ការប្រែចិត្តជឿតាមព្រះហឫទ័យរបស់ព្រះ
ការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់យើងរួមមានការទទួលខុសត្រូវ ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងពិភពលោកនេះ ។
ខ្ញុំមានអំណរគុណចំពោះសារលិខិតនៃការព្យាករដ៏មានឥទ្ធិពលរបស់ប្រធាន រ័សុល អិម ណិលសុន អំពីការហៅបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងសារលិខិតដ៏បំផុសគំនិតដល់អ្នកផ្សព្វផ្សាយសាសនារបស់ប្រធាន អិម រ័សុល បាឡឺដ និងអែលឌើរ ម៉ាកូស អេ អែតឌូកៃទីសនាព្រឹកនេះ ។
ការចាត់តាំងអ្នកផ្សព្វផ្សាយសាសនាទៅកាន់ចក្រភពអង់គ្លេសនៅចុងឆ្នាំមុន បានធ្វើឲ្យខ្ញុំពិចារណាពីព្រឹត្តិការណ៍ខាងវិញ្ញាណដ៏មានតម្លៃជាច្រើន ដែលជាគ្រឹះនៃការសម្រេចចិត្តរបស់ខ្ញុំដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។១ កាលខ្ញុំអាយុ ១៥ ឆ្នាំ បងប្រុសជាទីស្រឡាញ់របស់ខ្ញុំ ចូ មានអាយុ ២០ ឆ្នាំ —ដែលពេលនោះជាអាយុដែលអាចបម្រើបេសកកម្មបាន ។ នៅសហរដ្ឋអាមេរិក ដោយសារតែវិបត្តិសង្គ្រាមកូរ៉េ នោះមានមនុស្សតិចតួចណាស់ដែលត្រូវបានអនុញ្ញាតឲ្យទៅបម្រើ ។ មានតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំដែលអាចត្រូវបានហៅនៅក្នុងវួដមួយៗ ។២ វាជារឿងភ្ញាក់ផ្អើល ពេលប៊ីស្សពរបស់យើងបានសុំឲ្យ ចូ រកមើលលទ្ធភាពបម្រើជាមួយឪពុករបស់យើង ។ ចូ កំពុងរៀបចំពាក្យស្នើសុំចូលរៀនសាលាវេជ្ជសាស្ដ្រ ។ ឪពុករបស់យើង ដែលមិនសកម្មនៅក្នុងសាសនាចក្រ បានរៀបចំថវិកាមួយចំនួនដើម្បីជួយគាត់ឲ្យទៅរៀន ហើយមិនពេញចិត្តឲ្យ ចូ ទៅបេសកកម្មនោះទេ ។ ប៉ាបានឲ្យយោបល់ថា ចូ អាចធ្វើការណ៍ល្អជាច្រើនបើគាត់ចូលរៀនសាលាវេជ្ជសាស្ដ្រ ។ នេះគឺជាបញ្ហាដ៏ធំមួយនៅក្នុងគ្រួសាររបស់យើង ។
ក្នុងការពិភាក្សាដ៏អស្ចារ្យមួយជាមួយបងប្រុសដ៏ឈ្លាសវៃ និងជាគំរូរបស់ខ្ញុំ យើងបានសន្និដ្ឋានថា ការសម្រេចចិត្តរបស់គាត់ដើម្បីបម្រើបេសកកម្ម ហើយពន្យារពេលការអប់រំរបស់គាត់ គឺអាស្រ័យលើសំណួរចំនួនបី ៖ ( ១ ) តើព្រះយេស៊ូវគ្រីស្ទគឺជាព្រះពិតមែនដែរឬទេ ? ( ២ ) តើព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះមែនឬទេ ?និង ( ៣ ) តើយ៉ូសែប ស្ម៊ីធ គឺជាព្យាការីនៃការស្ដារឡើងវិញមែនឬទេ ? បើចម្លើយចំពោះសំណួរទាំងនេះគឺមែន នោះវាច្បាស់ថា ចូ អាចធ្វើការណ៍ល្អជាច្រើនតាមរយៈការនាំដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពលោកនេះ ជាងការក្លាយជាវេជ្ជបណ្ឌិតនៅពេលលឿនជាងនេះ ។៣
