ស្ងើចសរសើរដល់ព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់
សូមឲ្យការចងចាំដែលភ្នែកយើងបានឃើញ និងដែលដួងចិត្តយើងបានប៉ះពាល់ ធ្វើឲ្យយើងកាន់តែស្ងើចសរសើរចំពោះពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំមានកល្យាណមិត្តម្នាក់ដែលជាសាស្ដ្រាចារ្យសាកលវិទ្យាល័យចូលនិវត្តន៍ដ៏ពូកែ ជាអ្នកនិពន្ធជោគជ័យ និងលើសពីនេះទៅទៀតជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលមានការតាំងចិត្តខ្ពស់ ។ គាត់បានទៅលេងដែនដីបរិសុទ្ធជាច្រើនដង ដើម្បីចូលរួមក្នុងសន្និសីទ ធ្វើការស្រាវជ្រាវថ្នាក់ឧត្តមសិក្សា និងដឹកនាំដំណើរទេសចរណ៍ ។ តាមសម្ដីគាត់ រាល់ពេលដែលគាត់ទៅដល់ដែនដីដែលព្រះយេស៊ូវបានយាង គាត់ស្ញប់ស្ញែងណាស់ ព្រោះគាត់បានរៀនអ្វីមួយថ្មី អស្ចារ្យ និងជក់ចិត្តអំពីព្រះអង្គសង្គ្រោះ ការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ និងស្រុកកំណើតជាទីស្រឡាញ់របស់ទ្រង់ ។ ការស្ងើចសរសើរដែលមិត្តខ្ញុំបង្ហាញ ពេលគាត់និយាយអំពីគ្រប់យ៉ាងដែលគាត់បានរៀនពីដែនដីបរិសុទ្ធ ធ្វើឲ្យខ្ញុំស្ងើចសរសើរដែរ ហើយភាពអស្ចារ្យនេះគឺជាគ្រឹះនៅក្នុងសមិទ្ធិផល និងការខិតខំថ្នាក់ឧត្តមសិក្សាដ៏អស្ចារ្យនៅក្នុងជីវិតរបស់គាត់ ។
ពេលខ្ញុំស្ដាប់បទពិសោធន៍ និងដឹងពីចំណាប់អារម្មណ៍របស់គាត់ ខ្ញុំបានសញ្ជឹងគិតថា តើមានភាពអស្ចារ្យខាងវិញ្ញាណប៉ុន្មានទៀតដែលយើងអាច និងគួរតែមានអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានបង្រៀន និងអ្វីដែលមានភាពខុសប្លែកនៅក្នុងភាពជាសិស្សរបស់យើង និងនៅក្នុងដំណើរឆ្ពោះទៅរកជីវិតដ៏អស់កល្បរបស់យើង ។ ភាពអស្ចារ្យដែលខ្ញុំនិយាយនោះ គឺការដឹងក្នុងអារម្មណ៍ ការស្ងើចសរសើរ ឬការអស្ចារ្យ ដែលវាមានទូទៅចំពោះមនុស្សគ្រប់រូប ដែលបានផ្ដោតជីវិតខ្លួនទាំងស្រុងទៅលើព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ហើយទទួលស្គាល់វត្តមានរបស់ទ្រង់នៅក្នុងជីវិតដោយចិត្តរាបសារ ។ អារម្មណ៍អស្ចារ្យ ដែលបំផុសឡើងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបែបនោះ ដាស់អារម្មណ៍ឲ្យរស់នៅតាមគោលលទ្ធិនៃព្រះគ្រីស្ទពេញដោយអំណរ ។១
