សន្និសីទទូទៅ
ព្យាបាល​ពិភពលោក
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


13:51

ព្យាបាល​ពិភពលោក

មុខរបួស និង​ភាព​ផ្សេង​គ្នា​អាច​ត្រូវ​បាន​ដោះស្រាយ និង​បាន​ជាសះស្បើយ​នៅ​ពេល​យើង​គោរព​ដល់​ព្រះ ជា​ព្រះវរបិតា​នៃ​យើង​ទាំង​អស់​គ្នា និង​ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រា​ទ្រង់ ។

បង​ប្អូន​ប្រុស និង​បងប្អូន​ស្រី នៅ​រដូវកាល​បុណ្យ​អ៊ីស្ទើរ​ដ៏​រុងរឿង​នេះ យើង​ពិត​ជា​មាន​ពរជ័យ​ណាស់​ដែល​បាន​ជួប និង​ទទួល​នូវ​ការទូន្មាន និង​ការណែនាំ​មក​ពី​អ្នកបម្រើ​ទាំងឡាយ​របស់​ព្រះ ។

ការដឹកនាំ និង​ការបង្រៀន​ដ៏​ពិសិដ្ឋ​មក​ពី​ព្រះវបិតា​សួគ៌​ជួយ​យើង​ឲ្យឆ្លងកាត់​ដំណើរ​ជីវិត​នៅ​ក្នុង​ពេល​ដ៏​គ្រោះថ្នាក់​ទាំង​នេះ ។ ដូច​ដែល​បាន​ព្យាករ « ភ្លើង​ឆេះ និង​ព្យុះ​សង្ឃរា » « សង្រ្គាម ពាក្យ​ចចាម​អារ៉ាម​អំពី​សង្រ្គាម និង​ផែនដី​រញ្ជួយ​នៅ​កន្លែង​ផ្សេងៗ » « និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​គ្រប់​បែប​យ៉ាង » « គ្រោះអាសន្ន » « អំណត់ ជំងឺ​អាសន្នរោគ » កំពុង​តែ​បំផ្លិចបំផ្លាញ​ក្រុមគ្រួសារ សហគមន៍ និង​សូម្បី​តែ​ប្រជាជាតិ​ផងដែរ ។

មាន​គ្រោះអាសន្ន​មួយ​ទៀត​ដែល​កំពុង​វាយ​លុក​ពាសពេញ​ពិភពលោក ៖ គឺ​ការវាយ​ប្រហារ​លើ​សេរីភាព​ខាង​សាសនា​របស់​បងប្អូន និង​ខ្ញុំ ។ ការរីករាលដាល​នេះ​ព្យាយាម​ដក​សាសនាចេញ និង​ជំនឿ​លើ​ព្រះ​ពី​ទីសាធារណៈ សាលារៀន បទដ្ឋាន​សហគមន៍ និង​ការនិយាយ​ស្តី​របស់​ពលរដ្ឋ ។ អ្នក​ប្រឆាំង​ចំពោះ​សេរីភាព​ខាង​សាសនា​ព្យាយាម​ដាក់​កំហិត​លើ​ការបង្ហាញ​ជំនឿស៊ប់​ចេញ​ពី​ចិត្ត ។ ពួកគេ​ថែម​ទាំង​រិះគន់ និង​ចំអក​ដល់​ប្រពៃណី​ជំនឿ​សាសនា​ទៀត​ផង​ដែរ ។

អាកប្បកិរិយា​បែប​នេះ​ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​ឲ្យ​តម្លៃ​លើ​ គោលការណ៍​ផ្ទាល់​ខ្លួន ភាពយុត្តិធម៌ ការគោរព ជីវិតខាង​វិញ្ញាណ និង​មាន​សម្បជញ្ញៈ​សុខសាន្ត ឡើយ ។

តើ​អ្វី​ទៅ​ជា​សេរីភាព​ខាង​​សាសនា ?