នៅយប់នោះ ខ្ញុំបានអធិស្ឋានយ៉ាងក្លៀវក្លា និងដោយស្មោះអស់ពីចិត្ត ។ ព្រះវិញ្ញាណបានបញ្ជាក់មកខ្ញុំតាមរបៀបដ៏មានអានុភាពមួយ ដែលមិនអាចប្រកែកបានថា ចម្លើយចំពោះសំណួរទាំងបីនេះគឺពិតមែន ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំងមួយចំពោះខ្ញុំ ។ ខ្ញុំបានដឹងថា រាល់ការសម្រេចចិត្តដែលខ្ញុំនឹងធ្វើសម្រាប់ជីវិតខ្ញុំទាំងមូល នឹងរងឥទ្ធិពលពីសេចក្ដីពិតទាំងនេះ ។ ខ្ញុំក៏ដឹងផងដែរថា ខ្ញុំនឹងបម្រើបេសកកម្ម បើខ្ញុំមានឱកាសនោះ ។ ចេញពីការបម្រើ និងបទពិសោធន៍ខាងវិញ្ញាណពេញមួយជីវិតនេះ ខ្ញុំបានយល់ថា ការប្រែចិត្តជឿដ៏ពិតគឺជាលទ្ធផលនៃការទទួលយកព្រះទ័យរបស់ព្រះដោយសតិសម្បជញ្ញៈ ហើយថាព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំសកម្មភាពរបស់យើងបាន ។
ខ្ញុំបានមានទីបន្ទាល់អំពីភាពជាព្រះនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះរួចហើយ ។ នៅយប់នោះ ខ្ញុំបានទទួលទីបន្ទាល់ខាងវិញ្ញាណអំពីព្រះគម្ពីរមរមន៤ និងព្យាការីយ៉ូសែប ស្ម៊ីធ ។
យ៉ូសែប ស៊្មីធ គឺជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
ទីបន្ទាល់របស់បងប្អូននឹងរឹងមាំឡើង ពេលបងប្អូនអធិស្ឋានដើម្បីដឹងក្នុងចិត្តខ្លួនឯងថា ព្យាការី យ៉ូសែប ស៊្មីធ គឺជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។ អំឡុងពេលប្រាំបីឆ្នាំកន្លងទៅ ការចាត់តាំងរបស់ខ្ញុំមួយនៅក្នុងពួកសាវកដប់ពីរនាក់ គឺត្រូវពិនិត្យមើល និងអានអត្ថបទ និងឯកសារដ៏អស្ចារ្យទាំងអស់អំពីយ៉ូសែប ស៊្មីធ ព្រមទាំងការស្រាវជ្រាវដែលនាំទៅរកការបោះពុម្ពសៀវភៅ ពួកបរិសុទ្ធ ជាច្រើនវ៉ុលផងដែរ ។៥ ទីបន្ទាល់ និងការកោតសរសើររបស់ខ្ញុំចំពោះព្យាការី យ៉ូសែប ស្ម៊ីធ បានរឹងមាំ និងក្លៀវក្លាខ្លាំងឡើង ក្រោយពីបានអានព័ត៌មានលម្អិតដ៏បំផុសគំនិតអំពីជីវិត និងការងារបម្រើជាព្យាការីដែលបានតែងតាំងជាមុនរបស់លោក ។
ការបកប្រែព្រះគម្ពីរមរមនរបស់យ៉ូសែប តាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះគឺជាគ្រឹះនៃការស្ដារឡើងវិញនេះ ។៦ ព្រះគម្ពីរមរមនមានអត្ថន័យខ្ជាប់ខ្ជួន សរសេរជាលាយលក្ខណ៍អក្សរយ៉ាងល្អឥតខ្ចោះ ហើយមាននូវចម្លើយចំពោះសំណួរសំខាន់ៗអំពីជីវិត ។ ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាមនុស្សសុចរិត ពោរពេញទៅដោយសេចក្ដីជំនឿ និងជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ដើម្បីនាំមកនូវព្រះគម្ពីរមរមន ។
វិវរណៈ និងព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ផ្ដល់នូវកូនសោ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយដែលចាំបាច់សម្រាប់សេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ការណ៏ទាំងអស់នោះមិនត្រឹមតែដាក់ចេញនូវចំណុចសំខាន់ៗ ដែលតម្រូវឲ្យមានដើម្បីស្ថាបនាសាសនាចក្រនេះប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ផ្ដល់ជាគោលលទ្ធិដ៏ជ្រាលជ្រៅ ដែលអនុញ្ញាតឲ្យយើងយល់ពីគោលបំណងនៃជីវិត និងផ្ដល់ទស្សនវិស័យដ៏អស់កល្បជានិច្ចដល់យើងផងដែរ ។
