ការផ្លាស់ប្តូរដួងចិត្តដ៏ធំ ៖
« ទូលបង្គំគ្មានអ្វីផ្សេងទៀតនឹងថ្វាយទ្រង់ឡើយ »
ការផ្លាស់ប្ដូរដួងចិត្តនេះមិនមែនជាព្រឹត្តិការណ៍មួយទេ ប៉ុន្តែវាតម្រូវឲ្យមានសេចក្ដីជំនឿ ការប្រែចិត្ត និងកិច្ចការខាងវិញ្ញាណដ៏ខ្ជាប់ខ្ជួនកើតឡើង ។
សេចក្ដីផ្ដើម
នៅថ្ងៃ សុក្រ ទី ២៨ ខែ តុលា ឆ្នាំ ១៥៨៨ នាវា La Gironaដែលជានាវាដ៏ធំរបស់អាម៉ាដាអេស្ប៉ាញបានបាក់ចង្កូត ហើយបាត់បង់ការគ្រប់គ្រង បានបុកជាមួយនឹងថ្ម Lacada Point នៅប្រទេសអៀកឡង់ខាងជើង ។១
នាវានោះបានលិច ។ នាវានិកម្នាក់ដែលបានព្យាយាមដើម្បីរួចជីវិតពីការលិចនោះ គាត់បានពាក់ចិញ្ចៀនមាសមួយវង់ ដែលភរិយាគាត់បានជូនទៅគាត់កាលពីរបីខែមុន ដោយមានឆ្លាក់អក្សរថា « អូនគ្មានអ្វីផ្សេងទៀតនឹងជូនបងឡើយ » ។២
ឃ្លា « អូនគ្មានអ្វីផ្សេងទៀតនឹងជូនបងឡើយ » —និងចិញ្ចៀនដែលរចនាជារូបដៃកាន់បេះដូង គឺជាការបង្ហាញសេចក្ដីស្រឡាញ់របស់ភរិយាចំពោះស្វាមី ។
ទំនាក់ទំនងបទគម្ពីរ
នៅពេលខ្ញុំអានដំណើររឿងនេះ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងលើរឿងនេះ ហើយខ្ញុំបានគិតអំពីសំណើដែលព្រះអង្គសង្គ្រោះបានស្នើ ៖ « ហើយអ្នករាល់គ្នាត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ » ។៣
ខ្ញុំក៏បានគិតដល់ប្រតិកម្មរបស់ប្រជាជនទៅកាន់បន្ទូលរបស់ស្ដេចបេនយ៉ាមីនផងដែរ ៖ « ព្រះពរ យើងខ្ញុំជឿតាមពាក្យទាំងអស់ ដែលស្ដេចមានបន្ទូលមកកាន់ពួកយើង … ដែលបាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ។៤
ទំនាក់ទំនងផ្ទាល់ខ្លួន
ខ្ញុំសូមចែកចាយជាមួយបងប្អូននូវបទពិសោធន៍មួយដែលខ្ញុំមាន កាលខ្ញុំអាយុ ១២ ឆ្នាំ ជាបទពិសោធន៍៍ដែលមានឥទ្ធិពលរហូតមកដល់សព្វថ្ងៃនេះ ។
ម្ដាយខ្ញុំនិយាយថា « អេក្វាដូ លឿនឡើងកូន យើងទៅព្រះវិហារយឺតហើយ » ។
ខ្ញុំបានឆ្លើយថា « ម៉ាក់ ខ្ញុំនៅផ្ទះជាមួយប៉ាថ្ងៃនេះ » ។
គាត់និយាយថា « តើកូនប្រាកដហើយឬ ? កូនត្រូវចូលរួមក្នុងការប្រជុំកូរ៉ុមបព្វជិតភាពរបស់កូន ។
ខ្ញុំនិយាយថា « អាណិតប៉ា ! គាត់នៅតែម្នាក់ឯង ។ ខ្ញុំនៅផ្ទះជាមួយគាត់ថ្ងៃនេះ » ។