ព្រះគម្ពីរមាននូវគំរូជាច្រើនអំពីរបៀបដែលអារម្មណ៍ដឹងនេះមានជាក់ស្ដែង ។ ឧទាហរណ៍ ព្យាការីអេសាយបានបង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់លោកសម្រាប់ព្រះអម្ចាស់ តាមរយៈចិត្តអររីករាយនៅក្នុងទ្រង់ ។២ អស់អ្នកដែលស្ដាប់ឮព្រះយេស៊ូវបង្រៀននៅក្នុងសាលាប្រជុំនៅឯក្រុងកាពើណិមបាននឹកប្លែកក្នុងចិត្តនឹងគោលលទ្ធិរបស់ទ្រង់ ក៏ដូចជាព្រះពលំដែលទ្រង់បានបង្រៀនផងដែរ ។៣ វាគឺជាអារម្មណ៍ដូចគ្នានេះដែលបានចាក់ទម្លុះក្រអៅបេះដូងរបស់យ៉ូសែប ស៊្មីធ វ័យក្មេង ពេលលោកអានព្រះគម្ពីរប៊ីប ក្នុងគម្ពីរយ៉ាកុបជំពូកទីមួយ ដែលបាននាំលោកឲ្យស្វែងរកព្រះបញ្ញាញាណរបស់ព្រះ ។៤
បងប្អូនប្រុសស្រី ពេលយើងពិតជាស្ងើចសរសើរដល់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អទ្រង់ នោះយើងកាន់តែរីករាយ យើងចាប់អារម្មណ៍កាន់តែខ្លាំងទៅលើកិច្ចការរបស់ព្រះ ហើយយើងទទួលស្គាល់ព្រះហស្ដទ្រង់ក្នុងគ្រប់ការណ៍ទាំងអស់ ។ លើសពីនេះ ការសិក្សារបស់យើងអំពីព្រះបន្ទូលរបស់ព្រះនឹងកាន់តែមានអត្ថន័យ ការអធិស្ឋានកាន់តែដោយចេតនាពិតការថ្វាយបង្គំរបស់យើងកាន់តែមានគារវភាព និងកាន់តែបម្រើដោយឧស្សាហ៍នៅក្នុងនគររបស់ព្រះ ។ សកម្មភាពទាំងអស់នេះនាំឲ្យមានឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធកាន់តែញឹកញាប់នៅក្នុងជីវិតយើង ។៥ ហេតុដូច្នេះហើយ ទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ នឹងកាន់តែរឹងមាំ យើងនឹរក្សាព្រះគ្រីស្ទឲ្យរស់រានក្នុងចិត្តយើង៦ ហើយយើងនឹងដឹកនាំជីវិតឲ្យ « ចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ … ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង » ។៧ ពេលយើងរស់នៅតាមរបៀបនេះ នោះយើងនឹងកាន់តែរឹងមាំខាងវិញ្ញាណ ហើយមានការការពារកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃភាពសោះអង្គើយខាងវិញ្ញាណ ។
ភាពសោះអង្គើយបែបនោះ កើតមកពីការបាត់បង់ចំណាប់អារម្មណ៍ចូលរួមពេញលេញនៅក្នុងដំណឹងល្អរបស់ព្រះអម្ចាស់ម្ដងបន្ដិចៗ ។ ជាទូទៅវាចាប់ផ្តើមនៅពេលដែលយើងមានអារម្មណ៍ថា យើងបានទទួលចំណេះដឹង និងពរជ័យចាំបាច់ទាំងអស់រួចហើយសម្រាប់សុភមង្គលរបស់យើងនៅក្នុងជីវិតនេះ ។ និយាយទៅ ការស្កប់ចិត្តនេះបណ្ដាលឲ្យយើងឈប់ស្ងើចសរសើរនឹងអំណោយទាននៃដំណឹងល្អ ហើយចាប់ពីនោះទៅ យើងដាក់ខ្លួនប្រថុយឈប់ធ្វើចំណុចសំខាន់ៗនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាទៀងទាត់តទៅទៀត ៨ ព្រមទាំងសេចក្ដីសញ្ញាដែលយើងបានចុះផងដែរ ។ ជាលទ្ធផល យើងផ្ដាច់ខ្លួនបន្ដិចម្ដងៗពីព្រះអម្ចាស់ ធ្វើឲ្យសមត្ថភាពយើងក្នុងការ « ស្ដាប់ទ្រង់ »៩ ចុះខ្សោយ លែងមានអារម្មណ៍ដឹងពីភាពអស្ចារ្យនៃកិច្ចការរបស់ទ្រង់ទៀត ។ មន្ទិលសង្ស័យអំពីសេចក្ដីពិតដែលយើងបានទទួលរួចហើយនោះ អាចចូលមកក្នុងចិត្ត និងគំនិតយើង ធ្វើឲ្យយើងងាយចាញ់ការល្បួងរបស់មារសត្រូវ ។១០
