ជណ្តើរនៃសេចក្តីជំនឿ
ការឥតជំនឿរារាំងសមត្ថភាពយើងមិនឲ្យឃើញអព្ភូតហេតុ ខណៈដែលផ្នត់គំនិតនៃសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ បើកសោឲ្យទទួលអំណាចទាំងឡាយពីស្ថានសួគ៌ ។
តើឧបសគ្គក្នុងជីវិតនឹងជះឥទ្ធិពលដល់សេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ? ហើយតើសេចក្ដីជំនឿរបស់យើងនឹងមានឥទ្ធិពលអ្វីខ្លះដល់ក្តីអំណរ និងភាពសុខសាន្តដែលយើងឆ្លងកាត់ក្នុងជីវិតនេះ ?
នៅឆ្នាំ ១៩៧៧ ។ ពេលទូរសព្ទបានរោទិ៍ឡើង ជាមួយនឹងដំណឹងដ៏សោកសៅមួយ ។ ខារ៉ូលីន និង ដាក ធេបន៍ កំពុងរៀបចំឥវ៉ាន់ប្តូរទីលំនៅទៅផ្ទះថ្មីរបស់ពួកគេ បន្ទាប់ពីបញ្ចប់ការសិក្សា ។ កូរ៉ុមអែលឌើរបានមកជួយលើកឥវ៉ាន់ដាក់លើឡាន ។ ដាក បានមើលជាលើកចុងក្រោយ ដើម្បីប្រាកដចិត្តថា ផ្លូវវាស្រឡះគ្មានអ្វី ពីមុនថយឡានមកក្រោយ ។ អ្វីដែលគាត់មើលពុំឃើញនោះគឺជែននី កូនស្រីតូចរបស់គាត់ បានរត់យ៉ាងលឿនមកចំពីក្រោយឡានដែលកំពុងបើកថយក្រោយនោះ ។ តែមួយរំពេចសោះ ជែននីកូនស្រីជាទីស្រឡាញ់របស់ពួកគេបានស្លាប់ ។
តើមានអ្វីកើតឡើងបន្ទាប់ទៀត ? តើការឈឺចាប់ដែលពួកគេមានយ៉ាងខ្លាំង និងអារម្មណ៍ដែលនឹកស្មានមិនដល់នៃការបាត់បង់នោះ បង្កើតជាការខ្វែងគំនិតគ្នាដែលមិនអាចផ្សះផ្សារបានរវាង ខារ៉ូលីន និង ដាក ឬមានរបៀបណាមួយដែលចងភ្ជាប់ចិត្តរបស់ពួកគេរួមគ្នា ហើយពង្រឹងសេចក្តីជំនឿរបស់ពួកគេលើផែនការរបស់ព្រះវរបិតាសួគ៌វិញ ?
ផ្លូវនៃសេចក្តីវេទនារបស់ពួកគេវែងឆ្ងាយ និងឈឺចាប់ជាអនេក ប៉ុន្តែកម្លាំងខាងវិញ្ញាណប្រាប់ពួកគេថាកុំឲ្យអស់សង្ឃឹម ប៉ុន្តែ « កាន់ផ្លូវ [ ពួកគេ ] ឲ្យខ្ជាប់ » វិញ ។១ គូស្វាមីភរិយាដ៏អស្ចារ្យនេះបានប្រែកាន់តែដូចជាព្រះគ្រីស្ទ ។ មានការតាំងចិត្តកាន់តែខ្លាំង ។ មានសេចក្តីអាណិតអាសូរកាន់តែច្រើន ។ ពួកគេបានជឿថា ព្រះនឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់ពួកគេ ក្លាយទៅជាផលប្រយោជន៍ដល់ពួកគេវិញ តាមពេលវេលារបស់ទ្រង់ ។២
ទោះបីការឈឺចាប់ និងការបាត់បង់នោះពុំបាន និងពុំអាចរលត់បាត់ទាំងស្រុងក្តី ក៏ខារ៉ូលីន និង ដាក បានទទួលការលួងលោម ដោយការអះអាងថា តាមរយៈការបន្តរឹងប៉ឹងនៅលើផ្លូវនៃសេចក្តីសញ្ញា នោះជែននីជាទីស្រឡាញ់របស់ពួកគេនឹងជាកូនរបស់ពួកគេជារៀងរហូត ។៣