ប៉ាមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ។
ម្ដាយ និងបងប្អូនស្រីរបស់ខ្ញុំបានទៅការប្រជុំថ្ងៃអាទិត្យ ។ ដូច្នេះ ខ្ញុំបានទៅជួបប៉ានៅក្នុងរោងជាងរបស់គាត់ ជាកន្លែងដែលគាត់ចូលចិត្តទៅនៅថ្ងៃអាទិត្យ ហើយពេលខ្ញុំប្រាប់ម្ដាយរបស់ខ្ញុំថា ខ្ញុំនឹងនៅជាមួយប៉ាមួយសន្ទុះសិន នោះគឺពីរបីនាទីជាមួយនឹងគាត់ រួចហើយខ្ញុំសួរថា « ប៉ា គ្រប់យ៉ាងគ្មានបញ្ហាទេឬ ? »
គាត់បានបន្ដជួសជុលវិទ្យុ និងនាឡិកា ជាកិច្ចការដែលគាត់ចូលចិត្តហើយគាត់ញញឹមដាក់ខ្ញុំ ។
រួចខ្ញុំបានសុំគាត់ថា « ខ្ញុំសូមទៅលេងជាមួយមិត្តភក្ដិខ្ញុំ » ។
ប៉ាបាននិយាយមកខ្ញុំទាំងឈ្ងោកធ្វើការថា « ថ្ងៃនេះជាថ្ងៃអាទិត្យ ។ ក្រែងកូនត្រូវទៅព្រះវិហារមែនទេ ? »
ខ្ញុំបានឆ្លើយថា « បាទ ប៉ុន្ដែថ្ងៃនេះខ្ញុំបានប្រាប់ម៉ាក់ថា ខ្ញុំមិនទៅទេ » ។ ប៉ាបានបន្ដធ្វើការងារគាត់ទៀត ហើយសម្រាប់ខ្ញុំ នោះគឺជាការអនុញ្ញាតឲ្យខ្ញុំទៅលេងបាន ។
នៅព្រឹកនោះ មានការលេងបាល់ទាត់ដ៏សំខាន់មួយ ហើយមិត្តខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំមិនអាចខកខានបានទេ ព្រោះយើងត្រូវយកឈ្នះឲ្យបាន ។
ឧបសគ្គខ្ញុំគឺថា ខ្ញុំត្រូវដើរឆ្លងកាត់មុខសាលាប្រជុំដើម្បីទៅដល់ទីលានបាល់ទាត់ ។
ដោយប្ដេជ្ញាចិត្ត ខ្ញុំត្រូវរត់យ៉ាងលឿនទៅកាន់ទីលានបាល់ទាត់ ហើយត្រូវឈប់មុនមកដល់សាលាប្រជុំដែលជាឧបសគ្គដ៏ធំនោះរ ។ ខ្ញុំបានរត់ទៅផ្លូវថ្មើរជើងម្ខាងទៀត ដោយសារវាមានដើមឈើធំៗមួយចំនួន ហើយខ្ញុំសម្រេចចិត្តថាត្រូវរត់ចន្លោះដើមឈើនោះ ដើម្បីកុំឲ្យគេឃើញខ្ញុំ ដោយសារវាជាពេលដែលសមាជិកមកកាន់ការប្រជុំ ។
ខ្ញុំមកដល់ទាន់ពេលគេចាប់ផ្ដើមលេងល្មម ខ្ញុំអាចលេង និងទៅផ្ទះវិញ មុនពេលម្ដាយខ្ញុំទៅដល់ផ្ទះ ។
អ្វីៗបានដំណើរការយ៉ាងល្អ ក្រុមរបស់យើងបានឈ្នះ ហើយខ្ញុំរំភើបចិត្តក្រៃលែង ។ ប៉ុន្ដែមានអ្នកផ្ដល់ប្រឹក្សាកូរ៉ុមឌីកុនម្នាក់បានឃើញខ្ញុំរត់ទៅទីលានបាល់ទាត់ ដែលបានលេងយ៉ាងរលូននោះ ។