គំរូមួយក្នុងចំណោមគំរូជាច្រើនអំពីតួនាទីជាព្យាការីរបស់ យ៉ូសែប ស៊្មីធ គឺមាននៅក្នុង កណ្ឌទី ៧៦ នៃគោលលទ្ធិ និង សេចក្តីសញ្ញា ។ វាគឺជាកំណត់ត្រាច្បាស់ៗអំពីការនិមិត្តអំពីស្ថានសួគ៌ រួមមាននគរនៃសិរីល្អ ដែលព្យាការីយ៉ូសែប និង ស៊ីឌនី រិកដុន មានពរឲ្យទទួលបាននៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ។ នៅពេលនោះ ព្រះវិហារច្រើនណាស់បានបង្រៀនថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនឹងមិនផ្ដល់សេចក្ដីសង្គ្រោះដល់មនុស្សភាគច្រើន ។ គេជឿថា មានតែមនុស្សតិចតួចដែលនឹងបានសង្គ្រោះ ហើយមនុស្សជាច្រើននឹងត្រូវធ្លាក់ទៅក្នុងនរក និងការជាប់ទោស រួមមានការធ្វើទារុណកម្ម ដ៏មិនចេះចប់មិនចេះហើយសភាពដ៏សែនអាក្រក់ខ្លាំង ហើយដែលមិនអាចពិពណ៌នាបាន » ។៧
វិវរណៈដែលមាននៅក្នុងកណ្ឌទី ៧៦ ផ្ដល់នូវការនិមិត្ដដ៏រុងរឿងមួយអំពីលំដាប់នៃសិរីល្អ ដែល បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ភាគច្រើន ដែលក្លាហាននៅក្នុងសណ្ឋានជីវិតមុនផែនដីរបស់ពួកគេ នឹងមានពរជ័យយ៉ាងសន្ធឹក បន្ទាប់ពីការកាត់សេចក្ដីនៅចុងបំផុត ។៨ ការនិមិត្តអំពីលំដាប់នៃសិរីល្អទាំងបី ដែលលំដាប់ទាបបំផុត « ហួសលើសពីអស់ទាំងយោបល់ »៩ គឺជាការឆ្លើយខុសចំៗ ចំពោះគោលលទ្ធិដែលរឹងមាំ តែខុសខ្លាំងនៅពេលនោះ ដែលថាមនុស្សភាគច្រើននឹងត្រូវធ្លាក់ទៅក្នុងនរក និងជាប់មានទោស ។
នៅពេលបងប្អូនដឹងថា យ៉ូសែប ស៊្មីធ មានអាយុត្រឹមតែ ២៦ ឆ្នាំ មានការអប់រំដែលមានកម្រិត និងមិនសូវចេះ ឬមិនចេះភាសាតាមវេយ្យាករណ៍ត្រឹមត្រូវដែលបកតាមព្រះគម្ពីរប៊ីប នោះលោកគឺពិតជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់មែន ។ នៅក្នុង ខទី ១៧ នៃកណ្ឌទី ៧៦លោកត្រូវបានបំផុសគំនិតឲ្យប្រើពាក្យ ឥតសុចរិតជំនួសឲ្យពាក្យ ការជាប់មានទោសដែលគេប្រើនៅក្នុងដំណឹងល្អនៃលោកយ៉ូហាន ។.១០
វាគួរឲ្យចាប់អារម្មណ៍ថា ៤៥ ឆ្នាំក្រោយមក អ្នកដឹកនាំព្រះវិហារអង់គ្លូសាក់ស្យុង និងជាបញ្ញាវន្ដចេះដឹងត្រឹមត្រូវមានកេរ្ដិ៍ឈ្មោះមួយរូប១១គឺ ហ្វ្រីដឺរិក ដបុលយូ ហ្វារ៉ា ដែលបានសរសេរសៀវភៅ The Life of Christ១២បានថ្លែងយ៉ាងមុតមាំថា និយមន័យនៃ ការជាប់មានទោសនៅក្នុងព្រះគម្ពីរប៊ីបកំណែស្ដេចជេមស៍ គឺជាលទ្ធផលនៃការបកប្រែខុសពីភាសាហេព្រើរ និងក្រិកទៅជាភាសាអង់គ្លេស ។១៣
