វីដេអូ ៖« បងប្អូន គឺជាស្ត្រីដែលលោកបានទាយទុកជាមុន »
នៅក្នុងឆ្នាំ ១៩៧៩ ប្រធានស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានចូលសម្រាកក្នុងមន្ទីរពេទ្យ ហើយលោកបានសុំឲ្យភរិយារបស់លោក កាមៀលឡា អានសុន្ទរកថាជំនួសលោកនៅក្នុងសម័យប្រជុំស្ត្រីទូទៅមួយ ។
ស៊ីស្ទើរ កាមៀលឡា ឃឹមបឹល ៖« ការរីកចម្រើនដ៏ខ្លាំងក្លាបំផុតនឹងកើតមាននៅក្នុងសាសនាចក្រនៅថ្ងៃចុងក្រោយ ដែលនឹងកើតឡើងដោយសារមានស្ត្រីល្អៗជាច្រើនក្នុងពិភពលោកនេះ( ជាអ្នកដែលតែងតែមានអារម្មណ៏នៃព្រះវិញ្ញាណ ) នឹងនាំសមាជិកនូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់សាសនាចក្រនេះ ។ ការណ៍នេះនឹងកើតមានឡើងក្នុងកម្រិតមួយ ដែលស្ត្រីនៃសាសនាចក្រឆ្លុះបញ្ចាំងពីសេចក្ដីសុចរិត និងភាពច្បាស់លាស់នៅក្នុងជីវិតរបស់ពួកគេ និងក្នុងកម្រិតមួយដែលស្ត្រីនៃសាសនាចក្រត្រូវគេមើលឃើញថា មានភាពប្លែកអស្ចារ្យ ហើយផ្សេងពីគេ—ក្នុងរបៀបដ៏រីករាយ—ខុសពីស្ត្រីនៃពិភពលោក » ។១
ប្រធាន រ័សុល អិម ណិលសុន ៖« បងប្អូនស្ត្រីជាទីស្រឡាញ់របស់ខ្ញុំ បងប្អូនគឺជាសហការីដ៏សំខាន់របស់យើងក្នុងយុគសម័យចុងក្រោយនេះ ជាជំនាន់ដែលប្រធាន ឃឹមបឹលបានទាយទុកជាមុន គឺពេលសព្វថ្ងៃនេះ ។ បងប្អូន គឺជាស្ត្រីដែលលោកបានទាយទុកជាមុន ! គុណធម៌ ពន្លឺ សេចក្ដីស្រឡាញ់ ចំណេះដឹង ភាពក្លាហាន អត្តចរិត សេចក្ដីជំនឿ និងជីវិតដ៏សុចរិតរបស់បងប្អូន នឹងនាំស្ត្រីល្អៗនៃពិភពលោករួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ឲ្យមកកាន់សាសនាចក្រនៅក្នុងចំនួនដ៏នឹកស្មានមិនដល់មួយ !
« យើង … ត្រូវការកម្លាំង ការប្រែចិត្តជឿ ការជឿស៊ុប សមត្ថភាពក្នុងការដឹកនាំ ប្រាជ្ញា និង សំឡេងរបស់បងប្អូន ។ នគរនៃព្រះគឺពុំមាន និងពុំអាចមានពេញលេញដោយគ្មានស្ត្រី ដែលជាអ្នកធ្វើសេចក្ដីសញ្ញាពិសិដ្ឋ រួចហើយគោរពតាមសេចក្ដីសញ្ញាទាំងនោះ ដែលជាស្ត្រីដែលអាចនិយាយដោយអានុភាព និងសិទ្ធិអំណាចពីព្រះបាននោះទេ !…
« … មិនថាការហៅបម្រើរបស់បងប្អូនជាអ្វីនោះឡើយ មិនថាស្ថានភាពរបស់បងប្អូនយ៉ាងណាក៏ដោយ យើងត្រូវការចំណាប់អារម្មណ៍ គំនិត និងការបំផុសគំនិតរបស់បងប្អូន ។ យើងត្រូវការឲ្យបងប្អូនហ៊ាននិយាយដោយក្លាហាននៅក្នុងក្រុមប្រឹក្សាវួដ និងស្តេករបស់បងប្អូន ។ យើងត្រូវការឲ្យបងប្អូនស្ត្រីដែលបានរៀបការរួចម្នាក់ៗនិយាយក្នុងនាមជា‹ អ្នករួមចំណែក និងជាដៃគូពេញលេញ ម្នាក់ › នៅពេលដែលបងប្អូនរួបរួមគ្នាជាមួយនឹងស្វាមីរបស់បងប្អូននៅក្នុងការគ្រប់គ្រងគ្រួសាររបស់បងប្អូន ។ ទាំងអ្នករៀបការ ឬនៅលីវ បងប្អូនមានសមត្ថភាពដាច់ដោយឡែក និងមានវិចារណញាណពិសេសដែលបងប្អូនបានទទួល ជាអំណោយទានមកពីព្រះ ។ យើងជាបងប្អូនប្រុស ពុំអាចមានឥទ្ធិពលដ៏ពិសេសនោះរបស់បងប្អូនបានឡើយ ។
« យើងដឹងថាសកម្មភាពដ៏សំខាន់បំផុតនៃការបង្កបង្កើតទាំងឡាយ គឺជាការបង្កបង្កើតនៃស្ត្រី ! យើងត្រូវការកម្លាំងរបស់បងប្អូន !…
« … ខ្ញុំសូមអរគុណ បងប្អូនស្រ្តីជាទីស្រឡាញ់របស់ខ្ញុំ ហើយសូមប្រសិទ្ធពរដល់បងប្អូនឲ្យសម្រេចបានសក្ដានុពលពេញលេញរបស់បងប្អូន ដើម្បីបំពេញនូវទំហំនៃការបង្កបង្កើតរបស់បងប្អូន នៅពេលយើងដើរកាន់ដៃគ្នានៅក្នុងកិច្ចការដ៏ពិសិដ្ឋនេះ ។ យើងនឹងរួមគ្នាជួយរៀបចំពិភពលោកនេះសម្រាប់ការយាងមក ជាលើកទីពីររបស់ព្រះអម្ចាស់ » ។២