បងប្រុស ហ្វីលីក អេសស្ពីនណូហ្សា បានឃើញខ្ញុំរត់យ៉ាងលឿនពីដើមឈើមួយទៅដើមឈើមួយទៀត ដោយព្យាយាមកុំឲ្យគេឃើញ ។
នៅដើមសប្ដាហ៍ក្រោយ បងប្រុស អេសស្ពីនណូហ្សា បានមកផ្ទះខ្ញុំ ហើយបានសុំនិយាយជាមួយខ្ញុំ ។ គាត់មិនបាននិយាយពីអ្វីដែលគាត់បានឃើញនៅថ្ងៃអាទិត្យនោះទេ ហើយគាត់ក៏មិនបានសួរខ្ញុំថាហេតុអ្វីខ្ញុំមិនបានទៅការប្រជុំរបស់ខ្ញុំដែរ ។
គាត់គ្រាន់តែហួចសៀវភៅឲ្យខ្ញុំ ហើយនិយាយថា « បងសូមឲ្យប្អូនបង្រៀនថ្នាក់បព្វជិតភាពនៅថ្ងៃអាទិត្យ ។ បងបានគូសចំណាំមេរៀនឲ្យប្អូនរួចហើយ ។ វាមិនពិបាកខ្លាំងទេ ។ បងសុំឲ្យប្អូនអានវា ហើយពីរថ្ងៃទៀត បងនឹងមកជួយប្អូនក្នុងការរៀបចំមេរៀននេះ » ។ ពេលនិយាយចប់ហើយ គាត់បានហុចសៀវភៅសិក្សានោះឲ្យខ្ញុំ ហើយចេញទៅ ។
ខ្ញុំមិនចង់បង្រៀនថ្នាក់នោះទេ ប៉ុន្ដែខ្ញុំមិនហ៊ានប្រកែកនឹងគាត់ឡើយ ។ ខ្ញុំបានគ្រោងថានឹងនៅជាមួយឪពុករបស់ខ្ញុំម្ដងទៀតនៅថ្ងៃអាទិត្យនោះ—មានន័យថា មានការប្រកួតបាល់ដ៏សំខាន់មួយទៀត ។
បងប្រុស អេសស្ពីនណូហ្សា គឺជាមនុស្សដែលយុវវ័យគោរពកោតសរសើរ ។៥ គាត់បានរកឃើញដំណឹងល្អដែលបានស្ដារឡើងវិញ ហើយវាបានផ្លាស់ប្ដូរជីវិតរបស់គាត់ ឬនិយាយម្យ៉ាងទៀតថា ដួងចិត្តគាត់បានផ្លាស់ប្តូរ ។
ដល់រសៀលថ្ងៃសៅរ៍ ខ្ញុំគិតថា « មែនហើយ ប្រហែលស្អែកឡើងខ្ញុំនឹងឈឺ ហើយខ្ញុំនឹងមិនទៅព្រះវិហារទេ » ។ វាមិនមែនជាការលេងបាល់ដែលធ្វើឲ្យខ្ញុំបារម្ភនោះទេ វាគឺជាថ្នាក់ដែលខ្ញុំត្រូវបង្រៀន ជាពិសេសមេរៀនអំពីថ្ងៃឈប់សម្រាកនេះទៅវិញទេ ។
ថ្ងៃអាទិត្យបានមកដល់ ហើយខ្ញុំក្រោកពីដំណេកដោយមានសុខភាពល្អជាងសព្វដងទៀត ។ ខ្ញុំអស់លេសដោះសា—គេចលែងរួចហើយ ។
វាគឺជាលើកទីមួយដែលខ្ញុំបង្រៀនមេរៀនមួយ ប៉ុន្ដែបងប្រុស អេសស្ពីនណូហ្សា នៅក្បែរខ្ញុំចាំគាំទ្រ ហើយនោះគឺជាថ្ងៃនៃការផ្លាស់ប្ដូរដួងចិត្តដ៏អស្ចារ្យសម្រាប់ខ្ញុំ ។
ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្ដើមរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ហើយកាលវេលាចេះតែកន្លងទៅ ដូចប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា ថ្ងៃឈប់សម្រាកបានក្លាយជាថ្ងៃដ៏សប្បាយរីករាយ ។៦