លោកអាចារ្យ អាយដិន វិលសុន ថូហ្សើរ ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ និងជាគ្រីស្ទានដ៏ក្លាហានម្នាក់បានសរសេរថា « ការស្កប់ចិត្តគឺជាសត្រូវស្លាប់រស់នឹងការរីកចម្រើនខាងវិញ្ញាណទាំងអស់ » ។ ១១ តើនេះពុំមែនជាអ្វីដែលបានកើតឡើងចំពោះសាសន៏នីហ្វៃ បន្ទាប់ពីការប្រសូតរបស់ព្រះគ្រីស្ទភ្លាមៗទេឬអី ? ពួកគេ « បានចាប់ផ្ដើមមានសេចក្ដីអស្ចារ្យកាន់តែតិចទៅៗចំពោះទីសម្គាល់ ឬការអស្ចារ្យនីមួយៗអំពីស្ថានសួគ៌ … [ ហើយមិនជឿអ្វីៗ ] ទាំងអស់ដែលពួកគេបានឃើញ ហើយបានឮ » ។ ដូច្នេះហើយ សាតាំងបាន « ធ្វើឲ្យគេខ្វាក់ភ្នែក ហើយនាំគេឲ្យវង្វេង ឲ្យជឿថា គោលលទ្ធិព្រះគ្រីស្ទគឺជាការណ៍មួយដ៏ឆ្កួតលីលា ហើយឥតប្រយោជន៍ទៅវិញ » ។១២
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅក្នុងសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ និងដ៏និរន្ដររបស់ទ្រង់ និងការញាណរបស់ទ្រង់ពីធម្មជាតិជាមនុស្សរបស់យើង១៣នោះព្រះអង្គសង្គ្រោះបានស្ថាបនាផ្លូវនេះឲ្យយើង ដើម្បីចៀសកុំឲ្យធ្លាក់ក្នុងអន្ទាក់នៃភាពសោះអង្គើយខាងវិញ្ញាណ ។ ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះផ្ដល់ទស្សនវិស័យកាន់តែទូលំទូលាយដល់យើង ជាពិសេសពេលគិតពីពិភពលោកដ៏ស្មុគស្មាញដែលយើងកំពុងរស់នៅនេះ ៖ « ចូររៀនអំពីយើង ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានភាពសុខសាន្តក្នុងយើង » ។១៤ នៅពេលយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ នោះយើងបង្ហាញពីការបន្ទាបខ្លួន មានបំណងប្រាថ្នាធ្វើជាមនុស្សងាយប្រដៅ ហើយសង្ឃឹមចង់ប្រែក្លាយកាន់តែដូចជាទ្រង់ ។១៥ ការអញ្ជើញនេះក៏រួមមាននូវការបម្រើទ្រង់ និងការផ្ដល់ការងារបម្រើដល់បុត្រាបុត្រីរបស់ព្រះ « ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង [ របស់យើង ] » ផងដែរ ។១៦ ពិតណាស់ ចំណុចស្នូលនៃការខិតខំរបស់យើងនៅក្នុងដំណើរជីវិតនេះគឺ បទបញ្ញត្តិធំពីរ ៖ ស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃយើង និងស្រឡាញ់អ្នកជិតខាងយើងដូចជាខ្លួនយើង ។១៧
