សន្និសីទទូទៅ
« លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


11:59

« លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ »

ពេល​យើង​បន្ទាប​ខ្លួន​យើង និង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ និង​ពលិកម្ម​ដ៏ធួន និង​និរន្តរ​របស់​ទ្រង់អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន ។

មាន​គ្រា​មួយ​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​រឿង​របស់ ក្លីនតុន ដូហ្វី ដែល​ជា​ឆ្មាំ​គុកម្នាក់ ។ « អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ និង ១៩៥០ [ វ៉ាដិន ដូហ្វី ] ល្បី​ឈ្មោះ ដោយសារ​ការខិតខំ​របស់​គាត់ ដើម្បី​ស្ដារ​នីតិ​សម្បទា​បុរស​នៅក្នុង​គុក​របស់​គាត់ ។ អ្នក​រិះគន់​​ម្នាក់​បាន​និយាយ​ថា ‹ ​អ្នក​គួរ​ដឹង​ថា ខ្លា​រខិន​វាមិន​​ផ្លាស់ប្ដូរពណ៌​សម្បុរលើ​ខ្លួន​វាឡើយ ! ›

វ៉ាដិន ដូហ្វី បាន​ឆ្លើយ​ថា ‹ អ្នក​គួរ​ដឹង​ថា ខ្ញុំ​មិន​បានធ្វើការជាមួយសត្វ​ខ្លា​រខិននោះទេ ។ ខ្ញុំ​ធ្វើការ​​ជាមួយ​នឹង​មនុស្ស ហើយ​មនុស្ស​ផ្លាស់ប្ដូរ​រាល់ថ្ងៃ › » ។

ការកុហក​ដ៏​ធំ​បំផុត​មួយ​របស់​សាតាំង​នោះ​គឺ​ថា មនុស្ស​ទាំងប្រុស​ទាំង​ស្រី​ពុំ​អាច​ផ្លាស់ប្តូរ​បានឡើយ ។ ការកុហក​នេះ​ត្រូវ​បាន​ប្រាប់​តៗ​គ្នា ​ម្ដង​ហើយ​ម្ដងទៀត តាម​របៀប​ផ្សេងៗ​គ្នា​ជា​ច្រើន ដូច​លោកិយ​ប្រាប់​ថា យើង​មិន​អាចផ្លាស់ប្តូរ​បាន​ទេ​—ឬ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ប្រាប់​ថា​យើង​មិន​គួរ​ផ្លាស់ប្តូរឡើយ ។ យើង​ត្រូវបាន​បង្រៀន​ថា កាលៈទេសៈ​របស់​យើង​កំណត់​ពីខ្លួន​យើង ។ យើង​គួរតែ « ឱប​ក្រសោប​ភាពពិត​នៃ​ខ្លួន​យើង » លោកិយ​និយាយ​ថា « ហើយ​ចូរ​ស្មោះត្រង់​នឹង​ខ្លួនឯង » ។

យើង​អាច​ផ្លាស់ប្តូរ​បាន

ខណៈ​ដែល​ការស្មោះត្រង់​នឹង​ខ្លួនឯង​វា​ជា​រឿង​ល្អ​មែន​ ប៉ុន្តែយើង​គួរតែ​ស្មោះត្រង់​ខ្លួនយើងចំពោះភាពពិត​ប្រាកដ​នៃខ្លួន​យើង ដែល​ជា​បុត្រា​និង បុត្រី​នៃ​ព្រះ ដែល​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ បើសិន​គោលដៅ​របស់​យើង​គឺ​ដើម្បី​ស្មោះត្រង់​នឹង​ចរិត និង​គោលដៅ​នៃ​ព្រះ​ នោះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ផ្លាស់ប្តូរ ។ ពាក្យ​នៅក្នុង​ព្រះគម្ពីរ​សម្រាប់​ការផ្លាស់ប្តូរ​គឺ ការប្រែចិត្ត ។ ប្រធាន រ័សុល អិម ណិលសុន បង្រៀន​ថា « មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម—ជា​អ្វី​មួយ​ដែល​ត្រូវ​ចៀសវាង លើក​លែង​តែស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ។ … នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​បង្គាប់​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ ‹ ប្រែចិត្ត › ទ្រង់​កំពុង​អញ្ជើញ​យើង​ឲ្យ​ផ្លាស់ប្ដូរ » ។

