកក្នុងអាជីពការងាររបស់គាត់ ។ តាមរបៀបខ្លះ ជីវិតរបស់គាត់បានដំណើរការល្អ ។ ប៉ុន្តែជំនឿរបស់គាត់បានធ្លាក់ចុះ ។ គាត់កំពុងលិចទៅក្នុងសមុទ្រនៃការសង្ស័យអំពីព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ។ គាត់បានពន្យល់ថា គាត់មិនបានទទួលពរជ័យ ដែលគាត់បានរំពឹងពីដំណឹងល្អដែលបានស្ដារឡើងវិញឡើយ ។ គាត់មានអារម្មណ៍ថា ផែនការនៃសុភមង្គលមិនដំណើរការនៅក្នុងជីវិតរបស់គាត់ទេ ។
សារលិខិតរបស់ខ្ញុំនៅថ្ងៃនេះគឺសម្រាប់បងប្អូនទាំងអស់ណា ដែលមានអារម្មណ៍ស្រដៀងគ្នានេះ ។ ខ្ញុំសូមនិយាយទៅកាន់បងប្អូនដែលធ្លាប់មាន « អារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ » នៅគ្រាមួយ ប៉ុន្ដែលែង « ចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះ » ទៀតហើយ ។១
ព្រះវរបិតាសួគ៌របស់យើង បានរៀបចំផែនការដ៏អស្ចារ្យមួយសម្រាប់ឲ្យយើងមានសុភមង្គលដ៏អស់កល្បជានិច្ច ។ ប៉ុន្ដែពេលជីវិតមិនសមស្របតាមរបៀបដែលយើងសង្ឃឹមទុក នោះវាមើលទៅអាចថា ផែនការមិនដំណើរការទេ ។
ប្រហែលយើងមានអារម្មណ៍ដូចជាសិស្សរបស់ព្រះយេស៊ូវ ពេលពួកគេនៅលើទូក « នៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់ » ។២
បន្ទាប់មក នៅព្រឹកព្រលឹមស្រាង ៖
« ព្រះយេស៊ូវយាងកាត់លើទឹកសមុទ្រទៅឯពួកគេ ។
កាលពួកសិស្សឃើញទ្រង់យាងលើទឹកដូច្នោះ ក៏ភ័យវល់ … រួចគេស្រែកឡើងដោយសេចក្តីតក់ស្លុត ។
តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ ។
ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ។
ទ្រង់មានព្រះបន្ទូលថា ចូលមកចុះ ។ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ ។
តែកាលលោកបានឃើញខ្យល់បក់ជាខ្លាំង នោះលោកមានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាលោកស្រែក … ថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ។
ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? »៣
តើខ្ញុំអាចចែកចាយជាមួយបងប្អូននូវគោលការណ៍ចំនួនបី ដែលខ្ញុំបានរៀនមកពីពេត្រុសបានដែរឬទេ ? ខ្ញុំអធិស្ឋានថា គោលការណ៍ទាំងនេះអាចជួយបងប្អូនណាដែលមានអារម្មណ៍ថា ផែនការនៃសុភមង្គលមិនដំណើរការនៅក្នុងជីវិតរបស់ពួកគេ ។
ទីមួយ ធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំស្ងើចសរសើរដល់សេចក្ដីជំនឿរបស់ពេត្រុស ។ លោកបានចេញពីទូកដែលត្រូវរលកបោកយ៉ាងខ្លាំង ដោយសារការអញ្ជើញដ៏សាមញ្ញរបស់ព្រះយេស៊ូវឲ្យ « ចូលមកចុះ » ។ លោកហាក់ដឹងថា បើសិនជាព្រះយេស៊ូវគ្រីស្ទបានអញ្ជើញលោកឲ្យធ្វើអ្វីមួយនោះលោកអាចធ្វើវាបាន ។៤ ពេត្រុសបានទុកចិត្តលើព្រះអង្គសង្គ្រោះ ខ្លាំងជាងលោកទុកចិត្តលើទូករបស់លោក ។ ហើយសេចក្ដីជំនឿនោះបានផ្ដល់អំណាចឲ្យលោកធ្វើសកម្មភាពដោយចិត្តក្លាហាននៅក្នុងស្ថានភាពដ៏តានតឹង និងគួរឲ្យភ័យខ្លាច ។