ឥរិយាបថបែបនេះ គឺជាលក្ខណៈដ៏ទេវភាពរបស់ព្រះយេស៊ូវ ហើយបង្ហាញច្បាស់ក្នុងគ្រប់អ្វីៗដែលទ្រង់បានធ្វើ អំឡុងការងារបម្រើលើផែនដីរបស់ទ្រង់ ។១៨ ហេតុដូច្នេះ ពេលយើងលះបង់ខ្លួនចេតនាពិត ដើម្បីមើលឆ្ពោះទៅទ្រង់ ហើយរៀនពីគំរូដ៏ឥតខ្ចោះរបស់ទ្រង់១៩ នោះយើងនឹងស្គាល់ទ្រង់កាន់តែច្បាស់ ។ យើងបណ្ដុះចិត្តសាទរ និងបំណងប្រាថ្នាដើម្បីដាក់បទដ្ឋានដ៏ខ្ពស់ស្ដីពីរបៀបដែលយើងគួរតែរស់នៅមកក្នុងជីវិតរបស់យើង គំរូដែលយើងគួរតែផ្ដល់ និងបទបញ្ញត្តិដែលយើងគួរតែធ្វើតាម ។ យើងក៏ទទួលបានបន្ថែមនូវការយល់ដឹង ប្រាជ្ញាបុគ្គលិកលក្ខណៈដ៏ទេវភាព និងព្រះគុណចំពោះព្រះ និងអ្នកជិតខាងរបស់យើងផងដែរ ។២០ ខ្ញុំអាចអះអាងនឹងបងប្អូនថា សមត្ថភាពរបស់យើងដើម្បីដឹងអំពីព្រះចេស្ដា និងក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ នឹងមានកាន់តែខ្លាំងនៅក្នុងជីវិតរបស់យើង បង្កើនសេចក្ដីជំនឿ មានបំណងប្រព្រឹត្តដោយសុចរិត និងជំរុញចិត្តឲ្យបម្រើទ្រង់ និងអ្នកដទៃ ។២១ លើសពីនេះ ការដឹងគុណរបស់យើងចំពោះពរជ័យ និងឧបសគ្គទាំងឡាយដែលយើងបានជួបក្នុងជីវិតរមែងស្លាប់ នឹងរឹងមាំ ហើយក្លាយជាផ្នែកមួយនៃការថ្វាយបង្គំដ៏ពិតរបស់យើង ។២២
មិត្តជាទីស្រឡាញ់ រឿងទាំងអស់នេះពង្រឹងភាពអស្ចារ្យខាងវិញ្ញាណរបស់យើងអំពីដំណឹងល្អ ហើយធ្វើឲ្យយើងខំរក្សាសេចក្ដីសញ្ញាដែលយើងបានចុះជាមួយនឹងព្រះអម្ចាស់ពេញដោយអំណរ—ទោះជាយើងកំពុងស្ថិតក្នុងការសាកល្បង និងឧបសគ្គនានាក្ដី ។ ពិតណាស់ ដើម្បីទទួលបានលទ្ធផលទាំងនេះ នោះយើងចាំបាច់ត្រូវជ្រមុជខ្លួនយើងទៅក្នុងការបង្រៀនរបស់ព្រះអង្គសង្គ្រោះដោយបំណងពិត និងដោយសេចក្ដីជំនឿ២៣ ទាំងខិតខំធ្វើត្រាប់តាមគុណលក្ខណៈរបស់ទ្រង់ក្នុងរបៀបរស់នៅរបស់យើង ។២៤ លើសពីនេះ យើងចាំបាច់ត្រូវខិតទៅជិតទ្រង់តាមរយៈការប្រែចិត្តរបស់យើង២៥ដោយស្វែងរកការអភ័យទោសពីទ្រង់ និងព្រះចេស្ដាដ៏ប្រោសលោះរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ព្រមទាំងរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ព្រះអម្ចាស់ផ្ទាល់បានសន្យាថា ទ្រង់នឹងដឹកនាំផ្លូវយើង បើយើងទុកចិត្តលើទ្រង់ដោយអស់ពីចិត្ត ដោយទទួលស្គាល់ទ្រង់ក្នុងគ្រប់ទាំងផ្លូវរបស់យើង ហើយមិនពឹងលើចំណេះដឹងផ្ទាល់ខ្លួនឡើយ ។២៦