លក្ខខណ្ឌ​របស់​ព្រះ

អ្នក​បង្កើត​សុសវែរ​កុំព្យូទ័រ​ប្រើ​សេចក្តី​ថ្លែង​ការណ៍​ជា​លក្ខខណ្ឌ ដើម្បី​បញ្ជា​កុំព្យូទ័រ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ជួនកាល គេ​ហៅ​សេចក្តី​ថ្លែងការណ៍​នោះ​ថាជា សេចក្តី​ថ្លែងការណ៍​បើសិន-ជា ។ គឺ​ដូចសមីការ បើសិន x ពិត នោះត្រូវ​រក y ។

ព្រះអម្ចាស់​ក៏​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​ផងដែរ​គឺ ៖ លក្ខខណ្ឌ​នៃ​សេចក្តី​ជំនឿ លក្ខខណ្ឌ​នៃ​សេចក្តីសុចរិត លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។ មាន​ឧទាហរណ៍​ជាច្រើន​អំពី​សេចក្តី​ថ្លែងការណ៍​ដែល​មាន​លក្ខខណ្ឌ​មក​ពី​ព្រះ​ដូចជា ៖

« បើ​សិន​ជា អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត [ នោះ ] អ្នក​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ។

ឬ « បើ​សិន​ជាអ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ [ នោះទ្រង់​នឹង​សម្ដែង​សេចក្ដីពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សូម្បី​តែ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​គ្មាន​ដែន​កំណត់ និង​ល្អ​ឥត​ខ្ចោះ ក៏​ស្ថិត​នៅក្រោម​លក្ខខណ្ឌ​ផងដែរ ។ ឧទាហរណ៍ ៖

« បើ អ្នករាល់គ្នា​កាន់តាម​បញ្ញត្តិ​ខ្ញុំ [ នោះ ] នឹង​នៅជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ពន្យល់​បន្ថែម​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ​នេះ ពេល​លោក​បង្រៀន ៖ « មនុស្ស​មួយ​ចំនួន​ទម្លាប់​និយាយ​ថា ‹ ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ខ្ញុំ ទោះ​ខ្ញុំ​ជា​មនុស្ស​បែបណា​ក៏​ដោយ › ហើយ​នោះ​ជា​ការពិត​ណាស់ ។ ប៉ុន្តែ​ទ្រង់​មិន​អាច​យក​យើង​ទៅ​នគរ​របស់​ទ្រង់ ទោះ​យើង​ជា​មនុស្ស​បែបណា​ក៏​ដោយ​នោះ​ទេ « ដ្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាចអាស្រ័យ​នៅ​ទី​នោះ ឬ​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » [ ម៉ូសេ ៦:៥៧ ] ។ អំពើ​បាប​របស់​យើង​ត្រូវតែ​បាន​ដោះស្រាយ​ជាមុន​សិន » ។

អ្វី​ដែល​ទន់ខ្សោយ​អាច​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ

ពរជ័យ​នៃ​ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ ក៏​មាន​លក្ខខណ្ឌ​ផងដែរ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដោយ​មាន​បន្ទូល​តាមរយៈ​ព្យាការី​មរ៉ូណៃ នៅក្នុង​ព្រះគម្ពីរ​មរមន ៖ « ហើយ​បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាព​ទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ដ្បិត​បើសិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

សូម​មើល​ឲ្យ​ល្អិតល្អន់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​បង្រៀន​យើង​នៅ​ត្រង់​នេះ យើង​មើលឃើញ​ថា​ដំបូង​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​ប្រទាន​ភាព​ទន់ខ្សោយ, ជាទម្រង់​ឯកវចនៈ ទៅ​មនុស្ស​ទាំងប្រុស​ទាំងស្រី ដែល​ជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ជា​ស្ថានភាព​ធ្លាក់ ឬ​ខាង​រូបកាយ ។ យើង​បាន​ប្រែ​ជា​មនុស្ស​ប្រុសស្រី​ខាង​សាច់​ឈាម ដោយសារ​តែ​ការ​ធ្លាក់​របស់​លោក​អ័ដាម ។ ប៉ុន្តែ​តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ឈ្នះ​លើ​ភាព​ទន់ខ្សោយ ឬ​ស្ថានភាព​ធ្លាក់​របស់​យើង​បាន ។