គំរូរបស់ពួកគេបានពង្រឹងសេចក្តីជំនឿរបស់ខ្ញុំលើផែនការរបស់ព្រះអម្ចាស់ ។ យើងមើលពុំឃើញរឿងទាំងអស់ទេ ។ ប៉ុន្តែទ្រង់អាច ។ ព្រះអម្ចាស់មានបន្ទូលប្រាប់យ៉ូសែប ស្ម៊ីធ នៅក្នុងគុកលិបើទីថា « គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ ។ កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះទៅទៀត ។ តើអ្នកធំជាងទ្រង់ឬអី ? »៤
ពេលយើងទទួលយកព្រះឆន្ទៈរបស់ព្រះអម្ចាស់ នោះទ្រង់នឹងបង្រៀនយើងពីរបៀបដើរជាមួយទ្រង់ ។៥ កាលបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅកោះតាហ៊ីទី គេបានសុំខ្ញុំឲ្យប្រសិទ្ធពរដល់ទារកឈឺម្នាក់ ។ យើងបានដាក់ដៃរបស់យើងលើក្បាលទារកនោះ ហើយប្រសិទ្ធពរឲ្យគាត់បានធូរស្បើយ ។ សុខភាពគាត់បានប្រសើរឡើង ប៉ុន្តែក្រោយមក គាត់បានធ្លាក់ខ្លួនឈឺម្តងទៀត ។ យើងប្រសិទ្ធពរដល់គាត់ជាលើកទីពីរ ប៉ុន្តែលទ្ធផលគឺដូចមុនដដែល ។ គេសុំឲ្យយើងប្រសិទ្ធពរគាត់ជាលើកទីបី ។ យើងបានទូលអង្វរដល់ព្រះអម្ចាស់ថា សូមសម្រេចតាមព្រះហឫទ័យរបស់ទ្រង់ចុះ ។ មិនយូរប៉ុន្មានក្រោយមក វិញ្ញាណទារកតូចនោះបានត្រឡប់ទៅឯផ្ទះសួគ៌ារបស់គាត់វិញ ។
ប៉ុន្តែយើងមានភាពសុខសាន្ត ។ យើងចង់ឲ្យទារកតូចនោះនៅរស់រានមានជីវិត ប៉ុន្តែព្រះអម្ចាស់ទ្រង់មានផែនការផ្សេងទៀត ។ ការទទួលយកតាមព្រះហឫទ័យរបស់ទ្រង់ ដាក់ក្នុងចិត្តយើង វាគឺជាចំណុចដ៏សំខាន់ដើម្បីរកឃើញក្តីអំណរ ទោះជាកាលៈទេសៈរបស់យើងបែបណាក៏ដោយ ។
សេចក្តីជំនឿដ៏សាមញ្ញដែលយើងមានលើព្រះយេស៊ូវគ្រីស្ទ ដូចពេលដំបូងដែលយើងចាប់ផ្តើមរៀនអំពីទ្រង់ អាចស្ថិតនៅក្នុងចិត្តយើង ពេលយើងជួបនឹងឧបសគ្គក្នុងជីវិត ។ សេចក្តីជំនឿរបស់យើងលើទ្រង់អាច ដឹកនាំយើងឲ្យឆ្លងកាត់ភាពស្មុគស្មាញទាំងឡាយបានក្នុងជីវិត ។ ប្រាកដណាស់ យើងនឹងមើលឃើញថា គឺមានភាពសាមញ្ញនៅផ្នែកម្ខាងទៀតនៃភាពស្មុគស្មាញក្នុងជីវិត៦ នៅពេលយើងបន្ត « [ ខ្ជាប់ខ្ជួន ] នៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ » ។៧
ចំណែកនៃគោលបំណងរបស់ជីវិតគឺប្រែក្លាយថ្មដែលធ្វើឲ្យជំពប់ដួលទាំងនេះទៅជាថ្មនៃកាំជណ្តើរ សម្រាប់យើងឡើងជាន់វិញដែលខ្ញុំឲ្យឈ្មោះថា « ជណ្តើរនៃសេចក្តីជំនឿ »—ជាជណ្តើរ ដោយសារវាបង្ហាញថា សេចក្តីជំនឿគឺមិនស្ថិតស្ថេរ ។ អាចឡើង ឬចុះ អាស្រ័យលើជម្រើសដែលយើងធ្វើ ។