វា​គឺ​ជា​សេរីភាព​នៃ​ការថ្វាយ​បង្គំ​តាម​គ្រប់​ទម្រង់ទាំងអស់ ៖ សេរីភាព​នៃ​ការប្រមូល​ផ្តុំ សេរីភាព​នៃ​ការបញ្ចេញ​មតិ សេរីភាព​ក្នុង​ការធ្វើ​សកម្មភាព​លើ​ជំនឿ​ផ្ទាល់​ខ្លួន និង​សេរីភាព​សម្រាប់​មនុស្ស​ដទៃ​ដើម្បី​ធ្វើ​ដូច​គ្នានេះដែរ ។ សេរីភាព​ខាង​ជំនឿ​សាសនា​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ ធ្វើ​ការសម្រេច​ចិត្ត​សម្រាប់​ខ្លួន​យើង​ផ្ទាល់​សម្រាប់​អ្វី​ដែល​យើង​ជឿ របៀប​រស់​នៅ និង​ធ្វើ​ស្រប​តាម​ជំនឿ​របស់​យើង និង​អ្វី​ដែល​ព្រះ​​សព្វព្រះទ័យ​ពី​យើង ។

ការខិតខំដាក់កំហិត​លើសេរីភាព​ខាង​សាសនា​បែបនោះ​ពុំ​មែន​ជា​រឿង​ថ្មី​នោះទេ ។ តាម​រយៈ​ប្រវត្តិសាស្ត្រ មនុស្ស​ដែល​មាន​ជំនឿ​បាន​រង​ទុក្ខ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ដៃ​នៃ​មនុស្ស​ផ្សេងទៀត ។ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក៏​ពុំ​ខុស​គ្នា​ដែរ ។

ចាប់​តាំង​ពី​​ដំបូងមក មនុស្សដែល​ព្យាយាម​ស្វែងរក​ព្រះ​ជា​ច្រើន​​បានចូល​មក្នុង​សាសនា​ចក្រ​នេះ​ដោយ​សារ​តែ​ការបង្រៀន​នៃ​គោលលទ្ធិ​ដ៏​ទេវភាពរបស់​សាសនាចក្រ ​រួម​ទាំង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ការប្រែចិត្ត ផែនការ​នៃ​សុភមង្គល និង​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះអម្ចាស់​របស់​យើង ។

ការប្រឆាំង ការធ្វើ​ទុក្ខ​បុកម្នេញ និង​អំពើ​ហិង្សា​បាន​ញាំញី​ដល់​ព្យាការី​ថ្ងៃចុង​ក្រោយ​ដំបូង​របស់​យើង​គឺ យ៉ូសែប ស្ម៊ីធ និង​អ្នក​ដើរ​តាម​ទាំងឡាយ​របស់​លោក ។

អំឡុង​ពេល​ភាពចលាចល​ក្នុង​ឆ្នាំ​១៨៤២ យ៉ូសែប ស៊្មីធ បាន​បោះពុម្ព​គោលការណ៍​គ្រឹះ​ចំនួន ១៣ នៃ​ការរីកចម្រើន​របស់​សាសនា​ចក្រ រួម​ទាំងគោលការណ៍​​នេះ ៖ « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ស្របតាម​ការណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ដូច​គ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ។

សេចក្តី​ថ្លែងការណ៍​របស់​លោក​មាន​លក្ខណៈ​រួមបញ្ចូលគ្នា សេរីភាព និង​ការគោរព ។ នោះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​សេរីភាព​ខាង​សាសនា ។

ព្យាការី យ៉ូសែប ស៊្មីធ ក៏​បាន​ថ្លែង​ទៀត​ថា ៖

« ខ្ញុំ​មាន​ចិត្ត​ក្លាហាន​នឹង​ប្រកាស​ចំពោះ​ស្ថានសួគ៌​ថា ខ្ញុំ​ពិត​ជាត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ស្លាប់ ក្នុង​ការការពារសិទ្ធិ​របស់​ពួកប្រែសប៊ីធារាន ពួកបាទីស្ទ ឬ​មនុស្ស​ល្អ​ម្នាក់​ក្នុង​និកាយ​ដទៃ ដ្បិត​ចំពោះ​គោលការណ៍​តែ​មួយ ដែល​នឹង​ជាន់​ឈ្លី​សិទ្ធិ​នៃ​…​ពួកបរិសុទ្ធ ដែល​នឹង​ជាន់​ឈ្លី​សិទ្ធិ​នៃ​ពួកកាតូលិករ៉ូម៉ាំង ឬ​និកាយ​ណា​មួយ​ទៀត ដែល​ពុំ​សូវ​មាន​ប្រជាប្រិយភាព និង​មាន​ភាពទន់ខ្សោយ​ពេក​ក្នុងការការពារ​ខ្លួន ។