បុរសម្នាក់ដែលខ្ញុំបានជួបថ្មីៗនេះ មានឈ្មោះថា វ៉េស គាត់បានទទួលយកការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យរៀនអំពីទ្រង់ និងដំណឹងល្អរបស់ទ្រង់ គាត់ចាប់ផ្ដើមស្ងើចសរសើរសេចក្ដីស្រឡាញ់របស់ទ្រង់ បន្ទាប់ពីរយៈពេល ២៧ ឆ្នាំ នៃការដកខ្លួនចេញពីផ្លូវនៃសេចក្ដីសញ្ញារបស់គាត់ ។ គាត់បានប្រាប់ខ្ញុំថា មានថ្ងៃមួយអ្នកផ្សព្វផ្សាយសាសនាទាក់ទងគាត់តាមហ្វេសបុក គឺអែលឌើរ ចូនស៍ ដែលត្រូវបានចាត់ឲ្យមកតំបន់របស់ វ៉េស ជាបណ្ដោះអាសន្ន ពីមុនគាត់ត្រូវទៅបេសកកម្មដើមរបស់គាត់នៅប្រទេសប៉ាណាម៉ា ។ ពេលអែលឌើរ ចូនស៍ បានប្រទះឃើញប្រវត្តិរូបរបស់ វ៉េស ទាំងមិនដឹងទេថា គាត់ជាសមាជិកសាសនាចក្រ អែលឌើររូបនេះបានទទួលអារម្មណ៍ដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយដឹងថា គាត់គួរតែទាក់ទងទៅ វ៉េស ភ្លាម ។ គាត់បានធ្វើតាមអារម្មណ៍នេះភ្លាម ។ វ៉េស បានអស្ចារ្យនឹងការទាក់ទងដែលមិនបានរំពឹងទុកនេះ ហើយចាប់ផ្ដើមដឹងថា ព្រះអម្ចាស់ស្គាល់គាត់ ថ្វីបើគាត់បានឃ្លាតឆ្ងាយពីផ្លូវនៃសេចក្ដីសញ្ញាក៏ដោយ ។
ចាប់តាំងពីពេលនោះមក វ៉េស និងអ្នកផ្សព្វផ្សាយសាសនាចាប់ផ្ដើមទាក់ទងគ្នាជាញឹកញាប់ ។ អែលឌើរ ចូនស៍ និងដៃគូរបស់គាត់បានផ្ដល់ការបម្រើ និងសារលិខិតខាងវិញ្ញាណរៀងរាល់សប្ដាហ៍ ដើម្បីជួយ វ៉េស ឲ្យមានការស្ងើចសរសើរដល់ព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់សារឡើងវិញ ។ វាបានបង្កាត់ភ្លើងទីបន្ទាល់របស់គាត់ឡើងវិញអំពីសេចក្ដីពិត និងក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះគាត់ ។ វ៉េស មានអារម្មណ៍សុខសាន្ដ បានមកពីអង្គលួងលោមចិត្ត ហើយបានទទួលកម្លាំងដែលគាត់ត្រូវការដើម្បីត្រឡប់មកសាសនាចក្រវិញ ។ គាត់បានប្រាប់ខ្ញុំថា បទពិសោធន៍នេះបាននាំឲ្យគាត់ត្រឡប់មកមានជីវិតវិញ ទាំងខាងវិញ្ញាណ និងខាងសតិអារម្មណ៍ ហើយបានជួយគាត់ឲ្យលុបបំបាត់អារម្មណ៍ជូរចត់ដែលមានរាប់ឆ្នាំមក ដោយសារតែបទពិសោធន៍ពិបាកៗដែលគាត់បានឆ្លងកាត់ ។
ដូចដែលមិត្តជាសាស្ដ្រាចារ្យដ៏ពូកែដែលខ្ញុំបានលើកឡើងខាងដើម បានសង្កេតឃើញអញ្ចឹង វាតែងតែមានអ្វីមួយអស្ចារ្យ និងជាប់ចិត្តដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជានិច្ច ។២៧ ព្រះអម្ចាស់បានសន្យាយ៉ាងអស្ចារ្យដល់មនុស្សគ្រប់រូប រួមទាំងយើងផងដែរ ដែលខិតខំរៀនអំពីទ្រង់ និងត្រាប់តាមព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិត ។ ទ្រង់មានបន្ទូលទៅកាន់អេណុកថា « មើលចុះ ព្រះវិញ្ញាណរបស់យើង [ នឹង ] ស្ថិតនៅលើអ្នក ហេតុដូច្នេះហើយ គ្រប់អស់ទាំងពាក្យសម្ដីរបស់អ្នក យើងនឹងរាប់ជាសុចរិត ហើយភ្នំទាំងឡាយនឹងគេចចេញពីមុខអ្នក