សេចក្ដីជំនឿរបស់ពេត្រុសរំឭកខ្ញុំអំពីបទពិសោធន៍មួយ មកពីអែលឌើរ ហូសេ អិល អាឡូនសូ ។ មិនយូរប៉ុន្មានក្រោយពេលកូនប្រុសរបស់អែលឌើរ អាឡូនសូ បានស្លាប់ទៅ ដោយបន្សល់ទុកនូវគ្រួសារដែលមានកូនតូចៗជាច្រើន នោះអែលឌើរ អាឡូនសូ បានឮកូនៗនិយាយគ្នាដោយចៃដន្យ ។
ពួកគេបានសួរគ្នាថា « តើយើងនឹងធ្វើអ្វីតទៅទៀត ? »
កូនស្រីអាយុប្រាំបួនឆ្នាំម្នាក់បានឆ្លើយថា « ប៉ាមិនអីទេ ។ គាត់កំពុងផ្សាយដំណឹងល្អព្រះយេស៊ូវគ្រីស្ទ » ។
ដូចជាពេត្រុស និងកូនស្រីម្នាក់នេះដែរ បានមើលរំលងឧបសគ្គរបស់នាង ហើយបានទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សេចក្ដីជំនឿលើព្រះអង្គសង្គ្រោះនាំមកនូវសេចក្ដីសុខសាន្ដ និងកម្លាំងដើម្បីឆ្ពោះទៅមុខ ។
បើបងប្អូនក្រឡេកមើលត្រទ្បប់បកក្រោយវិញពីជីវិតរបស់បងប្អូន នោះខ្ញុំជឿថា បងប្អូននឹងឃើញថា បងប្អូនបានអនុវត្តសេចក្ដីជំនឿជាច្រើនដងនៅក្នុងជីវិតរបស់បងប្អូន ។ ការចូលរួមក្នុងសាសនាចក្រនេះគឺជាសកម្មភាពនៃសេចក្ដីជំនឿ ។ ការទូលទៅព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានគឺជាសកម្មភាពនៃសេចក្ដីជំនឿ ។ ការអានព្រះគម្ពីរគឺជាសកម្មភាពនៃសេចក្ដីជំនឿ ។ ការស្ដាប់សារលិខិតនៅ ក្នុងសន្និសីទទូទៅនេះគឺជាសកម្មភាពនៃសេចក្ដីជំនឿ ។ ដូច ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា « សូមកុំបន្ថយសេចក្ដីជំនឿ ដែលបងប្អូនមានរួចទៅហើយនោះឡើយ » ។៥
មេរៀនមួយទៀតដែលខ្ញុំបានរៀនពីពេត្រុសគឺគោលការណ៍នេះ ៖
ក្នុងពេលមានបញ្ហា សូមងាកទៅរកព្រះយេស៊ូវគ្រីស្ទភ្លាម ។
កាលលោកដើរទៅរកព្រះអង្គសង្គ្រោះ នោះពេត្រុសបានខ្លាចខ្យល់ ហើយចាប់ផ្ដើមលិចចុះ ។ ប៉ុន្ដែពេលពេត្រុសបានដឹងពីអ្វីដែលកំពុងកើតឡើង នោះលោកមិនបានព្យាយាមជាន់ទឹកដោយខ្លួនឯង ឬហែលត្រឡប់ទៅរកទូកវិញទេ ។ ជាជាងបោះបង់សេចក្ដីជំនឿរបស់លោកលើព្រះគ្រីស្ទ នោះលោកបានតោងកាន់តែជាប់ជាងមុន ដោយស្រែកថា « ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង » ។
« ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់លោកភ្លាម » ។៦
យើងទាំងអស់គ្នាជួបនឹងខ្យល់ដែលបក់បោកយ៉ាងខ្លាំង ដែលអាចធ្វើឲ្យសេចក្ដីជំនឿរបស់យើងរង្គោះរង្គើ ហើយបណ្ដាលឲ្យយើងលិចចុះ ។ នៅពេលរឿងនេះកើតឡើង សូមចាំថា ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌មានឈ្មោះមួយទៀត—គឺផែនការនៃសេចក្ដីប្រោសលោះ ។ ផែនការនេះមិនមែនឲ្យយើងមានជីវិតដែលងាយស្រួល ដោយមិនជំពប់ មិនលិចចុះ ហើយញញឹមស្រស់ជាប់ជានិច្ចនោះទេ ។ ព្រះវរបិតាសួគ៌បានជ្រាបថា យើងនឹងត្រូវការជំនួយដើម្បីបានប្រោសលោះ ។ នេះជាមូលហេតុដែលទ្រង់បានរៀបចំផែនការនៃសេចក្ដីប្រោសលោះ ។៧ នេះជាមូលហេតុដែលទ្រង់បានបញ្ជូនព្រះប្រោសលោះមួយអង្គមក ។ នៅពេលយើងពិបាក—ដោយសារហេតុផលណាក៏ដោយ—វាមិនមានន័យថា ផែនការនេះមិនដំណើរការនោះទេ ។ នោះគឺជាពេលដែលយើងត្រូវការផែនការនេះខ្លាំងបំផុត !