 « នេះ​ជា​ក្ដីស្រឡាញ់​នៃ​សេរីភាព [ ដែល ] បំផុស​គំនិត​ព្រលឹង​ខ្ញុំ— គឺ​សេរីភាព​ខាង​សង្គម និង​ខាង​សាសនា ចំពោះ​ពូជសាសន៍​មនុស្ស​ទាំងពួង » ។

យ៉ាង​ណា​ក៏​ដោយ សមាជិក​សាសនាចក្រ​សម័យ​ដើម​ត្រូវ​បាន​វាយ​ប្រហារ និង​បាន​បណ្តេញ​ចេញ​ឲ្យ​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​ទីក្រុង ញូវយ៉ក ទៅរដ្ឋ អូហៃអូ ទៅ​រដ្ឋ មិសសួរី ជា​ទី​ដែល​រដ្ឋបាល​បាន​ចេញ​នូវ​បទបញ្ជា​មួយ​ថា សមាជិក​នៃ​សាសនាចក្រ « ត្រូវ​តែ​ចាត់​ទុក​ថា​ជា​សត្រូវ និង​ត្រូវ​តែ​បំផ្លាញ​ចោល ឬ​បណ្តេញ​ចេញ​ពី​រដ្ឋ​នេះ » ។ ពួកគេ​បាន​ភៀស​ខ្លួន​ទៅ​រដ្ឋ អិលលីណោយ ប៉ុន្តែ​សេចក្តី​ទុក្ខ​វេទនា​បាន​បន្ត ។ ពួក​ហ្វូង​មនុស្ស​កំណាច​បាន​ធ្វើ​ឃាត​ព្យាការី យ៉ូសែប ដោយ​ការគិត​ថា​ការសម្លាប់​លោក​ហើយ​នឹង​អាច​បំផ្លាញ​សាសនាចក្រ ហើយ​ធ្វើ​ឲ្យ​អ្នកជឿ​ខ្ចាត់ខ្ចាយ ។ ប៉ុន្តែ​ពួក​អ្នក​ស្មោះត្រង់​បាន​ឈរ​យ៉ាង​រឹងមាំ ។ ព្រិកហាំ យ៉ង់ ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​យ៉ូសែបបាន​ដឹកនាំ​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ការបណ្តេញ​ចេញ​ដោយ​បង្ខំ ធ្វើ​ដំណើរ​ជាង ២១០០ ​គីឡូម៉ែត្រ​ទៅ​ទិស​ខាង​លិច​​ដែល​បច្ចុប្បន្ន​គឺ​ជា​រដ្ឋ​យូថាហ៍ ។ ជីដូនជីតា​រ​បស់​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រួសត្រាយ​ដែល​តាំង​លំនៅ​ដំបូង​ទាំង​នោះ ។

តាំង​ពី​ថ្ងៃ​នៃ​ការបៀតបៀន​យ៉ាង​ខ្លាំងក្លា​នោះ ចំនួន​សមាជិក​នៃសាសនាចក្រ​របស់​ព្រះអម្ចាស់​បាន​កើន​ឡើង​រហូត​ដល់​​ជិត ១៧​លាន​នាក់ ដោយលើស​​ជាង​ពាក់កណ្តាល​រស់នៅ​ក្រៅ​សហរដ្ឋ​អាមេរិក ។

កាល​ពី​ខែ​មេសា​ឆ្នាំ​២០២០ សាសនាចក្រ​បាន​អបអរ​សាទរ​ខួប​ទី ២០០ ឆ្នាំ​នៃ​ការស្តារឡើង​វិញ​នៃ​ដំណឹង​ល្អ ជាមួយ​នឹង​ការប្រកាស​ដល់​ពិភពលោក ដែល​បាន​រៀបចំ​ដោយ​គណៈ​ប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ វា​ចាប់​ផ្តើម​ថា « យើង​សូម​ប្រកាស​ដ៏​ឧឡារិក​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រីទ្រង់​នៅ​គ្រប់​ជាតិសាសន៍​ក្នុង​លោកិយ » ។

ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង រ័សុល អិម ណិលសុន បាន​បញ្ជាក់​បន្ថែម​ទៀត ៖