បន្ទាប់​មក​ទ្រង់​មាន​បន្ទូល​ថា ព្រះគុណ​របស់​ទ្រង់​មាន​គ្រប់គ្រាន់ ហើយ ថា​បើ​សិនជា​យើង​នឹង​បន្ទាប​ខ្លួន ហើយ​មាន​សេចក្តីជំនឿ​ជឿ​លើ​ទ្រង់ នោះ​ទ្រង់​នឹង « ធ្វើ​ឲ្យ អ្វីពហុវចនៈ ] ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ [ ពួកយើង ] វិញ » ។ និយាយ​ម៉្យាង​ទៀត​ថា នៅពេល​យើង​ផ្លាស់ប្តូរ​ស្ថានភាព​ធ្លាក់ និង​ភាព​ទន់ខ្សោយ​របស់​យើង​ជាមុន​សិន នោះ​យើង​នឹង​អាច​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​យើង និង​ភាពទន់ខ្សោយ​របស់​យើង​បាន​ផងដែរ ។

តម្រូវការ​នៃ​ការផ្លាស់ប្ដូរ

ចូរ​យើង​រំឭក​ពី​តម្រូវការ​ដើម្បី​ផ្លាស់ប្តូរ យោង​តាម​លំនាំ​របស់​ព្រះអម្ចាស់ ៖

ទីមួយ យើង​ត្រូវ​បន្ទាប​ខ្លួន​របស់​យើង ។ លក្ខខណ្ឌ​របស់​ព្រះអម្ចាស់​សម្រាប់​ការផ្លាស់ប្តូរ​គឺ​ការបន្ទាប​ខ្លួន ។ ទ្រង់​បាន​មាន​បន្ទូល​ថា « បើសិនជា ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង » ។១០ ពាក្យផ្ទុយ​​នឹង​ការបន្ទាប​ខ្លួន​នោះ​គឺ​ភាពឆ្មើងឆ្មៃ ។ យើង​មានភាពឆ្មើងឆ្មៃ​នៅ​ពេល​ដែល​យើង​គិត​ថា ​យើង​ដឹង​ល្អ​ជាង—នៅ​ពេល​អ្វី​ដែល យើង គិត ឬ​ទទួល​អារម្មណ៍​មាន​អាទិភាព​លើស​អ្វី​ដែល ព្រះ ទ្រង់​រាជតម្រិះ ឬ​មាន​ព្រះទ័យ ។

ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « មនុស្ស​ខាង​សាច់​ឈាម​ជា​សត្រូវ​ដល់​ព្រះ … ហើយ​នឹង​នៅ​យ៉ាង​នេះ​ជា​រៀង​ដរាប​ត​ទៅ លើក​លែងតែ​គេ​… សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត [ និង ] រាបសា » ។១១

ដើម្បី​ផ្លាស់ប្តូរ យើង​ត្រូវ​តែ​សម្រាត​ភាព​ខាង​សាច់​ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​ទាបរាបសា និង​ងាយ​ប្រដៅ ។ យើង​បន្ទាបខ្លួន​សម​ល្មម​ដើម្បី​ធ្វើ​តាម​ព្យាការី​ដែល​នៅរស់ ។ បន្ទាប​ខ្លួន​សមល្មម​ដើម្បី​ចុះ និង​កាន់តាម​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប​ខ្លួន​សម​ល្មម​ដើម្បី​ប្រែចិត្ត​រាល់​ថ្ងៃ ។ យើង​ត្រូវ​បន្ទាប​ខ្លួន​សម​ល្មម ដើម្បី​ចង់​ផ្លាស់ប្តូរ ដើម្បី « ប្រគល់​ចិត្ត របស់​យើង ដល់​ព្រះ » ។១២

ទីពីរ យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​ថ្មី​ម្តង​ទៀត ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ៖ « បើសិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​យើង »១៣ នោះ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​យើង​ឲ្យ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង ។ ការបន្ទាបខ្លួន​រួម​ជាមួយ​នឹង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​អំណាច​នៃ​ព្រះគុណ​របស់​ទ្រង់ និង​ភាព​ពោរពេញ​នៃ​ពរជ័យ​ដែល​មាន ដោយសារ​ដង្វាយ​ធួន​របស់​ទ្រង់ ។

ប្រធាន ណិលសុន បាន​បង្រៀន​ថា « ការប្រែចិត្ត​ដ៏​ពិត​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​សម្អាត ព្យាបាល និង​ពង្រឹង​យើង ។ … គឺ​សេចក្ដី​ជំនឿ របស់​យើង ដែល​ចាក់សោ​បើក​ព្រះចេស្តា​នៃ​ព្រះ​មកក្នុង​ជីវិត របស់​យើង » ។១៤