នៅគ្រាទាំងនោះ សូមធ្វើតាមគំរូរបស់ពេត្រុស ។ សូមងាកទៅរកព្រះអង្គសង្គ្រោះភ្លាម ។
« ឥឡូវនេះគឺជាពេលនិងថ្ងៃនៃសេចក្តីសង្គ្រោះរបស់បងប្អូន ។ … « សូមកុំពន្យារពេលនៃការប្រែចិត្តរបស់បងប្អូនឡើយ » ។៨
មិនថាយើងនៅត្រង់ចំណុចណា និងនៅកន្លែងណាទេ ការប្រែចិត្តគឺជាផ្លូវដើរបន្តឆ្ពោះទៅមុខ ។ ប្រធាន ណិលសុន បានបង្រៀន ៖
« គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ …
ទោះជាបងប្អូនកំពុងដើរដោយឧស្សាហ៍ព្យាយាមនៅលើផ្លូវនៃសេចក្ដីសញ្ញា ឬបានភ្លាត់ ឬរអិលចេញពីផ្លូវនៃសេចក្ដីសញ្ញា ឬមិនអាចមើលឃើញផ្លូវពីត្រង់កន្លែងដែលបងប្អូននៅឥឡូវនេះក្ដី ខ្ញុំសូមអង្វរឲ្យបងប្អូនប្រែចិត្ត ។ សូមទទួលយកបទពិសោធន៍នៃការពង្រឹងអំណាចនៃការប្រែចិត្តប្រចាំថ្ងៃ—ក្នុងការធ្វើ និងធ្វើជាមនុស្សប្រសើរជាងបន្ដិចម្ដងៗជារៀងរាល់ថ្ងៃ » ។៩
ការមករកព្រះគ្រីស្ទមានន័យលើសពីការគ្រាន់តែគិតអំពីទ្រង់ ឬការនិយាយអំពីទ្រង់ ឬសូម្បីតែការស្រឡាញ់ទ្រង់ទៅទៀត ។ វាមានន័យថាធ្វើតាមទ្រង់ ។ វាមានន័យថា រស់នៅតាមមាគ៌ាដែលទ្រង់បង្រៀនយើងឲ្យរស់នៅ ។ ហើយសម្រាប់យើងទាំងអស់គ្នា ការណ៍នោះមានន័យថា គឺជាការប្រែចិត្តដោយមិនពន្យារពេលឡើយ ។
កូនស្រីរបស់ខ្ញុំម្នាក់ធ្លាប់ធ្វើការនៅក្នុងមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ។ នាងបានប្រាប់ខ្ញុំអំពីអែលឌើរម្នាក់ ដែលនាងបង្រៀន ដែលនោះជារឿងសម្ងាត់របស់នាងថា គាត់មិនសូវប្រាកដចិត្តថាព្រះគម្ពីរមរមនគឺពិតនោះទេ ។ គាត់បានអធិស្ឋានហើយអធិស្ឋានទៀតទូលសូមសាក្សីខាងវិញ្ញាណមួយ ប៉ុន្ដែគាត់មិនបានទទួលចម្លើយនោះទេ ។
កូនស្រីរបស់ខ្ញុំបានអធិស្ឋានដើម្បីដឹងពីអ្វីដែលនាងគួរតែធ្វើ ដើម្បីជួយដល់អ្នកផ្សព្វផ្សាយសាសនារូបនេះ ។ ចំណាប់អារម្មណ៍ដែលនាងបានទទួលគឺថា ព្រះគម្ពីរមិនមែនប្រទានមកដើម្បីឲ្យយើងគ្រាន់តែអាចអាន ហើយទទួលបានទីបន្ទាល់នោះទេ ព្រះគម្ពីរក៏ត្រូវបានប្រទានមកដើម្បីបង្រៀនយើងឲ្យកាន់តាមបទបញ្ញត្តិទាំងឡាយរបស់ព្រះផងដែរ ។ កូនស្រីរបស់ខ្ញុំបានចែកចាយគំនិតនេះជាមួយអ្នកផ្សព្វផ្សាយសាសនានេះ ។
ក្រោយមក នាងបានជួបនឹងអ្នកផ្សព្វផ្សាយសាសនារូបនេះម្ដងទៀត ដែលមើលទៅរីករាយខ្លាំងជាងមុន ។ គាត់បានប្រាប់នាងថា នៅទីបំផុតគាត់បានទទួលទីបន្ទាល់ហើយ ថាព្រះគម្ពីរមរមនគឺពិត ។ គាត់បានដឹងថា សាក្សីនេះបានមក ដោយសារគាត់បានខិតខំខ្លាំងជាងមុនដើម្បី ធ្វើ អ្វីដែលព្រះគម្ពីរមរមនបង្រៀន ។
ចូរយើងធ្វើតាមគំរូរបស់ពេត្រុសក្នុងការងាកទៅរកព្រះអង្គសង្គ្រោះ នៅពេលមានបញ្ហា ។ សូមធ្វើតាមព្រះយេស៊ូវគ្រីស្ទ ជាជាងពឹងផ្អែកលើប្រាជ្ញា និងកម្លាំងរបស់យើងផ្ទាល់ ។ មិនថាបងប្អូនបានព្យាយាមជាន់ទឹកដោយគ្មានទ្រង់យូរប៉ុណ្ណានោះទេ វាមិនដែលយឺតពេលដើម្បីឈោងទៅរកជំនួយពីទ្រង់ឡើយ ។ ផែនការនេះដំណើរការ !