« យើង​ជឿ​លើ​សេរីភាព សេចក្តីសប្បុរស និង​យុត្តិធម៌​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ។

« យើង​ទាំងអស់​គ្នា​គឺ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នាយើងម្នាក់ៗ​ជា​បុត្រ​របស់ព្រះវបិតា​ដែលនៅ​ស្ថានសួគ៌ ។ ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អញ្ជើញ​មនុស្ស​ទាំងអស់ ឲ្យ​មក​រកទ្រង់ ‹ ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី ›( នីហ្វៃទី​២ ២៦:៣៣ ) »​១០

សូម​ពិចារណា​ជាមួយ​ខ្ញុំ​នូវ​របៀប​បួន​យ៉ាង​ដែល​សេរីភាព​ខាង​សាសនា​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម និង​បុគ្គល​ម្នាក់ៗ ។

ទីមួយ សេរីភាព​ខាង​សាសនា​គោរព​ដល់​ព្រះបញ្ញត្តិ​ដ៏​ធំ​ទី​មួយ និង​ទី​ពីរ ដោយ​ការ​ដាក់ព្រះ​នៅ​ចំណុច​កណ្តាល​នៃ​ជីវិត​របស់​យើង ។ យើង​អាន​នៅ​ក្នុង​ម៉ាថាយ​ថា ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ។១១

« ហើយ​បញ្ញត្តិ​ទីពីរ​ក៏​បែប​ដូចគ្នា​គឺថា ត្រូវស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។១២

មិន​ថា​នៅ​ក្នុង​សាល​ប្រជុំ សាលាជំនុំ វិហារ​អ៊ីស្លាម ឬ​ខ្ទម​នោះ​ទេ សិស្ស​របស់​ព្រះគ្រីស្ទ និង​អ្នក​ជឿ​ដែល​មាន​គំនិត​ដូច​គ្នា​ទាំងអស់​អាច​បង្ហាញ​ភក្តី​ចំពោះ​ព្រះ​ដោយ​ការថ្វាយបង្គំ​ទ្រង់ និង​ឆន្ទៈ​ដើម្បី​បម្រើដល់​កូនចៅ​របស់​ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​បែបនេះ ។ អំឡុង​ការងារបម្រើ​របស់​ទ្រង់ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​នឹង​មនុស្ស​ក្រីក្រ១៣ ព្យាបាល​អ្នក​ឈឺ១៤ និង​អ្នក​ខ្វាក់ ។១៥ ទ្រង់​បាន​ប្រទាន​អាហារ​ដល់​អ្នក​អត់​ឃ្លាន១៦ បាន​លាត​ព្រះហស្ត​ទ្រង់​ចំពោះ​កូនក្មេង​តូចៗ១៧ ហើយ​បាន​អភ័យ​ទោស​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ធ្វើ​ខុស​ដាក់​ទ្រង់ សូម្បី​តែ​អ្នក​ដែល​បាន​ឆ្កាង​ទ្រង់​ផងដែរ ។១៨

បទ​គម្ពីរ​ពិពណ៌នា​ថា ព្រះយេស៊ូវ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។១៩ ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ដូច​ទ្រង់​ដែរ ។

ទីពីរ សេរីភាព​ខាង​​សាសនា​ជំរុញ​ឲ្យ​មាន​ការបង្ហាញ​សេចក្តីជំនឿ សេចក្តី​សង្ឃឹម និង​ភាពសុខសាន្ត ។