ពេលយើងព្យាយាមស្ថាបនាសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ នោះយើងអាចពុំទាន់យល់ទាំងស្រុងនូវសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកយើង ហើយគោរពបញ្ញតិ្តរបស់ទ្រង់ដោយយល់ថាវាជាកាតព្វកិច្ច ។ កំហុសអាចក្លាយជាអ្នកជំរុញចិត្តចម្បងរបស់យើង ជាជាងសេចក្តីស្រឡាញ់ ។ ទំនាក់ទំនងពិតប្រាកដជាមួយនឹងទ្រង់ អាចពុំទាន់បានដកពិសោធន៍នៅឡើយ ។
ពេលយើងព្យាយាមបង្កើនសេចក្តីជំនឿរបស់យើង នោះយើងអាចយល់ច្រឡំនឹងអ្វីដែលយ៉ាកុបបានបង្រៀន ។ លោកបានរំឭកយើងថា « សេចក្តីជំនឿបើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ » ។៨ យើងអាចនឹងជំពប់ដួល បើយើងគិតថា អ្វីៗគ្រប់យ៉ាងគឺពឹងផ្អែកលើខ្លួនយើងនោះ ។ ការពឹងលើខ្លួនឯងជ្រុលពេកអាចរារាំងសមត្ថភាពយើងឲ្យទទួលបានអំណាចទាំងឡាយនៃស្ថានសួគ៌ ។
ប៉ុន្តែពេលយើងបោះជំហានឆ្ពោះទៅរកសេចក្តីជំនឿពិតប្រាកដលើព្រះយេស៊ូវគ្រីស្ទ នោះផ្នត់គំនិតរបស់យើងចាប់ផ្តើមផ្លាស់ប្តូរ ។ យើងទទួលស្គាល់ថា ការគោរពប្រតិបត្តិ និងសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ធ្វើឲ្យយើងស័ក្ដិសមនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជាដរាប ។៩ ការគោរពប្រតិបត្តិលែងក្លាយជាការរំខានទៀតហើយ ប៉ុន្តែវាក្លាយជាការចង់ធ្វើតាមទៅវិញ ។១០ យើងទទួលស្គាល់ថា ការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះអនុញ្ញាតឲ្យទ្រង់ទុកព្រះទ័យលើយើង ។ ជាមួយនឹងការទុកព្រះទ័យរបស់ទ្រង់ នោះនឹងមានពន្លឺកាន់តែខ្លាំងឡើង ។ ពន្លឺនេះដឹកនាំដំណើររបស់យើង និងអនុញ្ញាតឲ្យយើងមើលឃើញកាន់តែច្បាស់ពីផ្លូវដែលយើងគួរដើរ ។
ប៉ុន្តែមានច្រើនជាងនេះទៀត ។ ពេលសេចក្តីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះកើនឡើង នោះយើងសង្កេតឃើញមានការផ្លាស់ប្តូរដោយស្ងាត់មួយ ដែលមាននូវការយល់ដឹងដ៏ទេវភាពអំពីទំនាក់ទំនងរបស់យើងជាមួយព្រះ—ដែលរំកិលម្ដងបន្ដិចៗពីចំណុចថា « តើខ្ញុំចង់បានអ្វីខ្លះ ? » ទៅជា « តើព្រះសព្វព្រះទ័យអ្វីខ្លះ ? » ដូចព្រះអង្គសង្គ្រោះដែរ យើងចង់ធ្វើតាមឃ្លាថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។១១ យើងចង់ធ្វើកិច្ចការរបស់ព្រះ និងធ្វើជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ ។១២