ទីបី តាម​រយៈ​ព្រះគុណ​របស់​ទ្រង់ នោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​បាន ។ បើសិន​ជា យើង​បន្ទាប​ខ្លួន​យើង ហើយ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ ព្រះគុណ​របស់​ទ្រង់​នឹង​អាច​ឲ្យ​យើង​ផ្លាស់ប្តូរ​បាន ។ និយាយ​ម្យ៉ាងទៀត​ថា ទ្រង់​នឹង​ប្រទាន​អំណាច​ឲ្យ​យើង​ផ្លាស់ប្តូរ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន ដោយសារ​ទ្រង់​មាន​បន្ទូល​ថា « គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់ » ។១៥ ព្រះគុណ​ដែល​ពង្រឹង និង​ផ្តល់​អំណាច​របស់​ទ្រង់ ប្រទាន​អំណាច​ដល់​យើង​ឲ្យ​យក​ឈ្នះ​លើឧបសគ្គ ទាំងអស់ ការលំបាក ទាំងអស់ និង​​ភាព​ទន់ខ្សោយ ទាំងអស់ នៅពេល​យើង​ព្យាយាម​ផ្លាស់ប្តូរ ។

ភាព​ទន់ខ្សោយ​ដ៏ធំ​បំផុត​របស់​យើង​អាច​ក្លាយ​ទៅជា​ភាព​ខ្លាំង​បំផុត​របស់​យើង​បាន ។ យើង​អាច​ផ្លាស់ប្តូរ ហើយ « ក្លាយ​ជា​សត្វលោក​ថ្មី » ។១៦ អ្វីៗ​ដែល​ទន់ខ្សោយ​ពិត​ជា​អាច « ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ [ យើង ] វិញ » បាន​មែន ។១៧

ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ដង្វាយធួន​ដ៏​និរន្តរ និង​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​ពិតជា​អាច​ផ្លាស់ប្តូរ ប្រែចិត្ត និង​ប្រែកាន់តែ​ប្រសើរ​ឡើង ។ យើង​ពិត​ជា​អាច​កើត​ជាថ្មី​ម្តង​ទៀត​បាន ។ យើង​អាច​យក​ឈ្នះ​លើ​ទម្លាប់ ការញៀន និង​សូម្បី​តែ « បំណង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » បាន ។១៨ ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ដែល​គង់​នៅ​ស្ថានសួគ៌ នោះ​យើង​មាន​អំណាច​នៅក្នុង​ខ្លួន​យើង​ដើម្បី​ផ្លាស់ប្តូរ ។

គំរូ​នៃ​ការផ្លាស់ប្ដូរ

ព្រះគម្ពីរ​មាន​ពោរពេញ​ដោយ​គំរូ​នៃ​បុរស និង​ស្ត្រី​ដែល​បាន​ផ្លាស់ប្តូរ ។

សុល​ដែល​ជា​ពួក​ផារិស៊ី និង​ជា​អ្នក​ធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាង​សកម្ម​ដល់​ព្រះវិហារ​គ្រីស្ទាន​ជំនាន់​ដើម១៩ បាន​ក្លាយ​ទៅ​ជា​ប៉ុល ជា​សាវក​ម្នាក់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អាលម៉ា​ធ្លាប់​ជា​សង្ឃ​ម្នាក់​នៅក្នុង​ទីជំនុំ​ក្តី​របស់​ស្តេច​ណូអេ​ដ៏​ទុច្ចរិត ។ លោក​បាន​ស្តាប់​ឮពាក្យ​របស់​អ័ប៊ីណាដៃ បាន​ប្រែចិត្ត​ទាំងស្រុង ហើយ​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏អស្ចារ្យ​នៃ​ព្រះគម្ពីរ​មរមន ។

កូន​ប្រុស​របស់​លោក​គឺ​អាលម៉ា បាន​ចំណាយ​ពេល​ក្នុង​យុវវ័យ​របស់​លោក​ខិតខំ​បំផ្លាញ​សាសនាចក្រ ។ លោក​នៅក្នុង​ចំណោម « មនុស្ស​អាក្រក់​បំផុត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បាប​ទាំងឡាយ »២០ រហូត​ដល់​លោក​បាន​ផ្លាស់ប្តូរ​ចិត្ត​លោក ហើយ​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​អានុភាព តាមរយៈ​កិច្ច​ខិតខំ​ផ្ទាល់​របស់​លោក ។