នៅជំនាន់របស់យើង មនុស្សជាច្រើនបានចាប់យកគោលគំនិតថា មិនគួរមានលទ្ធផលសម្រាប់អំពើបាបនោះទេ ។ ពួកគេគាំទ្រការអភ័យទោសដល់អំពើបាបដោយគ្មានលក្ខខណ្ឌ និងដោយគ្មានការប្រែចិត្ត ។ គោលលទ្ធិដែលបានបើកសម្ដែងរបស់យើងមិនត្រឹមតែបដិសេធចោលថា មនុស្សភាគច្រើននឹងត្រូវដាក់ទោសដ៏អស់កល្បឲ្យធ្លាក់នរក និងការជាប់ទោសប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញគោលជំហរផងដែរថា ការប្រែចិត្តផ្ទាល់ខ្លួនគឺជាតម្រូវការចំបាច់ដែលត្រូវបានបង្គាប់ទុកជាមុន ដើម្បីអាចទទួលយកដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងគ្រងនគរសេឡេស្ទាលបាន ។១៤ ខ្ញុំសូមថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ដើម្បីនាំមកនូវការស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញពិតមែន !
ដោយសារតែការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងយល់ពីសារៈសំខាន់នៃការប្រែចិត្តផង និង « កិច្ចការនៃសេចក្ដីសុចរិត » ផង ។១៥ យើងយល់ពីសារៈសំខាន់ដ៏លើសលប់នៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏សង្គ្រោះរបស់ទ្រង់ រួមទាំងពិធីបរិសុទ្ធទាំងឡាយដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
« កិច្ចការនៃសេចក្ដីសុចរិត » កើតពី និងគឺជាផលផ្លែនៃការប្រែចិត្តជឿ ។ ការប្រែចិត្តជឿពិតប្រាកដកើតមានដោយសារការទទួលយក និងការប្ដេជ្ញាចិត្តដោយមានសតិសម្បជញ្ញៈ ដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ ។១៦ លទ្ធផល និងពរជ័យជាច្រើនដែលជាផលផ្លែពីការប្រែចិត្តជឿ គឺជាសេចក្ដីសុខសាន្ដដ៏ពិត និងអចិន្ដ្រៃយ៍ ព្រមទាំងការធានាផ្ទាល់ខ្លួនអំពីសុភមង្គលដ៏រុងរឿងផងដែរ១៧មិនថាជីវិតនេះជួបព្យុះភ្លៀងយ៉ាងណានោះទេ ។
ការប្រែចិត្តជឿលើព្រះអង្គសង្គ្រោះផ្លាស់ប្ដូរមនុស្សខាងសាច់ឈាមឲ្យទៅជាមនុស្សដែលបានញែកចេញ កើតជាថ្មី និងបរិសុទ្ធ—ជាមនុស្សដែលបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទព្រះយេស៊ូវ ។១៨
មនុស្សជាច្រើនមិនបានដឹងពីសេចក្ដីពិតនេះ ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ
តើអ្វីខ្លះជាកាតព្វកិច្ចដែលមានបន្ទាប់ពីការប្រែចិត្តជឿ ? នៅក្នុងគុកលិបើទី ព្យាការីយ៉ូសែបបានសម្គាល់ឃើញថា មនុស្សជាច្រើនគឺជាពួកអ្នកដែល « លាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ » ។១៩