ក្នុង​នាម​ជា​សាសនាចក្រ​មួយ យើង​ចូល​រួម​ជាមួយ​សាសនា​ដទៃ​ដើម្បី​ការពារ​មនុស្ស​មក​ពី​គ្រប់​ជំនឿ​ទាំង​អស់ ការបញ្ចុះបញ្ចូល និង​សិទ្ធិ​ក្នុង​ការនិយាយ​អំពី​ជំនឿ​ស៊ប់​របស់​ពួកគេ ។ នេះ​ពុំ​មាន​ន័យ​ថា​យើង​ទទួល​យក​ជំនឿ​របស់​ពួកគេ ឬ​ពួកគេ​ទទួល​យក​ជំនឿ​របស់​យើង​នោះ​ទេ ប៉ុន្តែ​យើង​មាន​អ្វី​ច្រើនដែលដូច​គ្នា​ជាង​អ្នកដែលមានបំណង​​ចង់​បិទ​សិទ្ធិ​ខាង​សាសនា​របស់​យើង ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ធ្វើ​ជាអ្នក​តំណាង​សាសនាចក្រ​ទៅ​ចូលរួម​វេទិកា​អន្តរជំនឿ G20 ប្រចាំ​ឆ្នាំ នៅ​ប្រទេស​អ៊ីតាលី ។ ខ្ញុំ​ត្រូវ​បាន​លើក​ទឹកចិត្ត និង​ពង្រឹង​នៅ​ពេល​ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋាភិបាល និង​អ្នកដឹកនាំ​ខាង​សាសនា​មក​ពី​ជុំវិញ​ពិភព​លោក ។ ខ្ញុំ​បាន​ដឹង​ថា​មុខ​របួស និង​ភាពផ្សេង​គ្នា​អាច​ត្រូវ​បាន​ដោះស្រាយ និង​បាន​ជាសះស្បើយ​នៅ​ពេល​យើង​គោរព​ព្រះ ជា​ព្រះវរបិតា​នៃ​យើង​ទាំង​អស់​គ្នា និង​ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រា​ទ្រង់ ។ អង្គ​ព្យាបាល​ដ៏​អស្ចារ្យ​បំផុត​គឺ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​បាន​មាន​គ្រា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ចប់ ។ អ្នក​ថ្លែង​សុន្ទរកថា​ទាំង​ប្រាំពីរ​នាក់​មុន​ពុំ​បាន​បញ្ចប់​ការនិយាយ​ក្នុង​លក្ខណៈ​មួយ​តាម​ប្រពៃណី​ជំនឿ ឬ​នៅ​ក្នុង​នាម​នៃ​ព្រះ​នោះទេ ។ នៅ​ពេល​ខ្ញុំ​បាន​និយាយ ខ្ញុំ​បាន​គិត « តើ​ខ្ញុំ​គ្រាន់​និយាយ​ថា​អរគុណ ហើយ​អង្គុយ​ចុះ ឬ​ខ្ញុំត្រូវ​បញ្ចប់ ‹ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ? › » ខ្ញុំ​បាន​ចាំ​ថា​ខ្ញុំ​ជា​នរណា ហើយ​ខ្ញុំ​បាន​ដឹង​ថា​ព្រះអម្ចាស់​នឹង​ឲ្យ​ខ្ញុំ​និយាយ​ព្រះនាម​របស់​ទ្រង់​ដើម្បី​បញ្ចប់​សារលិខិត​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​ធ្វើ​ដូច្នេះ ។ ក្រលេក​មើល​មក​ក្រោយ​វិញ វា​គឺ​ជា​ឱកាស​ដើម្បី​បង្ហាញ​នូវ​ជំនឿ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​មាន​សេរីភាពខាង​សាសនា​ដើម្បី​ធ្វើ​ជា​សាក្សី​ពី​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

ទីបី សាសនា​ជំរុញ​ឲ្យ​មនុស្ស​ចេះ​ជួយ​ដល់​អ្នក​ដទៃ ។

ពេល​ដែល​សាសនា​ត្រូវ​បាន​ផ្តល់​នូវ​ទីកន្លែង និង​សេរីភាព​ដើម្បី​លូតលាស់ នោះអ្នក​ជឿ​ទាំងឡាយ​ធ្វើ​សកម្មភាពដោយសាមញ្ញ ហើយ​ជួន​កាល​ជាវីរភាព​​នៃ​ការបម្រើទៀតផង ។ ឃ្លា​« tikkun olam » ជា​ភាសា​របស់​ជនជាតិ​យូដា​បុរាណដែលមាន​ន័យ​ថា « ជួសជុល ឬ​ព្យាបាល​ពិភពលោក » គឺបាន​ឆ្លុះ​បញ្ចាំង​សម្រាប់​ពេល​សព្វថ្ងៃ​នេះ​ដោយ​កិច្ច​ប្រឹងប្រែងរបស់​មនុស្ស​ជាច្រើន ។ យើង​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ សប្បុរសធម៌សាសនាកាតូលិកដែល​ត្រូវ​បាន​ស្គាល់ថា​ជា Caritas International, Islamic Relief, និង​ពួក​សាសនា​យូដា ហិណ្ឌូ ពុទ្ធសាសនិក ស៊ីក និង​អង្គការ​គ្រីស្ទាននានា​ដូច​ជា Salvation Army និង National Christian Foundation ។ យើង​រួមគ្នា​បម្រើ​មនុស្ស​ដែល​ត្រូវ​ការជំនួយ​រាប់​លាន​នាក់ ថ្មីៗ​បំផុត​នេះ​គឺ​ការជួយ​ជនភៀសខ្លួន​នៃ​សង្គ្រាម​ជា​មួយ​តង់ មុង និង​ការផ្គត់ផ្គង់​អាហារ​២០ និង​ការផ្តល់​វ៉ាក់សាំង រួម​ទាំង​វ៉ាក់សាំង​ជំងឺ​ស្វិត​ដៃ​ជើង២១ និង​វ៉ាក់​ជំងឺ កូវីដ២២ បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​រួច​ហើយ​គឺ​វែង ប៉ុន្តែ​បញ្ជី​នៃ​សេចក្តី​ត្រូវការ​ក៏​វែង​ដែរ ។