ម៉ូសេ​ត្រូវបាន​យក​ទៅ​ចិញ្ចឹម​នៅក្នុង​គ្រួសារ​ផារ៉ោន ហើយ​បាន​ធំឡើង​នៅក្នុង​វាំង​ដ៏​ប្រណិត ក្នុងនាម​ជា​ព្រះអម្ចាស់​មួយ​អង្គ​នៃ​អេស៊ីព្ទ ។ ប៉ុន្តែ​នៅពេល​លោក​បាន​ស្គាល់​ខ្លួន​លោក​ជា​នរណា និង​បាន​ដឹង​ពី​គោលដៅ​នៃ​ភាព​ជា​ព្រះ​របស់​លោក នោះ​លោក​បាន​ផ្លាស់ប្តូរ ហើយ​ក្លាយ​ទៅ​ជា​ព្យាការី​ចែង​ច្បាប់​ដ៏​ធំ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។២១

ខ្ញុំ​តែង​កោត​សរសើរ​ដល់ ជេមស៍ ប៊ី ខីស័រ ដែល​ជា​ជីតា​របស់​ភរិយា​ខ្ញុំ​ជានិច្ច ដោយសារតែ​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ចិត្ត​របស់​គាត់​ផ្ទាល់ ។២២ ដោយ​បាន​កើត​ពី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ជា​បព្វការីជន​អ្នក​ត្រួសត្រាយ​នៅឯ​ជ្រលង​ភ្នំ​សតល៍ លេក នោះ​គាត់​បាន​បាត់បង់​ម្តាយ​ទាំង​ក្មេង​វ័យ ហើយ​ពុះពារ​ឆ្លង​កាត់​យុវវ័យ​របស់​គាត់ ។ អំឡុង​ពេល​វ័យ​ជំទង់ និង​យុវមជ្ឈិមវ័យ​របស់​គាត់​ដែល​បាន​ចេញ​ឆ្ងាយ​ពី​សាសនាចក្រ ជា​ពេល​ដែល​គាត់​បាន​បង្កើត​ទម្លាប់​អាក្រក់​មួយ​ចំនួន ។ ប៉ុន្តែ​គាត់​បាន​ជួប ហើយ​រៀបការ​នឹង​ស្ត្រី​ដ៏​ស្មោះត្រង់​ម្នាក់ ហើយពួកគេ​បាន​ចិញ្ចឹម​បីបាច់​កូន​ប្រាំ​នាក់​ជាមួយ​គ្នា ។

នៅ​ក្នុង​ឆ្នាំ ១៩៤៣ បន្ទាប់​ពី​រយៈពេល​ជាច្រើន​ឆ្នាំ​ដ៏​លំបាក​នៃ​វិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ និង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ នោះ បាដ នេះ​ជា​ឈ្មោះ​ដែល​មិត្តភក្តិ និង​គ្រួសារ​គាត់​ហៅ​គាត់ បាន​ចាកចេញ​ពី​រដ្ឋ​យូថាហ៍ ហើយ​ប្តូរ​ទៅ​រស់នៅ​ទីក្រុង ឡូស អេនជើរលេស រដ្ឋ កាលីហ្វ័រញ៉ា ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។ អំឡុង​គ្រា​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​នេះ គាត់​បាន​រស់នៅ​ជាមួយ​បងស្រី​របស់​គាត់ និង​ស្វាមី​គាត់ ដែល​កាលនោះ​កំពុង​បម្រើ​ជា​ប៊ីស្សព​នៅ​វួដ​របស់​ពួកគេ ។

ដោយ​សេចក្តី​ស្រឡាញ់ និង​ឥទ្ធិពល​របស់​បងស្រី​គាត់ និង​បង​ថ្លៃ​គាត់ នោះ​គាត់​បាន​ចាប់ផ្តើម​បណ្ដុះ​ចំណាប់​អារម្មណ៍​គាត់ឡើង​វិញ​ទៅ​លើ​សាសនាចក្រ ហើយ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​មរមន​រៀង​រាល់​យប់ ពីមុន​ចូល​សម្រាន្ត ។