ហើយទន្លេទាំងឡាយនឹងបែរចេញពីដំណើរវា ហើយអ្នកនឹងនៅក្នុងយើង ហើយយើងក្នុងអ្នក » ។២៨ តាមរយៈអ្នកបម្រើរបស់ទ្រង់ គឺស្តេចបេនយ៉ាមីន ទ្រង់បានប្រកាសថា « អ្នករាល់គ្នានឹងត្រូវបានហៅថាជាកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និងជាបុត្រីរបស់ទ្រង់ ដ្បិតមើលចុះ ថ្ងៃនេះទ្រង់បានអ្នកខាងវិញ្ញាណ ហើយដ្បិតអ្នករាល់គ្នាបាននិយាយថា ចិត្តរបស់អ្នកបានផ្លាស់ប្តូរតាមរយៈសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នោះហើយ អ្នករាល់គ្នាបានកើតមកពីទ្រង់ ហើយបានក្លាយទៅជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ដែរ » ។២៩
ហេតុដូច្នេះហើយ ពេលយើងខិតខំរៀនសូត្រអំពីព្រះអង្គសង្គ្រោះដោយសុទ្ធចិត្ត និងខ្ជាប់ខ្ជួន ព្រមទាំងធ្វើតាមគំរូរបស់ទ្រង់ នោះខ្ញុំសូមសន្យានឹងបងប្អូននៅក្នុងព្រះនាមរបស់ទ្រង់ថា គុណលក្ខណៈដ៏ទេវភាពរបស់ទ្រង់នឹងឆ្លាក់ក្នុងចិត្ត និងគំនិតរបស់យើង៣០ ថាយើងនឹងកាន់តែប្រែក្លាយដូចជាទ្រង់ ហើយយើងនឹងដើរជាមួយនឹងទ្រង់ ។៣១
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមអធិស្ឋានថា យើងនឹងស្ងើចសរសើរដល់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់ដ៏ពេញលេញ ដ៏និរន្ដរ និងដ៏ឥតខ្ចោះរបស់ទ្រង់ជាដរាបតទៅ ។ សូមឲ្យការចងចាំដែលភ្នែកយើងបានឃើញ និងដែលដួងចិត្តយើងបានប៉ះពាល់ ធ្វើឲ្យយើងកាន់តែស្ងើចសរសើរចំពោះពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ដើម្បីទ្រង់អាចព្យាបាលយើងពីរបួសខាងវិញ្ញាណ និងខាងសតិអារម្មណ៍បាន ហើយជួយយើងឲ្យខិតទៅកាន់តែជិតទ្រង់ ។ សូមឲ្យយើងស្ញប់ស្ញែងនឹងការសន្យាដ៏មហិមា ដែលព្រះវរបិតាមាននៅក្នុងព្រះហស្ដរបស់ទ្រង់ ដែលទ្រង់បានរៀបចំសម្រាប់អស់អ្នកដែលស្មោះត្រង់ទាំងឡាយ ៖
« នគរជារបស់ផងអ្នករាល់គ្នា ហើយព្រះពរទាំងឡាយនៃនគរជារបស់ផងអ្នករាល់គ្នា ហើយទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ចជារបស់ផងអ្នករាល់គ្នា ។
ហើយអ្នកណាដែលទទួលគ្រប់ទាំងអស់ដោយអំណរគុណ នោះនឹងត្រូវបានធ្វើឲ្យរុងរឿង » ។៣២
ព្រះយេស៊ូវគឺជាព្រះប្រោសលោះនៃពិភពលោកនេះ ហើយនេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំសូមធ្វើជាសាក្សីនៃសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏គួរឲ្យស្ងើចសរសើរ ដ៏បំផុសគំនិត ដ៏ពិសិដ្ឋ និងដ៏អស្ចារ្យនៃព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