ពុំ​មាន​សំណួរ​ឡើយ នៅ​ពេលដែល​មនុស្ស​មាន​ជំនឿ​ធ្វើ​កិច្ចការ​រួមគ្នា នោះ​អាច​ធ្វើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដ៏​សំខាន់​បាន ។ នៅ​ពេល​តំណាល​គ្នា ការបម្រើ​មួយ​ម្តងៗ​គឺ​ជា​រឿយៗ​ពុំ​ត្រូវបាន​ប្រកាស​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជីវិត​យ៉ាង​ស្ងៀម​ស្ងាត់ ។

ខ្ញុំ​គិត​ដល់​គំរូ​នៅ​ក្នុង​លូកា​នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​ទៅ​ដល់​ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន ។ ព្រះយេស៊ូវ​អម​ដំណើរ​ដោយ​អ្នកដើរ​តាម​មួយ​ក្រុម បាន​មក​ដល់​ពិធី​បញ្ចុះ​សព​កូនប្រុស​​តែមួយរបស់​ស្ត្រី​មេម៉ាយ​នោះ ។ ដោយ​បាត់បង់​កូនប្រុស គាត់​ប្រឈម​បញ្ហា​ខាង​សតិអារម្មណ៍ ខាង​វិញ្ញាណ និង​ខាង​ហិរញ្ញវត្ថុផងដែរ ។ កាល​ឃើញ​ទឹកភ្នែក​ស្រក់​លើ​មុខ​របស់​គាត់ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « កុំ​យំ​អី » ។២៣ រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារមឈូស ឯ​ពួក​អ្នកសែង​ក៏​ឈប់ ។

បន្ទាប់​មក​ទ្រង់​បាន​ត្រាស់​បង្គាប់​ថា « អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង » ។

« អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ ។ រួច [ ព្រះយេស៊ូវ ] ប្រគល់​ដល់​ម្តាយ​វិញ » ។២៤

ការប្រោស​មនុស្ស​ឲ្យ​រស់​ពី​ស្លាប់​គឺ​ជា​អព្ភូតហេតុ ប៉ុន្តែ​រាល់​សកម្មភាព​នៃ​អំពើ​ល្អ និង​ការព្រួយ​បារម្ភ​ចំពោះ​នរណា​ដែល​កំពុង​ជួប​ទុក្ខលំ​បាក គឺ​ជា​របៀប​នៃ​សេចក្តី​សញ្ញា​ដែល​យើង​ម្នាក់ៗ​ក៏​អាច « [ ទៅ ] ចុះ​ឡើង​ធ្វើ​ការល្អ »​ដោយ​ដឹង​ថា « ព្រះ [ គង់ ] ជាមួយ​នឹង [ យើង ] » ។២៥

ហើយ ទីបួន ។ សេរីភាពខាង​សាសនា​ដើរ​តួ​ជា​កម្លាំង​បង្រួបបង្រួម និង​ប្រមូល​ផ្តុំ​សម្រាប់​កំណត់​គុណ​តម្លៃ និង​សីលធម៌ ។

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​បាន​អាន​ពី​មនុស្ស​ជាច្រើន​ងាក​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ ត្អូញត្អែរ​ពី​គោលលទ្ធិ​របស់​ទ្រង់​ថា « ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន ? »២៦