យប់​មួយ​អំឡុង​ពេល​គាត់​អាន​នៅ​ក្នុង អាលម៉ា ជំពូក ៣៤គាត់​បាន​រំជួល​ចិត្ត នៅពេល​គាត់​អាន​ពាក្យ​ដូច​ត​ទៅនេះ ៖

« មែន​ហើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ទៀត​ឡើយ ។ …

ដ្បិត​មើល​ចុះ ជីវិត​នេះ​គឺ​ជា​ពេលវេលា សម្រាប់​ឲ្យ​មនុស្ស​ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែនហើយ មើល​ចុះ​ពេលវេលា​នៃ​ជីវិត​នេះ គឺ​ជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំងឡាយ​របស់​ខ្លួន » ។២៣

អំឡុង ពេល គាត់​អាន​ខគម្ពីរ​ទាំង​នេះ អារម្មណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​កើត​ឡើង​ចំពោះ​គាត់ ហើយ​គាត់​បាន​ដឹង​ថា គាត់​ត្រូវ​តែ​ផ្លាស់ប្តូរ ប្រែចិត្ត ហើយ​គាត់​បាន​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវធ្វើ ។ គាត់​បាន​ក្រោក​ពី​គ្រែ​ដេក​របស់​គាត់ ហើយ​លុត​ជង្គង់​ចុះ រួច​ចាប់ផ្តើម​អធិស្ឋាន ដោយ​អង្វរ​ដល់​ព្រះអម្ចាស់​ឲ្យ​អភ័យទោស​ដល់​គាត់ ហើយ​ប្រទាន​ដល់​គាត់​នូវ​កម្លាំង ដែល​គាត់​ត្រូវការ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​គាត់ ។ ការអធិស្ឋាន​របស់​គាត់​បាន​ទទួល​ចម្លើយ ហើយ​ចាប់​តាំង​ពីពេលនោះ​មក គាត់​មិន​ដែល​ងាក​មើល​ក្រោយ​ឡើយ ។ បាដ បាន​បន្ត​បម្រើ​នៅក្នុង​សាសនាចក្រ ហើយ​បន្ត​ធ្វើ​ជា​ពួកបរិសុទ្ធថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់ ដ៏​មាន​ការតាំងចិត្ត រហូត​ដល់ចុង​បញ្ចប់​នៃ​ជីវិត​គាត់ ។ គាត់​បាន​ផ្លាស់ប្តូរ​គ្រប់​យ៉ាង ។ គំនិត​គាត់ ដួងចិត្ត​គាត់ ទង្វើ​គាត់ អាកប្បកិរិយា​របស់​គាត់​បាន​ផ្លាស់ប្តូរ ។

បងប្អូន​ប្រុស​ស្រី ជោគវាសនា និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង​នៅ​ទី​បំផុត​គឺ​ដើម្បី​ក្លាយ​ជា​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ធ្វើ​កិច្ចការ​នេះ ពេល​យើង​ផ្លាស់ប្តូរ ឬ​ប្រែចិត្ត ។ យើង « ទទួល​ព្រះភក្ត្រ​របស់ ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​ទឹកមុខ [ របស់​យើង ] » ។២៤ យើង​ប្រែ​ជា​មនុស្ស​ថ្មី ជ្រះស្អាត ផ្សេង​ពី​មុន ហើយ​យើង​បន្តធ្វើ​បែប​នេះ​យ៉ាង​សាមញ្ញ​ជារៀងរាល់​ថ្ងៃ ។ ជួនកាល​វា​ហាក់ដូច​ជា​ការបោះពីរ​ជំហាន​ទៅ​មុខ ហើយ​ថយ​ក្រោយ​មួយ​ជំហាន​វិញ ប៉ុន្តែ​យើង​បន្ត​ឆ្ពោះ​ទៅមុខ​នៅក្នុង​សេចក្តី​ជំនឿ​ដោយ​រាបសា ។

ហើយ​ពេល​យើង​បន្ទាប​ខ្លួន​យើង និង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ និង​ពលិកម្ម​ដ៏ធួន និង​និរន្តរ​របស់​ទ្រង់ អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី និង​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពិតជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​មែន ។ ព្រះគុណ​របស់ទ្រង់​គឺ​ពិតជា​មាន​ល្មម​គ្រប់គ្រាន់ ។ ខ្ញុំ​សូម​ប្រកាស​ថា​ទ្រង់​គឺ​« ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ។២៥ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