គោលការណ៍ទីបីដែលខ្ញុំបានរៀនមកពីពេត្រុសនិងបទពិសោធន៍របស់លោកគឺ ៖
សូមបន្ទាបខ្លួនបងប្អូននៅចំពោះព្រះអម្ចាស់ ហើយទ្រង់នឹងតម្កើងបងប្អូនឡើងទៅកាន់អ្វីៗដែលកាន់តែអស្ចារ្យ ។
ពេត្រុសបានបង្ហាញសេចក្ដីជំនឿ ទាំងពេលដើរនៅលើទឹក និងពេលឈោងទៅរកព្រះអង្គសង្គ្រោះ នៅពេលលោកត្រូវការជំនួយ ។ ទោះជាដូច្នោះក្ដី ក៏ព្រះអង្គសង្គ្រោះបានទតឃើញសក្ដានុពលជាច្រើនទៀតដែលពេត្រុសមាន ។ ទ្រង់បានមានបន្ទូលថា « ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? »១០
ពេត្រុសអាចបានតូចចិត្តនឹងការស្ដីបន្ទោសនេះ ។ ប៉ុន្ដែលោកបានទទួលយកវាដោយចិត្តរាបសា ។ លោកបានបន្ដស្វែងរកសេចក្តីជំនឿកាន់តែខ្លាំងឡើងនៅលើព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈបទពិសោធន៍ដែលស្ថាបនាសេចក្ដីជំនឿបន្ថែមទៀតជាច្រើន—បទពិសោធន៍ខ្លះពិបាកខ្លាំង—នោះនៅទីបញ្ចប់ ពេត្រុសបានក្លាយជាអ្នកដឹកនាំដែលរឹងមាំដូចថ្ម ដែលព្រះអម្ចាស់ត្រូវការពីលោក ។ លោកបានសម្រេចកិច្ចការអស្ចារ្យជាច្រើននៅក្នុងការបម្រើដល់ព្រះអម្ចាស់ ។
តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យបងប្អូនសម្រេចបានកិច្ចការអស្ចារ្យអ្វីខ្លះ ? នៅក្នុងសាសនាចក្រ និងនគររបស់ទ្រង់ មានឱកាសជាច្រើនដើម្បីបម្រើ និងផ្ដល់ការងារបម្រើដល់មនុស្សដទៃ ដូចដែលព្រះអង្គសង្គ្រោះបានធ្វើដែរ ។ ទ្រង់សព្វព្រះទ័យឲ្យបងប្អូនធ្វើជាផ្នែកនៃកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ ផែនការនៃសុភមង្គលនឹងមិនអាចក្លាយជាផ្នែកដ៏ពិតជាងនេះចំពោះបងប្អូន ជាងពេលបងប្អូនជួយមនុស្សដទៃឲ្យរស់នៅតាមវានោះទេ ។
នៅក្នុងការស្ថាបនាសេចក្ដីជំនឿរបស់ខ្ញុំផ្ទាល់ ពាក្យពេចន៍ទាំងនេះរបស់អាលម៉ាបានផ្លាស់ប្ដូរជីវិតខ្ញុំ ៖ « មានពរហើយដល់ពួកអ្នកណា ដែលបានបន្ទាបខ្លួនដោយពុំបាច់គេបង្ខំ » ។១១ ចូរយើងដាក់ខ្លួនយើងដោយរាបសានៅក្នុងទីតាំងមួយ ដែលព្រះយេស៊ូវអាចលើកស្ទួយយើងឡើងបាន ដឹកនាំយើង និងបង្កើនសមត្ថភាពរបស់យើងបានខ្លាំងបំផុត ។១២
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ផែនការនៃសុភមង្គលគឺដំណើរការ ។ វាត្រូវបានបង្កើតឡើងដោយព្រះវរបិតាសួគ៌ ដែលស្រឡាញ់បងប្អូន ។ វាដំណើរការដោយព្រោះព្រះយេស៊ូវគ្រីស្ទ បានឈ្នះលើអំពើបាប និងសេចក្តីស្លាប់តាមរយៈដង្វាយធួនរបស់ទ្រង់ ។ សូមមករកទ្រង់ ធ្វើតាមទ្រង់ ហើយ « រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់បងប្អូន » ។១៣ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