សព្វ​ថ្ងៃ​នេះ សម្រែក​នោះ​គឺ​នៅ​តែ​​ឮ​ចេញ​ពី​អ្នក​ទាំងឡាយ​ដែល​ព្យាយាម​បញ្ឈប់ការ​​និយាយស្តី និង​ឥទ្ធិពល​ពី​សាសនា ។ ប្រសិន​បើ​គ្មាន​សាសនា​ដើម្បី​ជួយ​កំណត់​លក្ខណៈ​សម្បត្តិ និង​ជួយ​នាំ​មក​នូវ​ដំណោះស្រាយ​ក្នុង​ពេល​លំបាក​ទេ​នោះ តើ​នរណានឹង​ជួយ ? តើ​នរណា​នឹង​បង្រៀន​ពី​ភាពស្មោះត្រង់ ការដឹងគុណ ការអភ័យទោស និង​ការអត់ធ្មត់ ? តើ​នរណា​នឹង​បង្ហាញ​សេចក្តី​សប្បុរស សេចក្តី​មេត្តា​ករុណា និង​ចិត្តល្អ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​បំភ្លេច និង​ជិះជាន់ ? តើ​នរណា​នឹង​ឱប​ក្រសោប​អ្នកទាំងឡាយ​ដែល​ខុស​ពី​គេ ប៉ុន្តែ​ស័ក្តិសម​នឹង​ទទួល​បាន​អ្វីៗ​ដូច​ជា​កូនចៅគ្រប់រូប​របស់​ព្រះ​នោះ ? តើ​នរណា​នឹង​ឈោង​ដៃ​ទៅ​ជួយ​ដល់អ្នក​ដែល​ខ្វះ​ខាត ហើយ​ពុំស្វែងរកការតបស្នង​​មក​វិញ​នោះ ? តើ​នរណា​នឹង​គោរព​ដល់​សន្តិភាព និង​គោរព​ច្បាប់​ខ្លាំង​ជាង​និន្នាការ​ក្នុង​សម័យ​នេះ ? តើ​នរណា​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការអង្វរ​ករ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ ? »២៧

គឺ​ពួក​យើង​នឹង​ធ្វើ ! ពិតណាស់​បងប្អូន​ប្រុស និង​បងប្អូន​ស្រី យើង​នឹង​ធ្វើ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គាំទ្រ​ដល់​បុព្វហេតុ​នៃ​សេរីភាព​ខាង​ជំនឿ​សាសនា ។ វា​គឺ​ជា​ការបង្ហាញ​នៃ​គោលការណ៍​​សិទ្ធិ​ជ្រើសរើស​ដែល​បាន​ប្រទាន​មក​ពី​ព្រះ ។

សេរីភាព​ខាងសាសនា​នាំ​មក​នូវ​តុល្យភាពដើម្បី​ប្រកួតប្រជែង​ខាង​ទស្សនវិជ្ជា ។ ភាព​ល្អ​នៃ​សាសនា ការឈាន​ទៅ​ដល់​គោដៅ​របស់​វា និង​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​ដែល​សាសនា​ញ៉ាំងឲ្យ​មាន នឹង​កើន​ឡើង​នៅ​ពេល​យើង​ការពារដល់​សេរីភាព​ដើម្បី​បង្ហាញ និង​អនុវត្តលើ​ជំនឿ​គោល​តែ​ប៉ុណ្ណោះ ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​នៅរស់​របស់​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​នេះ ។ ទ្រង់​បាន​ពលិកម្ម​ធួន​នឹង​បាបយើង ហើយ​ត្រូវ​បាន​ឆ្កាង​លើ​ឈើឆ្កាង និង​បានមាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ។២៨ ដោយសារ​ទ្រង់ នោះ​យើង​អាច​រស់នៅ​ម្តង​ទៀត​សម្រាប់​ភាព​អស់កល្ប ហើយ​អ្នក​ទាំងឡាយ​ដែល​ប្រាថ្នាចង់បាន អាច​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតា​របស់​យើង​នៅលើ​ស្ថានសួគ៌​វិញ ។ ខ្ញុំ​សូម​ប្រកាស​សេចក្តី​ពិត​នេះ​ដល់​ពិភពលោក​ទាំង​មូល ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​សេរីភាព​ដើម្បី​ធ្វើ​ដូច្នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