« ព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយអ្វីៗគ្រប់យ៉ាងដល់ទ្រង់; ទូលបង្គំគ្មានអ្វីផ្សេងទៀតនឹងថ្វាយទ្រង់ឡើយ » ។
ការទទួលបាន
តើយើងទទួលបានការផ្លាស់ប្ដូរដួងចិត្តដ៏ធំដោយរបៀបណា ? វាត្រូវមានការផ្ដួចផ្ដើម ហើយទីបំផុតវានឹងកើតឡើង
-
នៅពេលយើងសិក្សាព្រះគម្ពីរដើម្បីទទួលបានចំណេះដឹង ដែលនឹងពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ដែលនឹងបង្កើតឲ្យមានបំណងប្រាថ្នាដើម្បីផ្លាស់ប្ដូរ ។៧
-
នៅពេលយើងបណ្ដុះបំណងប្រាថ្នានោះតាមរយៈការអធិស្ឋាន និងការតមអាហារ ។៨
-
នៅពេលយើងធ្វើសកម្មភាពស្របតាមពាក្យពេចន៍ដែលបានសិក្សា ឬបានទទួលនោះ ហើយយើងចុះសេចក្ដីសញ្ញាដើម្បីប្រគល់ដួងចិត្តរបស់យើងទៅកាន់ទ្រង់ គឺដូចជាប្រជាជនរបស់ស្ដេចបេនយ៉ាមីនដែរ ។៩
ការទទួលស្គាល់ និងសេចក្ដីសញ្ញា
តើយើងដឹងថា ដួងចិត្តរបស់យើងកំពុងផ្លាស់ប្ដូរដោយរបៀបណា ?១០
-
នៅពេលយើងចង់ធ្វើឲ្យព្រះសព្វព្រះទ័យក្នុងគ្រប់ការណ៍ទាំងអស់ ។១១
-
នៅពេលយើងប្រព្រឹត្តដាក់មនុស្សដទៃដោយសេចក្តីស្រឡាញ់ ការគោរព និងការចេះគិតគូរ ។១២
-
នៅពេលយើងឃើញថា គុណលក្ខណៈរបស់ព្រះគ្រីស្ទកំពុងក្លាយជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់យើង ។១៣
-
ពេលយើងមានអារម្មណ៍ពីការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែខ្ជាប់ខ្ជួនជាងមុន ។១៤
-
នៅពេលយើងកាន់តាមបទបញ្ញត្តិមួយ ដែលយើងពិបាកគោរពតាម រួចហើយបន្ដរស់នៅតាមវា ។១៥
នៅពេលយើងស្ដាប់តាមដំបូន្មានរបស់ថ្នាក់ដឹកនាំយើងដោយប្រុងប្រយ័ត្ន ហើយសម្រេចចិត្តធ្វើតាមវាដោយក្ដីរីករាយ តើយើងមិនបានដកពិសោធន៍ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តទេឬអី ?
« ព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយអ្វីៗគ្រប់យ៉ាងដល់ទ្រង់; ទូលបង្គំគ្មានអ្វីផ្សេងទៀតនឹងថ្វាយទ្រង់ឡើយ » ។
តំហែទាំ និងអត្ថប្រយោជន៍
តើយើងថែទាំការផ្លាស់ប្ដូរដ៏ធំនេះដោយរបៀបណា ?