នៅក្នុងបុព្វកថារបស់ព្រះអម្ចាស់ចំពោះព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ការប្រកាសជាទ្រង់ទ្រាយធំអំពីព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់ពួកយើងបានដាក់មកច្បាស់ៗ ។ ទ្រង់បានប្រកាសថា « ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់ ដោយជ្រាបនូវគ្រោះដែលនឹងមានមកលើបណ្ដាជនទាំងឡាយនៅលើផែនដី នោះបានហៅយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ។ ទ្រង់បានបន្ដណែនាំថា « ដើម្បីឲ្យភាពពោរពេញនៃដំណឹងល្អរបស់យើង អាចបានប្រកាសប្រាប់ដោយពួកកម្សោយ និងពួករាបទាបដល់អស់ចុងផែនដី និងនៅចំពោះពួកមហាក្សត្រ និងពួកអ្នកត្រួតត្រាទាំងឡាយ » ។២០ ការណ៍នោះរួមមានអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទាំងឡាយ ។ ការណ៍នោះរួមមានពួកយើងម្នាក់ៗ ។ ចំណុចនេះគួរតែជាការផ្ដោតដ៏មុតស្រួចមួយចំពោះមនុស្សគ្រប់រូប ដែលមានពរជ័យឲ្យមានការប្រែចិត្តជឿតាមព្រះហឫទ័យរបស់ព្រះ ។ ព្រះអង្គសង្គ្រោះអញ្ជើញយើងដោយព្រះទ័យមេត្តា ឲ្យធ្វើជាព្រះសូរសៀង និងព្រះហស្ដរបស់ទ្រង់ ។២១ សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនឹងជាពន្លឺនាំផ្លូវរបស់យើង ។ ព្រះអង្គសង្រ្គោះបានបង្រៀនពួកសិស្សរបស់ទ្រង់ថា « ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » ។២២ ហើយទ្រង់បានប្រកាសប្រាប់យ៉ូសែប ស្ម៊ីធ ថាត្រូវ « ផ្សាយដំណឹងល្អរបស់យើងដល់សត្វលោកគ្រប់រូបណា ដែលពុំទាន់បានទទួលនៅឡើយ » ។២៣
មួយសប្ដាហ៍ក្រោយពីការឧទ្ទិសព្រះវិហារបរិសុទ្ធ ខឺតឡង់ នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ដែលជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ និងជាថ្ងៃបុណ្យរំលងផងដែរ នោះព្រះអម្ចាស់បានបង្ហាញព្រះកាយដល់យ៉ូសែប និង អូលីវើរ ខៅឌើរី នៅក្នុងការនិមិត្តដ៏មហស្ចារ្យមួយ ។ ព្រះអម្ចាស់បានទទួលយកព្រះវិហារបរិសុទ្ធ និងបានប្រកាសថា « នេះគឺជាការចាប់ផ្តើមនូវព្រះពរ ដែលនឹងបានចាក់មកលើក្បាលនៃរាស្រ្តរបស់យើង » ។២៤
បន្ទាប់ពីការនិមិត្តនេះបានចប់ នោះម៉ូសេបានលេចមក « ហើយបានប្រគល់ … កូនសោទាំងឡាយនៃការប្រមូលសាសន៏អ៊ីស្រាអែល ពីទិសទាំងបួននៃផែនដី ហើយនឹងការនាំពូជអំបូរទាំងដប់ចេញពីដែនដីភាគខាងជើងមក » ។២៥
ប្រធាន រ័សុល អិម ណិលសុន ដែលជាព្យាការីជាទីស្រឡាញ់របស់យើងនៅសព្វថ្ងៃនេះ ដែលកាន់កូនសោដូចគ្នាទាំងនេះ បានបង្រៀននៅព្រឹកនេះ ៖ « យុវជនទាំងឡាយ ប្អូនៗត្រូវបានបម្រុងទុកសម្រាប់ជំនាន់នេះ ជាពេលដែលត្រូវធ្វើការប្រមូលផ្ដុំអ៊ីស្រាអែលដូចដែលបានសន្យា ។ នៅពេលប្អូនៗបម្រើបេសកកម្ម នោះប្អូនៗដើរតួនាទីដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍ដែលពុំធ្លាប់មានពីមុនមកនេះ ! »២៦