ការរីកចម្រើនរបស់យើងគឺជាអ្វីមួយដែលអស់កល្បជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា មានអ្វីជាច្រើនដែល ព្រះវរបិតាសួគ៌មានព្រះហឫទ័យចង់ឲ្យយើងដឹង ។១៣ នៅពេលយើងរីកចម្រើន នោះយើងយល់កាន់តែច្បាស់នូវអ្វីដែលព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស្ម៊ីធ ៖ « ដ្បិតបើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងបានទទួលនូវភាពពោរពេញរបស់ទ្រង់ ហើយបានតម្កើងក្នុងយើង ដូចជាយើង ហើយ យើងប្រាប់អ្នកថា អ្នកនឹងបានទទួលព្រះគុណថែមលើព្រះគុណ » ។១៤
អាស្រ័យទៅលើការសម្រេចចិត្តរបស់យើងថាតើយើងបានឡើងខ្ពស់ប៉ុណ្ណានៅលើជណ្តើរនៃសេចក្តីជំនឿ ។ អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនថា « សេចក្តីជំនឿពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ » ។១៥ យើងអាចជ្រើសយកជម្រើសនានាដែលចាំបាច់ ដើម្បីបង្កើនសេចក្ដីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះ ។
សូមពិចារណាពីឥទ្ធិពលនៃជម្រើសដែល លេមិន និង លេមយួល បានជ្រើសដើម្បីដើរចុះជណ្តើរនៃសេចក្តីជំនឿ ខណៈដែលនីហ្វៃជ្រើសរើសដើរឡើងកាន់តែខ្ពស់ ។ តើមានតំណាងអ្វីដែលច្បាស់ជាងភាពខុសគ្នារវាងការឆ្លើយតបរបស់នីហ្វៃដែលថា « ខ្ញុំនឹងទៅ ហើយធ្វើ »១៦ ប្រឆាំងនឹងចម្លើយរបស់ លេមិន និង លេមយួល ដែលទើបតែបានឃើញទេវតា ហើយឆ្លើយតបថា « តើព្រះអម្ចាស់ទ្រង់នឹងអាចប្រគល់យ៉ាងណាបាន ? »១៧
ការឥតជំនឿរារាំងសមត្ថភាពយើងមិនឲ្យឃើញអព្ភូតហេតុ ខណៈដែលផ្នត់គំនិតនៃសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ បើកសោឲ្យទទួលអំណាចទាំងឡាយពីស្ថានសួគ៌ ។
ទោះបីពេលសេចក្តីជំនឿរបស់យើងទន់ខ្សោយក្តី ក៏ព្រះហស្តរបស់ព្រះអម្ចាស់នឹងសន្ធឹងមករកយើងជានិច្ចដែរ ។១៨ ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានទទួលការចាត់តាំងមួយឲ្យរៀបចំស្តេកមួយឡើងវិញនៅប្រទេសនីហ្សេរីយ៉ា ។ កាលបរិច្ឆេទត្រូវបានផ្លាស់ប្តូរជាបន្ទាន់ ។ មានបុរសម្នាក់នៅក្នុងស្តេកបានសម្រេចចិត្តមិននៅក្នុងទីក្រុងទេ សម្រាប់កាលបរិច្ឆេទនៃសន្និសីទដំបូង ។ គាត់មិនចង់នៅ ព្រោះខ្លាចគេហៅគាត់ឲ្យធ្វើជាប្រធានស្តេក ។
ខណៈគាត់ធ្វើដំណើរចេញទៅ នោះគាត់បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមួយ ប៉ុន្តែគាត់គ្មានគ្រោះថ្នាក់ដល់ជីវិតទេ ។ ការណ៍នេះធ្វើឲ្យគាត់ពិចារណាពីមូលហេតុដែលគាត់ត្រូវបានទុកឲ្យរួចជីវិត ។ គាត់បានគិតឡើងវិញពីការសម្រេចចិត្តដែលគាត់បានធ្វើពីមុន ។ គាត់បានប្រែចិត្ត ហើយបានចូលរួមយ៉ាងរាបសានៅកាលបរិច្ឆេទសន្និសីទថ្មីមួយទៀត ។ ប្រាកដណាស់ គាត់ត្រូវបានហៅជាប្រធានស្តេកថ្មី ។
អែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀន ៖ « មានតែការសម្របឆន្ទៈយើងទៅតាមព្រះទ័យរបស់ព្រះប៉ុណ្ណោះ ទើបអាចរកឃើញសុភមង្គលពេញលេញបាន ។ លទ្ធិផលមកស្របតាមការប្រព្រឹត្ត » ។១៩
បន្ទាប់ពីប្រព្រឹត្ត « ការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើង » នោះវាដល់ពេលដើម្បី « ឈរនៅស្ងៀម … ដើម្បីឃើញសេចក្ដីសង្គ្រោះពីព្រះ » ។២០ ខ្ញុំឃើញការណ៍នេះ ខណៈបម្រើជាអ្នកផ្តល់ការងារបម្រើដល់គ្រួសារ ម៉ាកខ័រមីក ។ ម៉ារី ខេយ ដែលបានរៀបការ ២១ ឆ្នាំ បានបម្រើយ៉ាងស្មោះត្រង់ក្នុងការហៅបម្រើរបស់គាត់ ។ ខេន ពុំមែនជាសមាជិកសាសនាចក្រទេ ហើយក៏មិនចាប់អារម្មណ៍ចង់ធ្វើជាសមាជិកដែរ ប៉ុន្តែដោយស្រឡាញ់ភរិយាគាត់ នោះគាត់បានជ្រើសរើសចូលរួមព្រះវិហារជាមួយនាង ។
នៅថ្ងៃអាទិត្យមួយ ខ្ញុំបានទទួលការបំផុសគំនិតឲ្យចែកចាយទីបន្ទាល់របស់ខ្ញុំជាមួយខេន ។ ខ្ញុំបានសួរគាត់ ថាតើខ្ញុំអាចចែកចាយទីបន្ទាល់បានដែរឬទេ ។ ចម្លើយគាត់គឺសាមញ្ញ ហើយច្បាស់លាស់ ៖ « មិនបាច់ទេ អរគុណហើយ » ។
ខ្ញុំឆ្ងល់ ។ ខ្ញុំមានអារម្មណ៍បំផុសគំនិត ហើយខ្ញុំបានព្យាយាមធ្វើតាម ។ វាល្បួងឲ្យសម្រេចចិត្តថា ខ្ញុំបានធ្វើចំណែករបស់ខ្ញុំរួចរាល់ហើយ ។ ប៉ុន្តែបន្ទាប់ពីការអធិស្ឋាន និងការសញ្ជឹងគិតមក ខ្ញុំអាចមើលឃើញថា ទោះបីបំណងរបស់ខ្ញុំត្រឹមត្រូវក្តី ក៏ខ្ញុំបានពឹងផ្អែកលើខ្លួនឯងខ្លាំងជាងពឹងផ្អែកលើព្រះអម្ចាស់ដែរ ។
ក្រោយមកខ្ញុំបានត្រឡប់ទៅវិញ ប៉ុន្តែមកជាមួយផ្នត់គំនិតផ្សេង ។ ខ្ញុំបានទៅដោយធ្វើជាឧបករណ៍សាមញ្ញនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ដោយគ្មានបំណងណាផ្សេងទៀត ក្រៅពីធ្វើតាមព្រះវិញ្ញាណឡើយ ។ ជាមួយនឹងដៃគូដ៏ស្មោះត្រង់របស់ខ្ញុំគឺ ជើរ៉ល ខារដុន នោះយើងបានចូលទៅក្នុងផ្ទះរបស់ ម៉ាកខ័រមីក ។
មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានទទួលការបំផុសគំនិតឲ្យអញ្ជើញ ជើរ៉ល ច្រៀងបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ។២១ គាត់បានមើលមកខ្ញុំទាំងឆ្ងល់ ប៉ុន្តែដោយមានសេចក្តីជំនឿលើសេចក្ដីជំនឿរបស់ខ្ញុំ នោះគាត់ក៏ច្រៀង ។ បន្ទប់នោះពោរពេញដោយព្រះវិញ្ញាណដ៏អស្ចារ្យ ។ ការបំផុសគំនិតនេះបានអញ្ជើញ ម៉ារី ខេយ និង គ្រីស្ទីន ដែលជាកូនស្រីរបស់ពួកគេ ឲ្យចែកចាយទីបន្ទាល់របស់ខ្លួន ។ កាលពួកគេបានធ្វើដូច្នោះ នោះព្រះវិញ្ញាណបានពោរពេញរឹតតែខ្លាំងឡើង ។ ប្រាកដណាស់ បន្ទាប់ពីទីបន្ទាល់របស់គ្រីស្ទីនមក ទឹកភ្នែកបានហូរចុះលើថ្ពាល់ខេន ។២២
ព្រះបានគ្រប់គ្រងស្ថានភាពនោះ ។ ដួងចិត្តមិនគ្រាន់តែបានរំជួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជារៀងរហូតផងដែរ ។ ការឥតជំនឿរយៈពេលម្ភៃមួយឆ្នាំបានរសាត់ចេញបាត់ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ មួយសប្តាហ៍ក្រោយមក ខេនបានទទួលបុណ្យជ្រមុជទឹក ។ មួយឆ្នាំក្រោយមក ខេន និង ម៉ារី ខេយ បានផ្សារភ្ជាប់នៅក្នុងដំណាក់របស់ព្រះអម្ចាស់សម្រាប់ពេលនេះ និងអស់កល្បជានិច្ច ។
យើងមានបទពិសោធន៍រួមគ្នាអំពីអត្ថន័យនៃការជំនួសឆន្ទៈយើងដោយព្រះទ័យព្រះ ហើយសេចក្តីជំនឿរបស់យើងលើទ្រង់បានកើនឡើង ។
សូមពិចារណាចំពោះសំណួរមួយចំនួននេះដែលបានលើកឡើងដោយ ព្យាការីដ៏បរិសុទ្ធទាំងឡាយរបស់ព្រះ ពេលបងប្អូនព្យាយាមឡើងជណ្តើរនៃសេចក្តីជំនឿរបស់ខ្លួន ៖
តើខ្ញុំបានរលាស់ចោលនូវការឆ្មើងឆ្មៃហើយឬ ?២៣
តើខ្ញុំបានទុកកន្លែងមួយក្នុងចិត្តខ្ញុំសម្រាប់ព្រះបន្ទូលនៃព្រះដែរឬទេ ?២៤
តើខ្ញុំអនុញ្ញាតឲ្យសេចក្ដីវេទនាទាំងឡាយរបស់ខ្ញុំ ក្លាយទៅជាផលប្រយោជន៍ដល់ខ្ញុំវិញដែរឬទេ ?២៥
តើខ្ញុំមានឆន្ទៈដាក់ចិត្តខ្ញុំឲ្យស្របតាមព្រះហឫទ័យនៃព្រះវរបិតាដែរឬទេ ?២៦
បើសិនជាខ្ញុំមានអារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ តើខ្ញុំអាចមានអារម្មណ៍បែបនេះនៅពេលនេះដែរឬទេ ?២៧
តើខ្ញុំបានទុកឲ្យព្រះឈ្នះនៅក្នុងជីវិតខ្ញុំដែរឬទេ ?២៨
បើសិនបងប្អូនឃើញ ផ្លូវបច្ចុប្បន្នរបស់បងប្អូនកំពុងប្រឆាំងនឹងសេចក្តីជំនឿរបស់បងប្អូនលើព្រះអង្គសង្គ្រោះ នោះសូមរកផ្លូវត្រឡប់ទៅកាន់ទ្រង់វិញ ។ ភាពតម្កើងឡើងរបស់បងប្អូន និងកូនចៅរបស់បងប្អូនអាស្រ័យលើចំណុចនេះ ។
សូមឲ្យយើងដាំគ្រាប់ពូជនៃសេចក្តីជំនឿកាន់តែជ្រៅនៅក្នុងចិត្តរបស់យើង ។ សូមឲ្យយើងបីបាច់គ្រាប់ពូជទាំងនេះ ពេលយើងភ្ជាប់ខ្លួនយើងទៅនឹងព្រះអង្គសង្គ្រោះ តាមរយៈការគោរពសេចក្តីសញ្ញា ដែលយើងបានចុះជាមួយទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