-
នៅពេលយើងទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ ហើយរំឭកសេចក្ដីសញ្ញាដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ ចងចាំទ្រង់ជានិច្ច ហើយរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។១៦
-
នៅពេលយើងបង្វែរជីវិតរបស់យើងទៅកាន់ព្រះវិហារបរិសុទ្ធ ។១៧ ការចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់នឹងជួយយើងឲ្យថែទាំដួងចិត្តថ្មី និងរំឭកជាថ្មី នៅពេលយើងចូលរួមក្នុងពិធីបរិសុទ្ធនានា ។
-
នៅពេលយើងស្រឡាញ់ហើយ បម្រើដល់អ្នកជិតខាងរបស់យើង ដោយសកម្មភាពនៃការងារបម្រើទាំងឡាយ និងកិច្ចការអ្នកផ្សព្វផ្សាយសាសនា ។18
បន្ទាប់មកដោយសារអំណរដ៏ធំរបស់យើង នោះការផ្លាស់ប្ដូរក្នុងចិត្តនោះបានរឹងមាំឡើង ហើយរាយសាយរហូតដល់វាពោរពេញទៅដោយកិច្ចការល្អៗ ។១៩
ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តនេះនាំឲ្យយើងមានអារម្មណ៍នៃសេរីភាព ការទុកចិត្ត និងសេចក្ដីសុខសាន្ដ ។២០
ការផ្លាស់ប្ដូរដួងចិត្តនេះមិនមែនជាព្រឹត្តិការណ៍មួយទេ ប៉ុន្តែវាតម្រូវឲ្យមានសេចក្ដីជំនឿ ការប្រែចិត្ត និងកិច្ចការខាងវិញ្ញាណដ៏ខ្ជាប់ខ្ជួនកើតឡើង ។ វាចាប់ផ្ដើមនៅពេលយើងមានបំណងដើម្បីចុះចូលឆន្ទៈរបស់យើងតាមព្រះអម្ចាស់ ហើយការផ្លាស់ប្ដូរដួងចិត្តនឹងកើតឡើង នៅពេលយើងចូលទៅក្នុង និងរក្សាសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ។
សកម្មភាពឯកជនដូច្នេះមានឥទ្ធិពលវិជ្ជមានទាំងលើយើង និងលើមនុស្សនៅជុំវិញខ្លួនយើង ។
នៅក្នុងពាក្យសម្ដីរបស់ប្រធាន រ័សុល អិម ណិលសុន « សូមស្រមៃមើលថា តើជម្លោះដ៏បំផ្លិចបំផ្លាញនៅទូទាំងពិភពលោកនេះ—និងការបំផ្លិចបំផ្លាញនៅក្នុងជីវិតរបស់យើងម្នាក់ៗ—នឹងត្រូវដោះស្រាយបានលឿនប៉ុណ្ណា ប្រសិនបើយើងទាំងអស់បានជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងស្តាប់តាមការបង្រៀនទាំងឡាយរបស់ទ្រង់នោះ » ។២១ សកម្មភាពនៃការធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនេះនាំទៅរកការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្ត ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យុវវ័យ និងកុមារ នៅពេលយើងចូលរួមក្នុងសន្និសីទនៅចុងសប្ដាហ៍នេះ សូមឲ្យពាក្យសម្ដីរបស់ព្យាការីយើង ដែលមកពីព្រះអម្ចាស់ ចូលទៅក្នុងដួងចិត្តយើងដើម្បីដកពិសោធន៍ការផ្លាស់ប្ដូរដ៏ធំមួយ ។
សម្រាប់អស់អ្នកដែលមិនទាន់បានចូលរួមក្នុងសាសនាចក្រ ដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់នៅឡើយ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យស្ដាប់អ្នកផ្សព្វផ្សាយសាសនាដោយមានបំណងប្រាថ្នាដ៏ស្មោះសរ ដើម្បីដឹងពីអ្វីដែលព្រះរំពឹងទុកពីបងប្អូន ហើយដកពិសោធន៍ការផ្លាស់ប្រែនៅក្នុងចិត្តបងប្អូន ។២២
ថ្ងៃនេះគឺជាថ្ងៃដែលត្រូវសម្រេចចិត្តថានឹងធ្វើតាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ « ព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយដួងចិត្តទូលបង្គំដល់ទ្រង់; ទូលបង្គំគ្មានអ្វីផ្សេងទៀតនឹងថ្វាយទ្រង់ឡើយ » ។
គឺដូចជាចិញ្ចៀនដែលត្រូវបានរកឃើញពីការលិចនាវានោះដែរ ពេលយើងថ្វាយដួងចិត្តរបស់យើងដល់ព្រះ នោះយើងនឹងបានសង្គ្រោះពីសមុទ្រដ៏លិចលង់នៃជីវិតនេះ ហើយនៅក្នុងដំណើរការនេះ យើងត្រូវបានបន្សុទ្ធ និងសម្រិតសម្រាំងតាមរយៈដង្វាយធួននៃព្រះគ្រីស្ទ ហើយក្លាយជា « បុត្រាបុត្រីនៃព្រះគ្រីស្ទ » ដោយក្លាយជា « កើតពីទ្រង់ » ខាងវិញ្ញាណ ។២៣ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីកិច្ចការនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