ដើម្បីធ្វើឲ្យការបង្គាប់របស់ព្រះអង្គសង្គ្រោះឲ្យចែកចាយដំណឹងល្អក្លាយទៅជាផ្នែកមួយនៃខ្លួនយើង នោះយើងត្រូវ ប្រែចិត្តជឿ តាមព្រះទ័យរបស់ព្រះ យើងត្រូវ ស្រឡាញ់ អ្នកជិតខាងរបស់យើង ចែកចាយ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយ អញ្ជើញ មនុស្សទាំងអស់ឲ្យមកមើល ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងពេញចិត្តចម្លើយរបស់ព្យាការីយ៉ូសែប ទៅកាន់ ចន វិនវើត ដែលជានាយកនិពន្ធកាសែត Chicago Democrat នៅឆ្នាំ ១៨៤២ ។ ចន បានស្នើសុំព័ត៌មានអំពីសាសនាចក្រ ។ យ៉ូសែប បានបញ្ចប់ចម្លើយរបស់លោកដោយប្រើ « បទដ្ឋាននៃសេចក្ដីពិត » ដែលជាបុព្វកថាដល់មាត្រានៃសេចក្ដីជំនឿទាំងដប់បី ។ បទដ្ឋាននេះប្រាប់អត្ថន័យតាមរបៀបដ៏ជាក់លាក់មួយ អំពីអ្វីដែលត្រូវតែសម្រេចឲ្យបាន ៖
« គ្មានដៃមិនបរិសុទ្ធណាមួយអាចបញ្ឈប់កិច្ចការនេះមិនឲ្យរីកចម្រើនបានឡើយ ការបៀតបៀនអាចនឹងកើនឡើង ពួកមនុស្សកំណាចអាចនឹងប្រមូលផ្ដុំគ្នា ពួកសត្រូវអាចនឹងរួមដៃគ្នា ការបង្ខូចកេរ្ដិ៍ឈ្មោះអាចនឹងធ្វើឡើង ប៉ុន្តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀករហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមានឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ។២៧
នេះគឺជាការហៅដ៏ច្បាស់ៗ និងឮៗសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ជំនាន់មកហើយ ជាពិសេសពួកអ្នកផ្សព្វផ្សាយសាសនា ។ នៅក្នុងស្មារតីនៃ« បទដ្ឋាននៃសេចក្ដីពិត »នេះ យើងមានអំណរគុណដែលពួកអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់បានចែកចាយដំណឹងល្អ ទោះស្ថិតក្នុងពេលមានជំងឺរាតត្បាតទូទាំងពិភពលោកនេះក្ដី ។ អ្នកផ្សព្វផ្សាយសាសនាទាំងឡាយអើយ យើងស្រឡាញ់បងប្អូន ! ព្រះអម្ចាស់បង្គាប់ឲ្យពួកយើងម្នាក់ៗចែកចាយដំណឹងល្អរបស់ទ្រង់តាមរយៈពាក្យសម្ដី និងទង្វើ ។ ការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់យើងរួមមានការទទួលខុសត្រូវ ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងពិភពលោកនេះ ។
ពរជ័យនៃការចែកចាយដំណឹងល្អរួមមាន ការបង្កើនការប្រែចិត្តជឿរបស់យើងទៅតាមព្រះទ័យនៃព្រះ និងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ។២៨ យើងផ្ដល់ពរជ័យដល់មនុស្សដទៃឲ្យទទួលបទពិសោធន៍នៃ « ការផ្លាស់ប្ដូរដ៏ធំ » នៅក្នុងដួងចិត្ត ។២៩ មានអំណរដ៏អស់កល្បយ៉ាងពិតប្រាកដ ពេលយើងជួយនាំព្រលឹងមកកាន់ព្រះគ្រីស្ទ ។៣០ ការខិតខំធ្វើការដើម្បីប្រែចិត្តជឿសម្រាប់ខ្លួនឯង និងអ្នកដទៃគឺជា កិច្ចការដ៏ថ្លៃថ្នូរ ។៣០ ខ្ញុំសូមថ្លែងទីបន្ទាល់យ៉ាងដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